in

ពេល​អធិស្ឋាន

The LORD’s Prayer

មាន​សុភាសិត​មួយ​ពោល​ថា «ដើម្បី​ឲ្យ​គ្រាប់​ព្រួញ​ចូល​ទៅ​កាន់​នគរ​ស្ថានសួគ៌​បាន លោកអ្នក​ត្រូវ​តែ​យឺត​ធ្នូ​បាញ់​ឲ្យ​ពេញ​មួយ​ទំហឹង»។ យើង​ឃើញ​ថា អ្នក​លើក​ឡើង​សម្រង​សម្ដី​កំពុង​តែ​ប្រៀប​ធៀប​ការ​អធិស្ឋាន​ទៅ​នឹង​គ្រាប់​ព្រួញ​ដែល​អាច​បាញ់​ពី​ចម្ងាយ​បាន។ សព្វ​ថ្ងៃ​នេះ យើង​អាច​ប្រៀប​ធៀប​ការ​អធិស្ឋាន​ទៅ​នឹង​ទូរស័ព្ទ ដែល​អាច​ទាក់​ទង​​គ្នា​ពី​ចម្ងាយ​បាន។ ដើម្បី​ឲ្យ​យើង​អាច​ប្រើ​ប្រាស់​ការ​អធិស្ឋាន​ឲ្យ​បាន​ល្អ យើង​ត្រូវ​តែ​មាន​ការ​ហ្វឹក​ហាត់ លុត​ដំ​ខ្លួន​ក្នុង​ការ​ចំណាយ​ពេល​អធិស្ឋាន​ដោយ​ឥត​ឈប់​ឈរ។ នៅ​ក្នុង​ឯកសារ​នេះ​យើង​នឹង​ពិនិត្យ​មើល​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ទាក់​ទង​នឹង​ការ​អធិស្ឋាន​ចេញ​ពី​កណ្ឌ​គម្ពីរ ម៉ាថាយ ៦:៥-១៥។

ជា​ទូទៅ ការ​អធិស្ឋាន​ដ៏​ល្អ​បំផុត​កើត​ឡើង​នៅ​ពេល​ដែល​យើង​មាន​ទុក្ខព្រួយ មិន​មែន​ពេល​យើង​កំពុង​អរសប្បាយ​នោះ​ទេ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គ្រាន់តែ​អធិស្ឋាន​ពេល​ដែល​យើង​មាន​ទុក្ខព្រួយ​នោះ​ឡើយ តែ​យើង​គួរ​អធិស្ឋាន​គ្រប់​ពេល​វេលា​ដូច​នៅ​ក្នុង​កណ្ឌគម្ពីរ​អេភេសូរ​ជំពូក៦​បាន​លើក​ឡើង។ សេចក្តី​អធិស្ឋាន​ដ៏​ល្អ​កើត​មាន​ឡើង​នៅ​ពេល​ណា​ដែល​ស្មារតី​របស់​យើង​ស្ថិត​នៅ​ក្នុង​ភាព​បន្ទាន់ ភាព​ទន់​ខ្សោយ និង​នៅ​ពេល​មាន​តម្រូវការ​ជា​បន្ទាន់។ ប្រ​សិន​បើ​យើង​ពិត​ជា​ដើរ​ដោយ​ជំនឿមែន (មិន​មែន​ដោយ​ការ​មើលឃើញ​) នោះ​ការ​អធិស្ឋាន​របស់​យើង​ពិត​ជា​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​ជីវិត​របស់​យើង​ដ៏​មាន​ប្រសិទ្ធ​ភាព​ជា​​មិន​ខាន។ សព្វ​ថ្ងៃ​នេះ តើ​បង​ប្អូន​ញែក​ពេល​សម្រាប់​ចំណាយ​ជាមួយ​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ?

តោះ! ចូរ​យើង​មើល​ពី​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​ទាក់ទង​នឹង​ការ​អធិស្ឋាន៖

កណ្ឌ​គម្ពីរ ម៉ាថាយ ៦:៥-១៥ «ពេលណា​អ្នក​អធិស្ឋាន ចូរ​កុំ​ធ្វើ​ដូច​មនុស្ស​មានពុត ដែលគេ​ចូលចិត្ត​ឈរ​អធិស្ឋាន​នៅក្នុង​សាលា​ប្រជុំ និង​នៅ​ជ្រុង​ផ្លូវ ដើម្បីឲ្យ​គេ​មើលឃើញ​នោះ​ឡើយ។ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ…»។

សម្គាល់៖ ព្រះ​យេស៊ូវ​មិន​បាន​លើក​ឡើង​ថា «បើ​អ្នក​អធិស្ឋាន​នោះ​ទេ…ប៉ុន្តែ​ពេល​អ្នក​អធិស្ឋាន» ដែល​នេះ​មាន​ន័យ​ថា ព្រះ​យេស៊ូវ​រំពឹង​ឲ្យ​យើង​ដែល​ជា​អ្នក​អះអាង​ថា​ខ្លួន​ជា​អ្នក​ជឿ​លើ​ទ្រង់ អ្នក​ដើរ​តាម​ទ្រង់​ត្រូវ​តែ​ធ្វើ។ ជា​អ្វី​ដែល​យើង​ធ្វើ​ជា​ប្រចាំ​ថ្វៃ។

តាម​រយៈ​ខ​គម្ពីរ​នេះ យើង​ឃើញ​ថា ព្រះ​អង្គ​បាន​លើក​ឡើង​អំពី​របៀប​ដែល​យើង​មិន​គួរ​ធ្វើ៖

១) ចូរ​កុំ​ធ្វើ​ដូច​មនុស្ស​មានពុត (ខ៥)
ក. គេ​ចូលចិត្ត​ឈរ​អធិស្ឋាន​នៅក្នុង​សាលា​ប្រជុំ និង​នៅ​ជ្រុង​ផ្លូវ
…ដើម្បី​ឲ្យ​គេ​មើល​ឃើញ

ត្រង់​ឃ្លា​ថា «មនុស្ស​មានពុត» គឺ​សំដៅ​លើ​មនុស្ស​ដែល​ពាក់​មុខ ដើម្បី​សម្ដែង ប្រៀប​ដូច​ជា​តួ​ល្ខោន។ ព្រះ​យេស៊ូវ​កំពុង​តែ​ប្រៀប​ធៀប​ពួក​ក្រិក​ដែល​ជា​អ្នក​សម្ដែង​ទៅ​នឹង​របៀប​ដែល​យើង​មិន​គួរ​ធ្វើ​ពេល​ដែល​យើង​អធិស្ឋាន។

ការ​អធិស្ឋាន​គឺ​ជា​ការ​ដ៏​សំខាន់​ណាស់​ក្នុង​ជំនឿ​សាសនា​យូដា ពួក​គាត់​អធិស្ឋាន​៣​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​អ្នក​ខ្លះ​ចាប់​ផ្ដើម​ធ្វើ​នៅ​កន្លែង​សាធារណៈ ដើម្បី​ជា​ការ​សម្ដែង​ឲ្យ​អ្នក​ដទៃ​ឃើញ។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា យើង​មិន​គួរ​អធិស្ឋាន​នៅ​ទី​សាធារណៈ​នោះទេ ប៉ុន្តែ​សំណួរ​ដែល​យើង​គួរ​សួរ​ខ្លួន​ឯង​​ត្រង់នេះគឺ​ថា តើ​ពេល​ដែល​យើង​អធិស្ឋាន យើង​ធ្វើ​សម្រាប់​ឲ្យ​នរណា​ឃើញ​យើង? ជា​ការ​បង្ហាញ​ឲ្យ​មនុស្ស​ម្នា​ឃើញ ឬ​ក៏​ជា​ការ​ចេញ​ពី​ចិត្ត​ឲ្យ​ព្រះ​ជាម្ចាស់​ទត​ឃើញ? បើ​ជា​ការ​សម្ដែង​ឲ្យ​អ្នក​ដទៃ​ឃើញ នោះ​រង្វាន់​របស់​យើង​គឺ​បាន​ត្រឹម​តែ​ឲ្យ​គេ​ឃើញ​ប៉ុណ្ណោះ។ យើង​អាច​អធិស្ឋាន​នៅ​ទី​សាធារណៈ​បាន។ ហេតុ​អ្វី​បាន​យើង​អាច​ថា​ដូច្នោះ​បាន? ព្រោះ​យើង​ឃើញ​នៅ​ក្នុង​កណ្ឌគម្ពីរ យ៉ូហាន ជំពូក១៧ ព្រះ​យេស៊ូវ​បាន​អធិស្ឋាន​នៅ​មុខ​ពួក​សាវ័ក តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ព្រះ​អង្គបាន​ធ្វើ​បែប​នោះ​មិន​មែន​ជា​ការ​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ឃើញ​ទេ ប៉ុន្តែ​ដើម្បី​ឲ្យ​ព្រះ​ជាម្ចាស់​ទត​ឃើញ​វិញ​ទេ​តើ (សូម​មើល​ខ​យោង ម៉ាថាយ ១៤:១៩; ១៥:៣៦) ។

តោះ! ចូរ​យើង​បន្ត​ទៅ​មុខ​ទៀត៖

កណ្ឌ​គម្ពីរ ម៉ាថាយ ៦:៧ «ពេល​អ្នក​អធិស្ឋាន ចូរ​កុំ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មានថា ព្រះ​របស់​គេ​នឹង​ស្តាប់​គេ ព្រោះ​គេ​ពោល​ពាក្យ​ជា​ច្រើន»។

២) ចូរ​កុំ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ (ខ៧)
ក. ដូច​ពួក​សាសន៍​ដទៃ
ខ. ស្មានថា ព្រះ​របស់​គេ​នឹង​ស្តាប់​គេ ព្រោះ​គេ​ពោល​ពាក្យ​ជា​ច្រើន

ឃ្លា «ពួក​សាសន៍​ដទៃ» សំដៅ​ទៅ​លើ​សាសនា​ផ្សេងៗ។ សាសនា​ដទៃ​តែង​តែ​ហៅ​ឈ្មោះ​ព្រះ​របស់​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​គ្មាន​ការ​គិតគូរ​អ្វី​ទេ។ ការ​អធិស្ឋាន​គឺ​មិន​មែន​ជា​ការ​សូត្រ​ពាក្យ​ពេចន៍​ដដែលៗ​នោះ​ឡើយ ប៉ុន្តែ​ជា​ការ​ឆ្លើយ​ឆ្លង​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់។ «អត្ថន័យ​ដ៏​ពិត​នៃ​ការ​អធិស្ឋាន​គឺ ការ​និយាយ​ជាមួយនឹង​ព្រះជាម្ចាស់ ការ​ស្តាប់​ព្រះជាម្ចាស់ និង​ការប្រកបគ្នា​ជាមួយនឹង​ព្រះជាម្ចាស់» (Martyn Lloyd-Jones)។ សព្វ​ថ្ងៃ​នេះ តើ​បងប្អូន​កំពុង​តែ​ធ្វើ​បែប​នោះ​ដែរ​ឬ​ទេ? កំពុង​តែ​ឆ្លើយ​ឆ្លង​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់? ឬ​ក៏​បងប្អូន​អធិស្ឋាន​ឲ្យ​តែ​រួច​ពី​មាត់ ដោយ​មិន​ចេញ​ពី​ចិត្ត?

ហេតុ​អ្វី​យើង​មិន​គួរ​ធ្វើ​​ឲ្យ​ដូច​មនុស្ស​មាន​ពុត និង​ពួក​សាសន៍​ដទៃ?

មូល​ហេតុ​ដែល​យើង​មិន​គួរ​ធ្វើ​ដូច្នោះ (ខ៨)
ក. ព្រះវរបិតា​របស់​អ្នករាល់គ្នា​ជ្រាប​នូវ​អ្វី​ដែល​អ្នករាល់គ្នា​ត្រូវការ
(មុន​អ្នករាល់គ្នា​ទូល​សូម​ព្រះអង្គ​ទៅទៀត)

កណ្ឌ​គម្ពីរ រ៉ូម ៨:២៦ បាន​ចែង​ថា «ព្រះ​វិញ្ញាណ​ក៏​ជួយ​ដល់​ភាព​ទន់ខ្សោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិនដឹង​ថា​គួរ​អធិស្ឋាន​ដូចម្តេច​ទេ តែ​ព្រះ​វិញ្ញាណ​ផ្ទាល់ ទ្រង់​ទូល​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន»។ ទោះ​បើ​ព្រះ​ជាម្ចាស់​ជ្រាប​នូវ​រាល់​តម្រូវការ​របស់​យើង​ក៏ដោយ ក៏ព្រះអង្គ​នៅ​តែ​ជ្រើសរើស​គ្រាន់​តែ​ឲ្យ​នូវ​របស់​អ្វី​មួយ​ដែល​យើង​ត្រូវការ​នៅ​ក្នុង​តែ​ករណី​ដែល​យើង​ទូល​សូម​ពី​ទ្រង់​ប៉ុណ្ណោះ។ តើ​បងប្អូន​កំពុង​ទូល​សូម​អ្វី​ខ្លះ​ពី​ព្រះ​ជាម្ចាស់​នាពេល​ឥឡូវ​នេះ?

បើ​យើង​មិន​គួរ​អធិស្ឋាន​ដូច​មនុស្ស​មាន​ពុត និង​សាសន៍​ដទៃ​ទេ តើ​យើង​គួរ​អធិស្ឋាន​បែប​ដូច​ម្ដេច​វិញ​ទៅ?

កណ្ឌ​គម្ពីរ ម៉ាថាយ ៦:៦ បាន​លើក​ឡើង​ថា «ប៉ុន្តែ ពេលណា​អ្នក​អធិស្ឋាន ចូរ​ចូល​ទៅ​ក្នុង​បន្ទប់ បិទទ្វារ ហើយ​អធិស្ឋាន​ដល់​ព្រះវរបិតា​របស់​អ្នក ដែល​គង់នៅ​ទីស្ងាត់​កំបាំង​ចុះ នោះ​ព្រះវរបិតា​របស់​អ្នក ដែល​ទ្រង់ទត​ឃើញ​ក្នុង​ទីស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក [នៅ​ទី​ប្រចក្ស​ច្បាស់]»។

របៀប​ដែល​យើង​គួរ​ធ្វើ៖
១) ចូរ​ចូល​ទៅ​ក្នុង​បន្ទប់ បិទទ្វារ ហើយ​អធិស្ឋាន​ដល់​ព្រះវរបិតា (ខ៦)
ក. គង់នៅ​ទីស្ងាត់​កំបាំង
ខ. ទ្រង់ទត​ឃើញ​ក្នុង​ទីស្ងាត់​កំបាំង

ត្រង់ពាក្យ «ក្នុង​បន្ទប់ [និង] បិទទ្វារ» មាន​ន័យ​ថា យើង​រក​កន្លែង​ស្ងៀម​ស្ងាត់ ដែល​ពី​មុន​សំដៅ​លើ​កន្លែង​ដែល​គេ​ផ្ទុក​ស្បៀង​អាហារ កន្លែង​ដែល​មិន​សូវ​មាន​មនុស្ស​ទៅ លើក​លែង​តែ​ពេល​យក​អាហារ។ ហេតុ​អ្វី​បាន​ជា​យើង​គួរ​រក​កន្លែង​ស្ងៀម​ស្ងាត់? ព្រោះ​ការ​ធ្វើ​បែប​នោះ​នាំ​ឲ្យ​យើង​អាច​ផ្ដោត​លើ​ព្រះ​ជាម្ចាស់​ទាំងស្រុង គឺ​ដូច​ដែល​គេ​ពេញ​និយម​និយាយ៖ «ពីរ​នាក់​បាន​ហើយ» តែ​ក្នុង​ករណី​យើង​គឺ «ពីរ​នាក់​បាន​ហើយ​ជាមួយ​ព្រះ​ជាម្ចាស់»។ តើ​បង​ប្អូន​ធ្លាប់​កត់​សម្គាល់​ទេ​ត្រង់​ថា អ្នក​មាន​ស្នេហា​ភាគ​ច្រើន​តែង​តែ​រក​កន្លែង​ស្ងាត់​ពីរ​នាក់​តែ​ឯង។ ចូរ​ឲ្យ​យើង​ធ្វើ​ដូច​នោះ​ដែរ​ពេល​ដែល​យើង​ចំណាយ​ពេល​អធិស្ឋាន។

អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុកតម្កើង​បាន​លើក​ឡើង​ថា ទោះ​បើ​គាត់​រត់​ទៅ​ដល់​ទីណា​ក៏​ដោយ ក៏​ព្រះ​ជាម្ចាស់​នៅ​គង់​នៅ​ទី​នោះ​ដែរ មិន​ថា​ទៅ​ស្ថានសួគ៌ ទៅ​រូងភ្នំ ទៅ​កន្លែងណា​ក៏ដោយ ក៏​ព្រះ​អង្គ​នៅ​ទី​នោះ នៅ​គ្រប់​ទីកន្លែង​គ្រប់​ពេល​វេលា (ទំនុកតម្កើង ១៣៩:៧, ៨)។

តើ​យើង​គួរ​អធិស្ឋាន​យ៉ាង​ដូច​ម្ដេច?

កណ្ឌ​គម្ពីរ ម៉ាថាយ ៦:៩ បាន​បន្ត​លើក​ឡើង​ថា «ដូច្នេះ ចូរ​អធិស្ឋាន​បែបយ៉ាង​នេះ​ថា «ឱ! ព្រះវរបិតា​នៃ​យើងខ្ញុំ ដែល​គង់នៅ​ស្ថានសួគ៌​អើយ​ សូម​ឲ្យ​ព្រះនាម​ព្រះអង្គ​បាន​បរិសុទ្ធ សូម​ឲ្យ​ព្រះ​រាជ្យ​របស់​ព្រះអង្គ​បាន​មកដល់ សូម​ឲ្យ​ព្រះហឫទ័យ​ព្រះអង្គ​បានសម្រេច​នៅ​ផែនដី​ដូច​នៅ​ស្ថានសួគ៌​ដែរ…»។

តាម​រយៈ​ខ​គម្ពីរ​នេះ យើង​គួរ​អធិស្ឋាន​ដោយ​ផ្ដោត​លើ៖

I. ឧត្តមភាព​ព្រះ​អង្គ (ខ៩-១០)
II. តម្រូវការ​យើង ខ១១-១៥)

ជាដំបូង យើង​គួរ​តែ​ផ្ដោត​លើ​ឧត្តមភាព ឬ​ក៏​ភាព​ខ្ពង់ខ្ពស់​របស់​ព្រះ​ជាម្ចាស់។ ព្រះ​យេស៊ូវ​បាន​លើក​ឡើង​នូវ​បី​ឧត្តមភាព​របស់​ព្រះ​ជាម្ចាស់​ដែល​យើង​នឹង​ពិនិត្យ​មើល​ជា​មួយ​គ្នា ហើយ​បន្ទាប់​មក​មាន​បី​តម្រូវការ​ដែល​យើង​គួរ​ទូល​សូម​ពេល​ដែល​យើង​ចូល​ចំណាយ​ពេល​អធិស្ឋាន។

«ឱ! ព្រះវរបិតា​នៃ​យើងខ្ញុំ ដែល​គង់នៅ​ស្ថានសួគ៌​អើយ»។

តើ​នរណា​អាច​អធិស្ឋានថា «ឱ! ព្រះវរបិតា​នៃ​យើងខ្ញុំ» បាន? ចម្លើយ​គឺ៖ អស់​អ្នក​ដែល​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​នឹង​ព្រះ​យេស៊ូវ។ កណ្ឌ​គម្ពីរ យ៉ូហាន ៨:៤២ បាន​ចែង​ថា «បើ​ព្រះ​ជា​ព្រះវរបិតា​របស់​អ្នករាល់គ្នា​មែន នោះ​អ្នក​នឹង​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញពី​ព្រះ​មក​ទីនេះ។ ខ្ញុំ​មិន​បាន​មក​ដោយ​អាង​ខ្លួនខ្ញុំ​ទេ គឺ​ព្រះ​អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។ អ្នក​ស្រឡាញ់​ព្រះ​យេស៊ូវ​ទើប​អាច​អធិស្ឋាន​បែប​នោះ​បាន ដ្បិត​ព្រះ​វរបិតា​ជា​អង្គ​ដែល​បាន​ចាត់​ព្រះ​យេស៊ូវ​ឲ្យ​យក ដើម្បី​សុគត​ជំនួស​អំពើ​បាប​យើង ដើម្បី​ឲ្យ​យើង​អាច​មាន​ទំនាក់ទំនង​ដែល​បាន​បាក់​បែក​ក្នុង​សួន​ច្បារ​ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក៣។ ឃ្លា «ដែល​គង់នៅ​ស្ថានសួគ៌» សំដៅ​ទៅ​លើ​អធិបតេយ្យភាព​របស់​ព្រះ​អង្គ។ ការ​គ្រប់​គ្រង និង​ការ​សោយរាជ្យ​របស់​ព្រះ​អង្គ។

ដើម្បី​ឲ្យ​យើង​មាន​ទំនាក់​ទំនង​សា​ជាថ្មី​ឡើង​វិញ​ជាមួយនឹង​ព្រះ​ជាម្ចាស់​បាន ដាច់ខាត! យើង​ត្រូវតែ​ទទួល​ជឿ​លើ​ព្រះយេស៊ូវ ដ្បិត​ព្រះអង្គ​បាន​យាង​មក ដើម្បី​សុគត​ជំនួស​អំពើ​បាប​របស់​យើង។ កណ្ឌ​គម្ពីរ ២កូរិនថូស ១៥:៣-៤ «ដ្បិត​មុនដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នករាល់គ្នា តាម​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​មក គឺថា​ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង ស្របតាម​បទ​គម្ពីរ ហើយ​ថា ព្រះអង្គ​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើងវិញ​នៅ​ថ្ងៃទី​បី ស្របតាម​បទ​គម្ពីរ»។ នេះ​ជា​ដំណឹង​ល្អ​បែប​សង្ខេប។

តើ​បង​ប្អូន​បាន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​ហើយ​ឬ​នៅ? បើ​មិន​ទាន់​បានទេ សូម​បើក​ចិត្ត​ជឿ​ចុះ។ «ព្រោះ​បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្គ្រោះ​ដោយ​មាត់​ប្រកាស​ប្រាប់» (រ៉ូម ១០:៩-១០)។ សូម​ឲ្យ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​បង​ប្អូន​ទទួល​បាន​សេចក្ដី​សង្គ្រោះ។

តើ​យើង​ទូល​សូម​អ្វី​ក្នុង​ការ​អធិស្ឋាន​របស់​យើង?
ព្រះ​យេស៊ូវ​បាន​លើក​ឡើង​នូវ​បី​ចំណុច​ដែល​យើង​គួរ​ផ្ដោត​លើ​ឧត្តមភាព​របស់​ព្រះ​អង្គ៖

ក. សូម​ឲ្យ​ព្រះ​នាម​ព្រះ​អង្គ​បាន​បរិសុទ្ធ

ការ​អធិស្ឋាន​របស់​យើង​ត្រូវ​តែ​កើត​ចេញ​ពី​ដួង​ចិត្ត មិន​មែន​តែ​ពី​បបូរ​មាត់​ទេ! ឃ្លា​ថា «សូមឲ្យ​ព្រះនាម​ព្រះអង្គ​បាន​បរិសុទ្ធ» គឺ​ជា​ការ​លើក​តម្កើង ការ​កោត​ខ្លាច ការ​ឲ្យ​តម្លៃ និង​ការ​ស្រឡាញ់​ព្រះ​អង្គ។ កណ្ឌ​គម្ពីរ ទំនុកតម្កើង ៥:១១ «…ហើយ​សូមឲ្យ​អស់អ្នក​ដែល​ស្រឡាញ់​ព្រះនាម​ព្រះអង្គ​បាន​ត្រេកអរ​ក្នុង​ព្រះអង្គ»។ តើ​បង​ប្អូន​កំពុង​តែ​ត្រេក​អរ​ក្នុង​ព្រះ​នាម​របស់​ព្រះ​អង្គ​ដែរ​ឬ​ទេ? ការ​អធិស្ឋាន​ដោយ​នូវ​ព្រះ​នាម​ព្រះ​មាន​ន័យ​ថា យើង​អធិស្ឋាន​ស្រប​តាម​ព្រះ​ហឫទ័យ​ទ្រង់។ «ព្រះ​នាម​ទ្រង់​គឺ​ជា​លក្ខណសម្បត្តិ​របស់​ទ្រង់ ហេតុ​ដូច្នេះ​ហើយ ការ​អធិស្ឋាន​ក្នុង​ព្រះ​នាម​ព្រះ​គ្រីស្ទ​ពិត​ជា​មាន​ន័យ​ថា យើង​កំពុង​តែ​អធិស្ឋាន​ផ្អែក​តាម​បំណង​ព្រះ​ហឫទ័យ​ដែល​ពេញ​ដោយ​ព្រះ​ពរ​របស់​ទ្រង់» (Samuel Ridout)។

តើ​ព្រះ​អង្គ​មាន​លក្ខណសម្បត្តិ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

* ព្រះ​អង្គ​គង់​នៅ​ដ៏​ឯកអង្គ
* ព្រះ​អង្គ​មាន​គ្រប់​ទាំង​ព្រះ​តម្រិះ
* ព្រះ​អង្គ​មាន​បញ្ញាញាណ
* ព្រះ​អង្គ​មាន​ពេញ​ដោយ​បុព្វញាណ
* ព្រះ​អង្គ​គឺ​ជា​ព្រះ​ដ៏​ឧដុង្គឧត្ដម
* ព្រះ​អង្គ​មាន​អធិបតេយ្យភាព
* ព្រះ​អង្គ​មិន​ចេះ​ប្រែប្រួល
* ព្រះ​អង្គ​បរិសុទ្ធ
* ព្រះ​អង្គ​មាន​សព្វានុភាព
* ព្រះ​អង្គ​ស្មោះត្រង់
* ព្រះ​អង្គ​សប្បុរស
* ព្រះ​អង្គ​អត់ធ្មត់
* ព្រះ​អង្គ​ប្រកប​ដោយ​ព្រះ​គុណ
* ព្រះ​អង្គ​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា
* ព្រះ​អង្គ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់
* ព្រះ​អង្គ​មាន​សេចក្តី​ក្រោធ

ខ. សូម​ឲ្យ​ព្រះ​រាជ្យ​របស់​ព្រះអង្គ​បាន​មកដល់

ព្រះ​រាជ្យ​បាន​មក​ដល់​ហើយ តែ​មិន​ទាន់​ឈាន​ដល់​ទី​បញ្ចប់​នៅ​ឡើយ​ទេ។ ព្រះ​អង្គ​ជា​ស្ដេច ហើយ​ព្រះ​រាជ្យ​ទ្រង់​ក៏​ត្រូវ​បាន​គ្រង​ឡើង​រួច​ហើយ​ដែរ ប៉ុន្តែ​ទ្រង់​មិន​ទាន់​អនុម័ត។ «ព្រះ​រាជ្យ» ត្រង់នេះ​សំដៅ​លើ​ការ​ដែល​ព្រះ​គ្រីស្ទ​សោយរាជ្យ​នៅ​លើ​ដួង​ចិត្ត​អ្នក​ជឿ គឺ​ជា​ការ​ដែល​ព្រះ​គ្រីស្ទ​មាន​វត្ត​មាន​ក្នុង​ក្រុម​ជំនុំ ហើយ​ក៏​ជា​អវយវៈ​របស់​ទ្រង់​ដែរ។ ដើម្បី​ឲ្យ​ពួក​គេ​ឆ្លុះបញ្ចាំង​អំពី​ក្ដី​ស្រឡាញ់​របស់​ទ្រង់ ស្ដាប់​បង្គាប់​តាម​ក្រឹត្យវិន័យ​ទ្រង់ និង​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ទ្រង់ ហើយ​ធ្វើ​ទង្វើ​ល្អៗ​ដល់​មនុស្ស​ទាំង​អស់​ តាម​រយៈ​ការ​ដែល​ពួក​គេ​ប្រកាស​ដំណឹង​ល្អ​ពី​ព្រះរាជ្យ​ទ្រង់។

គ. សូម​ឲ្យ​ព្រះហឫទ័យ​ព្រះអង្គ​បាន​សម្រេច​នៅ​ផែនដី​ដូច​នៅ​ស្ថានសួគ៌​ដែរ

កណ្ឌគម្ពីរ ១យ៉ូហាន ៥:១៤-១៥ បាន​ចែង​ថា «នេះ​ជា​ទំនុកចិត្ត​ដែល​យើង​មាន​ចំពោះ​ព្រះអង្គ គឺថា បើ​យើង​ទូល​សូម​អ្វី​ស្របតាម​ព្រះហឫទ័យ​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​ស្តាប់​យើង។ បើ​យើង​ដឹង​ថា ព្រះអង្គ​ស្តាប់​យើង​ក្នុង​ការអ្វី​ដែល​យើង​ទូល​សូម នោះ​យើង​ដឹង​ថា យើង​បានអ្វី​ដែល​យើង​បាន​សូម​ពី​ព្រះអង្គ​នោះ​ហើយ»។

ឱ! បងប្អូន​អើយ! សូម​កុំ​អធិស្ឋាន​បែប​អាត្មានិយម​ឡើយ។ «អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្តី​សំណូម​នោះ​បែប​អាក្រក់ សម្រាប់​នឹង​ចាយ​បំពេញ​សេចក្តី​សម្រើប​របស់​អ្នក​រាល់​គ្នា​វិញ » (យ៉ាកុប ៤:៣)។ នៅ​ពេល​ដែល​យើង​អធិស្ឋាន​យើង​គួរ​តែ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ហឫទ័យ​របស់​ទ្រង់​បាន​សម្រេច​ឡើង។ ចូរ​ធ្វើ​តាម​ព្រះ​ហឫទ័យ​ដោយ​មាន​អំណរ។ «ព្រះ​ហឫទ័យ» សំដៅ​លើ​អ្វីៗ​ដែល​ល្អ​ដែល​ទ្រង់​បាន​សម្ដែង​ឲ្យ​រាស្ត្រ​ទ្រង់​ឃើញ ទាក់ទង​ទៅ​នឹង​ការ​រស់នៅ ពោល​គឺ​ការ​រស់នៅ​ដែល​គាប់​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ។ យើង​គួរតែ​អធិស្ឋាន​បែប​សាមញ្ញៗ​ដោយ​មាន​ជំនឿ ហើយ​មាន​ចិត្ត​ចុះ​ចូល​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់។ សូម​ឲ្យ​អ្នក​ជឿ អធិស្ឋាន​ដល់​ព្រះ​ជាម្ចាស់​ដោយ​ជំនឿ​ដូច​កូន​ក្មេង​ម្នាក់​ជឿ​ទុកចិត្ត​លើ​ឪពុក​ម្ដាយ​របស់​ខ្លួន​យ៉ាង​ដូច្នោះ​ដែរ។

ចំណុច​ទី២៖

កណ្ឌ​គម្ពីរ ម៉ាថាយ ៦:១១-១៣ «សូម​ប្រទាន​អាហារ​ដែល​យើងខ្ញុំ​ត្រូវការ​នៅ​ថ្ងៃនេះ។ សូម​អត់​ទោស​កំហុស​របស់​យើងខ្ញុំ​ដូច​យើងខ្ញុំ​បាន​អត់ទោស​ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ។ សូមកុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​យើងខ្ញុំ​ឲ្យ​រួចពី​អាកំណាច​វិញ [ដ្បិត​រាជ្យ ព្រះ​ចេស្តា និង​សិរីល្អ​ជា​របស់​ព្រះអង្គ​នៅ​អស់​កល្ប​ជានិច្ច។ អាម៉ែន។]»

II. តម្រូវការ​យើង ខ​១១-១៣
ក. សូម​ប្រទាន​អាហារ​ដែល​យើងខ្ញុំ​ត្រូវការ​នៅ​ថ្ងៃនេះ

ត្រង់​នេះ​មិន​មែន​សំដៅ​ឲ្យ​យើង​សូម​ឲ្យ​ក្លាយ​ជា​អ្នក​មាន​ដ៏​លើស​លប់​នោះ​ទេ ប៉ុន្តែ​ឲ្យ​គ្រាន់​តែ​មាន​គ្រប់​គ្រាន់​ជា​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។ ឃ្លា «ត្រូវការ​នៅ​ថ្ងៃនេះ» មាន​រួមបញ្ចូល​នូវ​រាល់​តម្រូវការ​ខាង​ឯ​សាច់ឈាម​ដែល​យើង​ត្រូវការ​ជា​រៀងរាល់ថ្ងៃ។ ទោះ​បី​ជា​ព្រះ​អង្គ​ជ្រាប​នូវ​រាល់​អ្វីៗ​ដែល​យើង​ត្រូវ​ការ​ក៏ដោយ ក៏​ទ្រង់​នៅ​តែ​សព្វ​ព្រះ​ហឫទ័យ​ចង់​ឲ្យ​យើង​ទូល​សូម​ពី​ទ្រង់ដែរ។ យើង​ដឹង​ហើយ​ថា ព្រះ​អង្គ​តែង​តែ​ផ្គត់ផ្គង់ ហើយ​យើង​ឃើញ​ពី​ការ​នោះ​តាម​រយៈ​ការ​ដែល​ព្រះអង្គ​ផ្គត់ផ្គង់​ទៅ​ដល់​សត្វ​ដូច​ជា​សត្វ​ចាប ក៏ដូចជា​រុក្ខជាតិ​ផ្សេងៗ​ដូច​ជា​ដើម​ផ្កា​នៅ​ឯ​វាល​ស្រែ។ល។

ខ. សូមអត់ទោស​កំហុស​របស់​យើងខ្ញុំ​ដូច​យើងខ្ញុំ​បាន​អត់ទោស​ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ

នៅ​ពេល​ដែល​យើង​បើក​ចិត្ត លន់តួ​បាប ទទួល​ជឿ​លើ​ព្រះយេស៊ូវ ហើយ​សូម​ឲ្យ​ព្រះអង្គ​អត់ទោស​ដល់​យើង នោះ​ព្រះអង្គ​ក៏​បាន​អត់ទោស​បាប​របស់​យើង​ពី​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​ផង​ដែរ។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​កំពុង​តែ​សំដៅ​ទៅ​លើ​ពេល​ដែល​យើង​ប្រព្រឹត្ត​អំពើបាប ដែល​ការ​នោះ​បាន​បណ្ដាល​ឲ្យ​យើង​មាន​ការ​លំបាក​ក្នុង​ការ​ប្រកប​គ្នា​ជា​មួយ​នឹង​ព្រះ​អង្គ។ ដូច្នេះ យើង​ត្រូវ​តែ​លន់តួ​បាប​របស់​យើង​ជា​ប្រចាំ​ថ្ងៃ​ដូច​ដែល​កណ្ឌ​គម្ពីរ ១យ៉ូហាន ១:៩ បាន​បង្គាប់ឲ្យ​យើង​ធ្វើ។

តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​ប្រៀបធៀប​ការ​ដែល​យើង​អត់​ទោស​កំហុស​របស់​អ្នក​ដទៃ​ទៅ​នឹង​ការ​ដែល​ព្រះ​អង្គ​អត់​ទោស​យើង?

កណ្ឌ​គម្ពីរ ម៉ាថាយ ៦:១៤-១៥ «ដ្បិត​បើ​អ្នករាល់គ្នា​អត់ទោស​ចំពោះ​អំពើ​រំលង ដែល​មនុស្ស​បាន​ប្រព្រឹត្ត​នឹង​អ្នក ព្រះវរបិតា​របស់​អ្នក ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ក៏​នឹង​អត់ទោស​ឲ្យ​អ្នករាល់គ្នា​ដែរ។ ប៉ុន្តែ បើ​អ្នករាល់គ្នា​មិន​អត់ទោស​ឲ្យ​គេ​ទេ ព្រះវរបិតា​របស់​អ្នក ទ្រង់​ក៏​នឹង​មិន​អត់ទោស ចំពោះ​អំពើ​រំលង​ឲ្យ​អ្នករាល់គ្នា​ដែរ»។

ការ​អត់ និង​ការ​មិន​អត់​ទោស (ខ១៤-១៥)

១) បើ​អត់​ទោស…នោះ​ព្រះ​វរបិតា​ក៏​នឹង​​អត់​ទោស​ឲ្យ​អ្នក​ដែរ (ខ១៤)
២) បើ​មិន​អត់​ទោស…នោះ​ព្រះ​វរបិតា​ក៏​នឹង​មិន​អត់​ទោស​ឲ្យ​អ្នក​ដែរ (ខ១៥)

កណ្ឌគម្ពីរ ម៉ាថាយ ៧:២ ក៏​បាន​លើក​ឡើង​អំពី​រង្វាស់​ដូច​គ្នា​នៅ​ត្រង់​ខ​គម្ពីរ​នោះ​ផង​ដែរ។ អ្នក​ដែល​ពិត​ជា​បាន​ទទួល​ការ​អត់​ទោស​ពី​ព្រះ​ជាម្ចាស់​ក៏​នឹង​ត្រូវ​ចេះ​អត់​ទោស​ដល់​អ្នក​ដទៃ​ផង​ដែរ។ ពេល​យើង​មិន​អត់​ទោស​ដល់​អ្នក​ដទៃ ការ​នោះ​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​ខ្លួន​ឯង មិន​មែន​អ្នក​ដែល​យើង​មិន​អត់​ទោស​ឲ្យ​នោះ​ទេ។ តើ​ចិត្ត​របស់​យើង​ស្ថិត​នៅ​ឯ​ណា? ដូច​ព្រះ​អង្គ ឬ​ក៏​មិន​ចង់​អត់​ទោស​ដល់​អ្នក​ដទៃ? ការ​មិន​អត់ទោស​ដល់​អស់​អ្នក​ដែល​បាន​ធ្វើ​ខុស​និង​យើង គឺ​ប្រៀប​ដូចជា​ការ​ដែល​យើង​ឲ្យ​ពួកគេ​ជួល​កន្លែង​ស្នាក់​នៅ​ក្នុង​ខួរក្បាល​យើង​ដោយ​មិន​បាច់​បង់ថ្លៃ​អញ្ចឹង។

ប្រ​សិន​បើ​យើង​ចង់​ឲ្យ​ការ​អធិស្ឋាន​របស់​យើង​ពិត​ជា​មាន​ប្រសិទ្ធភាព​មែន​នោះ ចូរ​កុំ​ឲ្យ​យើង​លាក់បាំង​អំពើបាប​របស់​យើង​នឹង​ព្រះ​ជាម្ចាស់​ឡើយ។ នេះ​មាន​ន័យ​ថា យើង​ត្រូវ​តែ​លន់តួ​បាប ហើយ​ជំរុះ​វា​ចោល​នៅ​ពេល​ដែល​យើង​ដឹង​ខ្លួន​ថា យើង​បាន​ប្រព្រឹត្ត​បាប។ ប្រ​សិន​បើ​យើង​ចង់​ឲ្យ​ព្រះ​ជាម្ចាស់​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយ​តប​នឹង​សំណូម​ពរ​អធិស្ឋាន​របស់​យើង នោះ​យើង​ត្រូវ​តែ​រក្សា​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់​ឲ្យ​បាន​ល្អ (១យ៉ូហាន ៣:២០)។ ការ​ធ្វើ​បែប​នោះ​ទាមទារ​ឲ្យ​យើង​លន់តួ​បាប​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ។

គ. សេចក្តី​ល្បួង
១) សូមកុំ​នាំ​យើងខ្ញុំ
២) តែ​សូម​ប្រោស​យើងខ្ញុំ​ឲ្យ​រួចពី​អា​កំណាច

តើ​ព្រះ​ជាម្ចាស់​នាំ​យើង​ទៅ​កាន់​សេចក្ដី​ល្បួង​ឬ? អត់​ទេ! តែ​ព្រះ​អង្គ​នឹង​ល្បងល​ជំនឿ​របស់​យើង ដូច​ដែល​ទ្រង់​បាន​ធ្វើ​ទៅ​កាន់​លោក យ៉ូប និង​សាវ័ក ពេត្រុស ផង​ដែរ។ កណ្ឌ​គម្ពីរ យ៉ាកុប ១:១៣-១៥ មាន​ចែង​ថា «ពេល​អ្នក​ណា​ម្នាក់​ជួប​សេចក្ដី​ល្បួង មិន​ត្រូវ​ពោល​ថា «ព្រះ​ទ្រង់​ល្បួង​ខ្ញុំ» ឡើយ ដ្បិត​អំពើ​អាក្រក់​ពុំ​អាច​នឹង​ល្បួង​ព្រះ​បាន​ឡើយ ហើយ​ព្រះ​អង្គ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ។ ប៉ុន្តែ ដែល​គ្រប់​គ្នា​ជួប​សេចក្ដី​ល្បួង នោះ​គឺ​ដោយសារ​តែ​បំណង​ប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង​លោម​ប៉ុណ្ណោះ រួច​កាលណា​បំណង​ប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សម្រាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​អំពើ​បាប​បាន​ពោរពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្តី​ស្លាប់»។

សរុប​សេចក្ដី​ទៅ យើង​គួរ​អធិស្ឋាន​ដោយ​មាន​ពេល​ឲ្យ​ជាក់​លាក់ និង​ជា​ប្រចាំ​ថ្ងៃ ហើយ​យើង​គួរ​តែ​អភិវឌ្ឍ​ការ​អធិស្ឋាន​របស់​យើង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន ដើម្បី​ឲ្យ​យើង​អាច​កាន់​តែ​ដើរ​ជា​មួយ​ព្រះ​ជាម្ចាស់​ឲ្យ​បាន​ជាប់​លាប់​ជានិច្ច។ យើង​អាច​ធ្វើ​ការ​នោះ​បាន​នៅ​ពេល​យើង​កំពុង​ដើរ​តាម​ផ្លូវ ពេល​កំពុង​បើក​បរ ពេល​កំពុង​ធ្វើ​ការ ក៏​ដូច​ជា​ពេល​ដែល​យើង​ជួយ​ធ្វើ​ការ​ងារ​ផ្ទះ។ល។ ការ​អធិស្ឋាន គឺ​ជា​អភ័យឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ ដូច្នេះ​យើង​ត្រូវតែ​ញែក​ពេល​វេលា​ឲ្យ​បាន​ជាក់​លាក់​ក្នុង​ការដែល​យើង​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ផង​ដែរ។

និពន្ធ​ដោយ៖ លោក ឈាង ប៉ូរា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ និង​លោក ខែម បូឡុង
ឯកសារ​យោង៖ សិស្ស​ដ៏​ពិត​របស់​ព្រះ​យេស៊ូវ; ESV Study Bible; www.desiringgod.org

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​ត្រូវ​តែ​ឮ​ដំណឹង​ល្អ​ជា​រៀង​រាល់​ថ្ងៃ

ព្រះ​ជា​ម្ចាស់​គឺជា​សេចក្ដី​សង្ឃឹម​របស់​រាស្ត្រ​ទ្រង់