in

​ស្ដារ​ភាព​ផ្អែម​ល្ហែម

Restore the Sweetness to Your Marriage

ភាព​រវីរវល់​ក្នុង​ជីវិត ព័ន្ធ​កិច្ច ការ​ងារ និង​គ្រួសារ​តែង​តែ​ដាក់​សម្ពាធ​លើ​ភាព​ផ្អែម​ល្ហែម​នៃ​ជីវិត អាពាហ៍ពិពាហ៍។

ជា​ជាង​ការ​លង់​នៅ​ក្នុង​កែវ​ភ្នែក​ដ៏​ស្រទន់ ការ​ស្និទ្ធស្នាល​​ដែល​មាន​ក្ដី​ស្រឡាញ់ និង​ការ​បង្ហាញ​សេចក្ដី​សប្បុរស​តិច​តូច​ពី​ដៃគូ​ជីវិត​របស់​ខ្លួន លោក​អ្នក​បែរ​ជា​ចាប់​ផ្ដើម​ចាត់​ទុក​គាត់​គ្រាន់​តែ​ជា​ដៃគូ​ដែល​អាច​ជួយ​សម្រេច​នេះ​សម្រេច​នោះ​នូវ​កិច្ច​ការ​ផ្សេងៗ​ទៅ​វិញ។ ម្យ៉ាង​វិញ​ទៀត លោក​អ្នក​បែរ​ជា​ចែក​ចាយ​ការ​ងារ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ តើ​អ្នក​ណា​នឹង​យក​កូន​មក​ពី​រៀន? តើ​អ្នក​ណា​នឹង​ទៅ​ផ្សារ​ទិញ​ម្ហូប? តើ​អ្នក​ណា​នឹង​ជួយ​ធ្វើ​កិច្ច​ការ​សាលា​របស់​កូនៗ?។ល។ ហើយ​ពេល​យប់​មក​ដល់ លោក​អ្នក​ក៏​ទម្រេត​ខ្លួន​ចូល​គេង​យ៉ាង​អស់​កម្លាំង​ពី​ថ្ងៃ​នោះ ហើយ​លោក​អ្នក​ក៏​ប្ដូរ​ការ​មាន​ភាព​ផ្អែម​ល្ហែម​ជា​មួយ​នឹង​ក្ដី​សង្ឃឹម​ថា នឹង​បាន​គេង​លក់​ស្រួល​ទៅ​វិញ។

ដោយ​គ្មាន​មន្ទិល​សង្ស័យ យើង​ទាំង​អស់​គ្នា​នឹង​និយាយ​ថា យើង​ស្រឡាញ់​ប្រពន្ធ/ប្ដី​យើង។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ ក្រែង​យើង​ទើប​តែ​ជួយ​បោក​ខោអាវ ចម្អិន​ម្ហូប ហើយ​បង់​ថ្លៃ​នូវ​អ្វីៗ​ដែល​យើង​ត្រូវ​ចំណាយ​នោះ​ទេ​ឬ​អី? ជា​ទូ​ទៅ យើង​អាច​បង្ហាញ​ក្ដី​ស្រឡាញ់​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ដោយ​មាន​ភាព​លះបង់​ទៅ​កាន់​ដៃគូ​ជីវិត​យើង​តាម​រយៈ​ការ​ដែល​យើង​បំពេញ​ធុរៈ​កិច្ច​ចាំ​បាច់—ទោះ​បើ​អណ្ដាត​ភ្លើង​នៃ​ក្ដី​ស្រឡាញ់​របស់​យើង​បាន​រលត់​ជិត​អស់​បាត់​ទៅ​ក៏​ដោយ។ ទំនង​អ្នក​ខ្លះ​មាន​ភាព​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ស្រឡាញ់​ដោយ​មាន​ការ​លះ​បង់​ជា​ជាង​ការ​បង្ហាញ​ភាព​ថ្នាក់​ថ្នម ជា​ពិសេស​បើ​ក្នុង​ផ្ទះ​លោក​អ្នក​មាន​ពេញ​ទៅ​ដោយ​កាតព្វកិច្ច​ដែល​លោក​អ្នក​ត្រូវ​ចំណាយ​កម្លាំង​ជំនួស​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ឧទាហរណ៍៖ ការ​មាន​កូន។

ហេតុ​អ្វី​បាន​ជា​សំខាន់​ខ្លាំង​ម៉្លេះ​ក្នុង​ការ​បន្ត​ឲ្យ​មាន​កំដៅ​ភ្លើង​ឆេះ​ឆួល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក? តើ​វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ​ឬ​អី​ក្នុង​ការ​ដែល​យើង​ដាក់​តម្រូវ​ការ​របស់​កូនៗ​យើង​មុន (និង​រាល់​គ្រប់​អ្វីៗ​ផ្សេង​ទៀត​ដែល​លោក​អ្នក​ត្រូវ​ធ្វើ) ជា​ជាង​តម្រូវ​ការ​ប្ដី/ប្រពន្ធ?

ចូរ​ការ​ពារ​ភ្លើងស្នេហ៍

នៅ​ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ​ជំពូក៥ យើង​បាន​ឃើញ​ថា ព្រះ​ជាម្ចាស់​បាន​បង្កើត​ជីវិត​អាពាហ៍ពិពាហ៍​ឡើង ដើម្បី​បង្ហាញ​អំពី​ដំណឹង​ល្អ។ ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​លើ​ផែន​ដី​នេះ គឺ​ជា​ស្រមោល​នៃ​អាពាហ៍ពិពាហ៍​នៅ​ពេល​អនាគត​ដែល​នឹង​កើត​មាន​ឡើង។ ដូច​ដែល​ព្រះ​គ្រីស្ទ​បាន​មាន​អំណរ​ជា​មួយ​នឹង​កូន​ក្រមុំ​របស់​ទ្រង់ យើង​ក៏​គួរ​តែ​មាន​អំណរ​ក្នុង​អំណោយ​ទាន​របស់​ដៃ​គូ​ជីវិត​យើង​ផង​ដែរ។ ដូច​ដែល​ក្រុម​ជំនុំ​ត្រូវ​ចុះ​ចូល​នឹង​ព្រះ​គ្រីស្ទ នោះ​ប្រពន្ធ​ក៏​ត្រូវ​ចុះ​ចូល​ដោយ​អំណរ​នឹង​ប្ដី​របស់​ខ្លួន​ដែរ។ ហើយ​ព្រះ​ជាម្ចាស់​ក៏​បាន​បង្គាប់​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ដោយ​មាន​ការ​លះ​បង់​ដូច​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​ចំពោះ​ក្រុម​ជំនុំ។

ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​បើក​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​សម្រាប់​ក្រុម​ជំនុំ ដោយ​តាម​រយៈ​ការ​នេះ​វា​នឹង​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់ និង​បើក​បង្ហាញ​សេចក្ដី​ពិត​អំពី​ដំណឹង​ល្អ​ឲ្យ​លោកីយ៍​ដែល​កំពុង​មើល​យើង​ឃើញ។ តាម​រយៈ​ការ​ដែល​យើង​ស្ដាប់​បង្គាប់​ក្រឹត្យ​វិន័យ​របស់​ព្រះ​ជាម្ចាស់​ដោយ​មាន​អំណរ នោះ​ការ​ដែល​យើង​ធ្វើ «ត្រូវ​តែ» ស្រឡាញ់​ដៃគូ​ជីវិត​យើង​នឹង​មាន​ការ​ហូរហៀរ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​យើង។ ការ​ដែល​យើង​វិនិយោគ​ពេល​វេលា និង​ការ​ថែទាំ​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​នឹង​បង្កើត​ឲ្យ​យើង​កាន់​តែ​មាន​ក្ដី​ស្រឡាញ់​សម្រាប់​អ្នក​ដទៃ​​ផ្សេង​ទៀត​បាន។ លោក​គ្រូ គ្រីស្ទូហ្វើរ អាស៍ (Christopher Ash) បាន​លើក​ឡើង​យ៉ាង​ចំៗ​ក្នុង​សៀវភៅ​របស់​គាត់​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា Marriage for God «ចូរ​ការ​ពារ​ភ្លើង​នៃ​ដួង​ចិត្ត​របស់​លោក​អ្នក ដើម្បី​ឲ្យ​កំដៅ​នៃ​សេចក្ដី​ស្រឡាញ់​របស់​លោក​អ្នក​អាច​នឹង​សាយ​ភាយ​ទៅ​ដល់​អ្នក​ដទៃ​បាន»។

របៀប​ថែរក្សា​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន

ខាង​ក្រោម​នេះ​ជា​របៀប​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​​ពង្រឹង​នៅ​ផ្នែក​ទំនាក់ទំនង​ក្នុង​ការ​ថែរក្សា​អស់​អ្នក​ដែល​ព្រះ​ជាម្ចាស់​បាន​ដាក់​ក្បែរ​ខ្លួន—សម្រាប់​អំណរ​របស់​យើង​ផ្ទាល់ សម្រាប់​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់ និង​សម្រាប់​អត្ថ​ប្រយោជន៍​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​យើង​ផង​ដែរ។

១. មើល​គ្នា​ឃើញ​ផង

ទំនង​ចំណុច​នេះ​និយាយ​ចំ​ពេក​ហើយ ប៉ុន្តែ​បើ​និយាយ​ឲ្យ​ខ្លី​ទៅ យើង​ពិត​ជា​មាន​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​នៅ​បន្ត​ឈ្ងោក​មើល​ទូរស័ព្ទ​ពេល​ដែល​ប្ដី/ប្រពន្ធ​យើង​ដើរ​ចូល​ក្នុង​ផ្ទះ។ ចូរ​ញែក​ពេល​ទទួល​ស្គាល់​វត្តមាន​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ការ​សួរ​សុខ​ទុក្ខ​គ្នា ការ​ឱប​ថើប ឬ​ក៏​ការ​សួរ​គ្នា​អំពី​អ្វីៗ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ។ ចូរ​បញ្ឈប់​នូវ​អ្វី​ដែល​លោក​អ្នក​កំពុង​ធ្វើ ដើម្បី​បង្ហាញ​ចំណាប់​អារម្មណ៍​ពិតៗ​ទៅ​កាន់​ដៃគូ​ជីវិត​របស់​ខ្លួន (ភីលីព ២:២០)។

២. បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក

ចូរ​ព្យាយាម​ស្វែង​រក​របៀប​បម្រើ និង​ប្រទាន​ពរ​ដល់​ដៃគូ​ជីវិត​របស់​លោក​អ្នក​ជា​រៀង​រាល់​ថ្ងៃ។ ហើយ​ល្អ​ជាង​នោះ​ទៅ​ទៀត​គឺ​បើ​លោក​អ្នក​សួរ​គាត់​ផ្ទាល់​ថា តើ​ខ្ញុំ​អាច​បម្រើ​អ្នក​បាន​ដោយ​របៀប​ណា? ទំនង​អាច​មាន​ដូច​ជា៖ បោក​ខោអាវ រៀប​ចំ​កន្លែង​ឲ្យ​កូនៗ​ចូល​គេង​ឆាប់ ឬ​ក៏​ការ​ចម្អិន​ម្ហូប​ដែល​គាត់​ចូល​ចិត្ត។ល។ ចូរ​ប្រយ័ត្ន​ដោយ​កុំ​ឲ្យ​ធ្លាក់​ក្នុង​អន្លង់​នៃ​អន្ទាក់​នៃ​ការ​មាន​សេចក្ដី​រំពឹង​ចង់​ឲ្យ​ប្ដី/ប្រពន្ធ​ខ្លួន​បំពេញ​តម្រូវ​ការ​ដែល​លោក​អ្នក​ចង់​បាន។ ការ​ខក​ចិត្ត និង​ការ​អាក់​អន់​ស្រពន់​ចិត្ត​ជា​ច្រើន​កើត​មាន​ឡើង​តាម​រយៈ​ការ​សម្គាល់​ទុក​កំហុស​គ្នា​ទៅ​វិញ​ទៅ​មក។ ដោយ​ផ្ទុយ​ពី​នោះ​ទៅ​វិញ លោក​អ្នក​គួរ​តែ​មាន​អំណរ​ក្នុង​ការ​ស្វែង​រក​សេចក្ដី​អរសប្បាយ​សម្រាប់​ដៃគូ​ជីវិត​ខ្លួន​តាម​រយៈ​ការ​ត្រាប់​តាម​សេចក្ដី​បង្គាប់​នៅ​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ២:៣-៤ នេះ​ចុះ។ ចូរ​ចាត់​ទុក​ដៃគូ​ជីវិត​របស់​លោក​អ្នក​ថា​គាត់​សំខាន់​ជាង​ខ្លួន ហើយ​លោក​អ្នក​អាច​ធ្វើ​ការ​នោះ​បាន​តាម​រយៈ​ការ​ផ្ដល់​អាទិភាព​នៃ​ជម្រើស​របស់​គាត់​ខ្ពស់​ជាង​លោក​អ្នក ហើយ​តាម​រយៈ​ការ​ត្រាប់​តាម​ដោយ​ការ​បន្ទាបខ្លួន​ដូច​ព្រះ​គ្រីស្ទ​ដែរ។

៣. ចូរ​ចេះ​អរគុណ​គ្នា

តើ​ពេល​ណា​ទៅ​ជា​ពេល​វេលា​ចុង​ក្រោយ​បង្អស់​ដែល​លោក​អ្នក​បាន​និយាយ​ទៅ​កាន់​ដៃគូ​ជីវិត​ខ្លួន​ថា «អរគុណ​បង/អូន» ព្រោះ​គាត់​បាន​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់? តើ​ប្ដី​របស់​អ្នក​ផ្គត់​ផ្គង់​គ្រួសារ​ដែរ​ឬ​ទេ? តើ​ប្រពន្ធ​របស់​អ្នក​បាន​បោះ​បង់​នូវ​សេចក្ដី​ប្រាថ្នា​របស់​នាង​ចោល ដើម្បី​បំពេញ​តម្រូវ​ការ​របស់​កូនៗ​ខ្លួន​ទេ? ជា​រឿយៗ យើង​នឹក​គិត​អំពី​ការ​អរគុណ ប៉ុន្តែ​យើង​មិន​បាន​បង្ហាញ​គំនិត​នោះ​ជា​សកម្មភាព​សោះ។ សាវ័ក ប៉ុល បាន​លើក​ទឹក​ចិត្ត​យើង​បី​ដង​ឲ្យ​ចេះ​អរគុណ​នៅ​ក្នុង​កណ្ឌ​គម្ពីរ កូឡូស ៣:១៥-១៧៖

«ចូរ​ឲ្យ​សេចក្ដី​មេត្រី​របស់​ព្រះ​គ្រីស្ទ​ត្រួត​ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្ដី​នោះ​ឯង ឲ្យ​មាន​រូប​កាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។ ចូរ​ឲ្យ​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន​ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ នឹង​ចម្រៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះ​គុណ ហើយ​ក្នុង​គ្រប់​ការ​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សម្ដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​យេស៊ូវ ទាំង​អរ​ព្រះ​គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរ​បិតា ដោយ​សារ​ទ្រង់​ផង»។

៤. ញែក​ពេល​វេលា​ទៅ​ដើរ​លេង​ជា​មួយ​គ្នា—ដោយ​មិន​មាន​ការ​រំខាន

មិន​ថា​នេះ​ជា​ពេល​វេលា​ដែល​លោក​អ្នក​ចេញ​ទៅ​ណា​តែ​ពីរ​នាក់​តែ​ឯង​ក្នុង​មួយ​អាទិត្យ​ម្ដង ឬ​ក៏​ការ​ដើរ​ហាត់​ប្រាណ​ជា​មួយ​គ្នា​ក៏​ដោយ ក៏​លោក​អ្នក​ត្រូវ​ការ​មាន​ពេល​វេលា​ឲ្យ​ជាក់​លាក់​ក្នុង​ការ​ចំណាយ​ពេល​ជា​មួយ​គ្នា​តែ​ពីរ​នាក់ ព្រោះ​នោះ​គឺ​ជា​ចំណុច​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ទាក់​ទង​ជា​មួយ​នឹង​ដៃគូ​ជីវិត​របស់​ខ្លួន។ បើ​យើង​មិន​ញែក​ពេល​វេលា ដើម្បី​ចំណាយ​តែ​ឯង​ពីរ​នាក់ នោះ​អ្វីៗ​ដែល​កូនៗ​យើង​ត្រូវ​ធ្វើ ឬ​ក៏​ការ​ដែល​យើង​បម្រើ​ក្នុង​ព័ន្ធ​កិច្ច​នឹង​ប្រាកដ​ជា​យក​ពេល​យើង​អស់​ជា​មិន​ខាន។

ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​ប្ដី​យើង​ខ្ញុំ និង​យើង​ខ្ញុំ​ផ្ទាល់ យើង​តែង​តែ​ទៅ​ដើរ​ហាត់​ប្រាណ​ជា​មួយ​គ្នា ហើយ​ការ​ធ្វើ​បែប​នោះ​បាន​ជួយ​ឲ្យ​យើង​មាន​ពេល​និយាយ​គ្នា និង​គិត​គូរ​អំពី​ដំណើរ​ជីវិត​យើង។ ឥឡូវ​យើង​បាន​វិវឌ្ឍន៍​ពី​ការ​រុញ​កូនៗ​ក្នុង​រទេះ​ទៅ​ជិះ​កង់​ជា​មួយ​គ្នា​រហូត​ដល់​អាច​ទុក​ពួក​គាត់​ចោល​នៅ​ផ្ទះ​បាន​ពេល​យើង​ចេញ​ក្រៅ។ ការ​ដែល​យើង​ចេញ​ពី​ផ្ទះ​ទៅ​ដើរ​កំសាន្ត​តែ​ពីរ​នាក់​មួយ​ដង​ក្នុង​មួយ​ខែ​បាន​នាំ​ឲ្យ​យើង​មាន​សេរី​ភាព​ក្នុង​ការ​មិន​បង្ហើយ​កិច្ច​ការ​ផ្ទះ ឬ​ក៏​ធុរៈ​ដែល​តែង​តែ​មក​រំខាន​ទំនាក់​ទំនង​របស់​ពួក​យើង។

៥. ចូរ​ញែក​ពេល​សម្រាក​ជា​មួយ​គ្នា

គ្មាន​អ្វី​ធ្វើ​ឲ្យ​យើង​ខ្ញុំ​មាន​អារម្មណ៍​ស្រស់​ស្រាយ​រាល់​អាទិត្យ​ក្រៅ​ពី​ការ​ញែក​ពេល​យ៉ាង​ជាក់​លាក់​ក្នុង​ការ​សម្រាក​ជា​មួយ​គ្នា​ឡើយ។ ការ​ដែល​យើង​ថែរក្សា​ការ​ពារ​ថ្ងៃ​នោះ​ពី​ជា​ការ​ព្យាយាម​សម្រេច​ធុរៈ​ដែល​មិន​ចេះ​អស់ ហើយ​បែរ​ទៅ​ធ្វើ​នូវ​អ្វី​ដែល​យើង​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ជា​មួយ​នឹង​ប្ដី​ឬ​ប្រពន្ធ​របស់​យើង​ខ្ញុំ ហើយ​អ្វី​ទាំង​អស់​នោះ​បាន​នាំ​មក​នូវ​ភាព​ស្រស់​ស្រាយ​ដល់​ព្រលឹង និង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​ដែល​ត្រូវ​ការ។ ផែន​ដី​នេះ​នឹង​នៅ​តែ​បន្ត​វិល​ទៅ​មុខ​ទៀត ទោះ​បើ​យើង​មិន​ឆ្លើយ​អ៊ីមែល ឬ​ក៏​បោក​ខោអាវ​ក៏​ដោយ។

ហើយ​ចូរ​រក្សា​កម្លាំង​ខ្លះ​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា ការ​រួម ឬ​ក៏​មិន​រួម​ដំណេក​ជា​មួយ​គ្នា គឺ​ជា​របៀប​វាស់​វែង​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​ជា​មួយ​គ្នា​ដែរ។ បើ​លោក​អ្នក​តែង​តែ​អស់​កម្លាំង ឬ​ក៏​រវល់​ពេក ដោយ​គ្មាន​ពេល​ស្និទ្ធ​ស្នាល​នឹង​គ្នា ទំនង​នោះ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ភាព​រអាក់រអួល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​ហើយ។

កុំ​មើល​អត់​ឃើញ​ដៃគូ​ជីវិត​របស់​ខ្លួន

ជា​ទូ​ទៅ ភាព​មមាញឹក​នៃ​ជីវិត​ប្រចាំ​ថ្ងៃ និង​ការ​ដែល​យើង​មាន​សេចក្ដី​ប្រាថ្នា​ដ៏​អាត្មានិយម​នឹង​ធ្វើ​ឲ្យ​យើង​ខ្វាក់​ក្នុង​ការ​មើល​ឃើញ​នូវ​អំណោយ​ទាន​ដែល​ដៃគូ​ជីវិត​របស់​យើង​ដែល​គាត់​មាន។ ចូរ​គិត​សិន ហើយ​នឹក​ចាំ​អំពី​ចំណុច​របស់​គាត់​ដែល​បាន​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ការ​ទាក់​ទាញ​ទៅ​កាន់​គាត់​នា​គ្រា​ដំបូង​កាល​ទើប​តែ​លង់​ស្នេហ៍។ សូម​ព្យាយាម​សម្រេច​ចិត្ត​ក្នុង​ការ​បង្អន់​សិន ហើយ​ស្វែងរក​របៀប​ដែល​លោក​អ្នក​អាច​បន្ថែម​នូវ​ភាព​ផ្អែម​ល្ហែម​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ជួយ​លោក​អ្នក​ក្នុង​ការ​បន្ថែម​នូវ​សេចក្តី​​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​ការ​នោះ​អាច​នឹង​សាយ​ភាយ​ទៅ​កាន់​អ្នក​ដទៃ​សម្រាប់​ប្រយោជន៍​របស់​ពួក​គាត់ និង​សម្រាប់​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​ចុះ។

និពន្ធ​ដោយ៖ លោក​ស្រី Stacey Reaoch
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, ​លោក ទេព រ៉ូ , លោក ខែម បូឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ធ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​បាន​ដោះ​មនុស្ស​ចាស់ នឹង​អំពើ​របស់​វា​

ខ្ញុំ​ស្គាល់​អ្នក​ដឹក​នាំ​របស់​ខ្ញុំ