in ,

គ្រូ​ពេទ្យ​ព្យាបាល​ព្រលឹង​វិញ្ញាណ

កាល​ពី​ពីរ​ទៅ​បី​ថ្ងៃ​មុន អៃលីន ដែល​ជា​ប្រពន្ធ​របស់​ខ្ញុំ និង​ខ្ញុំ​នៅ​ឯ​កន្លែង​ហាត់​ប្រាណ​មួយ ដោយ​ធ្វើ​ការ​លើក​ឆ្លាស់​ឡើង​ចុះ​នៅ​ឧបករណ៍​ធ្ងន់ៗ ហើយ​ដាក់​ចុះ​វិញ​ម្តង​ហើយ​ម្តង​ទៀត (ដោយ​លាយឡំ​នឹង​ការ​រត់​ទៅ​នេះ​ទៅ​នោះ​ដោយ​មិន​ចំ​ចំណុច​ណា​ឲ្យ​ប្រាកដ)។ ជា​រឿយៗ សកម្មភាព​បែប​នេះ​បន្សល់​ទុក​នូវ​ការ​ឈឺ​ចាប់​សាច់​ដុំ ហើយ​កាល​នោះ​ក៏​មាន​គ្រូ​បង្វឹក​កាយ​សម្បទា​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ គាត់​បាន​ផ្តល់​ការ​បង្ហាញ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់។ វា​ប្រៀប​ដូច​ជា​ការ​ភ្លក់​យ៉ាង​សាមញ្ញ​ដែល​ផ្តល់​ដោយ​ក្លឹប​សុខ​ភាព​ដូច​ជា​ការ​ភ្លក់​នំ ឬ​ភីហ្សា។

អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​អ្នក​គឺ​បែប​នេះ កន្លែង​នោះ​បាន​រៀប​ចំ​រួច​ជា​ស្រេច៖ ពួក​គេ​ធ្វើ​ឲ្យ​អ្នក​ខំ​ប្រឹង រហូត​ដល់​ឃ្លាន​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​មាន​ហាង​កាហ្វេ​តូច​មួយ ដើម្បី​ចម្អែត​អ្នក។ ពួក​គេ​ឲ្យ​អ្នក​ប្រឹង​ហួស​ពី​ដែន​កំណត់​រហូត​ដល់​អ្នក​ទ្រោម​ខ្លួន ហើយ​ជា​ថ្មី​ម្តង​ទៀត ពួក​គេ​ក៏​មាន​គ្លីនិក​សម្រាប់​ចាប់​សរសៃ និង​ជួយ​ព្យាបាល​សាច់​ដុំ ដើម្បី​បម្រើ​អ្នក។ វា​ជា​ការ​រង្វិល​ជុំ​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ ខ្ញុំ​និយាយ​ចាក​ប្រធាន​បទ​ទេ។

នៅ​ថ្ងៃ​នោះ អៃលីន ពិត​ជា​ឈឺ​ខ្លួន​ខ្លាំង​មែន​ទែន ហើយ​ដូច​ជា​មិន​សូវ​ខ្វល់​ជាង​ខ្ញុំ​អំពី​អ្នក​ជំនាញ​ខាង​កាច់ ឬ​ពត់​ខ្លួន​នៅ​កន្លែង​សាធារណៈ។ ដូច្នេះ គាត់​ក៏​បាន​ប្រាប់​គ្រូ​បង្វឹក​ខាង​កាយ​សម្បទា​អំពី​ការ​ឈឺ​ជង្គង់​របស់​គាត់ ហើយ​ដេក​ផ្កាប់​មុខ​ចុះ​នៅ​លើ​តុ។ គ្រូ​បង្វឹក​កាយ​សម្បទា​មិន​បាន​ចាប់​អារម្មណ៍​នឹង​ក្បាល​ជង្គង់​របស់ អៃលីន ទេ ផ្ទុយ​ទៅ​វិញ គាត់​ឈ្លី​លើ​សរសៃ​ក្បាល​ជង្គង់​របស់​នាង។ នាង​បាន​បង្កែក​បន្តិច រួច​ពន្យល់​ម្តង​ទៀត​ថា សរសៃ​ក្បាល​ជង្គង់​មិន​ឈើ​ទេ តែ​ក្បាល​ជង្គង់​ទេ​តើ។ ប៉ុន្តែ វេជ្ជ​បណ្ឌិត​នៅ​តែ​បន្ត​ឈ្លី​សរសៃ​ក្បាល​ជង្គង់ ខណៈ​ពេល​គាត់​ខំ​ព្យាយាម​ប្រាប់​ថា ក្បាល​ជង្គង់​មិន​មាន​បញ្ហា​ទេ។ ការ​ពិត​ជាក់​ស្ដែង សរសៃ​ក្បាល​ជង្គង់​គឺ​តឹង​ខ្លាំង ហើយ​វា​បណ្ដាល​ឲ្យ​សង្កត់​លើ​ជង្គង់ វា​ធ្វើ​ឲ្យ​ទៅ​ជា​ហើម។ បញ្ហា​ក្បាល​ជង្គង់​មិន​មែន​ជា​បញ្ហា​ទាំង​ស្រុង​មក​ពី​ជង្គង់​ទេ។ ហើយ​វា​ច្បាស់​ណាស់ បន្ទាប់​ពី​ពីរ​ទៅ​បី​នាទី​ក្រោយ​មក តាម​រយៈ​ការ​ការ​ព្យាបាល នោះ​ការ​ឈឺ​ចាប់​ក៏​បាន​ធូរ​ស្បើយ​ទៅ។

នៅ​ពេល​ដែល​ខ្ញុំ​បាន​សង្កេត​មើល​គ្រូ​បង្វឹក​កាយ​សម្បទា​កំពុង​ធ្វើ​នូវ​អ្វី​ដែល​គ្រូ​កាយ​សម្បទា​ធ្វើ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​អាច​ក្លាយ​ជា​គ្រូ​គង្វាល​ដែល​កាន់​តែ​ប្រសើរ​ជាង​មុន​បាន​នៅ​ពេល​ខ្ញុំ​សង្កេត​មើល​វេជ្ជ​បណ្ឌិត ហើយ​និង​អ្នក​ជំនាញ​ដទៃ​ទៀត។ អ្នក​ព្យាបាល​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ក៏​មិន​ខុស​គ្នា​ខ្លាំង​ពី​អ្នក​ព្យាបាល​ខាង​រូប​កាយ​ដែរ។ ហើយ​ក្នុង​របៀប​មួយ​ចំនួន គ្រូ​ពេទ្យ​ទាំង​នោះ​ងាយ​ទទួល​ការ​ស្វែង​រក​បញ្ហា និង​ដំណោះ​ស្រាយ​ជាង​គ្រូ​គង្វាល​ទៀត​ផង។

នៅ​ថ្ងៃ​នោះ គ្រូ​បង្វឹក​កាយ​សម្បទា​បាន​រម្លឹក​ខ្ញុំ​អំពី​សារៈ​សំខាន់​នៃ​ការ​សង្កេត​មើល​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន។ ការ​ល្បួង​របស់​គាត់​ទំនង​ចង់​សំដៅ​ត្រង់​ទៅ​លើ​ក្បាល​ជង្គង់ ដោយ​ឮ​ពាក្យ «ឈឺ​ជង្គង់» ហើយ​ចាប់​ផ្ដើម​ព្យាបាល​នៅ​កន្លែង​នោះ​ភ្លាមៗ ។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ គាត់​បាន​សូម​ឲ្យ អៃលីន ធ្វើ​ការ​សាមញ្ញ​មួយ​ចំនួន​សិន ឲ្យ​ធ្វើ​ចលនា​ក្នុង​របៀប​មួយ​ចំនួន និង​ឲ្យ​ប្រាប់​នូវ​ការ​ឈឺ​ចាប់​ដែល​គាត់​កំពុង​មាន។ នៅ​ពេល​ដែល អៃលីន បាន​ធ្វើ​ការ​នោះ វេជ្ជបណ្ឌិត​ក៏​បាន​ឈ្លី​សាច់​ដុំ​របស់​គាត់ ចាប់​សរសៃ​សន្លាក់​របស់​នាង និង​សង្កេត​មើល។ ការ​សង្កេត​មើល​ដោយ​ប្រុង​ប្រយ័ត្ន​នោះ​ក៏​នាំ​ឲ្យ​មាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ​មាន​ភាព​ត្រឹម​ត្រូវ។ ហើយ​ក្នុង​នាម​ជា​គ្រូ​គង្វាល​ម្នាក់ ខ្ញុំ​ដឹង​ថា ខ្ញុំ​ក៏​បាន​ជាប់​ក្នុង​ការ​ល្បួង​នៃ​ការ​ធ្វេស​ប្រហែស ក្នុង​ការ​វែក​ញែក​បញ្ហា​ខាង​ព្រលឹង​វិញ្ញាណ និង​ធ្វើ​ការ​មើល​ស្រាល​មិន​វិភាគ​ទៅ​លើ​បញ្ហា។ នៅ​ពេល​ខ្ញុំ​ឃើញ​នរណា​ម្នាក់​កំពុង​ជឿ​លើ​អ្វី​ដែល​ខុស ឬ​កំពុង​រស់​នៅ​ក្នុង​របៀប​មិន​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​ជាម្ចាស់ ខ្ញុំ​ត្រូវ​ការ​ត​ទល់​ការ​ល្បួង​ដែល​ចង់​ផ្តល់​នូវ​ការ​ផ្លាស់​ប្ដូរ​ភ្លាមៗ ហើយ​ជំនួស​មក​វិញ​នូវ​ការ​និយាយ ការ​អធិស្ឋាន ការ​សង្កេត និង​តាម​ដាន​មើល​ឫស​គល់​នៃ​អំពើ​បាប​នោះ។

នៅ​ថ្ងៃ​នោះ គ្រូ​បង្វឹក​កាយ​សម្បទា​ក៏​បាន​រម្លឹក​ខ្ញុំ​អំពី​ការ​មួយ​ទៀត​ដែល​ពាក់​ព័ន្ធ​គ្នា។ គាត់​បាន​រម្លឹក​ដល់​ខ្ញុំ​ថា បញ្ហា​ដែល​កំពុង​កើត​ឡើង—ជម្លោះ​ប្ដី/ប្រពន្ធ ការ​ផ្ទុះ​កំហឹង ការ​ញៀន ការ​កើត​ទុក្ខ​ខ្លាំង—វា​មិន​តែង​តែ​ជា​រឿង​រ៉ាវ​នោះ​ទេ។ យើង​អាច​សំដៅ​ទៅ​ចំ​បញ្ហា​នោះ ស្វែង​រក​អត្ថបទ​ខ​គម្ពីរ​ដែល​និយាយ​ពី​ការ​នោះ ហើយ​ព្យាយាម​ទន្ទេញ​វា​ឲ្យ​ចាំ​ទាំង​អស់​គ្នា​បាន ប៉ុន្តែ​ជា​រឿយៗ ការ​ពិនិត្យ​មើល​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​តាម​រយៈ​ការ​សន្ទនា​យ៉ាង​ល្អ​នឹង​នាំ​យើង​ឲ្យ​ឃើញ​អំពី​អំពើ​បាប​នោះ​ថា កា​ពិត​ទៅ​វា​គ្រាន់​តែ​ជា​សញ្ញា​នៃ​បញ្ហា​ដែល​មាន​ភាព​ស៊ី​ជម្រៅ​ជាង​នោះ​ទៀត។ វា​ទំនង​ជា​លេច​ឡើង​នូវ​អំពើ​បាប​ដែល​ជ្រៅ​ជាង​នេះ វា​ទំនង​ជា​ការ​ឈឺ​ចាប់​នៃ​ការ​រង​គ្រោះ​ពី​អតីត​កាល ឬ​ក៏​វា​ទំនង​ជា​ភាព​មិន​ពេញ​វ័យ​ក៏​ថា​បាន។ ប៉ុន្តែ ពេល​ខ្លះ យើង​ពិបាក​ស្វែង​រក​ដើម​ចម​នៃ​អំពើ​បាប​ជាង​រោគ​សញ្ញា​នៃ​អំពើ​បាប​ទៅ​ទៀត។

ការ​នេះ​មិន​មែន​គ្រាន់​តែ​សំដៅ​លើ​តែ​គ្រូ​គង្វាល​ទេ ដែល​ត្រូវ​រៀន​ពិនិត្យ​មើល និង​វិភាគ​ពិនិត្យ​លើ​បញ្ហា​នៃ​ព្រលឹង​វិញ្ញាណ។ គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប​ក៏​ត្រូវ​ធ្វើ​ដូច​នេះ​ដែរ គឺ​យើង​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ការ​ត្រាស់​ហៅ ដើម្បី «ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សម្រាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូប​កាយ​ព្រះ​គ្រីស្ទ​ឡើង…»(អេភេសូរ ៤:១២)។ យើង​ទាំង​អស់​គ្នា​មាន​ទំនួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះ​ជាម្ចាស់​ក្នុង​ការ​ចូល​រួម​ចំណែក​សង្កេត​មើល​ដោយ​ប្រុង​ប្រយ័ត្ន វិភាគ​វែក​ញែក​ឲ្យ​បាន​ប្រាកដ​ប្រជា ហើយ​ធ្វើ​ការ​ព្យាបាល​ដោយ​មាន​ការ​អត់​ធ្មត់។ តើ​លោក​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រលឹង​វិញ្ញាណ​របស់​អ្នក​ដទៃ​ដែរ​ឬ​ទេ?

នៅ​ពេល​ដែល​ខ្ញុំ​បាន​សង្កេត​មើល​គ្រូ​បង្វឹក​កាយ​សម្បទា​កំពុង​ធ្វើ​នូវ​អ្វី​ដែល​គ្រូ​កាយ​សម្បទា​ធ្វើ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​អាច​ក្លាយ​ជា​គ្រូ​គង្វាល​ដែល​កាន់​តែ​ប្រសើរ​ជាង​មុន​បាន​នៅ​ពេល​ខ្ញុំ​សង្កេត​មើល​វេជ្ជ​បណ្ឌិត ហើយ​និង​អ្នក​ជំនាញ​ដទៃ​ទៀត។

និពន្ធ​ដោយ៖ Tim Challies
បក​ប្រែ​ដោយ៖ លោក ពេជ្រ ប៊ុនណា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង,កញ្ញា ហុង រស្មី, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply
  1. ពិតជាការេល្អណាស់នៅពេលយើងចេះសង្កេតឃើញអ្វីជាបញ្ហា ហើយស្កាល់ពីវិធីដោះស្រាយ ពីការពន្យល់លើកទឹកចិត្ត ការយកចិត្តទុកដាក់។ សូមព្រះប្រទានព្រះពរ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

កត្តា​ជំរុញ​ចិត្ត​បី​យ៉ាង​ដើម្បី​អធិស្ឋាន

អត្ថន័យណូអែល