in

ស្ទើរ​តែ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ហេតុ​ផល​បួន​យ៉ាង​ត្រូវ​ពិចារណា​មើល​​ខ្លួន​ឯង

ការ​កាត់​ទោស​របស់​ទ្រង់​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​នឹង​មិន​បញ្ចប់​ដោយ​រឿង​ដែល​រីករាយ​បំផុត ដែល​ធ្លាប់​បាន​ឭ​ពី​មុន​មក​នោះ​ទេ។ ពេល​នោះ​នឹង​មិន​ដែល​មាន​ស្នាម​ញញឹម​ពព្រាយ​ដែល​នឹង​បាត់​បង មិន​ដែល​នឹង​មាន​សេចក្ដី​សង្ឃឹម​ខ្ចាត់​ព្រាត់​ពី​ទី​ខ្ពស់ មិន​ដែល​នឹង​មាន​ជ័យ​ជម្នះ​ដក​ថយ​ដោយ​គ្មាន​ក្ដី​មេត្តា មិន​ដែល​នឹង​មាន​ស្ថាន​នរក​ដែល​នឹង​លេប​ត្របាក់​អ្នក​រង​គ្រោះ​ព្រួយ​ចិត្ត​ជា​ខ្លាំង ហើយ​មាន​សេចក្ដី​អស្ចារ្យ​នៅ​ពេល​ដែល​មាន អ្នក​ស្ទើរ​តែ​បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ ត្រូវ​បាន​ដឹក​នាំ​ទៅ​កាន់​ទម្លាក់​ចូល​បឹង​ភ្លើង​ទេ។

អ្នក​ដែល​ស្ទើរ​តែ​បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ គាត់​ស្ទើរ​តែ​ជិត​បាន​ទទួល​សេចក្ដី​សង្គ្រោះ។ គាត់​ស្ទើរ​តែ​ជិត​បាន​គេច​ផុត​ពី​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់។ គាត់​ស្ទើរ​តែ​ជិត​បាន​រក​ឃើញ​សេចក្ដី​អំណរ​ជា​រៀង​រហូត​នៅ​ក្នុង​ព្រះ​ជាម្ចាស់ ដែល​ព្រះ​អង្គ​ស្ទើរ​តែ​ជិត​បាន​ក្លាយ​ជា​ព្រះ​របស់​គាត់។ ស្ទើរ​តែ។

នៅ​ថ្ងៃ​នោះ គាត់​នឹង​រំពឹង​ថា មាន​ទេវតា​មក​ទទួល​គាត់​ជា​មួយ​នឹង​ការ​ច្រៀង កិច្ចការ​របស់​គាត់​បាន​បញ្ជាក់​ប្រាប់​ពួក​គេ​ថា គាត់​ជា​មាស​សុទ្ធ និង​ចៅហ្វាយ​របស់​គាត់​ដែល​ប្រកាស​ថា៖ «ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ​ត្រង់​អើយ» (ម៉ាថាយ ២៥:២៣)។ គាត់​ប្រហែល​ជា​បាន​បិទ​ភ្នែក​របស់​គាត់​ជិត នៅ​ពេល​ដែល​គាត់​ស្លាប់​ដោយ​គិត​ថា គាត់​គឺ​ជា​រាស្ដ្រ​ដ៏​បរិសុទ្ធ។ នេះ​គឺ​ជា​ជីវិត​ដ៏​ឈឺ​ចាប់​បំផុត​នៅ​ក្នុង​ស្ថាន​នរក ជា​ម្នាក់​ដែល​តែង​តែ​ចូល​ទៅ​ជិត​ខ្សែ​បន្ទាត់​នៃ​ជីវិត​អស់​កល្ប​ជានិច្ច ប៉ុន្តែ​មិន​ដែល​បាន​ឆ្លង​កាត់​វា​សោះ ជា​ដំណើរ​ដែល​មិន​ដល់​ទី​បញ្ចប់។

យើង​ចង់​ងាក​ចេញ​ដោយ​មិន​មើល។ សត្វ​បក្សី​នេះ​កន្ត្រាក់​នៅ​ចំពោះ​មុខ​យើង នៅ​លើ​ចិញ្ចើម​ថ្នល់ បាក់​ស្លាប ដោយ​ព្យាយាម​យក​ក្រចក​ជើង​ដ៏​កំសត់​ដែល​ឥត​បាន​ការ​ឈោង​ចាប់​មែក​ឈើ​នៃ​ស្ថាន​សួគ៌ ដែល​វា​នឹង​មិន​ដែល​ឈោង​ទៅ​ដល់​សោះ។ វា​ធ្លាប់​បាន​ហើរ​យ៉ាង​ខ្ពស់​ពី​មុន—ប៉ុន្តែ​ក៏​បាន​ធ្លាក់​ចុះ​មក​វិញ។

លោក​ម៉ាថាយ មីតដ៍ (Matthew Mead ឆ្នាំ១៦៣០-១៦៩៩) បាន​សរសេរ​ថា៖ «លោក​អ្នក​មក​ដល់​កន្លែង​ពិចារណា​ដ៏​ក្រៀម​ក្រំ​បំផុត​មួយ​ដែល​អាច​ស្រមៃ​ទៅ​បាន ដែល​នេះ​ត្រូវ​បាន​បង្ហាញ​មក​កាន់​លោក​អ្នក ហើយ​នោះ​គឺ​វែង​ឆ្ងាយ​ណាស់ ដែល​មនុស្ស​អាច​ធ្វើ​បាន​នៅ​ក្នុង​អាជីព​នៃ​សាសនា ប៉ុន្តែ​នៅ​ទី​បំផុត ខ្វះ​មិន​ដល់​សេចក្ដី​សង្គ្រោះ ហើយ​មិន​ថា​គាត់​រត់​យូរ​ប៉ុណ្ណា​ក៏​ដោយ ក៏​គាត់​មិន​អាច​រត់​រហូត​ដល់​ទទួល​បាន​ដែរ» (សៀវភៅ The Almost Christian Discovered, ទំព័រ១៤)។

នេះ​គឺ​ជា​ការ​ពិចារណា​ដែល​យើង​ត្រឡប់​ទៅ​មើល។ យើង​មិន​ចង់​មើល​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​មើល។ យើង​ដើរ​លើ​ផ្លូវ​ដែល​មាន​គ្រោះ​ថ្នាក់ ប្រសិន​បើ​យើង​មិន​ដែល​ពិនិត្យ​មើល​ខ្លួន​ឯង មិន​ដែល​ពិនិត្យ​មើល​មូល​ដ្ឋាន​របស់​យើង មិន​ដែល​សួរ​ខ្លួន​ឯង​ថា៖ «ព្រះ​អម្ចាស់​អើយ តើ​ទូល​បង្គំ​ឬ​អី?» ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា មាន​មនុស្ស​ជា​ច្រើន​នឹង​ចូល​នៅ​ថ្ងៃ​ចុង​ក្រោយ​ដោយ​គិត​ថា ខ្លួន​បាន​សង្គ្រោះ ដែល​តាម​ពិត​មិន​មែន​ដូច្នោះ​ទេ (ម៉ាថាយ ៧:២១-២៣; លូកា ១៣:២៤)។ ខ្ញុំ​មិន​ចង់​ឲ្យ​លោក​អ្នក ឬ​ក៏​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ​ទេ។

រូប​ភាព​នៃ​ការ​ស្ទើរ​តែ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ

ដើម្បី​បង្ហាញ​ថា សេចក្ដី​ក្លែង​ក្លាយ​បាន​ខិត​ជិត​មក​ដល់​ដំណាក់​កាល​ណា ដើម្បី​ព្រមាន​យើង​រាល់​គ្នា​អំពី​ការ​សង់​ផ្ទះ​នៅ​លើ​ដី​ខ្សាច់ ដើម្បី​បំបែក​សេចក្ដី​សង្ឃឹម​ក្លែង​ក្លាយ ឬ​ក៏​ការ​ពិនិត្យ​មើល​ដែល​មាន​ភាព​លម្អៀង សូម​ឲ្យ​យើង​រាល់​គ្នា​មើល​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ស្ទើរ​តែ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ ដើម្បី​ឃើញ​ថា ដោយ​ខ្លួន​ឯង គឺ​ពួក​គាត់​មិន​មាន​សញ្ញា​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​ពិត​ប្រាកដ​ទេ។

១. ការ​ស្ដាប់​បង្គាប់​ព្រះ​ជាម្ចាស់៖ បុរស​អ្នក​មាន​វ័យ​ក្មេង​ម្នាក់

«តែ​គាត់​ទូល​ឆ្លើយ​ថា “លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្ដី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ដែរ”» (ម៉ាកុស ១០:២០)។

ប្រសិន​បើ​យើង​សង្កេត​មើល​បុរស​អ្នក​មាន​វ័យ​ក្មេង​ម្នាក់​នេះ គឺ​គាត់​ជា​អ្នក​ស្វែង​រក​ជីវិត​អស់​កល្ប​ជានិច្ច​ម្នាក់។ គាត់​បាន​សួរ​ថា «តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច ប្រយោជន៍​ឲ្យ​បាន​គ្រង​ជីវិត​រស់​អស់​កល្ប​ជានិច្ច?» (ម៉ាកុស ១០:១៧)។ នៅ​ក្នុង​ការ​ឆ្លើយ​តប ជា​ដំបូង​ព្រះ​យេស៊ូវ​បាន​កែ​តម្រូវ​ទស្សនៈ​របស់​គាត់​អំពី​ការ​ល្អ ហើយ​បន្ទាប់​មក​ក៏​បាន​រម្លឹក​អំពី​សេចក្ដី​បង្គាប់​ដែល​បុរស​ជន​ជាតិ​យូដា​វ័យ​ក្មេង​នេះ​បាន​ដឹង​យ៉ាង​ច្បាស់​ក្នុង​ចិត្ត​របស់​គាត់៖ «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​គេ​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ កុំ​ឲ្យ​បំបាត់​គេ​ឲ្យ​សោះ ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​ឯង» (ម៉ាកុស ១០:១៩)។ សូម​កត់​សម្គាល់​លើ​ការ​ឆ្លើយ​តប​របស់​គាត់៖ «លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្ដី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ដែរ»។

ប្រសិន​បើ​យើង​ស្ដាប់​តាម​ពាក្យ​របស់​គាត់ នោះ​យើង​នឹង​ឃើញ​ថា បុរស​ម្នាក់​នេះ​មិន​ត្រឹម​តែ​ស្ដាប់​បង្គាប់​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដូច​ដែល​លោក​គ្រូ មីតដ៍ បាន​សង្កេត​ឃើញ៖ គាត់​បាន​ស្ដាប់​បង្គាប់​ជា​សាកល និង​គ្រប់ ពេល។ ទី​មួយ គាត់​បាន​ស្ដាប់​បង្គាប់៖ «លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នោះ»។ ទី​ពីរ គាត់​បាន​ស្ដាប់​បង្គាប់​ជា​សាកល៖ «លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នោះ»។ ហើយ​ទី​បី គាត់​បាន​ស្ដាប់​បង្គាប់​ជានិច្ច៖ « លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ដែរ»។

សូម​សន្មត​ថា គាត់​ពិត​ជា​បាន​ធ្វើ​បែប​ហ្នឹង​មែន។ ប្រសិន​បើ​ដូច្នេះ​មែន នោះ​ការ​ស្ដាប់​បង្គាប់​របស់​គាត់​មិនមែន​ធ្វើ​ដោយ​លំៗ​ទេ គ្មាន​ការ​រើស​យក​នេះ ឬ​ជ្រើស​រើស​នោះ​ក្នុង​ការ​ចុះ​ចូល មិន​បាន​ធ្វើ​តាម​រដូវ​កាល ឬ​ក៏​ចូល​ធ្វើ​ម្ដងម្កាល​នោះ​ទេ។ គឺ​គាត់​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​រៀប​ចំ​បំណង​របស់​គាត់​ក្នុង​ការ​ស្ដាប់​បង្គាប់​តាម។ លោក​គ្រូ មីតដ៍ ក៏​បាន​សួរ​ថា «តើ​លោក​អ្នក​នឹង​មិន​គិត​ថា គាត់​ជា​មនុស្ស​ល្អ​ទេ​មែន​ឬ? ពិត​ណាស់ មាន​មនុស្ស​តិច​ណាស់​ដែល​អាច​ឈាន​ដល់​ចំណុច​នេះ​បាន! ប៉ុន្តែ តាម​ដែល​គាត់​បាន​ទៅ​ដល់ គឺ​គាត់​មិន​បាន​ទៅ​ដល់​គ្រប់​គ្រាន់​ទេ។ គាត់​ស្ទើរ​តែ​ទៅ​ដល់​ហើយ ប៉ុន្តែ​ស្ទើរ​តែ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​តែ​ប៉ុណ្ណោះ»។[១០]

ខណៈ​ពេល​ដែល​ការ​ស្ដាប់​បង្គាប់​តាម​ព្រះ​គ្រីស្ទ​គឺ​ជា​ភស្តុតាង​ដ៏​សំខាន់​នៃ​ការ​ទទួល​បាន​សេចក្ដី​ជំនឿ (យ៉ាកុប ២:១៧) ប៉ុន្តែ​ការ​ស្ដាប់​បង្គាប់​តែ​ខាង​ក្រៅ​មួយ​មុខ​មិន​មែន​ជា​សញ្ញា​យ៉ាង​ប្រាកដ​នោះ​ទេ។ បុរស​ម្នាក់​នេះ បាន​បែរ​ចេញ​ពី​ព្រះ​គ្រីស្ទ និង​សេចក្ដី​សន្យា​នៃ​ទ្រព្យ​សម្បត្តិ​ស្ថាន​សួគ៌ ដោយ​ក្ដី​ស្រឡាញ់​សម្រាប់​លោកីយ៍​បច្ចុប្បន្ន​នេះ និង​ទ្រព្យ​សម្បត្តិ​របស់​គាត់ ទាំង​ដែល​គាត់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដើរ​ក្នុង​ផ្លូវ​នៃ​ជីវិត​អស់​កល្ប​ជានិច្ច​ដោយ​ផ្ទាល់ (ម៉ាកុស ១០:២១-២២)។

២. ជា​ព្រះ​ពរ​ដល់​អ្នក​ដទៃ៖ សាវ័ក យូដាស

លោក ប្រូតូស ( Brutus) បាន​ប្រាប់ ខេសសៀស ( Cassius) ថា «ភ្នែក​មិន​មើល​ឃើញ​ភ្នែក​ខ្លួន​ឯង​ទេ ប៉ុន្តែ​ដោយ​ការ​ឆ្លុះ​បញ្ចាំង​ពី​អ្វី​មួយ​ចំនួន​ផ្សេង​ទៀត» ( Julius Caesar ១.២.៥៨-៥៩)។ ដូច្នេះ​ហើយ ទាក់​ទង​នឹង​សេចក្ដី​សង្គ្រោះ​របស់​យើង យើង​ប្រហែល​ជា​គិត​ថា យើង​មិន​អាច​មើល​ឃើញ​ការ​ធានា​របស់​យើង​បាន​ត្រឹម​ត្រូវ​ទេ ប៉ុន្តែ​ដោយ​ការ​ឆ្លុះ​បញ្ចាំង​របស់​យើង​នៅ​ក្នុង​ក្រសែ​ភ្នែក និង​ជីវិត​របស់​អ្នក​ដទៃ​វិញ។ តើ​ខ្ញុំ​បាន​ផ្តល់​ប្រយោជន៍​ដល់​ព្រលឹង​របស់​អ្នក​ដទៃ​ដែរ​ឬ​ទេ? តើ​ខ្ញុំ​បាន​ប្រទាន​ពរ​ដល់​ភរិយា និង​កូន​របស់​ខ្ញុំ​អំពី​រឿងរ៉ាវ​ស្ថាន​សួគ៌​ដែរ​ឬ​ទេ? តើ​មាន​ផល​ចំណេញ​អ្វី​ពី​ជីវិត​របស់​ខ្ញុំ ឬ​ការ​បម្រើ​ព័ន្ធ​កិច្ច​របស់​ខ្ញុំ​ដល់​អ្នក​ដទៃ​ដែរ​ឬ​ទេ?

ប៉ុន្តែ ភាព​ច្របូក​ច្របល់​គឺ៖ ស្ពាន​នៃ​ការ​បម្រើ​ខាង​ឯ​វិញ្ញាណ​នេះ ប្រសិន​បើ​យើង​ចង់​ដាក់​ទំនុក​ចិត្ត​របស់​យើង​ទាំង​អស់​នៅ​លើ​សេចក្ដី​នោះ។ សូម​ពិចារណា​អំពី​សាវ័ក យូដាស។ គាត់​ជា​ម្នាក់​ក្នុង​ចំណោម​ដប់​ពីរ​នាក់​នៃ​ពួក​សិស្ស ជា​គ្រូ​អធិប្បាយ—តែ​ក៏​ជា​អារក្ស ដែល​ស្ទើរ​តែ​បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ។ តក្កវិទ្យា​ហាក់​ដូច​ជា​បាន​បើក​ចំហ​គ្រប់​គ្រាន់​ហើយ។

ពិត​ណាស់ បុគ្គល​ម្នាក់​អាច​ស្អាង​បុគ្គល​ម្នាក់​ទៀត​បាន​ដោយ​អំណោយ​ទាន​របស់​ខ្លួន ហើយ​ក៏​នៅ​មិន​បាន​ស្អាង​ខ្លួន​ឯង​ដែរ។ គាត់​អាច​នឹង​ជា​ផល​ចំណេញ​ដល់​អ្នក​ដទៃ តែ​មិន​បាន​ការ​ចំណេញ​សម្រាប់​ខ្លួន​បាន​គាត់​ដែរ។ សត្វ​ក្អែក​គឺ​ជា​សត្វ​បក្សី​ដែល​មិន​ស្អាត។ តែ​ព្រះ​ជាម្ចាស់​បាន​ប្រើ​ប្រាស់​វា ដើម្បី​ចិញ្ចឹម​ហោរា អេលីយ៉ា។ ទោះ​បី​វា​ជា​សត្វ​ដែល​មាន​សាច់​មិន​ល្អ ប៉ុន្តែ​វា​ជា​សត្វ​ដែល​បាន​យក​សាច់​សាច់​មក​ចម្អែត​ហោរា អេលីយ៉ា បាន។ មនុស្ស​ខ្វិន​ម្នាក់​អាច​ដើរ ដោយ​ប្រើ​ឈើ​ច្រត់​របស់​គាត់​ចង្អុល​ប្រាប់​លោក​អ្នក​ទៅ​កាន់​ផ្លូវ​ត្រូវ​បាន តែ​មិន​អាច​ដើរ​ទៅ​ដោយ​ខ្លួន​ឯង​បាន​ឡើយ។ [១៩]

ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច នៅ​ពេល​គិត​ដល់​បេសកជន គ្រូ​គង្វាល អ្នក​ប្រឹក្សា​ខាង​ឯ​វិញ្ញាណ ដែល​រស់​នៅ​ដូច​ជា​មនុស្ស​លង់​ទឹក តែ​កំពុង​ជួយ​អ្នក​ដទៃ​ឲ្យ​អាច​ទៅ​ដល់​ច្រាំង​នៃ​ស្ថាន​សួគ៌​បាន ប៉ុន្តែ​ពួក​គាត់​ផ្ទាល់​នឹង​មិន​អាច​ទៅ​ដល់​បាន​ឡើយ។

៣. ការ​មាន​បំណង​ប្រាថ្នា​សម្រាប់​សេចក្ដី​សង្គ្រោះ៖ ស្ត្រី​ព្រហ្មចារី​ល្ងង់​ទាំង​៥​នាក់

«ឯ​ពួក​នាង​ដែល​ល្ងង់ គេ​និយាយ​ទៅ​ពួក​នាង​មាន​គំនិត​ថា សូម​ចែក​ប្រេង​មក​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ» (ម៉ាថាយ ២៥:៨)។

កម្ម​វិធី​អាពាហ៍ពិពាហ៍​របស់​ជន​ជាតិ​យូដា​អាច​មាន​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ។ បន្ទាប់​ពី​ពិធី​ដំបូង​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​រាំរែក និង​ភាព​រីករាយ​នៅ​ឯ​ផ្ទះ​កូន​ក្រមុំ នោះ​ជា​បន្ទាប់​ពិធី​ជប់​លៀង​នោះ​នឹង​ត្រឡប់​ទៅ​ផ្ទះ​កូន​កំលោះ​វិញ ដើម្បី​រៀប​ចំ​ពិធី​មង្គល​ការ និង​ពិធី​ជប់​លៀង​តាម​ក្រោយ​ទៀត។ ជា​ធម្មតា​កម្ម​វិធី​ប្រព្រឹត្ត​ទៅ​នៅ​ពេល​យប់ (ESV Expository Commentary, 374-75)។ រឿង​ប្រៀប​ប្រដូច​របស់​ស្ត្រី​ព្រហ្ម​ចារី​រង់​ចាំ​បំភ្លឺ​ក្បួន​ដង្ហែ​សម្រាប់​ពិធី​ជប់​លៀង​មង្គល​ការ និង​កូន​កំលោះ។ រឿង​នាង​ប្រាំ​នាក់​មាន​ប្រាជ្ញា (ត្រៀម​ប្រេង​មក​ច្រើន) ឯ​នាង​ប្រាំ​នាក់​ទៀត​ល្ងង់ (មិន​បាន​ត្រៀម​ប្រេង​មក​គ្រប់​គ្រាន់​នោះ​ឡើយ)។ ដោយ​សារ​កូន​កំលោះ​ពន្យារ​ពេល ស្ត្រី​ទាំង​អស់​នោះ​ក៏​បាន​ដេក​លក់​ទៅ តែ​លុះ​ដល់​កណ្ដាល​អធ្រាត្រ ស្រាប់​តែ​ឮ​សូរ​សម្រែក​ថា៖ «នែ ប្ដី​មក​ហើយ ចូរ​ចេញ​ទៅ​ទទួល​ចុះ» (ម៉ាថាយ ២៥:៦)។

ដោយ​មាន​ការ​ភ័យ​ខ្លាច ស្ត្រី​ដែល​ល្ងង់​ក៏​បាន​អង្វរ​ស្ត្រី​ដែល​មាន​ប្រាជ្ញា​ថា «សូម​ចែក​ប្រេង​មក​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ» (ម៉ាថាយ ២៥:៨)។ លោក​គ្រូ មីតស៍ បាន​ធ្វើ​ការ​សង្កេត​ដូច​ខាង​ក្រោម៖

«ពួក​គេ​បាន​ស្វែង​រក​ព្រះ​គុណ​ពិត។ ឥឡូវ​នេះ តើ​យើង​មិន​និយាយ​ថា បំណង​ប្រាថ្នា​នៃ​ព្រះ​គុណ​គឺ​ជា​ព្រះ​គុណ​នោះ​ទេ​ឬ? ដូច្នេះ​ហើយ ប្រសិន​បើ​នោះ​ពិត​ជា​ព្រះ​គុណ​មែន នោះ​ពិត និង​ទាន់​ពេល​វេលា​ណាស់ បើ​វា​ត្រឹម​ត្រូវ និង​តាម​រដូវ​កាល​មែន។ ពិត​ណាស់ នេះ​ជា​បំណង​ប្រាថ្នា​ចង់​បាន​ព្រះ​គុណ​មែន​ពី​ស្ត្រី​ព្រហ្ម​ចារី «សូម​ចែក​ប្រេង​មក​ឲ្យ​យើង​ផង»។ វា​ពិត​ជា​បំណង​ប្រាថ្នា​នៃ​ការ​ចង់​បាន​ព្រះ​គុណ​មែន ប៉ុន្តែ​វា​មិន​មែន​ជា​បំណង​ប្រាថ្នា​នៃ​ការ​ចង់​បាន​ព្រះ​គុណ​ពិត​នោះ​ទេ»។[១១]

នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​បដិសេធ នោះ​ស្ត្រី​ព្រហ្ម​ចារី​ក៏​បាន​ប្រញាប់​ទៅ​រក​ទិញ​ប្រេង​បន្ថែម ហើយ​ពេល​មក​ដល់​ផ្ទះ​របស់​កូន​កំលោះ​នោះ​បែរ​ជា​ទទួល​ការ​ស្វាគមន៍​ដោយ​ការ​ចាក់​សោ​ទ្វារ​ទៅ​វិញ។

លោក​អ្នក​ឃើញ​ថា តើ​ស្ត្រី​ព្រហ្ម​ចារី​ទាំង​នេះ​ទៅ​ឆ្ងាយ​ដល់​ប៉ុណ្ណា​ក្នុង​ការ​ប្រកាស​ថា​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​រយៈ​ពេល​ដែល​ពួក​គេ​បន្ត​នៅ​ក្នុង​ការ​នោះ​គឺ​រហូត​ដល់​កូន​កំលោះ​បាន​មក​ដល់​ដែរ​ឬ​ទេ។ ពួក​គេ​បាន​ទៅ​ដល់​មាត់​ទ្វារ​ស្ថាន​សួគ៌ ហើយ​នៅ​ទី​នោះ ដូច​ជា​ពួក​អ្នក​ស្រុក​សូដុំម​ក៏​ត្រូវ​បាន​វិនាស​នៅ​លើ​ច្រក​មាត់​ទ្វារ​នៃ​សិរី​ល្អ។ ពួក​គេ​ស្ទើរ​តែ​បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ គ្រាន់​តែ​ជិត​ក្លាយ។ ស្ទើរ​តែ​បាន​សេចក្តី​សង្គ្រោះ​ហើយ ប៉ុន្តែ​ពួក​គេ​បែរ​ជា​ត្រូវ​វិនាស​វិញ។[១២]

ការ​មាន​បំណង​ប្រាថ្នា​ចង់​បាន​សេចក្តី​សង្គ្រោះ ខណៈ​ពេល​ដែល​នោះ​ជា​សញ្ញា​ល្អ គឺ​មិន​ប្រាកដ​ថា បុគ្គល​ណា​ម្នាក់​ទទួល​សេចក្តី​សង្គ្រោះ​នោះ​ទេ។ មនុស្ស​ជា​ច្រើន​ចង់​ទទួល​ការ​សង្គ្រោះ—ហើយ​ក៏​ថែម​ទាំង​ជឿ​ថា​ខ្លួន​បាន​សង្គ្រោះ​មែន—បាន​រង់​ចាំ​ជា​មួយ​គ្រីស្ទ​បរិស័ទ​ពិត​សម្រាប់​ការ​យាង​មក​វិញ​របស់​ព្រះ​គ្រីស្ទ កាត់​ចង្កៀង​របស់​ពួក​គេ បាន​ត្រៀម​ខ្លួន (ក្នុង​កម្រិត​ខ្លះៗ) សម្រាប់​ការ​មក​ដល់​របស់​កូន​កំលោះ តែ​នឹង​ត្រូវ​វិនាស​នៅ​ទ្វារ​ម្ខាង​ទៀត​នៃ​ស្ថាន​សួគ៌។

៤. ការ​មាន​សេចក្ដី​អំណរ​នៅ​ក្នុង​សាសនា​ជា​រៀង​រាល់​ថ្ងៃ៖ អ៊ីស្រាអែល

«រាល់​តែ​ថ្ងៃ​គេ​ស្វែង​រក​អញ​ជានិច្ច ហើយ​ក៏​ពេញ​ចិត្ត​ចង់​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​អញ គេ​សូម​សេចក្តី​វិនិច្ឆ័យ​ដ៏​សុចរិត​ពី​អញ ទុក​ដូច​ជា​សាសន៍​ណា​មួយ​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឥត​បោះ​បង់​ចោល​សេចក្តី​យុត្តិធម៌​របស់​ព្រះ​នៃ​គេ​ឡើយ គេ​រីក​រាយ​ចិត្ត​ដោយ​ចូល​ទៅ​ជិត​ព្រះ» (អេសាយ ៥៨:២)។

មាន​មនុស្ស​មួយ​ចំនួន ក្នុង​ចំណោម​យើង អាច​នឹង​រក្សា​ការ​ធានា​លើ​អារម្មណ៍​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​ខាង​សាសនា។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​អាន​ព្រះ​គម្ពីរ អធិស្ឋាន ហើយ​ទៅ​ព្រះ​វិហារ—ហើយ​ជា​ទូទៅ​ក៏​រីក​រាយ​នឹង​វា​ជា​ខ្លាំង​ដែរ—បើ​ខ្ញុំ​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ​ផង​នោះ? ព្រះ​បន្ទូល​របស់​ព្រះ​ទៅ​កាន់​សាសន៍​អ៊‌ីស្រាអែល​បញ្ជាក់​អំពី​ការ​នេះ​ថា​ជា​ទី​សម្គាល់​មិន​អាច​ប្រកែក​បាន។

អស់​អ្នក​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​ស្វែង​រក​ទ្រង់ សូម្បី​តែ​ជា​រៀង​រាល់​ថ្ងៃ តាម​រយៈ​ពិធី​បុណ្យ​សាសនា​របស់​ពួក​គេ ហើយ​ក៏​ថែម​ទាំង​រីក​រាយ​ក្នុង​ការ​ធ្វើ​ការ​នោះ​ផង​ដែរ។ ពួក​គេ​បាន​ចូល​ទៅ​ជិត​ដោយ​ភាព​ប៉ិន​ប្រសប់​ក្នុង​ជំហាន​របស់​ខ្លួន និង​បទ​ចម្រៀង​នៅ​លើ​បបូរ​មាត់​របស់​ខ្លួន​ដែរ។ នៅ​ពេល​ដែល​មាន​ដំណឹង​អាក្រក់​អំពី​សកម្មភាព​ខាង​ឯ​វិញ្ញាណ​របស់​ពួក​គេ​បាន​មក​ដល់ ពួក​គេ​បាន​សួរ​ព្រះ​អម្ចាស់​ថា «យើង​ខ្ញុំ​បាន​តម​អត់ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ឃើញ​សោះ? យើង​ខ្ញុំ​បាន​បញ្ឈឺ​ចិត្ត​ខ្លួន ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ?» (អេសាយ ៥៨:៣)។ នៅ​ចុង​បញ្ចប់ ក្លិន​ក្រអូប​នៃ​ទម្លាប់​ខាង​ឯ​វិញ្ញាណ​របស់​ពួក​គេ​មិន​អាច​បិទ​បាំង​ក្លិន​ស្អុយ​នៃ​ការ​មិន​ជឿ ភាព​អ​យុត្តិ​ធម៌ និង​ការ​លាក់​ពុត​របស់​ពួក​គេ​បាន​ឡើយ។

តើ​ខ្ញុំ​ជា​កម្មសិទ្ធិ​របស់​ផង​ទ្រង់​មែន​ឬ?

នេះ​ជា​ចំណុច​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​ដឹង
ជា​ញឹក​ញាប់ វា​បណ្ដាល​ឲ្យ​មាន​គំនិត​ថប់​បារម្ភ
តើ​ខ្ញុំ​ស្រឡាញ់​ព្រះ​អម្ចាស់​មែន​ដែរ​ឬ​ទេ?
ខ្ញុំ​ជា​កម្មសិទ្ធិ​របស់​ទ្រង់​មែន ឬ​ក៏​មិន​មែន?
—លោក ចន ញូវតុន “នេះ​ជា​ចំណុច​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​ដឹង” (John Newton, “’Tis a Point I Long to Know”)

នេះ​ជា​ការ​បន្លឺ​សំឡេង​ត្រែ ដូច​ខ្ញុំ​ទើប​តែ​ចាប់​ផ្ដើម​ធ្វើ​ឥឡូវ​នេះ គឺ​ពិបាក​ណាស់។ យើង​ជា​ច្រើន​នាក់​យល់​អារម្មណ៍​នឹង​ឃ្លា​របស់​លោក ចន ញូវតុន នៅ​ខាង​លើ​នេះ ហើយ​ខ្ញុំ​ក៏​មិន​បាន​ទុក​ឲ្យ​យើង​នូវ​ទី​សម្គាល់​ប្រាកដ​ជា​ច្រើន​នៃ​សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​អត្ថបទ​នេះ​ផង​ដែរ។ យើង​បាន​មើល​ទី​សម្គាល់​វិជ្ជមាន​តែ​ចំនួន​បួន—គឺ​ការ​ស្តាប់​បង្គាប់ ការ​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដទៃ​ខាង​ឯ​ព្រលឹង​វិញ្ញាណ ការ​ប្រាថ្នា​ចង់​បាន​សេចក្ដី​សង្គ្រោះ និង​ការ​ចូល​ទៅ​ជិត​ព្រះ​អង្គ​ដោយ​អំណរ—ហើយ​បាន​កត់​សម្គាល់​ថា វា​មិន​មែន​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សង្គ្រោះ​ដោយ​ខ្លួន​ឯង​យ៉ាង​នោះ​ទេ។

ជា​មួយ​លោក មីតស៍៖

«ការ​រចនា​របស់​ខ្ញុំ​គឺ​មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​ព្រលឹង​របស់​បុគ្គល​ណា​បាន​ការ​ក្រៀម​ក្រំ ដែល​ព្រះ​គ្រីស្ទ​មិន​បាន​ធ្វើ​ឲ្យ​ក្រៀម​ក្រំ​នោះ​ឡើយ។ ខ្ញុំ​យក​ទឹក​មក​ពន្លត់​ភ្លើង​ដែល​កំពុង​ហុយ ប៉ុន្តែ​ដើម្បី​ពន្លត់​ភ្លើង​ក្លែង​ក្លាយ ដែល​ជា​ភ្លើង​របស់​មនុស្ស​មាន​បាប​នោះ​ផ្ទាល់ ក្រែងលោ​គាត់​គ្រាន់​តែ​ដើរ​ពេញ​មួយ​ថ្ងៃ​ដោយ​ពន្លឺ​របស់​វា ហើយ​នៅ​ទី​បំផុត​គាត់​នឹង​ត្រូវ​ចូល​ដេក​ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​វិញ» (៨)។

គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ចំណោម​យើង​គួរ​ទៅ​ក្នុង​ការ​ស្លាប់​ដោយ​​មិន​បាន​ពិចារណា​ក្តី​សង្ឃឹម​របស់​យើង​ឡើយ។ ការ​ធ្វើ​ដូច្នេះ គឺ​គ្មាន​សុវត្ថិ​ភាព និង​មិន​ស្រប​តាម​បទ​គម្ពីរ​នោះ​ទេ។ សាវ័ក ប៉ុល បាន​ប្រាប់​អ្នក​នៅ​ក្នុង​ក្រុង​កូរិនថូស​ថា «ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី—លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញ​ប៉ុណ្ណោះ» (២កូរិនថូស ១៣:៥) ។

តើ​យើង​អាច​ធ្វើ​ដូច​ម្ដេច​បាន​ទៅ ខណៈ​ពេល​ដែល​មាន​ភ្នែក​ជា​ច្រើន​នៃ​អ្នក​ស្ទើរ​តែ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​សម្លឹង​មក​យើង​ពី​ព្រះ​គម្ពីរ​បរិសុទ្ធ? យើង​អាន​ពី​ការ​ថ្វាយ​តង្វាយ​របស់​លោក កាអ៊ីន ដែល​ព្រះ​ជាម្ចាស់​បាន​បដិសេធ ការ​បដិសេធ​សិទ្ធិ​ពី​កំណើត​របស់​លោក អេសាវ ហើយ​ការ​ឆ្លង​កាត់​សមុទ្រ​ក្រហម​របស់​សាសន៍​អ៊‌ីស្រាអែល ដោយ​រស់រាន​មាន​ជីវិត​ពី​ក្រោយ​ទ្វារ​ក្រហម ប៉ុន្តែ​នៅ​តែ​ស្លាប់​ដោយ​ភាព​មិន​ជឿ។ យើង​អាន​អំពី​សិស្ស​ដែល​បាន​បោះ​បង់​ព្រះ​គ្រីស្ទ​ចោល ដោយ​មនុស្ស​រាប់​ពាន់​នាក់ បន្ទាប់​ពី​ទទួល​ទាន​អាហារ​តែ​ម្ដង។ បង​ប្អូន​បាន​បោះបង់​ចោល​សាវ័ក ប៉ុល សម្រាប់​ភាព​រីករាយ​នៃ​លោកីយ៍​នេះ។ យើង​ឮ​អំពី​មនុស្ស​មួយ​ចំនួន​ដែល​បាន​យល់​ច្បាស់ ទាំង​មាន​ចំណែក​ក្នុង​អំណោយ​ទាន​នៃ​ស្ថាន​សួគ៌ ក៏​បាន​ចំណែក​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ភ្លក់​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ នឹង​ភ្លក់​ឫទ្ធិ​បារមី​របស់​បរលោក​នាយ​ផង​ដែរ រួច​ធ្លាក់​ទៅ​វិញ (ហេព្រើរ ៦:៤-៦)។

យើង​អាន​អំពី​បង​ប្រុស​ម្នាក់​ដែល​ត្រូវ​ទុក​ចោល​នៅ​ខាង​ក្រៅ​ពិធី​ជប់​លៀង អាន​អំពី​ដី​ដែល​ដុះ​រុក្ខ​ជាតិ​មួយ​ពេល អាន​អំពី​ភ្ញៀវ​នៅ​ក្នុង​សាល​ពិធី​ជប់​លៀង​ដោយ​គ្មាន​សំលៀក​បំពាក់​អាពាហ៍ពិពាហ៍ និង​អាន​អំពី​ផ្ទះ​ដែល​សង់​លើ​ដី​ខ្សាច់។ យើង​អាន​អំពី​លោក ដេម៉ាស និង​លោក បាឡាម ស្ដេច អ័គ្រីប៉ា និង​លោក ភេស្ទុស។ យើង​អាន​អំពី​ក្រុម​ជំនុំ​ដំបូង​ដែល​ទាម​ទារ​ឈ្មោះ​ថា​មាន​ជីវិត តែ​ស្លាប់ ដោយ​សន្មត​ថា​ខ្លួន​ជា​អ្នក​មាន និង​គ្មាន​តម្រូវ​ការ​ខាង​ឯ​វិញ្ញាណ ខណៈ​ពេល​ដែល​ពួក​គេ​ជា​អ្នក​ក្រីក្រ ខ្វាក់​ភ្នែក និង​គួរ​ឲ្យ​អាណិត។ ហើយ​យើង​ក៏​ឮ​អំពី​កង​ទ័ព​នៃ​អ្នក​ស្ទើរ​តែ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​នៅ​ថ្ងៃ​ចុង​ក្រោយ ខណៈ​ពេល «ជា​ច្រើន​នាក់» ដែល​ធានា​អំពី​ការ​អះអាង​ពី​ស្ថាន​សួគ៌​ត្រូវ​បាន​បន្សល់​ទុក​នូវ​ការ​រអាក់រអួល​ថា «ព្រះ​អម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន… ” (ម៉ាថាយ ៧:២២-២៣)។ មនុស្ស​ជា​ច្រើន​ចូល​ទៅ​កាន់​ការ​ជំនុំ​ជម្រះ​ដោយ​មាន​ក្តី​សង្ឃឹម​មិន​ច្បាស់​លាស់ និង​ការ​វង្វេង​ស្មារតី​ខ្លាំង។ មនុស្ស​ជា​ច្រើន​បាន​ចូល​ទៅ​ឆ្ងាយ​មែន តែ​មិន​អាច​ទៅ​ទៀត​ទេ។

ព្រះ​គ្រីស្ទ​ពេញ​លេញ

នេះ​ជា​ពាក្យ​ចុង​ក្រោយ​ទៅ​កាន់​អ្នក​ដែល​អាន​អត្ថបទ​នេះ ដែល​បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​រំភើប​ចិត្ត​ក្នុង​សកម្មភាព ខណៈ​ពេល​ដែល​បាត់​បង់​ការ​ផ្ដោត​ទៅ​លើ​ព្រះ​គ្រីស្ទ។ ម្យ៉ាង​វិញ​ទៀត ការ​ដាស់​តឿន​ដែល​ចាំ​បាច់​ក៏​មាន​សម្រាប់​យើង៖ បោះ​ចោល​រាល់​ទាំង​បន្ទុក និង​អំពើ​បាប ចូរ​ដាក់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ យក​ចិត្ត​ទុក​ដាក់​លើ​របៀប​ដែល​លោក​អ្នក​រស់​នៅ អ្វី​ដែល​លោក​អ្នក​ស្រឡាញ់ និង​អំពី​របៀប​ដែល​លោក​អ្នក​ដើរ។ ចូរ​ពិនិត្យ​មើល​ខ្លួន​ឯង ដើម្បី​ឲ្យ​ប្រាកដ​ថា លោក​អ្នក​ជា​កម្ម​សិទ្ធិ​របស់​ផង​ទ្រង់ ចូរ​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​ឲ្យ​ការ​ត្រាស់​ហៅ និង​ការ​ជ្រើស​តាំង​របស់​អ្នក​មាន​ភាព​ប្រាកដ​ប្រជា​មែន និង​ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ។ ហើយ​ស្រប​គ្នា​ផង​ដែរ យើង​មិន​ត្រូវ​រត់​ដោយ​ភ្លេច​ព្រះ​គ្រីស្ទ ឬ​សេចក្តី​ស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់ និង​របស់​ព្រះ​វរបិតា​សម្រាប់​យើង ដែល​បាន​បង្ហាញ​នៅ​ក្នុង​ដំណឹង​ល្អ​នោះ​ទេ។

តើ​លោក​អ្នក​អាច​លូត​លាស់​ក្នុង​ព្រះ​គ្រីស្ទ​បាន​ដោយ​របៀប​ណា? លោក​ម៉ាទីន លូធើ ឆ្លើយ​តប​ថា «នេះ​ជា​របៀប​ដែល​លោក​អ្នក​អាច​លូត​លាស់​ក្នុង​ព្រះ​គ្រីស្ទ​បាន»៖

សេចក្តី​ជំនឿ​ត្រូវ​តែ​ផុស​ឡើង ហើយ​ហូរ​ចេញ​ពី​ព្រះ​លោហិត របួស និង​ការ​សុគត​របស់​ព្រះ​គ្រីស្ទ។ បើ​លោក​អ្នក​ឃើញ​ថា ព្រះ​បាន​មាន​ព្រះ​ទ័យ​សប្បុរស​ចំពោះ​លោក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ទ្រង់​សម្រាប់​លោក​អ្នក នោះ​ចិត្ត​របស់​លោក​អ្នក​ក៏​ត្រូវ​តែ​ស្រឡាញ់​ព្រះ​ជាម្ចាស់….យើង​មិន​ដែល​អាន​ជួប​ឃ្លា​ដែល​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​ប្រទាន​ដល់​នរណា​ម្នាក់ ដោយ​សារ​គាត់​បាន​ធ្វើ​កិច្ចការ​មួយ​ចំនួន​នោះ​ទេ ប៉ុន្តែ​តែង​តែ​ឮ​នៅ​ពេល​ដែល​មនុស្ស​បាន​ឮ​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​ជាម្ចាស់។ (“Why the Reformation Still Matters”, 77 «មូល​ហេតុ​ដែល​ការ​កែ​ទម្រង់​នៅតែ​សំខាន់» ទំព័រ៧៧)។

វា​គឺ​ជា​អាជីវ​កម្ម​ដ៏​អស្ចារ្យ​បំផុត​នៃ​ជីវិត​នេះ ដែល​មិន​តាំង​ចិត្ត​សម្រាប់​ការ​ក្លាយ​ជា​អ្នក​ស្ទើរ​តែ ឬ​អ្នក​ដែល​​ខ្ញុំ​គិត​ថា​ជា​គ្រីស្ទ​បរិស័ទ ប៉ុន្តែ​ដើម្បី​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​ដ៏​ពិត​ប្រាកដ ដែល​បាន​កើត​ជា​ថ្មី​ពី​ព្រះ​វិញ្ញាណ​មែន។ ប៉ុន្តែ គ្រីស្ទ​បរិស័ទ​ដ៏​ពិត​ប្រាកដ​នឹង​ប្រកាស​ថា «ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះ​គ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ» (កាឡាទី ២:២០) ។ ការ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាព​ចាស់​ទុំ និង​ការ​ធានា​ថា​ខ្លួន​ជា​គ្រីស្ទ​បរិស័ទ។ ជំនឿ​ពិត​គឺ​មិន​មែន​ជា​ការ​ដឹង​ថា ព្រះ​គ្រីស្ទ​ជិត​ក្លាយ​ជា​ព្រះ​អង្គ​សង្គ្រោះ​ដែល​ស្ទើរ​តែ​ធួន​នឹង​អំពើ​បាប​របស់​យើង​ស្ទើរ​តែ​គ្រប់​ទាំង​អស់​គ្នា​នៃ​អំពើ​បាប​នោះ​ទេ ឬ​ក៏​ជា​អ្នក​គង្វាល​ដែល​ជិត​នាំ​យើង​ទៅ​ផ្ទះ ហើយ​ជិត​ផ្ដល់​ព្រះ​វិញ្ញាណ​ដល់​យើង ដើម្បី​ឲ្យ​ស្ទើរ​តែ​បញ្ចប់​កិច្ចការ​ដែល​ទ្រង់​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​យើង​នោះ​ទេ។ គ្រីស្ទ​បរិស័ទ​ដ៏​ពិត​ប្រាកដ តាម​រយៈ​ជំនឿ​ពិត ត្រាំ​ក្នុង​សេចក្ដី​ស្រឡាញ់​ពិត​របស់​ព្រះ​ពិត ដែល​បាន​បង្ហាញ​យ៉ាង​ល្អ​ឥត​ខ្ចោះ និង​បាន​បញ្ចប់​កិច្ចការ​ដ៏​ពិត ព្រម​ទាំង​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​គ្រីស្ទ។

និពន្ធ​ដោយ៖ Greg Morse
បក​ប្រែ​ដោយ៖ កញ្ញា គឹម បូព្រឹក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ,
លោក ឯក សត្យា, លោក ហុង សម្ភស, លោក​ស្រី ពុន ចន្ថា និង​លោក​ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​បាន​ល្អ​ប្រសើរ​ដោយ​របៀប​ណា? ភាគ១

ជីវប្រវត្តិ​នៃ​ជីដូន​របស់​ព្រះ​យេស៊ូវ