in

ចន្ទ​គ្រាសនៃ​ឆ្នាំ២០១៥

Why didn’t Jesus return during the blood-red moon of 2015?


ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​គឺ​មាន​សេចក្ដី​បង្រៀន​មួយ​ដែល​មាន​ពេញ​ទៅ​ដោយ​ប្រជាប្រិយភាព​ដែល​តែងតែ​និយាយ​ទាក់​ទង​ទៅ​នឹង​ការ​ដែល​ព្រះ​ចន្ទ​ក្លាយ​ជា​ពណ៌​ក្រហម​ដូច​ឈាម​ក្នុង​ឆ្នាំ២០១៤ និង​២០១៥ ដោយ​ពួក​គេ​លើក​ឡើង​ថា ជា​សញ្ញា​នៃ​ការ​យាង​ត្រឡប់​មក​វិញ​ជា​លើក​ទី​ពីរ​របស់​ព្រះ​យេស៊ូវ ហើយ​និង​ជា​ការ​បំពេញ​សេចក្ដី​ទំនាយ​មួយ​ចំនួន​ដែល​មាន​ចែង​ទុក​នៅ​ក្នុង​ព្រះ​គម្ពីរ។ ពេល​ខ្លះ​គេ​ហៅ​ចន្ទ​គ្រាស (lunar eclipse) ថា «ព្រះ​ចន្ទ​ក្លាយ​ទៅ​ជា​ឈាម» (“blood moon”) ឬ​ក៏ «ព្រះ​ចន្ទ​ក្លាយ​ទៅ​ជា​ពណ៌​ក្រហម​ដូច​ឈាម» (“blood-red moon”) ដោយ​សារ​នៅ​គ្រា​បាតុភូត​ព្រះ​ចន្ទ​មាន​ពណ៌​ជា​ក្រហម ឬ​ក៏​ពណ៌​ទឹក​ក្រូច។ នៅ​ឆ្នាំ២០១៤ និង​២០១៥​មាន​ចន្ទ​គ្រាស​បួន​ដង​បាន​កើត​ឡើង។ គ្រូ​ទំនាយ​មួយ​ចំនួន​បាន​ទាយ​ថា ចន្ទ​គ្រាស​ដ៏​ក្រហម​ឆ្អិន​ឆ្អៅ​ទាំង​បួន​នោះ​នឹង​បំពេញ​ទំនាយ​នៃ​គ្រា​ចុង​ក្រោយ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូអែល និង​វិវរណៈ។

ចំណុច​ដែល​ធ្វើ​ឲ្យ​គ្រូ​ទំនាយ​ទាំង​នោះ​មាន​ចំណាប់​អារម្មណ៍​គឺ​មិន​គ្រាន់​តែ​ទាក់​ទង​ទៅ​នឹង​ចំនួន​នៃ​ចន្ទ​គ្រាស​នៅ​អំឡុង​ពីរ​ឆ្នាំ​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួម​មាន​ទាំង​ពេល​វេលា​នៃ​ចន្ទ​គ្រាស​ទាំង​នោះ​ដែរ។ ទាំង​ក្នុង​ឆ្នាំ២០១៤ និង​២០១៥ ចន្ទ​គ្រាស​បាន​កើត​ឡើង​យ៉ាង​ពេញ​ទី​នៃ​ថ្ងៃ​ដំបូង​នៃ​បុណ្យ​ថ្ងៃ​៥០ និង​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​បុណ្យ​បារាំ​ផង​ដែរ។ បូក​រួម​នឹង​ចន្ទ​គ្រាស​ពីរ​ដង​នៅ​ឆ្នាំ២០១៥ កាល​នោះ​ក៏​មាន​សូរ្យ​គ្រាស (solar eclipse) កើត​ឡើង​ពីរ​ដង​ដែរ។ ចន្ទ​គ្រាស​ដែល​មាន​ហេតុការណ៍​ដូច​នោះ​បាន​កើត​ឡើង​ជាប់ៗ​គ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក៏​បាន​កើត​ឡើង​ប្រាំពីរ​ដង​រួច​មក​ហើយ​តាំង​ពី​សម័យ​កាល​ព្រះ​គ្រីស្ទ​មក​ហើយ​ដែរ។ ចន្ទ​គ្រាស​មួយ​ចំនួន​នោះ​បាន​កើត​ឡើង​អំឡុង​ឆ្នាំ​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​សាសន៍​យូដា ឧទាហរណ៍៖ នៅ​ឆ្នាំ១៩៤៨ (ពេល​ដែល​ជាតិ​សាសន៍​នានា​ទទួល​ស្គាល់​អ៊‌ីស្រាអែល​ថា​ជា​ប្រទេស) និង​ឆ្នាំ១៩៦៧ (នៅ​ពេល​ដែល​សង្គ្រាម​ប្រាំ​មួយ​ថ្ងៃ​បាន​កើត​ឡើង)។

ខ​គម្ពីរ​យោង​ដែល​និយាយ​អំពី​ព្រះ​ចន្ទ​ដែល​មាន​លក្ខណៈ​ដូច​ជា «ឈាម» មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ពីរ​ដង។ កណ្ឌ​គម្ពីរ យ៉ូអែល ២:៣០-៣១ មាន​ចែង​ថា «អញ​នឹង​សម្ដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ ហើយ​នៅ​ផែន​ដី​ផង គឺ​ជា​ឈាម នឹង​ភ្លើង ហើយ​នឹង​កំសួល​ផ្សែង ព្រះ​អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះ​ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់»។ និង​នៅ​ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ ៦:១២ សាវ័ក យ៉ូហាន បាន​ពណ៌នា​អំពី​ត្រា​នៃ​ការ​ថ្កោល​ទោស​នៃ​គ្រា​រងទុក្ខ៖ «លុះ​បក​ត្រា​ទី​៦ នោះ​ខ្ញុំ​ក្រឡេក​ទៅ ឃើញ​មាន​កក្រើក​ដី​ជា​ខ្លាំង ថ្ងៃ​ក៏​ត្រឡប់​ទៅ​ជា​ខ្មៅ​ដូច​សំពត់​រោម​ខ្មៅ ហើយ​ខែ​ក៏​ត្រឡប់​ប្រែ​ទៅ​ដូច​ជា​ឈាម»។ ខ​គម្ពីរ​នានា​បាន​រៀប​រាប់​អំពី​ព្រះ​ចន្ទ​ថា «ខែ​នឹង​លែង​ភ្លឺ» (ម៉ាថាយ ២៤:២៩; យ៉ូអែល ២:១០)។

ចន្ទ​គ្រាស​ដ៏​ក្រហម​ឆ្អិនឆ្អៅ​ដែល​បាន​កើត​ឡើង—និង​ពេល​វេលា​ដែល​ចន្ទ​គ្រាស​ទាំង​នោះ​បាន​កើត​ឡើង—គឺ​ជា​បាតុភូត​ដ៏​មិន​ប្រក្រតី​មែន ប៉ុន្តែ​មិន​មែន​ថា​មិន​ធ្លាប់​មាន​ពី​មុនៗ​សោះ​នោះ​ឡើយ។ ដូច្នេះ​ហើយ​បាន​ជា​ចំណុច​ពិតៗ​នៃ​ចន្ទ​គ្រាស ទោះ​បើ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​មែន​ជា​ភស្តុតាង​ដែល​បញ្ជក់​ប្រាប់​ថា ព្រះ​យេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ​នៅ​ក្នុង​ឆ្នាំ២០១៥​ដែរ។ លើស​ពី​នោះ​ទៅ​ទៀត ទោះ​បើ​ការ​ពណ៌នា​របស់​សាវ័ក យ៉ូហាន និង​ហោរា យ៉ូអែល​អំពី​ថ្ងៃ​ធំ​ដែល​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់​អាច​ទំនង​និយាយ​សំដៅ​អំពី​សូរ្យ​គ្រាស និង​ចន្ទ​គ្រាស​ក៏​ដោយ ក៏​យើង​នៅ​មាន​មូល​ហេតុ​ផ្សេងៗ​ជា​ច្រើន​ទៀត​អាច​យក​មក​បក​ស្រាយ​អំពី​បាតុភូត​នេះ​ដែរ ដូច​ជា​កា​ប្រែប្រួល​អាកាសធាតុ​ឬ​ក៏​ផ្លាស់​ប្រែ​ខ្យល់​អាកាស​ផង​ដែរ (ដែល​មាន​លើក​ឡើង​ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ ៦:១២)។

ទ្រឹស្ដី​នៃ​ការ​ដែល​ព្រះ​ចន្ទ​ក្លាយ​ទៅ​ជា​ពណ៌​ក្រហម​ដូច​ឈាម​គឺ​គ្រាន់​តែ​ជា​ទ្រឹស្ដី​តែ​ប៉ុណ្ណោះ មិន​ថា​គ្រូៗ​មួយ​ចំនួន​ព្យាយាម​អះអាង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ ប៉ុន្តែ ទោះ​បើ​គ្រាន់​តែ​ជា​ទ្រឹស្ដី​ក៏​វា​បាន​ធ្វើ​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ព្រមាន​ទាស់​ប្រឆាំង​ផង​ដែរ៖ ការ​កំណត់​ថ្ងៃ​ឲ្យ​ព្រះ​អម្ចាស់​យាង​មក​វិញ។ «ឯ​ត្រង់​ថ្ងៃ និង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​បាន​ទេ» (ម៉ាកុស ១៣:៣២)។ ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​មិន​បាន​យាង​មក​វិញ​កាល​ព្រះ​ចន្ទ​ក្លាយ​ជា​ពណ៌​ក្រហម​ដូច​ឈាម​នៅ​ឆ្នាំ២០១៥? ចម្លើយ៖ ពី​ព្រោះ​មិន​ទាន់​ដល់​ពេល​វេលា​ឲ្យ​ទ្រង់​យាង​មក​វិញ​នៅ​ឡើយ​ទេ!

និពន្ធ​ដោយ៖ ក្រុម Got Questions
បកប្រែដោយ៖ លោក ឈាង បូរ៉ា
និងកែសម្រួលដោយ៖ ​លោក ទេព រ៉ូ , លោក ខែម បូឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ធ
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ទ្រង់​ក៏​អាច​នឹង​ជួយ​

ព្រះគម្ពីរ​ត្រូវតែ​មាន​ភាព​ស៊ីគ្នា