in

ស្រឡាញ់ អស្ចារ្យ

តោះ​ដូរ​ព្រះ​វិហារ

5 things to do before leaving your church

មិន​យូរ​មិន​ឆាប់ សមាជិក​ក្រុម​ជំនុំ​គ្រប់ៗ​គ្នា​នឹង​ចាកចេញ​ពី​ក្រុម​ជំនុំ​របស់​ខ្លួន។ មិន​ថា​ព្រះជាម្ចាស់​ត្រាស់​ហៅ​យើង​ទៅ​ស្ថាន​សួគ៌ ឬ​យើង​ផ្លាស់​ទៅ​នៅ​ទីក្រុង​ផ្សេង​មួយ​ទៀត ឬ​ក៏​យើង​សម្រេច​ចិត្ត​ទៅ​សាកល្បង​ចូល​រួម​ក្នុង​ក្រុម​ជំនុំ​នៅ​តំបន់​ណា​ផ្សេង​នោះ​ទេ គឺ​យើង​នៅ​តែ​ចាកចេញ​ទៅ។

ការ​ចាកចេញ​ពី​ក្រុមជំនុំ​ក្នុង​តំបន់ គួរតែ​ជា​រឿង​ដ៏​ពិបាក​សម្រេច​ចិត្ត​មួយ។ មុន​នឹង​សម្រេច​ចិត្ត​បែប​នេះ យើង​គួរ​នឹកចាំ​ពី​សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ពួក​បរិសុទ្ធ និង​ពី​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​យើង ចងចាំ​ពី​ការ​ដែល​យើង​បម្រើ​ព្រះ​ជា​មួយ​គ្នា​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ និង​ពី​ទុក្ខ​លំបាក ក៏​ដូចជា​អំណរ​រួម​គ្នា​នៅ​ក្នុង​ជំនឿ​របស់​យើង។ ក្រុម​ជំនុំ គឺ​ជា​គ្រួសារ​របស់​យើង ដូច្នេះ​សូម​កុំ​ឲ្យ​យើង​សម្រេច​ចិត្ត​ចាកចេញ​ពី​គ្រួសារ​របស់​យើង​ដោយ​ងាយៗ​ពេក ទោះ​បើ​គ្រួសារ​របស់​យើង​មាន​បញ្ហា​ច្រើន​ប៉ុណ្ណា​ក៏​ដោយ។
ប៉ុន្តែ នៅ​ពេល​ខ្លះ​យើង​ឃើញ​ថា ខ្លួន​យើង​កំពុង​ឈរ​នៅ​លើ​ដង​ផ្លូវ​នោះ។ ដូច្នេះ នៅ​ពេល​ដែល​យើង​សម្រេច​ចិត្ត​ថា​នឹង​ចាកចេញ យ៉ាង​ហោច​ណាស់​យើង​គួរ​ធ្វើ​ចំណុច​៥​យ៉ាង​ខាង​ក្រោម​នេះ​ជាមុន​សិន៖

១. ចែក​ចាយ​នូវ​គំនិត/ហេតុផល​របស់​លោកអ្នក​ជាមួយ​អ្នក​ដឹកនាំ

ពិត​ណាស់! លោកអ្នក​បាន​គិត​អំពី​ការ​ចាកចេញ​អស់​មួយ​រយៈ​ពេល​ហើយ។ បើ​និយាយ​ឲ្យ​ចំ​ទៅ លោកអ្នក​មិន​មែន​ក្រោក​ពី​គេង ហើយ​មាន​គំនិត​ថ្មី​មួយ​ថា ខ្ញុំ​នឹង​ស្វែង​រក​ក្រុម​ជំនុំ​ថ្មី​មួយ​ទៀត នោះ​ទេ។ ការ​គិត​ដូច្នោះ វា​កើត​ឡើង​បន្តិច​ម្ដងៗ​ទៅ​តាម​ថិរវេលា​រួច​ទៅ​ហើយ។ លោកអ្នក​បាន​មើល​ឃើញ​នូវ​ការ​ខកចិត្ត​ ដែល​កើត​តែ​បន្តិចបន្តួច និង​ការ​ឈឺចិត្ត​ដ៏​ខ្លាំងក្លា ដែល​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត ក៏​ដូច​ជា​ការ​ចង់​បាន​អ្វី​មួយ​ចំនួន​ផង​ដែរ។ លោកអ្នក​ប្រហែល​ជា​បាន​គិត​អំពី​ការ​នោះ​យ៉ាង​ស្ងៀម​ស្ងាត់ ដោយ​មិន​ឲ្យ​នរណា​ម្នាក់​ដឹង​ឡើយ ហើយ​លោកអ្នក​ក៏​ប្រហែល​ជា​លាក់​បាំង​រឿង​នោះ​ក្នុង​គោល​បំណង​ល្អ​ដែរ។ ជា​ដំបូង លោកអ្នក​ប្រហែល​ជា​គិត​ថា ស្ថានភាព​នឹង​មាន​ការ​ប្រែប្រួល។ លោក​អ្នក​គិត​ថា ប្រសិន​បើ​ខ្ញុំ​រក្សា​ភាព​ស្ងៀមស្ងាត់ នោះ​វា​មាន​ភាព​ល្អ​ប្រសើរ​ជាង ហើយ​លោកអ្នក​ក៏​នឹង​មិន «បង្ក» រឿង​ដោយ​និយាយ​អ្វី​ដែរ។ បន្ទាប់មក លោកអ្នក​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ពី​ព្រោះ​លោកអ្នក​មិន​ចង់​ឲ្យ​រឿង​នោះ​លេច​ឮ​ដល់​អ្នក​ដទៃ​ទៀត ឬ​ក៏​មិន​ចង់​ឲ្យ​មាន​នរណា​ម្នាក់​ឈឺ​ចាប់​ដែរ។ ចុង​ក្រោយ លោកអ្នក​នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់ ពី​ព្រោះ​លោកអ្នក​ជឿ​ថា វា​នឹង​លែង​មាន​ការ​ផ្លាស់​ប្រែ​មិន​ថា​ឥឡូវ​នេះ ឬ​ក៏​នៅ​ពេល​អនាគត។ ឥឡូវ​នេះ បន្ទាប់​ពី​លោកអ្នក​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ការ​រិះគន់​អស់​រយៈពេល​ប៉ុន្មាន​ខែ​នេះ​មក​ហើយ លោកអ្នក​ក៏​បាន​សម្រេច​ចិត្ត​ថា ចាកចេញ។

ប៉ុន្តែ បើ​លោកអ្នក​ចាកចេញ​ទៅ​ទាំង​បែប​នេះ នោះ​លោកអ្នក​ច្បាស់​ជា​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​ក្នុង​ក្រុមជំនុំ​ជា​មិន​ខាន។ សមាជិក​ក្រុម​ជំនុំ​នឹង​ងឿង​ឆ្ងល់​អំពី​ការ​បាត់​វត្តមាន​របស់​លោកអ្នក ហើយ​សួរ​គ្នា​ថា មាន​រឿង​អី​កើត​ឡើង​ចំពោះ​ពួកគេ? ហេតុ​អ្វី​បាន​ជា​ពួកគេ​ចាកចេញ? ពេល​នោះ​សមាជិក​ក្រុម​ជំនុំ​នឹង​មាន​អារម្មណ៍​ថា លោក​អ្នក​បាន​បោះបង់​ពួក​គេ​ចោល ហើយ​ពួកគេ​នឹង​មាន​ការ​ឈឺចាប់​ជា​មិន​ខាន។

មាន​ផ្លូវ​ចាកចេញ​ដែល​ប្រសើរ​ជាង​ផ្លូវ​ខាង​លើ។ សូម​ចែកចាយ​នូវ​គំនិត​របស់​លោកអ្នក​ជាមួយ​អ្នក​ដឹកនាំ មុន​នឹង​សម្រេច​ចិត្ត​ចេញ​ទៅ។ ចូរ​អនុញ្ញាត​ឲ្យ​ពួកគេ​ផ្ដល់​យោបល់​ចំពោះ​គំនិត និង​មូលហេតុ​របស់​លោកអ្នក ទោះ​បើ​គាត់​ផ្ដល់​យោបល់ ឲ្យ​លោកអ្នក​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ជំនុំ​ថ្មី​ក៏​ដោយ។ មាន​រឿង​ពីរ​យ៉ាង​ដែល​នឹង​កើត​មាន​ឡើង។ លោក​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​ដែល​ពួកគេ​ជួយ​មើល​ថែ​លោក​អ្នក​ខាង​ឯ​វិញ្ញាណ (ហើយ​ក៏​ប្រហែល​ជា​នឹង​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ដែល​ពួក​គេ​ឯកភាព​ជា​មួយ​លោក​អ្នក និង​ការ​ដែល​ពួក​គេ​ទទួល​ស្គាល់​ចំណុច​របស់​លោក​អ្នក​ដែរ)។ ហើយ​ការ​ធ្វើ​បែប​នេះ​ក៏​នឹង​ជួយ​ឲ្យ​អ្នក​ដឹកនាំ ព្រម​ទាំង​សមាជិក​ក្រុមជំនុំ​ទទួល​បាន​ប្រយោជន៍​ពី​គំនិត​របស់​លោកអ្នក​ផង​ដែរ។ មាន​ផ្លូវ​ចាកចេញ​ពី​ក្រុមជំនុំ​ប្រកប​ដោយ​ភាព​ជោគជ័យ​ទាំង​សង​ខាង ដែល​ប្រសើរ​ជាង​បោះបង់​គេ​ចោល។

២. ដោះ​ស្រាយ​នូវ​ទំនាស់​ធ្ងន់ធ្ងរ

ខ្ញុំ​គិត​ថា ខ្ញុំ​ក៏​ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍​ដូច​ដែល​គ្រូគង្វាល​ឯទៀតៗ​ធ្លាប់​ឆ្លង​កាត់​ដែរ៖ មាន​មនុស្ស​ចូល​រួម​ក្នុង​​ក្រុមជំនុំ​ដែល​មាន​បញ្ហា​ជាមួយ​នឹង​សមាជិក​ដទៃ​ទៀត តែ​មិន​ព្រម​ដោះ​ស្រាយ​ជំលោះ​អ្វី​សោះ។ ពួកគេ​រត់​គេច​​ចេញ​ពី​កន្លែង​មួយ​ទៅ​កាន់​កន្លែង​មួយ​ទៀង ជាជាង​ដោះ​ស្រាយ​បញ្ហា​ដែល​ពួកគេ​ប្រឈម​មុខ។ អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ទំនាស់​កកើត​ឡើង​អាច​ជា៖ ការ​ឈ្លោះ​គ្នា​រវាង​បុគ្គល និង​បុគ្គល ការ​ក្រុម​ជំនុំ​ដាក់​វិន័យ ឬ​ក៏​សេចក្តី​បង្រៀន​ខាង​ទេវវិទ្យា។ មិន​ថា​លោក​អ្នក​មាន​ទំនាស់​អ្វី​ក៏​ដោយ សូម​កុំ​ចាក​ចេញ​ពី​ក្រុម​ជំនុំ​ដោយ​មិន​មាន​ការ​ដោះស្រាយ​បញ្ហា​ដែល​កើត​បាន​ឡើង​នោះ​ឡើយ។ សូម​ស្ដាប់​បង្គាប់​តាម​សេចក្តី​បង្រៀន​របស់​ព្រះអម្ចាស់​ដែល​មាន​នៅ​ក្នុង​កណ្ឌគម្ពីរ ម៉ាថាយ ៥:២៣-២៤ និង​១៨:១៥​ចុះ។ ចូរ​ទៅ​ជានា​នឹង​គ្នា​តាម​ដែល​អាច​ធ្វើ​បាន។
ប្រសិន​បើ​លោក​អ្នក​ស្ដាប់​បង្គាប់​ព្រះអម្ចាស់​ដោយ​ធ្វើ​តាម​សេចក្តី​បង្រៀន​នេះ មុន​ដែល​លោក​អ្នក​ចាក​ចេញ​ទៅ នោះ​ទាំង​លោកអ្នក​ និង​អ្នក​ដែល​មាន​បញ្ហា​ជាមួយ​លោក​អ្នក នឹង​មាន​ជ័យជម្នះ​ទាំង​សង​ខាង។ ប្រសិន​បើ​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ នោះ​លោកអ្នក​នឹង​បាន​បងប្អូន​នោះ​ត្រឡប់​មក​វិញ ហើយ​ទំនាក់ទំនង​រវាង​លោកអ្នក និង​គាត់​ក៏​នឹង​បាន​ប្រសើរ​ឡើង​វិញ​ដែរ។ ការ​ធ្វើ​បែប​នេះ​អាច​នឹង​នាំ​លោកអ្នក​ឲ្យ​មើល​ឃើញ​ថា លោកអ្នក​នឹង​លែង​ចង់​ចាកចេញ​ពី​ក្រុមជំនុំ​ទៀត ហើយ​ក៏​នឹង​បាន​ភ្លក់​នូវ​អំណរ​ដែល​ផុស​ឡើង​ជា​ថ្មី​នៅ​ក្នុង​ក្រុមជំនុំ​ដែល​ជា​គ្រួសារ​ធ្លាប់​រួម​រស់​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ដែរ។ ហើយ​ទោះ​បើ​លោកអ្នក​នៅ​មាន​ចិត្ត​ចង់​ចាកចេញ​ពី​ក្រុមជំនុំ​នោះ​ក៏​ដោយ ក៏​លោកអ្នក​នឹង​ទទួល​បាន​បទពិសោធន៍​នៃ​ការ​មាន​សេរីភាព​រួច​ផុត​ពី​ពិរុទ្ធភាព​ដែរ ពីព្រោះ​លោកអ្នក​បាន «ខំ​ប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុក​ជា​ចំណង​ផង» (អេភេសូរ ៤:៣)។ គ្រួសារ​ថ្មី​ដែល​ជា​ក្រុមជំនុំ​ថ្មី​របស់​លោកអ្នក​ក៏​នឹង​ទទួល​យក​លោកអ្នក​ដោយ​មិន​មាន​បញ្ហា​ជាមួយ​ក្រុមជំនុំ​ចាស់​របស់​លោក​អ្នក​ដែរ។

នៅ​ក្រុម​ជំនុំ FBC របស់​យើង យើង​បដិសេធ​ដោយ​មិន​ទទួល​យក​សមាជិក​មក​ពី​ក្រុមជំនុំ​ផ្សេង ដែល​យើង​ដឹង​ថា​ពួកគេ​មាន​បញ្ហា​ធំ​ជាមួយ​សមាជិក​ដទៃ​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ​នោះ​ឡើយ។ យើង​អង្វរ​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ដោះ​ស្រាយ​បញ្ហា​ជាមុន​សិន មុន​នឹង​មក​ចូល​រួម​ជាមួយ​ក្រុម​ជំនុំ​របស់​យើង ហើយ​យើង​ក៏​តែងតែ​ទៅ​ជួប​ជាមួយ​អ្នក​ដឹកនាំ​ក្រុមជំនុំ​មុន​នោះ​ជា​ច្រើន​លើក​ច្រើន​សារ​ដែរ ដើម្បី​ឲ្យ​ប្រាកដ​ថា បញ្ហា​ត្រូវ​បាន​ដោះស្រាយ។ យើង​ឃើញ​ថា ការ​ធ្វើ​បែប​នេះ នាំ​ឲ្យ​មាន​សន្តិភាព​រវាង​ក្រុម​ជំនុំ និង​ក្រុមជំនុំ និង​មាន​ព្រះគុណ​ក្នុង​ការ​ផ្សះផ្សា ក៏​ដូចជា​មាន​ភាព​ស្អាតស្អំ​ក្នុង​ការ​ចាប់ផ្ដើម​ថ្មី​ដែរ។

៣. រៀបរាប់​នូវ​ភាព​ពេញ​ចិត្ត​របស់​លោកអ្នក​ចំពោះ​បេសកកម្ម​របស់​ក្រុម​ជំនុំ​នៅ​ក្នុង​ជីវិត​លោកអ្នក

នៅ​ពេល​ដែល​សមាជិក​ក្រុមជំនុំ​ចាកចេញ​ទៅ​ភ្លាម ដោយ​មិន​បាន​និយាយ​អ្វី​មួយ​មាត់​ជាមួយ​អ្នក​ដឹកនាំ​ក្រុមជំនុំ​សោះ នោះ​បង្ហាញ​ថា ពួកគេ​មិន​ចេះ​អរគុណ​ឡើយ។ ជា​ធម្ម​តា នៅ​ពេល​​ដែល​ពួកគេ​ទទួល​ស្គាល់​ក្នុង​ចិត្ត​ថា ក្រុមជំនុំ​មាន​បញ្ហា​ច្រើន​ នោះ​ពួកគេ​មិន​បាន​គិត​ពី​ចំណុច​ខ្លាំង និង​ចំណុច​ល្អ​របស់​ក្រុម​ជំនុំ​ទេ។ វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​ភាគ​ច្រើន​យើង​​ជ្រើសរើស​ធ្វើ​ការ​សម្រេច​ចិត្ត​ធំៗ​ណា​មួយ ដោយ​ផ្ដោត​លើ​ចំណុច​អវិជ្ជមាន ហើយ​បោះបង់​នូវ​ចំណុច​វិជ្ជមាន​ចោល។

ប៉ុន្តែ ខ្ញុំ​នៅ​តែ​ជឿ​យ៉ាង​មុតមាំ​ថា គ្មាន​ក្រុម​ជំនុំ​ដ៏​ពិត​ណា​ដែល​មិន​មាន​លក្ខណសម្បត្តិ​ល្អ​នោះ​ទេ។ សូម្បី​តែ​ក្រុមជំនុំ​នៅ​ក្រុង​កូរិនថូស​ដែល​មាន​បញ្ហា​ជា​ច្រើន ក៏​នៅ​តែ​មាន​គេ​និយាយ​ល្អ​ថា «ព្រោះ​ព្រះគុណ​នៃ​ព្រះ ដែល​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ» (១:៤) «ព្រោះ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​គ្រប់​ជំពូក» (១:៥) «…អ្នក​រាល់​គ្នា​មិន​ចាញ់​គេ ខាង​អំណោយ​ទាន​ណា​មួយ​ឡើយ ទាំង​ចាំ​ទំរាំ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​យើង​រាល់​គ្នា ទ្រង់​លេច​មក​ផង» (១:៧) ហើយ​ក៏​បាន​ចាប់ផ្ដើម «…ការងារ​ជា​សាវ័ក​របស់​ខ្ញុំ​ក្នុង​ព្រះអម្ចាស់» (៩:២)។ ពួកគេ​មាន​បញ្ហា​ធំៗ​ជា​ច្រើន ប៉ុន្តែ​ក៏​មាន​កន្លែង​ដែល​គួរ​ឲ្យ​សរសើរ​ជា​ច្រើន​ដែរ។ សាវ័ក ប៉ុល បាន​ដឹង​រឿង​ជា​ច្រើន ដែល​ក្នុង​នាម​លោក​ជា​សាវ័ក លោក​គួរតែ​ដោះស្រាយ​តាម​លំដាប់​លំដោយ​ក៏​ដោយ ក៏​លោក​មិន​ដែល​ខាន​នឹង​បញ្ជាក់​ពី​សេចក្តី​បន្ទាល់​របស់​ពួកគេ​ក្នុង​ព្រះគ្រីស្ទ (១:៦) និង​សរសើរ​ពី​អ្វី​ដែល​គួរ​នឹង​សរសើរ​នោះ​ដែរ។

យើង​គួរ​តែ​រំឭក​ពី​ព្រះគុណ​របស់​ព្រះ​នៅ​ក្នុង​ក្រុមជំនុំ​របស់​យើង មុន​ដែល​យើង​សម្រេច​ចិត្ត​ចាកចេញ​ទៅ។ យើង​គួរ​តែ​លើក​ឡើង​នូវ​ចំណុច​ល្អៗ​ដែល​ក្រុម​ជំនុំ​មាន​ចំពោះ​យើង ក៏​ដូចជា​ព្រះពរ​ខាង​ឯ​វិញ្ញាណ​ដែល​យើង​បាន​ទទួល​ពី​ពួកគេ​ផង​ដែរ។ បើ​មាន​ឱកាស យើង​គួរ​តែ​និយាយ​ពាក្យ​សរសើរ​ដល់​អ្នក​ដឹកនាំ និង​សមាជិក​ទាំង​មូល។ ខ្ញុំ​ពេញ​ចិត្ត​នឹង​លិខិត​លាឈប់ ដែល​លិខិត​ទាំង​នោះ​ជួយ​ចម្រើន​កម្លាំង និង​ស្ដារ​រូបកាយ​ក្រុម​ជំនុំ​ទាំង​មូល​ឡើង ពីព្រោះ​ការ​លាឈប់​របស់​បងប្អូន​ប្រុសស្រី​ទាំង​នោះ​ប្រៀប​ដូចជា​ពួកគេ​កំពុងតែ​បន្តុប «ថ្ម​អេបេន-អេស៊ើរ» ដាក់​គរ​លើ​គ្នា ហើយ​វា​បង្ហាញ​ពី​ការ​អស្ចារ្យ​នៃ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់ នៅ​ពេល​ដែល​ពួកគេ​ចាកចេញ​ទៅ (១ស៊ាំយូអែល ៧:១២)។

សូម​បងប្អូន​មេត្តា​កុំ​បង្កើត​បញ្ហា​ដោយ​ការ​លេង​សើច​នឹង​បញ្ញា​ចិត្ត​របស់​ខ្លួន ដោយ​សម្រេច​ចិត្ត​ចាកចេញ​តាម​របៀប​ដែល​មិន​ល្អ​ឡើយ។ តែ​ចូរ​យក​ការ​នោះ​ទុក​ជា​ការ​ហ្វឹកហ្វឺន​ក្នុង​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​វិញ។ ចូរ​ប្រាប់​គេ​ពី​ចំណុច​ដែល​លោក​អ្នក​ពេញ​ចិត្ត នៅ​ពេល​ដែល​លោក​អ្នក​កំពុង​គិត​ចង់​ចាកចេញ ក៏​ដូច​ជា​នៅ​ពេល​ដែល​លោក​អ្នក​សម្រេច​ចិត្ត​ចាកចេញ​ទៅ​ដែរ។ ក្រុមជំនុំ​របស់​យើង​នឹង​កាន់តែ​មាន​សុខភាព​ល្អ ហើយ​មាន​អំណរ​កាន់តែ​ខ្លាំង​ឡើង ប្រសិន​បើ​យើង​អះអាង​គ្នា និង​និយាយ​ពី​ចំណុច​ដែល​គួរ​និយាយ​ក្នុង​ព្រះ​គុណ។

៤. និយាយ​ថា «លា​ហើយ» ទៅ​កាន់​មិត្តភក្តិ ក៏​ដូច​ជា​គ្រួសារ

ទោះ​បើ​យើង​មិន​សូវ​រវីរវល់​ជាមួយ​ក្រុម​ជំនុំ​ដែល​ជា​គ្រួសារ​របស់​យើង​ក៏​ដោយ ក៏​ក្រោយពេល​ដែល​យើង​ចាកចេញ​ទៅ ពួកគេ​នៅ​បន្ត​ជាមួយ​ក្រុម​ជំនុំ​នោះ​ដដែល។ ពួកគេ​មាន​ន័យ​ខ្លាំង​ណាស់​ចំពោះ​យើង ហើយ​ការ​ដែល​យើង​ចាកចេញ​ទៅ​ក៏​នឹង​ប៉ះពាល់​ដល់​ពួកគេ​ខ្លាំង​ដែរ។ លោកអ្នក​គួរ​តែ​និយាយ​ពាក្យ​ថា «លាហើយ» ទៅ​កាន់​ពួកគេ​ដោយ​ផ្ទាល់។ ប្រាកដ​ណាស់ លោកអ្នក​ប្រហែល​ជា​មិន​ចង់​ឲ្យ​ពួកគេ​ឮ​ពី​អ្នកដទៃ​ថា អ្នក​ចាកចេញ ឬ​ចង់​ឲ្យ​ក្រុមជំនុំ​ប្រកាស​ថា លោកអ្នក​លែង​ចូល​រួម​ហើយ​នោះ​ទេ។ លោកអ្នក​មិន​ចង់​ឲ្យ​មិត្តភក្តិ​នៅ​ក្នុង​ក្រុមជំនុំ​យល់​ច្រលំ​ថា ទំនាក់​ទំនង​របស់​យើង​ជាមួយ​ពួកគេ​គ្មាន​អ្វី​សំខាន់​នោះ​ទេ។ លោកអ្នក​ច្បាស់​ជា​មិន​ចង់​ឲ្យ​ពួកគេ​ឆ្ងល់​ថា តើ​លោកអ្នក​មាន​ដែល​ស្រឡាញ់​ពួកគេ​វិញ​ដែរ​ឬ​ទេ។ លោកអ្នក​មិន​ចង់​ឲ្យ​ការ​ដែល​យើង​ចាកចេញ​ទៅ ធ្វើ​ឲ្យ​យើង​មើល​មុខ​គ្នា​មិន​ចំ នៅ​ពេល​ដែល​លោកអ្នក​ជួប​គ្នា​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​នោះ​ទេ។

ប៉ុន្តែ លោកអ្នក​ចង់​ឲ្យ​ពួកគេ​ដឹង​ច្បាស់​ថា លោកអ្នក​ពិត​ជា​ស្រឡាញ់​ពួកគេ​មែន ហើយ​លោកអ្នក​នៅ​តែ​បន្ត​គិត​ពី​ពួកគេ ទោះ​បើ​លោកអ្នក​ចេញ​ទៅ​ចូល​រួម​ជាមួយ​ក្រុមជំនុំ​ថ្មី​ក៏​ដោយ។ លោកអ្នក​ចង់​ឲ្យ​ពួកគេ​ដឹង​ថា បើ​កាលៈទេសៈ​អនុញ្ញាត នោះ​លោកអ្នក​នឹង​នៅ​បន្ត​រាប់​អាន​គ្នា​ជា​មិត្តភក្តិ ធ្វើ​ជា​បងប្អូន​ប្រុសស្រី​ក្នុង​ព្រះ​គ្រីស្ទ​ជាមួយ​ពួកគេ​រហូត​តទៅ។

ដូច្នេះ មុន​ពេល​​ដែល​លោកអ្នក​ចាកចេញ​ពី​ក្រុមជំនុំ សូម​ចំណាយ​ពេល​ជាមួយ​មិត្តភក្តិ ក៏​ដូចជា​គ្រួសារ​រួម​ជំនឿ​របស់​លោកអ្នក​ដោយ​ផ្ទាល់​ជា​មុន​សិន។ លោកអ្នក​អាច​អញ្ជើញ​ពួកគេ​ទៅ​លេង​ផ្ទះ​របស់​លោកអ្នក ឬ​ទៅ​ញ៉ាំ​កាហ្វេ​ជាមួយ​គ្នា។ សូម​ចែកចាយ​ពី​ការ​ពេញ​ចិត្ត និង​សេចក្តី​សង្ឃឹម​របស់​លោកអ្នក​ជាមួយ​ពួកគេ មុន​ពេល​ដែល​លោកអ្នក​លា​ចេញ​ទៅ។ ខ្ញុំ​ជឿ​ថា ពួកគេ​ភាគ​ច្រើន​នឹង​យល់ ហើយ​សប្បាយ​ចិត្ត​ជាមួយ​លោកអ្នក ទោះ​បើ​ពួកគេ​មាន​ការ​សោកស្ដាយ និង​សោកស្ដាយ​ជំនួស​ក្រុម​ជំនុំ ដោយសារ​ការ​បាត់បង់​លោកអ្នក​ក៏​ដោយ។ ទោះ​បើ​យំ ឬ​សើច​ក្ដី គឺ​សុទ្ធតែ​​ខ្លឹមសារ​នៃ​ការ​ធ្វើ​ជា​​រូបកាយ​របស់​ព្រះគ្រីស្ទ (១កូរិនថូស ១២:២៧)។

៥. ចូរ​ឲ្យ​ប្រាកដ​ថា​លោកអ្នក​ស្មោះត្រង់​ចំពោះ​ខ្លួន​ឯង ទាំង​ក្នុង​ចិត្ត និង​ការ​ប្រព្រឹត្តិ ហើយ​ហ៊ាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន

ការ​ចាកចេញ​ពី​ក្រុម​ជំនុំ គួរ​តែ​ជា​បុព្វហេតុ​ដែល​នាំ​ឲ្យ​យើង​ពិនិត្យ​មើល​ពី​ខ្លួន​ឯង។ យើង​គួរ​តែ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​ទាំង​គូ​របស់​យើង​ជាមុន​សិន មុន​នឹង​​ចង់​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បងប្អូន​ខ្លួន (ម៉ាថាយ ៧:៣-៤)។ តាម​ពិត​ទៅ នេះ​ជា​រឿង​ដ៏​ពិបាក យើង​ក៏​មិន​មាន​ភាព​រហ័សរហួន​នឹង​ចង់​ធ្វើ​វា​ដែរ ហើយ​មនុស្ស​ភាគច្រើន​រំលង​ការ​នេះ។ យើង​ងាយ​នឹង​រាប់​ថា​ចិត្ត និង​ការ​ប្រព្រឹត្តិ​របស់​យើង​ត្រឹម​ត្រូវ​ណាស់ ហើយ​ថា​គេ​ធ្វើ​ខុស​ចំពោះ​យើង ក៏​ដូចជា​រាប់​ខ្លួន​យើង​ថា​មិន​បាន​ធ្វើ​ខុស​ដែរ។

ក៏​ប៉ុន្តែ ភាព​ស្អាតស្អំ​ទាមទារ​ឲ្យ​យើង​មាន​ភាព​ស្មោះត្រង់​ចំពោះ​ខ្លួន​ឯង នៅ​ពេល​ដែល​យើង​ពិចារណា​អំពី​ការ​ចង់​ចាកចេញ។ ចុះ​ហេតុអ្វី​បាន​ជា​យើង​ចង់​ចាកចេញ​ពី​ក្រុមជំនុំ? តើ​មាន​អ្វី​ឲ្យ​ពិត​ប្រាកដ​ដែល​ជំរុញ​ឲ្យ​យើង​មាន​ចិត្ត​ចង់​ចាក​ចេញ? តើ​យើង​បាន​នាំ​បញ្ហា ឬ​អារម្មណ៍​ឈឺចាប់​ណា​ខ្លះ​ទៅ​កាន់​ក្រុមជំនុំ? តើ​យើង​មាន​ទំនួលខុសត្រូវ​ក្នុង​ការ​លន់តួ​បាប ការ​បំផ្លាស់បំប្រែ និង​ក្នុង​ទង្វើ​របស់​យើង​ទាំង​ស្រុង​ដែរ​ឬ​ទេ?

យើង​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាកចេញ​នៅ​ឡើយ​ទេ ហើយ​ក្រុម​ជំនុំ​របស់​យើង​ក៏​មិន​ទាន់​បាន​ត្រៀម​លក្ខណៈ​ឲ្យ​យើង​ចាកចេញ​ទៅ​ដែរ លុះត្រា​តែ​យើង​បើក​ចំហ​ជីវិត​របស់​យើង​នៅ​ចំពោះ​ព្រះអម្ចាស់ ហើយ​មាន​ការ​បន្ទាបខ្លួន​ពិត​ប្រាកដ ព្រមទាំង​ទទួល​ស្គាល់​នូវ​អំពើ​បាប​របស់​ខ្លួន និង​និស្ស័យ​សាច់ឈាម​របស់​ខ្លួន​ដោយ​ស្មោះត្រង់​ទាំង​ស្រុង។ ប៉ុន្តែ ប្រសិន​បើ​យើង​ព្យាយាម​បង្កើត​ឲ្យ​មាន​ភាព​ស្មោះត្រង់ នោះ​ការ​ញែក​ជា​បរិសុទ្ធ និង​អំណរ​កាន់តែ​ចម្រើន​ឡើង។

សេចក្តី​បញ្ចប់

ការ​ចាកចេញ​ពី​ក្រុមជំនុំ​អាច​ជា​យាន​មួយ​ក្នុង​ការ​ផ្ដល់​នូវ​ព្រះគុណ​ដល់​អស់​អ្នក​ដែល​ពាក់ព័ន្ធ ជាជាង​ការ​ឈឺចាប់។ ហើយ​ដើម្បី​ឲ្យ​ព្រះគុណ​កាន់តែ​ទ្វេ​គុណ​ឡើង យើង​ត្រូវ​តែ​ធ្វើ​រឿង​ខ្លះ​មុន​ដែល​យើង​សម្រេច​ចិត្ត​ចាកចេញ ឬ​ក៏​ចេញ​ទៅ​តែ​ម្ដង។ ការ​ទទួល​យក​ព្រះគុណ​នេះ ទាមទារ​ឲ្យ​យើង​សម្លាប់​ការ​កោតខ្លាច​មនុស្ស ហើយ​ជឿ​ថា មាន​ព្រះ​មែន ហើយ​ថា​ទ្រង់​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត (ហេព្រើរ ១១:៦)។ បើ​លោកអ្នក​កំពុង​ស្ថិត​ក្នុង​ការ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុមជំនុំ នោះ​ចូរ​គិត​ពី​របៀប​ដែល​លោកអ្នក​នឹង​ចាកចេញ។ ការ​ធ្វើ​ដូច​នេះ​អាច​មាន​ផល​វិជ្ជមាន​ចំពោះ​លោកអ្នក​ផ្ទាល់ ចំពោះ​មិត្តភក្តិ និង​ក្រុមជំនុំ​ដែល​លោកអ្នក​កំពុងតែ​នៅ​ជាមួយ ក៏​ដូចជា​ក្រុមជំនុំ​ថ្មី​ដែល​លោកអ្នក​នឹង​ទៅ​ចូល​រួម​នោះ​ផង​ដែរ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Thabiti Anyabwile
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

សម្អាតបញ្ញាចិត្ត

ព្រះ​គុណ​សង្គ្រោះ