in

ចូរ​អាន​ព្រះ​បន្ទូល

Why Read the Bible At All?

ចូរ​សាក​ល្បង​ឆ្លើយ​សំណួរ​ទាំង​នេះ៖ តើ​ព្រះ​គម្ពីរ​ទាំង​មូល​មាន​ប៉ុន្មាន​កណ្ឌ? តើ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​មាន​ប៉ុន្មាន​កណ្ឌ? តើ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មាន​ប៉ុន្មាន​កណ្ឌ? តើ​ព្រះ​គម្ពីរ​ទាំង​មូល​មាន​ប៉ុន្មាន​ជំពូក? តើ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​មាន​ប៉ុន្មាន​ជំពូក? តើ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មាន​ប៉ុន្មាន​ជំពូក? តើ​មាន​បង​ប្អូន​ប៉ុន្មាន​អ្នក​ធ្លាប់​អាន​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ចប់​ទាំង​មូល? តើ​មាន​បងប្អូន​ប៉ុន្មាន​អ្នក​ធ្លាប់​អាន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ចប់​ទាំង​មូល? តើ​មាន​បង​ប្អូន​ប៉ុន្មាន​អ្នក​ធ្លាប់​អាន​ព្រះ​គម្ពីរ​ចប់​ទាំង​មូល?

មិន​ថា​បង​ប្អូន​អាច​ឆ្លើយ​សំណួរ​ទាំង​អស់​នោះ​បាន ឬក៏​អត់ ឬក៏​ថា​ធ្លាប់​អាន​ព្រះ​គម្ពីរ​ជាប់​ទាំង​មូល ឬ​ក៏​អត់​ក៏​ដោយ ក៏​ក្ដី​សង្ឃឹម​របស់​យើង​សម្រាប់​ឆ្នាំ​ថ្មីនេះ​គឺ​ថា យើង​អាច​ចាប់​ផ្ដើម​សារ​ជាថ្មី​បាន។

ប្រធាន​បទ​នៃ​ឯកសារ​នេះ​គឺ​អំពី​សារៈសំខាន់​នៃ​ព្រះ​គម្ពីរ​របស់​ព្រះ​ជាម្ចាស់។ តើ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បាន​មាន​ចែង​យ៉ាង​ដូច​ម្ដេច​ខ្លះ​ទាក់​ទង​នឹង​ព្រះ​គម្ពីរ​របស់​ទ្រង់? តើ​ហេតុ​អ្វី​បាន​ជា​វា​សំខាន់​ម្ល៉េះ​ក្នុង​ការ​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់?

ការ​ល្បួង​របស់​ព្រះ​យេស៊ូវ

នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ប្រឈម​មុខ​នឹង​ការ​ល្បួង ហើយ​បាន​យក​ឈ្នះ តើ​ព្រះ​អង្ក​បាន​ធ្វើ​ការ​នោះ​យ៉ាង​ដូច​ម្ដេច? កណ្ឌ​គម្ពីរ ម៉ាថាយ ៤:៤ បាន​ចែង​ថា «ប៉ុន្តែ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ឆ្លើយ​តប​ថា៖ “‘មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ “មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល​ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​របស់​ព្រះ​មក​ដែរ'”» (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ៨:៣ ដែល​ជា​ខ​ដើម)។

ការ​ល្បង​ល​របស់​ព្រះ​យេស៊ូវ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ល្បង​ល​របស់​សាសន៍​អ៊‌ីស្រាអែល​នៅ​ឯ​ទី​វាល​រហោស្ថាន។ ពាក្យ «ព្រះ​បន្ទូល» ត្រង់​នេះ​សំដៅ​ទៅ​លើ «ការ​ស្ដាប់» ព្រះ​ជាម្ចាស់ ដែល​នោះ​ឯង​គឺ​ជា​ប្រភព​នៃ​ជីវិត ប៉ុន្តែ​ព្រះ​យេស៊ូវ​ក៏​មិន​បាន​បដិសេធ​ថា នំបុ័ង​មិន​សំខាន់​នោះ​ដែរ ពោល​គឺ​អ្វី​ដែល​ទ្រង់​កំពុង​ធ្វើ​គឺ​ផ្ដោត​លើ​អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត៖ ការ​ពឹង​លើ​ព្រះ​បន្ទូល​របស់​ទ្រង់។

នេះ​ឯង​ជា​មូល​ហេតុ​ដែល​ព្រះ​យេស៊ូវ​បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ៤:៣៤ ថា «អាហារ​របស់ខ្ញុំ គឺ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក និង​បង្ហើយ​កិច្ចការ​របស់​ព្រះ​អង្គ» (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ៦:៣៥)។ ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​យើង​ឃើញ​ថា ព្រះ​ជាម្ចាស់​បាន​បង្កើត​រាល់​គ្រប់​អ្វីៗ​ទាំង​អស់​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់។ ការ​នេះ​ពិត​ជា​អស្ចារ្យ​មែន! ហើយ​ព្រះ​បន្ទូល​ដែល​ព្រះ​យេស៊ូវ​បាន​យក​មក​ប្រើ​ប្រាស់​ក៏​មិន​មែន​រក្សា​ទុក​តែ​សម្រាប់​ព្រះ​អង្គ​តែ​មួយ​អង្គ​គត់​ផ្ទាល់​ប៉ុណ្ណោះ​ដែរ ប៉ុន្តែ​គឺ​សម្រាប់​មនុស្ស​គ្រប់​ជាតិ​សាសន៍។

តាម​រយៈ​ខ​គម្ពីរ​មួយ​នេះ យើង​ឃើញ​ថា ព្រះ​យេស៊ូវ​មិន​បាន​ប្រើ​ប្រាស់​សិទ្ធិ​ជា​ព្រះ​មេស្ស៊ី ដើម្បី​បំពេញ​បំណង​ប្រាថ្នា​ផ្ទាល់​ខ្លួន​ក្នុង​នាម​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ​ជាម្ចាស់​នោះ​ឡើយ ប៉ុន្តែ​ព្រះ​អង្គ​បាន​ចុះ​ចូល​ក្រោម​ព្រះ​ជាម្ចាស់ ដោយ​រង​ទុក្ខ ហើយ​បាន​យក​ឈ្នះ​លើ​ការ​ល្បួង។ ហើយ​ជា​ការ​អនុវត្ត៖ យើង​ដែល​ជា​ក្រុម​ជំនុំ​ក៏​គួរ និង​ត្រូវ​តែ​ចុះ​ចូល​ក្រោម​ព្រះ​ជាម្ចាស់​ដូច​ព្រះ​យេស៊ូវ​ដែរ។

ចេញ​ពី​ការ​ល្បួង​ទាំង​៣​ដង​របស់​ព្រះ​យេស៊ូវ ទ្រង់​បាន​ប្រើ​ប្រាស់​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទុក​ជា​ការ​ឆ្លើយ​តប​ទាំង​៣​ដង។ ដូច្នេះ សំណួរ​ដែល​ខ្ញុំ​ចង់​ផ្ដោត​លើគឺ​ថា «តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច ដើម្បី​ឲ្យ​អាច​ស្គាល់ និង​ចេះ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ដូច​ព្រះ​យេស៊ូវ​បាន?»

តើ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បាន​មាន​ចែង​យ៉ាង​ដូច​ម្ដេច​ខ្លះ​ទាក់​ទង​នឹង​ព្រះ​គម្ពីរ​របស់​ទ្រង់?

ប៉ុន្តែ មុន​យើង​ឆ្លើយ​សំណួរ​មួយ​នោះ ខ្ញុំ​ចង់​ឆ្លើយ​នូវ​សំណួរ​ដែល​ខ្ញុំ​បាន​លើក​ឡើង​នៅ​ខាង​លើ​ជា​មុន​សិន៖ តើ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បាន​មាន​ចែង​យ៉ាង​ដូច​ម្ដេច​ខ្លះ​ទាក់​ទង​នឹង​ព្រះ​គម្ពីរ​របស់​ទ្រង់? ខាង​ក្រោម​នេះ​ជា​ខ​គម្ពីរ​មួយ​ចំនួន​ដែល​ព្រះ​គម្ពីរ​បាន​លើក​ឡើង​អំពី​ព្រះ​បន្ទូល​ទ្រង់៖

២ធីម៉ូថេ ៣:១៦-១៧
«គ្រប់​ទាំង​បទ​គម្ពីរ ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង ហើយ​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រម្លឹក​ឲ្យ​ដឹង​ខ្លួន ការ​កែ​តម្រង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណព្វ​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​ចំណេះ​សម្រាប់​ធ្វើ​ការ​ល្អ​គ្រប់​ជំពូក។»

យ៉ូហាន ១:១
«កាល​ដើម​ដំបូង​មាន​ព្រះ​បន្ទូល ព្រះ​បន្ទូល​គង់​នៅ​ជា​មួយ​ព្រះ ហើយ​ព្រះ​បន្ទូល​នោះ​ឯង​ជា​ព្រះ។»

យ៉ូហាន ១:១៤
«ព្រះ​បន្ទូល​បាន​ត្រឡប់​ជា​សាច់​ឈាម ហើយ​គង់​នៅ​ក្នុង​ចំណោម​យើង យើង​បាន​ឃើញ​សិរី​ល្អ​របស់​ព្រះ​អង្គ គឺ​ជា​សិរី​ល្អ​នៃ​ព្រះ​រាជ​បុត្រា​តែ​មួយ ដែល​មក​ពី​ព្រះ​វរបិតា មាន​ពេញ​ដោយ​ព្រះ​គុណ និង​សេចក្តី​ពិត។»

ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ព្រះ​យេស៊ូវ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១៧:១៧ ព្រះ​អង្គ​បាន​លើក​ឡើង​ថា៖
«សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្តី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ»។

សុភាសិត ៣០:៥-៦
«គ្រប់​ទាំង​ព្រះ​បន្ទូល​របស់​ព្រះ សុទ្ធ​តែ​បរិសុទ្ធ ព្រះ​អង្គ​ជា​ខែល​ដល់​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ​អង្គ។ កុំ​បន្ថែម​បញ្ចូល​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ឡើយ ក្រែង​ព្រះ​អង្គ​បន្ទោស​ដល់​ឯង ហើយ​ឃើញ​ថា ឯង​ជា​មនុស្ស​ភូតភរ» (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ចោទិយកថា ៤:២ និង​វិវរណៈ ២២:១៨-១៩)។

ម៉ាថាយ ២៤:៣៥
«ផ្ទៃ​មេឃ និង​ផែន​ដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ» (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១១៩:៨៩; ម៉ាកុស ១៣:៣១; និង​លូកា ១៦:១៧)។

អេសាយ ៤០:៨
«ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ​បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ស្ថិតស្ថេរ​នៅ​ជា​ដរាប»។

ក្នុង​កណ្ឌ​គម្ពីរ អេសាយ ៥៥:១១ បាន​ប្រាប់​យើង​ថា ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​នឹង​មិន​វិល​ត្រឡប់​មក​រក​ទ្រង់​វិញ​ដោយ​គ្មាន​ប្រយោជន៍ ឬ​ក៏​មិន​សម្រេច​កិច្ចការ​របស់​ទ្រង់​ឡើយ។

នៅ​មាន​ខ​គម្ពីរ​ជា​ច្រើន​ទៀត​ដែល​យើង​អាច​លើក​យក​មក​និយាយ​បាន។ ប៉ុន្តែ ខ្ញុំ​សង្ឃឹម​ថា តាមរយៈ​ការ​លើក​ខ​គម្ពីរ​ត្រួសៗ​មួយ​ចំនួន​នេះ យើង​បាន​ឃើញ​អំពី​សារៈសំខាន់​នៃ​ភាព​ឧត្តុង្គ​ឧត្តម​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ដែល​ការ​នេះ​គួរ​ជំរុញ​យើង​ឲ្យ​យើង​ចង់​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។

ខ្ញុំ​ចង់​ចង​បែរ​មក​ផ្ដោត​លើ​របៀប​ដែល​យើង​អាច​យក​មក​អនុវត្ត​បាន ដើម្បី​ឲ្យ​កាន់​តែ​ស្គាល់ និង​ចេះ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ដូច​ព្រះ​យេស៊ូវ​ដែរ។ ប៉ុន្តែ នៅ​មាន​សំណួរ​មុន​ហ្នឹង​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​ឆ្លើយ​ជា​មុន​សិន​គឺ​ថា តើ​ហេតុ​អ្វី​បាន​ជា​យើង​ចាំ​បាច់​ត្រូវ​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់? ខាង​ក្រោម​នេះ​គឺ​ជា​ខ​គម្ពីរ​មួយ​ចំនួន​ដែល​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ក្នុង​ព្រះ​បន្ទូល៖

ទំនុក​តម្កើង ១១៩:៩ រក្សា​ជីវិត​ឲ្យ​បរិសុទ្ធ
«តើ​មនុស្ស​កំលោះ​ធ្វើ​ដូច​ម្ដេច ដើម្បី​រក្សា​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្ត​ឲ្យ​បាន​បរិសុទ្ធ? គឺ​ដោយ​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។»

អេភេសូរ ៦:១៧ គ្រឿង​សឹក
«ចូរ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មួក​សឹក និង​ដាវ​របស់​ព្រះ​វិញ្ញាណ ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ។»

យ៉ូហាន ៨:៣១-៣២ រំដោះ​យើង​ឲ្យ​មាន​សិរី​ភាព
«ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សាសន៍​យូដា ដែល​ជឿ​ដល់​ព្រះ​អង្គ​ថា៖ “ប្រសិន‌​បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច។”»

យ៉ូហាន ៨:៤៧ បង្ហាញ​ថា​យើង​បាន​សង្គ្រោះ
«អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ តែង​ស្តាប់​តាម​ព្រះ​បន្ទូល​របស់​ព្រះ តែ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ។»

លូកា ១១:២៨ ទទួល​បាន​ព្រះ​ពរ
«…មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះ​បន្ទូល ហើយ​ប្រព្រឹត្ត​តាម» (cf. Psalm 119:1-176)។

យ៉ូហាន ១៥:៧ ព្រះ​អង្គ​នឹង​ប្រទាន​នូវ​អ្វី​ដែល​យើង​សុំ ព្រោះ​សុំ​តាម​ព្រះ​ហឫទ័យ​ទ្រង់
«បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន»។

ទំនុក​តម្កើង ១២:៦ បន្សុទ្ធ​យើង
«ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ជា​ព្រះ​បន្ទូល​ដ៏​សុទ្ធ​ស្អាត ដូច​ប្រាក់​ដែល​គេ​បន្សុទ្ធ​ក្នុង​ឡ​នៅ​លើ​ដី ហើយ​បាន​សម្រង់​អស់​ប្រាំពីរ​ដង។»

កណ្ឌ​គម្ពីរ ទំនុក​តម្កើង ១១៩:១០៥ ជា​ចង្កៀង និង​ពន្លឺ
«ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ជា​ចង្កៀង​ដល់​ជើង​ទូល​បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូល​បង្គំ»។

យ៉ូស្វេ ១:៨ ព្រះ​បង្គាប់​ឲ្យ​យើង​ស្គាល់​ក្រឹត្យ​វិន័យ
«មិន​ត្រូវ​ឲ្យ​គម្ពីរ​ក្រឹត្យ​វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​អ្នក​ឡើយ ត្រូវ​សញ្ជឹង​គិត​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ឲ្យ​អ្នក​បាន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ដ្បិត​យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​ផ្លូវ​របស់​អ្នក​ចម្រុង​ចម្រើន ហើយ​អ្នក​នឹង​មាន​ជោគជ័យ។»

កណ្ឌ​គម្ពីរ ចោទិយកថា ៦:២ បាន​ចែង​ថា​គឺ ដើម្បី​ជា​ប្រយោជន៍​ឲ្យ​យើង​ចេះ​កោត​ខ្លាច​ព្រះ​អង្គ (សុភាសិត ១:៧)។

នោះ​ឯង​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ក្នុង​ព្រះ​បន្ទូល។ ដើម្បី​ឲ្យ​យើង​អាច​ចាប់​ផ្ដើម​ស្គាល់​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បាន ជា​ដំបូង យើង​ត្រូវ​តែ​បើក​ចិត្ត​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​ជា​មុន​សិន នោះ​ទើប​យើង​អាច​នឹង​ឲ្យ​តម្លៃ​លើ​ព្រះ​គម្ពីរ​បាន។ ខ្ញុំ​ដឹង​ថា នៅ​មាន​បង​ប្អូន​មួយ​ចំនួន ក្នុង​ចំណោម​មិត្ត​អ្នក​អាន ដែល​មិន​ទាន់​បាន​បើក​ចិត្ត​ទទួល​ជឿ​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ​នៅ​ឡើយ​ទេ (រ៉ូម ១០:៩-១០; ១កូរិនថូស ១៥:៣-៤) ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា អ្វី​ដែល​ខ្ញុំ​ចែក​ចាយ​គឺ​យ៉ាង​ហោច​ណាស់ ចំពោះ​បង​ប្អូន​ដែល​បាន​ជឿ​ហើយ យើង​អាច​យក​ទៅ​អនុវត្ត​បាន ដើម្បី​ឲ្យ​កាន់​តែ​ស្គាល់ និង​ចេះ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បន្ថែម​ទៀត​បាន៖

តាំង​ចិត្ត​អាន

យើង​ត្រូវ​ចាប់​ផ្ដើម​តាំង​ចិត្ត​អាន​ព្រះ​គម្ពីរ។ ទោះ​បើ​គ្មាន​ជំពូក និង​ខ​នៃ​កណ្ឌ​គម្ពីរ​ណា​មួយ ក្នុង​ព្រះ​គម្ពីរ​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ​បាន​អង្គុយ​ចុះ ហើយ​ចំណាយ​ពេល​អាន​ព្រះ​បន្ទូល​ជា​ប្រចាំ​ថ្ងៃ​ក៏​ដោយ (ដើម្បី​ឲ្យ​ទ្រង់​ស្គាល់​ព្រះ​បន្ទូល​ដល់​ថ្នាក់​ថា​ទ្រង់​អាច​យុក​មក​ប្រើ​ប្រាស់​បាន ដើម្បី​នឹង​ទាស់​ប្រឆាំង​នឹង​អារក្ស​សាតាំង​បាន) ក៏​យើង​នៅ​អាច​ដឹង​បាន​ផង​ដែរ​ថា តាម​ប្រវត្តិ​សាស្ត្រ​នៃ​សាសន៍​អ៊‌ីស្រាអែល គឺ​ពួក​គាត់​ឲ្យ​តម្លៃ​យ៉ាង​ខ្ពង់ខ្ពស់​លើ​ការ​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ ក្នុង​កណ្ឌ​គម្ពីរ​ចោទិយកថា​ជំពូក៦​លោក ម៉ូសេ បាន​លើក​ឡើង​អំពី​ការ​ដែល​សាសន៍​អ៊‌ីស្រាអែល​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​ស្គាល់​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ ខ៦-៩ មាន​ចែង​ថា «សេចក្ដី​ទាំង​នេះ​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ជានិច្ច។ ត្រូវ​បង្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​របស់​អ្នក ហើយ​ត្រូវ​ដំណាល​សេចក្ដី​ទាំង​នេះ ពេល​អ្នក​អង្គុយ​នៅ​ក្នុង​ផ្ទះ ពេល​ដើរ​តាម​ផ្លូវ ពេល​ដេក និង​ពេល​ក្រោក​ឡើង​ផង។ ត្រូវ​ចង​សេចក្ដី​ទាំង​នេះ​ជា​ទី​សម្គាល់​នៅ​នឹង​ដៃ ហើយ​ត្រូវ​ធ្វើ​ជា​ស្លាក​នៅ​កណ្ដាល​ថ្ងាស​របស់​អ្នក ត្រូវ​កត់​សេចក្ដី​ទាំង​នេះ​នៅ​ក្រប​ទ្វារ​ផ្ទះ និង​នៅ​ទ្វារ​ក្រុង​របស់​អ្នក»។

ក្នុង​កណ្ឌ​គម្ពីរ លូកា ៤:១៧-២១ យើង​ឃើញ​ថា​បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​យាង​ចូល​ទៅ​កាន់​សាលា​ប្រជុំ ទ្រង់​ក៏​បាន​យក​ព្រះ​បន្ទូល​មក​អាន ហើយ​បក​ស្រាយ។ ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៤:១៣ សាវ័ក ប៉ុល បាន​ចែង​ថា «ចូរ​ឧស្សាហ៍​អាន​គម្ពីរ ដាស់​តឿន និង​បង្រៀន​ពួក​បង​ប្អូន ទម្រាំ​ខ្ញុំ​មក​ដល់»។

ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​បន្ថែម​ទៀត​ក្នុង​ការ​បើក​មើល​ខ​គម្ពីរ​នានា​ដែល​មាន​ចែង​អំពី​ការ​ដែល​យើង​ត្រូវ​តែ​អាន​ព្រះ​គម្ពីរ ខ្ញុំ​ចង់​លើក​ឡើង​ជា​គំរូ និង​គម្រោង​មួយ​ចំនួន​ដែល​បង​ប្អូន​អាច​យក​ទៅ​អនុវត្ត​បាន៖

ព្រះ​គម្ពីរ​ទាំង​មូល​មាន ១១៨៩ ជំពូក ដោយ​សញ្ញា​ចាស់​មាន ៩២៩ ជំពូក ហើយ​សញ្ញា​ថ្មី​មាន ២៦០ ជំពូក ដូច្នេះ​បើ​យើង​មាន​គម្រោងការ​អាន​ព្រះ​គម្ពីរ​ឲ្យ​ចប់​ទាំង​មូល​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ យើង​ត្រូវ​អាន​យ៉ាង​តិច​ណាស់ ៣-៤ ជំពូក​ក្នុង​មួយ​ថ្ងៃ ដោយ​សារ​ក្នុង​មួយ​ឆ្នាំ​មាន ៣៦៥ ថ្ងៃ។ យើង​អាច​អនុម័ត​ការ​នេះ​បាន​ដោយ​ចាប់​ផ្ដើម​អាន​ពី​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​រហូត​ដល់​កណ្ឌ​គម្ពីរ​វិវរណៈ ឬ​ក៏​ចាប់​ផ្ដើម​អាន​ពី​កណ្ឌ​មួយ​ណា​ក៏​បាន ឲ្យ​តែ​យើង​អាន ៣-៤ ជំពូក​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ ប្រសិន​បើ​បង​ប្អូន​គិត​ថា​ការ​អាន ៣-៤ ជំពូក​ក្នុង​មួយ​ថ្ងៃ វា​ច្រើន​ពេក បង​ប្អូន​អាច​កាត់​បន្ថយ​ដោយ​អាន​តែ២ ឬ​ក៏១​ជំពូក​វិញ នោះ​បង​ប្អូន​នឹង​អាន​ចប់​ក្នុង​រយៈ​ពេល ២-៣ ឆ្នាំ​កន្លះ។ បងប្អូន​អាច​ប្រើ​ប្រាស់​ផែនការ​អាន​ព្រះ​គម្ពីរ​ឲ្យ​ចប់​ក្នុង​រយៈ​ពេល​តែ ៣​ឆ្នាំ ៣​ខែ​នេះ​ក៏​បាន។

កម្មវិធី​ព្រះ​គម្ពីរ

មក​ដល់​សម័យ​ឥឡូវ យើង​អាច​មាន​ព្រះ​គម្ពីរ​បែប​ជា​អេឡិចត្រូនិក​បាន​ដែរ។ ខាង​ក្រោម​នេះ​ជា​របៀប​ពីរយ៉ាង​នៃ​ការ​ដំឡើង​កម្មវិធី​ព្រះ​គម្ពីរ​ក្នុង​ទូរស័ព្ទ​ដែល​ខាង​សមាគម​ព្រះ​គម្ពីរ​បាន​ទើប​តែ​បង្កើត​ឡើង៖

ចំពោះ​បងប្អូន​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ដំណើរ​ការ​ប្រភេទ Android សូម​បង​ប្អូន​ចូល​ទៅ​ចុច​ចូល​ទៅ​កាន់ Play Store នៅ​ក្នុង​ទូរស័ព្ទ​របស់​បង​ប្អូន​ហើយ​វាយ​ពាក្យ​ថា Khmer Bible App ហើយ​បន្ទាប់​ចុច​យក​ពាក្យ Install នោះ​រួច​ជា​ការ​ស្រេច។

ហើយ​ចំពោះ​បងប្អូន​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ដំណើរការ​ប្រភេទ iOS សូម​បង​ប្អូន​ចូល​ទៅ​ចុច​ចូល​ទៅ​កាន់ App Store នៅ​ក្នុង​ទូរស័ព្ទ​បង​ប្អូន​ហើយ​វាយ​ពាក្យ​ថា Khmer Bible App ហើយ​បន្ទាប់​ចុច​យក​ពាក្យ​ថា GET នោះ​រួច​ជា​ការ​ស្រេច។ បញ្ជាក់​បង​ប្អូន​អាច​ប្រើ​ប្រាស់​កម្មវិធី​ព្រះ​គម្ពីរ​ជា​ភាសា​ខ្មែរ​ទាំង​នេះ ដោយ​ពុំ​បាច់​ភ្ជាប់​អ៊ីនធឺណិត​ក៏​បាន​ដែរ។

ទំនង​ជា​មាន​បង​ប្អូន​មួយ​ចំនួន​ក្នុង​ចំណោម​យើង​ដែល​មាន​ការ​ងឿង​ឆ្ងល់​ថា «តើ​ឲ្យ​ខ្ញុំ​នៅ​អាន​ព្រះ​គម្ពីរ​ឲ្យ​បាន​ជាប់​លាប់​យ៉ាង​ដូច​ម្តេច​ទៅ? ខ្ញុំ​តែង​តែ​មាន​ចិត្ត​ចង់​អាន ហើយ​ខ្ញុំ​ក៏​ផ្ដើម​ការ​អាន​ជា​រៀង​រាល់​ដើម​ឆ្នាំ​ដែរ ប៉ុន្តែ​វា​ហាក់​បី​ដូច​ជា​ពិបាក​ណាស់ អញ្ចឹង​តើ​ឲ្យ​ខ្ញុំ​ធ្វើ​ម្ដេច​ទៅ?»

ខ្ញុំ​យល់​ពី​អារម្មណ៍​នៃ​សំណួរ​មួយ​នេះ ដ្បិត​ការ​មាន​ចិត្ត​ចង់​អនុវត្ត​គឺ​ជា​រឿង​មួយ ហើយ​ក៏​ជា​ការ​ដ៏​ងាយ​ស្រួល​ដែរ ប៉ុន្តែ​ការ​អនុវត្ត​ផ្ទាល់ៗ​គឺ​ជា​រឿង​ដោយ​ឡែក​មួយ​ទៀត។ អ្វី​ដែល​ខ្ញុំ​នឹង​ចែក​ចាយ​គឺ​មិន​មែន​ជា​ចម្លើយ​នៃ​ដំណោះ​ស្រាយ​លើ​សំណួរ​មួយ​នេះ​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​កន្លង​អស់​ជិត ២០ ឆ្នាំ​នេះ។ ហើយ​ការ​អនុវត្ត​នៃ​ការ​អាន​ព្រះ​គម្ពីរ​របស់ខ្ញុំ​ក៏​មាន​ការ​ផ្លាស់​ប្រែ​ម្ដង​ហើយ​ម្ដង​ទៀត ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល​ដែរ​យោង​តាម​កាលៈទេសៈ។

មុន​ខ្ញុំ​ចូល​ទៅ​នៅ​មណ្ឌល កាល​នោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អុំ​ស្រី​ម្នាក់​របស់​ខ្ញុំ ដែល​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ទោះ​បើ​កាល​នោះ​ខ្ញុំ​មិន​ទាន់​បាន​ជឿ​លើ​ព្រះ​យេស៊ូវ​នៅ​ឡើយ​ក៏​ដោយ ក៏​ខ្ញុំ​បាន​ចាប់​ផ្ដើម​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​ដែរ។ មូល​ហេតុ​ដែល​ខ្ញុំ​អាន​ព្រះ​គម្ពីរ​កាល​នោះ​គឺ​ដោយ​សារ​អ៊ំ​ស្រី​ខ្ញុំ​គាត់​បាន​ឲ្យ​កាដូ​មក​ខ្ញុំ ប្រសិន​បើ​ខ្ញុំ​បាន​អាន​ព្រះ​គម្ពីរ ហើយ​អាច​សង្ខេប​ដំណើរ​សាច់​រឿង​ទៅ​គាត់​វិញ​បាន។ អញ្ចឹង ខ្ញុំ​គិត​ថា ចំពោះ​ឪពុក​ម្ដាយ​ណា​ដែល​ចង់​ឃើញ​កូនៗ​ខ្លួន​អាន​ព្រះ​គម្ពីរ ពួក​គាត់​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​នោះ​បាន​ដែរ ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​កូនៗ​អាន ហើយ​សង្ខេប​មក​វិញ​នូវ​អ្វី​ដែល​ពួក​គាត់​បាន​អាន ហើយ​បន្ទាប់​មក​អាច​ឲ្យ​ជា​កាដូ​តូច​តាច​ណា​មួយ​ទៅ​កាន់​ពួក​គាត់។

ប៉ុន្តែ លើស​ពី​នេះ ខ្ញុំ​គិត​ថា យើង​ទាំង​អស់​គ្នា​មិន​សូវ​ខ្វល់​ពេក​ទេ ទាក់​ទង​នឹង​ការ​ទទួល​បាន​កាដូ ព្រោះ​អ្វី​ដែល​យើង​ចង់​ឃើញ​មាន​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​យើង​គឺ​ត្រង់​ថា យើង​ចំណាយ​ពេល​អាន​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ឲ្យ​បាន​ជាប់​លាប់​ល្អ​ជា​ប្រចាំ​ថ្ងៃ​ទៅ​វិញ។ ដូច្នេះ តើ​យើង​គួរ​ធ្វើ​យ៉ាង​ម៉េច?

ជា​ដំបូង ដើម្បី​ឲ្យ​យើង​អាច​អាន​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់​បាន ដាច់​ខាត​យើង​ត្រូវ​តែ​ញែក​ពេល​វេលា ទុក​ដោយ​ឡែក​ក្នុង​ចន្លោះ​ម៉ោង​នៃ​ថ្ងៃ​នីមួយៗ​របស់​យើង ហើយ​យក​ពេល​វេលា​ដែល​យើង​បាន​ញែក​ទុក​នោះ ដើម្បី​តែ​អាន​ព្រះ​បន្ទូល​ប៉ុណ្ណោះ។ អ្នក​ខ្លះ​ចូល​ចិត្ត​ចំណាយ​ពេល​អាន​ព្រះ​គម្ពីរ​នៅ​ពេល​ព្រឹក​ព្រលឹម ហើយ​អ្នក​ខ្លះ​ទៀត​ចូល​ចិត្ត​អាន​នៅ​ពេល​ថ្ងៃ ឬ​ក៏​នៅ​ពេល​យប់។ មិន​ថា​បង​ប្អូន​អាច​ញែក​ពេល​វេលា​មួយ​ណា​ទុក ឬ​ក៏​ចូល​ចិត្ត​ពេល​វេលា​ណា​ក្នុង​ការ​ញែក​ទុក ដើម្បី​អាន​ព្រះ​គម្ពីរ​ក៏​ដោយ ក៏​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​យើង​គិត ហើយ​ជ្រើស​រើស​ដោយ​ប្ដេជ្ញា​ចិត្ត ញែក​ពេល​វេលា​នោះ​ទុក ដើម្បី​អាន​ព្រះ​បន្ទូល។ បើ​យើង​បរាជ័យ​ក្នុង​ការ​មិន​ញែក​ពេល​វេលា​ទុក​ក្នុង​ការ​អាន​ព្រះ​គម្ពីរ នោះ​យើង​ក៏​នឹង​បរាជ័យ​ក្នុង​ការ​មិន​អាន​ព្រះ​គម្ពីរ​ដែរ។ សម្រាប់​ខ្ញុំ​ផ្ទាល់ មុន​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​អាន​ព្រះ​គម្ពីរ ខ្ញុំ​ក៏​ចូល​ចិត្ត​ឆុង​កាហ្វេ ដើម្បី​ញ៉ាំ​ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​អាន​ដែរ។

តាំង​ចិត្ត​ស្ដាប់

បើ​យើង​ពិត​ជា​ចង់​ស្គាល់ និង​ចេះ​ព្រះ​គម្ពីរ​មែន ដើម្បី​ឲ្យ​យើង​អាច​កោត​ខ្លាច​ព្រះ​ជាម្ចាស់​បាន ការ​អនុវត្ត​មួយ​ទៀត​យើង​អាច​យក​មក​ប្រើ​ប្រាស់​បាន ជា​ជាង​ការ​អាន​ព្រះ​គម្ពីរ​ផ្ទាល់​តែ​ម្ដង គឺ​ស្ដាប់​ការ​អាន​ព្រះ​គម្ពីរ​ជា​សំឡេង។ យើង​ឃើញ​ថា នៅ​សម័យ​បុរាណ​មាន​ច្រើន​សតវត្សរ៍​បាន​កន្លង​ផុត​ទៅ មុន​បុគ្គល​នីមួយៗ​អាច​មាន​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​បាន ហើយ​មក​ដល់​សម័យ​នេះ​ក៏​មិន​មែន​មាន​ន័យ​ថា​ព្រះ​បន្ទូល​មាន​ក្នុង​គ្រប់​ភាសា​ដែរ។ ព្រះ​គម្ពីរ​ខ្មែរ​យើង​ផ្ទាល់​មាន​អាយុ​កាល​ត្រឹម​តែ​ប្រមាណ ៦០ ឆ្នាំ​ជាង​ប៉ុណ្ណោះ ហើយ​ទើប​តែ​ប៉ុន្មាន​ឆ្នាំ​នេះ​ទេ​ដែល​យើង​អាច​មាន​ព្រះ​បន្ទូល​បែប​ជា​អេឡិចត្រូនិក។

អ្វី​ដែល​ខ្ញុំ​ចង់​កាត់​ស្រាយ​លើ​គឺ​ថា ប្រសិន​បើ​យើង​សង្កេត​មើល​ចាប់​តាំងពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​រហូត​ដល់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី នោះ​យើង​នឹង​ប្រាកដ​ជា​នឹង​ឃើញ​ថា បុគ្គល​នីមួយៗ​មិន​មាន​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែ​ការ​ដែល​ពួក​គាត់ «មាន» ព្រះ​បន្ទូល​គឺ​តាម​រយៈ​ការ​ដែល​គាត់​ស្ដាប់​ការ​អាន​ព្រះ​បន្ទូល​ជា​សំឡេង​ឮៗ​ពី​អ្នក​ដទៃ។ ដូច​ដែល​យើង​បាន​ឃើញ​នៅ​ខាង​លើ ព្រះ​យេស៊ូវ​ក៏​បាន​អាន​ព្រះ​បន្ទូល​ឲ្យ​គេ​ស្ដាប់​ដែរ។ យើង​ដឹង​ហើយ​ថា «ជំនឿ​កើត​ឡើង​ដោយ​សេចក្ដី​ដែល​បាន​ឮ ហើយ​សេចក្ដី​ដែល​បាន​ឮ​នោះ គឺ​ដោយ​សារ​ព្រះ​បន្ទូល​របស់​ព្រះ​គ្រីស្ទ» (រ៉ូម ១០:១៧)។ តាម​ពិត​ទៅ កណ្ឌ​គម្ពីរ​ចោទិយកថា​ទាំង​មូល​គឺ​ស្ទើរ​តែ​ជា​សម្ដី​បណ្ដាំ​លា​បែប​ជា​សំឡេង​របស់​លោក ម៉ូសេ ទៅ​កាន់​សាសន៍​អ៊‌ីស្រាអែល។ យើង​អាច​អាន​កណ្ឌ​គម្ពីរ​ចោទិយកថា​ឲ្យ​ឮៗ ហើយ​ចប់​បាន​ក្នុង​រយៈ​ពេល​តែ​២ទៅ​៣​ម៉ោង​ប៉ុណ្ណោះ។

ក្នុង​កណ្ឌ​គម្ពីរ នេហេមា យើង​ឃើញ​ពី​ព្រឹត្តិ​ការណ៍​ដែល​ហោរា អែសរ៉ា បាន​អាន​ព្រះ​គម្ពីរ​ទៅ​កាន់​ពួក​សាសន៍​អ៊‌ីស្រាអែល។ ហើយ​បើ​យើង​និយាយ​ឲ្យ​កាន់​តែ​ខ្លី​ទៀត​ទៅ ស្ទើរ​គ្រប់​ទាំង​កណ្ឌ​គម្ពីរ​នៃ​ពួក​ហោរា​គឺ​ជា​សេចក្ដី​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​សាសន៍​អ៊‌ីស្រាអែល ហើយ​បន្ទាប់​ពី​ការ​ប្រកាស​នោះ​ទេ ដែល​ពួក​គាត់​បាន​សរសេរ​ចុះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មុន​ពួក​ហោរា​និយាយ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ពួក​គាត់​តែង​តែ​លើក​ឡើង​ថា «ព្រះ​យេហូវ៉ា​មាន​ព្រះ​បន្ទូល​ទៅ​កាន់…» (អេសាយ ៤៥:១‌។ល។)

ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ ១:៣ សាវ័ក យ៉ូហាន បាន​សរសេរ​ថា «មាន​ពរ​ហើយ អ្នក​ណា​ដែល​អាន​មើល និង​អស់​អ្នក​ដែល​ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលា នោះ​ជិត​ដល់​ហើយ»។ យើង​ឃើញ​ថា​ទាំង​អ្នក «អាន​មើល» និង​អ្នក «ស្តាប់» គឺ​នឹង​មាន​ពរ។ ដូច្នេះ មិន​ថា​យើង​ស្ដាប់​ការ​អាន​របស់​អ្នក​ដទៃ ឬ​ក៏​យើង​អាន​ដោយ​ខ្លួន​ឯង​ផ្ទាល់​ជា​សំឡេង​ឲ្យ​ឮៗ ឬ​ក៏​ស្ងាត់​ក៏​ដោយ ក៏​យើង​នឹង​ទទួល​បាន​ព្រះ​ពរ​ចេញ​ពី​ការ​ចំណាយ​ពេល​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ដែរ។ បើ​យើង​ចំណាយ​ពេល​ស្ដាប់ ២០ នាទី​ក្នុង​មួយ​ថ្ងៃ នោះ​យើង​អាច​ស្ដាប់​ចប់​ព្រះ​គម្ពីរ​ទាំង​មូល។

ទោះ​បើ​មក​ដល់​សព្វ​ថ្ងៃ​នេះ​យើង​នៅ​មិន​ទាន់​មាន​ព្រះ​គម្ពីរ​ជា​សំឡេង​ទាំង​មូល​ជា​ផ្លូវ​ការ​ពី​សមាគម​ព្រះ​គម្ពីរ​ក៏​ដោយ ក៏​យ៉ាង​ហោច​ណាស់​យើង​មាន​ជា​សំឡេង​សម្រាប់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ដែរ។ កម្មវិធី Bible App មាន​ព្រះ​គម្ពីរ​ជា​សំឡេង​សម្រាប់​សញ្ញា​ថ្មី​ចេញ​ពី​ព្រះ​គម្ពីរ​ខ្មែរ​បច្ចុប្បន្ន។ ប្រសិន​បើ​ឆ្នាំ​នេះ បើ​យើង​អាច​ប្ដេជ្ញា​ចិត្ត​ញែក​ពេល​វេលា​ទុក​ដោយ​ឡែក ដើម្បី​ស្តាប់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី នោះ​វា​ក៏​ជា​ការ​សម្រេច​ដ៏​ល្អ​មួយ​សម្រាប់​ឆ្នាំ ២០២០ នៅ​ខាង​មុខ​នេះ​ផង​ដែរ។

នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​យើង​អាច​លើក​ឡើង​មក​និយាយ​ទាក់ទង​នឹង​ការ​ដែល​ឲ្យ​យើង​កាន់​តែ​ស្គាល់ និង​ចេះ​ព្រះ​គម្ពីរ​បាន ដែល​មាន​ដូច​ជា ការ​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់ ការ​សិក្សា​ព្រះ​គម្ពីរ ការ​បង្រៀន​ព្រះ​គម្ពីរ​ទៅ​កាន់​អ្នក​ដទៃ​ទៀត។ល។

និពន្ធ​ដោយ៖ លោក​គ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ និងលោក ខែម បូឡុង។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​សេចក្តី​ល្ងង់ល្ងើ​របស់​ព្រះ

ព័ន្ធកិច្ច​ព្រះបន្ទូល