in

ដំបូន្មាន​មួយ​ចំនួន​គួរ​យក​ទៅ​អនុវត្ត​សម្រាប់​គ្រីស្ទ​បរិស័ទ​ទើប​តែ​រៀប​ការ​​​ថ្មោង​ថ្មី

វា​ជា​ពេល​ធ្លាក់​ចុះ​នៃ​ឆ្នាំ២០០៨។ ខ្ញុំ​បាន​ជួប​នារី​ម្នាក់ ហើយ​ខ្ញុំ​មិន​អាច​ដក​នាង​ចេញ​ពី​គំនិត​របស់​ខ្ញុំ​បាន​ឡើយ។ នាង​ជា​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​ប្រាថ្នា​ឲ្យ​បាន​ក្លាយ​ជា​ភរិយា​ម្នាក់។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​ចង់​រៀប​ការ​ជា​មួយ​នឹង​នាង… សូម្បី​មុន​ពេល​ដែល​យើង​បាន​ណាត់​ជួប​គ្នា​ដំបូង​ម្ល៉េះ។

ឥឡូវ​នេះ សូម​កុំ​យល់​ច្រឡំ​នឹង​ខ្ញុំ​អី។ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ផ្អែម​ល្ហែម​ម្នាក់​ដែល​អស់​សង្ឃឹម​ដេញ​តាម​ស្រី​ក្មេងៗ​ដែល​មិន​ដឹង​អ្វី​នោះ​ទេ។ ពួក​យើង​បាន​ស្គាល់​គ្នា​ក្នុង​ក្រុម​ហ៊ុន​មួយ ហើយ​ជា​មិត្ត​ភក្ដិ​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ដែរ។

ខ្ញុំ​មាន​ផ្ទាំង​បង្អួច​មួយ ដើម្បី​ក្រឡេក​មើល​ទៅ​កាន់​ជីវិត​របស់​នាង​បាន​ដោយ​យើង​បាន​ចំណាយ​ពេល​ក្នុង​សហគមន៍​ក្រុម​ជំនុំ​តែ​មួយ​ជា​មួយ​គ្នា។ ទី​កន្លែង​នោះ​ហើយ​ដែល​ខ្ញុំ​បាន​ដឹង​ថា នាង​អាច​ជា​ប្រពន្ធ​ដ៏​ល្អ​ម្នាក់។ ហើយ​នាង​ពិត​ជា​ដូច្នេះ​មែន។

អាពាហ៍ពិពាហ៍​របស់​យើង​បាន​ឆ្លង​កាត់​ដោយ​រំលែក​ឲ្យ​គ្នា​ដោយ​សុក្រឹត​​នូវ​ឧបសគ្គ​​ផ្សេងៗ តែ​យើង​បាន​​ចម្រើន​កាន់​តែ​ជិតស្និទ្ធ​នឹង​ព្រះ​អម្ចាស់ ព្រម​ទាំង​ជិត​ស្និទ្ធ​នឹង​គ្នា​ផង​ដែរ នៅ​ពេល​យើង​មាន​អំណរ​នឹង​ព្រះ​យេស៊ូវ​ជា​មួយ​គ្នា។ ទោះ​បើ​សិន​ជា ខ្លួន​ខ្ញុំ​ដែល​រៀប​ការ​ហើយ​នេះ​ក្ដី​អាច​បែរ​ក្រោយ​នៅ​គ្រា​ណា​មួយ​បាន នោះ​ខ្ញុំ​នឹង​ប្រាប់​ខ្លួន​ខ្ញុំ​ដែល​បាន​ជាប់​ពាក្យ​ជាប់​សម្ដី​នូវ​មេរៀន​ទាំង​ប្រាំ​ពីរ​នេះ​ដែល​បាន​រៀន​ពី​អាពាហ៍ពិពាហ៍​ប្រាំ​ពីរ​ឆ្នាំ​កន្លង​មក។

ដំបូន្មាន​អាពាហ៍ពិពាហ៍​មួយ​ចំនួន​សម្រាប់​គ្រីស្ទ​បរិស័ទ​ដែល​គួរ​យក​ទៅ​អនុវត្ត​សម្រាប់​គូ​ស្វាមី​ភរិយា​ថ្មោង​ថ្មី
១. «ដំណាក់​កាល​ក្រេប​ទឹក​ឃ្មុំ» ជា​ពេល​ពុះ​កញ្ជ្រោល​មួយ តែ​វា​ជា​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ។
ដូច​គូ​ស្វាមី​ភរិយា​ថ្មោង​ថ្មី​ភាគ​ច្រើន​ដែរ ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ​បាន​ឆ្លង​កាត់​ដំណាក់​កាល​រីក​ដុះ​ដាល​នៃ​ភាព​ល្អូក​ល្អិន។ យើង​បាន​នៅ​ជាប់​យ៉ាង​ខ្លាំង​ដោយ​ក្ដី​ស្រឡាញ់​ដែល​មាន​ចំពោះ​គ្នា​ដែល​ពិភព​នៅ​ជុំ​វិញ​យើង​នេះ​បាន​រសាត់​ពី​មុខ​បាត់​អស់។

នេះ​ជា​រដូវ​កាល​ដ៏​អស្ចារ្យ​មួយ ក៏​ប៉ុន្តែ​អារម្មណ៍​ដ៏​ខ្ពស់​ត្រដែត​របស់​យើង​នឹង​ធ្លាក់​ចុះ​វិញ​បន្ទាប់​ពី​មួយ​រយៈ​ក្រោយ​មក។ ប្រសិន​បើ​យើង​មិន​បាន​កសាង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​លើ​អ្វី​មួយ​ដែល​ខ្លាំង​ជាង​អារម្មណ៍​ទាំង​ប៉ុន្មាន​របស់​យើង​ទេ នោះ​អ្វីៗ​នឹង​ទៅ​ជា​អាក្រក់​នៅ​ពេល​ភាព​ពុះ​កញ្ជ្រោល​ដ៏​ក្ដៅ​រងំ​នោះ​បាន​ចេញ​ផុត​ទៅ។ ចូរ​មាន​ប្រាជ្ញា​ឡើង យ៉ាង​ហោច​ណាស់​ចូរ​យក​ចិត្ត​ទុក​ដាក់​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹង​ល្អ​ដែល​លោក​អ្នក​ត្រូវ​ដាក់​ក្នុង​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ដូច​ដែល​លោក​អ្នក​ដាក់​អារម្មណ៍​ផ្សេងៗ​ដែល​អ្នក​មាន​ចេញ​ពី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ផង​ដែរ។

២. កុំ​រំពឹង​ដៃ​គូ​របស់​លោក​អ្នក​នឹង «បំពេញ» អ្នក​ឡើយ
មាន​មនុស្ស​ជា​ច្រើន​ដែល​ស្វែង​រក​ប្ដី​ ឬ​ប្រពន្ធ ដើម្បី​ឲ្យ​ត្រូវ​នឹង​តម្រូវ​ការ​នៃ​អារម្មណ៍​ដ៏​ជ្រៅ​មួយ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។ ពួក​គេ​ចង់​បាន​ការ​លួង​ចិត្ត ចំណុច​គួរ​ឲ្យ​កត់​សម្គាល់ ការ​ទទួល​ស្គាល់ ។ល។ ហើយ​ពួក​គេ​គិត​ថា ប្ដី ឬ​ប្រពន្ធ​​ម្នាក់​នឹង​ផ្ដល់​នូវ​សុខ​សុវត្ថិភាព និង​ការ​បំពេញ​ចិត្ត​ដែល​មិន​ចេះ​ចប់​ឲ្យ​ពួក​គេ​បាន។ ខ្ញុំ​អាច​ប្រាប់​បាន​ថា ការ​នេះ​មិន​ពិត​នោះ​ទេ។ ប្ដី​ប្រពន្ធ​អាច​បំពេញ​តម្រូវ​ការ​របស់​យើង​បាន​តែ​មួយ​កម្រិត​ប៉ុណ្ណោះ តែ​មិន​បាន​ពេញ​ទាំង​ស្រុង​ទេ។ មាន​តែ​ព្រះ​យេស៊ូវ​ទេ​ដែល​អាច​ធ្វើ​វា​បាន។ ចូរ​កុំ​រំពឹង​ថា ប្ដី ឬ​ប្រពន្ធ​របស់​លោក​អ្នក​នឹង​ក្លាយ​ទៅ​ជា​អ្វី​មួយ ហើយ​ធ្វើ​សម្រាប់​លោក​អ្នក​នូវ​អ្វី​ដែល​មាន​តែ​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​សម្រាប់​លោក​អ្នក​បាន​នោះ​ឡើយ។

ប្រសិន​បើ​អ្នក «ត្រូវ​ការ» ប្ដី ឬ​ប្រពន្ធ​របស់​លោក​អ្នក នោះ​លោក​អ្នក​កំពុង​តែ​ប្រើ​ប្រាស់​ប្ដី ឬ​ប្រពន្ធ​របស់​លោក​អ្នក​ហើយ មិន​មែន​កំពុង​ស្រឡាញ់​ពួក​គាត់​នោះ​ទេ។ នេះ​ជា​ការ​ពិត ព្រោះ​ថា​សេចក្ដី​ស្រឡាញ់​របស់​លោក​អ្នក​នឹង​តែង​តែ​មាន​ខ្សែ​ខ្វែង​ខ្វាត់​ប្រ​ទាក់​គ្នា។ វា​គ្រាន់​តែ​ពេល​ដែល​តម្រូវ​ការ​របស់​អ្នក​បាន​បំពេញ​ក្នុង​ព្រះ​គ្រីស្ទ​ពេញ​លេញ ហើយ​នោះ​លោក​អ្នក​អាច​ស្រឡាញ់​ប្ដី ឬ​ប្រពន្ធ​របស់​ខ្លួន​បាន​ដោយ​មិន​ត្រូវ​ការ​អ្វី​ផ្សេងៗ​ពី​ពួក​គាត់​ត្រឡប់​មក​វិញ​ឡើយ។

៣. សារៈ​សំខាន់​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​មិន​អាច​លើស​លុប​ពេក​ទេ
ស្ទើរ​តែ​គ្រប់​ជម្លោះ​ទាំង​អស់​នៅ​ក្នុង​អាពាហ៍ពិពាហ៍​របស់​យើង​ពាក់​ព័ន្ធ​គ្នា​នឹង​កង្វះ​ខាត​នៃ​ការ​មាន​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​គ្នា។ នៅ​ពេល​យើង​មិន​ព្រម​ប្រាស្រ័យ​ទាក់ទង​គ្នា​ពី​ជីវិត​ទាំង​ពីរ​របស់​យើង​ទាំង​ខាង​ក្នុង និង​ទាំង​ខាង​ក្រៅ​ទេ​នោះ យើង​ត្រូវ​ប្រឈម​បញ្ហា។ ពេល​ទន្ទឹម​គ្នា​ដែរ ឱកាស​ដែល​ធ្លាប់​មាន​ឲ្យ​គ្នា និង​ពេញ​ដោយ​អត្ថន័យ​បំផុត​នោះ​បាន​ងាក​ចេញ​ពី​ការ​ប្រាស្រ័យ​ទាក់​ទង​បែប​ស្មោះ​ត្រង់ និង​បើក​ចំហ​លើ​រឿង​គ្រប់​​ទាំង​អស់​ដែល​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​របស់​យើង​ចូល​ទៅ​កាន់​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ផ្នែក​ដ៏​ជ្រៅ​បំផុត​របស់​យើង។

សូម​កុំ​សន្មត​ថា ប្ដី ឬ​ប្រពន្ធ​របស់​លោក​អ្នក​ដឹង​ថា លោក​អ្នក​កំពុង​គិត និង​មាន​អារម្មណ៍​ដូច​ម្ដេច​ខ្លះ​នោះ​ឡើយ។ សូម​ប្រាប់​ពួក​គាត់ ក៏​កុំ​ខ្លាច​នឹង​សួរ​នោះ​ដែរ។ ប្រសិន​បើ​លោក​អ្នក​មិន​ច្បាស់​ថា ប្ដី ឬ​ប្រពន្ធ​របស់​លោក​អ្នក​កំពុង​គិត ឬ​កំពុង​មាន​អារម្មណ៍​បែប​ណា​នោះ​ទេ សូម​សួរ​ពួក​គាត់។ នោះ​ជា​មធ្យោបាយ​ដែល​លឿន​បំផុត​ដើម្បី​ដឹង។

៤. ចូរ​ទៅ​ចាប់​ចចក
ក្នុង​បទ​ចម្រៀង​របស់ សាឡូម៉ូន ២:១៥ កូន​ក្រមុំ​របស់​សាឡូម៉ូន​ស្រែក​ហៅ​គាត់​បែប​ជា​កំណាព្យ​ឲ្យ​ចាប់​កូន​ចចក​តូចៗ​ដែល​បំផ្លាញ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ពួក​គេ។ កូន​ចចក​តូចៗ​ទាំង​នោះ​គឺ​ជា​ឥទ្ធិពល​ទាំង​ប៉ុន្មាន​ដែល​ពិបាក​បក​ស្រាយ​ដែល​ជា​រឿយៗ​ពួក​វា​ចេញ​ដើរ​គ្មាន​ដំណឹង​នៅ​ក្នុង​ទំនាក់​ទំនង​មួយ​ឡើយ។ លោក​អ្នក​ត្រូវ​តែ​កំណត់​នូវ​ទម្លាប់​ទាំង​ប៉ុន្មាន​នេះ​ឲ្យ​បាន ដ្បិត​វា​អាច​បំផ្លាញ​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក ហើយ​សូម​ដោះ​ស្រាយ​ពួក​វា​ឲ្យ​បាន​រហ័ស។

ការ​រំខាន​ពី​ទូរស័ព្ទ​ដៃ​ផ្សេងៗ បាន​បង្អាក់​ការ​សន្ទនា និង​បង្ហាញ​វត្តមាន តែ​មិន​មែន​គ្រប់​ទាំង​អស់​នោះ​ទេ។ ទាំង​អស់​នេះ ដូច​ជា​ឫស​តូចៗ​ដែល​ចាក់​តាម​ផ្លូវ​ដើរ​តាម​ក្រុង​មួយ នៅ​ទី​បំផុត​វា​នឹង​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​ប្រេះ​ស្រាំ និង​បំផ្លាញ​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​បាន ប្រសិន​បើ​លោក​អ្នក​មិន​អាច​កំណត់​ពួក​វា​បាន និង​មិន​បាន​ដក​ពួក​វា​ចេញ​ទេ​នោះ។

៥. ស្វែង​យល់​ពី​ប្ដី ឬ​ប្រពន្ធ​របស់​លោក​អ្នក ជា​ជាង​ឲ្យ​ប្ដី ឬ​ប្រពន្ធ​យល់​ពី​ខ្លួន
ការ​បរាជ័យ​ក្នុង​ការ​យល់​ដឹង​ពី​គ្នា​ជា​រឿយៗ​បាន​ក្លាយ​ទៅ​ជា​បញ្ហា​បង្ក​ដែល​គួរ​គូស​ចំណាំ​សម្រាប់​កង្វះ​ខាត​ផ្សេងៗ​នៃ​ភាព​ស្និទ្ធ​ស្នាល​អាពាហ៍ពិពាហ៍​ដែល​យើង​បាន​ដក​ពិសោធ។ ជា​ញឹកញាប់ យើង​ព្យាយាម​ក្នុង​ការ​ធ្វើ​ឲ្យ​ប្ដី ឬ​ប្រពន្ធ​​របស់​យើង «យល់​ពី​យើង» ខ្លាំង​ពេក​ដែល​យើង​បរាជ័យ ដើម្បី​យល់​ពី​ចំណុច​ទាំង​នោះ​ក្នុង​ពេល​ដំណើរ​ការ​នោះ។ នៅ​ពេល​យើង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​លើ​ខ្លួន​យើង នោះ​យើង​កំពុង​សម្លាប់​ភាព​ស្និទ្ធ​ស្នាល​នោះ​ហើយ។ ពេល​ដែល​យើង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្ដី ឬ​ប្រពន្ធ​របស់​យើង នោះ​យើង​កំពុង​តែ​បង្កើន​ភាព​ស្និទ្ធ​ស្នាល​នេះ​ឡើង។ សូម​ចំណាយ​ពេល​ស្ដាប់ ដើម្បី​សួរ​សំណួរ​ទាំង​ប៉ុន្មាន និង​ដើម្បី​យល់​ពី​ប្ដី ឬ​ប្រពន្ធ​របស់​លោក​អ្នក​ឲ្យ​បាន​ពិត​ប្រាកដ​មែន។ ប្ដី ឬ​ប្រពន្ធ​របស់​លោក​អ្នក​ក៏​នឹង​​ធ្វើ​សម្រាប់​អ្នក​ដូច​គ្នា​ដែរ។

៦. ចូរ​ចៀស​វាង​ការ​ប្រៀប​ធៀប​ភាព​ខ្លាំង​ទាំង​ប៉ុន្មាន​របស់​លោក​អ្នក​ជា​មួយ​ភាព​ទន់​ខ្សោយ​របស់​ប្ដី ឬ​ប្រពន្ធ​របស់​លោក​អ្នក
វា​អាច​នឹង​កំពុង​អូស​ទាញ​ឲ្យ​រិះ​គន់​ប្ដី ឬ​ប្រពន្ធ​របស់​លោក​អ្នក​នៅ​ត្រង់​ចំណុច​ខ្លាំង​ណា​មួយ​របស់​លោក​អ្នក​កំឡុង​ពេល​មាន​ការ​មិន​យល់​ស្រប​អ្វី​មួយ ប៉ុន្តែ​វា​មិន​យុត្តិ​ធម៌​នោះ​ទេ​ក្នុង​ការ​ធ្វើ​ដូច​នោះ។ លោក​អ្នក​នឹង​តែង​តែ​ឈ្នះ​ក្នុង​ការ​តវ៉ា​នោះ។ ហើយ​ពេល​លោក​អ្នក​ធ្វើ​ដូច​នោះ នោះ​លោក​អ្នក​នឹង​គ្មាន​អ្វី​ដើម្បី​យក​មក​បង្ហាញ​សម្រាប់​ការ​តវ៉ា​នោះ​ឡើយ គឺ​មាន​តែ​ជីវិត​អាពាហ៍ពិពាហ៍​ដែល​ខ្ទេច​ខ្ទាំ​មួយ​ប៉ុណ្ណោះ។ វិធី​សាស្ត្រ​មួយ​នេះ​កំពុង​តែ​បំពេញ​នូវ​ការ​ពេញ​ចិត្ត តែ​វា​បំផ្លិច​បំផ្លាញ​ទេ។ ចូរ​កុំ​ស៊ី​នុយ​នោះ​ឲ្យ​សោះ។ ផ្ទុយ​ទៅ​វិញ ស្វែង​រក​ការ​សន្ទនា​ដែល​មាន​ពេញ​ដោយ​វត្ថុ​បំណង​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​នោះ​ខ្លួន​វា​វិញ។ ការ​នេះ​នឹង​ជួយ​លោក​អ្នក​ទាំង​សង​ខាង​ឲ្យ​រីក​ចម្រើន​ដោយ​គ្មាន​ការ​បញ្ឆេះ​អារម្មណ៍​នៃ​អំនួត​ដែល​មាន​នៅ​ក្នុង​ខ្លួន​ឯង​ទេ។

៧. ចូរ​សប្បាយ​ឲ្យ​បាន​ច្រើន។ សំណើច​គឺ​ជា​សញ្ញា​ដ៏​ល្អ​មួយ​នៃ​សុខ​ភាព​អាពាហ៍ពិពាហ៍
ព្រះ​ជាម្ចាស់​បាន​ប្រទាន​ជីវិត​ដល់​យើង ដើម្បី​ឲ្យ​យើង​អាច​មាន​អំណរ​ជា​មួយ​ជីវិត​មួយ​នេះ។ អាពាហ៍ពិពាហ៍​ថ្មោង​ថ្មី​ជា​រឿយៗ​លឺ​គេ​ប្រាប់​ថា ជីវិត​អាពាហ៍ពិពាហ៍​កើត​ឡើង​សម្រាប់​ភាព​បរិសុទ្ធ មិន​មែន​គ្រាន់​តែ​ដើម្បី​សុភមង្គល​នោះ​ឡើយ តែ​ភាព​ផ្ទុយ​គ្នា​នេះ​ក៏​ជា​ការ​ពិត​ដែរ។ ជីវិត​អាពាហ៍ពិពាហ៍​កើត​មាន​ឡើង​សម្រាប់​សុភមង្គល​ប៉ុណ្ណា នោះ​វា​ក៏​កើត​មាន​ឡើង​សម្រាប់​ភាព​បរិសុទ្ធ​ប៉ុណ្ណោះ​ដែរ។ គន្លឹះ​នោះ​គឺ​ត្រូវ​ចាប់​យក​មួយ ដោយ​មិន​បណ្ដោយ​ឲ្យ​អ្វី​ផ្សេង​ទៀត​របូត​ទៅ​ឡើយ។ ចូរ​ដេញ​តាម​ភាព​បរិសុទ្ធ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​ជា​មួយ​នឹង​កម្លាំង​ដ៏​អស្ចារ្យ ហើយ​ចូរ​ដេញ​តាម​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​ជា​មួយ​កម្រិត​ដូច​គ្នា​នោះ​ដែរ។ ចូរ​និយាយ​រឿង​កំប្លែង​ផ្សេងៗ ធ្វើ​អ្វី​បែប​ភ្លាវៗ ចូរ​ធ្វើ​ការ​ណាត់​ជួប​ផ្សេងៗ ចូរ​ក្រេប​ឲ្យ​បាន​ជ្រៅ និង​ជញ្ជក់​អ្វី​ដែល​មាន​ក្នុង​ជីវិត។ ដ្បិត​នៅ​ក្នុង​កិច្ចការ​នេះ​យើង​កំពុង​ភ្លក់​ឱ​ជា​រស​មួយ​ពី​ស្ថាន​សួគ៌។

ទាំង​នេះ​គឺ​ជា​មេ​រៀន​ទាំង​ប៉ុន្មាន​ដែល​ព្រះ​អម្ចាស់​បាន​បង្រៀន​យើង​ក្នុង​នាម​ជា​ប្ដី និង​ប្រពន្ធ។ ពួក​យើង​បាន​មាន​អំណរ​ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​ដ៏​មាន​គុណ​ភាព​នៃ​ជីវិត​អាពាហ៍ពិពាហ៍​នេះ ហើយ​ជា​មួយ​ការ​ហាត់​អនុវត្ត​ទាំង​ប្រាំ​ពីរ​នេះ​ដែរ នោះ​យើង​សង្ឃឹម​ថា នឹង​មាន​អំណរ​ថែម​ទៀត។

ប្រសិន​បើ​លោក​អ្នក​ពេញ​ចិត្ត​នឹង​អត្ថបទ​នេះ​ទៅ​លើ​ដំបូន្មាន​អាពាហ៍ពិពាហ៍​សម្រាប់​គ្រីស្ទ​បរិស័ទ លោក​អ្នក​ប្រហែល​ជា​អាច​ចូល​ចិត្ត៖

– ដំបូន្មាន​ដែល​អាច​យក​ទៅ​អនុវត្ត​មួយ​ចំនួន​លើ​ពិធី​ភ្ជាប់​ពាក្យ​គ្រីស្ទ​បរិស័ទ​សម្រាប់​ត្រៀម​រៀប​អាពាហ៍ពិពាហ៍
– ការ​ណាត់​ជួប​គ្នា​បែប​គ្រីស្ទ​បរិស័ទ​សម្រាប់​បុរសៗ
– អត្ថបទ​គ្រីស្ទ​បរិស័ទ​ផ្សេងៗ​ដែល​ល្អ​បំផុត​ទៅ​លើ​ភាព​នៅ​លីវ ការ​ណាត់​ជួប​គ្នា និង​អាពាហ៍ពិពាហ៍

និពន្ធ​ដោយ៖ Trevor Nashleanas
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី gospelrelevance.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ខ្ញុំ​អាច​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​​បាន​ដោយ​របៀប​ណា?

ការ​អធិស្ឋាន​ក្នុង​ការ​បង្កើត​សិស្ស​​តាម​រយៈ​​ទំនាក់​ទំនង​នៅ​ចំណោម​បង​ប្អូន​ស្រីៗ