in ,

ការ​ស្ដាប់​បទ​ចម្រៀង

Should a Christian listen to secular music?

មាន​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​នាក់​តែង​តែ​ងឿង​ឆ្ងល់​អំពី​សំណួរ​មួយ​នេះ។ មាន​តារា​ចម្រៀង​ខាង​ឯ​លោកីយ៍​ជា​ច្រើន​នាក់​ដែល​មាន​ទេពកោសល្យ​យ៉ាង​ខ្លាំង។ យើង​អាច​ទទួល​បាន​ភាព​រីករាយ​ជា​ច្រើន​បែប​ចេញពី​ចម្រៀង​ខាង​ឯ​លោកីយ៍។ មាន​ចម្រៀង​ខាង​ឯ​លោកីយ៍​ជា​ច្រើន​ដែល​យើង​អាច​ងាយ​នឹង​ចង​ចាំ​នូវ​ចង្វាក់ភ្លេង​របស់​វា​បាន មាន​ការ​យល់​ដឹង​ដ៏​ជ្រៅ​ជ្រះ នឹង​មាន​សារ​បែប​វិជ្ជមាន​ជា​ច្រើន​ប្រភេទ​ដែរ។ បើ​ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​ថា តើ​យើង​គួរ ឬ​ក៏​មិន​គួរ​ស្ដាប់​ចម្រៀង​បែប​លោកីយ៍ ជា​ដំបូង​យើង​ត្រូវ​តែ​ពិចារណា​លើ​ចំណុច​ដ៏​សំ​ខាន់ៗ​បី​យ៉ាង​នេះ​ជា​មុន​សិន៖ ១) គោល​បំណង​ចម្រៀង ២) ស្ទាយ​ចម្រៀង ៣) តើ​ចម្រៀង​ទាំង​នោះ​និយាយ​អំពី​អ្វី​ខ្លះ។

១) គោល​បំណង​ចម្រៀង

តើ​ព្រះ​ជាម្ចាស់​គ្រាន់​តែ​បង្កើត​តន្ត្រី​មក ដើម្បី​ជា​ការ​ថ្វាយ​បង្គំ ឬ​ក៏​ថា តើ​ព្រះ​អង្គ​មាន​បំណង​ចង់​ឲ្យ​យើង​ប្រើ​ប្រាស់​តន្ត្រី​ទាំង​នោះ​ឲ្យ​មាន​ការ​រីករាយ និង​ការ​ធ្វើឲ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ​ដែរ​ឬ​ទេ? ស្ដេច ដាវីឌ គឺ​ជា​បុគ្គល​ដ៏​ល្បីល្បាញ​ជាង​គេ​បំផុត​ខាង​ឯ​តន្ត្រី​ចម្រៀង​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ ហើយ​ទ្រង់​ប្រើ​ប្រាស់​បទ​ចម្រៀង​ជា​ចម្បង​សម្រាប់​គោល​បំណង​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់ (ទំនុក​តម្កើង ៤:១; ៦:១; ៥៤:១; ៥៥:១; ៦១:១; ៦៧:១; ៧៦:១)។ ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​ពេល​ដែល​វិញ្ញាណ​អាក្រក់​មក​ធ្វើ​បាប​ស្ដេច សូល ក៏​ទ្រង់​បាន​ហៅ​ឲ្យ​លោក ដាវីឌ មក​ដេញ​ពិន ដើម្បី​បន្ធូរ​អារម្មណ៍​ទ្រង់​ផង​ដែរ (១សាំយូអែល ១៦:១៤-២៣)។ សាសន៍​អ៊‌ីស្រាអែល​ក៏​បាន​ប្រើ​ប្រាស់​ឧបករណ៍​ភ្លេង ដើម្បី​ប្រកាស​អំពី​អាសន្ន (នេហេមា ៤:២០) និង​ដើម្បី​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​ពួក​គាត់​មាន​ការ​ស្លន់ស្លោ​ផង​ដែរ (ពួកចៅហ្វាយ ៧:១៦-២២)។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​សាវ័ក ប៉ុល បាន​ដាស់​តឿន​ឲ្យ​គ្រីស្ទ​បរិស័ទ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​ប្រាស់​បទ​ចម្រៀង៖ «ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បទ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ នឹង​ចម្រៀង​ខាង​ឯ​វិញ្ញាណ ព្រម​ទាំង​ច្រៀង ហើយ​សរសើរ​ដល់​ព្រះ​អម្ចាស់​ដោយ​ចិត្ត» (អេភេសូរ ៥:១៩)។ សរុប​សេចក្ដី​ទៅ ទោះ​បើ​គោល​បំណង​ចម្បង​នៃ​តន្ត្រី មើល​ទៅ​ហាក់​បី​ដូច​ជា​ទាក់ទង​ទៅ​នឹង​តែ​ការ​ថ្វាយ​បង្គំ​ក៏​ដោយ ក៏​ព្រះ​គម្ពីរ​នៅ​តែ​អនុញ្ញាត​ឲ្យ​យើង​ប្រើ​ប្រាស់​តន្ត្រី និង​ចម្រៀង​សម្រាប់​ការ​មួយ​ចំនួន​ទៀត​បាន​ផង​ដែរ។

២) ស្ទាយ​ចម្រៀង

ជា​ការ​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ណាស់​ដែល​ត្រង់​ថា ស្ទាយ​ចម្រៀង​គឺជា​ចំណុច​ដែល​ធ្វើ​ឲ្យ​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​នាក់​បែក​បាក់​គ្នា។ មាន​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​បាន​និយាយ​យ៉ាង​ម៉ឺង​ម៉ាត់​ថា យើង​មិន​គួរ​ប្រើ​ប្រាស់​ឧបករណ៍​ណា​មួយ​ក្នុង​ការ​ប្រគំ​តន្ត្រី​នោះ​ទេ។ មាន​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​ទៀត​មាន​ចិត្ត​ចង់​តែ​ច្រៀង​បទ​ចម្រៀង​បែប «ទំនុក​បរិសុទ្ធ»។ ហើយ​ក៏​នៅ​តែ​មាន​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​ទៀត​ដែល​ចង់​តែ​ប្រើ​ប្រាស់​បទ​ចម្រៀង​តាម​បែប​សម័យ​កាល​នេះ និង​ដូច​ជា​មាន​ចង្វាក់​ភ្លេង​រៀង​ខ្លាំងៗ​ដែរ។ នៅ​មាន​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​ទៀត​បាន​អះអាង​ថា ពួក​គាត់​អាច​ថ្វាយ​បង្គំ​បាន​យ៉ាង​ល្អ​ប្រសើរ​តែ​ក្នុង​បរិយាកាស​នៃ​ការ​ប្រគំ​តន្ត្រី​បែប​ចង្វាក់​ភ្លេង​រ៉ុក (“rock concert”)។ ជា​ជាង​ទទួល​ស្គាល់​ថា ចង្វាក់​ភ្លេង​ខុសៗ​គ្នា​បែប​នោះ​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​បែប​បុគ្គល ក៏​ដូច​ជា​ចំណុច​ខុសៗ​គ្នា​នៃ​ប្រពៃណី គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​បែរ​ទៅ​ជា​អះអាង​ថា ចង្វាក់​ភ្លេង​ស្ទាយ​ដែល​ពួក​គាត់​ចូល​ចិត្ត​ទាក់ទង​នឹង​តន្ត្រី និង​ចម្រៀង​គឺ​មាន​តែ​ចង្វាក់​ភ្លេង​បែប​នោះ​ទេ​ដែល​ស៊ី​គ្នា​ទៅ​នឹង​ព្រះ​គម្ពីរ ហើយ​ក៏​ថែម​ទាំង​អះអាង​ថា រាល់​ចង្វាក់​ភ្លេង​តាម​បែប​ផ្សេងៗ​ទៀត​គឺ​មិន​ល្អ មិន​បរិសុទ្ធ ក៏​ដូច​ជា​ចេញ​ពី​សាតាំង​ផ្ទាល់​តែ​ម្ដង។

ព្រះ​គម្ពីរ​មិន​ដែល​មាន​លើក​ឡើង​នៅ​ក្នុង​ខ​ណា​មួយ​ឡើយ​ដែល​ទាក់ទង​ទៅ​នឹង​ការ​ថ្កោល​ទោស​ស្ទាយ​ចម្រៀង​ណា​មួយ​នោះ​ទេ។ ហើយ​ព្រះ​គម្ពីរ​ក៏​មិន​ដែល​ប្រកាស​ថា ឧបករណ៍​ភ្លេង​ណា​មួយ​មិន​ល្អ​បរិសុទ្ធ​នោះ​ដែរ។ ព្រះ​គម្ពីរ​មាន​លើក​ឡើង​ជា​ច្រើន​ប្រភេទ​ទាក់ទង​ទៅ​នឹង​ឧបករណ៍​ភ្លេង​បែប​ខ្សែ និង​ឧបករណ៍​ភ្លេង​បែប​ផ្លុំ​ជា​ខ្យល់។ ទោះ​បើ​ព្រះ​គម្ពីរ​មិន​បាន​លើក​ឡើង​យ៉ាង​ចំៗ​អំពី​ស្គរ​ក៏​ដោយ ក៏​ព្រះ​គម្ពីរ​នៅ​តែ​បាន​លើក​ឡើង​អំពី​ឧបករណ៍​បែប​គោះ​ផង​ដែរ (ទំនុក​តម្កើង ៦៨:២៥; អែសរ៉ា ៣:១០)។ ស្ទើរ​តែ​គ្រប់​ឧបករណ៍​ភ្លេង​នៅ​ក្នុង​សម័យ​នេះ​គឺ​សុទ្ធ​តែ​ជា​ការ​កែ​សម្រួល ឬក៏​ការ​បញ្ចូល​បន្ថែម​នៃ​ឧបករណ៍​ភ្លេង​ពី​សម័យ​មុន ហើយ​ក៏​គ្រាន់​តែ​ជា​ការ​លេង​ដោយ​មាន​ល្បឿន​ខុសៗ​គ្នា ឬក៏​ការ​ផ្ដោត​ទៅ​លើ​ភាព​ខុសៗ​គ្នា​តែ​ប៉ុណ្ណោះ។ គ្មាន​ខ​គម្ពីរ​ណា​មួយ​ដែល​យើង​អាច​យក​មក​ប្រើ​ប្រាស់​ជា​មូល​ដ្ឋាន ដើម្បី​ប្រកាស​ថា ស្ទាយ​ចម្រៀង​មួយ​ណា​គឺ​ជា​ស្ទា​យ​ដែល​មិន​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​ជាម្ចាស់ ឬ​ក៏​ជា​ស្ទាយ​ដែល​មិន​ស្ថិត​នៅ​ក្រោម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​បាន​ទេ។

៣) តើ​បទ​ចម្រៀង​នោះ​បាន​និយាយ​រៀប​រាប់​អំពី​អ្វីខ្លះ?

ដូច​ដែល​យើង​បាន​ឃើញ​ហើយ​ថា គោល​បំណង ឬ​ក៏​ស្ទាយ​ចម្រៀង​គឺ​មិន​មែន​ជា​ចំណុច​មូល​ដ្ឋាន​នៃ​ការ​សម្រេច​ចិត្ត​ថា តើ​គ្រីស្ទ​បរិស័ទ​គួរ​ស្ដាប់​ចម្រៀង​លោកីយ៍ ឬ​ក៏​អត់​នោះ​ទេ។ ដូច្នេះ ឥឡូវ​នេះ​យើង​ត្រូវ​តែ​ពិចារណា​លើ​ចំណុច​ថា តើ​បទ​ចម្រៀង​នោះ​និយាយ​អំពីអ្វី? ទោះ​បើ​កណ្ឌ​គម្ពីរ ភីលីព ៤:៨ មិន​បាន​និយាយ​យ៉ាង​ចំៗ​ទាក់ទង​ទៅ​នឹង​តន្ត្រី​ក៏​ដោយ ក៏​ខ​គម្ពីរ​មួយ​នេះ​នៅ​តែ​ណែនាំ​យ៉ាង​ល្អ​ទាក់ទង​ទៅ​នឹង​ពាក្យ​ពេចន៍​ផង​ដែរ៖ «មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្ដី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្ដី​ទាំងនោះ​ចុះ»។ ប្រសិន​បើ​ឲ្យ​យើង​មាន​ការ​គិត​គូ​អំពី​ចំណុច​បែបៗ​នោះ ប្រាកដ​ណាស់​ចំណុច​នោះ​ឯង​គឺ​ជា​អ្វី​ដែល​យើង​គួរ​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​ចិត្ត​គំនិត​របស់​យើង តាមរយៈ​តន្ត្រី និង​ពាក្យ​ពេចន៍​នៅ​ក្នុង​បទ​ចម្រៀង។ តើ​ពាក្យ​ពេចន៍​នៅ​ក្នុង​បទ​ចម្រៀង​បែប​លោកីយ៍​អាច​មាន​សេចក្ដី​ពិត គួរ​រាប់អាន សុចរិត បរិសុទ្ធ គួរ​ឲ្យ​ស្រឡាញ់ មាន​ឈ្មោះ​ល្អ មាន​សគុណ និង​គួរ​ឲ្យ​សរសើរ​បាន​ដែរ​ឬ​ទេ? ប្រសិន​បើ​មាន​មែន ខណៈ​ពេល​ដែល​គ្រីស្ទ​បរិស័ទ​ស្ដាប់​បទ​ចម្រៀង​លោកីយ៍​ដែល​មាន​លក្ខណៈ​បែប​នោះ នោះ​គ្មានអ្វី​ខុស​ឆ្គង​ទេ។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ក៏​យើង​នៅ​ឃើញ​ផង​ដែរ​ថា បទ​ចម្រៀង​លោកីយ៍​ជា​ច្រើន​មិន​ស៊ី​គ្នា​ទៅ​នឹង​ស្តង់ដារ​នៃ​កណ្ឌ​គម្ពីរ ភីលីព ៤:៨ ទេ។ ជា​ទូ​ទៅ បទ​ចម្រៀង​លោកីយ៍​ឲ្យ​តម្លៃ​លើ​ភាព​អសីលធម៌ និង​អំពើ​ហិង្សា ហើយ​ស្រប​គ្នា​នោះ​ដែរ​ក៏​មិន​ឲ្យ​តម្លៃ​លើ​ភាព​បរិសុទ្ធ និង​សច្ចៈ​ធម៌​នោះ​ឡើយ។ ប្រសិន​បើ​បទ​ចម្រៀង​មួយ​នោះ​ឲ្យ​តម្លៃ​លើ​អ្វី​ដែល​ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ នោះ​គ្រីស្ទ​បរិស័ទ​ក៏​មិន​គួរ​ស្ដាប់​វា​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ក៏​នៅ​តែ​មាន​បទ​ចម្រៀង​បែប​លោកីយ៍​ជា​ច្រើន​ដែល​មិន​បាន​និយាយ​អំពី​ព្រះ​ជាម្ចាស់ ប៉ុន្តែ​វា​ឲ្យ​តម្លៃ​បែប​កោត​ខ្លាច​ព្រះ​ជាម្ចាស់​ដោយ​មាន​លក្ខណៈ​ស្មោះ​ត្រង់ បរិសុទ្ធ និង​សច្ចៈ​ធម៌​ផង​ដែរ។ ប្រសិន​បើ​មាន​បទ​ចម្រៀង​បែប​ស្នេហា​ណា​មួយ​ឲ្យ​តម្លៃ​ទៅ​លើ​ភាព​បរិសុទ្ធ​នៃ​ជីវិត​អាពាហ៍ពិពាហ៍​ឬ ក៏​ភាព​បរិសុទ្ធ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត ហើយ​ទោះ​បើ​បទ​ចម្រៀង​មួយ​នោះ​មិន​និយាយ​អំពី​ព្រះ​ជាម្ចាស់ ឬក៏​អំពី​ព្រះ​បន្ទូល​ក៏ដោយ ក៏​យើង​នៅ​តែ​អាច​ស្ដាប់​បទ​ចម្រៀង​នោះ​បាន ហើយ​មាន​សេចក្ដី​អរ​សប្បាយ​ជា​មួយ​នឹង​វា​បាន​ដែរ។

ចំណុច​ណា​មួយ​ដែល​បុគ្គល​ណា​ម្នាក់​អនុញ្ញាត​ឲ្យ​វា​ជ្រាប​ចូល​ក្នុង​ខួរ​ក្បាល​របស់​គាត់ នោះ​មិន​យូរ​មិន​ឆាប់​ចំណុច​នោះ​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​របៀប​និយាយ​ស្ដី និង​ទង្វើ​របស់​គាត់​ជា​មិន​ខាន។ គោល​បំណង​នៃ​កណ្ឌ​គម្ពីរ ភីលីព ៤:៨ និង​កូឡូស ៣:២, ៥៖ ចូរ​បង្កើត​ឲ្យ​មាន​លំនាំ​នៃ​ការ​គិតគូរ​ដែល​បរិសុទ្ធ។ កណ្ឌ​គម្ពីរ ២កូរិនថូស ១០:៥ បាន​បង្គាប់​យើង​ឲ្យ «នាំ​អស់​ទាំង​គំនិត​ឲ្យ​ចុះ​ចូល​ស្ដាប់​បង្គាប់​ព្រះ​គ្រីស្ទ​វិញ»។ ខ​គម្ពីរ​ទាំង​នេះ​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​ទាក់ទង​ទៅ​នឹង​ប្រភេទ​នៃ​បទ​ចម្រៀង​ដែល​យើង​មិន​គួរ​ស្ដាប់។

ប្រាកដ​ណាស់! ប្រភេទ​នៃ​តន្ត្រី និង​បទ​ចម្រៀង​ដ៏​ល្អ​បំផុត​គឺ​ជា​បែប​ដែល​សរសើរ​តម្កើង និង​ថ្វាយ​សិរីល្អ​ទៅ​កាន់​ព្រះ​ជាម្ចាស់។ មាន​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​ដែល​មាន​ទេពកោសល្យ​ខាង​ឯ​តន្ត្រី និង​ចម្រៀង​ហើយ​ពួក​គាត់​មាន​ចំណែក​ស្ទើរ​តែ​ក្នុង​គ្រប់​ប្រភេទ​នៃ​បទ​ចម្រៀង ដែល​មាន​ចាប់​តាំងពី​បទ​ញាក់ បទ​ស៊្លូ បទ​កន្ត្រាក់​អារម្មណ៍ បទ​រ៉េប។ល។ គ្មាន​ចំណុច​អាក្រក់​ពី​ធាតុ​ដើម​នៃ​ស្ទាយ​តន្ត្រី និង​ចម្រៀង​ណាមួយ​នោះ​ទេ។ គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​ពាក្យ​ពេចន៍​នៃ​បទ​ចម្រៀង​តែ​ប៉ុណ្ណោះ ដែល​នឹង​ធ្វើ​ឲ្យ​គ្រីស្ទ​បរិស័ទ​សម្រេច​ចិត្ត​ថា «វា​ត្រឹម​ត្រូវ ឬក៏​មិន​ត្រឹម​ត្រូវ» សម្រាប់​យក​មក​ស្ដាប់។ មិន​ថា​អ្វី​ក៏​ដោយ​ប្រសិន​បើ​វា​អាច​នាំ​ឲ្យ​លោក​អ្នក​គិត​អំពី​វា ឬ​ក៏​នាំ​ឲ្យ​លោក​អ្នក​មាន​ចំណែក​ក្នុង​ការ​ធ្វើអ្វី​មួយ​ដែល​មិន​ថ្វាយ​សិរីល្អ​ទៅ​កាន់​ព្រះ​ជាម្ចាស់ នោះ​លោក​អ្នក​គួរតែ​គេច​ឲ្យ​ផុត​ពី​វា​ទៅ។

និពន្ធដោយ៖ ក្រុមការងារ Got Questions
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖លោក ទេព រ៉ូ, លោក ខែម បូឡុង , និងលោកស្រីឡូញស្រីរដ្ឋ
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

​សេចក្ដី​ពិត

ដំណឹង​ល្អ​