ថ្មីៗនេះ មានគ្រូពេទ្យម្នាក់ពីសាលាវេជ្ជសាស្ត្រហាវ៉ាដ (Harvard Medical School) បានបង្ហោះលើបណ្ដាញសង្គម twitter ថា ជំងឺកូរ៉ូណាគឺជា «កម្រិតជំងឺរាតត្បាតអាចឆ្លងយ៉ាងឆាប់រហ័សដូចគ្រាប់បែកនុយក្លេអ៊ែរផ្ទុះអញ្ចឹង» (“thermonuclear pandemic level bad”) ហើយគេបានចែករំលែកការបង្ហោះរបស់គាត់ច្រើនជាង ១៦០០០ ដងទៅទៀត!
ប៉ុន្តែ តើការអះអាងរបស់គាត់មានមូលដ្ឋានលើភស្តុតាងដែរឬទេ? គ្រប់អ្វីៗគឺស៊ីសងគ្នាទៅលើការសន្មត R0 នៃជំងឺ។ R0 (“R naught”) គឺជាសញ្ញាមួយផ្នែកគណិតវិទ្យា ដែលទាក់ទងត្រង់ថា តើជំងឺនោះអាចមានការឆ្លងដល់កម្រិតណាល។ គេបានសន្មតថា កម្រិតជំងឺរាតត្បាតអាចរាលដាលក្នុងចន្លោះ R0 ១.៤-៣.៨។ ប៉ុន្តែ ឥឡូវនេះ ដោយសារយើងមានព័ត៌មានថ្មីបន្ថែម ការសន្មតនៃ ៣.៨ ត្រូវបានធ្លាក់ចុះដល់ ២.៥ វិញ។
សរុបសេចក្ដីទៅ តើអ្នកណាខុស អ្នកណាត្រូវ? តើជំងឺកូរ៉ូណានេះអាក្រក់ដូចដែលគេបានលើកឡើងមែនឬ? តាមពិតទៅ ជាចំណុចដំបូង ការសន្មត R0 នៃជំងឺនេះមិនប្រាប់យើងថា វាអាក្រក់ប៉ុណ្ណានោះទេ គឺគ្រាន់តែប្រាប់យើងថាតើវាអាចឆ្លងដល់កម្រិតណាតែប៉ុណ្ណោះ។ មានជំងឺជាច្រើនដែលអាចឆ្លងដូចជំងឺថ្មីនេះដែរ ហើយខ្លះក៏ឆ្លងលើសនេះទៅទៀត។ ជំងឺផ្ដាសសាយជាប្រចាំឆ្នាំមាន R0 ១.៣ ហើយមនុស្សរាប់លាននាក់ផ្ដាសសាយរាល់ឆ្នាំ។ ជំងឺសារស៍ (SARS) មានកម្រិត R0 ២-៥ ហើយបានរាលដាលឆ្លងដល់មនុស្សប្រមាណតែ ៨០០០ នាក់តែប៉ុណ្ណោះ។ តួលេខ R0 គឺជាការសន្មតថាជំងឺនោះអាចឆ្លងដល់កម្រិតណាតែប៉ុណ្ណោះ។ វាមិនប្រាប់យើងថា តើជំងឺនោះអាចរាលដាលលឿនប៉ុណ្ណានោះទេ។ តាមពិតទៅជំងឺកញ្ជ្រិល (Measles) មានកម្រិត R0 ១២-១៦!
លោកស្រី ម៉ៃយា ម៉ាជូមឌឺ (Maia Majumder) ពីសាលាវេជ្ជសាស្ត្រហាវ៉ាដ (Harvard Medical School) បានលើកឡើងថា៖ «យើងបានគិតខុសដោយគិតថា ការមានកម្រិត R0 ខ្ពស់ នោះមានន័យថា យើងនឹងមិនអាចគេចផុតរួចជៀសចេញពីការមានជំងឺរាតត្បាតនេះ ដែលតាមពិតទៅ វាមិនមែនមានន័យដូចនោះទេ។»
កម្រិត R0 ក៏មិនបានប្រាប់យើងថា តើនឹងមានមនុស្សប៉ុន្មាននាក់ និងស្លាប់ពីជំងឺនេះដែរ។ វាគ្រាន់តែសន្មតអំពីរបៀបនៃការដែលជំងឺនោះអាចរាលដាលក្នុងល្បឿនប៉ុណ្ណាតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ជំងឺកូរ៉ូណាថ្មីនេះមានអត្រាមរណភាពស្លាប់តែប្រមាណ ២% ភាគរយតែប៉ុណ្ណោះ។ តួលេខនេះមិនទាំងជិតដល់អត្រាមរណភាពនៃការស្លាប់នៃ ១០ % ដែលកើតចេញពីជំងឺសារស៍ (SARS) ឬក៏ជំងឺម៉ារស៍ (MERS ដែលជាជំងឺមួយទៀតស្រដៀងនឹងជំងឺកូរ៉ូណាដែលបានកើតឡើងនៅឆ្នាំ ២០១២) ដែលមានអត្រាមរណភាពដល់ ៣៤%។
ដូច្នេះ តើវាជាការល្អទេដែលយើងមានការប្រុងប្រយ័ត្ន ដោយលាងដៃឲ្យបានញឹកញាប់ជាងរាល់ដង? ជាការល្អ។ ប៉ុន្តែ តើយើងចាំបាច់ត្រូវភ័យខ្លាចមែនឬ? ទេ! កុំចេះតែជឿនូវរាល់អ្វីៗដែលលោកអ្នកអាន ឬក៏ឃើញគេបង្ហោះឲ្យសោះ។ ចូររកមើលភស្តុតាង។ ចូរប្រាកដថាឯកសារដែលលោកអ្នកកំពុងតែអានមានលើកឡើងនូវព័ត៌មានចេញពីប្រភពដែលអាចជឿទុកចិត្តបាន។
ហើយលើសពីនោះទៅទៀត ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងមិនចាំបាច់ភ័យខ្លាចទេ ប៉ុន្តែប្រើប្រាស់ឱកាសនេះទុកជាការជឿទុកចិត្តលើព្រះអម្ចាស់ ក្នុងរបៀបដ៏ជ្រាលជ្រៅជាងមុន! ហើយអធិស្ឋានសូមឲ្យមានឱកាស ដើម្បីនឹងប្រកាសដំណឹងល្អជាមួយនឹងក្រុមគ្រួសារ មិត្តភក្ដិ និងអ្នកជិតខាងយើង ខណៈពេលដែលលោកអ្នកមានសន្តិភាពដែលកើតចេញពីការទុកចិត្តលើព្រះអម្ចាស់ ដោយសារលោកអ្នកបានផ្ញើជីវិតផ្ទាល់ខ្លួន និងជីវិតរបស់អស់អ្នកដែលលោកអ្នកស្រឡាញ់ដល់ព្រះអង្គ។
ចូរយើងរម្លឹកគំនិតយើងជាថ្មីជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឲ្យពេលវេលាដូចនេះ មិនឲ្យយើងធ្លាក់ក្នុងសេចក្ដីល្បួងនៃការភ័យខ្លាច ប៉ុន្តែឲ្យយើងជឿទុកចិត្តលើព្រះជាម្ចាស់ដ៏ពេញដោយឥទ្ធិឫទ្ធិចេស្ដាទៅវិញចុះ៖
«ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?» (ទំនុកតម្កើង ២៧:១)។
«ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្ដីស្រឡាញ់ នឹងប្រាជ្ញានឹងធឹងវិញ» (២ធីម៉ូថេ ១:៧)។
ហើយចូរឲ្យយើងសម្លឹងមើលទៅឯថ្ងៃដែលព្រះយេស៊ូវនឹងធ្វើនៅរាល់គ្រប់អ្វីឲ្យថ្មីសារឡើងវិញ ហើយនឹងលែងមានសេចក្ដីស្លាប់ និងជំងឺឈឺស្កាត់ទៀតដែរ!
«ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ» (វិវរណៈ ២១:៤)។
គ្មានអ្វីដែលព្រះធ្វើមិនបាននោះទេចូរជឿទុកចិត្តទ្រង់ចុះអាមែន?❤️️??