in ,

តើ​ក្រុម​ជំនុំ​អាច​ដាក់​ឈើ​ឆ្កាង​បាន​​ដែរ​ឬ​ទេ?

Can churches have crosses on their walls?

https://www.youtube.com/watch?v=rUT8us3eFWo


នៅ​ក្នុង​វប្បធម៌​ខ្មែរ និង​តាម​ពុទ្ធ​សាសនា ការ​ថ្វាយ​បង្គំ​រូប​ព្រះ​គឺ​ជា​អ្វី​ដែល​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ ដូច្នេះ យើង​ខ្ញុំ​យល់​អំពី​ការ​បារម្ភ​ដែល​មនុស្ស​មួយ​ចំនួន​មាន ទាក់​ទង​ទៅ​នឹង​ការ​ដាក់​ឈើ​ឆ្កាង​នៅ​ក្នុង​ក្រុម​ជំនុំ ជា​ពិសេស​នៅ​មុខ​បន្ទប់​ជួប​ជុំ​គ្នា​ថ្វាយ​បង្គំ ដែល​អ្នក​ចូល​រួម​អាច​មាន​ការ​យល់​ច្រឡំ​ថា គ្រីស្ទ​បរិស័ទ​កំពុង​ថ្វាយ​បង្គំ​ឈើ​ឆ្កាង​ដូច​ជា​រូប​ព្រះ​នៃ​សាសនា​ផ្សេងៗ។ យើង​ខ្ញុំ​នឹក​ចាំ​ពី​ភ្ញៀវ​ម្នាក់​ដែល​មក​ចូល​រួម​ក្នុង​ក្រុម​ជំនុំ​យើង ហើយ​ពេល​នោះ​គាត់​បាន​ងឿង​ឆ្ងល់​ដោយ​សួរ​យើង​ខ្ញុំ​ថា «តើ​គ្រីស្ទ​បរិស័ទ​កំពុង​ថ្វាយ​បង្គំ​ឈើ​ឆ្កាង​មែន​ឬ?»។

បើ​ក្រុម​ជំនុំ​មាន​ឈើ​ឆ្កាង​នៅ​ក្នុង​អគារ ឬ​ក៏​ក្នុង​បន្ទប់​ថ្វាយ​បង្គំ តើ​នោះ​ជា​រឿង​ខុស​ឆ្គង​មែន​ឬ?

មនុស្ស​ជា​ច្រើន​នឹង​លើក​ឡើង​ចេញ​ពី​ក្រឹត្យ​វិន័យ​ទាំង​ដប់​ប្រការ ហើយ​និយាយ​ថា «មើល​ចុះ! ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា យើង​មិន​គួរ​មាន​ឈើ​ឆ្កាង​បាន​ឡើយ»។

ប៉ុន្តែ តាម​ពិត​ទៅ ការ​បកស្រាយ​របស់​ពួកគេ​លើ​ក្រឹត្យ​វិន័យ​នេះ វា​សាមញ្ញ​ពេក​ហើយ ហើយ​ក៏​នាំ​ឲ្យ​មាន​ការ​សន្មត​ដ៏​មិន​ត្រឹម​ត្រូវ​ទៀត​ផង។

ជា​ដំបូង សូម​អាន​កណ្ឌ​គម្ពីរ និក្ខមនំ ២០:៤ ដើម្បី​មើល​ថា តើ​មាន​អ្វី​ខុស​អំពី​ការ​យល់​ដឹង​របស់​អស់​អ្នក​ដែល​កាត់​ស្រាយ​ថា មិន​គួរ​មាន​ឈើ​ឆ្កាង​នោះ។

«កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន​សួគ៌​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ផង» (និក្ខមនំ ២០:៤)។

ប្រសិន​ជា​យើង​កាត់​ស្រាយ​ខ​គម្ពីរ​នេះ​ឲ្យ​មាន​អត្ថ​ន័យ​ថា យើង​មិន​អាច​មាន​ឈើ​ឆ្កាង​នៅ​ក្នុង​ក្រុម​ជំនុំ​បាន​ទេ នោះ​ដាច់​ខាត យើង​ក៏​ត្រូវ​តែ​ទទួល​ជឿ​ថា កូនៗ​របស់​យើង​ក៏​មិន​អាច​មាន​តុក្កតា​បាន​ផង​ដែរ មាន​ដូចជា៖ កូន​ឡាន យន្ត​ហោះ ចាន​ឆ្នាំង បាយ​ឡក​បាយ​ឡ ឬ​មើល​រឿង​តុក្កតា។ល។ ហេតុ​អ្វី? ព្រោះ​ខ​គម្ពីរ​បាន​ចែង​ថា «កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​ឯង​ឲ្យ​សោះ…»។

ប៉ុន្តែ យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា ព្រះ​ជាម្ចាស់​មិន​បាន​ហាម​កូនៗ​ជន​ជាតិ​អ៊ីស្រាអែល មិន​ឲ្យ​មាន​របស់​លេង​បែប​ដូច​នោះ​ទេ ឬ​ក៏​ហាម​មិន​ឲ្យ​ពួក​គេ​ធ្វើ​អ្វី​មួយ​ពី​ឈើ ឬ​ក៏​ថ្ម​ចេញ​ពី​រូប​អ្វី​មួយ ដើម្បី​លម្អ​ក្នុង​ផ្ទះ​របស់​ពួក​គេ​ឲ្យ​ស្អាត​នោះ​ដែរ។ តាម​ពិត​ទៅ ព្រះ​ជាម្ចាស់​ផ្ទាល់​បាន​បញ្ជា​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ឆ្លាក់​រូប​លម្អ​ទាំង​នោះ «រួច​ត្រូវ​យក​មាស​សុទ្ធ​ធ្វើ​ជា​ជើង​ចង្កៀង ឯ​ជើង​ចង្កៀង​នោះ​ត្រូវ​ឆ្លាក់​ធ្វើ​ឲ្យ​មាន​គល់ ដើម នប់ កន្សោម​គ្រាប់ ហើយ​និង​ផ្កា​ភ្ជាប់​ជា​មួយ​គ្នា ត្រូវ​មាន​មែក​៦​បែក​ចេញ​មក​ពី​គល់ គឺ​មែក​៣​ម្ខាងៗ នៅ​មែក​១ ត្រូវ​មាន​នប់​៣​រាង​ដូច​ជា​គ្រាប់​ចំបក់ មាន​ទាំង​កន្សោម​គ្រាប់​ហើយ​និង​ផ្កា​ផង ឯ​មែក​ទាំង​៦​ដែល​បែក​ចេញ​ពី​គល់​ជើង​ចង្កៀង​មក នោះ​ក៏​ត្រូវ​មាន​នប់​៣ រាង​ដូច​ជា​គ្រាប់​ចំបក់​ព្រម​ទាំង​កន្សោម​គ្រាប់ ហើយ​និង​ផ្កា ដូច​គ្នា​ទាំង​អស់​ដែរ ឯ​គល់​ជើង​ចង្កៀង​ត្រូវ​មាន​នប់​៤​វិញ រាង​ដូច​ជា​គ្រាប់​ចំបក់​ព្រម​ទាំង​កន្សោម​គ្រាប់ ហើយ​និង​ផ្កា​ផង» (និក្ខមនំ ២៥:៣១-៣៤)! ដូច្នេះ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា បញ្ញត្តិ​បញ្ជា​នេះ​គឺ​មិន​ទាក់​ទង​នឹង​ការ​ហាម​មិន​ឲ្យ​មាន​រូប​ឆ្លាក់ និង​របស់​លេង​នោះ​ទេ។ ប៉ុន្តែ នៅ​ពេល​ដែល​មើល​ទៅ​លើ​បរិបទ​នៃ​ខ​គម្ពីរ​នេះ នោះ​យើង​នឹង​ឃើញ​ថា ការ​ហាម​នេះ​គឺ​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​រួប​ឆ្លាក់​យ៉ាង​ចំៗ​ផ្សេង​ទេ​តើ ពោល​គឺ​ការ​ប្រើប្រាស់​រូប​ឆ្លាក់​សម្រាប់​ជា​ព្រះ ដើម្បី​ថ្វាយ​បង្គំ៖

«កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ។ កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន​សួគ៌​ខាង​លើ ឬ​នៅ​ផែន​ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ផង ក៏​កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំង​នោះ» (និក្ខមនំ ២០:៤-៥ក) ។

ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី សាសន៍​អ៊ីស្រាអែល​នៅ​មាន​សេរីភាព​ក្នុង​ការ​ឆ្លាក់​រូប​គោ សត្វ​ស្លាប ឬ​ក៏​អ្វី​ណា​មួយ​ផ្សេង​ទៀត​ដែល​ពួក​គាត់​ចង់​ធ្វើ តែ​កុំ​ឲ្យ​តែ​ពួក​គាត់​យក​រូប​ទាំង​នោះ​ទៅ​ថ្វាយ​បង្គំ​ដូច​ជា​ព្រះ​បាន​ហើយ។ ប្រសិន​បើ​ពួកគាត់​ធ្វើ​រូប​ណា​មួយ​ឡើង តែ​មិន​មែន​សម្រាប់​ថ្វាយ​បង្គំ នោះ​ក៏​មិនមែន​ជា​បញ្ហា​អ្វី​ដែរ។ គ្រីស្ទ​បរិស័ទ​ក៏​មាន​សេរី​ភាព​ក្នុង​ការ​មាន​រូប​គំនូរ ឬ​ក៏​រូប​ចម្លាក់​ក្នុង​ផ្ទះ ឬ​ក៏​ក្នុង​ក្រុម​ជំនុំ​របស់​ពួក​គាត់​បាន កុំ​ឲ្យ​តែ​ពួក​គាត់​យក​វា​ធ្វើ​ជា​លក្ខណៈ​បែប​ជា​ព្រះ​សម្រាប់​ទុក​ថ្វាយ​បង្គំ​បាន​ហើយ។

លើស​ពី​នេះ​ទៅ​ទៀត ចំពោះ​អស់​អ្នក​ដែល​ភ័ន្ត​ច្រឡំ​ដោយ​គិត​ថា ក្រុម​ជំនុំ​មិន​គួរ​មាន​ឈើ​ឆ្កាង​លើ​ជញ្ជាំង​ព្រះ​វិហារ ឬ​ក៏​កន្លែង​ថ្វាយ​បង្គំ ពួក​គេ​ក៏​មាន​ការ​យល់​ច្រឡំ​ផង​ដែរ​ត្រង់​ថា ពួក​គេ​បាន​យក​ក្រឹត្យ​វិន័យ​របស់​លោក ម៉ូសេ មក​ដាក់​លើ​ក្រុម​ជំនុំ​សញ្ញា​ថ្មី​បែប​យ៉ាង​ខុស​ឆ្គង។ ពីព្រោះ​ទោះ​បើ​ក្រឹត្យ​វិន័យ​របស់​លោក ម៉ូសេ បាន​ហាម​មិន​ឲ្យ​មាន​រួប​ឆ្លាក់ ឬ​ក៏​រូប​ចម្លង​ណា​មួយ​ក៏​ដោយ ក៏​យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ​មិន​ស្ថិត​ក្រោម​ក្រឹត្យ​វិន័យ​ទៀត​ឡើយ ដ្បិត​យើង​មិន​នៅ​ក្រោម​ក្រឹត្យ​វិន័យ​របស់​លោក ម៉ូសេ ទៀត​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​មាន​សេរីភាព​ក្នុង​ព្រះ​គ្រីស្ទ ដូច​ដែល​សាវ័ក ប៉ុល បាន​សរសេរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​កាឡាទី​ដូច​ត​ទៅ៖

«បាន​ជា​ក្រឹត្យ​វិន័យ​ធ្វើ​ជា​អ្នក​ដឹកនាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត ដោយ​អាង​ជំនឿ​តែ​លុះ​កាល​ជំនឿ​បាន​មក​ដល់ នោះ​យើង​មិន​មែន​នៅ​ក្រោម​អំណាច របស់​អ្នក​ដឹក​នាំ​នោះ​ទៀត​ទេ» (កាឡាទី ៣:២៣-២៥)។

«អ្នក​រាល់​គ្នា​ណា​ដែល​ពឹង​ដល់​ក្រឹត្យវិន័យ ឲ្យ​បាន​រាប់​ជា​សុចរិត នោះ​ត្រូវ​កាត់​ចេញ​ពី​ព្រះ​គ្រីស្ទ អ្នក​បាន​ធ្លាក់​ចេញ​ពី​ព្រះ​គុណ​ហើយ» (កាឡាទី ៥:៤)។

«បើ​ព្រះវិញ្ញាណ​ទ្រង់​នាំ​អ្នក​រាល់​គ្នា​វិញ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រឹត្យ​វិន័យ​ទៀត​ទេ» (កាឡាទី ៥:១៨)។

នេះ​មិន​មែន​មាន​ន័យ​ថា គ្រីស្ទ​បរិស័ទ​មាន​សេរី​ភាព​ក្នុង​ការ​ឆ្លាក់​រូប​ព្រះ ហើយ​ថ្វាយ​បង្គំ​ពួក​វា​នោះ​ឡើយ។ យើង​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ទេ! សូម​អាន​បន្ថែម​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១យ៉ូហាន ៥:២១។ ប៉ុន្តែ ខ​គម្ពីរ​នោះ​មាន​ន័យ​ថា យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​លើក​ខ​គម្ពីរ​ណា​មួយ​ក្នុង​ក្រឹត្យ​វិន័យ​លោក ម៉ូសេ យក​មក​ឲ្យ​ក្រុម​ជំនុំ​អនុវត្ត ពីព្រោះ​ក្រុម​ជំនុំ​មិន​ស្ថិត​ក្រោម​ក្រឹត្យ​វិន័យ​ទៀត​ឡើយ។

ពេល​ខ្លះ ការ​ដាក់​ឈើ​ឆ្កាង​នៅ​លើ​ជញ្ជាំង ឬ​ក៏​នៅ​មុខ​ព្រះ​វិហារ​អាច​ទំនង​ល្បួង​ឲ្យ​បុគ្គល​ណា​ម្នាក់​ចង់​ថ្វាយ​បង្គំ​វា​ដូច​ជា​រូប​ព្រះ ក្នុង​ករណី​ដូច​នេះ វា​ជា​ការ​ល្អ​បើ​យើង​ដក​វា​ចេញ។ ប៉ុន្តែ កុំ​ច្រឡំ​ដោយ​គិត​ថា វា​ជា​រូប​ព្រះ ឬ​ក៏​ជា​ចំណុច​សំខាន់​មួយ​នៃ​ផ្នែក​ថ្វាយ​បង្គំ​ព្រះ​តាម​រយៈ​ឈើ​ឆ្កាង​នោះ​ឡើយ។ ក្នុង​សង្គម​គ្រីស្ទ​បរិស័ទ​យើង ជា​ធម្មតា ឈើ​ឆ្កាង​គឺ​ជា​សញ្ញា​តំណាង​មួយ​សម្រាប់​រម្លឹក​យើង​អំពី​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​សម្រេច​នៅ​លើ​ឈើ​ឆ្កាង និង​ជា​ក្ដី​សង្គ្រោះ​ដែល​ព្រះ​អង្គ​នាំ​មក​តាម​រយៈ​ជំនឿ។ សញ្ញា​ឈើ​ឆ្កាង​ក៏​ជា​អ្វី​មួយ​ដែល​ញែក​យើង​ចេញ​ពី​សាសនា​ផ្សេងៗ​ទៀត​នៅ​លើ​លោកីយ៍​នេះ ហើយ​ក៏​ជា​សញ្ញា​ដែល​យើង​អាច​មើល​ឃើញ​ទាក់​ទង​នឹង​ជំនឿ​របស់​យើង​ក្នុង​ព្រះ​គ្រីស្ទ​ដែរ។ ប៉ុន្តែ ព្រះ​គម្ពីរ​ក៏​មិន​ដែល​បាន​បញ្ជា​ឲ្យ​ក្រុម​ជំនុំ​មាន ឬ​ក៏​មិន​មាន​ឈើ​ឆ្កាង​ដូច​នោះ​ផង​ដែរ។

ដូច្នេះ​សរុប​សេចក្ដី​ទៅ ក្រុម​ជំនុំ​មាន​សេរី​ភាព​ក្នុង​ការ​ដាក់​ឈើ​ឆ្កាង ឬ​ក៏​មិន​ដាក់​ឈើ​ឆ្កាង​ក្នុង​ក្រុម​ជំនុំ​ក៏​បាន​ដែរ។

និពន្ធ​ដោយ៖ លោកគ្រូ វ៉ែល ណាថាន
កែសម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ, លោក ខែម បូឡុង, លោកម៉េង មនោ និង​លោកស្រី ឡូញ ណារ៉ុង
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

7 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

កុំ​ឲ្យ​មើល​ខ្លួន​

ខ្ញុំធ្លាប់​បាន​កាន់