in ,

ស្រឡាញ់ខ្លាំង​ប៉ុណ្ណា

Does Jesus love me?

មាន​មនុស្ស​ជា​ច្រើន​នាក់​ឆ្ងល់​ថា តើ​ព្រះ​យេស៊ូវ​ពិត​ជា​ស្រឡាញ់​ពួក​គាត់​មែន​ឬ​អត់។ ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ហើយ​ថា មិន​ថា​យើង​បាន​ប្រព្រឹត្ត​អ្វី​ក៏​ដោយ ក៏​ព្រះ​យេស៊ូវ​នៅ​តែ​ស្រឡាញ់​យើង​ដដែល។ តាម​ពិត​ទៅ ព្រះ​អង្គ​ថែម​ទាំង​សន្យា​ថា​នឹង​អត់​ទោស​នូវ​រាល់​កំហុស​ខុស​ឆ្គង​ដែល​យើង​បាន​ប្រព្រឹត្ត ហើយ​នឹង​ប្រទាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ដោយ​គ្រាន់​តែ​យើង​ទទួល​ជឿ​លើ​ទ្រង់៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ​មួយ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣:១៦)។

កណ្ឌ​គម្ពីរ រ៉ូម ៥:៨ បាន​លើក​ឡើង​ថា «តែ​ឯ​ព្រះ ទ្រង់​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់គ្នា»។ តាំង​ពី​មុន​ពេល​យើង​បាន​កើត​មក​ម្ល៉េះ ព្រះ​ជាម្ចាស់​បាន​ចាត់​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជបុត្រា​តែ​មួយ​អង្គ​គត់​របស់​ព្រះ​អង្គ​ឲ្យ​មក​សុគត​ជំនួស​យើង ដើម្បី​ឲ្យ​យើង​មាន​ឱកាស​ទទួល​បាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច។ ដោយ​សារ​តែ​ព្រះ​គុណ​ដ៏​ល្អ​អស្ចារ្យ​របស់​ទ្រង់​ចំពោះ​យើង នោះ​ហើយ​បាន​ជា​អំណោយ​ទាន​ដ៏​ល្អ​មួយ​នេះ​បាន​មក​ដល់​យើង៖ «ដ្បិត​គឺ​ដោយ​ព្រះ​គុណ​ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​ដោយ​សារ​ជំនឿ ហើយ​សេចក្ដី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន» (អេភេសូរ ២:៨-៩)។ យើង​មិន​ចាំ​បាច់​ទិញ​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ទេ ដោយ​យើង​គ្រាន់​តែ​ទទួល​យក​តែ​ប៉ុណ្ណោះ។

ទំនង​លោក​អ្នក​មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​ស្រឡាញ់​លោក​អ្នក ព្រោះ​លោក​អ្នក​បាន​ឃើញ​មនុស្ស​ជា​ច្រើន​នាក់​នៅ​ជុំ​វិញ​ខ្លួន​បាន​ធ្វើ​ឲ្យ​លោក​អ្នក​ខក​ចិត្ត។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ព្រះ​យេស៊ូវ​មិន​មែន​ដូច​ជា​មនុស្ស​នានា​នោះ​ទេ ព្រះ​អង្គ​គឺ​ជា​ព្រះ ១០០% ហើយ​ក៏​ជា​មនុស្ស ១០០% ផង​ដែរ (យ៉ូហាន ១:១៤)។ ព្រះ​អង្គ​មាន​ចំណែក​ក្នុង​ការ​បង្កើត​យើង ព្រះ​អង្គ​បាន​ទ្រ​ទ្រង់​យើង​ដោយ​ប្រទាន​រាល់​ខ្យល់​ដង្ហើម​ដែល​យើង​មាន ហើយ​ព្រះ​អង្គ​ណែ​នាំ​ឲ្យ​យើង​មាន​ជីវិត​ថ្មី​ឥឡូវ​នេះ ក៏​ដូច​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​នៅ​ឯ​ស្ថាន​សួគ៌​ជា​មួយ​នឹង​ទ្រង់​ផង​ដែរ។

អ្វី​ដែល​លោក​អ្នក​ធ្លាប់​ប្រព្រឹត្ត​នៅ​អតីតកាល​ក៏​ជា​បញ្ហា​មួយ​ដែល​បណ្ដាល​ឲ្យ​លោក​អ្នក​មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​ស្គាល់​នូវ​សេចក្ដី​ពិត​ដែល​ថា ព្រះ​យេស៊ូវ​ស្រឡាញ់​លោក​អ្នក​ផង​ដែរ។ ព្រះ​យេស៊ូវ​ជ្រាប​រួច​ទៅ​ហើយ​អំពី​រឿង​អតីតកាល​របស់​លោក​អ្នក ហើយ​ព្រះ​អង្គ​នៅ​តែ​ចង់​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​ការ​អត់​ទោស​ដល់​លោក​អ្នក​ដដែល។ យើង​អាច​ឃើញ​ពី​ឧទាហរណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ​បាន​នៅ​ពេល​ដែល​ទ្រង់​កំពុង​ជាប់​ឆ្កាង​ប្រមាណ​ជា​ពីរបី​ម៉ោង​ចុង​ក្រោយ​នៃ​ព្រះ​ជន្ម​របស់​ទ្រង់។ មាន​បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ជាប់​ឆ្កាង​នៅ​ក្បែរ​ព្រះ​អង្គ គឺ​ត្រូវ​បាន​គេ​ឆ្កាង​ឲ្យ​ស្លាប់​ដោយ​សារ​គាត់​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។ គាត់​ក៏​បាន​បែរ​ទៅ​ព្រះ​យេស៊ូវ ហើយ​និយាយ​ថា «ព្រះ​អម្ចាស់​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល​បង្គំ​ផង»។ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​វិញ​ថា «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន​បរមសុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ» (លូកា ២៣:៤២-៤៣)។ មិន​ថា​បុគ្គល​នេះ​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ ដែល​ជា​អំពើ​បាប​ក៏ដោយ ក៏​ព្រះ​យេស៊ូវ​នៅ​តែ​ទទួល​យក​គាត់ ដោយ​សារ​តែ​គាត់​មាន​ជំនឿ​យ៉ាង​សាមញ្ញ ហើយ​ពិត​ប្រាកដ​មែន ហើយ​ព្រះ​អង្គ​ថែម​ទាំង​សន្យា​ថា គាត់​នឹង​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច​នៅ​ឯ​ស្ថាន​សួគ៌​ផង​ដែរ ទោះ​បើ​ព្រះ​យេស៊ូវ​បាន​ជ្រាប​ហើយ​ថា​បុរស​ម្នាក់​នេះ​មិន​មាន​ពេល​វេលា​ទៀត​ក្នុង​ការ​រស់​នៅ​ឲ្យ​ខុស​ពី​មុន​ក៏​ដោយ។

នៅ​ពេល​ដែល​យើង​ងឿង​ឆ្ងល់​ថា «តើ​ព្រះ​យេស៊ូវ​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ប៉ុណ្ណា?» យើង​គ្រាន់​តែ​មើល​ទៅ​ឯ​ឈើ​ឆ្កាង​ នោះ​គ្រប់​គ្រាន់​ហើយ។ ព្រះ​អង្គ​បាន​លាត​ព្រះ​ហស្ត​របស់​ទ្រង់ ហើយ​មាន​បន្ទូល​ថា «យើង​ស្រឡាញ់​ឯង​ប៉ុណ្ណេះ» ពោល​គឺ​ទ្រង់​ស្រឡាញ់​រហូត​ដល់​ទ្រង់​លះ​ព្រះ​ជន្ម​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​មាន​ជីវិត​ថ្មី​បាន។

ឥឡូវ​នេះ លោក​អ្នក​អាច​អធិស្ឋាន​ទទួល​យក​ព្រះ​យេស៊ូវ​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​លោក​អ្នក​បាន ហើយ​ទទួល​យក​ក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​ជីវិត​អស់​កល្ប​ជានិច្ច។ មិន​មែន​ជា​ការ​អធិស្ឋាន​បែប​ពិសេស​នោះ​ទេ ប៉ុន្តែ​លោក​អ្នក​អាច​ឆ្លើយ​តប​ដោយ​អធិស្ឋាន​បែប​ទម្រង់​ដូច​ខាង​ក្រោម​នេះ៖

«ឱ! ព្រះ​អម្ចាស់​អើយ! ទូល​បង្គំ​ដឹង​ហើយ​ថា ទួល​បង្គំ​ជា​មនុស្ស​មាន​បាប ហើយ​មិន​អាច​ទៅ​ដល់​ស្ថាន​សួគ៌​បាន​ដោយ​ទង្វើ​ល្អ​ខ្លួន​ឯង​នោះ​ទេ។ ឥឡូវ​នេះ ទូល​បង្គំ​ដាក់​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ​ជាម្ចាស់ ដ្បិត​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ​ពី​ការ​សុគត ដើម្បី​ប្រទាន​នូវ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​ដល់​ទូល​បង្គំ។ សូម​ព្រះ​អង្គ​អត់​ទោស​នូវ​រាល់​អំពើ​បាប​របស់​ទូល​បង្គំ ហើយ​ជួយ​ទូល​បង្គំ​ឲ្យ​រស់​នៅ​សម្រាប់​ទ្រង់​វិញ។ អរ​ព្រះ​គុណ​ព្រះ​អង្គ​ដែល​ទ្រង់​ទទួល​យក​ទូល​បង្គំ ហើយ​ប្រទាន​ឲ្យ​ទូល​បង្គំ​មាន​ជីវិត​អស់​កល្ប​ជានិច្ច។ អាម៉ែន!»

តើ​លោក​អ្នក​បាន​សម្រេច​ចិត្ត​ទទួល​ព្រះ​គ្រីស្ទ ដោយ​សារ​លោក​អ្នក​បាន​អាន​ឯកសារ​នេះ​មែន​ឬ? ប្រសិន​បើ​មែន សូម​ចុច​ប៊ូតុង​ខាង​ក្រោម៖

ប្រសិន​បើ​លោក​អ្នក​មាន​សំណួរ ឬ​ក៏​ចម្ងល់​បន្ថែម​ទៀត សូម​សរសេរ​ជា​មតិ​យោបល់​នៅ​ក្នុង​ឯកសារ​នេះ។

និពន្ធ​ដោយ៖ ក្រុម Got Questions
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងកញ្ញា សួន សុជាតា
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចូរប្រយ័ត្ន

ព្រះគុណ​នៃ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ