in

ដំណឹង​ល្អ​

What Is the Gospel?

មាន​គ្រីស្ទ​បរិស័ទ ក្រុម​ជំនុំ និង​អង្គការ​ជា​ច្រើន​ដែល​ប្រើ​ប្រាស់​ពាក្យ «ដំណឹង​ល្អ» ដើម្បី​ពណ៌នា​អំពី​អ្វី​ដែល​ពួក​គាត់​ទទួល​ជឿ​ជាក់​លើ។ ការ​ឈ្លោះ​ប្រកែក​គ្នា​ខាង​ឯ​ទេវ​វិទ្យា​បាន​កើត​ឡើង ហើយ​ក៏​កំពុង​តែ​បន្ត​កើត​ឡើង​ទៅ​លើ​សំណួរ​ដែល​ថា តើ​អ្វី​ទៅ​ជា «អត្ថ​ន័យ​នៃ​ដំណឹង​ល្អ» ហើយ​ថា «តើ​អ្នក​ណា​ប្រកាស​ដំណឹង​ល្អ​នោះ​បាន​យ៉ាង​ស្មោះ​ត្រង់​ជាង​គេ?»។ តើ​ពាក្យ «ដំណឹង​ល្អ» ដែល​គេ​យល់​ជា​ទូទៅ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? របៀប​ដ៏​ល្អ​បំផុត​ក្នុង​ការ​ឆ្លើយ​សំណួរ​មួយ​នេះ​គឺ​បែរ​ទៅ​រក​ចម្លើយ​ចេញ​ពី​ព្រះ​គម្ពីរ។

ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ជា​ភាសា​ក្រិក នាម «អ៊ីវិនហ្គិលីអុន» [(euangelion) “ដំណឹង​ល្អ”] មាន​សរសេរ​ចុះ​លើស​ជាង​តែ ៧០ ដង​ប៉ុណ្ណោះ។ ក្នុង​អត្ថន័យ​មួយ ដោយ​សារ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល​គឺ​និយាយ​អំពី​ដំណឹង​ល្អ យើង​ទំនង​ជា​រំពឹង​ថា ពាក្យ​នេះ​គួរ​មាន​ប្រើ​ប្រាស់​ច្រើន​ជាង​ហ្នឹង​ទៅ​ទៀត។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កាន់​តែ​ភ្ញាក់​ផ្អើល​ខ្លាំង​ជាង​នេះ​ទៀត​នោះ​គឺ​ត្រង់​ថា អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​នានា​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ក៏​បាន​ប្រើ​ប្រាស់​ពាក្យ​នេះ​ក្នុង​អត្ថន័យ​ខុសៗ​គ្នា​ផង​ដែរ។ បូក​សរុប​ជា​មួយ​គ្នា​សាវ័ក ប៉ុល បាន​ប្រើ​ប្រាស់​ពាក្យ​នេះ​បី​ដង​ច្រើន​ជាង​អ្នក​និពន្ធ​ផ្សេងៗ​នៃ​កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី។ ហើយ​យើង​រក​ឃើញ​របៀប​ប្រើ​ប្រាស់​ផ្សេងៗ​ទៀត​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ និង​ម៉ាកុស ហើយ​យ៉ាង​តិច​ណាស់ (ប្រសិន​បើ​មាន​មែន) ក្នុង​កណ្ឌ​គម្ពីរ​លូកា យ៉ូហាន ពេត្រុស និង​យ៉ាកុប​ផង​ដែរ។

ពាក្យ «ដំណឹង​ល្អ» មិន​មែន​ជា​ពាក្យ​ប្លែក​សម្រាប់​តែ​សារ​របស់​គ្រីស្ទ​បរិស័ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ជា​ពាក្យ​ដែល​គេ​ប្រើ​ប្រាស់​ក្នុង​សាសនា​ដទៃទៀត ដើម្បី​សំដៅ​ទៅ​លើ​ការ​ប្រកាស​ដ៏​ល្អ​មួយ។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ពាក្យ​នេះ​សំដៅ​ទៅ​លើ​ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ។ ជា​រឿយៗ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ឡើង​ដោយ​មាន​ការ​សន្មត​ថា មិត្ត​អ្នក​អាន​ដឹង​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ​ហើយ។

ខណៈ​ពេល​ដែល​យើង​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​របៀប​ដែល​ពាក្យ «ដំណឹង​ល្អ» ត្រូវ​បាន​ប្រើ​ប្រាស់​ឡើង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី នោះ​យើង​នឹង​ឃើញ​ពី​អត្ថន័យ​មួយ​ចំនួន​យ៉ាង​ច្បាស់​លាស់។ ទី១ ជា​ទូ​ទៅ យើង​តែង​តែ​ឃើញ​ឃ្លា «ដំណឹង​ល្អ​នៃ​ព្រះ»។ ឃ្លា​នេះ​ផ្ដោត​លើ​ប្រភព​នៃ​ដំណឹង​ល្អ​ថា​ជា​អំណោយ​ទាន​មក​ពី​ព្រះ​ជាម្ចាស់។ ប្រភព​នៃ​ដំណឹង​ល្អ​គឺ​កើត​ចេញ​ពី​ព្រះ​ជាម្ចាស់​មិន​មែន​ពី​មនុស្ស​លោក​ទេ។ ទី២ លក្ខណៈ​មួយ​ចំនួន​នៃ​ដំណឹង​ល្អ​គឺ​ត្រូវ​បាន​លើក​ឡើង​យ៉ាង​ចំៗ​ថា៖ ដំណឹង​ល្អ​គឺ​ជា​ការ​ពិត (កាឡាទី ២:៥, ១៤; កូឡូស ១:៥) ជា​ព្រះ​គុណ (កិច្ចការ ២០:២៤) ជា​សិរីរុងរឿង (២កូរិនថូស ៤:៤; ១ធីម៉ូថេ ១:១១)។ ទី៣ យើង​ឃើញ​មាន​ការ​ឆ្លើយ​តប​ពីរ​យ៉ាង​ទៅ​កាន់​ដំណឹង​ល្អ។ ជំនឿ​គឺ​ជា​ការ​ឆ្លើយ​តប​ចម្បង (កិច្ចការ ១៥:៧; អេភេសូរ ១:១៣)។ ប៉ុន្តែ ការ​ស្តាប់​បង្គាប់​ក៏​ជា​ការ​ឆ្លើយ​តប​ផង​ដែរ (១ពេត្រុស ៤:៧; រ៉ូម ១:៥; ១០:១៦; ១៦:២៦; ២ថែស្សាឡូនិច ១:៨)។

(ការ​ប្រើ​ប្រាស់​របស់​សាវ័ក ប៉ុល ទាក់​ទង​នឹង​គំនិត​នៃ​ការ​ស្ដាប់​បង្គាប់​នៃ​ជំនឿ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​មាន​ចំណុច​ដ៏​គួរ​ឲ្យ​អស់​សំណើច ខណៈ​ពេល​ដែល​គាត់​ឆ្លើយ​តប​ទៅ​កាន់​អស់​អ្នក​ដែល​ចោទ​ប្រកាន់​គាត់​ទាក់​ទង​នឹង​ការ​បន្ទាប​បន្ថោក​ជំនឿ ពោល​គឺ​ទាស់​នឹង​ក្រឹត្យ​វិន័យ)។ ទី៤ យើង​ឃើញ​លទ្ធផល​មួយ​ចំនួន​នៃ​ដំណឹង​ល្អ។ ពិត​ណាស់! ដំណឹង​ល្អ​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ (រ៉ូម ១:១៦; អេភេសូរ ១:១៣)។ ដំណឹង​ល្អ​ក៏​នាំ​មក​នូវ​នគរ​ផង​ដែរ (ម៉ាថាយ ៤:២៣; ៩:៣៥; ២៤:១៤)។ វា​នាំ​មក​នូវ​ក្ដី​សង្ឃឹម​សម្រាប់​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់ (កូឡូស ១:២៣)។ ដំណឹង​ល្អ​ក៏​ជា​ចំណុច​ជំរុញ​នៃ​ការ​ញែក​ជា​បរិសុទ្ធ​ផង​ដែរ (ម៉ាកុស ៨:៣៥; ១០:២៩; ២កូរិនថូស ៩:១៣; អេភេសូរ ៦:១៥; ភីលីព ១:២៧)។

របៀប​នៃ​ការ​ប្រើ​ប្រាស់​ពាក្យ «ដំណឹង​ល្អ» ទាំង​អស់​នេះ​ក៏​ចង្អុល​បង្ហាញ​អំពី​អត្ថន័យ​នៃ​ដំណឹង​ល្អ ប៉ុន្តែ​ក៏​នៅ​មាន​បទ​គម្ពីរ​មួយ​ចំនួន​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ដែល​បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​អំពី​អត្ថន័យ​នៃ​ដំណឹង​ល្អ​ទាំង​អស់​ដែរ។ ចេញ​ពី​ការ​ពិនិត្យ​មើល​ខ​គម្ពីរ​ទាំង​អស់​នោះ យើង​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ពេល​ខ្លះ​ពាក្យ «ដំណឹង​ល្អ» ក៏​សំដៅ​ជា​ទូទៅ​លើ​រាល់​ចំណុច​នៃ​សេចក្ដី​សង្គ្រោះ និង​ជីវិត​ថ្មី​ដែល​ព្រះ​យេស៊ូវ​ប្រទាន​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ដែរ ហើយ​មាន​ពេល​ខ្លះ​ទៀត​សំដៅ​លើ​អត្ថ​ន័យ​យ៉ាង​ចង្អៀត​ទៅ​លើ​តែ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​សម្រេច​ឡើង​សម្រាប់​យើង ក្រៅ​ពី​យើង​ផ្ទាល់​តែ​ប៉ុណ្ណោះ។ មួយ​វិញទៀត​សោត ពេល​ខ្លះ​ពាក្យ «ដំណឹង​ល្អ» សំដៅ​ជា​ទូ​ទៅ​លើ​ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ​ទាក់​ទង​នឹង​ការ​រាប់​ជា​សុចរិត និង​ការ​ញែក​ជា​បរិសុទ្ធ​សម្រាប់ និង​ក្នុង​រាស្ត្រ​របស់​ទ្រង់។ ហើយ​ពេល​ខ្លះ​ទៀត​សំដៅ​លើ​អត្ថ​ន័យ​យ៉ាង​ចង្អៀត​លើ​ព័ន្ធកិច្ច​នៃ​ការ​រាប់​ជា​សុចរិត​របស់​ព្រះ​យេស៊ូវ។ របៀប​មួយ​ទៀត​នៃ​ការ​រៀប​រាប់​ការ​វែក​ញែក​មួយ​នេះ គឺ​ថា​ពេល​ខ្លះ​ពាក្យ «ដំណឹង​ល្អ» សំដៅ​ជា​ទូ​ទៅ​លើ​ការ​បំពេញ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​សន្យា​ហើយ​ពេល​ខ្លះ​ទៀត​ពាក្យ «ដំណឹង​ល្អ» គឺ​ត្រូវ​បាន​ប្រើ​ប្រាស់​ឡើង​លើ​អត្ថ​ន័យ​យ៉ាង​ចង្អៀត​អំពី​អ្វីៗ​ដែល​ព្រះ​យេស៊ូវ​បាន​ប្រព្រឹត្ត​ផ្ទុយ​គ្នា​ទៅ​នឹង​អ្វីៗ​ដែល​យើង​ធ្វើ​នៅ​ក្នុង​ក្រឹត្យ​វិន័យ។

ឧទាហរណ៍​មួយ​នៃ​ការ​ប្រើ​ប្រាស់​បែប​ជា​ទូ​ទៅ​លើ​អត្ថន័យ​នៃ​ពាក្យ «ដំណឹង​ល្អ» គឺ​មាន​ចែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ១:១ «នេះ​ជា​ការ​ចាប់​ផ្ដើម​ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ» (គកស)។ ត្រង់​នេះ ការ​ប្រើ​ប្រាស់​ពាក្យ «ដំណឹង​ល្អ» ហាក់​បី​ដូច​ជា​សំដៅ​លើ​រាល់​គ្រប់​អ្វីៗ​ដែល​លោក ម៉ាកុស បាន​រៀប​រាប់​ប្រាប់​យើង​អំពី​សេចក្ដី​បង្រៀន និង​អំពី​ព័ន្ធ​កិច្ច​របស់​ព្រះ​យេស៊ូវ។ យើង​ក៏​ឃើញ​អំពី​ការ​ប្រើ​ប្រាស់​បែប​ជា​ទូ​ទៅ​មួយ​ទៀត​ដែរ​ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ ១៤:៦-៧៖

«ខ្ញុំ​ក៏​ឃើញ​ទេវតា​មួយ​ទៀត កំពុង​ហោះ​កាត់​លំហ​អាកាស ទាំង​មាន​ដំណឹង​ល្អ​ដែល​នៅ​អស់​កល្ប​ជានិច្ច សម្រាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​លើ​ផែន​ដី គឺ​ដល់​គ្រប់​ជាតិ​សាសន៍ គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ប្រជា​ជន។ ទេវតា​នោះ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ “ចូរ​កោត​ខ្លាច​ព្រះ ហើយ​សរសើរ​សិរីល្អ​របស់​ព្រះ​អង្គ​ចុះ ដ្បិត​ពេល​ដែល​ព្រះ​អង្គ​ត្រូវ​ជំនុំ​ជម្រះ​បាន​មក​ដល់​ហើយ ចូរ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​អង្គ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែន​ដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ!”»។

នៅ​ត្រង់​នេះ ដំណឹង​ល្អ​គឺ​ជា​ការ​ត្រាស់​ហៅ​ឲ្យ​បំផ្លាស់​បំប្រែ​ចិត្ត ហើយ​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់។

ជា​រឿយៗ ពាក្យ «ដំណឹង​ល្អ» គឺ​ត្រូវ​បាន​ប្រើ​ប្រាស់​លើ​អត្ថ​ន័យ​យ៉ាង​ចង្អៀត ហើយ​អត្ថ​ន័យ​របស់​វា​ក៏​ជាក់​លាក់​ដែរ។ យើង​ឃើញ​អំពី​ចំណុច​នេះ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១៥:១-៤៖

«ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​សូម​រម្លឹក​អ្នក​រាល់​គ្នា​អំពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ជា​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​មាំ​ក្នុង​ដំណឹង​ល្អ​នោះ​ដែរ អ្នក​រាល់​គ្នា​កំពុង​តែ​បាន​សង្គ្រោះ​ដោយ​សារ​ដំណឹង​ល្អ​នោះ ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​ព្រះ​បន្ទូល ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់ ពុំ​នោះ​ទេ អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​មុខ​ជា​ឥត​ប្រយោជន៍។ ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​មក គឺ​ថា​ព្រះ​គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង ស្រប​តាម​បទ​គម្ពីរ ហើយ​ថា ព្រះ​អង្គ​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​តាម​បទ​គម្ពីរ»។

ត្រង់​នេះ ដំណឹង​ល្អ​គឺ​ជា​សារ​នៃ​សេចក្ដី​សង្គ្រោះ​ទាក់​ទង​នឹង​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ។

ក្នុង​ខ​គម្ពីរ​មួយ​ទៀត​សាវ័ក ប៉ុល បាន​សរសេរ​ថា «ដំណឹង​ល្អ​ដ៏​រុង​រឿង​របស់​ព្រះ​ដ៏​មាន​ពរ ជា​ដំណឹង​ល្អ​ដែល​ព្រះ​ផ្ញើ​ទុក​នឹង​ខ្ញុំ» ហើយ​គាត់​ក៏​បាន​លើក​ឡើង​យ៉ាង​ជាក់​លាក់​ថា​ដំណឹង​ល្អ​នោះ​គឺ​ជា​អ្វី៖

«ពាក្យ​នេះ​ពិត​ប្រាកដ​មែន ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​យាង​មក​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដែល​ខ្ញុំ​រូប​នេះ​ជា​លេខ​មួយ។ ដោយ​ហេតុ​នេះ ព្រះ​មាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​សម្ដែង​ព្រះ​ហឫទ័យ​អត់​ធ្មត់​របស់​ព្រះ​អង្គ​ក្នុង​ខ្ញុំ ដែល​ជា​អ្នក​លេខ​មួយ​នេះ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​ដល់​ព្រះ​អង្គ សម្រាប់​ជីវិត​អស់​កល្ប​ជានិច្ច។» (១ធីម៉ូថេ ១:១១, ១៥-១៦ គកស)។

ត្រង់​នេះ ដំណឹង​ល្អ​គឺ​ជា​ព័ន្ធ​កិច្ច​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​គ្រីស្ទ​សម្រាប់​មនុស្ស​មាន​បាប។

សាវ័ក ប៉ុល ក៏​បាន​សរសេរ​ស្រដៀង​គ្នា​នោះ​ដែរ​ក្នុង​កណ្ឌ​គម្ពីរ ២ធីម៉ូថេ៖

«ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះ​អម្ចាស់​នៃ​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ដែល​ជាប់​គុក​ព្រោះ​តែ​ព្រះ​អង្គ​នោះ​ឡើយ តែ​ត្រូវ​រង​ទុក្ខ​លំបាក​ជា​មួយ​ខ្ញុំ​សម្រាប់​ដំណឹង​ល្អ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ដែល​ទ្រង់​បាន​សង្គ្រោះ​យើង ហើយ​បាន​ត្រាស់​ហៅ​យើង​មក​ក្នុង​ការ​ងារ​បរិសុទ្ធ មិន​មែន​ដោយ​ការ​ដែល​យើង​ប្រព្រឹត្ត​នោះ​ទេ គឺ​ដោយ​សារ​បំណង និង​ព្រះ​គុណ​របស់​ព្រះ​អង្គ ដែល​បាន​ប្រទាន​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ មុន​សម័យ​កាល​ទាំង​អស់​មក​ម៉្លេះ តែ​ឥឡូវ​នេះ បាន​សម្ដែង​ឲ្យ​ឃើញ តាម​រយៈ​ការ​លេច​មក​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​សង្គ្រោះ​នៃ​យើង ដែល​ទ្រង់​បាន​បំបាត់​សេចក្ដី​ស្លាប់ ហើយ​បាន​នាំ​យក​ជីវិត និង​ភាព​មិន​ចេះ​សាប​សូន្យ មក​ដាក់​ក្នុង​ពន្លឺ តាម​រយៈ​ដំណឹង​ល្អ។ ចូរ​នឹក​ចាំ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ ជា​រាជវង្ស​ព្រះ​បាទ​ដាវីឌ ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ប្រកាស។» (១:៨-១០; ២:៨)។

ការ​ប្រើ​ប្រាស់​អត្ថ​ន័យ​យ៉ាង​ចង្អៀត​បែប​នេះ​នៃ​ពាក្យ «ដំណឹង​ល្អ» គឺ​ជា​រឿង​ធម្មតា​ទេ​ក្នុង​ការ​និពន្ធ​នានា​របស់​ពួក​ក្រុម​កំណែ​ទម្រង់ (Reformers) នៅ​សម័យ​សតវត្ស​ទី ១៦។ យើង​អាច​ឃើញ​ពី​ចំណុច​នេះ​ក្នុង​ការ​គិត​របស់​លោក​គ្រូ ចន ខិលវិន (John Calvin)៖

«ពាក្យ​នៃ​ជំនឿ​គឺ​ជា​ការ​ប្រើ​ប្រាស់​ឈ្មោះ​នៃ​គំនិត​ណា​មួយ​ជំនួស​គំនិត​ណា​មួយ​ផ្សេង​ទៀត​ដែល​មាន​ភាព​ស៊ី​គ្នា​សម្រាប់​ពាក្យ​នៃ​សេចក្ដី​សន្យា។ ឧទាហរណ៍៖ សម្រាប់​ដំណឹង​ល្អ​ផ្ទាល់​ដោយ​សារ​វា​ទាក់​ទង​គ្នា​ទៅ​នឹង​ជំនឿ។ ភាព​ផ្ទុយ​គ្នា​រវាង​ក្រឹត្យ​វិន័យ និង​ដំណឹង​ល្អ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​តែ​យល់។ ហើយ​ចេញ​ពី​ការ​វែក​ញែក​មួយ​នេះ យើង​អាច​សន្មត​បាន​ថា ដូច​គ្នា​ដែល​ក្រឹត្យ​វិន័យ​តម្រូវ​ឲ្យ​មាន​ការ​ប្រព្រឹត្ត នោះ​ដំណឹង​ល្អ​ក៏​ទាម​ទារ​ឲ្យ​យើង​គ្រាន់​តែ​នាំ​មក​នូវ​ជំនឿ ដើម្បី​នឹង​អាច​ទទួល​ព្រះ​គុណ​នៃ​ព្រះ​ជាម្ចាស់​បាន​ដែរ»។

ហើយ​វា​ក៏​ច្បាស់​ដែរ​ក្នុង​ការ​អធិប្បាយ​របស់​លោក​គ្រូ សាខារីស៍ អ៊ើស៊ីនូស៍ (Zacharias Ursinus)។ នៅ​ដើម​ដំបូង​នៃ​សេចក្ដី​អត្ថាធិប្បាយ​របស់​គាត់​លើ «គោល​ជំនឿ​គ្រីស្ទ​បរិស័ទ​នៅ​ទី​ក្រុង ហាឌឹនបើហ្គ» (The Heidelberg Catechism) លោកគ្រូ អ៊ើស៊ីនូស៍ បាន​វែក​ញែក​រាល់​គ្រប់​គោល​ជំនឿ​ទៅ​ជា​ក្រឹត្យ​វិន័យ និង​ដំណឹង​ល្អ​វិញ៖

«គោល​ជំនឿ​នៃ​ក្រុម​ជំនុំ​មាន​ពីរ​ផ្នែក៖ ក្រឹត្យ​វិន័យ និង​ដំណឹង​ល្អ ដែល​ចេញ​ពី​ការ​ទាំង​ពីរ​នេះ យើង​អាច​យល់​បែប​សង្ខេប និង​អំពី​អត្ថន័យ​នៃ​ព្រះ​បន្ទូល​ដ៏​បរិសុទ្ធ។ យើង​ហៅ​ក្រឹត្យ​វិន័យ​ថា​ជា​ក្រឹត្យ​វិន័យ ១០ ប្រការ ហើយ​ដំណឹង​ល្អ​គឺ​ជា​គោល​ជំនឿ​ទាក់​ទង​នឹង​ព្រះ​គ្រីស្ទ​ដែល​ជា​មនុស្ស​កណ្ដាល និង​ជា​ការ​អត់​ទោស​បាប​ដោយ​ឥត​គិត​ថ្លៃ​តាម​រយៈ​ជំនឿ»។

ការ​ឆ្លុះ​បញ្ចាំង​បែប​នេះ​លើ​ដំណឹង​ល្អ​បាន​ស្ថិត​នៅ​យ៉ាង​សាមញ្ញ​ក្នុង​ទេវ​វិទ្យា​កំណែ​ទម្រង់ (Reformed Theology) ដូច​ដែល​យើង​ឃើញ​ក្នុង​អត្ថបទ​ដ៏​វែង​មួយ​នេះ ដែល​នេះ​គឺ​ជា​សម្រង់​សម្ដី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​ទេវ​វិទូ​ដ៏​អស្ចារ្យ​ម្នាក់​ពី​ប្រទេស ហូឡង់ (Dutch) ដែល​មាន​ឈ្មោះ​ថា​លោក​គ្រូ ហើមែន បាវិគ (Herman Bavinck)៖

«ប៉ុន្តែ ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ដែល​មាន​ទាំង​ជា​ក្រឹត្យ​វិន័យ និង​ដំណឹង​ល្អ គឺ​ជា​ការ​បើក​សម្ដែង​នៃ​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់ ដែល​ជា​ការ​ប្រកាស​អំពី​ការ​តាំង​សេចក្ដី​សញ្ញា​នៃ​ការ​ប្រព្រឹត្ត និង​ការ​តាំង​សេចក្ដី​សញ្ញា​នៃ​ព្រះ​គុណ ទោះ​បើ​ថា​ក្នុង​ការ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​លើ​ពាក្យ «ក្រឹត្យ​វិន័យ» និង «ដំណឹង​ល្អ» អាច​យក​មក​ប្រើ​ប្រាស់ ដើម្បី​រៀប​រាប់​អំពី​សេចក្ដី​តាំង​សញ្ញា​នៃ​ព្រះ​គុណ​ថ្មី និង​ចាស់​ក៏​ដោយ ក៏​ក្នុង​ភាព​សំខាន់​របស់​វា វា​ពិត​ជា​បាន​ពណ៌នា​អំពី​ទំនាក់​ទំនង​នៃ​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​ក្នុង​លក្ខណៈ​ខុសៗ​គ្នា​ពីរ​យ៉ាង​សំខាន់ [មក​ដល់​ចំណុច​នេះ​លោក​គ្រូ បាវិគ បាន​លើក​ឡើង​នូវ​ខ​គម្ពីរ​ជា​ច្រើន​ចេញ​ពី​ព្រះ​គម្ពីរ​សញ្ញាថ្មី​ទុក​ជា​ភស្តុតាង]…។ ក្នុង​ខ​គម្ពីរ​ទាំង​នេះ​ក្រឹត្យ​វិន័យ​និង​ដំណឹង​ល្អ​គឺ​ត្រូវ​បាន​ប្រៀប​ប្រដូច​លក្ខណៈ​ខុស​គ្នា​បែប​ជា​ការ​ទាមទារ និង​ជា​អំណោយ​ទាន ជា​បញ្ជា និង​ជា​សេចក្ដី​សន្យា ជា​អំពើ​បាប និង​ជា​ព្រះ​គុណ ជា​ជំងឺ និង​ជា​ការ​ព្យាបាល ជា​សេចក្ដី​ស្លាប់ និង​ជា​ជីវិត…។ ក្រឹត្យ​វិន័យ​មាន​ប្រភព​ចេញពី​ភាព​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់ រី​ឯ​ដំណឹង​ល្អ​វិញ​មាន​ប្រភព​ចេញ​ពី​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់។ តាម​រយៈ​ធម្មជាតិ យើង​អាច​ស្គាល់​ក្រឹត្យ​វិន័យ​បាន តែ​យើង​អាច​ស្គាល់​ដំណឹង​ល្អ​បាន​តែ​តាម​រយៈ​ការ​បើក​សម្ដែង​ពិសេស​ប៉ុណ្ណោះ។ ក្រឹត្យ​វិន័យ​តម្រូវ​ឲ្យ​មាន​សេចក្ដី​សុចរិត​ដ៏​បរិសុទ្ធ​ដោយសារ​ការ​ប្រព្រឹត្ត ប៉ុន្តែ​ដំណឹង​ល្អ​ប្រទាន​នូវ​ភាព​បរិសុទ្ធ​នោះ​យ៉ាង​ពេញ​លេញ។ ក្រឹត្យ​វិន័យ​នាំ​មនុស្ស​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​តាម​រយៈ​ការ​ប្រព្រឹត្ត។ រី​ឯ​ដំណឹង​ល្អ​វិញ​បង្កើត​នូវ​ទង្វើ​ល្អ​ចេញ​ពី​ភាព​សម្បើម​នៃ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​ដែល​ទទួល​បាន​តាម​រយៈ​ជំនឿ។ ឥឡូវ​នេះ ក្រឹត្យ​វិន័យ​ថ្កោល​ទោស​មនុស្ស ប៉ុន្តែ​ដំណឹង​ល្អ​អត់​ទោស​ឲ្យ​ពួក​គេ​វិញ។ ក្រឹត្យ​វិន័យ​គឺ​សម្រាប់​មនុស្ស​គ្រប់​រូប តែ​ដំណឹង​ល្អ​វិញ​គឺ​សម្រាប់​តែ​អស់​អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ការ​ស្ដាប់​បង្គាប់​របស់​វា​តែ​ប៉ុណ្ណោះ។»

នេះ​គឺ​ជា​ការ​រៀប​រាប់​អំពី​ដំណឹង​ល្អ​យ៉ាង​ច្បាស់​លាស់ ជាក់​លាក់ ចេញ​ពី​ព្រះ​គម្ពីរ និង​មាន​តម្លៃ។

ដាច់​ខាត ក្រុម​ជំនុំ​ត្រូវ​តែ​ប្រកាស​ដំណឹង​ល្អ​ក្នុង​អត្ថន័យ​បែប​ទូលំ​ទូលាយ និង​លើ​អត្ថ​ន័យ​យ៉ាង​ចង្អៀត។ យោង​តាម​មហា​បេសកកម្ម​ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ២៨:១៨-២០ ការ​ផ្សាយ​ដំណឹង​ល្អ​ដ៏​ពិត​គឺ​ទាក់​ទង​នឹង​ការ​បង្កើត​សិស្ស៖ ទី១ ក្នុង​អត្ថ​ន័យ​យ៉ាង​ចង្អៀត​គឺ​ទាក់​ទង​នឹង​ការ​ត្រាស់​ហៅ​បុរស និង​ស្ត្រី​ឲ្យ​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ។ ទី២ ហើយ​ក្នុង​អត្ថន័យ​ទូទៅ​គឺ​ទាក់​ទង​នឹង​ការ​បង្រៀន​ឲ្យ​ពួក​គេ​ត្រាប់​តាម​រាល់​គ្រប់​អ្វីៗ​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​ដល់​រាស្ត្រ​របស់​ទ្រង់។ សម្រាប់​ជា​ប្រយោជន៍​ដល់​ដំណឹង​ល្អ ចូរ​យើង​នាំ​គ្នា​ប្រកាស​ដំណឹង​ល្អ​ដ៏​ពិត​ចុះ!

និពន្ធ​ដោយ៖ លោកគ្រូ W. Robert Godfrey
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, និងកញ្ញា លី វួចឡេង
ដកស្រង់ខ្លះៗចេញពី www.ligonier.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​ទុក​ចិត្ត

ការ​អធិស្ឋាន​គឺ​ជា​កំផែង