in ,

តើ​ថ្ងៃ​ទី​១៦កុម្ភៈជា​ថ្ងៃ​បញ្ចប់​នៃ​ពិភពលោក​ឬ? មិន​មែន​ទេ!

 មិន​ពិត​ទេ

កាសែត​អង់គ្លេស THE DAILY MAIL បាន​ចេញ​ផ្សាយ​នូវ​ព័ត៌មាន​ដ៏​សែន​រន្ធត់​មួយ​កាល​ពី​ថ្ងៃ​២៥ ខែ​មករា ឆ្នាំ២០១៧ ហើយ​ឥឡូវ​នេះ​ព័ត៌មាន​មួយ​នេះ​ក៏​បាន​ចេញ​ផ្សាយ​ជា​ភាសា​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​យើង​ដែរ៖ «ថ្ងៃ​អវសាន​របស់​ពិភព​លោក​នឹង​ត្រូវ​បាន​បញ្ចប់​ដោយ​អាចម៍​ផ្កាយ​ដ៏​សែន​ធំ​មួយ​ដែល​នឹង​ធ្លាក់​មក​លើ​ភព​ផែនដី​នេះ អាចម៍​ផ្កាយ​នោះ​នឹង​បង្ក​ឱ្យ​មាន​មេ​ហ្គា​ស៊ូ​ណា​មី ( mega-tsunamis)។» នេះ​ជា​សម្ដី​របស់​ក្រុម​អ្នក​ឆបោក។ (ប្រភព​ព័ត៌មាន៖ http://archive.is/BMklD)។ ក្រុម​នេះ​បាន​លើក​ឡើង​ថា អាចម៍​ដែល​មាន​ឈ្មោះ 2016 WF9 នឹង​ហោះ​មក​បុក​ផែនដី​យើង​នេះ​នៅ​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ។

ក៏​ប៉ុន្តែ ការ​លើក​ឡើង​របស់​កាសែត​អង់គ្លេស THE DAILY MAIL មិន​បាន​ផ្នែក​លើ​មូលដ្ឋាន​ដ៏​ពិត​ជាក់លាក់​ណា​មួយ​នោះ​ទេ។ អង្គការ NASA (the National Aeronautic and Space Administration) ជា​ក្រុម​អ្នក​ជំនាញ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ដ៏​ធំ​មួយ​ដែល​ពួកគាត់​បាន​ចំណាយ​ពេល​សិក្សា​អំពី​ការ​ធ្វើ​ដំណើរ​របស់​ផ្កាយ​អស់​រាប់​សិប​ឆ្នាំ។ ហើយ​ការ​ងារ​ដ៏​ចម្បង​របស់​ពួកគាត់ គឺ​តាម​ដាន​នូវ​ការ​ធ្វើ​ដំណើរ​របស់​ផ្កាយ​នានា​ដែល​ស្ថិត​នៅ​ជិត​ផែនដី​យើង​នេះ។ អង្គការ NASA នេះ​បាន​រក​ឃើញ​នូវ​អាចម៍​ផ្កាយ​ដែល​មាន​ឈ្មោះ​ថា 2016 WF9 តាំង​ពី​ថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០១៦ មក​ម្ល៉េះ។ ក្រោយ​ដែល​ពួកគាត់​បាន​សិក្សា​ស្រាវជ្រាវ​ ក៏​ដូចជា​ប្រមូល​នូវ​ទិន្នន័យ​បាន​យ៉ាង​គ្រប់​គ្រាន់​ទាក់ទង​នឹង​ដំណើរ​នៃ​អាចម៍​ផ្កាយ​មួយ​នេះ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦ ពួកគាត់​បាន​អះអាង​ថា អាចម៍​ផ្កាយ​នេះ​នឹង​មិន​ហោះ​មក​បុក​បំផ្លាញ​ផែនដី​ឡើយ។

អង្គការ NASA បាន​លើក​ឡើង​ថា «អាចម៍​ផ្កាយ​ឈ្មោះ 2016 WF9 នឹង​ហោះ​ចូល​មក​ជិត​ខ្សែ​គន្លង​គោចរ​របស់​ផែនដី​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧​ខាង​មុន​នេះ។ ហើយ​រយៈ​ចម្ងាយ​រវាង​អាចម៍​ផ្កាយ និង​ផែនដី​យើង​មាន​ប្រមាណ​ជា ៥១ លាន​គីឡូ​ម៉ែត្រ​ពី​គ្នា។ អាចម៍​ផ្កាយ​មួយ​នេះ​នឹង​មិន​ហោះ​ចូល​មក​ជិត​ផែនដី​យើង​នោះ​ទេ។ យើង​យល់​ពី​ការ​ធ្វើ​ដំណើរ​របស់​អាចម៍​ផ្កាយ 2016 WF9 នេះ​បាន​យ៉ាង​ច្បាស់​លាស់។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ក្រុម​របស់​យើង យើង​ហ៊ាន​សន្មត​ថា អាចម៍​ផ្កាយ 2016 WF9 នេះ​នឹង​មិន​បង្ក​ឲ្យ​មាន​ការ​គំរាមកំហែង​មក​ដល់​ផែនដី​យើង​នេះ​ឡើយ»។ (ដក​ស្រង់​ចេញ​ពី៖ http://www.jpl.nasa.gov/news/news.php?feature=6712)

ប៉ុន្តែ ក្រុម​ឆបោក​បាន​ចេញ​ពាក្យ​ចចាមអារ៉ាម​ថា អាចម៍​ផ្កាយ 2016 WF9 នេះ​ពិត​ជា​អាច​នាំ​មក​នូវ​គ្រោះ​ថ្នាក់​ដល់​ផែនដី​យើង ហើយ​វា​នឹង​ហោះ​បុក​ផែនដី​នៅ​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ។ ក៏​ប៉ុន្តែ ការ​អះអាង​បែប​នេះ​ខុស​ឆ្គង​ទាំង​ស្រុង ហើយ​ក៏​មិន​មាន​ភស្តុតាង​ដ៏​ជាក់​លាក់​ណា​មួយ​ផង​ដែរ។ អាចម៍​ផ្កាយ 2016 WF9 នឹង​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​មក​ដល់​ផែនដី​យើង​ឡើយ។

សូម​កុំ​ជឿ​នូវ​រាល់​អ្វីៗ​ដែល​លោកអ្នក​អាន​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​ឡើយ តែ​ចូរ​ស្រាវជ្រាវ​ឲ្យ​ដឹង​ប្រាកដ​ថា អ្វីៗ​ដែល​លោកអ្នក​កំពុងតែ​អាន វា​ជា​ការ​ពិត ឬ​ក៏​មិន​ពិត។

 មិន​ពិត​ទេ

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

ជីវិត​ដ៏​មិន​ចេះ​សាប​សូន្យ​

ភស្តុតាង