in , , , , ,

ព្រះ​ជា​ពន្លឺ

ការ​យល់​ឃើញ​ដែល​ប្រជែង​គ្នា​ផ្សេងៗ​នៃ «ជំនឿ​គ្រីស្ទ​បរិស័ទ» បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ចោទ​សួរ​ដោយ​ចង់​ដឹង​ថា «តើ​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ​មាន​លក្ខណៈ​ដូច​ម្ដេច?» គេ​ចាប់​ផ្ដើម​សួរ​ចាប់​តាំងពី​ការ​ក​កើត​នៃ​ក្រុម​ជំនុំ​ក្នុង​អំឡុង​សម័យ​ពួក​សាវ័ក​មក​ម្ល៉េះ។ ការ​បក​ស្រាយ​ខាង​ទេវវិទ្យា និង​ការ​កាត់​ស្រាយ​តាម​បែប​ព្រះ​គម្ពីរ​ពីរ​ពាន់​ឆ្នាំ​កន្លង​មក​នេះ​មិន​បាន​បំបាត់​ភាព​ចម្រូង​ចម្រាស់​នៅ​ក្នុង​ក្រុម​ជំនុំ​ចំពោះ​សំណួរ​ដែល​ជីក​ឫស​ជីក​គល់​បែប​នេះ​ទេ៖ គឺ​ថា​តើ​មាន​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ការ​ប្រកាស​អំពី​សេចក្តី​ជំនឿ​របស់​នរណា​ម្នាក់​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ការ​ប្រកាស​ដ៏​ពិត​ប្រាកដ​ទៅ​បាន?

ស្រប​ពេល​ដែល​យើង​មាន​តេស្ដ​ខ្លះៗ ដែល​អត្ថ​បទ​ព្រះ​គម្ពីរ​ផ្តល់​ឲ្យ ទុក​ធ្វើ​តេស្ដ ដើម្បី​ឲ្យ​ដឹង​អំពី​ជំនឿ​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ​ពី​ជំនឿ​បន្លំ ក៏​យើង​មាន​សញ្ញា​សម្គាល់​ដ៏​សំខាន់​មួយ​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ​ផង​ដែរ
គឺ​ទំនាក់​ទំនង​ដែល​មនុស្ស​ម្នាក់ៗ ឬ​ព្រះ​វិហារ​នីមួយៗ​មាន​ជា​ស្តង់ដារ​សិទ្ធិ​អំណាច​នៃ​សេចក្តី​ពិត និង​
សេចក្តី​សុចរិត​របស់​ព្រះ​ជាម្ចាស់ ដែល​យើង​អាច​រក​ឃើញ​បាន​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ តើ​មនុស្ស​ម្នាក់ៗ
ឬ​ក្រុម​ជំនុំ​នីមួយៗ​ទាំង​នោះ​បាន​រក្សា​ស្តង់ដារ​នៃ​ភាព​សុចរិត​របស់​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ? ឬ​ក៏​ថា តើ​ពួក​គេ​ដូច​ទៅ​នឹង​ការ​ពណ៌នា ដែល​បាន​លើក​ឡើង​ដោយ​លោក ភឺរីធឹន វីលៀម ហ្គឺណល (Puritan William Gurnall) ដែល​ថា ៖ « [គេ] បាន​កំណត់​នាឡិកា​របស់​ខ្លួន មិន​មែន​កំណត់​តាម​ដំណើរ​ថ្ងៃ​នោះ​ទេ ពោល​គឺ តាម​ព្រះ​គម្ពីរ ប៉ុន្តែ​តាម​នាឡិកា​របស់​ទីក្រុង ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​ធ្វើ នោះ​គេ​នឹង​ធ្វើ​ដែរ។ [សម្លេង​របស់​មនុស្ស] គឺ​ជា [សម្លេង​នៃ​ព្រះ] របស់​គេ​ដែរ​ឬ​អត់?»។ មនុស្ស​ភាគ​ច្រើន​​ដោះ​ដូរ​សិទ្ធិ​អំណាច និង​សេចក្តី​ពិត​របស់​ព្រះ​ជាម្ចាស់​ទៅ​ជា​ស្តង់ដារ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​វិញ ឲ្យ​តែ​អ្វីៗ​ដែល​ពេញ​និយម និង​អាច​ទទួល​យក​បាន។ ហើយ​ជា​លទ្ធផល៖ ទាំង​នោះ​ក៏​ផ្ទុយ​ទាំង​ស្រុងនូវ​អ្វី​ដែល​ល្អ បរិសុទ្ធ និង​ត្រឹម​ត្រូវ​ក៏​ដោយ។ តាម​រយៈ​ការ​ធ្វើ​តេស្ដ​បែប​នេះ នោះ​យើង​នឹង​ដឹង​អំពី​ជំនឿ​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ​ជាក់​ជា​មិន​ខាន។ ហើយ​ខណៈ​ពេល​ដែល​គ្មាន​ការ​ធ្វើ​តេស្ដ​ផ្នែក​ខាង​ក្រៅ ដែល​អាច​ជៀស​វាង​ពី​ចំណុច​វិជ្ជមាន​ដែល​មិន​ត្រឹម​ត្រូវ​បាន​មែន ក៏​ការ​ធ្វើ​តេស្ដ​ដែល​បង្ហាញ​ឲ្យ​ងាយ​ឃើញ​បំផុត​នៃ​ភាព​ត្រឹម​ត្រូវ​នៃ​សេចក្តី​ជំនឿ​របស់​នរណា​ម្នាក់ នោះ​គឺ​ទាក់​ទង​ទៅ​នឹង​ទំនាក់​ទំនង​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​បន្ទូល​របស់​ទ្រង់​ផ្ទាល់។ តើ​ពួក​គេ​ចាត់​ទុក​​ព្រះ​បន្ទូល​ជា​ការ​ណែនាំ​ដ៏​មាន​អំណាច​សម្រាប់​ជីវិត ឬ​ក៏​ថា​ជា​ឧបសគ្គ​ក្នុង​ជីវិត​ដែល​ពួក​គេ​ត្រូវ​តែ​គេច​ចេញ ក្នុង​ការ​រស់នៅ​របស់​ពួក​គេ​វិញ?

បាតុភូត​នៃ​ការ​ដោះ​ដូរ​ស្តង់ដារ​របស់​ព្រះ​ជាម្ចាស់​នេះ​គឺ​កំពុង​តែ​រីក​ដុះ​ដាល​នៅ​ក្នុង​ក្រុម​ជំនុំ​សព្វ​ថ្ងៃ​នេះ ជា​ពិសេស​ចំពោះ​អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​គ្រីស្ទ​បរិស័ទ និង​ព្រះ​វិហារ​ដែល​ឆាប់​ទទួល​យក​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​រាប់​ថា​ជា​អំពើ​បាប តែ​ពួក​គេ​រាប់​អំពើ​បាប​ទាំង​នោះ​ថា​ជា​ល្អ​វិញ (ដូច​ជា៖ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា ឬ​ការ​បង្ខូច​ផ្លូវ​ភេទ​នានា និង​អំពើ​បាប​ផ្សេងៗ​ដទៃ​ទៀត)។ យើង​បាន​សង្កេត​ឃើញ​ការ​កើតឡើង​បែប​នេះ​ស្ទើរ​តែ​នៅ​គ្រប់​កន្លែង នៅ​ពេល​ដែល​ក្រុមជំនុំ​ទាំង​នោះ​​បាន​ទទួល​យក​ភ្លាម​នូវ​ទស្សនៈ​ដំណឹង​ល្អ​បែប​យុត្តិធម៌​សង្គម ដែល​មិន​កោត​ខ្លាច​ដល់​ព្រះ និង​មិន​ស្រប​តាម​ព្រះ​គម្ពីរ—សូម្បី​តែ​ជា​មួយ​ព្រះ​វិហារ​ដែល​មើល​ទៅ​ទំនង​ជា​ស្មោះ​ត្រង់​ទៅ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ក៏​ដោយ ក៏​ពួក​គាត់​បាន​ទទួល​យក​ទស្សនៈ​បែប​នេះ​ដែរ។ ដោយ​សារ​តែ​ការ​ភ័យខ្លាច​ជម្ងឺ​កូវីដ-១៩ (COVID-19) ព្រះ​វិហារ​មួយ​ចំនួន​ទាំង​នោះ​មិន​បាន​ជួប​គ្នា​ថ្វាយ​បង្គំ​ព្រះ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​ទេ ប៉ុន្តែ​អ្នក​ដឹក​នាំ និង​សមាជិក​នៃ​ក្រុម​ជំនុំ​ទាំង​នោះ​បែរ​ជា​ទៅ​ចូល​រួម​ក្នុង​ការ​ប្រមូល​ផ្តុំ ការ​ហែ​ក្បួន ឬ​សកម្មភាព​ផ្សេង​ទៀត ដោយ​បោះ​ចោល​ស្តង់ដារ​សុចរិត និង​រំពឹង​ថា​បាន​សេចក្តី​យុត្តិធម៌​មក​វិញ។

ក្រៅ​ពី​ការ​ស្តា​ឡើង​វិញ​ដ៏​ពិត​ប្រាកដ​មួយ​ដែល​មាន​តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើ​បាន គឺ​យើង​ក៏​អាច​នឹង​ឃើញ​ក្រុម​ជំនុំ​នៅ​សព្វ​ថ្ងៃ​នេះ​ប្រព្រឹត្ត​បញ្ច្រាស​ពី​សេចក្តី​ពិត និង​ភាព​សុចរិត​របស់​ព្រះ​ជាម្ចាស់​យ៉ាង​ខ្លាំង​ឡើងៗ។ ការ​ប្រព្រឹត្ត​បញ្ច្រាស​ខាង​ឯ​សីលធម៌​នេះ​នឹង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ដោយ​សារ​តែ​ការ​ដេញ​តាម​ភាព​ពេញ​និយម​ក្នុង​វប្បធម៌​របស់​យើង ដែល​នឹង​ចាត់​ទុក និង​កំណត់​ឡើង​វិញ​នូវ​អំពើ​បាប​ថា​ជា​គុណធម៌​វិញ។ មាន​គ្រីស្ទ​បរិស័ទ និង​ព្រះ​វិហារ​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ដែល​កំពុង​តែ​ទទួល​យក​វប្បធម៌​នោះ​យ៉ាង​ងាយ ជំនួស​ឲ្យ​ការ​ឈរ​យ៉ាង​រឹង​មាំ​ក្នុង​សេចក្តី​ពិត​របស់​ព្រះ​ជាម្ចាស់​នៃ​យើង​ថា ទ្រង់​ជា​នរណា? អ្វី​ដែល​គួរ​ឲ្យ​ខ្លោចផ្សា​កាន់​តែ​ខ្លាំង​នោះ​គឺ​សព្វ​ថ្ងៃ​នេះ គ្រីស្ទ​បរិស័ទ​ជា​ច្រើន​បាន​បំភ្លេច ឬ​ក៏​បោះ​បង់​ចោល គេ​ភ្លេច​ថា ព្រះ​ជាម្ចាស់​ជា​អ្នក​កំណត់​នូវ​អ្វី​ដែល​ត្រូវ និង​អ្វី​ដែល​ខុស ហើយ​អ្វី​ដែល​ពិត និង​អ្វី​ដែល​មិន​ពិត—ពោល​គឺ វប្បធម៌​មិន​មែន​ជា​អ្នក​កំណត់​នោះ​ទេ។

កាល​ណា​មនុស្ស​ចាត់​ទុក​អំពើ​បាប​ថា​ជា​សេចក្តី​សុចរិត នោះ​ពួក​គេ​កំពុង​តែ​ហៅ​ព្រះ​ជាម្ចាស់​ថា​ជា​អ្នក​កុហក​ហើយ ពីព្រោះ​ពួក​គេ​បាន​បដិសេធ​នូវ​ស្តង់ដារ​ជាក់​លាក់ ដែល​មាន​ចែង​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ ប្រសិន​បើ​នរណា​ម្នាក់​និយាយ​ថា ការ​បង្ខូច​ផ្លូវ​ភេទ​គឺ​ជា​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង ជា​ជាង​ថា​គួរ​ឲ្យ​ស្អប់​ខ្ពើម​នូវ​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ​ជាម្ចាស់ ឬ​ថា​ការ​លួច​ជា​ការ​មាន​គុណធម៌ ដរាប​ណា​ពួក​គេ​បាន​លួច​ពី​មនុស្ស​ដែល​សម​នឹង​ឲ្យ​ទៅ​លួច​ពី ឬ​ថា​ការ​កុហក វា​មិន​ជា​អ្វី​ទេ បើ​យើង​កុហក ដើម្បី​ជៀស​ចេញ​ពី​បញ្ហា​នោះ—នោះ​ពួក​គេ​កំពុង​តែ​និយាយ​ថា ព្រះ​ជាម្ចាស់​ជា​អ្នក​កុហក​ហើយ។ ហើយ​បើ​សិន​ពួក​គេ​និយាយ​ថា ព្រះ​ជាម្ចាស់​គឺ​ជា​អ្នក​កុហក នោះ​មាន​ន័យ​ថា សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​ពួក​គេ​ទេ។

សាវ័ក យ៉ូហាន បាន​ពណ៌នា​អំពី​រឿងរ៉ាវ​នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ និង​ប្រភព​នៃ​សេចក្តី​ពិត និង​សេចក្តី​សុចរិត​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១យ៉ូហាន ១:៥ ដោយ​ប្រកាស​ថា ព្រះ​ជាម្ចាស់​គឺ​ជា​ពន្លឺ។ ព្រះ​ជាម្ចាស់​គឺ​ជា​សេចក្តី​ពិត ទ្រង់​សុចរិត ហើយ​ក៏​គ្មាន​សេចក្តី​ងងឹត​ណា​ក្នុង​ទ្រង់​ដែរ។ លើស​ពី​នេះ ហើយ​រឹតតែ​សំខាន់​ទៅ​ទៀត​គឺ​ថា​ព្រះ​ជាម្ចាស់​ជា​អ្នក​កំណត់​សេចក្តី​ពិត និង​សេចក្តី​សុចរិត។ ព្រះ​ជាម្ចាស់​កំណត់​ស្តង់ដារ​សីលធម៌ ចំពោះ​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​មក ដោយ​ផ្អែក​លើ​និស្ស័យ​ដែល​ថា ព្រះ​អង្គ​ជា​ពន្លឺ។

តើ​យើង​អាច​ដឹង​ថា​​អ្វី​ដែល​ពិត​បាន​ដោយ​របៀប​ណា? យើង​អាច​ដឹង​ថា​អ្វី​ពិត​បាន ដោយ​សារ​ព្រះ​ជាម្ចាស់​បាន​កំណត់​ការ​ពិត​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ បើ​គ្មាន​ព្រះ​ជាម្ចាស់​ទេ នោះ​ក៏​មិន​មាន​សេចក្ដី​ពិត​ដែរ។ គ្រប់​អ្វីៗ​ទាំង​អស់​នឹង​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​តាម​គំនិត​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ ព្រោះ​មិន​មាន​ពន្លឺ​នៃ​សិទ្ធិ​អំណាច ដើម្បី​បើក​សម្ដែង​ពី​ការ​ពិត ដោយ​កាត់​បន្ថយ​អត្ថិភាព​ទៅ​ជា​ភាព​មិន​សម​ហេតុ​សម​ផល និង​មិន​អាច​ទៅ​រួច​ទៅ​ជា​ការ​មិន​អាច​បញ្ជាក់​បាន​ទៅ​វិញ។

លើស​ពី​នេះ​ទៅ​ទៀត តើ​យើង​អាច​ដឹង​ថា​អ្វី​ខុស ឬ​ត្រូវ​បាន​ដោយ​របៀប​ណា? យើង​អាច​ដឹង​ថា​អ្វី​ខុស អ្វី​ត្រូវ​បាន ដោយ​សារ​ព្រះ​ជាម្ចាស់​បាន​កំណត់​អ្វី​ដែល​ខុស និង​អ្វី​ដែល​ត្រូវ​ដោយ​និស្ស័យ​របស់​ទ្រង់ ដែល​ទ្រង់​បាន​បើក​សម្ដែង​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ គំនិត​ដ៏​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​លើក​ឡើង​ថា អ្វី​ដែល​កំណត់​ឲ្យ​អ្វី​មួយ​ទៀត​ថា​ខុស ឬ​ត្រូវ​គឺ​ជា​ឥទ្ធិពល​ដែល​អាច ឬ​ក៏​ប្រហែល​ជា​នឹង​មិន​អាច​មាន​លើ​អ្នក​ដទៃ​វិញ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ធ្វើ​ឲ្យ​អ្វី​មួយ​ត្រូវ ឬ​ខុស​បាន​គឺ​ថា តើ​វា​ស្រប​តាម​លក្ខណសម្បត្តិ​ដ៏​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ។

នៅ​ក្នុង​បរិបទ​ដែល​ពាក្យ «ជំនឿ​គ្រីស្ទ​បរិស័ទ» ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ធូរ​រលុង​សាវ័ក យ៉ូហាន បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​ធ្វើ​តេស្ដ​ងាយៗ​មួយ ដើម្បី​ស្វែង​យល់​ថា តើ​ពួក​គេ​នៅ​ក្នុង​ជំនឿ​របស់​ពួក​គេ (រួម​ទាំង​ខ្លួន​យើង​ផង) ពិត​ប្រាកដ​ឬ​ក៏​អត់។ យើង​អាច​សម្គាល់​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ​បាន​ថា​ជា​អ្នក​ដែល​ដើរ​ក្នុង​ពន្លឺ ដូច​ជា​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​ពន្លឺ​ដែរ ដោយ​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​របស់​ទ្រង់​កំណត់​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត។ ការ​ធ្វើ​តេស្ដ​អំពី​ជំនឿ​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ​របស់​សាវ័ក យ៉ូហាន គឺ​ជំទាស់​ទៅ​នឹង​វប្បធម៌​​សង្គម​គ្រីស្ទ​បរិស័ទ ដែល​យើង​មើល​ឃើញ​សព្វ​ថ្ងៃ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​សាវ័ក យ៉ូហាន បាន​លើក​ឡើង​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ និង​ពិត​ប្រាកដ​ថា តើ​ព្រះ​ជាម្ចាស់​ជា​នរណា និង​ថា តើ​យើង​ជា​អ្នក​ណា? ហើយ​សំខាន់​បំផុត​ថា តើ​យើង និង​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង មាន​សេចក្តី​ជំនឿ​ដែល​សង្គ្រោះ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដ៏​ជា​ព្រះ​រាជបុត្រា​ទ្រង់​ដែល​ជា​ព្រះ​អម្ចាស់​នៃ​យើង​ហើយ​ឬ​នៅ?

និពន្ធ​ដោយ៖ Robb Brunansky
បកប្រែ​ដោយ៖ លោក ថៃ វណ្ណៈ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ស៊ូ ទិត្យ, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដកស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី thecripplegate.com ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សេចក្ដី​អធិស្ឋាន​៧​យ៉ាង ​សម្រាប់​អស់​អ្នក​ដែល​កំពុង​រង់ចាំ

ជា​ព្រះ​រាជ​បុត្រា និង​តែង​តែ​គង់​នៅ​អស់​កល្ប​ជា​និច្ច