in

ថ្ងៃ​សុក្រ​ដ៏​វិសុទ្ធ និង​កូន​ចៀម​នៃ​ព្រះ

នៅ​ក្នុង​សៀវភៅ​អត្ថា​អធិប្បាយ​អំពី​កណ្ឌ​គម្ពីរ អេសាយ ៥៣:៧ លោក ខេល និង​លោក ដេលិតឆ៍ (Keil & Delitzsch) បាន​សរសេរ​ថា «ខ​គម្ពីរ​យោង​ទាំង​អស់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដែល​ពណ៌នា​អំពី​កូន​ចៀម​នៃ​ព្រះ​ជាម្ចាស់​ផ្ដើម​ចេញ​ពី​កណ្ឌ​គម្ពីរ អេសាយ ៥៣:៧ ទាំង​អស់»។

កណ្ឌ​គម្ពីរ អេសាយ ៥៣:៧ គឺ​ជា​ខ​គម្ពីរ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​ខ​គម្ពីរ​ផ្សេងៗ​ក្នុង​ព្រះ​គម្ពីរ ដោយ​សារ​ខ​គម្ពីរ​នេះ​បាន​ជួយ​ពន្យល់​បទ​គម្ពីរ​នានា និង​ប្រធាន​បទ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ព្រះ​គម្ពីរ។ ក្នុង​ការ​ចងចាំ​អំពី​ថ្ងៃ​សុក្រ​ដ៏​វិសុទ្ធ ចូរ​ពិចារណា​អំពី​ទិដ្ឋភាព​បួន​យ៉ាង​នៃ​ការ​សុគត​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​ខ​គម្ពីរ​នេះ។

ទី១ ព្រះ​យេស៊ូវ​បាន​សុគត​ដោយ​អយុត្តិធម៌—ពោល​គឺ ទ្រង់​ត្រូវ​គេ​សង្កត់សង្កិន។ ពាក្យ​ដែល​ហោរា អេសាយ បាន​ប្រើ​នៅ​ត្រង់​កន្លែង​នេះ​ក៏​ឃើញ​មាន​ប្រើ​បី​បួន​ដង​ទៀត​ដែរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​និក្ខមនំ ជំពូក៣ ដើម្បី​ពណ៌នា​អំពី​ការ​សង្កត់​សង្កិន​របស់​ជន​ជាតិ​អ៊‌ីស្រាអែល​ក្នុង​ប្រទេស​អេស៊ីព្ទ។ ពាក្យ​នេះ​បាន​បញ្ជាក់​អំពី​លក្ខណៈ​នៃ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​ដោយ​អយុត្តិធម៌ ក្រោម​ស្នាដៃ​សម្ដេច​សង្ឃ កៃផា សម្ដេច​សង្ឃ អាណ អភិបាល​ក្រុងពីឡាត់ និង​ស្ដេច​ហេរ៉ូឌ។ យើង​អាន​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​អំពី​បុគ្គល​ទាំង​នេះ​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចោទ​ប្រកាន់ និង​ធ្វើ​ទីបន្ទាល់​ក្លែង​ក្លាយ ដើម្បី​ចោទ​ប្រកាន់​ព្រះ​អង្គ​សង្គ្រោះ ហើយ​ពួក​គេ​ទាំង​អស់​គ្នា​បាន​ធ្វើ​ការ​កាត់​ក្ដី​ក្លែង​ក្លាយ និង​កាត់​ក្តី​ដោយ​ខុស​ច្បាប់ ដើម្បី​បោះ​ត្រា​បញ្ជូន​ព្រះ​មេស្ស៊ី​ឲ្យ​ទទួល​ជោគ​វាសនា​ដ៏​អាក្រក់​នៅ​ឯ​ឈើ​ឆ្កាង។

ព្រះ​យេស៊ូវ​មិន​សម​នឹង​សុគត​ទេ ព្រោះ​ទ្រង់​មិន​បាន​ធ្វើ​អំពើ​បាប​ទាល់​តែ​សោះ​ឡើយ។ សំណួរ​អំពី​មូល​ហេតុ​ដែល​ព្រះ​យេស៊ូវ​សុគត​មិន​ទទួល​បាន​ការ​ពន្យល់​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេសាយ ៥៣:៧ នោះ​ទេ តែ​ទទួល​បាន​ការ​ពន្យល់​នៅ​ក្នុង​កណ្ឌ​គម្ពីរ អេសាយ ៥៣:៨ វិញ។ ខ​គម្ពីរ​នោះ​បាន​ប្រាប់​យើង​ថា ទ្រង់​បាន​សុគត​ជំនួស​អំពើ​បាប​របស់​យើង។ ការ​កាត់​ក្តី និង​ការ​ដាក់​ទោស​របស់​ព្រះ​យេស៊ូវ​គឺ​ជា​អំពើ​អយុត្តិធម៌​ដ៏​ធំ​បំផុត​មួយ ដែល​ប្រព្រឹត្ត​ដោយ​មនុស្ស​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ជាតិ ដោយ​រម្លឹក​យើង​អំពី​អំពើ​បាប​របស់​យើង និង​ភាព​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់។ យើង​សម​នឹង​ទទួល​ការ​ដាក់​ទោស​សម្រាប់​អំពើ​បាប​ទាំង​អស់​របស់​យើង នៅ​ក្នុង​ព្រះ​ហស្ដ​នៃ​ព្រះ​ដ៏​បរិសុទ្ធ និង​យុត្តិធម៌ តែ​ផ្ទុយ​ទៅ​វិញ​ព្រះ​យេស៊ូវ​បាន​ទទួល​ការ​នេះ​ជំនួស​យើង ដោយ​អនុញ្ញាត​ឲ្យ​មេ​ដឹក​នាំ​សាសនា​យូដា និង​ពួក​រ៉ូម៉ាំង​ធ្វើ​គុត​ទ្រង់​ដោយ​អយុត្តិធម៌ ពីព្រោះ​គ្មាន​ផ្លូវ​ណា​ផ្សេង​ទៀត ដើម្បី​បញ្ចៀស​សេចក្តី​ក្រោធ​របស់​ព្រះ​វរបិតា​ដែល​ប្រឆាំង​ទៅ​នឹង​អំពើ​បាប​របស់​យើង​បាន​នោះ​ទេ។

ទី២ ព្រះ​យេស៊ូវ​បាន​សុគត​ដោយស្ម័គ្រ​ព្រះ​ទ័យ—ពោល​គឺ ទ្រង់​ត្រូវ​គេធ្វើ​ទុក្ខ។ ការ​ចុះ​ចូល​របស់​ព្រះ​យេស៊ូវ​ចំពោះ​ការ​រងទុក្ខ​របស់​ទ្រង់​បង្កប់​ន័យ​ថា ពិត​ជា​មាន​ផែនការ និង​គោល​បំណង​ចំពោះ​ការ​សុគត​របស់​ទ្រង់ ហើយ​ទ្រង់​ក៏​បាន​ចុះ​ចូល​ចំពោះ​គោល​បំណង​នេះ​ដោយ​ស្ម័គ្រ​ព្រះ​ទ័យ។ ការ​នេះ​បាន​និយាយ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ​យេស៊ូវ​ចំពោះ​រាស្ដ្រ​របស់​ទ្រង់ ដោយ​ទ្រង់​ស្ម័គ្រ​ព្រះ​ទ័យ​ឲ្យ​គេ​សង្កត់​សង្កិន ហើយ​ឆ្កាង សម្លាប់​ទ្រង់​ជំនួស​យើង។ នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ២៦:៥៣ យើង​ឃើញ​ថា ព្រះ​យេស៊ូវ​អាច​ត្រាស់​បង្គាប់​ទេវតា​ដប់ពីរ​កង​ឲ្យ​មក​សង្គ្រោះ​ទ្រង់​ពី​ភាព​អាម៉ាស់ និង​សេចក្តី​ស្លាប់​នេះ​បាន តែ​ទ្រង់​មិន​បាន​ធ្វើ​ដូច្នោះ​ទេ។ ទ្រង់​បាន​ស្ម័គ្រ​ព្រះ​ទ័យ​សុគត ដែល​ជា​ការ​សុគត​ដោយ​អយុត្តិធម៌ សម្រាប់​មនុស្ស​អយុត្តិធម៌។

មិន​មាន​មនុស្ស​ច្រើន​ទេ—ប្រហែល​ជា​អត់​តែ​ម្តង​ក្នុង​ចំណោម​យើង—ដែល​ហ៊ាន​នឹង​ប្រគល់​ជីវិត​របស់​ខ្លួន​ជំនួស​អ្នក​ដទៃ។ សាវ័ក ប៉ុល បាន​បង្ហាញ​អំពី​ការ​ពិត​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៥:៧ ដោយ​សរសេរ​ថា «កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង»។ នៅ​ក្នុង​ភាព​ជា​ព្រះ​របស់​ទ្រង់ ព្រះ​យេស៊ូវ​ជ្រាប​ថា ទ្រង់​គឺ​ជា​យញ្ញ​បូជា​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​មនុស្ស​ដែល​បាន​ធ្លាក់​ក្នុង​អំពើ​បាប។ ហើយ​នៅ​ក្នុង​ភាព​ជា​មនុស្ស​របស់​ទ្រង់ ព្រះ​យេស៊ូវ​ក៏​ជ្រាប​អំពី​ការ​ឈឺ​ចាប់ និង​ការ​រង​ទុក្ខ​ដែល​ទ្រង់​មិន​ស័ក្តិ​សម​នឹង​ទទួល​ដែរ ដែល​ទ្រង់​ត្រូវ​ស៊ូទ្រាំ​នោះ។ ទោះ​បី​ជា​អញ្ចឹង​ក៏​ដោយ ក៏​ទ្រង់​បាន​ទៅ​ឯ​ឈើ​ឆ្កាង​ដោយ​ស្ម័គ្រ​ព្រះ​ទ័យ​ដែរ។

ទី៣ ព្រះ​យេស៊ូវ​បាន​សុគត​ទុក​ជា​យញ្ញ​បូជា—ពោល​គឺ ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សម្លាប់។ ព្រះ​យេស៊ូវ​ត្រូវ​បាន​ថ្វាយ​ទុក​ជា​យញ្ញ​បូជា។ សាវ័ក យ៉ូហាន លើក​យក​សម្ដី​របស់​លោក យ៉ូហាន-បាទីស្ទ ដែល​គាត់​បាន​ហៅ​ព្រះ​យេស៊ូវ​ថា​ជា «កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក!» (យ៉ូហាន ១:២៩)។ ព្រះ​យេស៊ូវ​ក៏​បាន​សុគត​នៅ​ថ្ងៃ​បុណ្យ​រំលង​ផង​ដែរ—ជា​ថ្ងៃ​ដ៏​ពិសិដ្ឋ​របស់​ជន​ជាតិ​យូដា ជា​ពេល​ដែល​ពួក​គេ​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​សង្គ្រោះ​ពួក​គេ​ពី​កណ្ដាប់​ដៃ​ជន​ជាតិ​អេស៊ីព្ទ។ ជន​ជាតិ​យូដា​ទទួល​បាន​ការ​អប់រំ​យ៉ាង​ល្អ​អំពី​សារៈ​សំខាន់ និង​អំពី​ភាព​ចាំ​បាច់​នៃ​យញ្ញ​បូជា​នៅ​សម័យ​កាល​របស់​ពួក​គេ។ ចាប់​តាំង​ពី​ដំណើរ​រឿង​នៃ​ការ​ថ្វាយ​យញ្ញ​បូជា​របស់​លោក កាអ៊ីន និង​លោក អេបិល រហូត​ដល់​ច្បាប់​ដែល​បាន​សរ​សេរ​ក្នុង​ក្រឹត្យវិន័យ​របស់​លោក ម៉ូសេ៖ ព្រះ​ជាម្ចាស់​ទាម​ទារ​ឲ្យ​មាន​យញ្ញបូជា​សម្រាប់​អំពើ​បាប ទុក​ជា​ការ​រម្លឹក​ថា អ្នក​ថ្វាយ​យញ្ញ​បូជា​ទាំង​នោះ​គឺ​មិន​បរិសុទ្ធ​ទេ ហើយ​ថា​អំពើ​បាប​គឺ​ជា​បណ្តាសារ​ដែល​ទាម​ទារ​ឲ្យ​មាន​សេចក្តី​ស្លាប់ ហើយ​ថា​នៅ​ថ្ងៃ​ណា​មួយ ព្រះ​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា គឺ​នឹង​យាង​មក ដើម្បី​សម្អាត​ពួក​គេ​ម្តង​ជា​ស្រេច​ចេញ​ពី​ការ​ទុច្ចរិត​ទាំង​អស់។

សាវ័ក ប៉ុល បាន​ប្រាប់​យើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ៥:៧៖ ព្រះ​គ្រីស្ទ​ដែល​ជា​កូន​ចៀម​នៃ​បុណ្យ​រំលង​របស់​យើង​ត្រូវ​បាន​គេ​ឆ្កាង​សម្លាប់​ដ៏​ឃោរឃៅ ដោយ​ចាក់​បង្ហូរ​ព្រះ​លោហិត​ពី​លើ​ឈើ​ឆ្កាង។ ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ ដែល​ជា​កូន​ចៀម​នៃ​បុណ្យ​រំលង​របស់​យើង បាន​ហូរ​ស្រោច​យើង ដោយ​រំដោះ​យើង​ចេញ​ពី​ចំណង​របស់​អារក្ស សាច់​ឈាម និង​លោកីយ៍។ ដោយ​សារ​យញ្ញបូជា​របស់​ព្រះ​យេស៊ូវ នោះ​មិន​ចាំ​បាច់​មាន​ការ​ថ្វាយ​យញ្ញ​បូជា​ណា​ផ្សេង​ទៀត ដូច​ដែល​បាន​តម្រូវ​តាម​ច្បាប់​ម៉ូសេ មុន​ការ​សុគត​របស់​ទ្រង់​ទេ។ វាំងនន​ត្រូវ​បាន​រហែក​ជា​ពីរ ហើយ​យើង​អាច​ចូល​ទៅ​ឯ​ព្រះ​វរបិតា​បាន​យ៉ាង​ពេញ​ទី តាម​រយៈ​ព្រះ​លោហិត​នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់។

ទី៤ ព្រះ​យេស៊ូវ​បាន​សុគត​ដោយ​ស្តាប់​បង្គាប់ដូច​ជា​ចៀម​ដែលមិន​បាន​ហើប​ព្រះ​ឱស្ឋ​សោះ។ ភាព​ស្ងៀម​ស្ងាត់​នេះ (មិន​បាន​ហើប​ព្រះ​ឱស្ឋ) គឺ​ជា​ទម្ងន់​ដ៏​សំខាន់​មួយ​នៃ​អត្ថបទ ដោយ​គូស​បញ្ជាក់​អំពី​ការ​ស្តាប់​បង្គាប់​របស់​អ្នក​បម្រើ​ដែល​រង​ទុក្ខ។ ព្រះ​យេស៊ូវ​មិន​គ្រាន់​តែ​បាន​ស្ម័គ្រ​ព្រះ​ទ័យ​សុគត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ថែម​ទាំង​ស្តាប់​បង្គាប់​ព្រះ​វរបិតា​យ៉ាង​ពេញ​ទី ដោយ​សុគត​នៅ​លើ​ឈើ​ឆ្កាង​ទៀត​ផង។ កណ្ឌ​គម្ពីរ ១ពេត្រុស ២:២៣-២៤ បាន​បញ្ជាក់​ថា ការ​ស្តាប់​បង្គាប់​របស់​ព្រះ​យេស៊ូវ​គឺ​ជា​ការ​បង្ហាញ​យើង​អំពី​គន្លឹះ​នៃ​ការ​ស្តាប់​បង្គាប់​ដោយ​ស្មោះ​ត្រង់៖ គឺ​ថ្វាយ​រូប​កាយ​នៃ​ជីវិត​របស់​យើង​ទៅ​កាន់​ព្រះ​ជាម្ចាស់ ។ ការ​ស្តាប់​បង្គាប់​របស់​ទ្រង់​គឺ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ពួក​យើង​ឲ្យ​ធ្វើ​បាន​ដែរ។ ដោយ​ព្រះ​យេស៊ូវ​បាន​សុគត​ដោយ​ស្តាប់​បង្គាប់ ដូច្នេះ​យើង​ក៏​អាច​រស់​នៅ​ដោយ​ស្តាប់​បង្គាប់​បាន​ផង​ដែរ។

សូម្បី​តែ​យើង​ដែល​ជា​អ្នក​ជឿ​ក៏​យើង​មាន​ការ​ពិបាក​ក្នុង​ការ​ស្តាប់​បង្គាប់​ព្រះ​អម្ចាស់​នៃ​យើង​ដែរ។ ទោះ​បី​ជា យើង​កំពុង​ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់​តែ​ដូច​ជា​ព្រះ​យេស៊ូវ​ក៏​ដោយ ក៏​យើង​នឹង​មិន​មាន​សេរីភាព​ចេញ​ពី​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​សាច់​ឈាម​ដ៏​ពុករលួយ​របស់​យើង​នៅ​លើ​ផែនដី​នោះ​ដែរ។ ប៉ុន្តែ ដូច​អ្វី​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​រម្លឹក​យើង​ថា «ដ្បិត​សម្ដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កម្សោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ» (ហេព្រើរ ៤:១៥)។ ព្រះ​ជន្ម​ដ៏​គ្រប់​លក្ខណ៍​របស់​ព្រះ​យេស៊ូវ និង​ការ​ស្តាប់​បង្គាប់​ដ៏​ពេញទី​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង​បាន​អនុញ្ញាត​ឲ្យ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ទ្រង់​សម្រាប់​ការ​អត់​ទោស​អំពើ​បាប​របស់​ពួក​គេ​អាច «មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះ​គុណ​សម្រាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ» (ហេព្រើរ ៤:១៦)។

យើង​អាច​រក​ឃើញ​សេចក្តី​សង្គ្រោះ​តែ​នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​កូន​ចៀម​នៃ​ព្រះ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ​បូជា​នៅ​លើ​ឈើ​ឆ្កាង សម្រាប់​អំពើ​បាប​ទាំង​អស់​របស់​អស់​អ្នក​ដែល​ជឿ​លើ​កិច្ចការ​នៃ​ដង្វាយ​ធួន​នឹង​បាប​របស់​ទ្រង់​តែ​ប៉ុណ្ណោះ។ ខណៈ​ពេល​ដែល​យើង​ប្រារព្ធ​ពិធី​ថ្ងៃ​សុក្រ​ដ៏​វិសុទ្ធ​នេះ ចូរ​អរ​ព្រះ​គុណ​ចំពោះ​ការ​ស្ម័គ្រ​ព្រះ​ទ័យ​សុគត​របស់​ព្រះ​យេស៊ូវ និង​គំរូ​ដ៏​គ្រប់​លក្ខណ៍​នៃ​ការ​ស្តាប់​បង្គាប់​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ​ជា​រៀង​រហូត​ជា​មួយ​នឹង​ទ្រង់​ក្នុង​សិរី​ល្អ​បាន។

ក្នុង​ការ​ចងចាំ​អំពី​ថ្ងៃ​សុក្រ​ដ៏​វិសុទ្ធ ចូរ​ពិចារណា​អំពី​ទិដ្ឋភាព​បួន​យ៉ាង​នៃ​ការ​សុគត​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​ខ​គម្ពីរ​នេះ…

និពន្ធ​ដោយ៖ Robb Brunansky
បក​ប្រែ​ដោយ៖ លោក ថៃ វណ្ណៈ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, កញ្ញា ហុង រស្មី និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.thecripplegate.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ខ្ញុំ​មិន​ដែល​អាន​ព្រះ​គម្ពីរ​ទេ តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​នៅ​ត្រង់​ណា?

សៀវភៅ​កម្រិត​ដំបូង​ពី​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ