in

ហេតុ​អ្វី​ព្រះ​យេស៊ូវ​សុគត? ដង្វាយ​ធួន​នឹង​បាប និង​សេចក្ដី​ក្រោធ​នៃ​ព្រះ?

«ដែល​ទ្រង់​ជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា មិន​ត្រឹម​តែ​បាប​របស់​យើង​រាល់​គ្នា​តែ​ប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ៍​ទាំង​មូល​ដែរ» (១យ៉ូហាន ២:២)។

ពាក្យ «ដង្វាយ​ធួន​នឹង​បាប» ដែល​សាវ័ក យ៉ូហាន បាន​លើក​ឡើង​នៅ​ក្នុង ១យ៉ូហាន ជំពូក២ បាន​ក្លាយ​ជា​ប្រធាន​បទ​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ជជែក​វែកញែក​គ្នា​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​រាប់​សតវត្សរ៍​មក​ហើយ។សំណួរ​គឺ​ថា៖ តើ​សាវ័ក យ៉ូហាន ចង់​មាន​ន័យ​ថា ដង្វាយ​ធួន​នឹង​បាប ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ តាម​រយៈ​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើឆ្កាង បាន​ផ្ដល់​ការ​អត់​ទោស​ដល់​យើង ឬ​ក៏​ថា​សាវ័ក យ៉ូហាន ចង់​មាន​ន័យ​ថា តាម​រយៈ​ការ​សុគត​របស់​ទ្រង់ នោះ​ព្រះ​យេស៊ូវ​មិន​ទទួល​បាន​ការ​អត់​ទោស​ជំនួស​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ថែម​ទាំង​បាន​បំពេញ​នូវ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ដែល​ប្រឆាំង​ទាស់​នឹង​យើង​ផង​ដែរ​មែន​ឬ? របៀប​ដែល​លោក​អ្នក​ឆ្លើយ​នឹង​សំណួរ​មួយ​នេះ​នឹង​នាំ​លោក​អ្នក​ទៅ​កាន់​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​និង​ចំណេះ​ដឹង​នៃ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ​ជាម្ចាស់ ឬ​ក៏​អាច​នឹង​នាំ​លោក​អ្នក​ឲ្យ​មាន​ការ​យល់​ដឹង​ខុស​ឆ្គង​ថា​តើ​ព្រះ​ជា​នរណា ហើយ​ថា​ព្រះ​អង្គ​តម្រូវ​ឲ្យ​មាន​អ្វី​សម្រាប់​ជា​ការ​បង់​ថ្លៃ​លោះ​អំពើ​បាប​របស់​យើង។

មនុស្ស​មួយ​ចំនួន​នឹង​និយាយ​ថា ព្រះ​ជាម្ចាស់​មិន​មែន​ជា​ព្រះ​ដែល​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ​នោះ​ទេ។ ពួក​គេ​នឹង​និយាយ​ថា ព្រះ​អង្គ​មិន​បាន​ទាម​ទារ​ឲ្យ​មាន​ការ​បូជា​យញ្ញ​ឈាម ដើម្បី​បំពេញ​សេចក្ដី​ក្រោធ​របស់​ព្រះ​អង្គ​ទាស់​នឹង​អំពើ​បាប និង​មនុស្ស​មាន​បាប​នោះ​ទេ។ ពួក​គេ​អះអាង​ថា ព្រះ​ជាម្ចាស់​សប្បុរស​ដោយ​បរិសុទ្ធ—ជា​ព្រះ​អម្ចាស់​នៃ​សេចក្ដី​ស្រឡាញ់ ហើយ​ទ្រង់​នឹង​មិន​មាន​សេចក្ដី​ក្រោធ ដែល​តម្រូវ​ឲ្យ​មាន​ការ​បំពេញ ដើម្បី​បង់​ថ្លៃ​លោះ​សម្រាប់​អំពើ​បាប​នោះ​ឡើយ។ មនុស្ស​ទាំង​នេះ​ជំទាស់​ដោយ​វែក​ញែក​ថា ពាក្យ​នេះ​មាន​ន័យ​ថា ព្រះ​គ្រីស្ទ​បាន​យាង​មក បាន​សុគត ហើយ​បាន​នាំ​មក​នូវ​ការ​អត់​ទោស​បាប ប៉ុន្តែ​ព្រះ​ជាម្ចាស់​ពុំ​ចាំ​បាច់​ត្រូវ​ការ​ឲ្យ​មាន​ការ​បំពេញ​សេចក្ដី​ក្រោធ​ឡើយ ពីព្រោះ​ព្រះ​អង្គ​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ នោះ​ទ្រង់​មិន​ចេះ​ខ្ញាល់​ឡើយ។

ដោយ​សារ​ព្រះ​គម្ពីរ​បាន​បង្ហាញ​យ៉ាង​ច្បាស់ នោះ​បញ្ហា​ជា​មួយ​នឹង​ទស្សនៈ​បែប​នេះ​គឺ​ថា៖ ព្រះ​ជាម្ចាស់​មាន​សេចក្ដី​ក្រោធ មិន​ត្រឹម​តែ​ជា​មួយ​នឹង​អំពើ​បាប​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​ខ្ញាល់​ចំពោះ​អ្នក​ប្រព្រឹត្ត​បាប​ផង​ដែរ។ នៅ​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង ២:១២ ស្ដេច​នៃ​ផែនដី​ទាំង​អស់​បាន​ទទួល​ការ​បង្គាប់​ឲ្យ «ថើប​ព្រះ​រាជ​បុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើង ហើយ​ឯង​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ ដ្បិត​បន្តិច​ទៀត សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នឹង​ឆួល​ឡើង»។ ព្រះ​ជាម្ចាស់​នៃ​យើង​គឺ​ជា​ព្រះ​នៃ​សេចក្ដី​ក្រោធ ហើយ​ព្រះ​អង្គ​ខ្ញាល់​ទាំង​ជា​មួយ​នឹង​អ្នក​ប្រព្រឹត្ត​បាប និង​អំពើ​បាប​ផ្ទាល់​ផង​ដែរ—ជា​ពិសេស អំពើ​បាប​នៃ​ការ​បដិសេធ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ។ សេចក្ដី​ក្រោធ​នេះ​ចំពោះ​អ្នក​ប្រព្រឹត្ត​បាប​គឺ​ជា​សេចក្ដី​ក្រោធ​ដែល​យុត្តិធម៌ និង​មាន​ការ​ព្រមាន​ជា​មុន។ នេះ​គឺ​ជា​សេចក្ដី​ក្រោធ​ដ៏​យុត្តិធម៌​របស់​ព្រះ​ដ៏​បរិសុទ្ធ ដែល​ព្រះ​អង្គ​ចាក់​សេចក្ដី​ក្រោធ​យ៉ាង​ត្រឹម​ត្រូវ​នោះ​ទាស់​នឹង​អ្វី​ដែល​ពិត​ជា​អាក្រក់ និង​ទុច្ចរិត។

ស្ដេច ដាវីឌ បាន​សរសេរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង ៧:១១ ថា «ទ្រង់​ជា​ព្រះ​ដែល​មាន​សេចក្ដី​ខ្ញាល់ ចំពោះ​មនុស្ស​អាក្រក់​រាល់​តែ​ថ្ងៃ»។ តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​មាន​ភាព​ចាំ​បាច់? គឺ​ដោយ​សារ​ចំណុច​ពិត​នេះ ព្រះ​អង្គ​ជា​ចៅ​ក្រម​ដ៏​សុចរិត ហើយ​ពិភពលោក​នេះ​មាន​ពេញ​ទៅ​ដោយ​មនុស្ស​អាក្រក់។ ព្រះ​ជាម្ចាស់​មិន​មែន​ជា​ព្រះ​លេលា ដែល​ចេះ​តែ​ខ្ញាល់​ដោយ​គ្មាន​មូល​ហេតុ​នោះ​ទេ។ ព្រះ​ជាម្ចាស់​របស់​យើង ក្នុង​នាម​ជា​ចៅក្រម​ដ៏​សុចរិត ត្រូវ​តែ​ចាក់​សេចក្ដី​ក្រោធ​ទាស់​នឹង​មនុស្ស​អាក្រក់​ទាំង​នោះ ដោយ​មិន​ធ្វើ​តាម​ក្រឹត្យវិន័យ​ដ៏​ល្អ​របស់​ទ្រង់។ ប្រសិន​បើ​ព្រះ​អង្គ​មិន​មាន​សេចក្ដី​ក្រោធ​ចំពោះ​អំពើ​ទុច្ចរិត​ទេ នោះ​ព្រះ​អង្គ​មុខ​ជា​មិន​មែន​សុចរិត​ឡើយ។ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ធ្វើ​ឲ្យ​ព្រះ​អង្គ​ខ្ញាល់​ជា​រៀង​រាល់​ថ្ងៃ ពីព្រោះ​ទ្រង់​សុចរិត ដូច្នេះ​ហើយ​ទើប​ទ្រង់​មិន​អាច​ទ្រាំទ្រ​នឹង​អំពើ​បាប​បាន។

ដោយ​សារ​តែ​យើង​ជា​មនុស្ស​មាន​បាប នោះ​យើង​ស្ថិត​នៅ​ក្រោម​សេចក្ដី​ក្រោធ​នៃ​ព្រះ​ដ៏​សុចរិត និង​យុត្តិធម៌ ប្រសិន​បើ​យើង​គ្មាន​ព្រះ​គ្រីស្ទ ជា​ព្រះ​ដ៏​ជា​ជំនួយ និង​ជា​ដង្វាយ​ធួន​នឹង​បាប​របស់​យើង។

នៅ​ក្នុង​គ្រប់​សាសនា​ពី​សម័យ​មុន​ទាំង​អស់ ពេល​ណា​ដែល​ព្រះ​ណា​មួយ​ខឹង នោះ​នឹង​ត្រូវ​តែ​មាន​យញ្ញ​បូជា និង​ការ​ដាក់​ទន្តកម្ម​ដល់​អ្នក​ប្រព្រឹត្ត​បាប។ អ្វី​ដែល​ខុស​គ្នា​នៅ​ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ​នោះ​គឺ​ថា សេចក្ដី​ក្រោធ​របស់​ព្រះ​មិន​ត្រូវ​មាន​ការ​ស្កប់​ចិត្ត​ដោយ​យញ្ញ​បូជា​របស់​យើង ឬ​ក៏​ដោយ​ការ​ឈឺ​ចាប់​របស់​យើង ឬ​ក៏​តាម​រយៈ​អ្វី​មួយ​ដែល​យើង​បាន​ធ្វើ​នោះ​ទេ។ ព្រះ​ជាម្ចាស់​ផ្ទាល់​បាន​ប្រទាន​ដង្វាយ​ធួន​នឹង​បាប​សម្រាប់​យើង ដែល​នឹង​ជា​ទី​គាប់​ព្រះ​ទ័យ​ដល់​សេចក្ដី​ក្រោធ​ដ៏​យុត្តិធម៌​របស់​ព្រះ​អង្គ​ដែល​ទាស់​ប្រឆាំង​នឹង​យើង។

កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:១០ មាន​ចែង​ថា «គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​ឲ្យ​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង»។ ស្ថានភាព​នៅ​ត្រង់​ចំណុច​នេះ គឺ​មិន​មែន​ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​ជាម្ចាស់ ហើយ​ជា​លទ្ធផល​នោះ​យើង​ក៏​មិន​បាន​រក​ឃើញ​វិធី​ណា​មួយ ឲ្យ​យើង​អាច​បំពេញ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ទាស់​នឹង​យើង​នោះ​ទេ។ ផ្ទុយ​ពី​នោះ​ទាំង​ស្រុង! យើង​ជា​មនុស្ស​មាន​បាប ដែល​បាន​ស្រឡាញ់​អំពី​បាប។ ប៉ុន្តែ ដោយ​សារ​ព្រះ​អង្គ​ស្រឡាញ់​យើង នោះ​ទ្រង់​ក៏​បាន​បញ្ជូន​ព្រះ​បុត្រា​របស់​ព្រះ​អង្គ​មក ដើម្បី​ធ្វើ​ជា​ដង្វាយ​ធួន​នឹង​បាប​របស់​យើង។

ជា​លទ្ធផល ព្រះ​គ្រីស្ទ​បាន​ក្លាយ​ជា​យញ្ញ​បូជា​ដែល​បំពេញ​សេចក្ដី​ក្រោធ​ដ៏​យុត្តិធម៌​របស់​ព្រះ​ជាម្ចាស់​ដែល​ទាស់​ប្រឆាំង​នឹង​បាប​របស់​យើង។ គ្រប់​ទាំង​សេចក្ដី​ខ្ញាល់​ដ៏​បរិសុទ្ធ និង​យុត្តិធម៌​របស់​ព្រះ​ជាម្ចាស់​ចំពោះ​អំពើ​បាប​របស់​យើង គឺ​ទ្រង់​បាន​ចាក់​លើ​ព្រះ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង។ សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ក៏​ត្រូវ​បាន​ពន្លត់ នេះ​មិន​មែន​មក​ពី​យើង​បាន​ធ្វើ​អ្វី​មួយ​ដែល​គាប់​ព្រះ​ទ័យ​ដល់​ទ្រង់​នោះ​ទេ ប៉ុន្តែ​គឺ​ដោយ​សារ​តែ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង បាន​រង​បណ្ដាសា​របស់​យើង ហើយ​បាន​ទទួល​យក​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​មក​ដាក់​លើ​អង្គ​ទ្រង់​ផ្ទាល់​នៅ​លើ​ឈើ​ឆ្កាង។

ហេតុ​ដូច្នេះ ចំណុច​របស់​សាវ័ក យ៉ូហាន នៅ​ក្នុង​កណ្ឌ​គម្ពីរ ១យ៉ូហាន ២:២ គឺ​ថា៖ នៅ​ពេល​ដែល​យើង​ប្រព្រឹត្តិ​អំពើ​បាប នោះ​យើង​ត្រូវ​រម្លឹក​ខ្លួន​ឯង​ថា អង្គ​ដែល​កំពុង​តែ​ឈរ​ជា​មួយ​យើង​នៅ​ខាង​មុខ​ព្រះ​វរបិតា​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ព្រះ​យេស៊ូវ​បាន​បំពេញ​សេចក្ដី​សុចរិត​ដ៏​ល្អ​ឥត​ខ្ចោះ​ជំនួស​យើង ហើយ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ដោយ​ទម្ងន់​ទាំង​អស់​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​យើង។ ការ​ទុក​ចិត្ត ការ​ពឹង​អាង និង​ការ​ពឹង​ផ្អែក​ទាំង​ស្រុង​របស់​យើង​មិន​មែន​ជា​ចំណុច​ដែល​ថា យើង​គ្មាន​បាប​ទាល់​តែ​សោះ​នោះ​ទេ (ព្រោះ​យើង​មិន​មែន​គ្មាន​បាប​នោះ​ទេ)។ ការ​ទុក​ចិត្ត ការ​ពឹង​អាង និង​ការ​ពឹង​ផ្អែក​ទាំង​ស្រុង​របស់​យើង​គឺ​ស្ថិត​នៅ​លើ​សេចក្ដី​ពិត​ដែល​ថា តាម​រយៈ​ការ​លះ​បង់ និង​សេចក្ដី​សុចរិត​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​យេស៊ូវ នោះ​ទ្រង់​បាន​នាំ​ឲ្យ​ព្រះ​ជាម្ចាស់​ទទួល​យើង នៅ​ក្នុង​ព្រះ​វត្តមាន​របស់​ព្រះ​អង្គ។

ដូច​ដែល​អ្នក​សរសេរ​ទំនុក​តម្កើង​បាន​សរសេរ​ថា៖ «ចិត្ត-ខ្ញុំ​សង្ឃឹម​ពឹង​នៅ​ព្រះ​អង្គ និង​ព្រះ​លោហិត ដែល​លាង​ហ្មត់ហ្មង! ខ្ញុំ​មិន​ហ៊ាន​ទុក​ចិត្ត​នឹង​ខ្លួន​ខ្ញុំ គឺ​ពឹង​តែ​ព្រះ​នាម​ដ៏​ឧត្តម តាំង​លើ​ព្រះ​គ្រីស្ទ ខ្ញុំ​បាន​ភ្ជាប់​ខ្ជួន ទី​ពឹង​ណា​ទៀត​មិន​ដែល​មាំមួន!»។

តើ​អ្វី​ទៅ​ដែល​ផ្ដល់​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេស៊ូវ​គង់​នៅ​ជា​មួយ​យើង ហើយ​ទ្រង់​ជា​ព្រះ​ដ៏​ជា​ជំនួយ និង​ជា​ដង្វាយ​ធួន​នឹង​បាប​សម្រាប់​យើង? ព្រះ​អង្គ​មិន​ត្រឹម​តែ​ជា​ដង្វាយ​ធួន​នឹង​បាប​សម្រាប់​អំពើ​បាប​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​បាប «របស់​លោកីយ៍​ទាំង​មូល​ដែរ»។ នោះ​មាន​ន័យ​ថា មាន​ផ្លូវ​តែ​មួយ​គត់​សម្រាប់​បុគ្គល​ណា​ម្នាក់​ឲ្យ​អាច​នឹង​ទទួល​បាន​ការ​សង្គ្រោះ មិន​ថា​គាត់​មក​ពី​ណា ឬ​ជា​នរណា​នោះ​ទេ គឺ​មាន​តែ​តាម​រយៈ​ការ​បង់​ថ្លៃ​របស់​ព្រះ​យេស៊ូវ​តែ​មួយ​ប៉ុណ្ណោះ។ មិន​មាន​បុគ្គល​ណា​ម្នាក់ មិន​ថា​ពី​ជំនាន់​ណា ឬ​ក៏​ពី​កន្លែង​ណា​មួយ​ក៏​ដោយ​អាច​នឹង​និយាយ​ថា «យញ្ញ​បូជា​របស់​ព្រះ​យេស៊ូវ​មិន​ពាក់ព័ន្ធ​ដល់​ខ្ញុំ​ទេ ដោយ​សារ​តែ​សញ្ជាតិ ឬ​ឋានៈ ឬ​ឪពុក​ម្តាយ ឬ​ក៏​កេរ្តិ៍​ឈ្មោះ​របស់​ខ្ញុំ​ឡើយ»។

សេចក្ដី​ពិត​ដែល​ថា ព្រះ​យេស៊ូវ​បាន​សុគត​ក្នុង​នាម​ជា​ដង្វាយ​ធួន​នឹង​បាប​របស់​ពិភព​លោក​ទាំង​មូល​មាន​ន័យ​ថា ព្រះ​អង្គ​គឺ​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​មនុស្ស​មាន​បាប​ទាំង​អស់​នៅ​លើ​ពិភព​លោក​នេះ។ យើង​មិន​អាច​និយាយ​ថា អ្នក​ជឿ​តាម​សាសនា​មូស្លីម​អាច​ទៅ​កាន់​ព្រះ​ជាម្ចាស់​បាន​តាមរយៈ​ព្រះ​របស់​ពួក​គេ អ្នក​ជឿ​តាម​សាសនា​ហិណ្ឌូ​អាច​ទៅ​កាន់​ព្រះ​ជាម្ចាស់​បាន​តាម​រយៈ​ព្រះ​របស់​ពួក​គេ អ្នក​ជឿ​តាម​ព្រះ​ពុទ្ធ​អាច​ទៅ​កាន់​ព្រះ​ជាម្ចាស់​បាន​តាម​រយៈ​ព្រះ​របស់​ពួក​គេ ឬ​អ្នក​កាន់​តាម​សាសនា​យូដា​អាច​ទៅ​កាន់​ព្រះ​ជាម្ចាស់​បាន​តាម​រយៈ​ការ​ប្រតិបត្តិ​តាម​គម្ពីរ​តូរ៉ា​របស់​ពួក​គេ​នោះ​ទេ។ ព្រះ​យេស៊ូវ​បាន​សុគត ដើម្បី​បំពេញ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​អំពើ​បាប​នៃ​ពិភព​លោក​ទាំង​មូល ហើយ​នេះ​មាន​ន័យ​ថា មាន​តែ​ព្រះ​អង្គ​មួយ​គត់​ដែល​ជា​ប្រភព​នៃ​ជីវិត​អស់​កល្ប​ជានិច្ច សម្រាប់​អស់​គ្រប់​ទាំង​មនុស្ស​មាន​បាប​នៅ​ក្នុង​លោក។

នេះ​គឺ​ជា​ដំណឹង​ល្អ។ ដំណឹង​ល្អ​មិន​មែន ដើម្បី​ឲ្យ​អ្នក «ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​មុន» ឬ​ថា «ធ្វើ​ជា​ពលរដ្ឋ​ល្អ» ឬ «ធ្វើ​ជា​អ្នក​ជិត​ខាង​ដ៏​គួរ​ឲ្យ​ស្រឡាញ់» នោះ​ឡើយ។ ដំណឹង​ល្អ​គឺ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​សេចក្ដី​សុចរិត​តែ​មួយ​គត់ ដែល​បាន​បំពេញ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​អំពើ​បាប​ទាំង​អស់​នៃ​លោកីយ៍​នេះ ហើយ​ថា​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ​អង្គ​នឹង​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច ហើយ​ក៏​នឹង​ស្គាល់​ព្រះ​ជាម្ចាស់​តាម​រយៈ​ជំនឿ​នៅ​ក្នុង​ព្រះ​យេស៊ូវ​ព្រះ​គ្រីស្ទ​ផង​ដែរ។

និពន្ធ​ដោយ៖ Robb Brunansky
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, កញ្ញា ហុង រស្មី និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.thecripplegate.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ខ​គម្ពីរ​ដ៏​សំខាន់​បំផុត​ក្នុង​ព្រះ​គម្ពីរ

តើ​របៀប​ណា​ខ្លះ​ដែល​ខ្ញុំ​ជា​លោក​អ្នក​ដឹក​នាំ​ក្រុម​ជំនុំ​អាច​ជួយ​បណ្ដុះ​វប្បធម៌​នៃ​ការ​បង្កើត​សិស្ស?