in

ព្រះ​ជាម្ចាស់​គឺ​មេ​ជំនុំ​ជម្រះ

ព្វថ្ងៃ​នេះ គំនិត​ទាំងមូល​ស្តី​ពី​ការ​ដាក់​វិន័យ​ពួកជំនុំ​មិន​ពីរោះ​ស្ដាប់​ទេ​ចំពោះ​មនុស្ស​ជា​ច្រើន។ លើស​ពី​នោះ​ទៀត តើ​ព្រះយេស៊ូវ​មិន​បាន​ហាម​សិស្ស​របស់​ទ្រង់​មិន​ឲ្យ​ថ្កោលទោស​អ្នក​ដទៃ​ទៀត​ទេ​ឬអី? ហើយ​តើ​ការ​ដាក់​វិន័យ​លើ​នរណា​ម្នាក់​នោះ​មិនមែន​ជា​ការ​ថ្កោលទោស​ទេ​ឬ​អី? ក្នុង​ន័យ​ម្យ៉ាង ទ្រង់​ពិតជា​បាន​ហាម​ពួកគេ​ដោយ​ទ្រង់​មាន​បន្ទូល​ថា «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ» (ម៉ាថាយ ៧:១)។ ប៉ុន្តែ នៅក្នុង​កណ្ឌ​ដំណឹងល្អ​ដដែល​នោះ ព្រះយេស៊ូវ​ក៏​បាន​បង្រៀន​ពួកជំនុំ​ឲ្យ​កែ​តម្រង់​សមាជិក​របស់​ពួកគេ​ចំពោះ​អំពើបាប​ដែល​ពួកគេ​បាន​ធ្វើ​ជា​សាធារណៈ​ថែមទៀត​ផង (ម៉ាថាយ ១៨:១៥-១៧; លូកា ១៧:៣)។ ដូច្នេះ អត្ថន័យ​នៃ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ដែល​ថា «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ» គឺ​មិនមែន​មាន​ន័យ​ថា ទ្រង់​ហាមឃាត់​យើង​មិន​ឲ្យ​ថ្កោលទោស​ក្នុង​គ្រប់​ទាំង​រឿង​នោះ​ទេ។

ពិតប្រាកដ​ណាស់​ព្រះជាម្ចាស់​ គឺជា​មេ​ជំនុំជម្រះ។ ទ្រង់​ជំនុំ​ជម្រះ​លោក​ អ័ដាម​ នៅ​ក្នុង​សួន​អេដែន។ នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ទ្រង់​ជំនុំជម្រះ​ទាំង​ជាតិសាសន៍ និង​ទាំង​បុគ្គល​ម្នាក់ៗ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ទ្រង់​មាន​បន្ទូល​សន្យា​ថា​ ទ្រង់​នឹង​ជំនុំជម្រះ​គ្រីស្ទបរិស័ទ​ទាំងអស់​ទៅតាម​ទង្វើ​របស់​ពួកគេ (សូម​មើល​ ១កូរិនថូស ៣)។ ហើយ​ទ្រង់​មាន​បន្ទូល​សន្យា​ថា នៅ​ថ្ងៃ​ចុងក្រោយ​ ទ្រង់​នឹង​បើកសម្ដែង​រូប​អង្គ​ទ្រង់​ជា​មេ​ជំនុំជម្រះ​ចុងក្រោយ​លើ​មនុស្សជាតិ​ទាំងអស់ (សូម​មើល វិវរណៈ ២០)។

នៅក្នុង​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់ ទ្រង់​មិន​ដែល​ជំនុំជម្រះ​ខុស​នោះ​ទេ។ ទ្រង់​សុចរិត​ជា​និច្ច (សូម​មើល យ៉ូស្វេ ៧; ម៉ាថាយ ២៣; លូកា ២; កិច្ចការ​ ៥; រ៉ូម ៩)។ ពេលខ្លះ​ គោលបំណង​របស់​ទ្រង់​ក្នុង​ការ​ជំនុំជម្រះ គឺ​ដើម្បី​កែ​តម្រង់ ជួយ​សង្គ្រោះ និង​ស្ដារ​ឡើងវិញ ដូច​ដែល​ទ្រង់​ដាក់​វិន័យ​កូន​របស់​ទ្រង់។ ពេលខ្លះ គោលបំណង​របស់​ទ្រង់​ក្នុង​ការ​ជំនុំជម្រះ គឺ​ដើម្បី​សងសឹក ហើយ​ការ​ជំនុំជម្រះ​របស់​ទ្រង់​ គឺ​ជា​ការ​សម្រេច​ចុងក្រោយ​ដោយ​មិន​អាច​តវ៉ា​បាន ដូច​ពេល​ដែល​ទ្រង់​ចាក់​សេចក្តី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​ពួក​មាន​បាប​ (សូម​មើល​ ហេព្រើរ ១២)។ ទោះ​បី​ក្នុង​គោលបំណង​ណា​ក៏​ដោយ ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​គឺ​យុត្តិធម៌​ជានិច្ច។

នា​ពេល​បច្ចុប្បន្ន​នេះ មនុស្ស​ខ្លះ​ប្រហែល​ជា​ភ្ញាក់ផ្អើល នៅពេល​ដែលគេ​ដឹង​ថា ពេលខ្លះ​ព្រះជាម្ចាស់​ប្រើ​មនុស្ស​ដើម្បី​ជំនុំជម្រះ​ជំនួស​ទ្រង់។ ព្រះជាម្ចាស់​បាន​ផ្ដល់​តួនាទី​ដល់​រដ្ឋ​អំណាច​ដើម្បី​ជំនុំជម្រះ​ប្រជាពលរដ្ឋ​របស់​ខ្លួន (សូម​មើល​ រ៉ូម ១៣)។ ទ្រង់​បង្គាប់​ឲ្យ​គ្រីស្ទបរិស័ទ​ជំនុំជម្រះ​ខ្លួនឯង (សូម​មើល ១កូរិនថូស ១១:២៨; ហេព្រើរ ៤; ២ពេត្រុស ១:៥)។ ពេលខ្លះ ព្រះជាម្ចាស់​ថែម​ទាំង​បង្គាប់​ឲ្យ​ពួកជំនុំ​ ជំនុំជម្រះ​សមាជិក​នៅ​ក្នុង​ពួកជំនុំ​ទៀត​ផង ទោះ​បី​ជា​ការ​ជំនុំ​ជម្រះ​នោះ​មិនមែន​ជា​ការ​សម្រេច​ចុងក្រោយ​ដែល​មិន​អាច​តវ៉ា​បាន​ដូចជា​ទ្រង់​ជំនុំជម្រះ​ក៏​ដោយ។

នៅ​ក្នុង​កណ្ឌ​ម៉ាថាយ​ជំពូក១៨ កណ្ឌ​១កូរិនថូស​ជំពូក​៥ និង​ជំពូក​៦ និង​នៅ​ក្នុង​អត្ថបទ​គម្ពីរ​ផ្សេង​ទៀត ព្រះជាម្ចាស់​បាន​បង្រៀន​ពួកជំនុំ​ឲ្យ​ជំនុំជម្រះ​សមាជិក​របស់​ខ្លួន។ ការ​ជំនុំជម្រះ​នេះ​ គឺ​ក្នុង​គោលបំណង​ជួយ​សង្គ្រោះ មិនមែន​ក្នុង​គោលបំណង​សងសឹក​នោះ​ទេ ( រ៉ូម ១២:១៩)។ លោក ប៉ុល បាន​បង្គាប់​ដល់​ពួកជំនុំ​នៅ​ទីក្រុង​កូរិនថូស​ឲ្យ​ប្រគល់​មនុស្ស​កំផិត​ទៅ​អារក្ស​សាតាំង «ឲ្យ​បំផ្លាញ​និស្ស័យ​សាច់​ឈាម​គេ ប្រយោជន៍​ឲ្យ​ព្រលឹង​វិញ្ញាណ​បាន​សង្គ្រោះ» (១កូរិនថូស ៥:៥)។ លោក​ក៏​បាន​បង្គាប់​ដូច​គ្នា​នេះ​ដែរ​ ដល់​លោក ​ធីម៉ូថេ​ ទាក់ទង​ទៅ​នឹង​ពួក​គ្រូ​ក្លែងក្លាយ​នៅ​ក្នុង​ទីក្រុង​អេភេសូរ (១ធីម៉ូថេ ១:២០)។

តើ​ត្រូវ​បិទ​ទ្វារ ឬ​បើក?

យើង​មិន​គួរ​ភ្ញាក់ផ្អើល​ទេ​ដែល​ព្រះជាម្ចាស់​ត្រាស់ហៅ​យើង​ឲ្យ​ថ្កោលទោស ឬ​ដាក់​វិន័យ​ពួកជំនុំ​ក្នុង​រូបភាព​ណាមួយ​នោះ។ ប្រសិនបើ​ពួកជំនុំ​រំពឹង​ចង់​បង្រៀន​ពី​របៀប​ដែល​គ្រីស្ទបរិស័ទ​គួរ​ធ្វើ នោះ​ពួកគេ​ត្រូវតែ​បង្រៀន​ពី​របៀប​ដែល​គ្រីស្ទបរិស័ទ​មិន​គួរ​ធ្វើ​ ដែរ។ ហើយ​អ្វី​ដែល​ខ្ញុំ​បារម្ភ​នោះ​គឺថា របៀប​ដែល​ពួកជំនុំ​ជា​ច្រើន​ដែល​បាន​អនុវត្ត​ទៅ​លើ​ការ​បង្កើត​សិស្ស​គឺ​ប្រៀប​ដូចជា​ការ​ចាក់​ទឹក​ទៅ​ក្នុង​ធុង​ដែល​ធ្លាយ​អញ្ចឹង ដោយសារ​ពួកគេ​ផ្ដោត​ការ​យកចិត្តទុកដាក់​ទាំងស្រុង​ ទៅលើ​តែ​អ្វី​ដែល​ពួកគេ​ចាក់​ចូល ប៉ុន្តែ​ ពួកគេ​មិន​បាន​គិត​ដល់​របៀប​ដែល​សិស្ស​ទទួល ហើយនិង​រក្សា​វា​នោះ​ទេ។ ដូច្នេះ​ហើយ​បានជា​នៅ​បច្ចុប្បន្ន​នេះ មាន​ពួកជំនុំ​ជា​ច្រើន​លែង​ដាក់​វិន័យ​លើ​សមាជិក។

នា​ពេល​ថ្មីៗ​នេះ អ្នកនិពន្ធ​ម្នាក់​ដែល​សរសេរ​សៀវភៅ​ទាក់ទង​ទៅ​នឹង​ការ​រីកចម្រើន​នៃ​ពួកជំនុំ លោក​បាន​ធ្វើការ​សន្និដ្ឋាន​ពី​​យុទ្ធសាស្ត្រ​របស់​លោក​ លើ​ការ​ធ្វើ​ឲ្យ​ពួកជំនុំ​រីកចម្រើន​ដោយ​និយាយ​ថា «ចូរ​បើក​ទ្វារ​មុខ ហើយ​បិទ​ទ្វារ​ក្រោយ»។ និយាយ​ដូច្នេះ លោក​ចង់​មាន​ន័យ​ថា​ ពួកជំនុំ​គួរតែ​បង្កើត​ឲ្យ​មាន​ភាពរាក់ទាក់​ចំពោះ​អ្នក​មិន​ជឿ ហើយ​ត្រូវ​មាន​ផែនការ​ថែបំប៉ន​អ្នក​ទាំងនោះ​ឲ្យ​បាន​ល្អ។ ទាំងនេះ​គឺ​ជា​គោលដៅ​ល្អ ហើយ​សព្វថ្ងៃ​នេះ ខ្ញុំ​ជឿ​ថា​ គ្រូគង្វាល និង​ពួកជំនុំ​ភាគ​ច្រើន​ប្រាថ្នា​ចង់​ធ្វើ​ដូចនេះ​រួច​ទៅ​ហើយ។ ប៉ុន្តែ​ពួកជំនុំ​ខ្លះ​ផ្ដោត​ទៅ​លើ​ការ​នេះ​ខ្លាំង​ពេក។ ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ផ្តល់​ជូន​នូវ​អ្វី​ដែល​ខ្ញុំ​ជឿ​ថា វា​ជា​យុទ្ធសាស្ត្រ​តាម​ព្រះគម្ពីរ៖ យាម​ទ្វារ​មុខ​ឲ្យ​បាន​ហ្មត់ចត់ ហើយ​បើក​ចំហ​ទ្វារ​ក្រោយ ។ នេះ​មាន​ន័យ​ថា យើង​ត្រូវ​ធ្វើ​ឲ្យ​អ្នក​ខាងក្រៅ​ពិបាក​ចូល​ជា​សមាជិក​ពួកជំនុំ​យើង ហើយ​ងាយ​នឹង​បណ្ដេញ​ពួកគេ​ចេញ​វិញ។ ចូរ​ចងចាំ​ថា ផ្លូវ​ដែល​នាំ​ទៅ​រក​ជីវិត គឺ​តូច​ចង្អៀត មិន​មែន​ធំ​ទូលាយ​នោះ​ទេ។ ខ្ញុំ​ជឿ​ថា ការ​ធ្វើ​ដូចនេះ​នឹង​ជួយ​ឲ្យ​ពួកជំនុំ​ស្ដារ​ឡើង​វិញ​ នូវ​លក្ខណៈ​ខុស​ប្លែក​របស់​ពួកគេ​ពី​លោកីយ៍​ដូចដែល​ព្រះជាម្ចាស់​បាន​កំណត់​មក។

ដើម្បី​ចាប់ផ្ដើម​ដាក់​វិន័យ​ពួកជំនុំ យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទទួល​សមាជិក​ថ្មី​ជាងមុន។ ពួកជំនុំ​គួរ​តែ​សួរ​គ្រប់​ទាំង​បុគ្គល​ដែល​ចង់​ធ្វើ​ជា​សមាជិក​ថា តើ​អ្វី​ទៅ​ជា​ដំណឹងល្អ ហើយ​សូម​ឲ្យ​ម្នាក់ៗ​ផ្ដល់​នូវ​ភស្តុតាង​មួយ​ចំនួន​ ពី​ការ​យល់​នូវ​លក្ខណៈ​នៃ​ជីវិត​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះគ្រីស្ទ។ អ្នក​ដែល​ចង់​ធ្វើ​ជា​សមាជិក​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​នៅពេល​ដែល​ពួកគេ​ដឹង​ថា ពួកជំនុំ​រំពឹង​ចង់បាន​អ្វី​ពី​ពួកគេ និង​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ពួកជំនុំ។ ប្រសិនបើ​ពួកជំនុំ​កាន់តែ​មាន​ការ​ប្រុងប្រយ័ត្ន​ទៅលើ​ការ​ទទួលស្គាល់​ ក៏​ដូច​ជា​ការ​ទទួល​នូវ​សមាជិក​ថ្មីៗ នោះ​ពួកគេ​នឹង​មិន​នឿយហត់​ក្នុង​ការ​ដាក់​វិន័យ​ពួកជំនុំ ដើម្បី​កែ​តម្រង់​ពួកគេ​ច្រើនលើក​ច្រើនសា​នៅពេល​ក្រោយ​នោះ​ទេ។

What-Is-A-Healthy-Church-Khmer-thumb

ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​ស្វែងរក​ភាព​ស្កប់ស្កល់

ប្រយោជន៍​ផ្នែក​សម្ភារៈនិយម