in ,

ការធំជាងព្រះយេស៊ូវ

តើ​លោក​អ្នក​នឹង «ធ្វើ​ការ​ធំជាង» ព្រះ​យេស៊ូវ​មែន​ឬ?

«ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “[អ្នក] នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ធំជាង​ការ​ទាំង​នោះ​ទៅ​ទៀត!”។ “យើង​បាន​ទទួល​ការ​ត្រាស់​ហៅ ឲ្យ​ប្រោស​មនុស្ស​ស្លាប់​រស់​ឡើង​វិញ ព្យាបាល​អ្នក​ឈឺ ដេញ​អារក្ស ហើយ​នាំ​ឲ្យ​ស្ថានសួគ៌​ចុះ​មក​ផែនដី​នេះ! លោក​អ្នក​អាច​ធ្វើ​ការ​នោះ​បាន! សូម​គ្រាន់​តែ​ឈាន​ចេញ​ដោយ​ជំនឿ ហើយ​ដើរ​ក្នុង​អំណាច​ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​កាន់​លោក​អ្នក​ចុះ”»។ ពាក្យ​ពេចន៍​ទាំងនោះ​គឺជា​អ្វី​ដែល​ពួក​សាវ័ក​សម័យ​ទំនើប ឬ​ក៏​ពួក​គ្រូ​ព្យាបាល​ដោយ​ជំនឿ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​លើក​ឡើង ខណៈ​ពេល​ដែល​ពួក​គាត់​បង្កើត​ឲ្យ​មាន​ចលនា​ក្នុង​ចំណោម​មនុស្សម្នា​ឲ្យ​មាន​ភាព​រំភើប​ក្នុង​ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

ពាក្យ​សម្ដី​គាំទ្រ​បែប​នេះ​នាំ​ឲ្យ​យើង​សួរ​នូវ​សំណួរ​មួយ​នេះ៖ តើ​ព្រះ​យេស៊ូវ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​ក្នុង​ខគម្ពីរ​ដូច​ជា​កណ្ឌ​គម្ពីរ យ៉ូហាន ១៤:១២ និង​យ៉ូហាន ៥:២០ នៅ​ពេល​ដែល​ព្រះ​អង្គ​លើក​ឡើង​អំពី «ធ្វើ​ការ​ធំជាង»? តើ​យើង​ចាំបាច់​ត្រូវ​តែ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​មែន​ឬ? តើ​យើង​អាច «ធ្វើ​ការ​ធំជាង» ព្រះ​យេស៊ូវ​ដោយ​របៀប​ណា ប្រសិន​បើ​ព្រះ​អង្គ​គឺ​ជា​ព្រះ ហើយ​យើង​មិន​មែន​ជា​ព្រះ​ផង​ដូច្នេះ? តើ​មាន​អ្វី​មិន​ប្រក្រតី​ជា​មួយ​នឹង​ជំនឿ​របស់​យើង​មែន​ឬ ប្រសិន​បើ​យើង​មិន​អាច​ព្យាបាល​មនុស្ស​ទាំង​អស់​នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​ប្រើ​ប្រាស់​អំណាច​នៃ​ការ​ព្យាបាល​ឲ្យ​ជា?

នៅ​ពេល​ដែល​ការ​កាត់​ស្រាយ​លើ​ខ​គម្ពីរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​បត់​បែន នោះ​វា​នឹង​បញ្ចេញ​អត្ថ​ន័យ​ថា ដាច់​ខាត​លោក​អ្នក​ត្រូវ​តែ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ព្យាបាល​អ្នក​ឈឺ បណ្ដេញ​អារក្ស ហើយ​ត្រូវ​ឲ្យ​មនុស្ស​ជា​ច្រើន​ដឹង​អំពី​ទី​សម្គាល់ និង​ការ​អស្ចារ្យ​របស់​លោក​អ្នក​ដែរ។ មាន​មនុស្ស​ជា​ច្រើន​នាក់​មាន​ការ​ភាន់​ច្រឡំ​នៅ​ពេល​ដែល​រឿង​ទាំង​អស់​នោះ​មិន​កើត​ឡើង។ ពិត​ណាស់ មនុស្ស​ជា​ច្រើន​នាក់​ដែល​ប្រកាន់​ខ្ជាប់​តាម​ទស្សនៈ​មួយ​នេះ​គឺ​មិន​មែន​កំពុង​តែ​សំដៅ​ទៅ​លើ «ទី​សម្គាល់ និង​ការ​អស្ចារ្យ» នៃ​សេចក្ដី​សង្គ្រោះ​ទេ នៅ​ពេល​ដែល​ពួក​គេ​ប្រកាស​ថា​ដាច់​ខាត​លោក​អ្នក​ត្រូវ​តែ «ធ្វើ​ការ​ធំជាង»។ ជា​ទូ​ទៅ ពួក​គេ​កំពុង​តែ​សំដៅ​ទៅ​លើ​ការ​អស្ចារ្យ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រំភើប។

បើ​អញ្ចឹង​មែន តើ​ព្រះ​យេស៊ូវ​កំពុង​មាន​ន័យ​យ៉ាង​ដូច​ម្ដេច នៅ​ពេល​ដែល​ព្រះ​អង្គ​លើក​ឡើង​អំពី «ធ្វើ​ការ​ធំ​ជាង»? សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ផ្ដល់​ជូន​នូវ​ការ​ពិចារណា​នូវ​តក្ក​បី​យ៉ាង ហើយ​បន្ទាប់​មក​ចម្រាញ់​គ្រប់​អ្វីៗ​ទាំង​អស់​ទៅ​ជា​ចំណុច​តែ​មួយ​ដែល​ជា​ចម្លើយ​យោង​តាម​ព្រះ​គម្ពីរ ដោយ​រំពឹង​លើ​ពាក្យ «ធំ​ជាង» នៅ​ក្នុង​ភាសា​ក្រិក ដែល​មាន​ការ​ប្រើ​ប្រាស់​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។

តាម​តក្ក​ពាក្យ «ធំ​ជាង» អាច​សំដៅ​ទៅ​លើ​តំបន់ (ទី​តាំង)

ចំណុច​នេះ​មិន​ចាំបាច់​មាន​ការ​ភាន់ច្រឡំ​នោះ​ទេ។ ព្រះ​យេស៊ូវ​បាន​ធ្វើ​ព័ន្ធ​កិច្ច​នៅ​ក្នុង​តំបន់​ដែល​មាន​ទំហំ​ប្រមាណ​ជា ១/៣ នៃ​ផ្ទៃ​ដី​ប្រទេស​កម្ពុជា។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ផ្ដល់​ភារកិច្ច​របស់​ទ្រង់​ដោយ​សារ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ នោះ​ពួក​គេ​បាន​ចេញ​ទៅ​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​អង្គ​នៅ​ឯ​ទីក្រុង​យេរូសាឡឹម យូដា សាម៉ារី និង​ចុង​បំផុត​នៃ​ផែនដី (កិច្ចការ ១:៨)។ ការ «ធ្វើ​ការ​ធំ​ជាង» សព្វ​ថ្ងៃ​នេះ​គឺ​ជា​ការ​ដែល​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​ផ្សព្វផ្សាយ​សារ​នៃ​ដំណឹង​ល្អ​ទៅ​កាន់​ទី​កន្លែង​ដែល​ព្រះ​យេស៊ូវ​មិន​បាន​ទៅ​ដល់​ដោយ​ផ្ទាល់។

តាម​តក្ក​ពាក្យ «ធំជាង» អាច​សំដៅ​ទៅលើ​អំឡុង​ពេល (វេលា)

ចាប់​ពី​ពេល​ដែល​ព្រះ​អង្គ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​រហូត​ដល់​ទ្រង់​សុគត ព្រះ​យេស៊ូវ​គង់​នៅ​លើ​ផែនដី​នេះ​ក្នុង​អំឡុង​ពេល​តែ​បី​ឆ្នាំ​កន្លះ—គឺ​១២៦០​ថ្ងៃ​បើ​និយាយ​ឲ្យ​ចំ​ទៅ។ តើ​វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​ឃើញ​ថា​ការ «ធ្វើ​ការ​ធំ​ជាង» ក៏​ប្រាកដ​ណាស់​មាន​រួម​ទាំង​អំឡុង​ពេល​នៃ​ព័ន្ធ​កិច្ច​នៃ​ការ​ប្រកាស​ដំណឹង​ល្អ​សព្វ​ថ្ងៃ​នេះ​ដែរ​មែន​ឬ? យើង​បាន​ផ្សព្វផ្សាយ​ដំណឹង​ល្អ ហើយ​ក៏​បាន​ហ្វឹកហ្វឺន​ក្រុម​ជំនុំ​អស់​ជា​ច្រើន​សតវត្សរ៍​ដែរ ដែល​មាន​រួម​ទាំង​គ្រីស្ទ​បរិស័ទ​ដែល​មិន​បម្រើ​ព្រះ​អង្គ​ពេញ​ពេល ពួក​គាត់​ក៏​បាន​ផ្សាយ​ដំណឹង​ល្អ​បាន​យ៉ាង​ល្អ​រហូត​ដល់​ពួក​គាត់​មាន​អាយុ​៩០​ឆ្នាំ​នៅ​គ្រប់​ទី​កន្លែង​ដែល​ពួក​គាត់​ទៅ​ដល់! ទេ! លោក​អ្នក​នឹង​មិន​ប្រោស​មនុស្ស​ដែល​ពិត​ជា «ស្លាប់» មែន​ទែន​ក្នុង​ចំណែក​ជា​ការ​ធ្វើ​ការ​ធំ​ជាង​ព្រះ​យេស៊ូវ​នោះ​ទេ។ ប៉ុន្តែ មាន​អ្នក​ជឿ​ជា​ច្រើន​នាក់​ដែល​មាន​ឱកាស​ក្នុង​ការ​ប្រកាស​អំពី​អំណាច​នៃ​សេចក្ដី​សង្គ្រោះ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍ ពោល​គឺ​យូរ​ជាង​ព្រះ​អង្គ​សង្គ្រោះ​របស់​ពួក​គាត់​ដែល​បាន​ចាត់​ឲ្យ​ពួក​គាត់​ធ្វើ​ទៅ​ទៀត។

តាម​តក្ក​ពាក្យ «ធំ​ជាង» អាច​សំដៅ​ទៅ​លើ​ការ​សង្ខេប (ការ​ឈោង​ចាប់)

បើ​និយាយ​តាម​តក្ក ប្រសិន​បើ​លោក​អ្នក​បាន​ប្រកាស​ដំណឹង​ល្អ​ក្នុង​ទី​កន្លែង​ច្រើន​ជាង​ព្រះ​យេស៊ូវ ក្នុង​កំឡុង​ពេល​ច្រើន​ជាង​ព្រះ​យេស៊ូវ នោះ​លោក​អ្នក​ផ្ទាល់​ក៏​បាន​ឈោង​ចាប់​មនុស្ស​ច្រើន​ជាង​ព្រះ​យេស៊ូវ​ផង​ដែរ។ ពិត​ណាស់! ព្រះ​អង្គ​នៅ​គ្រប់​ទី​កន្លែង ហើយ​ក៏​មាន​សកម្ម​ភាព​ក្នុង​ការ​សង្គ្រោះ​មនុស្ស ប៉ុន្តែ​លោក​អ្នក​ក៏​បាន​យល់​ហើយ​ដែរ។ សព្វ​ថ្ងៃ​នេះ យើង​មាន​សមត្ថ​ភាព​ក្នុង​ការ​មាន​អំណរ​ដោយ​មាន​ឱកាស​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​ទៅ​កាន់​មនុស្ស​រាប់​រយ រាប់​លាន—រាប់​ពាន់​លាន​នាក់។ ឥឡូវ សូម​គុណ​ការ​នោះ​ជា​មួយ​នឹង​ការ​ខិត​ខំ​ជា​ទ្វេ​ដង​នៃ​ការ​ព្យាយាម​បង្កើត​សិស្ស​ជា​មួយ​នឹង​អស់​អ្នក​ដែល​នៅ​ជុំវិញ​លោក​អ្នក​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដូច​ជា​កំណត់​ហេតុ​បណ្ដាញ YouTube ទូរទស្សន៍ វិទ្យុ និង​បណ្ដាញ​សង្គម​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ។ សព្វ​ថ្ងៃ​នេះ លោក​អ្នក ហើយ​និង​យើង​ខ្ញុំ​អាច​ឈោង​ចាប់​បាន​ចំនួន​តួ​លេខ​មនុស្ស​ជា​ច្រើន​នាក់​ជាង​ព្រះ​យេស៊ូវ​បាន​ធ្វើ​នៅ​ក្នុង​សម័យ​កាល​របស់​ទ្រង់។

ចម្លើយ​ពី​ព្រះ​គម្ពីរ

តក្ក​បាន​ជួយ​ស្វែង​រក​សេចក្ដី​ពិត និង​ផ្នត់​គំនិត ប៉ុន្តែ​ពាក្យ​ក្នុង​ភាសា​ក្រិក​ដែល​មាន​ប្រើ​ប្រាស់​សម្រាប់ «ធំ​ជាង» ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១៤:១២ និង​យ៉ូហាន ៥:២០ គឺ​ជា​អ្វី​ដែល​ផ្ដល់​ជូន​នូវ​ចម្លើយ​ចុង​ក្រោយ​ដែល​យោង​តាម​ព្រះ​គម្ពីរ។

ពាក្យ «មីហ្ស៊ូណា» (“meizona” «ធំ​ជាង») គឺ​ជា​ពាក្យ​ដែល​មាន​ប្រើ​ប្រាស់​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ៥:២០ និង ១៤:១២។ វា​គឺ​ជា​ទម្រង់​មួយ​នៃ​ពាក្យ មេហ្គេស៍ (“megas” ដែល​សំដៅ​ទៅ​លើ «ភាព​ធំ​ដុំ​ក្នុង​ចំនួន»)។ ប៉ុន្តែ​ពាក្យ «មីហ្ស៊ូណា» គឺ​ត្រូវ​បាន​ប្រើ​ប្រាស់​ឡើង ដើម្បី​ផ្ដោត​ទៅ​លើ​គុណ​ភាព។ សាវ័ក យ៉ូហាន កំពុង​តែ​លើក​ឡើង​ថា​ការ «ធ្វើ​ការ​ធំជាង» ដែល​សម្រេច​ឡើង​តាម​រយៈ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​គឺ​មិន​មែន​គ្រាន់​តែ​សំដៅ​ទៅ​លើ​ចំនួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំដៅ​ទៅ​លើ​គុណ​ភាព​ផង​ដែរ។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត​ទៅ គេ​នឹង​សម្គាល់​លើ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​តាម​រយៈ​កិច្ចការ​ដែល​ល្អ​ប្រសើរ​យ៉ាង​ខ្លាំង​ជាង​កាល​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​គង់​លើ​ផែនដី​នេះ។ ហេតុ​អ្វី​បាន​ជា​នេះ​ជា​គន្លឹះ​ចម្បង​មួយ​ក្នុង​ការ​យល់​អំពី​អ្វី​ដែល​ព្រះ​អង្គ​ចង់​មាន​អត្ថន័យ​ក្នុង​ប្រយោគ​របស់​ទ្រង់? ពីព្រោះ​យើង​ដឹង​ហើយ​ថា មិន​មាន​បុគ្គល​ណា​ផ្សេង​ទៀត​អាច​ធ្វើ​នូវ​ការ​អស្ចារ្យ​ដ៏​ប្រសើរ​ខ្លាំង​ជា​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នោះ​ទេ។ ព្រះ​អង្គ​បាន​ធ្វើ​នូវ​ការ​អស្ចារ្យ​ដែល​មិន​មាន​បុគ្គល​ណា​អាច​ធ្វើ​ស្រដៀង​នឹង​ទ្រង់​សព្វ​ថ្ងៃ​នេះ​បាន​ទេ ដែល​នេះ​មាន​រួម​ទាំង​ការ​ផ្លាស់​ប្រែ​ទឹក​ឲ្យ​ទៅ​ជា​ស្រា (យ៉ូហាន ២:៧-១១) ដើរ​លើ​ទឹក (យ៉ូហាន ៦:១៩) បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ជា​ច្រើន​នាក់ ដែល​មាន​រួម​ទាំង​លោក ឡាសារ ដែល​បាន​ស្លាប់​អស់​រយៈ​ពេល​បី​ថ្ងៃ​ហើយ​ដែរ (យ៉ូហាន ១១:៤៣-៤៤) ហើយ​ក៏​កុំ​ភ្លេច​អំពី​ចំណុច​ដែល​ថា ព្រះ​អង្គ​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ពី​ការ​សុគត​ឡើង​វិញ​ផង​ដែរ (ម៉ាថាយ ២៨:៦)។ លើស​ពី​នោះ​ទៅ​ទៀត មិន​ដែល​ធ្លាប់​មាន​បុគ្គល (ហើយ​ក៏​នឹង​មិន​ដែល​មាន​បុគ្គល​ណា) អាច​ធ្វើ​ការ​អស្ចារ្យ​ដោយ​ផ្ដល់​ជូន​នូវ​ការ​ធួន​នឹង​បាប​ដែរ!

ដូច្នេះ​តើ​យើង​អាច​ធ្វើ​នូវ​អ្វី​ដែល «ធំ​ជាង» ព្រះ​យេស៊ូវ​បាន?

ចម្លើយ៖ តាម​រយៈ​ការ​ប្រកាស​អំពី​ព័ន្ធកិច្ច​ដែល​ទ្រង់​បាន​សម្រេច នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​ធ្វើ​ការ​ធំជាង​ហើយ!

ប្រសិន​បើ​ការ «ធ្វើ​ការ​ធំ​ជាង» សំដៅ​ទៅ​លើ​គុណ​ភាព (ហើយ​វា​ក៏​ពិត​ជា​ដូច្នេះ​មែន​ដែរ) នោះ​យើង​អាច​យល់​បាន​យ៉ាង​ច្បាស់​ដែរ​ថា យើង​កំពុង​តែ​ធ្វើ​ការ​ធំ​ជាង​ព្រះ​យេស៊ូវ​ហើយ ដោយ​សារ​យើង​ប្រកាស​អំពី​សារ​របស់​ទ្រង់​ដោយ​ពឹង​ផ្អែក​លើ​ព័ន្ធកិច្ច​ដែល​ទ្រង់​បាន​សម្រេច​ឡើង។ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​លើក​ប្រយោគ​នោះ​ឡើង នោះ​ឈើ​ឆ្កាង​មិន​ទាន់​បាន​មាន​ការ​បំពេញ​នៅ​ឡើង​ទេ ប៉ុន្តែ​ព្រះ​អង្គ​កំពុង​តែ​ទៅ​ឯ​ព្រះ​វរបិតា ហើយ​ជា​លទ្ធផល​ក៏​បាន​នាំ​មក​នូវ​យុគ​សម័យ​ថ្មី ដែល​អ្នក​ដើរ​តាម​ទ្រង់​នឹង​ប្រកាស​អំពី​សារ​នៃ​ដំណឹង​ល្អ​របស់​ទ្រង់ ហើយ​មនុស្ស​នឹង​ទទួល​បាន​ការ​សង្គ្រោះ!

ទី​សម្គាល់ និង​ការ​អស្ចារ្យ​នឹង​មិន​សង្គ្រោះ​នរណា​ម្នាក់​ទេ តែ​សារ​នៃ​ដំណឹង​ល្អ​ទេ​តើ! នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ព្យាបាល​បុរស​ម្នាក់​នៅ​ឯ​ស្រះ​បេថែសដា ហើយ​បាន​លើក​ឡើង​អំពី​ការ «ធ្វើ​ការ​ធំ​ជាង» (យ៉ូហាន ៥:២០) គឺ​ព្រះ​អង្គ​បាន​លើក​ប្រយោគ​នោះ​ឡើង​ក្នុង​បរិបទ​នៃ​ការ​សង្គ្រោះ នោះ​ព្រះ​អង្គ​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា «ដ្បិត​ដែល​ព្រះ​វរបិតា​ទ្រង់​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​យ៉ាង​ណា នោះ​ព្រះ​រាជបុត្រា​នឹង​ប្រោស​ដល់​អ្នក​ណា ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ក៏​យ៉ាង​ដូច្នោះ​ដែរ» (៥:២១)។ ចំណុច​ស្នូល​របស់​ព្រះ​អង្គ​គឺ​ថា ការ​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច​ល្អ​ប្រសើរ​ជាង​ការ​ប្រទាន​ការ​ព្យាបាល​បណ្ដោះអាសន្ន។ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ជឿ​កំពុង​តែ​ធ្វើ​រាល់​ពេល​ដែល​ពួក​គាត់​ប្រកាស​អំពី​ព័ន្ធកិច្ច​ដែល​ព្រះ​គ្រីស្ទ​បាន​សម្រេច ការ​នាំ​ព្រលឹង​ទៅ​កាន់​ការ​សង្គ្រោះ​តាម​រយៈ​អំណាច​របស់​ព្រះ​ជាម្ចាស់។

លោក​គ្រូ គេរិឌ អិល. បូ័រឆិធ (Gerald L. Borchert) បាន​ពន្យល់​យ៉ាង​ត្រឹម​ត្រូវ​ថា៖

«ហេតុ​ដូច្នេះ ដាច់​ខាត! អត្ថន័យ​នៃ​ប្រយោគ​នេះ​ត្រូវ​តែ​កើត​ចេញ​ពី​បរិបទ​នៃ​ការ​ពិភាក្សា ទាក់​ទង​នឹង​ចំណុច​ពិត​ដែល​ព្រះ​យេស៊ូវ​កំពុង​តែ​មាន​បន្ទូល​អំពី​ការ​យាង​ទៅ​ឯ​ព្រះ​វរបិតា​វិញ និយាយ​ឲ្យ​ចំ​ទៅ គឺ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់។ ប្រសិន​បើ​ការ​នោះ​គឺ​ជា​ករណី​មែន នោះ​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ “ធ្វើ​ការ​ធំ​ជាង” គឺ​កំពុង​តែ​សំដៅ​ទៅ​លើ​ការ​ពង្រីក​បេសកកម្ម​របស់​ព្រះ​យេស៊ូវ ដោយ​ពឹង​ផ្អែក​លើ​ការ​ទទួល​សិរី​ល្អ​របស់​ទ្រង់ (សូម​មើល​បន្ថែម​ក្នុង ១៧:១-២)។ ការ​យាង​ទៅ​របស់​ព្រះ​យេស៊ូវ​គឺ​ជា​លទ្ធផល​នៃ​ព័ន្ធកិច្ច​នៃ​ការ​ដែល “កូន​ចៀម​នៃ​ព្រះ” កំពុង​តែ “ដោះ​បាប​មនុស្ស​លោក” (១:២៩) ឬ​ក៏​ជា​ចំណុច​ពិត​ដែល​ថា​ព្រះ​អង្គ​គឺ “ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​មនុស្ស​លោក” (៤:៤២)។ ដោយ​ហេតុ​នេះ យើង​ត្រូវ​តែ​យល់​ថា ការ​សុគត ហើយ​បន្ទាប់​មក​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ គឺ​ជា​ការ​ប្រមូលផ្ដុំ​មនុស្ស​ទាំង​អស់​មក​កាន់​ទ្រង់​ផ្ទាល់ (១២:៣២)។ ប៉ុន្តែ ជា​យុទ្ធសាស្ត្រ ការ​នេះ​ក៏​ត្រូវ​តម្រូវ​ឲ្យ​អស់​អ្នក​ដែល​ទទួល​ជឿ​មាន​ចំណែក​ដែរ ពីព្រោះ​ភារ​កិច្ច​របស់​ពួក​គាត់​គឺ​ឲ្យ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភព​លោក​អំពី​ការ​អត់​ទោស​នៃ​អំពើ​បាប (២០:២៣)។ ហេតុ​ដូច្នេះ ព័ន្ធ​កិច្ច​នៃ​ការ​ដែល​មាន​មូលដ្ឋាន​លើ​ការ​ដែល​ព្រះ​យេស៊ូវ “ទៅ​ឯ​ព្រះ​វរបិតា” (១៤:១២) អាច​មាន​អត្ថន័យ​តែ​ជា​មួយ​បេសកកម្ម​នៃ​ក្រុម​ជំនុំ​បន្ទាប់​ពី​ការ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។»2

លោក​គ្រូ ឌី. អ៊េ. ខ័រសិន (D.A. Carson) និង​សាស្ត្រាចារ្យ​ព្រះ​គម្ពីរ​ជា​ច្រើន​នាក់​ទៀត​ដែល​មាន​ទេវវិទ្យា​ខុសៗ​គ្នា​ក៏​បាន​ឯកភាព​ដោយ​លើក​ឡើង​ថា៖

«“ទី​សម្គាល់” និង​ការ “ធ្វើ​ការ” ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ក្នុង​អំឡុង​ពេល​នៃ​ព័ន្ធកិច្ច​របស់​ទ្រង់​មិន​អាច​សម្រេច​ឡើង​បាន​យ៉ាង​ពេញ​ទី​ដោយ​ពិត​ប្រាកដ​លុះ​ត្រា​តែ​បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ពី​ការ​សុ​គត់ ហើយ​ទទួល​សិរី​ល្អ។ មាន​តែ​ក្នុង​ចំណុច​នេះ​នោះ​ទេ​ដែល​យើង​អាច​ឃើញ​អំពី​សណ្ឋាន​ពិត​របស់​វា​បាន។ ផ្ទុយ​ពី​នោះ ព័ន្ធកិច្ច​ដែល​អ្នក​ជឿ​ទទួល​បាន​ក្នុង​ការ​ធ្វើ​តាម​រយៈ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​គ្រា​ចុង​ក្រោយ បន្ទាប់​ពី​ព្រះ​យេស៊ូវ​ទទួល​សិរី​ល្អ និង​មាន​មូល​ដ្ឋាន​លើ​រចនាសម្ព័ន្ធ​នៃ​ការ​សុគត និង​ជ័យជម្នះ​របស់​ព្រះ​យេស៊ូវ ដែល​ភ្លាមៗ​នោះ​នឹង​កាន់​តែ​បើក​សម្ដែង​យ៉ាង​ពិត​អំពី​ព្រះ​រាជបុត្រា។ ដូច្នេះ ការ​ធ្វើ​ការ​ធំ​ជាង​គឺ​មាន​ការ​ពាក់​ព័ន្ធ​តែ​ជា​មួយ​នឹង​ចំណុច​ពិតៗ​នៃ​ការ​សង្គ្រោះ​ក្នុង​ប្រវត្តិសាស្ត្រ​តែ​ប៉ុណ្ណោះ។»3

ទាក់​ទង​នឹង​ការ​ធ្វើ​ការ​ធំ​ជាង​ព្រះ​គ្រីស្ទ នោះ​លោក​អ្នក​មិន​ចាំ​បាច់​រត់​ចុះ​រត់​ឡើង​ដោយ​ព្យាយាម​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ស្រែក​ថា «ភ្លើង [នៃ​ព្រះ​វិញ្ញាណ!]» នៅ​លើ​ឆាក ការ​ផ្ដួល​មនុស្ស ឬ​ក៏​ប្រកាស​ដាក់​ជំងឺ​មហារីក​ថា​ឲ្យ «ចេញ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ!» នោះ​ទេ។ ទាំង​នោះ​មិន​ធំ​ជាង​នោះ​ឡើយ។

ទាក់​ទង​នឹង​ការ​ធ្វើ​ការ​ធំ​ជាង​ព្រះ​គ្រីស្ទ នោះ​ចាំ​បាច់​លោក​អ្នក​ត្រូវ​តែ​ប្រកាស​អំពី​ព្រះ​គ្រីស្ទ។ ប្រកាស​អំពី​ព័ន្ធកិច្ច​ដែល​ទ្រង់​បាន​សម្រេច​បន្ទាប់​ពី​ឈើ​ឆ្កាង។ ប្រកាស​អំពី​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់​នៃ​ជីវិត​អស់​កល្ប​ជានិច្ច។ ប្រកាស​ឲ្យ​នគរ​របស់​ទ្រង់​ដែល​មក​ដល់ ហើយ​បាន​សម្រេច​ឡើង។ បន្ទាប់​មក សូម​មើល​ការ​អស្ចារ្យ​នៃ​សេចក្ដី​សង្គ្រោះ​ដែល​កើត​ឡើង​ចំពោះ​អស់​អ្នក​ដែល​នឹង​មាន​ការ​បំផ្លាស់​បំប្រែ​តាម​រយៈ​អំណាច​នៃ​ដំណឹង​ល្អ​ចុះ។

នេះ​គឺជា​ការ​ធ្វើ​ការ​ដ៏​អស្ចារ្យ​បំផុត​ជាង។

និពន្ធដោយ៖ លោកគ្រូ Costi Hinn
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី forthegospel.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ទ្រព្យសម្បត្តិច្រើន

ក្រុមជំនុំ​មិនមានសិទ្ធ