គោលការណ៍បីយ៉ាងសម្រាប់ការអានព្រះគម្ពីរជាប្រចាំថ្ងៃ
ឥឡូវនេះ អ្វីដែលខ្ញុំចង់ធ្វើ គឺលើកឡើងនូវគោលការណ៍បីយ៉ាង ដែលនឹងជួយឲ្យជីវិតខ្ញុំមានការបំផ្លាស់បំប្រែ នៅពេលដែលខ្ញុំអានកណ្ឌគម្ពីរ រ៉ូម ជំពូក១២។ ខ្ញុំចង់ឲ្យជីវិតរបស់ខ្ញុំមានការផ្លាស់ប្រែតាមរយៈខគម្ពីរទាំងនេះ។ ខ្ញុំចង់ឲ្យខ៩បំផ្លាស់បំប្រែជីវិតខ្ញុំ៖ «ចូរឲ្យមានសេចក្ដីស្រឡាញ់ឥតពុតមាយា»។ បន្ទាប់ពីខ្ញុំបានអានឃ្លានោះ ធ្វើឲ្យខ្ញុំកាន់តែលែងចង់មានពុតមាយា។ តើខ្ញុំអាចធ្វើការនេះបានដោយរបៀបណា? តើនឹងមានអ្វីដែលនឹងនាំឲ្យមានចំណុចផ្លាស់ប្រែតាមរយៈពាក្យតែមួយម៉ាត់ ឬក៏ឃ្លាដ៏ខ្លីនេះ ដើម្បីឲ្យជីវិតខ្ញុំមានអំណាចក្នុងការបំផ្លាស់បំប្រែភ្លាមៗ ហើយដើម្បីធ្វើឲ្យខ្ញុំកាន់តែលែងមានពុតមាយា កាន់តែមានសេរីភាព កាន់តែត្រឹមត្រូវ កាន់តែពិត និងជាក់ស្ដែងនៅក្នុងការស្រឡាញ់របស់ខ្ញុំ? ខាងក្រោមនេះគឺជាគោលការណ៍បីយ៉ាងអំពីរបៀបនៃការធ្វើបែបនោះ៖
១. សូមអធិស្ឋានខណៈពេលដែលលោកអ្នកអានព្រះគម្ពីរ
នៅពេលដែលលោកអ្នកអានព្រះគម្ពីរ សូមអធិស្ឋាន ពីព្រោះប្រសិនបើព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គដែលយកព្រះគម្ពីរ ហើយនាំឲ្យយើងអនុវត្តតាមដើម្បីឲ្យព្រះគម្ពីរពិតជា បង្កើតនូវការបំផ្លាស់បំប្រែអាកប្បកិរិយារបស់យើងទាំងស្រុង នោះរបៀបដែលយើងគិតអំពីព្រះជាម្ចាស់ និងរបៀបដែលយើងប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក នោះយើងត្រូវតែទូលសូមពីព្រះអង្គដែរ។ ដូច្នេះ នៅពេលដែលលោកអ្នកអានព្រះគម្ពីរ គឺលោកអ្នកត្រូវតែបង្អង់សិន ហើយទូលថា៖ «ឱព្រះវិញ្ញាណបរិសុទ្ធអើយ! សូមព្រះអង្គយាងមកធ្វើឲ្យចំណុចនេះក្លាយជាការពិតក្នុងជីវិតទូលបង្គំផង។ សូមព្រះអង្គធ្វើនូវអ្វីដែលទ្រង់ចាំបាច់ត្រូវតែធ្វើ ដើម្បីបន្ទាបខ្លួនទូលបង្គំ ដើម្បីធ្វើឲ្យទូលបង្គំត្រឹមត្រូវ និងដើម្បីធ្វើឲ្យទូលបង្គំពេញទៅដោយសេចក្ដីស្រឡាញ់»។ នេះគឺជារបៀបដែលលោកអ្នកអាចអធិស្ឋានតាមបាន។
ល្ងាចមិញ មុនព្រះវិហារយើងចាប់ផ្ដើមកម្មវិធីថ្វាយបង្គំ អ្នកដឹកនាំមួយចំនួនបានជុំគ្នាថ្វាយបង្គំនៅក្បែរឆាក ដែលខ្ញុំបានអធិប្បាយ។ ពេលនោះ មានការឯកភាពគ្នាជាច្រើនដោយភាពស្រុះស្រួលគ្នា «អាម៉ែន» ខណៈពេលដែលខ្ញុំលើកឡើងថា «ឱព្រះអម្ចាស់អើយ! មិនថាត្រូវការឲ្យមានអ្វីកើតឡើងក៏ដោយ—ការស្លាប់ ការបាត់បង់ការងារ ការមានជំងឺមហារីក មិនថាអ្វីក៏ដោយ—សូមព្រះអង្គដកចេញពុតមាយារបស់ទូលបង្គំផង។ មិនថាត្រូវមានអ្វីកើតឡើងនៅក្នុងក្រុមជំនុំ មិនថាអ្វីក៏ដោយ សូមព្រះអង្គធ្វើចុះ ពីព្រោះយើងចង់បានអ្វីដែលពិត។ យើងចង់ធ្វើជាគ្រីស្ទបរិស័ទ។ យើងចង់ឲ្យអ្វីដែលមានចែងនៅក្នុងកណ្ឌគម្ពីររ៉ូម ជំពូក១២ ក្លាយជាការពិតនៅក្នុងជីវិតយើង។ យើងមិនគ្រាន់តែចង់លើកឡើងនូវពាក្យសម្ដីនោះទេ ហើយក៏មិនចង់គ្រាន់តែនិយាយពាក្យសម្ដីដែលពេញទៅដោយសេចក្ដីស្រឡាញ់ ដែលមិនមាននៅក្នុងទង្វើប្រព្រឹត្ត និងនៅក្នុងចិត្តរបស់យើងឡើយ»។ នោះជាអ្វីដែលខ្ញុំបានអធិស្ឋាន។ នេះគឺជាចំណុចទី១៖ សូមអធិស្ឋាននៅពេលដែលលោកអ្នកអានព្រះគម្ពីរ «សូមព្រះអង្គធ្វើការនេះនៅក្នុងជីវិតរបស់ទូលបង្គំ»។
២. សូមសម្លឹងមើលទៅឯព្រះយេស៊ូវ
ខណៈពេលដែលលោកអ្នកអានព្រះគម្ពីរ សូមសម្លឹងមើលទៅឯព្រះយេស៊ូវ។ ខណៈពេលដែលលោកអ្នកអានកណ្ឌគម្ពីរ រ៉ូម ១២:៩ ហើយលោកអ្នកឃើញឃ្លា៖ «ចូរមានចិត្តស្រឡាញ់ ដោយឥតលាក់ពុតឡើយ» (គខប) ឬក៏ «ចូរឲ្យមានសេចក្ដីស្រឡាញ់ឥតពុតមាយា» (ពគប)—នេះគឺជាការបកប្រែចំៗ ហើយល្អ។ «ចូរឲ្យមានសេចក្ដីស្រឡាញ់ឥតពុតមាយា»—នៅពេលដែលលោកអ្នកអានឃ្លានេះ សូមនិយាយទៅកាន់ខ្លួនឯង៖ «ខ្ញុំមិនអាចធ្វើការនេះបានឡើយ។ ខ្ញុំកើតមកក្នុងនាមជាមនុស្សដែលមានពុតមាយាហើយ។ ខ្ញុំស្រឡាញ់ការដែលអ្នកដទៃកោតសរសើរខ្ញុំ។ ខ្ញុំដឹងហើយថា ខ្លួនមិនមែនជាមនុស្សល្អឥតខ្ចោះទេ។ ខ្ញុំតែងតែធ្វើពុតនៅមុខគេ។ ប៉ុន្តែ ខ្ញុំចង់ក្លាយជាបុគ្គលដែលមានការស្រឡាញ់ពិតប្រាកដ។ ខ្ញុំមិនចង់ធ្វើជាបុគ្គលដែលធ្វើពុត ក្នុងការស្រឡាញ់អ្នកដទៃឡើយ។ ដូច្នេះ ខ្ញុំត្រូវតែមិនមើលខ្លួនឯង។ ខ្ញុំត្រូវតែសម្លឹងមើលទៅឯព្រះយេស៊ូវវិញ។ ព្រះអង្គបានប្រសូតមក ហើយសុគត ដើម្បីដកចេញនូវពុតមាយារបស់ខ្ញុំ។ ព្រះអង្គជាគំរូដល់ខ្ញុំក្នុងការរស់នៅដ៏ល្អឥតខ្ចោះ ដោយមានការបើកចំហ។ ព្រះអង្គបានបង្រៀនដល់ខ្ញុំ ហើយក៏បានប្រទានមកកាន់ខ្ញុំនូវគោលដៅក្នុងការព្យាយាមឈោងចាប់ផងដែរ។ ហើយព្រះអង្គគឺជាសេចក្ដីស្កប់ចិត្តរបស់ខ្ញុំ ជាអង្គដែលអត់ទោសបាបខ្ញុំ ជាគំរូរបស់ខ្ញុំ និងជាទ្រព្យសម្បត្តិរបស់ខ្ញុំ»។
នៅពេលដែលលោកអ្នកសម្លឹងមើលទៅឯព្រះយេស៊ូវ ការស្កប់ចិត្តដែលទទួលបានពីព្រះអង្គគឺជាមូលដ្ឋាន និងឫសគល់ដែលយើងអាចទទួលបានសេរីភាព ចេញពីពុតមាយា។ ដូច្នេះ នេះគឺជាចំណុចទី២៖ ចូរសម្លឹងមើលទៅឯព្រះយេស៊ូវ មិនមែនមើលខ្លួនឯងឡើយ។
៣. សូមសញ្ជឹងគិតលើផ្នែកតូចៗ
សូមបង្អង់សិន ហើយសញ្ជឹងគិតលើពាក្យពេចន៍ទាំងនេះ។ ខ្ញុំដឹងថា ការធ្វើបែបនេះគឺជាការពិបាក ពីព្រោះធ្លាប់បានឮថាឲ្យ «អានព្រះគម្ពីរ! អានព្រះគម្ពីរទាំងមូល។ សូមមានគម្រោងអានព្រះគម្ពីរ។ សូមអានព្រះគម្ពីរឲ្យបានចប់ យ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ។ល។» ដូច្នេះលោកអ្នកក៏ស្ថិតក្នុងដំណាក់កាលនៃដំណើរការអានព្រះគម្ពីរយឺតៗ ហើយឥឡូវនេះ ខ្ញុំបែរជាកំពុងប្រាប់ឲ្យលោកអ្នកបង្អង់សិន ដោយសញ្ជឹងគិតលើពាក់កណ្ដាលដំបូងនៃ ខ៩ក្នុងជំពូក ទី១២។
ទំនងលោកអ្នកកំពុងតែសួរខ្លួនឯងថា តើខ្ញុំគួរធ្វើដូចម្ដេចទៅ—តើខ្ញុំគួរអានព្រះគម្ពីរទាំងមូល ឬក៏សញ្ជឹងគិតលើខ៩? តើលោកគ្រូចង់ឲ្យខ្ញុំធ្វើអ្វី? ចម្លើយគឺថា៖ ធ្វើទាំងពីរ។ ហើយខ្ញុំមិនដឹងថា លោកអ្នកគួរធ្វើបែបណានោះទេ។ អ្វីដែលខ្ញុំដឹងគឺថា ខ្ញុំត្រូវតែអានព្រះគម្ពីរឲ្យលឿនៗ ហើយខ្ញុំក៏ត្រូវតែអានយឺតៗដែរ ពីព្រោះប្រសិនបើលោកអ្នកមិនអានព្រះគម្ពីរឲ្យលឿនៗ ហើយឲ្យចប់ក្នុងមួយឆ្នាំ ឬក៏ពីរឆ្នាំ នោះលោកអ្នកនឹងមិនអាចទទួលបានរូបភាពធំឡើយ។ លោកអ្នកនឹងមិនអាចទទួលបានផ្ទៃរឿងទាំងមូលទេ។
នេះហើយជារបៀបដែលយើងត្រូវអានព្រះគម្ពីរ៖ មើលរូបភាពធំ។ ប្រសិនបើយើងអានលឿនៗ ហើយចប់លឿនៗ នោះយើងនឹងអាចឃើញរូបភាពធំៗបាន។ ការនេះអាចកើតបានឡើងមែន។ ការឃើញរូបភាពធំនៅក្នុងព្រះគម្ពីរគឺជាការមានតម្លៃណាស់។ ប៉ុន្តែ យើងក៏ត្រូវតែព្យាយាមឲ្យទទួលបាន ឬក៏យល់រូបភាពតូចៗផងដែរ។ សូមកុំចាកប្រធានបទ។ សូមព្យាយាមឲ្យទទួលបានរូបភាពធំ និងព័ត៌មានលម្អិតៗនៃរូបភាពនោះ។ ទាក់ទងនឹងខ៩ ពាក់កណ្ដាលដំបូងនៃខនោះ លោកអ្នកគួរតែបង្អង់សិន ហើយអង្គុយនៅក្រោមម្លប់នៃខនោះ ហើយព្យាយាមពិនិត្យឲ្យបានល្អិតល្អន់។ នេះពិតជាអស្ចារ្យមែន៖ «ចូរឲ្យមានសេចក្ដីស្រឡាញ់ឥតពុតមាយា»។ ខ្ញុំងឿងឆ្ងល់ថា តើឃ្លានេះមានន័យយ៉ាងដូចម្ដេច? តើខ្ញុំចង់យល់ខគម្ពីរមួយនេះឲ្យបានជ្រាលជ្រៅដែរឬទេ? ខ្ញុំចង់។ «ឱព្រះវិញ្ញាណបរិសុទ្ធអើយ! សូមសម្លាប់ជំងឺពុតមាយាក្នុងជីវិតរបស់ខ្ញុំចោលចេញ»។
លោកអ្នកត្រូវតែបង្អង់សិន។ លោកអ្នកត្រូវតែសញ្ជឹងគិត។ លោកអ្នកត្រូវតែសួរ៖ «តើចំណុចនេះមានន័យយ៉ាងដូចម្ដេច? តើចំណុចនេះមានភាពស៊ីគ្នានៅក្នុងជីវិតខ្ញុំបានដោយរបៀបណា? តើចំណុចនេះមានភាពស៊ីគ្នាទៅផ្នែកផ្សេងៗទៀតនៃព្រះបន្ទូលដោយរបៀបណា?»។ ហើយខណៈពេលដែលលោកអ្នកសួរសំណួរដូចៗនោះ សូមអធិស្ឋានដូចតទៅ៖ «ឱព្រះអង្គអើយ! សូមនាំឲ្យជីវិតទូលបង្គំមានការផ្លាស់ប្រែ»។
សូមបន្តអាន
សរុបសេចក្ដីទៅ នោះគឺជាគោលការណ៍បីយ៉ាងរបស់ខ្ញុំ ដែលខ្ញុំគិតថាមានចែងនៅក្នុងកណ្ឌគម្ពីរ រ៉ូម ១៥:១៥-១៦—ពាក្យនៅក្នុងខ១៥ («ខ្ញុំធ្វើសំបុត្រនេះផ្ញើមកអ្នករាល់គ្នា») និងព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ១៦ «បានទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធផង»។ យើងអានព្រះគម្ពីរ។ យើងអធិស្ឋានទៅកាន់ព្រះវិញ្ញាណបរិសុទ្ធ។ យើងក្រេបជញ្ជក់អត្ថន័យ។ យើងសម្លឹងមើលទៅឯព្រះយេស៊ូវ។
មូលហេតុនៃការដែលយើងសម្លឹងមើលទៅឯព្រះយេស៊ូវ គឺជាចំណុចដ៏សំខាន់ណាស់ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ (យោងតាមកណ្ឌគម្ពីរ យ៉ូហាន ១៦:១៤) គឺត្រូវបានប្រទានមក ដើម្បីថ្វាយសិរីល្អទៅកាន់ព្រះគ្រីស្ទ។ ដូច្នេះ ប្រសិនបើលោកអ្នកអានព្រះគម្ពីរដោយមានបំណងចង់សម្រេចការនេះដោយកម្លាំងខ្លួនឯង នោះព្រះវិញ្ញាណបរិសុទ្ធនឹងរក្សាគម្លាតពីលោកអ្នកជាមិនខាន។ ប៉ុន្តែ ប្រសិនបើលោកអ្នកអានព្រះគម្ពីរដោយសម្លឹងមើលទៅឯព្រះយេស៊ូវ ហើយទូលថា៖ «ឱព្រះយេស៊ូវអើយ! ទូលបង្គំចង់ឲ្យគេកាន់តែឃើញព្រះអង្គច្រើនជាងមុន។ ទូលបង្គំចង់ឲ្យគេឃើញព្រះអង្គ តាមរយៈការដែលទូលបង្គំចេះស្រឡាញ់ខ្លាំងជាងមុន»។ តាមរយៈការអធិស្ឋានបែបនេះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញព្រះចេស្ដារបស់ទ្រង់ ពីព្រោះការដែលកាន់តែឲ្យអ្នកដទៃស្គាល់ព្រះយេស៊ូវគឺជាមូលហេតុដែលទ្រង់បានយាងមក។
មតិយោបល់
Loading…