in

ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​ស្រឡាញ់​ព្រះ ខ្លាំង​ជាង​ការ​កម្សាន្ត​សប្បាយ​របស់​ខ្ញុំ?

អត្ថន័យ​ជា​មូល​ដ្ឋាន​នៃ​ពាក្យ ការ​កម្សាន្ត​សប្បាយ គឺ​មាន​ន័យ​ថា «ការ​ជាប់»។ វា​ជា​ពាក្យ​ដែល​គេ​ប្រើ ដើម្បី​ពិពណ៌នា អំពី​ការ​ជាប់​ចិត្ត​នឹង​អ្វី​មួយ។ ការ​កម្សាន្ត​គឺ​ជា​ការ​ដែល​មនុស្ស​ម្នាក់​ជាប់​ចិត្ត ឬ​ជាប់​អារម្មណ៍។ ហើយ​យើង​ថា ធម្មជាតិ​របស់​យើង​គឺ​ជាប់​ចិត្ត​នឹង​ការ​អង្គុយ​មើល​ទូរទស្សន៍ ខ្លាំង​ជាង​ការ​បញ្ចេញ​ពលកម្ម។ ការ​កម្សាន្ត​សប្បាយ​ធ្វើ​ឲ្យ​យើង​ជាប់​ចិត្ត​ដិត​អារម្មណ៍។ ប៉ុន្តែ ការ​កម្សាន្ត​សប្បាយ​រហ័ស​ទាន់​ចិត្ត ដែល​យើង​អាច​ទទួល​នៅ​ពេល​ណា​ក៏​បាន ដោយ​គ្រាន់​តែ​យក​ម្រាម​ដៃ​ចុច​លើ​អេក្រង់ ក៏​បាន​នាំ​ឲ្យ​គេ​ចោទ​ជា​សំណួរ​ដ៏​សំខាន់​ថា យើង​កំពុង​តែ​ជាប់​ចិត្ត​នឹង​អ្វី​ជាង​គេ។ តើ​យើង​នឹង​មាន​ការ​ជាប់​ចិត្ត​ចំពោះ​ព្រះ ខ្លាំង​ជាង​រឿង​ហូលីវូឌ​ឬ​ទេ? ខាង​ក្រោម​នេះ​ជា​សំណួរ​របស់​ប្រិយមិត្ត​អ្នក​អាន​ម្នាក់​ឈ្មោះ រ៉ូ។

«សួស្តី! លោក​គ្រូ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ទូល​សូម​ព្រះ​គ្រីស្ទ ឲ្យ​ទទួល​យក​ចិត្ត និង​ជីវិត​របស់​ខ្ញុំ​ហើយ។ ខ្ញុំ​ក៏​បាន​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប ដោយ​អស់​ពី​ចិត្ត​ផង​ដែរ។ ខ្ញុំ​បាន​ឈប់​ធ្វើ​អំពើ​បាប ដោយ​ស្ម័គ្រ​ពី​ចិត្ត ហើយ​កំពុង​ខិត​ខំ​អស់​ពី​លទ្ធភាព ដើម្បី​រស់​នៅ​ក្នុង​ជីវិត​បរិសុទ្ធ។ ខ្ញុំ​សូម​សួរ​លោក​គ្រូ អំពី​បំណង​ចិត្ត និង​ការ​ស្កប់​ចិត្ត​របស់​ខ្ញុំ ក្នុង​ការ​លត់​ដំ​ខាង​ឯ​វិញ្ញាណ និង​ការ​ថ្វាយ​បង្គំ។ ខ្ញុំ​ចូល​ចិត្ត​ការ​កម្សាន្ត​សប្បាយ ខ្លាំង​ជាង​ការ​ចំណាយ​ពេល​ជា​មួយ​ព្រះ។ ខ្ញុំ​សូម​ចែក​ចាយ​ការ​ពិត​នេះ ដោយ​ស្មោះ​ត្រង់។ ការ​ចំណាយ​ពេល​ជា​មួយ​ព្រះ គឺ​ប្រៀប​ដូចជា​ការ​ធ្វើ​ពលកម្ម។ ការ​កម្សាន្ត​សប្បាយ គឺ​ជា​កន្លែង​ដែល​ខ្ញុំ​ទៅ​រក ដើម្បី​សម្រាក​ពី​ការងារ​មួយ​រយៈ។ ប៉ុន្តែ ខ្ញុំ​ក៏​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​វិញ្ញាណ​របស់​ខ្ញុំ ព្រោះ​អតីតកាល​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​បាន​ប្រឹង​ប្រែង​ឲ្យ​បាន​ល្មម​គ្រប់​គ្រាន់ ក្នុង​ការ​ចំណាយ​ពេល​ជា​មួយ​ព្រះ ហើយ​ខ្ញុំ​នឹង​មាន​ការ​សោក​ស្តាយ​នៅ​ពេល​អនាគត។ តើ​ការ​ដែល​ខ្ញុំ​ចូល​ចិត្ត​ការ​កម្សាន្ត​សប្បាយ ខ្លាំង​ជាង​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ គ្រាន់​តែ​ជា​បញ្ហា​នៃ​ការ​ដាក់​វិន័យ​ផ្ទាល់​ខ្លួន​ឬ?»។

គ្មាន​រឿង​អ្វី​ដែល​សាមញ្ញ​នោះ​ទេ។ សំណួរ​នេះ​ពិត​ជា​សំខាន់​ណាស់ ហើយ​ខ្ញុំ​រីក​រាយ​នឹង​ឆ្លើយ​សំណួរ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ដឹង​ថា នៅ​ចុង​បញ្ចប់ យើង​ត្រូវ​តែ​ដក​ពិសោធន៍​ជា​មួយ​នឹង​ការ​អស្ចារ្យ ដើម្បី​អរ​សប្បាយ​ក្នុង​ព្រះ ជា​ជាង​អរ​សប្បាយ​ក្នុង​ការ​កម្សាន្ត​ក្នុង​លោកីយ៍​នេះ​តាម​រយៈ​ការ​កម្សាន្ត​សប្បាយ​ដែរ។ យើង​មិន​អាច​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ឲ្យ​ការ​នេះ​កើត​ឡើង​បាន​ឡើយ។ វា​ជា​អំណោយ​ទាន​មក​ពី​ព្រះ។ តែ​ព្រះ​ទ្រង់​បាន​ប្រទាន​មក​កាន់​យើង​នូវ​វិធី ដើម្បី​ទទួល​អំណោយ​ទាន​នោះ ដូច​នេះ​ខ្ញុំ​សូម​ឆ្លើយ​សំណួរ​នេះ ដូច​ត​ទៅ។

គ្រាន់​តែ​ជា​ការ​សម្រាក​លម្ហែ​ឬ?

រឿង​មួយ​ដែល​ខ្ញុំ​ចង់​និយាយ​នោះ​គឺ​ថា ខ្ញុំ​ដឹង​ថា មាន​មនុស្ស​មួយ​ចំនួន​ដែល​នឹង​ផ្តល់​យោបល់​ដល់​លោក រ៉ូ ដោយ​គ្រាន់​តែ​និយាយ​ថា «សូម​ស្តាប់​ខ្ញុំ​សិន។ អ្នក​និយាយ​ដូច​មនុស្ស​ក្រឹត្យ​វិន័យ​និយម។ ចូរ​សម្រាក ហើយ​អរ​សប្បាយ​នឹង​ការ​កម្សាន្ត​សប្បាយ ដែល​អ្នក​មាន​អារម្មណ៍​ថា វា​ហាក់​ដូច​ជា​គំរាម​កំហែង​មក​លើ​ភាព​បរិសុទ្ធ​របស់​អ្នក​អញ្ចឹង។ អ្នក​មាន​ភាព​គ្រប់​លក្ខណ៍​ក្នុង​ព្រះ​យេស៊ូវ ព្រោះ​ព្រះ​អង្គ​បាន​រាប់​អ្នក​ជា​សុចរិត​ហើយ។ ទោះ​អ្នក​មើល​រឿង​អ្វី ឬ​អ្នក​បាន​ចំណាយ​ពេល​ច្រើន​ប៉ុណ្ណា ក្នុង​ការ​មើល​ទូរទស្សន៍ ឬ​លេង​វីដេអូ​ហ្គេម ឬ​ហ្វេសប៊ុក ឬ​យូធូប​ក្តី វា​មិន​មាន​បញ្ហា​អ្វី​ទេ។ ចូរ​កុំ​តឹង​រ៉ឹង​ចំពោះ​ខ្លួន​ឯង​ពេក ចូរ​គ្រាន់​តែ​អរ​សប្បាយ​នឹង​សេរី​ភាព ដែល​អ្នក​មាន​ក្នុង​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ»។

ការ​ផ្ដល់​យោបល់​បែប​នេះ មាន​បញ្ហា ព្រោះ​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា ទំនាក់​ទំនង​រវាង​ការ​រាប់​ជា​សុចរិត និង​ការ​ញែក​ជា​បរិសុទ្ធ មាន​ភាព​ផ្ទុយ​គ្នា​ទាំង​ស្រុង។ ព្រះ​យេស៊ូវ សាវ័ក​ប៉ុល អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ និង​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សញ្ញាថ្មី​ដទៃ​ទៀត បាន​ពណ៌នា​អំពី​សេចក្តី​ពិត​ដ៏​រុង​រឿង ដែល​ថា ពេល​ដែល​ព្រះ​ទ្រង់​បាន​ទទួល​យក​យើង គឺ​មាន​ន័យ​ថា ព្រះ​អង្គ​បាន​រាប់​យើង​ជា​សុចរិត ឬ​ស្រឡាញ់​យើង ដោយ​សារ​ព្រះ​គុណ​ព្រះ​អង្គ ដោយ​ផ្អែក​ទៅ​លើ​ព្រះ​គ្រីស្ទ​តែ​មួយ​អង្គ និង​តាម​រយៈ​ជំនឿ​តែ​មួយ​គត់។ សេចក្តី​ពិត​នេះ​បញ្ចេញ​អំណាច​នៃ​ភាព​បរិសុទ្ធ ដែល​យើង​ដក​ពិសោធន៍​តាម​រយៈ​សង្គ្រាម​ខាង​ឯ​វិញ្ញាណ​ដ៏​ធំ​មួយ ទាស់​នឹង​លោកីយ៍ សាច់ឈាម និង​អារក្ស។

ខ្ញុំ​មិន​យល់​ឃើញ​ថា ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ធ្លាប់​ប្រាប់​យើង «ឲ្យ​ធ្វើ​អ្វីៗ​ដោយ​សេរី ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន» នោះ​ទេ។ តែ​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ឲ្យ «តយុទ្ធ​ដល់​ទី​បញ្ចប់»។ ជា​ការ​ពិត​ណាស់ ផ្នែក​មួយ​នៃ​ការ​តយុទ្ធ​នេះ គឺ​ត្រូវ​អរ​សប្បាយ នៅ​ក្រោម​បន្ទុក​ស្រាល ហើយ​ងាយ​របស់​ព្រះ​យេស៊ូវ។ ព្រះ​យេស៊ូវ​បាន​ប្រាប់​យើង​ឲ្យ​កាត់​ដៃ ឬ​ខ្វេះ​ភ្នែក​ខ្លួន​ឯង​ចោល ជា​ជាង​បណ្តោយ​ខ្លួន​ឲ្យ​កម្សាន្ត​សប្បាយ​នឹង​ការ​ត្រេក​ត្រអាល។ ព្រះ​អង្គ​មាន​បន្ទូល​ថា «អ្នក​ណា​ដែល​ស្រឡាញ់​ឪពុក ឬ​ម្តាយ ជា​ជាង​ខ្ញុំ នោះ​មិន​គួរ​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស ឬ​ស្រី ជា​ជាង​ខ្ញុំ នោះ​ក៏​មិន​គួរ​នឹង​ខ្ញុំ​ដែរ» (ម៉ាថាយ ១០:៣៧)។ បើ​អ្នក​មិន​សម្លាប់​កិច្ចការ​របស់​សាច់​ឈាម​ទេ នោះ​មិន​អាច​រស់​នៅ​ខាង​ឯ​វិញ្ញាណ​បាន​ឡើយ។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​ថា«កុំ​ឲ្យ​ស្រឡាញ់​លោកីយ៍ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ៍​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ៍ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​នៅ​ក្នុង​ខ្លួន​ឡើយ» (១យ៉ូហាន ២:១៥)។

ពួក​សេរី​ភាព​និយម ក្នុង​សម័យ​បច្ចុប្បន្ន បាន​ប្រើ​ខួរ​ក្បាល​ខ្លួន​ផ្ទុយ​ពី​ព្រះ​គម្ពីរ ដើម្បី​ពណ៌នា​ថា គ្រីស្ទ​បរិស័ទ​អាច​រស់​នៅ ដោយ​សេរី​ភាព ព្រោះ​ព្រះ​បាន​រាប់​ពួក​គេ​ជា​សុចរិត​ហើយ។ ពួក​គេ​កំពុង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ ខ្ញុំ​សូម​អបអរ​លោក រ៉ូ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​រឿង​ភាព​បរិសុទ្ធ​ផ្ទាល់​ខ្លួន ហើយ​ខ្ញុំ​សង្ឃឹម​ថា អ្នក​នឹង​មិន​ទទួល​យក​ចម្លើយ សម្រាប់​សំណួរ​នេះ ដោយ​ឱប​ក្រសោប​យក​ការ​បង្រៀន​ដែល​ផ្ទុយ​ពី​ព្រះ​គម្ពីរ​នោះ​ឡើយ។ វា​មិន​មែន​ជា​ដំណោះ​ស្រាយ​ដ៏​ត្រឹម​ត្រូវ​ទេ។

ការ​តយុទ្ធ ក្នុង​ការ​មើល​ឃើញ

តើ​យើង​គួរ​ធ្វើ​ដូច​ម្ដេច? តើ​យើង​គួរ​ធ្វើ​ដូច​ម្ដេច ពេល​ដែល​យើង​មាន​អារម្មណ៍​ធុញ​ទ្រាន់ ឬ​មិន​ពេញ​ចិត្ត​នឹង​ការ​ផ្ដោត​ទៅ​លើ​ព្រះ​ជាម្ចាស់ ព្រះ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ និង​ព្រះ​រាជ​កិច្ច​នៃ​ការ​សង្គ្រោះ​របស់​ព្រះ​អង្គ ក្នុង​លោកីយ៍​នេះ? តើ​យើង​គួរ​ធ្វើ​ដូច​ម្ដេច នៅ​ពេល​ដែល​ការ​កម្សាន្ត​សប្បាយ នៅ​លើ​កញ្ចក់​ទូរទស្សន៍ និង​ក្នុង​ខ្សែ​ភាពយន្ត វីដេអូ​ហ្គេម និង​កីឡា មាន​លក្ខណៈ​គួរ​ឲ្យ​ទាក់​ទាញ ឬ​មាន​ភាព​រំភើប​រីករាយ​យ៉ាង​ខ្លាំង ពោល​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​ព្រះ​ឆ្ងាយ​ណាស់? តើ​យើង​គួរ​តែ​ធ្វើ​ដូច​ម្ដេច​ទៅ?

បើ​អ្នក​យល់​ថា ការ​កម្សាន្ត​ក្នុង​លោកីយ៍​មាន​លក្ខណៈ​គួរ​ឲ្យ​ទាក់​ទាញ​ជាង នោះ​អ្នក​គួរ​តែ​ញាប់​ញ័រ​ផង។ យើង​ប្រហែល​ជា​គួរ​តែ​ញាប់​ញ័រ​ផង។ ហើយ​មូល​ហេតុ​ដែល​យើង​គួរ​តែ​ញាប់​ញ័រ គឺ​ពី​ព្រោះ​ការ​ដែល​មនុស្ស​ចង់​ជ្រើស​រើស​យក​លោកីយ៍ គឺ​ជា​បញ្ហា​នៃ​ពិភព​លោក​ទាំង​មូល។ មនុស្ស​ខាង​សាច់​ឈាម មិន​អាច​ទទួល ឬ​អរ​សប្បាយ ឬ​ក៏​ស្កប់​ចិត្ត ឬ​មួយ​ចាប់​អារម្មណ៍​ខ្លាំង ចំពោះ​សេចក្តី​ខាង​ឯ​ព្រះវិញ្ញាណ​នោះ​ឡើយ។ ព្រោះ​ជា​សេចក្តី​ល្ងង់​ល្ងើ​ដល់​គេ (១កូរិនថូស ២:១៤)។ នេះ​ជា​លក្ខណៈ​សម្គាល់​នៃ​មនុស្ស​ខាង​សាច់​ឈាម។ ដូច​នេះ ប្រសិន​បើ​យើង​មាន​អារម្មណ៍​ដូច​នេះ យើង​គួរ​តែ​ញាប់​ញ័រ ព្រោះ​យើង​កំពុង​តែ​ប្រព្រឹត្ត​ដូច​មនុស្ស​ធម្មតា​ហើយ គឺ​មិន​ដូច​កូន​ព្រះ​ឡើយ។

មាន​អ្វី​កំពុង​តែ​រារាំង​អ្នក (និង​មនុស្ស​រាប់​លាន​នាក់) មិន​ឲ្យ​មើល​ឃើញ​ព្រះ និង​ផ្លូវ​របស់​ទ្រង់ ផ្អែក​ទៅ​លើ​សេចក្តី​ពិត ដែល​ថា ទ្រង់​ជា​នរណា។ នៅ​ក្នុង​បទ​គម្ពីរ (២កូរិនថូស ៣:១៨) សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ថា បើ​យើង​ឃើញ​ព្រះ​អង្គ តាម​សេចក្តី​ពិត​ដែល​ថា ទ្រង់​ជា​នរណា នោះ​យើង​ក៏​បាន «មើល​សិរី​ល្អ​របស់​ព្រះ​អង្គ» ហើយ​យើង​ក៏​នឹង​បាន​ផ្លាស់​ប្រែ ដោយ​ទទួល​សិរី​ល្អ​ថែម​មួយ​កម្រិត​ទៀត​ដែរ។ មាន​អ្វី​មួយ​កំពុង​រារាំង​អ្នក មិន​ឲ្យ​មើល​ឃើញ និង​ស្គាល់​ព្រះ ដែល​មាន​ភាព​ស្រស់​ស្អាត គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​គួរ​ឲ្យ​ស្កប់​ចិត្ត​ទាំង​ស្រុង ក្នុង​ព្រះ​គ្រីស្ទ និង​ក្នុង​ការ​គ្រប់​យ៉ាង​ដែល​ទ្រង់​មាន​សម្រាប់​យើង។ ក្នុង​ករណី​របស់​អ្នក ខ្ញុំ​មិន​ដឹង​ថា ឧបសគ្គ​នោះ​ជា​អ្វី​ទេ។ តែ​នោះ​ជា​កន្លែង​ដែល​យើង​តយុទ្ធ​ក្នុង​សង្គ្រាម គឺ​សង្គ្រាម ដើម្បី​ឲ្យ​មើល​ឃើញ​បាន។ យើង​ចាំ​បាច់​ត្រូវ​តែ​មើល​ឃើញ។

ខាង​ក្រោម​នេះ​ជា ការ​លើក​ទឹក​ចិត្ត​បី​យ៉ាង ហើយ​ព្រះ​អម្ចាស់​ប្រហែល​ជា​នឹង​ប្រើ​ការ​លើក​ទឹក​ចិត្ត​ណា​មួយ ក្នុង​ចំណោម​ការ​លើក​ទឹក​ចិត្ត​ទាំង​បី​នេះ ក្នុង​ជីវិត​អ្នក។

ចូរ​ចែក​ចាយ​អំពី​ភាព​ស័ក្តិសម​របស់​ព្រះ

ទី១ ចូរ​ទូល​សូម​ឲ្យ​ព្រះ​អម្ចាស់​នាំ​អ្នក​ទៅ​ជួប​មនុស្ស​ម្នាក់ ដែល​ជា​អ្នក​មិន​ជឿ ជា​អ្នក​ជឿ​ថ្មី ឬ​ជា​គ្រីស្ទាន​ដែល​បាន​បែក​ចេញ​ឆ្ងាយ​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​អ្នក​អាច​ចែក​ចាយ​អស់​ពី​ចិត្ត អំពី​សេចក្តី​ពិត​ដែល​ចែង​អំពី​ព្រះ ដែល​ពួក​គេ​គួរ​តែ​ដឹង ហើយ​នាំ​ពួក​គេ​ងាក​មក​រក​ព្រះ។ ស្តាប់​មើល​ទៅ ការ​នេះ​ហាក់​ដូច​ជា​ផ្ទុយ​នឹង​សភាវគតិ​របស់​អ្នក។ អ្នក​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​មិន​ចង់​ធ្វើ​ដូច​នេះ​ទេ។

ប៉ុន្តែ ខ្ញុំ​បាន​ឃើញ​ការ​នេះ​ម្តង​ហើយ​ម្តង​ទៀត ក្នុង​ជីវិត​ខ្ញុំ និង​ក្នុង​ទី​បន្ទាល់​របស់​អ្នក​ដទៃ។ រនាំង​ក៏​បាន​កើត​មាន រវាង​ខ្ញុំ និង​ព្រះ​ដែរ។ ពេល​ណា​ខ្ញុំ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថាន​ភាព​មួយ ដែល​ក្នុង​នោះ សេចក្តី​ស្រឡាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​ព្រះ ត្រូវ​បាន​ល្បង​ល ដោយ​សេចក្តី​ស្រឡាញ់ ដែល​ខ្ញុំ​មាន​ចំពោះ​មនុស្ស និង​បំណង​ចិត្ត​ដែល​ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ស្គាល់​ព្រះ និង​អរ​សប្បាយ​នឹង​ជីវិត​អស់​កល្ប។

រនាំង​នោះ គឺ​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​ដែល​ខ្ញុំ​មាន ក្នុង​ការ​ស្គាល់​សេចក្តី​ពិត និង​ភាព​ស្រស់​ស្អាត​របស់​ព្រះ។ ទោះ​អ្នក​ចង់​ឬ​មិន​ចង់​ក៏​ដោយ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក ឲ្យ​ទៅ​រក​មនុស្ស​ម្នាក់ ដែល​មិន​មែន​ជា​អ្នក​ជឿ ដើម្បី​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​ថា ព្រះ​យេស៊ូវ​ស័ក្តិ​សម​នឹង​ឲ្យ​ពួក​គេ​ជឿ​យ៉ាង​ណា ហើយ​ចាំ​មើល​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង។

ចូរ​ពិចារណា​អំពី​ពេល​សម្រាក​របស់​លោក​អ្នក

ទី២ សូម​គិត​ថា តើ​ពេល​សម្រាក​ប្រភេទ​ណា ដែល​អ្នក​ត្រូវ​ការ ហើយ​ការ​សម្រាក​មាន​ទម្រង់​បែប​ណា ដែល​បរិសុទ្ធ ហើយ​មិន​ប្រាស​ចាក​ពី​ភាព​បរិសុទ្ធ​របស់​អ្នក។ ដោយ​មិន​បាច់​គិត​ច្រើន ខ្ញុំ​អាច​ស្មាន​ដឹង​ថា អ្នក​កំពុង​តែ​យក​ការ​កម្សាន្ត​សប្បាយ​បែប​លោកីយ៍​ជា​ទី​មួយ ដែល​នាំ​ឲ្យ​អ្នក​មាន​ការ​ចរ​ចារ ដោយ​ព្រោះ​ទស្សនៈ​បែប​លោកីយ៍ ដែល​ជ្រួត​ជ្រាប​ពេញ ក្នុង​ការ​កម្សាន្ត​សប្បាយ​ទាំង​នោះ (និង​ភាព​អសីលធម៌​ដទៃ​ទៀត ក្នុង​នោះ​ដែរ) កំពុង​តែ​ធ្វើ​ឲ្យ​សម្បជញ្ញៈ​របស់​អ្នក​ខូច​ហើយ។

ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន​ពេល​សម្រាក យើង​មិន​អាច​មាន​ភាព​រឹង​មាំ​គ្រប់​ពេល​នោះ​ឡើយ។ ដូច​នេះ សូម​ពិចារណា អំពី​ប្រភេទ​នៃ​ពេល​សម្រាក​ដែល​បរិសុទ្ធ ហើយ​មិន​ប្រជែង​ខ្លាំង ជា​មួយ​នឹង​ការ​អរ​សប្បាយ​ដែល​អ្នក​មាន​ក្នុង​ព្រះ។ ចូរ​ឲ្យ​ពេល​សម្រាក​នោះ ក្លាយ​ជា​ពេល​បង្ហាញ​ចេញ​នូវ​ការ​អរ​សប្បាយ​ក្នុង​ព្រះ។

ចូរ​ស្វែង​រក​សៀវភៅ​ល្អៗ

នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ចុង​ក្រោយ ហើយ​ក៏​ជា​ចំណុច​សំខាន់​ណាស់​ដែរ។ សូម​ស្វែង​រក​សៀវភៅ របស់​អ្នក​និពន្ធ​ដែល​បាន​ស្លាប់​ហើយ (អ្នក​និពន្ធ​ឆ្នើមៗ​មួយ​ចំនួន) ឬ​អ្នក​និពន្ធ​ដែល​នៅ​រស់ ដែល​និយាយ ឬ​សរសេរ​អំពី​ព្រះ​ក្នុង​នាម​ជា​អ្នក​ដែល​ពិត​ជា​បាន​ភ្លក់​រសជាតិ និង​មើល​ឃើញ​ថា ព្រះ​ទ្រង់​មាន​ពេញ​ដោយ​សិរី​ល្អ និង​ភាព​ស្រស់​ស្អាត ហើយ​ជា​ទី​ស្កប់ស្កល់ ហើយ​ពួក​គាត់​បាន​សរសេរ​សៀវភៅ​នោះ តាម​របៀប ដែល​ធ្វើ​ឲ្យ​អ្នក​បាន​ស្គាល់​រសជាតិ​នោះ ពេល​ដែល​អ្នក​បាន​អាន​សៀវភៅ​ពួក​គាត់។

សព្វ​ថ្ងៃ​នេះ ខ្ញុំ​កំពុង​អាន​សៀវភៅ​ដែល​លោក​គ្រូ ចន អូវិន (John Owen) បាន​និពន្ធ មាន​ចំណង​ជើង​ថា កាតព្វកិច្ច​នៃ​ការ​ប្រុង​ប្រយ័ត្ន​ខាង​ឯ​វិញ្ញាណ។ នោះ​ជា​អ្វី​ដែល​លោក​គ្រូ អូវិន បាន​ធ្វើ​សម្រាប់​ខ្ញុំ។ ខ្ញុំ​បាន​ចំណាយ​ពេល​អាន​សៀវភៅ​របស់​លោក​អូវិន នៅ​ថ្ងៃ​អាទិត្យ។ ខ្ញុំ​មាន​ពេល​ទំនេរ​ច្រើន នៅ​ពេល​រសៀល​ថ្ងៃ​អាទិត្យ ដែល​តាម​ធម្មតា ខ្ញុំ​មិន​មាន​គម្រោង​ធ្វើ​អ្វី​ផ្សេង។ ដូច​នេះ ខ្ញុំ​អង្គុយ​នៅ​លើ​សាឡុង ហើយ​ខ្ញុំ​នឹង​ទទួល​ការ​បង្រៀន​ព្រះ​បន្ទូល​ព្រះ​ពី​លោក​គ្រូ អូវិន។ សៀវភៅ​របស់​គាត់​កំពុង​ជួយ​ខ្ញុំ ឆ្លើយ​សំណួរ​ដែល​អ្នក​បាន​លើក​ឡើង អំពី​ការ​កម្សាន្ត​សប្បាយ។

ពេល​ដែល​ខ្ញុំ​បាន​អាន​សៀវភៅ​គាត់ ខ្ញុំ​បាន​ទទួល​ការ​ក្រើន​រម្លឹក អំពី​អត្ថន័យ​ពិត​នៃ​ការ​ប្រុង​ប្រយ័ត្ន​ខាង​ឯ​វិញ្ញាណ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ។ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​មាន​ភាព​ល្ងង់​ខ្លៅ​ប៉ុណ្ណា។ លោក​គ្រូ អូវិន បាន​លើក​យក​ខគម្ពីរ​មក​ប្រើ តាម​របៀប​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​មិន​ដែល​បាន​អាន​ខ​គម្ពីរ​ទាំង​នោះ។ បន្ទាប់​មក ក្តី​អំណរ​របស់​ខ្ញុំ​ក៏​ចាប់​ផ្ដើម​កើត​មាន។ បាទ ខ្ញុំ​ដឹង​ច្បាស់​ថា គាត់​កំពុង​និយាយ​អំពី​អ្វី។ប៉ុន្តែ វា​ជា​សេចក្តី​ពិត​ពេញ​ដោយ​សិរី​ល្អ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រស់​ថ្លា។

ខ្ញុំ​សូម​អធិស្ឋាន​ថា អ្នក​នឹង​មិន​បោះ​បង់​ការ​តយុទ្ធ​នេះ​ចោល​ទេ ហើយ​បាន​ទៅ​ដល់​ទី​បញ្ចប់​នៃ​ជីវិត​របស់​អ្នក ដោយ​និយាយ​ជា​មួយ​សាវ័ក​ប៉ុល​ថា «ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​ជំនឿ​ទៅ​ហើយ» (២ធីម៉ូថេ ៤:៧)។

និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ លោក ឯក សត្យា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ង៉ែត វិទូ, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គម្រោង​គោលការណ៍​នៃ​ការ​ធ្វើ​ព័ន្ធ​កិច្ច

ដំបូន្មាន​៨​យ៉ាង​សម្រាប់​គ្រីស្ទ​បរិស័ទ​ដែល​នៅ​លីវ​ពី​លោក ធីម ឃែលឺ