in

តើ​ខ្ញុំ​អាច​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​​បាន​ដោយ​របៀប​ណា?

យើង​កំពុង​តែ​ហៀប​ឆ្លង​ឆ្នាំ​ថ្មី—ហើយ​ក្នុង​ការ​ចូល​ឆ្នាំ​ថ្មី យើង​ក៏​តែង​តែ​មាន​ការ​សម្រេច​ចិត្ត​ថ្មី ហើយ​ភាគ​ច្រើន​ការ​សម្រេច​ចិត្ត​នោះ​ទាក់​ទង​ទៅ​នឹង​ការ​អាន​ព្រះ​គម្ពីរ​ទាំង​មូល​ផ្ទាល់​ដោយ​ខ្លួន​ឯង។ ហើយ​ដោយ​សារ​យើង​ដឹង​ថា នេះ​ជា​អ្វី​ដែល​មិត្ត​អ្នក​អាន​ជា​ច្រើន​កំពុង​តែ​គិត ខណៈ​ពេល​ដែល​យើង​ហៀប​នឹង​ឆ្លង​ឆ្នាំ យើង​ក៏​ចង់​យក​ឱកាស​នេះ ដើម្បី​ឆ្លើយ​សំណួរ​ទាក់​ទង​ទៅ​នឹង​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ។

«ជម្រាប​សួរ​លោក​គ្រូ! សំណួរ​របស់​ខ្ញុំ​គឺ​ទាក់​ទង​ទៅ​នឹង​ផែន​ការ​នៃ​ការ​អាន​ព្រះ​គម្ពីរ។ ខ្ញុំ​ស្គាល់​ផែន​ការ​ខ្លះៗ​ហើយ គឺ​ផែន​ការ​ឲ្យ​អាន​ព្រះ​គម្ពីរ​ពី​ដើម​ដល់​ចប់ ឬ​ក៏​ខ្លះ​ទៀត​ផ្ដោត​ទៅ​លើ​ផែន​ការ​នៃ​ការ​អាន​ព្រះ​គម្ពីរ​សញ្ញា​ចាស់​លាយ​ឡំ​ជា​មួយ​នឹង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ​ផែន​ការ​ខ្លះ​ទៀត​ត្រូវ​បាន​រៀប​ឡើង​ឲ្យ​យើង​អាន​តាម​ដំណាក់​កាល​នៃ​ដំណើរ​រឿង​ដែល​បាន​កើត​ឡើង ហើយ​ក៏​នៅ​មាន​ផែន​ការ​ផ្សេង​ទៀត​ដែល​យើង​ត្រូវ​ចំណាយ​ពេល​ពីរ​ទៅ​បី​ជំពូក ដើម្បី​អាន​ព្រះ​គម្ពីរ​ឲ្យ​ចប់។ សំណួរ​របស់​ខ្ញុំ​គឺ​ថា៖ ក្នុង​នាម​ជា​អ្នក​ដែល​ទើប​តែ​ចាប់​ផ្ដើម​អាន​ព្រះ​គម្ពីរ ដោយ​មិន​ធ្លាប់​បាន​អាន​ចប់​ពី​មុន​សោះ តើ​លោក​គ្រូ​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ​ប្រើ​ប្រាស់​ផែន​ការ​អាន​មួយ​ណា? សូម​លោក​គ្រូ​ជួយ​ផ្ដល់​យោបល់​ខ្លះៗ ឲ្យ​ខ្ញុំ​គិត ខណៈ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​អាន»។

មុន​ខ្ញុំ​ផ្ដល់​ជូន​ផែន​ការ​អាន​ជាក់​លាក់​ណា​មួយ—ជា​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ—សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​លើក​ឡើង​នូវ​ការ​សង្កេត​មួយ​ចំនួន​សិន ដែល​ខ្ញុំ​គិត​ថា​ទាក់​ទង​ទៅ​នឹង​អ្វី​ដែល​អ្នក​សួរ​កំពុង​តែ​សួរ៖ «សូម​លោក​គ្រូ​ជួយ​ផ្ដល់​យោបល់​ខ្លះៗ ឲ្យ​ខ្ញុំ​គិត ខណៈ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​អាន»។ គាត់​មិន​គ្រាន់​តែ​បាន​ស្នើ​សុំ​ផែន​ការ​អាន​នោះ​ទេ ប៉ុន្តែ​ស្នើ​សុំ​យោបល់​ខ្លះៗ​ឲ្យ​គាត់​គិត។ ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា គាត់​កំពុង​តែ​ចង់​បាន ហើយ​ក៏​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ព្យាយាម​លើក​ឡើង​ផង​ដែរ។

ការ​ស្គាល់​ខ្លួន​ឯង

ដោយ​សារ​ខ្ញុំ​មិន​ដឹង​យ៉ាង​ហោច​ណាស់​៥​ចំណុច​អំពី​អ្នក​សួរ នេះ​ជា​ផែន​ការ​នៃ​ការ​អាន​ដែល​ខ្ញុំ​នឹង​លើក​ឡើង​មក​ប្រាប់។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត​ទៅ ខ្ញុំ​នឹង​លើក​ឡើង​ផែន​ការ​នេះ ដោយ​សារ​ខ្ញុំ​មិន​ស្គាល់​អ្នក​សួរ។

តើ​គាត់​ចេះ​ដាក់​វិន័យ​លើ​ខ្លួន​ឯង​ខ្លាំង​ដល់​កម្រិត​ណា? តើ​គាត់​មាន​ពេល​ប៉ុណ្ណា ដើម្បី​អាន? តើ​គាត់​មាន​ជំនាញ​អ្វី​ក្នុង​ការ​អាន—តើ​គាត់​អាន​បាន​លឿន​ប៉ុណ្ណា ហើយ​អាច​យល់​បាន​ប៉ុណ្ណា? តើ​គាត់​ស្គាល់​គ្រប់​ចំណុច​នៃ​ព្រះ​គម្ពីរ​ដល់​កម្រិត​ណា សូម្បី​តែ​ចំណុច​ដែល​គាត់​ទំនង​ជា​មិន​ទាន់​បាន​អាន​នៅ​ឡើយ? តើ​គាត់​មាន​កម្រិត​ចម្ងល់​ប៉ុណ្ណា ដែល​អាច​នឹង​បណ្ដាល​ឲ្យ​គាត់​បង្អង់​សិន ហើយ​ព្យាយាម​យល់​នូវ​អ្វី​ដែល​គាត់​មិន​យល់?

ដោយ​អាស្រ័យ​លើ​ចម្លើយ​នៃ​សំណួរ​ទាំង​នោះ ខ្ញុំ​នឹង​ចែក​ចាយ​ផែន​ការ​អាន។ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​គាត់ និង​អ្នក​ដទៃ​ដឹង​ថា​មនុស្ស​យើង​សុទ្ធ​តែ​មាន​លក្ខណៈ​ខុសៗ​គ្នា ទាក់​ទង​ទៅ​នឹង​សមត្ថភាព​នៃ​ការ​អាន ការ​យល់ ល្បឿន​នៃ​ការ​អាន ហើយ​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង​ក៏​សុទ្ធ​តែ​ខុសៗ​គ្នា​ផង​ដែរ។ ផែន​ការ​នៃ​ការ​អាន​ដែល​ខ្ញុំ​នឹង​ចែក​ចាយ​ទំនង​ជា​នឹង​មិន​សម្រាប់​គ្រប់​បុគ្គល​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​នៅ​តែ​ចែក​ចាយ​អំពី​ផែន​ការ​នៃ​ការ​អាន​នេះ​ផង​ដែរ។ នេះ​ជា​ចំណុច​ដំបូង​ដែល​ខ្ញុំ​ចង់​លើក​ឡើង ទាក់​ទង​ទៅ​នឹង​យោបល់​ឲ្យ​គាត់​គិត ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​អាន៖ គឺ​ស្គាល់​ខ្លួន​ឯង​សិន។

សូម​ស្ដាប់​ការ​អធិប្បាយ​ព្រះ​បន្ទូល

សូម​ប្រាកដ​ឲ្យ​ច្បាស់​ថា លោក​អ្នក​ជា​សមាជិក​ក្នុង​ក្រុម​ជំនុំ​ដែល​អាន​ព្រះ​គម្ពីរ សមាជិក​ក្នុង​ក្រុម​ជំនុំ​ដែល​អធិប្បាយ​តាម​ព្រះ​គម្ពីរ តាម​ដែល​លោក​អ្នក​អាច​ធ្វើ​បាន។ មាន​ចំណុច​ជា​ជំនួយ​តិច​ណាស់​ដែល​យើង​អាច​ទទួល​បាន ទាក់​ទង​ទៅ​នឹង​ការ​យល់​ព្រះ​គម្ពីរ​ទាំង​មូល ហើយ​ចំណុច​នោះ​គឺ​ថា៖ យើង​ត្រូវ​តែ​ចំណាយ​ពេល​ពី​មួយ​អា​ទិត្យ​ទៅ​មួយ​អា​ទិត្យ ពី​មួយ​ខែ​ទៅ​មួយ​ខែ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មិន​ថា ១០-២០-៣០ ឆ្នាំ​ក៏​ដោយ ក្នុង​ការ​ទទួល​ទាន​ពី​សេចក្ដី​អធិប្បាយ​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។

នេះ​គឺ​ជា​ចំណុច​ដែល​សំខាន់​ណាស់។ ប្រសិន​បើ​គ្រូ​គង្វាល​របស់​លោក​អ្នក​មិន​អធិប្បាយ​តាម​ព្រះ​គម្ពីរ ហើយ​ពន្យល់​ថា​ខ​គម្ពីរ​នោះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច នោះ​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​ប្ដូរ​ព្រះ​វិហារ​ទៅ ពីព្រោះ​ការ​ចំណាយ​ពេល​វេលា​រាប់​ឆ្នាំ​របស់​លោក​អ្នក​ក្នុង​ការ​អង្គុយ​ក្រោម​ការ​អធិប្បាយ​តាម​រយៈ​ព្រះ​បន្ទូល​នឹង​បំផ្លាស់​បំប្រែ​ជីវិត​របស់​លោក​អ្នក​ក្នុង​លក្ខណៈ​ដ៏​អស្ចារ្យ ដែល​នឹង​នៅ​មាន​ឥទ្ធិពល​ជា​ទៅ​មុខ​ទៀត។

មាន​អ្នក​មើល​ខុស​ត្រូវ​លើ​ជីវិត​លោក​អ្នក ចំណាយ​ពេល​អធិស្ឋាន និង​មាន​ផែន​ការ​អាន

សូម​ធ្វើ​ជា​សមាជិក​ក្នុង​ក្រុម​ណា​មួយ ជា​សមាជិក​ក្នុង​ក្រុម​តូច ដែល​អ្នក​នៅ​ក្នុង​ក្រុម​នោះ​មាន​ការ​រំពឹង​ថា​បុគ្គល​នីមួយៗ​កំពុង​តែ​អាន​ព្រះ​គម្ពីរ​របស់​ខ្លួន ហើយ​និយាយ​គ្នា​អំពី​អ្វី​ដែល​បាន​អាន​នៅ​ពេល​ដែល​ជួប​ជុំ។

សូម​អធិស្ឋាន​ឲ្យ​អស់​ពី​ចិត្ត​មុន​ពេល​លោក​អ្នក​នឹង​អាន​ព្រះ​គម្ពីរ ខណៈ​ពេល​ដែល​លោក​អ្នក​កំពុង​អាន​ព្រះ​គម្ពីរ និង​ក្រោយ​ពេល​ដែល​លោក​អ្នក​បាន​អាន​ព្រះ​គម្ពីរ។ អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​បើក​បង្ហាញ​នូវ​អ្វី​ដែល​ពិត​ជា​មាន​នៅ​ក្នុង​ខ​គម្ពីរ​នោះ ហើយ​ឲ្យ​ខ​គម្ពីរ​នោះ​ក្លាយ​ជា​ការ​ពិត​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក។

សូម​រក​កន្លែង និង​​ពេល​វេលា​ដែល​លោក​អ្នក​នឹង​ទៅ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ ប្រសិន​បើ​លោក​អ្នក​មិន​មាន​ពេល​វេលា និង​ទី​កន្លែង​ជាក់​លាក់ នោះ​សា​តាំង​នឹង​ប្រាកដ​ជា—អម​ជា​មួយ​នឹង​សាច់​ឈាម​របស់​លោក​អ្នក—រុញ​ពេល​អាន​ព្រះ​គម្ពីរ​របស់​លោក​អ្នក​ចេញ​ពី​កាល​វិភាគ​ជា​មិន​ខាន។

ការ​ត្រៀម​ព្រះ​គម្ពីរ​ទុក

ការ​អាន​ព្រះ​គម្ពីរ​ឲ្យ​ចប់ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ តម្រូវ​ឲ្យ​លោក​អ្នក​អាន៤ទៅ៥ជំពូក​ជា​រៀង​រាល់​ថ្ងៃ។ ប្រសិន​បើ​លោក​អ្នក​គិត​ថា លោក​អ្នក​ត្រូវ​តែ​ចង​ចាំ​រាល់​គ្រប់​អ្វីៗ​ដែល​លោក​អ្នក​អាន ខណៈ​ពេល​ដែល​លោក​អ្នក​កំពុង​តែ​អាន៤ទៅ៥ជំពូក​នោះ ការ​រំពឹង​ទុក​ដូច​នោះ​នឹង​បំបាក់​ចិត្ត​លោក​អ្នក ហើយ​ក៏​គ្មាន​តម្លៃ​ដែរ។

ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​លោក​អ្នក​ថា នៅ​ពេល​ដែល​លោក​អ្នក​គិត​ថា ខ្លួន​បាន​ចង​ចាំ៩៥%នៃ​អ្វី​ដែល​ខ្លួន​ទើប​តែ​បាន​អាន នេះ​អាច​ជា​ការ​ពិត​ក្នុង​ពេល​វេលា​ខ្លី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​កំពុង​តែ​គង់​នៅ​ក្នុង​ចិត្ត​គំនិត​របស់​លោក​អ្នក ក្នុង​របៀប​ដែល​លោក​អ្នក​មិន​អាច​យល់​បាន។

អ្វី​ដែល​យើង​ហៅ​ថា​ភាសា កថាខណ្ឌ ពាក្យ​ពេចន៍ ដំណើរ​រឿង ឬ​ក៏​ចំណុច​ដែល​យើង​បាន​ភ្លេច​អាច​ក្លាយ​ជា​កន្លែង​ផ្ទុក​ព័ត៌មាន ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​បើក​បង្ហាញ​នូវ​អ្វី​ដែល​លោក​អ្នក​មិន​ទាន់​ដឹង​ថា​ខ្លួន​ធ្លាប់​ដឹង។ នៅ​ពេល​ដែល​លោក​អ្នក​បាន​អាន​ព្រះ​គម្ពីរ​ចប់​ហើយ​នៅ​ពេល​ព្រឹក សូម​កុំ​បារម្ភ​ត្រង់​ថា លោក​អ្នក​មិន​អាច​សូត្រ​គម្រោង​នៃ​រាល់​ដំណើរ​រឿង​បាន​គ្រប់​កថាខណ្ឌ ដែល​លោក​អ្នក​ទើប​តែ​បាន​អាន​នោះ​ឡើយ។ លោក​អ្នក​មិន​អាច​ធ្វើ​បែប​ហ្នឹង​បាន​ឡើយ លុះ​ត្រាតែ​លោក​អ្នក​ជា​មនុស្ស​ដែល​ឆ្លាតវៃ​ខ្លាំង​មែន​ទែន ដែល​អាច​ចង​ចាំ​គ្រប់​អ្វីៗ​ដែល​ភ្នែក​លោក​អ្នក​បាន​មើល​ឃើញ។

ផ្ទុយ​ទៅ​វិញ សូម​ព្យាយាម​ចង​ចាំ​តែ​មួយ​ឃ្លា​ដែល​ច្បាស់​លាស់​បាន​ហើយ—ឃ្លា​ដែល​បាន​លើក​ទឹក​ចិត្ត ឃ្លា​ដែល​ជំរុញ​ចិត្ត ឃ្លា​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ដល់​លោក​អ្នក ឬ​ក៏​ឃ្លា​ដែល​ដឹក​នាំ​ជីវិត​លោក​អ្នក។ សូម​សរសេរ​ចុះ​នៅ​លើ​ក្រដាស​មួយ ហើយ​ដាក់​ក្នុង​ហោប៉ៅ ឬ​ក៏​បិត​នៅ​កន្លែង​ណា​មួយ​ដែល​លោក​អ្នក​ងាយ​នឹង​ឃើញ​ពេញ​មួយ​ថ្ងៃ។ សូម​មើល​ក្រដាស​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ពេញ​មួយ​ថ្ងៃ។ សរុប​ទៅ ក្នុង​មួយ​ឆ្នាំ លោក​អ្នក​នឹង​មាន​ឃ្លា​ដូចៗ​នោះ​នឹង​មាន​ចំនួន​៣៦៥​ឃ្លា ដែល​ជា​ឃ្លា​អស្ចារ្យ ពេញ​ដោយ​អំណាច និង​ជា​ការ​ប្រមូល​ទុក​នូវ​សេចក្ដី​ពិត។

ការ​ជ្រើស​រើស​ផែន​ការ​អាន

ខាង​ក្រោម​នេះ​គឺ​ជា​ផែន​ការ​អាន​ព្រះ​គម្ពីរ​ដែល​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​ប្រើ​ប្រាស់។ ខ្ញុំ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​សួរ​ប្រើ​ប្រាស់​ផែន​ការ​ដែល​ខ្ញុំ​ប្រើ​ប្រាស់​ដែរ។ មូល​ហេតុ​គឺ​ដោយ​សារ​ខ្ញុំ​ស្រឡាញ់​ផែន​ការ​នៃ​ការ​អាន​នេះ​ណាស់។ ខ្ញុំ​គិត​ថា វា​មាន​តម្លៃ។ ប៉ុន្តែ ខ្ញុំ​ក៏​យល់​ផង​ដែរ​ថា នៅ​មាន​ផែន​ការ​អាន​ព្រះ​គម្ពីរ​ជា​ច្រើន​ទៀត ដែល​លោក​អ្នក​ក៏​អាច​ជ្រើស​រើស​ប្រើ​ប្រាស់​អាន​តាម​បាន​ផង​ដែរ។

ឈ្មោះ​នៃ​ផែន​ការ​នេះ​គឺ «ផែន​ការ​អាន​ព្រះ​គម្ពីរ» ហើយ​ខ្ញុំ​ដឹង​ហើយ​ថា ឈ្មោះ​របស់​វា​ក៏​មិន​សូវ​ជា​ឈ្មោះ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុន្មាន​ផង​ដែរ។ សូម​ចូល​ទៅ​កាន់​គេហទំព័រ ផ្លូវ​ពិត ហើយ​ទាញ​យក​ដោយ​ឥត​ក៏​ថ្លៃ​នូវ​ផែន​ការ​នៃ​ការ​អាន​មួយ​នេះ។ ផែន​ការ​អាន​នេះ​មាន​ពីរ​ចំណុច​ដែល​ខ្ញុំ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។

ទី១ លោក​អ្នក​នឹង​ចាប់​ផ្ដើម​អាន​ពី​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដែល​ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​លោក​អ្នក​យល់​អំពី​ការ​បំពេញ​ទំនាយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដែល​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​លើក​ឡើង។

ទី២ ជា​រៀង​រាល់​អាទិត្យ ផែន​ការ​នេះ​នឹង​នាំ​ឲ្យ​លោក​អ្នក​អាន​ដោយ​មាន​ការ​លាយឡំ​គ្នា​ជា​មួយ​នឹង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ នេះ​មាន​ន័យ​ថា ប្រសិន​បើ​លោក​អ្នក​មិន​យល់​ចំណុច​ណា​មួយ នោះ​លោក​អ្នក​ក៏​នៅ​អាច​យល់​​នូវ​ចំណុច​មួយ​ផ្សេង​ទៀត​បាន​ដែរ។

ចំណុច​មួយ​ទៀត​ដែល​ខ្ញុំ​ចូល​ចិត្ត​អំពី​ផែន​ការ​នេះ​គឺ​ថា លោក​អ្នក​មិន​ចាំ​បាច់​ត្រូវ​បញ្ចប់​ការ​អាន​ព្រះ​គម្ពីរ​ទាំង​មូល​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នោះ​ទេ ដូច​ជា​ផែន​ការ​មួយ​ចំនួន​តម្រូវ​ឲ្យ​លោក​អ្នក​ធ្វើ​ឡើយ។ ផ្ទុយ​ទៅ​វិញ គម្រោង​នៃ​ការ​អាន​ព្រះ​គម្ពីរ​មួយ​នេះ​មាន​រយៈ​ពេល​៣​ឆ្នាំ​៣​ខែ។ ខ្ញុំ​គិត​ថា តាម​រយៈ​ផែន​ការ​មួយ​នេះ នោះ​លោក​អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា​ខ្លួន​នឹង​អាច​អាន​ព្រះ​គម្ពីរ​ឲ្យ​ចប់​ទាំង​មូល​បាន ពីព្រោះ​ជា​រៀង​រាល់​ថ្ងៃ​លោក​អ្នក​គ្រាន់​តែ​អាន​មួយ​ជំពូក​ប៉ុណ្ណោះ។ ហើយ​សម្រាប់​ជំពូក​វែងៗ​ដូច​ជា​កណ្ឌ​គម្ពីរ ទំនុកតម្កើង ជំពូក១១៩ យើង​ក៏​បាន​កាត់​វា​ឲ្យ​ខ្លី​ដែរ ដើម្បី​ឲ្យ​លោក​អ្នក​ងាយ​អាន​ចប់។

ការ​មាន​ផែន​ការ​ឲ្យ​អាន​តែ​មួយ​ជំពូក​ក្នុង​មួយ​ថ្ងៃ គឺ​ដើម្បី​កុំ​ឲ្យ​លោក​អ្នក​ខក​ចិត្ត ឬ​ក៏​អន់​ចិត្ត​ជា​មួយ​នឹង​ខ្លួន ដោយ​សារ​មិន​បាន​បំពេញ​ការ​ផែន​ការ​អាន ដូច​ជា​មាន​ការ​អាន​៤​ទៅ​៥​ជំពូក ក្នុង​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​ចប់​ព្រះ​គម្ពីរ​ទាំង​មូល​ក្នុង​មួយ​ឆ្នាំ។

ម្សិល​មិញ​នេះ ខ្ញុំ​បាន​អាន​កណ្ឌ​គម្ពីរ ទំនុកតម្កើង ជំពូក១ ខ២ «អ្នក​នោះ​ត្រេក​អរ​តែ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ»។ ខ​គម្ពីរ​នេះ​បាន​រម្លឹក​ឲ្យ​ខ្ញុំ​ស្រឡាញ់​ក្រឹត្យ​វិន័យ​របស់​ព្រះ។ ពី​មុនៗ ខ្ញុំ​ធ្លាប់​គិត​ថា ក្រឹត្យ​វិន័យ​គឺ​ជា​អ្វី​ដែល​អវិជ្ជមាន ពីព្រោះ​ជា​ច្បាប់​ដែល​យើង​ត្រូវ​ត្រាប់​តាម។ ប៉ុន្តែ ប្រសិន​បើ​យើង​គិត​ទៅ ក្រឹត្យ​វិន័យ​របស់​ព្រះ​ជាម្ចាស់​គឺ​ជា​អ្វី​ដែល​ល្អ​សម្រាប់​យើង​ទេ។ ឧទាហរណ៍៖ នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៣:២០ បាន​ប្រាប់​យើង​ថា ក្រឹត្យ​វិន័យ​គឺ «គ្រាន់​តែ​សម្ដែង​ឲ្យ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ» ដែល​នេះ​មាន​ន័យ​ថា យើង​ត្រូវ​ការ​ព្រះ​សង្គ្រោះ ពីព្រោះ​យើង​ជា​មនុស្ស​មាន​បាប។ ទោះ​បី​ខ្ញុំ​មិន​ចាំ​ខ​នានា​ក៏​ដោយ​ក៏​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​តែ​ត្រេក​អរ​តែ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។

ខ្ញុំ​ស្រឡាញ់​ព្រះ​គម្ពីរ​ណាស់ ហើយ​ខ្ញុំ​ក៏​ចូល​ចិត្ត​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដទៃ​អាន​ព្រះ​គម្ពីរ​ទាំង​មូល​ផង​ដែរ ជា​ពិសេស​ក្នុង​របៀប​ដែល​ងាយ​នឹង​អាច​បញ្ចប់​បាន។ ប្រសិន​បើ​យើង​មិន​អាន​ព្រះ​គម្ពីរ​ទាំង​មូល​ទេ នោះ​យើង​អាច​នឹង​មើល​រំលង​ចំណុច​គន្លឹះ​មួយ​ចំនួន​នៃ​លក្ខណ​សម្បត្តិ​របស់​ព្រះ​ជាម្ចាស់​ជា​មិន​ខាន។

សរុប​សេចក្ដី​ទៅ មិន​ថា​លោក​អ្នក​ជ្រើស​រើស​ប្រើ​ប្រាស់​ផែន​ការ​អាន​ព្រះ​គម្ពីរ​មួយ​ណា​ក៏​ដោយ​ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​លោក​អ្នក​ចង់​អាន​ព្រះ​គម្ពីរ។ ខ្ញុំ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ជួយ​លោក​អ្នក​មាន​កម្លាំង និង​ភាព​អត់​ធ្មត់​ក្នុង​ការ​អាន​ព្រះ​គម្ពីរ។

ខណៈ​ពេល​ដែល​លោក​អ្នក​ចាប់​ផ្ដើម​អាន​ព្រះ​គម្ពីរ​នៅ​ឆ្នាំ​ថ្មី​នេះ សូម​ប្រាកដ​ថា​ឲ្យ​ស្គាល់​ខ្លួន​ឯង ស្គាល់​ទំនោរ​របស់​ខ្លួន ប៉ុន្តែ​លើស​ពី​នោះ​ទៅ​ទៀត ត្រូវ​ស្គាល់​ថា​លោក​អ្នក​ត្រូវ​ការ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ខ្លាំង​ណាស់។

និពន្ធ​ដោយ៖ លោក​គ្រូ John Piper
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង និង​លោក ជួប ប៊ុនហាក់
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​បង្កើត​សិស្ស​គឺ​ជា​រឿង​ទូទៅ​ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ

ដំបូន្មាន​មួយ​ចំនួន​គួរ​យក​ទៅ​អនុវត្ត​សម្រាប់​គ្រីស្ទ​បរិស័ទ​ទើប​តែ​រៀប​ការ​​​ថ្មោង​ថ្មី