in ,

ជីវិត​អាពាហ៍ពិពាហ៍

កាល​យើង​ទាំង​ពីរ​នាក់​ទើប​តែ​បាន​រៀប​ការ​ថ្មីៗ ភរិយា​ខ្ញុំ ហើយ​និង​ខ្ញុំ​បាន​ឈ្លោះ​ប្រកែក​គ្នា​ច្រើន​ណាស់។ ភរិយា​ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​រំជើប​រំជួល ហើយ​ឆាប់​អាក់​អន់​ចិត្ត​ណាស់។ ខ្ញុំ​ក៏​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង​ដោយ​រាក់​ទាក់ ហើយ​ព្យាយាម​យល់​អារម្មណ៍​របស់​នាង​ដែរ។ យើង​មាន​ការ​ស្រែក​ឈ្លោះ​ប្រកែក​គ្នា​ស្ទើរ​តែ​រាល់​ថ្ងៃ​អំពី​រឿង​អ្វី​មួយ។

ជា​ធម្មតា ខ្ញុំ​តែង​តែ​ភ្ញាក់​ខ្លួន ហើយ​ទប់​អារម្មណ៍​របស់​ខ្ញុំ​សិន។ ហើយ​ខ្ញុំ​នឹង​រង់​ចាំ​ឲ្យ​ប្រពន្ធ​ខ្ញុំ​និយាយ​អ្វី​មួយ​ដែល​មិន​សម​ហេតុ​ផល​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​បាញ់​គាត់​ដូច​ជា​សត្វ​តោ​ចាប់​ចំណី​វា។ ជា​ធម្មតា នាង​តែង​តែ​ដើរ​ចេញ​ដោយ​មាន​កំហឹង។

ភ្លាមៗ​នោះ​ខ្ញុំ​ក៏​នឹង​ព្យាយាម​ផ្សះផ្សា​យ៉ាង​ឆាប់​រហ័ស​ដោយ​សារភាព​ចំពោះ​ចំណុច​មួយ ឬ​ពីរ​ដែល​ខ្ញុំ​បាន​ធ្វើ​ខុស។ «បង​ប្រហែល​ជា​បាន​តឹង​សរសៃ​ក​បន្តិច​ហើយ។» បន្ទាប់​មក ខ្ញុំ​នឹង​រាយ​ចុះ​បញ្ជី ៧-៨ ចំណុច​ផ្សេង​ទៀត​ដែល​នាង​បាន​ធ្វើ​ខុស។ «បង​បាន​ទទួល​កំហុស​បាប​ទាំង​ពីរ​របស់​បង។ ឥឡូវ អូន​ទទួល​កំហុស​បាប​របស់​ខ្លួន​ទៅ។ បន្ទាប់​មក យើង​អាច​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បន្ត​ដំណើរ​ជីវិត​ទៅ​មុខ​ទៀត។»

នាង​តែង​តែ​ឆ្លើយ​តប​ថា «អារម្មណ៍​របស់​ខ្ញុំ​មិន​មែន​ដូច​ជា​កុងតាក់​ភ្លើង​ទេ! ខ្ញុំ​មិន​អាច​អត់​ទោស​ភ្លាមៗ​បាន​ទេ!»

ខ្ញុំ​តែង​តែ​ឆ្លើយ​តប​ថា «បង​កំពុង​ព្យាយាម​មិន​ឲ្យ​ព្រះ​អាទិត្យ​លិច​ចុះ​ដោយ​យើង​នៅ​មាន​កំហឹង​ទេ។ តែ​អូន​នៅ​តែ​បន្ត​ធ្វើ​បាប»។

ដូច្នេះ យើង​ក៏​វិលវល់​ធ្លាក់​ចុះ​ក្រោម​ទៅ។

បាន​រៀប​ការ​ជា​មួយ​ផារិស៊ី​ម្នាក់

បន្ទាប់​ពី​បាន​ឈ្លោះ​គ្នា​អស់​រយៈ​ពេល​មួយ​ឆ្នាំ យើង​ទាំង​ពីរ​នាក់​ធុញទ្រាន់​នឹង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង។ យើង​ទាំង​ពីរ​នាក់​ក៏​បាន​ធ្លាប់​និយាយ​ថា «ខ្ញុំ​មិន​ជឿ​លើ​ការ​លែង​លះ​គ្នា​ទេ ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​បាន​ជឿ…»

នៅ​យប់​មួយ​នាង​បាន​និយាយ​ថា «មុន​ពេល​យើង​បាន​រៀប​ការ អូន​មាន​ទំនុក​ចិត្ត​ណាស់។ អូន​ចូល​ចិត្ត​ខ្លួន​ឯង ហើយ​គិត​ថា​មនុស្ស​ជា​ច្រើន​ក៏​ចូល​ចិត្ត​អូន​ដែរ។ បន្ទាប់​ពី​បាន​រៀប​ការ​ជា​មួយ​បង​បាន​មួយ​ឆ្នាំ អូន​មាន​អារម្មណ៍​ថា អូន​បាន​បាត់​បង់​ការ​គោរព​ខ្លួន​ឯង​ហើយ។

នោះ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ឃើញ​ថា ខ្លួន​ខ្ញុំ​ដូច​ជា​ផារិស៊ី​ម្នាក់ ក្នុង​ភាព​ជា​ប្តី។ ខ្ញុំ​មិន​បាន​លាង​សម្អាត​កូន​ក្រមុំ​របស់​ខ្ញុំ​ដោយ​ទឹក​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​វាយ​ប្រហារ​លើ​នាង​យ៉ាង​ខ្លាំង​ក្នុង​ភាព​ទន់​ខ្សោយ​របស់​នាង ដោយ​ប្រើ​ប្រាស់​ព្រះ​បន្ទូល​របស់​ទ្រង់​ដូច​ជា​ដាវ​ដ៏​មុត​នៃ​ភាព​យុត្តិធម៌។ ហើយ​ខ្ញុំ​ក៏​បាន​បន្ទាប​បន្ថោក​អំពើ​បាប​របស់​ខ្ញុំ ហើយ​បាន​ដោះ​សា​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ដែរ។

នៅ​ទី​បំផុត ខ្ញុំ​ក៏​បាន​យល់​អំពី​ចំណុច​មួយ​នៅ​យប់​នោះ។

ពាក្យ​សច្ចា​ថ្មី​របស់​ខ្ញុំ

នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បង្រៀន​យើង​ពី​របៀប​ស្រឡាញ់​គ្នា ទ្រង់​បាន​ប្រាប់​យើង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​អំពើ​បាប​នៅ​ក្នុង​ជីវិត​របស់​យើង​មុន​យើង​មើល​យ៉ាង​រហ័ស​លើ​អំពើ​បាប​របស់​អ្នក​ដទៃ ដើម្បី​ជួយ​អ្នក​ដទៃ​អំពី​អំពើ​បាប​របស់​ពួក​គេ។ ទ្រង់​បាន​មាន​បន្ទូល​ថា «ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់​ខ្លួន​ជា​មុន​សិន ទើប​អ្នក​នឹង​មើល​ឃើញ​ច្បាស់ ល្មម​នឹង​យក​កម្ទេច​ចេញ​ពី​ភ្នែក​បង​ប្អូន​របស់​អ្នក​បាន» (ម៉ាថាយ ៧:៥ គកស) ។ ទោះ​បើ​យើង​គិត​ថា ប្តី/ប្រពន្ធ​របស់​យើង​ខុស ៩៩% ហើយ​យើង​ខុស​តែ ១% ក៏​ដោយ ក៏​ដំបូង​យើង​គួរ​តែ​បង្វែរ​កម្លាំង និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ទៅ​លើ​អំពើ​បាប​របស់​ខ្លួន—ដែល​ជា​អំពើ​បាប​ដែល​នៅ​ជិត​យើង​បំផុត និង​ជា​អំពើ​បាប​ដែល​យើង​មាន​ទំនួល​ខុស​ត្រូវ​លើ។

ប្រសិន​បើ​ភរិយា​ខ្ញុំ និង​ខ្ញុំ​មាន​កម្ទេច​នៅ​ក្នុង​ភ្នែក​របស់​យើង នោះ​កម្ទេច​ក្នុង​ភ្នែក​របស់​ខ្ញុំ​នឹង​មើល​ទៅ​ធំ​ជាង​កម្ទេច​នៅ​ក្នុង​ភ្នែក​របស់​នាង ព្រោះ​វា​នៅ​ជិត​ខ្ញុំ។ ការ​មើល​រំលង​អំពើ​បាប​របស់​យើង​ផ្ទាល់ ដើម្បី​ផ្ដោត​លើ​អំពើ​បាប​របស់​នរណា​ម្នាក់​ទៀត​គឺ​ដូច​ជា​ការ​មាន​ឈើ​ទំហំ 2×4 ជាប់​នឹង​ត្របក​ភ្នែក​របស់​យើង​អញ្ចឹង។ យើង​ប្រៀប​ធៀប​អំពើ​បាប​របស់​យើង​ទៅ​នឹង​អ្នក​ដទៃ ដោយ​គិត​ថា ពួក​គេ​អាក្រក់​ខណៈ​ពេល​ដែល​យើង​មិន​សូវ​អាក្រក់។

ខ្ញុំ​ក៏​ដឹង​ថា ខ្លួន​ឯង​គួរ​ឲ្យ​អស់​សំណើច​ណាស់ ព្រោះ​ក្នុង​ការ​ចាប់​កម្ទេច​នៅ​ក្នុង​ភ្នែក​ភរិយា​ខ្ញុំ ខណៈ​ពេល​ដែល​ខ្ញុំ​មាន​ផ្ទាំង​ឈើ​លាន​ចេញ​ពី​មុខ​របស់​ខ្ញុំ។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​នាង​ថា «អ្វី​ដែល​បង​បាន​ធ្វើ​គឺ​គ្រាន់​តែ​រិះគន់ និង​ស្តី​បន្ទោស​អូន។ ដូច្នេះ សម្រាប់​ឆ្នាំ​ក្រោយ​នេះ​បង​សន្យា​ថា បង​នឹង​មិន​លើក​អំពើ​បាប ឬ​កំហុស​របស់​អូន​មក​និយាយ​ទៀត​ទេ។ ប្រសិន​បើ​អូន​សួរ​សំណួរ​មក​កាន់​បង នោះ​បង​នឹង​ឆ្លើយ​ដោយ​ស្មោះ​ត្រង់។ ប៉ុន្តែ បង​នឹង​ធ្វើ​ជា​អ្នក​ចាប់​ផ្តើម​និយាយ​ពី​អំពើ​បាប​ របស់​បង។ សម្រាប់​ពេល​នេះ រាល់​អំពើ​បាប​ណា​ដែល​បង​ឃើញ​នៅ​ក្នុង​អូន បង​នឹង​គ្រាន់​តែ​អធិស្ឋាន​ឲ្យ​ប៉ុណ្ណោះ»។

របៀប​ដែល​ព្រះ​ជាម្ចាស់​បន្ទាប​ខ្លួន​ស្វាមី

ខ្ញុំ​បាន​ធ្វើ​ការ​សន្យា​ជា​ច្រើន​ណាស់​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ក្បត់​ក្ដី​សន្យា​ច្រើន​ជាង​នោះ​ទៅ​ទៀត។ ប៉ុន្តែ ព្រះ​ជាម្ចាស់​បាន​ជួយ​ខ្ញុំ​រក្សា​ក្ដី​សន្យា​មួយ​នេះ។ ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ​តែង​តែ​ឈ្លោះ​ប្រកែក​គ្នា​ជា​ច្រើន​ដង។ ដរាប​ណា​ខ្ញុំ​ដឹង​ខ្លួន​ឯង​ទាន់ នោះ​ខ្ញុំ​នឹង​បិទ​មាត់ ហើយ​ស្តាប់​នាង។ ខ្ញុំ​មិន​បាន​វាយ​ប្រហារ​នាង​ទៀត​ទេ។ ខ្ញុំ​នឹង​ផ្ដោត​លើ​ការ​ទទួល​យក​ការ​កែ​តម្រូវ​ពី​នាង​វិញ។

វា​ពិត​ជា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ។ ជា​រឿយៗ ខ្ញុំ​ស្ទើរ​តែ​ពុះ​ចង់​ផ្ទុះ​នៅ​ខាង​ក្នុង។ ប៉ុន្តែ នៅ​ពេល​ការ​សន្ទនា​ចប់ នោះ​ខ្ញុំ​ក៏​ទៅ​អធិស្ឋាន។ ខ្ញុំ​តែង​តែ​ចាប់​ផ្តើម​ដោយ​ត្អូញត្អែរ ដោយ​ប្រាប់​ព្រះ​ជាម្ចាស់​ពី​របៀប​ដែល​ទ្រង់​ត្រូវ​ផ្លាស់​ប្តូរ​នាង។ ប៉ុន្តែ នៅ​ទី​បំផុត​ខ្ញុំ​ក៏​សារភាព​អំពើ​បាប​របស់​ខ្ញុំ​ចំពោះ​ទ្រង់។ យូរៗ​ទៅ ខ្ញុំ​ក៏​ចាប់​ផ្តើម​បន្ទន់​ខ្លួន មាន​ការ​បែក​បាក់ និង​បន្ទាប​ខ្លួន​ដោយ​សារ​ព្រះ​ជាម្ចាស់​អត់​ទោស​ឲ្យ​ខ្ញុំ​ជានិច្ច។ សេចក្ដី​មេត្តា​ករុណា​ដ៏​ជ្រាលជ្រៅ​របស់​ព្រះ​គ្រីស្ទ ដែល​ហូរ​ចេញ​ពី​ឈើ​ឆ្កាង​មក​កាន់ ​ខ្ញុំ​បាន​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្ញុំ​ក្នុង​នាម​ជា​ប្ដី។

វា​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ស្តាប់​ប្រពន្ធ​ខ្ញុំ ងាយ​នឹង​មាន​មេត្តាធម៌ ហើយ​ងាយ​នឹង​សារភាព​កំហុស​របស់​ខ្ញុំ​ដែរ។ បន្ទាប់​ពី​បាន​បង្ហាញ​គំរូ​បែប​នេះ​អស់​ជា​ច្រើន​អាទិត្យ​រួច​មក នាង​បាន​ស្តី​បន្ទោស​ខ្ញុំ​នៅ​ថ្ងៃ​មួយ។ ខ្ញុំ​ក៏​បាន​សារ​ភាព​ភ្លាមៗ​ថា អូន​និយាយ​ត្រូវ​ហើយ។ នាង​ក៏​បាន​ឈប់​ក្នុង​ពាក់​កណ្តាល​ប្រយោគ ហើយ​និយាយ​ថា «បង​ដឹង​ទេ នេះ​មិន​មែន​ជា​កំហុស​របស់​បង​ទាំង​ស្រុង​ទេ។ អូន​ក៏​បាន​ធ្វើ​បាប​ដែរ»។

ការ​ឆាប់​ប្រែ​ចិត្ត

យើង​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ​ដោយ​មាន​ការ​ប្រឹក្សា​យោបល់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​យើង។ ប៉ុន្តែ កត្តា​សំខាន់​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង​បាន​ផ្លាស់​ប្តូរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នោះ។ សម្រាប់​ឆ្នាំ​ដំបូង យើង​មាន​ការ​ប្រញាប់​ណាស់​ក្នុង​ការ​ការពារ​ខ្លួន និង​វាយ​ប្រហារ​គ្នា។ យើង​ចង់​រក​បាន​ពិន្ទុ​ច្រើន​បំផុត​ដោយ​ដាក់​ការ​ស្តី​បន្ទោស​ល្អ​បំផុត​លើ​គ្នា។ យើង​ចង់​យក​ឈ្នះ​លើ​ការ​ប្រកែក​គ្នា។

ឥឡូវ អស់​រយៈពេល ១៥ ឆ្នាំ​ចុង​ក្រោយ​នេះ យើង​តែង​តែ​ប្រញាប់​ដោយ​មើល​ថា តើ​អ្នក​ណា​នឹង​ប្រែ​ចិត្ត​មុន​គេ។ ជា​ជាង​ប្រញាប់​ប្រញាល់​ទៅ​រក​មើល​កម្ទេច​នៅ​ក្នុង​ភ្នែក​របស់​គ្នា យើង​បាន​ព្យាយាម​ផ្ដោត​លើ​ផ្ទាំង​ឈើ​នៅ​ក្នុង​ភ្នែក​យើង​ជា​មុន​សិន។ នៅ​ក្នុង​ដំណើរ​ការ​នេះ យើង​ក៏​កាន់​តែ​មាន​ចិត្ត​រាបទាប ពីព្រោះ​យើង​ដឹង​ខ្លួន​កាន់​តែ​ច្បាស់​ពី​ការ​បែក​បាក់​របស់​យើង​ផ្ទាល់ ហើយ​និង​ពី​តម្រូវ​ការ​ព្រះ​គុណ​នៅ​ក្នុង​ជីវិត​របស់​យើង​ផង​ដែរ។ យើង​កាន់​តែ​មាន​ចិត្ត​សន្ដោស​ប្រណី​ចំពោះ​គ្នា ពីព្រោះ​យើង​ដឹង​កាន់​តែ​ច្បាស់​ថា ព្រះ​គ្រីស្ទ​អត់​ទោស​ឲ្យ​យើង​ច្រើន​ប៉ុណ្ណា។ យើង​កាន់​តែ​ទន់​ភ្លន់​ជាង​មុន ពីព្រោះ​យើង​ដឹង​ថា​វា​ទន់​ភ្លន់​យ៉ាង​ណា​ក្នុង​ការ​ដក់​អំពើ​បាប​ចេញ​ពី​ភ្នែក​របស់​យើង​ផ្ទាល់។

ព្រះ​ជាម្ចាស់​បាន​ជួយ​សង្គ្រោះ​ជីវិត​អាពាហ៍ពិពាហ៍​របស់ខ្ញុំ មិន​មែន​ដោយ​ដោះ​ស្រាយ​បញ្ហា​ប្រពន្ធ​ខ្ញុំ​ទេ តែ​ដោយ​ជួយ​ខ្ញុំ​ឲ្យ​ឃើញ​អំពើ​បាប​ខ្លួន​ឯង និង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ខ្ញុំ​ក្នុង​ចំណុច​ដែល​ខ្ញុំ​ខុស។ បន្ទាប់​ពី​ការ​សុំទោស​គ្នា​ជា​ច្រើន​ឆ្នាំ បង្ហាញ​ព្រះ​គុណ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​រៀន​សូត្រ ហើយ​ឥឡូវ​នេះ​យើង​ងាយ​នឹង​ប្រែ​ចិត្ត និង​អត់​ទោស​គ្នា​ជា​ជាង​ការ​ឈ្លោះ​ប្រកែក​គ្នា។

និពន្ធ​ដោយ៖ លោក​គ្រូ Olan Stubbs
បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក​ស្រី ឡូញ ស្រីរដ្ឋ
ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សេចក្តី​ស្រឡាញ់

រំពឹងឲ្យលោកីយ៍ដែលឆ្កាងព្រះអម្ចាស់