in , , , , ,

របៀប​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ដែល​មិន​ជឿ

ការ​រៀន​អំពី​របៀប​ផ្សាយ​ដំណឹង​ល្អ​ទៅ​កាន់​ពួក​អ្នក​ដែល​មិន​ជឿ មិន​ពិបាក​ដូច​អ្វី​ដែល​លោក​អ្នក​ធ្លាប់​គិត​នោះ​ទេ។ លោក​អ្នក​មិន​ចាំបាច់​មាន​សញ្ញាបត្រ​សាលា​ព្រះ​គម្ពីរ ចេះ​ភាសា​ក្រិក ឬ​ភាសា​ហេព្រើរ និង​ចេះ​ព្រះ​គម្ពីរ​ឆ្អិន (ទោះ​បើ​តាម​ពិត​ទៅ អ្វី​ដែល​បាន​រៀបរាប់​ខាង​ដើម បើ​ចេះ​នោះ​ក៏​កាន់​តែ​ប្រសើរ)។ លោក​អ្នក​គ្រាន់​តែ​ត្រូវ​មាន​ចិត្ត​ប្រុង​ប្រៀប​ធ្វើ មាន​ចិត្ត​ក្លាហាន និង​មាន​បំណង​ចិត្ត​ចង់​និយាយ​សេចក្តី​ពិត​ទៅ​កាន់​ពួក​អ្នក​ដែល​ដាច់​ចេញ​ពី​ព្រះ​ជាម្ចាស់ នោះ​ទៅ​បាន​ហើយ។ បើ​អញ្ចឹង​មែន តើ​លោក​អ្នក​ត្រូវ​ធ្វើ​វា​ដោយ​របៀប​ណា​បាន?

 

តើ​ពាក្យ «ដំណឹង​ល្អ» មាន​ន័យ​ដូច​ម្តេច?
ពាក្យ​ថា​ដំណឹង​ល្អ​ក្នុង​ភាសា​ក្រិក​គឺ «យូអឹនហ្គេលីអន» (euangelion)។ ហើយ​បើ​យោង​តាម​វចនានុក្រម ប៊ី.ឌី.អេ.ជី. (BDAG) គេ​ឲ្យ​អត្ថន័យ​សំខាន់​ពីរ​គឺ៖

១. ដំណឹង​ល្អ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​មនុស្ស ជា​ដំណឹង​ល្អ​សម្រាប់​ការ​ប្រកាស​ប្រាប់។
២. ព័ត៌មាន​លម្អិត​អំពី​ជីវិត និង​ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ ជា​ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ។

ដំណឹង​ល្អ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ដំណឹង​អាក្រក់។ ដំណឹង​អាក្រក់​គឺ​ថា​មនុស្ស​បាន​កើត​មក ដោយ​ជាប់​មាន​អំពើ​បាប​តាំង​ពី​កំណើត និង​ដោយ​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ដែរ។ ជា​លទ្ធផល យើង​ស័ក្ដិសម​នឹង​ទទួល​ការ​ដាក់​ទោស​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​ជាម្ចាស់​ដែល​មាន​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ ចំពោះ​រាស្ដ្រ​របស់​ផង​ទ្រង់ ព្រះ​អង្គ​បាន​រៀប​ចំ​ផ្លូវ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ជា​នា​នឹង​ទ្រង់​វិញ តាម​រយៈ​ព្រះយេស៊ូវ​ដ៏​ជា​ព្រះ​រាជបុត្រា​របស់​ទ្រង់ ដែល​បាន​រស់​នៅ​ក្នុង​ជីវិត​ដ៏​គ្រប់​លក្ខណ៍ បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ជំនួស​យើង និង​អំពើ​បាប​របស់​យើង ហើយ​ក៏​បាន​រស់​ពី​សុគត​ឡើង​វិញ​ផង​ដែរ។ ប្រសិន​បើ​លោក​អ្នក​បែរ​ចេញ​ពី​អំពើ​បាប​របស់​លោក​អ្នក ហើយ​ដាក់​សេចក្តី​ជំនឿ​របស់​លោក​អ្នក​នៅ​លើ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដោយ​ទទួល​ទ្រង់​ទុក​ជា​ព្រះ​អម្ចាស់ និង​ជា​ព្រះ​អង្គ​សង្គ្រោះ នោះ​ព្រះ​ជាម្ចាស់​ក៏​នឹង​ដក​អស់​ទាំង​អំពើ​បាប​របស់​លោក​អ្នក​ចេញ ដោយ​ប្រទាន​នូវ​សេចក្តី​សុចរិត​របស់​ព្រះ​គ្រីស្ទ​ដល់​លោក​អ្នក ហើយ​ជា​លទ្ធផល​លោក​អ្នក​នឹង​បាន​ជា​នា​ជា​មួយ​ព្រះ​ជាម្ចាស់​ជា​រៀង​រហូត។ ការ​ជា​នា​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​គឺ​ជា​ដំណឹង​ល្អ​ដ៏​ពិត។

ការ​រៀប​រាប់​ខាង​លើ​នេះ​គឺ​ជា​សេចក្តី​សង្ខេប​អំពី​ដំណឹង​ល្អ ដែល​មាន​ចែង​យ៉ាង​ខ្លី​បំផុត​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១៥:១-៤។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​នៅ​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​ដំណឹង​ល្អ​នេះ​ដែរ ដែល​ជា​ទូទៅ​គេ​ហៅ​ថា ការ​តាម​ដាន​ដំណើរ​រឿង​ធំៗ (metanarrative) នៃ​ព្រះ​គម្ពីរ។

ការ​តាម​ដាន​ដំណើរ​រឿង​ធំៗ​នៃ​ព្រះ​គម្ពីរ
វិធី​សាស្ត្រ​មួយ​ដែល​គេ​ប្រើ​ប្រាស់​ជា​ទូទៅ ដើម្បី​ប្រកាស​ដំណឹង​ល្អ​ទៅ​កាន់​អ្នក​ដែល​មិន​ជឿ ដែល​គេ​ហៅ​ថា ការ​តាម​ដាន​ដំណើរ​រឿង​ធំៗ​នៃ​ព្រះ​គម្ពីរ។ នេះ​មាន​ន័យ​ថា ជា​ការ​តាម​ដាន​ដំណើរ​រឿង​ធំៗ​ក្នុង​ព្រះ​គម្ពីរ ចាប់​តាំង​ពី​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ រហូត​ដល់​កណ្ឌ​គម្ពីរ​វិវរណៈ។ ជា​ទូទៅ ដំណើរ​រឿង​ធំៗ​ទាំង​នោះ​ស្ថិត​ក្រោម​ប្រធាន​បទ​ដូច​ជា៖ ការ​បង្កើត ការ​ធ្លាក់​ចុះ​ក្នុង​អំពើ​បាប ការ​ប្រោស​លោះ និង​ការ​ស្ដារ​ឡើង​វិញ។

ការបង្កើត
ដំណឹង​ល្អ​មិន​មែន​ចាប់​ផ្ដើម​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នោះ​ទេ តែ​បាន​ចាប់​ផ្ដើម​តាំង​ពី​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​មក​ម្ល៉េះ។

នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដំបូង​នៃ​ព្រះ​គម្ពីរ យើង​បាន​ដឹង​ថា ព្រះ​ជាម្ចាស់​បាន​បង្កើត​ពិភពលោក​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ។ មនុស្ស​ពីរ​នាក់​ដំបូង​គឺ​លោក អ័ដាម និង​នាង អេវ៉ា។ ពួក​គាត់​បាន​រស់​នៅ​យ៉ាង​សុខសាន្ត​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់។ ព្រះ​ជាម្ចាស់​បាន​ដាក់​ពួក​គាត់​នៅ​ក្នុង​សួន​ដ៏​ស្រស់​បំព្រង​មួយ​ឈ្មោះ​ថា​សួនច្បារ​អេដែន ដើម្បី​ឲ្យ​ពួក​គាត់​មើល​ថែ។ បើ​និយាយ​ឲ្យ​ចំ​ទៅ ពួក​គាត់​មាន​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ។

ព្រះ​ជាម្ចាស់​បាន​ដាក់​ច្បាប់​ដ៏​សម​ហេតុ​សម​ផល​មួយ​ដល់​លោក អ័ដាម និង​នាង អេវ៉ា ដើម្បី​ឲ្យ​ពួក​គាត់​ធ្វើ​តាម ប៉ុន្តែ​ក៏​មាន​ការ​ហាម​ឃាត់​មួយ​ដែរ៖ «…ឯង​នឹង​ស៊ី​ផ្លែ​ទាំង​អស់​ក្នុង​សួនច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន» (លោកុប្បត្ដិ ២:១៦-១៧) ។ អ្វី​ដែល​បាន​កើត​ឡើង​ជា​បន្ទាប់​គឺ​គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ហើយ​ក៏​បាន​ផ្លាស់​ប្ដូរ​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​ទាំង​ស្រុង។

ការ​បះបោរ
សត្វ​ពស់ ជា​វិញ្ញាណ​អាក្រក់ និង​ជា​អារក្ស​បាន​ចូល​ទៅ​សួរ​នាង អេវ៉ា៖ «…តើ​ព្រះ​មាន​ព្រះ​បន្ទូល ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួនច្បារ​មែន​ឬ?» (លោកុប្បត្ដិ ៣:១)។ នាង អេវ៉ា បាន​ឆ្លើយ​ឆ្លង​ជា​មួយ​នឹង​អារក្ស ខណៈ​ពេល​ដែល​លោក អ័ដាម ឈរ​ក្បែរ​ដោយ​មិន​រវីរវល់។ នាង អេវ៉ា បាន​ប្រាប់​សត្រូវ​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រាប់​គាត់​មែន។ ប៉ុន្តែ សត្វ​ពស់​នោះ​បាន​តប​ថា «អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ។ ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង។ កាល​ស្ត្រី​បាន​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ជា​ដើម​ដែល​ល្មម​គួរ​នឹង​ចង់​បាន ដើម្បី​ឲ្យ​បាន​ប្រាជ្ញា នោះ​នាង​ក៏​យក​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ដល់​ប្តី​ដែរ គាត់​ក៏​បរិភោគ​តាម» (លោកុប្បត្ដិ ៣:៤-៦)

ពេល​ដែល​លោក អ័ដាម និង​នាង អេវ៉ា មិន​ស្តាប់​តាម​បញ្ញត្តិ​របស់​ព្រះ​ជាម្ចាស់ នោះ​អំពើ​បាប​ក៏​បាន​ចូល​មក​ក្នុង​ពិភព​លោក​នេះ ក្នុង​សួនច្បារ​អេដែន។ ទេវវិទូ​ហៅ​ការ​នេះ​ថា​ជា​ការ​ធ្លាក់​ចុះ​ក្នុង​អំពើ​បាប។ លោក អ័ដាម និង​នាង អេវ៉ា ជា​ឪពុកម្ដាយ​ដំបូង​របស់​យើង ពួក​គាត់​គឺ​ជា​អ្នក​តំណាង​ឲ្យ​យើង ក្នុង​សួនច្បារ អេដែន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពិន្ទុ​ដែល​ពួក​គាត់​បាន​ទទួល នោះ​យើង​ក៏​ទទួល​បាន​ដូច​គ្នា​ដែរ។ ពួក​គាត់​បាន​ធ្លាក់—ពោល​គឺ​ការ​ធ្លាក់​នោះ​ក៏​ធ្លាក់​មក​លើ​យើង​ផង​ដែរ។ នេះ​ជា​អ្វី​ដែល​សាវ័ក ប៉ុល បាន​បង្រៀន​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៥:១២៖ « ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ ដោយសារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្តី​ស្លាប់​ចូល​មក​ដែរ ដោយសារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​បាន​ឆ្លង​រាលដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ»។ ជា​លទ្ធផល យើង​ទាំង​អស់​គ្នា​បាន​កើត​មក​ជា​មនុស្ស​មាន​បាប​ពី​កំណើត និង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ស្ម័គ្រ​ចិត្ត លើក​លែង​តែ​បុគ្គល​ម្នាក់។ ហើយ​ទោះ​បី​ជា​រឿង​នេះ​ជា​ទូទៅ​គេ​ហៅ​ថា​ជា​គោលលទ្ធិ​នៃ «ការ​ធ្លាក់​ចុះ​ក្នុង​អំពើ​បាប» ក៏​ដោយ​ក៏​ខ្ញុំ​យល់​ស្រប​ជា​មួយ​នឹង​លោក​បណ្ឌិត ម៉ៃគិល ឌី វីលៀម (Michael D. Williams) ដែល​ជា​សាស្ត្រាចារ្យ​ម្នាក់​ដែល​បង្រៀន​ព្រះ​គម្ពីរ​ជា​ប្រព័ន្ធ (systemic professor) នៅ​សាលា​ព្រះ​គម្ពីរ​ថា គាត់​ចូល​ចិត្ត​ពាក្យ «ការ​បះបោរ» ជាង។ មូល​ហេតុ​ដ៏​សាមញ្ញ​គឺ​ថា៖ លោក អ័ដាម និង​នាង អេវ៉ា មិន​បាន​ធ្លាក់​ចុះ​ក្នុង​អំពើ​បាប​នៅ​ឯ​សួនច្បារ​អេដែន​នោះ​ទេ ប៉ុន្តែ​លើស​ពី​នោះ​ពួក​គាត់​ក៏​បាន​ជ្រើស​រើស​បះបោរ​ដោយ​ស្ម័គ្រ​ចិត្ត​ទៀត​ផង។

នៅ​ក្នុង​សៀវភៅ ការ​សិក្សា​ទេវវិទ្យា​ព្រះ​បែប​ប្រព័ន្ធ (Systematic Theology) លោក វេន ហ្គ្រុដឹម (Wayne Grudem) បាន​ឲ្យ​និយម​ន័យ​អំពើ​បាប​ដូច​តទៅ៖ «អំពើ​បាប​គឺ​ជា​ការ​បរាជ័យ​ទាំង​ឡាយ​ណា​ដែល​ផ្ទុយ​ពី​ច្បាប់​សីលធម៌​របស់​ព្រះ​ជាម្ចាស់ ដោយ​សកម្មភាព ដោយ​អាកប្បកិរិយា ឬ​ដោយ​និស្ស័យ។» ដោយ​សកម្មភាព៖ ការ​លួច ការ​កុហក និង​ការ​សម្លាប់។ល។ ដោយ​អាកប្ប​កិរិយា៖ កំហឹង​មិន​សុចរិត ភាព ត្រេកត្រអាល ការ​ច្រណែន និង​ភាព​អាត្មា​និយម ។ ដោយ​និស្ស័យ៖ សាច់​ឈាម​ដែល​មាន​អំពើ​បាប​ជា​មរតក​របស់​យើង។ ទេវវិទូ​ក៏​បាន​លើក​ឡើង​អំពី​អំពើ​បាប​នៃ​ការ​ប្រព្រឹត្ត (កំហុស​ដែល​លោក​អ្នក​បាន​ប្រព្រឹត្ត) និង​អំពើ​បាប​នៃ​ការ​ភ្លេច​ធ្វើ​ការ​ល្អ​ផង​ដែរ (កិច្ចការ​ដែល​លោក​អ្នក​គួរ​ធ្វើ តែ​លោក​អ្នក​មិន​ព្រម​ធ្វើ)។ ដូច្នេះ អំពើ​បាប​មិន​មែន​គ្រាន់​តែ​ជា​អំពើ​ខុស​ឆ្គង​ដែល​លោក​អ្នក​បាន​ធ្វើ​នោះ​ទេ តែ​ក៏​រួម​ទាំង​អំពើ​ល្អ​ដែល​លោក​អ្នក​គួរ​ធ្វើ ហើយ​លោក​អ្នក​មិន​ព្រម​ធ្វើ នោះ​ក៏​ជា​អំពើ​បាប​ដែរ។ លោក ម៉ធិន លូសើរ (Martin Luther) បាន​និយាយ​ថា លោក​អ្នក​មិន​ត្រឹម​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​លោក​អ្នក​និយាយ​ប៉ុណ្ណោះ​នោះ​ទេ តែ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​លោក​អ្នក​មិន​បាន​និយាយ​ដែរ។ ដូច​ជា​អ្វី​ដែល​ប្អូន​ប្រុស​របស់​ព្រះ​យេស៊ូវ​គឺ​សាវ័ក យ៉ាកុប បាន​រម្លឹក​យើង​ដែរ​ថា «ដូច្នេះ ឯ​អ្នក​ណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នក​នោះ​វិញ» (យ៉ាកុប ៤:១៧)។ អំពើ​បាប​គឺ​សាហាវ និង​ស្មុគស្មាញ​ជាង​អ្វី​ដែល​យើង​ធ្លាប់​គិត​ទៅ​ទៀត។

ដោយ​ខ្ចី ហើយ​សាង​លើ​ស្នាដៃ​របស់​លោក អហ្គឺស្ទីន (Augustine) ដែល​គាត់​សំដៅ​លើ​អំពើ​បាប​ថា​ការ​មិន​ដាក់​សេចក្តី​ស្រឡាញ់​តាម​លំដាប់​លំដោយ នោះ​លោក ធីម ឃែលើរ៍ (Tim Keller) បាន​មាន​ប្រសាសន៍​ថា អំពើ​បាប​គឺ​ជា​អ្វី​ដែល​កំពុង​តែ​កសាង​ជីវិត​របស់​លោកអ្នក​លើ ក្រៅ​ពី​ព្រះ​ជាម្ចាស់។ វា​គឺ​ជា​ការ​ស្រឡាញ់​អ្វី​ម្យ៉ាង​ផ្សេង​ទៀត​ជា​ជាង​ព្រះ​ជាម្ចាស់។ លោក ឃែលើរ៍ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា «…ប្រសិន​បើ​យើង​ស្រឡាញ់​កេរ្តិ៍ឈ្មោះ​របស់​យើង​ជាជាង​សេចក្តី​ពិត នោះ​យើង​នឹង​ទំនង​ជា​កុហក​ហើយ។ ឬ​ក៏​ប្រសិន​បើ​យើង​ស្រឡាញ់​លុយ​កាក់​ជា​ជាង​គ្រួសារ​របស់​យើង នោះ​យើង​នឹង​មិន​សូវ​ខ្វល់ខ្វាយ​អំពី​កូន​ចៅ​របស់​យើង​ជា​មិន​ខាន ដោយ​សារ​យើង​ចង់​ឡើង​ឋានៈ​នៅ​កន្លែង​ធ្វើ​ការ។ ការ​មិន​ដាក់​សេចក្តី​ស្រឡាញ់​តាម​លំដាប់​លំដោយ​នឹង​តែង​តែ​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​បាក់​បែក។ មាន​មធ្យោបាយ​តែ​មួយ​គត់ ដើម្បី «ដាក់​សេចក្តី​ស្រឡាញ់​តាម​លំដាប់​លំដោយ» គឺ​យើង​ត្រូវ​តែ​ស្រឡាញ់​ព្រះ​ជាម្ចាស់​ខ្ពស់​ជាង​អ្វីៗ​បំផុត»។ នេះ​មិន​មែន​មាន​ន័យ​ថា យើង​ស្រឡាញ់​អ្វី​ផ្សេង​ទៀត​តិច​តួច​នោះ​ទេ ខណៈ​ពេល​ដែល​យើង​ស្រឡាញ់​ព្រះ​ជាម្ចាស់​លើស​អ្វីៗ​ទាំង​អស់។ ប៉ុន្តែ ជា​ញឹក​ញាប់ យើង​មិន​បាន​ធ្វើ​ដូច​នោះ​ទេ។

ហើយ​តើ​អំពើ​បាប​នេះ​ចាប់​ផ្ដើម​ពី​ពេល​ណា? វា​បាន​ចាប់​ផ្ដើម​តាំង​ពី​កំណើត​មក​ម្ល៉េះ។ ឧទាហរណ៍​ស្ដេច ដាវីឌ បាន​មាន​បន្ទូល​ថា «មើល ទូលបង្គំ​បាន​កើត​មក​ក្នុង​សេចក្តី​ទុច្ចរិត ហើយ​ម្តាយ​ទូលបង្គំ​បាន​មាន​ទំងន់ បង្កើត​ទូលបង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ» (ទំនុកដំកើង ៥១:៥)។ លោក​អ្នក​មិន​ចាំ​បាច់​បង្រៀន​កូនៗ​របស់​លោក​អ្នក​ឲ្យ​ចេះ​ធ្វើ​បាប​នោះ​ទេ ពួក​គេ​ចេះ​ធ្វើ​វា​រួច​ស្រេច​ទៅ​ហើយ។

យើង​រាល់​គ្នា​មិន​ត្រឹម​តែ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា និង​ដោយ​ស្ម័គ្រចិត្ត​ជា​ប្រចាំ​ប៉ុណ្ណោះ​ទេ គឺ​និស្ស័យ​របស់​យើង​ក៏​ពុក​រលួយ​ហើយ​ដែរ (អេភេសូរ ២:១-៣)។ លើស​ពី​នេះ នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក៣ សាវ័ក ប៉ុល បាន​សរសេរ​ថា គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង ហើយ​ក៏​គ្មាន​អ្នក​ណា​ស្វែង​រក​ព្រះ​ជាម្ចាស់​ដែរ (រ៉ូម ៣:១១) ។ ដាច់​ដោយ​ឡែក​ពី​ព្រះ​ជាម្ចាស់ គឺ​មនុស្ស​ជាតិ​បាន​ខូច​អាក្រក់​ទាំង​ស្រុង។ យើង​មិន​មាន​សមត្ថភាព​ក្នុង​ការ​ជ្រើស​រើស​ព្រះ​ជាម្ចាស់ ឬ​ក៏​ធ្វើ​អំពើ​ល្អ​ដោយ​ដាច់​ចេញ​ពី​ព្រះ​គុណ​របស់​ទ្រង់​បាន​ដែរ។

បើ​និយាយ​អញ្ចឹង តើ​អំពើ​បាប​បង្ក​បញ្ហា​អ្វី​ខ្លះ? ច្រើន​ណាស់។ បញ្ហា​ដ៏​ធំ​មួយ​គឺ​អំពើ​បាប​របស់​យើង​ទាក់​ទង​ទៅ​នឹង​ភាព​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់។ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា បញ្ហា​ដ៏​ធំ​បំផុត​របស់​មនុស្ស​ជាតិ​គឺ​មិន​មែន​ជា​ការ​ទុក​ចិត្ត​លើ​ខ្លួន​ឯង ឋានៈ​នៅ​ក្នុង​សង្គម ឬ​សុខភាព​ផ្ទាល់​ខ្លួន​នោះ​ទេ តែ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែល​ខ្វះ​មិន​ដល់​ភាព​បរិសុទ្ធ​របស់​ព្រះ​វិញ។ ភាព​បរិសុទ្ធ​មាន​ន័យ​ថា​ការ​នៅ​ដាច់​ដោយ​ឡែក។ ព្រះ​ជាម្ចាស់​បរិសុទ្ធ ហើយ​ទ្រង់​ស្អប់​អំពើ​បាប​ខ្លាំង​ណាស់។ ដោយ​សារ​តែ​ពិរុទ្ធភាព​របស់​យើង និង​សេចក្តី​ពុក​រលួយ​ដែល​ខ្វះ​មិន​ដល់​ភាព​បរិសុទ្ធ​របស់​ព្រះ នោះ​ទើប​ព្រះ​គម្ពីរ​បាន​បង្រៀន​អំពី​អំពើ​បាប​ថា​សម​នឹង​ទទួល​ការ​ដាក់​ទោស​ដ៏​យុត្តិធម៌ និង​នៅ​អស់​កល្ប​ជានិច្ច។ ព្រះ​ជាម្ចាស់​ជា​តួ​នៃ​សេចក្តី​ស្រឡាញ់ ប៉ុន្តែ​ទ្រង់​ក៏​ជា​ព្រះ​នៃ​សេចក្ដី​ក្រោធ​ដែរ ហើយ​ព្រះ​អង្គ​ត្រូវ​តែ​ដាក់​ទោស​លើ​រាល់​អំពើ​បាប ដើម្បី​ឲ្យ​ស្រប​តាម​និស្ស័យ​របស់​ទ្រង់។ ការ​មិន​អើពើ​លើ​អំពើ​បាប​នឹង​ធ្វើ​ឲ្យ​ខូច​លក្ខណសម្បត្តិ​របស់​ទ្រង់។

បើ​តាម​តែ​សមត្ថភាព​ខ្លួន​ឯង នោះ​យើង​នឹង​ត្រូវ​វិនាស​ដោយ​សេចក្ដី​ក្រោធ​ដ៏​អស់​កល្ប​របស់​ព្រះ​ជាម្ចាស់​ជា​មិន​ខាន។ ដូច្នេះ​ហើយ​ទើប​មនុស្ស​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​ត្រូវ​ការ​ព្រះ​អង្គ​សង្គ្រោះ។

ចូរ​អរ​គុណ​ដល់​ព្រះ​ជាម្ចាស់ ព្រោះ​ទ្រង់​មិន​បាន​ទុក​ឲ្យ​រាស្ដ្រ​របស់​ទ្រង់​នៅ​តែលតោល តែ​ផ្ទុយ​ទៅ​វិញ​ទ្រង់​បាន​ផ្ដល់​នូវ​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​អំពើ​បាប​មួយ​នេះ។

ការ​ប្រោស​លោះ
ជា​ញឹក​ញាប់ គេ​តែង​តែ​ហៅ​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣:១៥ ថា «ផ្រថូអ៊ីវ៉ានជីលីអឹម» (Protoevangelium) ដែល​មាន​ន័យ​ថា​ជា​ការ​ប្រកាស​ដំណឹង​ល្អ​លើក​ដំបូង៖ «អញ​នឹង​ធ្វើ​ឲ្យ​ឯង ហើយ​និង​ស្ត្រី គឺ​ទាំង​ពូជ​ឯង និង​ពូជ​នាង​មាន​សេចក្តី​ខ្មាំង​នឹង​គ្នា ពូជ​នាង​នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែងជើង​គេ»។

ត្រង់​ចំណុច​នេះ បន្ទាប់​ពី​ការ​បះបោរ​របស់​លោក អ័ដាម និង​នាង អេវ៉ា ក្នុង​សួនច្បារ​អេដែន ភ្លាម​នោះ​ព្រះ​ជាម្ចាស់​ក៏​បាន​សន្យា​អំពី​ការ​យក​ឈ្នះ​លើ​ខ្មាំង​សត្រូវ​របស់​ទ្រង់។ ដោយ​លើក​ឡើង​ក្នុង​របៀប​មួយ​ទៀត ខ​គម្ពីរ​នេះ​កំពុង​តែ​ចង្អុល​ប្រាប់​អំពី​ការ​យក​ឈ្នះ​លើ​សាតាំង តាម​រយៈ​ព្រះ​យេស៊ូវ។ មិន​ថា​អំពី​បាប​ជា​ការ​ពិត និង​ធ្ងន់ធ្ងរ​ប៉ុណ្ណា ព្រះ​ជាម្ចាស់​បាន​ផ្តល់​នូវ​ដំណោះ​ស្រាយ​មួយ​រួច​ហើយ។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​បាន​យាង​មក​ភ្លាមៗ​នោះ​ទេ។ ពេល​វេលា​របស់​ព្រះ​ជាម្ចាស់ និង​ពេល​វេលា​របស់​យើង​គឺ​មិន​ដូច​គ្នា​ឡើយ។

ពេញ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ រាស្ដ្រ​របស់​ទ្រង់​អាច​រស់​នៅ​ជា​មួយ​នឹង​សេចក្តី​សន្យា​នេះ​បាន—ពោល​គឺ​ថា​នឹង​មាន​ថ្ងៃ​ណា​មួយ ព្រះ​មែស្ស៊ី (ដែល​មាន​ន័យ​ថា «ព្រះ​អង្គ​សង្គ្រោះ») នឹង​យាង​មក ដើម្បី​រំដោះ​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​រួច​ពី​អំពើ​បាប​របស់​ពួក​គេ។ ប៉ុន្តែ ពួក​គេ​ត្រូវ​រង់ចាំ​ដោយ​អត់ធ្មត់​រាប់​រយ​ឆ្នាំ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​រហោស្ថាន ហើយ​ត្រូវ​ស្តាប់​ការ​បង្រៀន​របស់​ហោរា​ជា​ច្រើន​នាក់ និង​ត្រូវ​រស់​នៅ​ធ្វើ​ជា​រាស្ដ្រ​របស់​ទ្រង់ ដោយ​រង់ចាំ​យ៉ាង​អន្ទះសា​អំពី​ថ្ងៃ​ដែល​សេចក្តី​សន្យា​អំពី​ព្រះ​អង្គ​សង្គ្រោះ​នឹង​ត្រូវ​បាន​បំពេញ​សម្រេច តាម​រយៈ​ព្រះ​យេស៊ូវ។ តាម​ពិត​ទៅ រយៈ​ពេល​ចន្លោះ​ពី​កណ្ឌ​គម្ពីរ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​កណ្ឌ​គម្ពីរ​ដំបូង​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គឺ​មាន​រយៈ​ពេល​៤០០​ឆ្នាំ​ឯ​ណោះ។ រាស្ដ្រ​របស់​ទ្រង់​បាន​រង់ចាំ​ហើយ​រង់​ចាំ​ទៀត។

នៅ​ទី​បំផុត ព្រះ​យេស៊ូវ​ក៏​បាន​យាង​មក៖ «ហើយ​នាង​ប្រសូត​បាន​បុត្រា​ជា​ចម្បង​មក រួច​រុំ​នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ» (លូកា ២:៧)។

ព្រះ​យេស៊ូវ​បាន​លះ​ចោល​ភាព​សុខ​ស្រួល​នៅ​នគរ​ស្ថាន​សួគ៌ ជា​កន្លែង​ប្រកប​គ្នា​ដ៏​ល្អ​ឥត​ខ្ចោះ​ជា​មួយ​នឹង​សមាស​ភាព​នៃ​ព្រះ​ត្រៃ​ឯក គឺ​ជា​ព្រះ​វរបិតា និង​ព្រះវិញ្ញាណ ដើម្បី​ប្រសូត​មក​ក្នុង​ស្នូក​សត្វ។ ទ្រង់​បាន​បន្ថែម​ភាព​ជា​មនុស្ស​ទៅ​លើ​ភាព​ជា​ព្រះ​របស់​ទ្រង់ ឬ​ក៏​បើ​និយាយ​ឲ្យ​ស៊ី​ជម្រៅ​ជាង​នេះ​គឺ​ថា៖

សំណួរ៖ «តើ​អ្នក​ណា​ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​រាស្ត្រ​ជ្រើស​តាំង​នៃ​ព្រះ?
ចម្លើយ៖ «ព្រះ​ដ៏​ប្រោស​លោះ​តែមួយគត់​របស់​រាស្ត្រ​ជ្រើស​តាំង​នៃ​ព្រះ គឺ​ព្រះ​អម្ចាស់​យេស៊ូ​គ្រីស្ទ ដែល​ជា​ព្រះរាជបុត្រា​ដ៏​មាន​ព្រះ​ជន្ម​អស់​កល្ប​ជានិច្ច​របស់​ព្រះ​ បាន​យាង​មក​យក​និស្ស័យ​ជា​មនុស្ស។ តាំងពី​គ្រា​នោះ​មក​ព្រះ​ដ៏​ប្រោស​លោះ​មាន​និស្ស័យ​ពីរ​ផ្សេង​គ្នា គឺ​និស្ស័យ​ជា​មនុស្ស​ និង​និស្ស័យ​ជា​ព្រះ នៅ​ក្នុង​រូប​អង្គ​តែមួយ​ជា​រៀង​ដរាប​ត​ទៅ។» (សៀវភៅ សំណួរ​ចម្លើយ​គោល​ជំនឿ​គ្រីស្ទាន​ខ្លី​ជា​ភាសា​ខ្មែរ​បក​ប្រែ​ពី Westminster Shorter Catechism, សំណួរទី២១)។

ទិដ្ឋភាព​នៃ​ដំណឹង​ល្អ​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ជា​ញឹក​ញាប់​គឺ​ជា​អ្វី​ម្យ៉ាង​ដែល​ហៅ​ថា «ការ​ស្តាប់​បង្គាប់​ដោយ​សកម្ម» ដែល​ចង្អុល​ប្រាប់​យើង​អំពី​ជីវិត​ដ៏​គ្រប់​លក្ខណ៍​របស់​ព្រះ​គ្រីស្ទ។ មែន​ហើយ ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ទ្រង់​គឺ​ជា​រឿង​សំខាន់ ប៉ុន្តែ​ជីវិត​ដ៏​គ្រប់​លក្ខណ៍​របស់​ទ្រង់​ក៏​សំខាន់​ចំពោះ​ដំណឹង​ល្អ​នេះ​ដែរ។ ដ្បិត​ការ​ទទួល​បាន​ការ​រាប់​ជា​សុចរិត​ពី​ព្រះ​ជាម្ចាស់​គឺ​មិន​មែន​គ្រាន់​តែ​ជា​ការ​ទទួល​បាន​ការ​អត់​ទោស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ទាំង​ការ​ទទួល​បាន​សេចក្តី​សុចរិត​ដ៏​គ្រប់​លក្ខណ៍ និង​អស្ចារ្យ​ផង​ដែរ ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​ជឿ​លើ​ព្រះ​គ្រីស្ទ។ លោក អ័ដាម និង​នាង អេវ៉ា បាន​ធ្លាក់ ហើយ​យើង​ក៏​ទទួល​បាន​និទ្ទេស​ខ្សោយ​បំផុត​ដែរ​គឺ «F» តែ​ចំណែក​ឯ​ព្រះ​គ្រីស្ទ​វិញ ទ្រង់​បាន​រស់​នៅ​យ៉ាង​គ្រប់​លក្ខណ៍ ហើយ​អស់​អ្នក​ណា​ដែល​ទុក​ចិត្ត​លើ​ទ្រង់ នោះ​ក៏​នឹង​ទទួល​បាន​និទ្ទេស​ដ៏​ល្អ​បំផុត​គឺ «A» ពី​ទ្រង់​ដែរ។ និយាយ​រួម​ទៅ យើង​ទទួល​បាន​ស្នាដៃ​ល្អ ចំពោះ​កិច្ចការ​ដែល​យើង​មិន​បាន​ធ្វើ។

ឈើ​ឆ្កាង
ក្នុង​ការ​ទាយ​ទុក​អំពី​ព្រះ​មែស្ស៊ី​ថា ទ្រង់​នឹង​ត្រូវ​រងទុក្ខ ដោយ​ត្រូវ​ទទួល​យក​អំពើ​បាប​របស់​រាស្ដ្រ​របស់​ទ្រង់ នោះ​ហោរា អេសាយ បាន​សរសេរ​ថា៖ «ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង​ពិត ប៉ុន្តែ​យើង​រាល់​គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា។ តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។ យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បាន​ទម្លាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់» (អេសាយ ៥៣:៤-៦)។

ព្រះ​គ្រីស្ទ​បាន​ទទួល​យក​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់ ពេល​ដែល​ព្រះ​អង្គ​សុគត​លើ​ឈើ​ឆ្កាង​ជំនួស​អំពើ​បាប​នៃ​រាស្ដ្រ​ទ្រង់។ ការ​នេះ​បង្ហាញ​ថា ព្រះ​ជាម្ចាស់​សុចរិត (រៀបចំ​ផ្លូវ​សម្រាប់​លាង​សម្អាត​អំពើ​បាប) ព្រម​ទាំង​បាន​ធ្វើ​អ្នក​សុចរិត (គឺ​ជា​អង្គ​ដែល​លាង​សម្អាត​អំពី​បាប)។

ខាង​ក្រោម​នេះ​ជា​កិច្ចការ​មួយ​ចំនួន​ដែល​មិន​អាច​ជួយ​សង្គ្រោះ​លោក​អ្នក​បាន​ទេ៖

  • ការ​ទទួល​ពិធី​ជ្រមុជ​ទឹក​កាល​នៅ​ជា​ទារក ឬ​ជា​មនុស្ស​ពេញវ័យ​ក៏​មិន​អាច​សង្គ្រោះ​លោក​អ្នក​បាន​ដែរ
  • ពិធី​អគ្គ​សញ្ញា​លាប​ថ្ងាស​ពី​ក្រុម​ជំនុំ​ក៏​មិន​អាច​សង្គ្រោះ​លោក​អ្នក​បាន​ដែរ។
  • ការ​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដោយ​បាន​កើត​ក្នុង​គ្រួសារ​គ្រីស្ទាន​ក៏​មិន​អាច​សង្គ្រោះ​លោក​អ្នក​បាន​ដែរ។
  • ការ​ទៅ​ព្រះ​វិហារ​ម្តងម្កាល​ក៏​មិន​អាច​សង្គ្រោះ​លោក​អ្នក​បាន​ដែរ។
  • ការ​ដែល​លោក​អ្នក​គិត​ថា លោក​អ្នក​ជា​មនុស្ស​ល្អ​ក៏​រឹត​តែ​មិន​អាច​សង្គ្រោះ​លោក​អ្នក​បាន​ដែរ។

មាន​មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​ឲ្យ​ទទួល​បាន​សេចក្តី​សង្គ្រោះ ដើម្បី​ឲ្យ​ទទួល​បាន​ការ​ជា​នា​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​វិញ គឺ​លោក​អ្នក​ត្រូវ​តែ​ងាក​ចេញ​ពី​អំពើ​បាប​របស់​លោក​អ្នក ហើយ​ដាក់​សេចក្តី​ជំនឿ​របស់​លោក​អ្នក​ទាំង​ស្រុង ទៅ​លើ​កិច្ចការ ដែល​ព្រះ​យេស៊ូវ​បាន​សម្រេច​រួច​សព្វ​គ្រប់​ទាំង​អស់។

ការ​ឆ្លើយ​តប
លោក​អ្នក​ត្រូវ​តែ​ឆ្លើយ​តប​ទៅ​នឹង​ដំណឹង​ល្អ។ តើ​ត្រូវ​ឆ្លើយ​តប​ដោយ​របៀប​ណា? នៅ​ពេល​ដែល​សាវ័ក ប៉ុល និង​លោក ស៊ីឡាស ជាប់​នៅ​ក្នុង​គុក ហើយ​កាល​នោះ​ពួក​គាត់​អធិស្ឋាន និង​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់​នោះ​ស្រាប់​តែ​មាន​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង ដែល​ធ្វើ​ឲ្យ​របើក​ទ្វារ​គុក និង​ខ្នោះ​ចេញ​ទាំង​អស់ (កិច្ចការ ១៦:២៥)។ ហើយ​មេ​ភូមិ​ឃុំ​សួរ​សំណួរ​ដ៏​សំខាន់​មួយ​ថា «…លោក​ម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ឲ្យ​បាន​សង្គ្រោះ​ផង?” (កិច្ចការ ១៦:៣០) ការ​ឆ្លើយ​តប​គឺ៖ «…ចូរ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ… » (កិច្ចការ ១៦:៣១)។

នៅ​ពេល​ដែល​លោក​អ្នក​ប្រកាស​ដំណឹង​ល្អ វា​គឺ​ជា​ចំណុច​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ដែល​លោក​អ្នក​លើក​ទឹក​ចិត្ត​អ្នក​ស្តាប់​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ដំណឹង​ល្អ។ ខ្ញុំ​មិន​មាន​ន័យ​ថា នេះ​ជា​ការ​ហៅ​នរណា​មក​ឯ​អាសនា ឬ​ក៏​អញ្ជើញ​នរណា​ម្នាក់​ឲ្យ​មក​ខាង​មុខ ដើម្បី​អធិស្ឋាន​យាង​ព្រះ​អង្គ​ឲ្យ​ចូល​ក្នុង​ចិត្ត​របស់​គេ​នោះ​ទេ (ទោះ​បី​ជា​ក្នុង​បរិបទ​ខ្លះ គេ​ធ្វើ​ក៏​ដោយ) តែ​ផ្ទុយ​ទៅ​វិញ នេះ​គឺ​ជា​ការ​ជំរុញ​អ្នក​ស្តាប់​បើក​ចិត្ត​ជឿ​លើ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដោយ​ទុក​ចិត្ត​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ការ​នៃ​ការ​បង្កើត​ជា​ថ្មី នៅ​ក្នុង​ចិត្ត​របស់​បុគ្គល​នោះ​ជា​មិន​ខាន (ឬ​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន) ប្រសិន​បើ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ធ្វើ​ដូច្នោះ។

ការ​ស្ដារ​ឡើង​វិញ
តើ​ការ​នេះ​កំពុង​តែ​ទៅ​ទិសដៅ​ណា? គឺ​ទៅ​ទិសដៅ​នៅ​ឯ​ការ​បង្កើត​ពី​ដំបូង នៅ​ឯ​សួនច្បារ។ នេះ​គឺ​ជា​ពេល​ដែល​ព្រះ​ជាម្ចាស់​នឹង​កែ​រាល់​កំហុស ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​បាន​ថ្មី​វិញ ហើយ​ទ្រង់​នឹង​យាង​ចុះ​មក​គង់​នៅ​ជា​មួយ​រាស្ដ្រ​របស់​ទ្រង់​ជា​រៀង​រហូត​ដែល​ជា​ស្ថានសួគ៌​ថ្មី និង​ផែន​ដី​ថ្មី ក្នុង​ភាព​ដ៏​ល្អ​ឥត​ខ្ចោះ​នៅ​ឯ​កន្លែង​ដែល​គ្មាន​អំពើ​បាប ឬ​ការ​រងទុក្ខ​ទៀត​ឡើយ។ ទោះ​បី​ជា​ពេល​នេះ​យើង​បន្ត​ប្រព្រឹត្ត​អំពើ​បាប ហើយ​វង្វេង ហើយ​នៅ​រង​ទុក្ខ ដោយ​សារ​តែ​យើង​រស់​នៅ​ក្នុង​ពិភពលោក​ដែល​បាន​ធ្លាក់​ក្នុង​អំពើ​បាប​ក៏​ដោយ ក៏​ជីវិត​ដែល​ជា​ចំហាយ​ទឹក​មួយ​នេះ​នឹង​កន្លង​ផុត​ទៅ​ក្នុង​ពេល​ដ៏​ឆាប់​នេះ​ជា​មិន​ខាន។ ហើយ​រាស្ដ្រ​របស់​ទ្រង់​ទាំង​អស់​គ្នា​នឹង​រស់​នៅ​ជា​មួយ​ទ្រង់​ជា​រៀង​រហូត។

នេះ​ជា​របៀប​មួយ​នៃ​ការ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ជឿ​នៅ​ឡើយ។

និពន្ធ​ដោយ៖ David Kaywood
បក​ប្រែ​ដោយ៖ លោក ថៃ វណ្ណៈ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ស៊ូ ទិត្យ, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី gospelrelevance.com ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

កូន​អើយ ចូរ​ប្រគល់​ចិត្ត​ឯង​មក​អញ​ចុះ៖ សេចក្ដី​ប្រាថ្នា​ដំបូង​នៃ​ការ​ចិញ្ចឹម​កូន​ឲ្យ​មាន​លទ្ធផល​ល្អ