in ,

បង្រៀនក្មេងជំទង់

មាន​ឪពុក​ម្ដាយ​ជា​ច្រើន​នាក់​បាន​ទំនាក់​ទំនង​មក​កាន់​ខ្ញុំ​ជា​ញឹកញាប់ ហើយ​សួរ​ថា​តើ​មាន​សៀវភៅ​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ ឬ​ក៏​ព្រះ​គម្ពីរ​សិក្សា​ណា​ដែល​ខ្ញុំ​អាច​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គាត់​ប្រើ​ប្រាស់​ជា​មួយ​នឹង​កូន​របស់​ពួក​គាត់​ដែល​ស្ថិត​ក្នុង​វ័យ​ជំទង់​បាន​ដែរ​ឬ​ទេ។ ខណៈ​ពេល​ដែល​កូន​ចៅ​យើង​ឈាន​ចូល​វ័យ​ជំទង់ ទំនួល​ខុស​ត្រូវ​របស់​យើង​ក្នុង​នាម​ជា​ឪពុក​ម្ដាយ​គឺ​ជួយ​ឲ្យ​ពួក​គាត់​បង្កើត​ទម្លាប់​ល្អៗ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ។ ការ​រក​ឃើញ​នូវ​របៀប​ដែល​មាន​ភាព​ស៊ីគ្នា​ជា​មួយ​នឹង​វ័យ​របស់​ពួក​គាត់ ក៏​ដូច​ជា​អាច​ងាយ​នឹង​គ្រប់​គ្រង​លើ​បាន​គឺ​ជា​ចំណុច​គន្លឹះ។ ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​លោក​អ្នក​ឲ្យ​គ្រាន់​តែ​អាន​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ក្មេង​ជំទង់​នោះ​នៅ​ក្នុង​ផ្ទះ​របស់​លោក​អ្នក​នៅ​ក្នុង​របៀប​ដែល​ជា​គំរូ​ដល់​ពួក​គាត់ ក៏​ដូច​ជា​ការ​បង្ហាត់​បង្រៀន​ឲ្យ​ពួក​គាត់​ស្គាល់​ព្រះ​គម្ពីរ​សិន—លោក​អ្នក​មិន​ចាំ​បាច់​មាន​ធនធាន​ពិសេស​សម្រាប់​ក្មេង​ជំទង់​ទេ។

ការ​ធ្វើ​បែប​នោះ​នឹង​នាំ​ឲ្យ​ក្មេង​ជំទង់​របស់​លោក​អ្នក​បាន​ឃើញ​នូវ​ធនធាន​បែប​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ ក៏​ដូច​ជា​ការសិក្សា​លើ​ប្រធានបទ​នៅ​គ្រប់​កន្លែង ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​គាត់​មិន​ចាំ​បាច់​ត្រូវ​មាន​ធនធាន​ណា​មួយ​ដែល​សរសេរ​ឡើង​សំដៅ​ទៅ​លើ​វ័យ​របស់​ពួក​គាត់​ទេ។ មាន​ក្មេង​ជំទង់​ជា​ច្រើន​នាក់​កំពុង​តែ​ខ្វះខាត​នូវ​ឧបករណ៍​មូល​ដ្ឋាន ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​អាន និង​សិក្សា​ព្រះ​គម្ពីរ​ដោយ​ខ្លួន​ឯង។ តាម​រយៈ​ការ​ដឹក​នាំ​ពួក​គេ​ក្នុង​របៀប​សិក្សា​មូល​ដ្ឋាន​គ្រឹះ​មួយ​ចំនួន នោះ​លោក​អ្នក​អាច​ជួយ​ឲ្យ​ពួក​គាត់​ចេះ​មាន​ការ​វែក​ញែក​បាន​យ៉ាង​ល្អ​ប្រសើរ ដែល​ទាក់​ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​សៀវភៅ​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ និង​ការ​សិក្សា​បែប​ប្រធានបទ ហើយ​ពួក​គាត់​ក៏​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​ប្រធានបទ​នៃ​ធនធាន​ទាំង​នោះ​ចាប់​ផ្ដើម​ផ្ដល់​ជូន​ពួក​គាត់​នូវ​ចំណេះ​ដឹង​ផ្ទាល់​អំពី​ព្រះ​គម្ពីរ ដែល​ក្មេង​ជំទង់​ជា​ច្រើន​នាក់​មិន​ទាន់​ចេះ​ធ្វើ​នៅ​ឡើយ។

ខាង​ក្រោម​នេះ​គឺ​ជា​របៀប​ដ៏​សាមញ្ញ​មួយ ដែល​លោក​អ្នក​អាច​យក​ទៅ​កែ​ច្នៃ ដើម្បី​ប្រើ​ប្រាស់​ឲ្យ​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​វ័យ​ជំទង់​របស់​ពួក​គាត់។

១. សូម​ជ្រើស​រើស​យក​កណ្ឌ​គម្ពីរ​ណា​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ ដើម្បី​អាន និង​ពិភាក្សា​ជា​មួយ​គ្នា

ប្រសិន​បើ​លោក​អ្នក​មិន​ធ្លាប់​បាន​សិក្សា​ជា​មួយ​គ្នា សូម​ចាប់​ផ្ដើម​ជា​មួយ​នឹង​កណ្ឌ​គម្ពីរ​ខ្លីៗ ដែល​មាន​ដូច​ជា​កណ្ឌ​គម្ពីរ​យ៉ូណាស ឬ​ក៏​កណ្ឌ​គម្ពីរ​យ៉ាកុប។ ប្រសិន​បើ​អាច​ទៅ​រួច​បាន សូម​ព្យាយាម​សិក្សា​កណ្ឌ​គម្ពីរ​វែងៗ​ដែល​មាន​ដូច​ជា​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ ឬ​ក៏​ហេព្រើរ ខណៈ​ពេល​ដែល​លោក​អ្នក​នៅ​មាន​ឱកាស​ណែនាំ ក៏​ដូច​ជា​កែ​ច្នៃ​របៀប​សិក្សា​របស់​ពួក​គាត់។ គោល​បំណង​គឺ​ដើម្បី​នាំ​ឲ្យ​ក្មេង​ជំទង់​របស់​លោក​អ្នក​ឃើញ​អំពី​តម្លៃ​នៃ​ការ​សិក្សា​កណ្ឌ​គម្ពីរ​ទាំង​មូល​ពី​ដើម​ដល់​ចប់ ដែល​នេះ​ផ្ទុយ​ពី​ការ​គ្រាន់​តែ​សិក្សា​បែប​ជា​ប្រធាន​បទ ឬ​ក៏​បែប​ជា​ការ​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់។ ប្រសិន​បើ​ក្រុម​ជំនុំ​របស់​លោក​អ្នក​កំពុង​តែ​អធិប្បាយ​បែប​ជា​លំដាប់​លំដោយ​លើ​កណ្ឌ​គម្ពីរ​ទាំង​មូល​ណា​មួយ​នៃ​ព្រះ​គម្ពីរ នោះ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​រៀបចំ​កាលវិភាគ​សិក្សា​របស់​លោក​អ្នក​ឲ្យ​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​កាលវិភាគ​នៃ​ការ​អធិប្បាយ ដើម្បី​បន្ថែម​លើ​អ្វី​ដែល​លោក​អ្នក​កំពុង​តែ​សិក្សា។

២. សូម​ថត​ចម្លង​កណ្ឌ​គម្ពីរ​នៃ​ព្រះ​គម្ពីរ​ដែល​លោក​អ្នក​បាន​ជ្រើស​រើស ដែល​មាន​សល់​ចន្លោះ​សម្រាប់​ការ​សរសេរ និង​ការ​ពន្យល់

លោក​អ្នក​អាច​ធ្វើ​ការ​នេះ​បាន​តាម​រយៈ​ការ​ជ្រើស​រើស និង​ចម្លង (select & copy) ដាក់​ក្នុង​កម្មវិធី​មើល​ឯកសារ មួយ​ជំពូក​ម្ដងៗ​ចេញ​ពី​គេហទំព័រ my.bible.com បន្ទាប់​ពី​លោក​អ្នក​បាន​ប្ដូរ​ភាសា​ព្រះ​គម្ពីរ​ទៅ​ជា​ភាសា​ខ្មែរ។ លោក​អ្នក​អាច​ដូរ​ទំហំ​អក្សរ​ឲ្យ​រៀង​ធំ ក៏​ដូច​ជា​ចន្លោះ​បន្ទាត់​ទៅ​ជា ១.៥ ដើម្បី​ឲ្យ​លោក​អ្នក​មាន​ចន្លោះ​សរសេរ។

៣. ដាក់​កាលវិភាគ​ឲ្យ​បាន​ជួប​គ្នា​ក្នុង​មួយ​អាទិត្យ​ម្ដង សម្រាប់​សិក្សា​៣០​នាទី

សូម​ប្រើ​ប្រាស់​ផែន​ការ​អាន ដើម្បី​ជួយ​លោក​អ្នក​ឲ្យ​ញែក​ខគម្ពីរ ក្នុង​របៀប​ដែល​អាច​អាន​ជា​លំដាប់​បាន។ គេ​បាន​រៀប​ផែនការ​អាន​ព្រះ​គម្ពីរ​ជា​ច្រើន​ឡើង​សម្រាប់​អាន​ជា​ប្រចាំ​ថ្ងៃ ដើម្បី​អាន​ព្រះ​គម្ពីរ​ឲ្យ​ចប់​ទាំង​មូល​ក្នុង​ពេល​វេលា​ជាក់​លាក់​ណា​មួយ។ សូម​គ្រាន់​តែ​កែ​ច្នៃ​ផែនការ​អាន​ជា​ប្រចាំ​ថ្ងៃ​ឲ្យ​ក្លាយ​ទៅ​ជា​ផែនការ​អាន​ជា​ប្រចាំ​អាទិត្យ​វិញ សម្រាប់​កណ្ឌ​គម្ពីរ​ដែល​លោក​អ្នក​បាន​ជ្រើស​រើស​ចុះ។ ឧទាហរណ៍៖ លោក​អ្នក​អាច​ប្រើ​ប្រាស់​ផែនការ​អាន​ព្រះ​គម្ពីរ​នេះ ឬ​ក៏​ផែនការ​អាន​ព្រះ​គម្ពីរ​របស់​នំម៉ាណា​ប្រចាំថ្ងៃ ដែល​រៀបចំ​ការ​អាន​កណ្ឌ​គម្ពីរ​យ៉ាកុប​ឲ្យ​ចប់​ក្នុង​អំឡុង​ពេល​ប្រាំ​ថ្ងៃ ប៉ុន្តែ​លោក​អ្នក​អាច​ច្នៃ​ឲ្យ​ក្លាយ​ទៅ​ជា​ការ​អាន​កណ្ឌ​ឲ្យ​ចប់​ក្នុង​រយៈ​ពេល​ប្រាំ​អាទិត្យ​វិញ ដោយ​អាន​មួយ​អាទិត្យ​មួយ​ជំពូក។ សូម​សរសេរ​ចូល​ក្នុង​កាលវិភាគ​របស់​លោក​អ្នក​អំពី​ពេល​ពិភាក្សា​គ្នា​ដែល​មាន​ថ្ងៃ​ជាក់​លាក់ មាន​ការ​ពន្យល់ និង​ជំពូក​ដែល​នឹង​ត្រូវ​សិក្សា។ កាលវិភាគ​សម្រាប់​ការ​អាន​កណ្ឌ​គម្ពីរ​យ៉ាកុប ទំនង​ជា​អាច​មាន​ដូច​នេះ៖

អាទិត្យ           ការ​ពិភាក្សា
១                    សំណួរ​លើ​សេចក្ដី​ណែនាំ
២                   យ៉ាកុប ១
៣                  យ៉ាកុប ២
៤                   យ៉ាកុប ៣
៥                   យ៉ាកុប ៤
៦                   យ៉ាកុប ៥

៤. សូម​យល់​អំពី​ទិដ្ឋភាព​នៃ​ទស្សនៈ​ធំ

សម្រាប់​ការ​ពិភាក្សា​ដំបូង​របស់​លោក​អ្នក សូម​ស្នើ​ឲ្យ​ក្មេង​ជំទង់​របស់​លោក​អ្នក​មក​សិក្សា ដោយ​មាន​ចម្លើយ​លើ​សំណួរ​នានា​ខាង​ក្រោម​នេះ​អំពី​កណ្ឌ​គម្ពីរ​ដែល​លោក​អ្នក​បាន​ជ្រើស​រើស៖

  • តើ​អ្នក​ណា​ជា​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​នេះ?
  • តើ​កណ្ឌ​គម្ពីរ​នេះ​ត្រូវ​បាន​និពន្ធ​ផ្ញើ​ទៅ​កាន់​អ្នក​ណា?
  • តើ​កណ្ឌ​គម្ពីរ​នេះ​ត្រូវ​បាន​និពន្ធ​ឡើង​នៅ​ពេល​ណា?
  • តើ​កណ្ឌ​គម្ពីរ​នេះ​ត្រូវ​បាន​និពន្ធ​ឡើង​ក្នុង​បែប​អក្សរ​សាស្ត្រ​មួយ​ណា?
  • តើ​អ្វីទៅ​ជា​ប្រធាន​បទ​ស្នូល​នៃ​កណ្ឌ​គម្ពីរ​នេះ?

សៀវភៅ​ព្រះ​គម្ពីរ​សិក្សា​ដ៏​ល្អ​មួយ​អាច​ផ្ដល់​ជូន​នូវ​ចម្លើយ​តាម​នោះ ឬ​ក៏​ធនធាន​តាម​បណ្ដាញ​គេហទំព័រ​ដូច​ជា​ផ្លូវ​ពិត។ ខ្ញុំ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​ប្រើ​ប្រាស់ BibleProject – Khmer / ខ្មែរ ដែល​ផ្ដល់​ជូន​នូវ​ទិដ្ឋភាព​ទូទៅ​លើ​កណ្ឌ​គម្ពីរ​នៃ​ព្រះ​គម្ពីរ។ (សូម​ចុច​ត្រង់​នេះ​ដើម្បី​មើល​ទិដ្ឋភាព​ទូទៅ​លើ​កណ្ឌ​គម្ពីរ​យ៉ាកុប ដើម្បី​ឲ្យ​លោក​អ្នក​ឃើញ​អំពី​អ្វី​ដែល​ពួក​គាត់​ផ្ដល់​ជូន។)

ខណៈ​ពេល​ដែល​លោក​អ្នក​អាន​ជា​មួយ​គ្នា​ក្នុង​កណ្ឌ​គម្ពីរ ដែល​លោក​អ្នក​បាន​ជ្រើស​រើស សូម​ជួយ​ឲ្យ​ក្មេង​ជំទង់​របស់​លោក​អ្នក​គិត​អំពី​របៀប​ដែល​ចម្លើយ​លើ​សំណួរ​ទាំង​នេះ​ផ្ដល់​ជា​រូបរាង​លើ​ការ​យល់​ដឹង​របស់​ពួក​គាត់​អំពី​សារ​នៃ​កណ្ឌ​គម្ពីរ​នោះ។

៥. សូម​ត្រៀម​ការ​ពិភាក្សា

រៀង​រាល់​អាទិត្យ មុន​លោក​អ្នក​ជួប​គ្នា​ដើម្បី​ពិភាក្សា​លើ​ជំពូក​នីមួយៗ ទាំង​លោក​អ្នក និង​ក្មេង​ជំទង់​របស់​លោក​អ្នក​ត្រូវ​តែ​ត្រៀម​ជា​មុន​ដោយ​ធ្វើ​ដូច​ត​ទៅ៖

  • សូម​អាន​ជំពូក​សម្រាប់​អាទិត្យ​នោះ​ពី​ដើម​ដល់​ចប់។
  • នៅ​ក្នុង​ចន្លោះ​នៃ​ការ​ចម្លង​ជំពូក៖
    ១. សូម​សរសេរ (ឬក៏​គូស​លើ) ប្រធាន​បទ​ស្នូល​នៃ​ជំពូក​នោះ។
    ២. សូម​សរសេរ​មួយ​ទៅ​ពីរ​ប្រយោគ ដោយ​សង្ខេប​អំពី​អ្វី​ដែល​លោក​អ្នក​បាន​អាន។
    ៣. សូម​ស្វែង​រក​នូវ​លក្ខណ​សម្បត្តិ​មួយ​អំពី​ព្រះ​ជាម្ចាស់​ដែល​នៅ​ក្នុង​ជំពូក​នោះ​កំពុង​តែ​បង្រៀន។ (នេះ​គឺ​ជា​លក្ខណ​សម្បត្តិ​មួយ​ចំនួន ដែល​អាច​ជួយ​ដល់​ក្មេង​ជំទង់​របស់​លោក​អ្នក ខណៈ​ពេល​ដែល​ពួក​គាត់​ហាត់​អាន​ព្រះ​គម្ពីរ​ដោយ​ផ្ដោត​ទៅ​លើ​ព្រះ​ជាម្ចាស់៖ ១. ព្រះ​ដ៏​ឯកអង្គ; ២. ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​តម្រិះ; ៣. ព្រះ​ដ៏​មាន​បញ្ញាញាណ; ៤. ព្រះ​ដ៏​ពេញ​ដោយ​បុព្វញាណ; ៥. ព្រះ​ដ៏​ឧដុង្គឧត្ដម; ៦. ព្រះ​ដ៏​មាន​អធិបតេយ្យភាព; ៧. ព្រះ​ដ៏​មិន​ចេះ​ប្រែប្រួល; ៨. ភាព​បរិសុទ្ធ​របស់​ព្រះ; ៩. ព្រះ​ដ៏​មាន​សព្វានុភាព; ១០. ព្រះ​ដ៏​ស្មោះត្រង់; ១១. ព្រះ​ដ៏​សប្បុរស; ១២. ព្រះ​ដ៏​អត់ធ្មត់; ១៣. ព្រះ​ដែល​ប្រកប​ដោយ​ព្រះ​គុណ; ១៤. ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា; ១៥. ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់; ១៦. ព្រះ​ដ៏​មាន​សេចក្តី​ក្រោធ; ១៧. ការ​សញ្ជឹងគិត​លើ​ព្រះ​ជាម្ចាស់)។
  • សូម​សរសេរ​ចុះ​នូវ​ចំណុច​ពីរ​យ៉ាង ដែល​លោក​អ្នក​បានឃើញ​ក្នុង​ចុង​ក្រដាស។
  • សូម​សរសេរ​ចុះ​នូវ​សំណួរ​ពីរ​យ៉ាង ដែល​លោក​អ្នក​មាន​អំពីអ្វី​ដែល​លោក​អ្នក​បាន​អាន។

៦. សូម​ជួប​ដើម្បី​ពិភាក្សា​គ្នា

សូម​លើក​ឡើង​អំពីអ្វី​ដែល​លោក​អ្នក​បាន​កត់​សម្គាល់​ចុះ ក្នុង​ឯកសារ​ថត​ចម្លង​របស់​លោក​អ្នក ខណៈ​ពេល​ដែល​លោក​អ្នក​សិក្សា​ដោយ​ផ្ទាល់​ខ្លួន។ សូម​ប្រៀប​ធៀប​ចម្លើយ ការ​សង្កេត និង​សំណួរ​របស់​ខ្លួន។ សូម​ស្វែង​រក​ចម្លើយ​លើ​សំណួរ​របស់​លោក​អ្នក​ក្នុង​សេចក្ដី​អត្ថាធិប្បាយ​ណា​មួយ​ដែល​លោក​អ្នក​មាន ឬ​ក៏​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​សិក្សា។ លោក​អ្នក​ក៏​អាច​ទៅ​ស្វែង​រក​ចម្លើយ​ដោយ​ផ្ទាល់​ខ្លួន បន្ទាប់​ពី​លោក​អ្នក​បាន​ជួប​គ្នា ហើយ​ពិភាក្សា​លើ​ចម្លើយ​នោះ​នៅ​អាទិត្យ​បន្ទាប់​ក៏​បាន។

ហើយ​បន្ទាប់​មក សូម​ស្វែង​រក​សំណួរ​ផ្សេងៗ​ទៀត​ជា​មួយ​គ្នា៖

  • តើ​ជំពូក​នេះ​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​កណ្ឌ​គម្ពីរ​ទាំង​មូល​យ៉ាង​ដូច​ម្ដេច? តើ​វា​ហូរ​ចេញ​ពី​ជំពូក​មុន​ដូច​ម្ដេច?
  • តើ​ជំពូក​នេះ​បាន​ផ្ដល់​ជា​ព័ន្ធកិច្ច​ដល់​អ្នក​ស្ដាប់​ដំបូង​ដោយ​របៀប​ណា?
  • តើ​ជំពូក​នេះ​បាន​ផ្ដល់​ជា​ព័ន្ធកិច្ច​ដល់​យើង​ឥឡូវ​នេះ​ដោយ​របៀប​ណា?
    ១. តើ​មាន​អំពើ​បាប​ណា​មួយ​ដែល​លោក​អ្នក​ត្រូវ​លន់តួ​ដែរ​ឬ​ទេ?
    ២. តើ​មាន​បុព្វហេតុ​ណា​ដែល​បណ្ដាល​ឲ្យ​លោក​អ្នក​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់ ឬ​ក៏​សរសើរ​តម្កើង​ទ្រង់​ដែរ​ឬ​ទេ?
    ៣. តើ​មាន​សេចក្ដី​សន្យា ឬ​ក៏​សេចក្ដី​ពិត​ណា​មួយ ដែល​លោក​អ្នក​អាច​ទុក​ចិត្ត​បាន​ក្នុង​នេះ​ដែរ​ឬ​ទេ?
    ៤. តើ​មាន​អាកប្ប​កិរិយា​ណា​មួយ​ដែល​លោក​អ្នក​ត្រូវ​តែ​ផ្លាស់​ប្ដូរ ឬ​ក៏​ចំណុច​ជំរុញ​ណា​មួយ​ដែល​លោក​អ្នក​ត្រូវ​តែ​ត្រួត​ពិនិត្យ​ដែរ​ឬ​ទេ?
    ៥. តើ​មាន​បទ​បញ្ជា​ណា​មួយ​ដែល​លោក​អ្នក​ត្រូវ​តែ​ស្តាប់​បង្គាប់ ឬ​ក៏​មាន​គំរូ​ណា​មួយ​ដែល​លោក​អ្នក​ត្រូវ​តែ​ត្រាប់​តាម​ដែរ​ឬ​ទេ?
    ៦. តើ​មាន​ចំណុច​ខុស​ឆ្គង​ណា​មួយ​ដែល​លោក​អ្នក​ត្រូវ​តែ​ប្រឈម​មុខ ហើយ​គេច​ចេញ​ពី​វា​ដែរ​ឬ​ទេ

(ចំណុច​សម្គាល់៖ ត្រង់​នេះ លោក​អ្នក​មាន​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ហាត់ ក៏​ដូច​ជា​បង្ហាញ​ជា​គំរូ​អំពី​ចំណុច​ខ្សោយ​របស់​លោក​អ្នក ជា​មួយ​និង​ក្មេង​ជំទង់​ដែល​លោក​អ្នក​កំពុង​តែ​មើល​សំណួរ​ទាំង​អស់​នេះ​ជា​មួយ។)

៧. សូម​អធិស្ឋាន​ជា​មួយ​គ្នា

ជា​ចុង​ក្រោយ សូម​ទទូច​អង្វរ​សូម​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​លោក​អ្នក​ក្នុង​ការ​អនុវត្ត​នូវ​អ្វី​ដែល​លោក​អ្នក​បាន​សិក្សា។

វ័យ​ជំទង់​គឺ​ជា​ពេល​វេលា​ដ៏​សំខាន់ ក្នុង​ការ​ដែល​យើង​យក​ឱកាស​នៃ​ឆ្នាំ​ទាំង​នោះ ដើម្បី​បង្កើត​សិស្ស​ក្នុង​ចំណោម​កូន​ចៅ​របស់​យើង។ ក្នុង​អំឡុង​ឆ្នាំ​នេះ ពួក​គាត់​មាន​អារម្មណ៍​មិន​សូវ​ស្រួល​ដោយ​អផ្សុក​ទាក់​ទង​នឹង​ការ​ឈាន​ចូល​ភាព​ពេញ​វ័យ ប៉ុន្តែ​ជា​ទូទៅ​ក៏​មិន​មាន​ភាព​ច្បាស់​លាស់​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដែរ។ សូម​ផ្ដល់​ជូន​ពួក​គាត់​នូវ​របៀប​សិក្សា​ព្រះ​គម្ពីរ​របស់​ខ្លួន ហើយ​សូម​ជួយ​ឲ្យ​ពួក​គាត់​រៀន​អំពី​របៀប​ប្រើ​ប្រាស់​វា។ សូម​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គាត់​ប្រើ​ប្រាស់​សៀវភៅ​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​ធនធាន​បែប​ប្រធាន​បទ​ជា​ចំណុច​ជំនួយ​បន្ថែម មិន​មែន​ជា​ការ​ជំនួស​ទាំង​ស្រុង​នូវ​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​នោះ​ទេ។ សូម​ធ្វើគំរូ​ដ៏​ល្អ​ដែល​មាន​ទម្លាប់​អាន​ព្រះ​គម្ពីរ។ ហើយ​ជា​ចុង​ក្រោយ សូម​ក្រេប​ជញ្ជក់​លើ​ការ​មាន​ចំណែក​សិក្សា​ជា​មួយ​គ្នា ដែល​ជា​លទ្ធផល​នៅ​ពេល​ដែល​ឪពុក​ម្ដាយ និង​កូនៗ​ដែល​មាន​វ័យ​ជំទង់​អង្គុយ ហើយ​បើក​ព្រះ​គម្ពីរ​សិក្សា​ជា​មួយ​គ្នា។

និពន្ធដោយ៖ អ្នកគ្រូ Jen Wilkin
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង , និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ទន្ទឹងចាំ

អធិស្ឋាន​នាំ​មានឲ្យ​ការ​បំផ្លាស់ប្រែ