in

សង្ខេប​ព្រះ​គម្ពីរ​​២០០០​ពាក្យ​

ក្នុងង​សៀវភៅ​អត្ថាធិប្បាយ​របស់​គាត់​លើ​កណ្ឌ​គម្ពីរ​ហេព្រើរ​សម្រាប់​ក្រុម Evangelical Biblical Theology Commentary បោះ​ពុម្ព​ដោយ​ក្រុម Lexham និពន្ធ​ដោយ​លោក​គ្រូ ថម ជ្រេន័រ (Tom Schreiner) បាន​ផ្ដល់​ជូន​នូវ​ការ​សង្ខេប​ដំណើរ​រឿង​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល​បាន​យ៉ាង​ល្អ ហើយ​យើង​ខ្ញុំ​ក៏​បាន​លើក​ឡើង​នៅ​ក្នុង​ឯកសារ​នេះ​ដោយ​មាន​ការ​អនុញ្ញាត។ យើង​ខ្ញុំ​បាន​ដាក់​ចំណង​ជើង។

ព្រះ​បន្ទូល​បាន​បើក​ឆាក​ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ដោយ​បង្ហាញ​ថា​ព្រះ​ជាម្ចាស់​គឺ​ជា​ស្ដេច​ដែល​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព​ដែល​កំពុង​តែ​បង្កើត​ពិភព​លោក និង​រាល់​គ្រប់​អ្វីៗ​ដែល​មាន​នៅ​ក្នុង​វា។

លោក អ័ដាម និង​នាង អេវ៉ា

ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស​លោក​ក្នុង​រូប​អង្គ​ទ្រង់ ហើយ​ក៏​បាន​តែង​តាំង​ឲ្យ​ពួក​គេ​ត្រួត​ត្រា​​លើ​ផែន​ដី​នេះ​សម្រាប់​ព្រះ​អង្គ​ដែរ (លោកុប្បត្ដិ ១:២៦-២៧)។ ព្រះ​ជាម្ចាស់​បាន​បញ្ជា​ឲ្យ​ពួក​គាត់​ត្រួត​ត្រា​លើ​ផែន​ដី​ក្រោម​ភាព​ជា​អម្ចាស់​របស់​ទ្រង់ និង​សម្រាប់​សិរី​ល្អ​របស់​ទ្រង់។

ជា​ជាង​ទុក​ចិត្ត និង​ស្តាប់​បង្គាប់​ព្រះ​ជាម្ចាស់ នោះ​លោក អ័ដាម និង​នាង អេវ៉ា ក៏​បែរ​ជា​ប្រឆាំង​ជា​ជំហរ​នឹង​ទ្រង់ ហើយ​ក៏​បាន​បដិសេធ​មិន​ព្រម​ចុះ​ចូល​ព្រះ​អង្គ​ដែរ (លោកុប្បត្ដិ ៣)។ ដោយ​សារ​ពួក​គាត់​បាន​ប្រព្រឹត្ត​ល្មើស​តាម​ការ​ណែ​នាំ​ពី​ពាក្យ​ពេចន៍​របស់​សត្វ​ពស់ នោះ​ពួក​គាត់​ក៏​បាន​បែក​ចេញ​ពី​ព្រះ​ជាម្ចាស់​ខាង​ឯ​ព្រលឹង​វិញ្ញាណ ហើយ​ក៏​បាន​នាំ​ឲ្យ​មាន​សេចក្ដី​ស្លាប់​ចូល​មក​ក្នុង​ផែន​ដី​នេះ​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​សេចក្ដី​ស្លាប់​មិន​មែន​ជា​ពាក្យ​ចុង​ក្រោយ​នោះ​ទេ ដ្បិត​ព្រះ​ជាម្ចាស់​បាន​សន្យា​ថា នឹង​មាន​ពូជ​ពី​ស្ត្រី​ដែល​នឹង​កិន​ក្បាល​ពស់ (លោកុប្បត្ដិ ៣:១៥)។

ការ​បរាជ័យ​នៃ​សេចក្ដី​សន្យា​ក៏​នាំ​ឲ្យ​មាន​សុទិដ្ឋិនិយម​ដំបូង ដ្បិត​មនុស្ស​លោក​បាន​ក្លាយ​ជា​អាក្រក់​យ៉ាង​ខ្លាំង។ លោក កាអ៊ីន គឺ​ជា​កូន​របស់​សត្វ​ពស់ (សាតាំង) ហើយ​ក៏​បាន​សម្លាប់​លោក អេបិល។ (កូន​ចៅ​ទាំង​អស់​របស់​លោក អ័ដាម និង​នាង អេវ៉ា កើត​មក​ក្នុង​លោក​នេះ​ក្នុង​លក្ខណៈ​ជា​កូន​ចៅ​របស់​សត្វ​ពស់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ឲ្យ​អ្នក​ណា​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជាម្ចាស់​គឺ​ជា​អ្នក​ដែល​ទទួល​ព្រះ​គុណ​របស់​ទ្រង់)។ ពូជ​របស់​សត្វ​ពស់​កំពុង​តែ​យក​ឈ្នះ​លើ​ពូជ​របស់​ស្ត្រី ទោះ​បើ​ព្រះ​ជាម្ចាស់​បាន​ប្រទាន​លោក សេត ទៅ​កាន់​លោក អ័ដាម និង​នាង អេវ៉ា ដើម្បី​ឲ្យ​បន្ត​ខ្សែស្រឡាយ​តាម​រយៈ​សេចក្ដី​សន្យា​ដែល​នឹង​ទទួល​បាន​ការ​បំពេញ​ក៏​ដោយ (លោកុប្បត្ដិ ៤:២៥)។

លោក ណូអេ

ពីព្រោះ​មាន​ការ​ពុក​រលួយ​ខ្លាំង​ពេក ពីព្រោះ​ពូជ​របស់​សត្វ​ពស់​ក៏​កំពុង​តែ​សាយភាយ​យ៉ាង​ឆាប់​រហ័ស នោះ​ព្រះ​ជាម្ចាស់​ត្រូវ​តែ​បំផ្លាញ​ពួក​គេ​ចោល​តាម​រយៈ​ទឹក​ជំនន់ ដោយ​បង្ហាញ​ថា​ព្រះ​អង្គ​កំពុង​តែ​សោយ​រាជ្យ និង​ត្រួត​ត្រា​សូម្បី​តែ​ខណៈ​ពេល​ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា​ថា​អំពើ​អាក្រក់​កំពុង​តែ​ឈ្នះ​ក៏​ដោយ។ ព្រះ​ជាម្ចាស់​បាន​បង្កើត​សេចក្ដី​តាំង​សញ្ញា​ជា​មួយ​នឹង​លោក ណូអេ ដោយ​សន្យា​ថា​ព្រះ​អង្គ​នឹង​រក្សា​ផែន​ដី​រហូត​ទាល់​តែ​ទ្រង់​បាន​សម្រេច​ការ​ប្រោស​លោះ​សិន (លោកុប្បត្ដិ ៦-៩)។

ប៉ម​បាបិល

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ដំណើរ​រឿង​នៃ​ប៉ម​បាបិល​បាន​បើក​បង្ហាញ​ថា​មនុស្ស​លោក​មិន​មាន​ការ​ផ្លាស់​ប្រែ​ទេ (លោកុប្បត្ដិ ១១:១-៩)។ ពួក​គេ​នៅ​តែ​ចូល​ចិត្ត​ជ្រើស​រើស​យក​អំពើ​អាក្រក់ ហើយ​រស់​នៅ​ដោយ​ចង់​បង្កើត​កេរ្តិ៍​ឈ្មោះ​សម្រាប់​ខ្លួន​ឯង​ជា​ជាង​រស់​នៅ​សម្រាប់​សិរី​ល្អ ព្រះ​កិត្តិយស និង​ការ​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់​ដ៏​ពិត​តែ​មួយ​គត់​វិញ​ដែរ។

កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក១-១១ បង្ហាញ​ជា​សាធារណៈ​អំពី​អំពើ​អាក្រក់​របស់​មនុស្ស​លោក ដើម្បី​ឲ្យ​អ្នក​អាន​ឃើញ​ថា ជ័យជម្នះ​លើ​សត្វ​ពស់​គឺ​ជា​ការងារ​ដ៏​ធំ។ អំពើ​អាក្រក់​ក្នុង​មនុស្ស​លោក​គឺ​មិន​មែន​ជា​រឿង​កំប៉ិកកំប៉ុក​នោះ​ទេ។ ការ​បដិសេធ​ព្រះ​ជាម្ចាស់​បែប​ជា​លក្ខណៈ​អារក្ស​សាតាំង និង​ការ​ឧប​ក្រសោប​អំពើ​អាក្រក់​បាន​ធ្វើ​ឲ្យ​មនុស្ស​លោក​រង​ទុក្ខ​វេទនា។

លោក អ័ប្រាហាំ

ទោះ​បើ​មនុស្ស​យើង​អាក្រក់​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ដែល​ប្រឆាំង​នឹង​ការ​នឹក​ស្រមៃ ក៏​ព្រះ​ជាម្ចាស់​នៅ​មាន​ពេញ​ទៅ​ដោយ​ព្រះ​គុណ​ដែរ។ ព្រះ​អង្គ​បាន​ជ្រើស​រើស​បុរស​ម្នាក់​ដែល​តាម​រយៈ​គាត់​ទ្រង់​នឹង​បំពេញ​សេចក្ដី​សន្យា​ដែល​ទ្រង់​បាន​ធ្វើ​ជា​មួយ​នឹង​ស្ត្រី។ ព្រះ​អង្គ​បាន​សន្យា​ទៅ​កាន់​លោក អ័ប្រាហាំ ថា​គាត់​នឹង​មាន៖

  • ទឹក​ដី (កាណាន)
  • ពូជ (លោក អ៊ីសាក) និង
  • ព្រះ​ពរ​សកល (លោកុប្បត្ដិ ១២:១-៣)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ដំណើរ​រឿង​នៅ​បន្ត​ទៅ​មុខ​យ៉ាង​យឺតៗ​ដែរ។ លោក អ័ប្រាហាំ លោក អ៊ីសាក និង​លោក យ៉ាកុប មិន​ដែល​មាន​ទឹក​ដី​នោះ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​ឡើយ ហើយ​លោក អ័ប្រាហាំ ក៏​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​មាន​កូន​សូម្បី​តែ​មួយ​ដែរ! ព្រះ​អម្ចាស់​បាន​បង្រៀន​គាត់​តាម​រយៈ​កំណើត​របស់​លោក អ៊ីសាក ថា​សេចក្ដី​សន្យា​ទាំង​អស់​នឹង​ទទួល​បាន​ការ​បំពេញ​តាម​តែ​រយៈ​ទ្រង់​ផ្ទាល់ ហើយ​ថា​មនុស្ស​លោក​មិន​អាច​មាន​ចំណែក​ក្នុង​ការ​បំពេញ​សេចក្ដី​សន្យា​ទាំង​នោះ​ទេ។

លោក អ៊ីសាក និង​លោក យ៉ាកុប ក៏​បាន​រៀន​នូវ​មេ​រៀន​ដូច​គ្នា​ផង​ដែរ នៅ​ពេល​ដែល​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​បាន​ឈាន​ដល់​ទី​បញ្ចប់ សាសន៍​អ៊‌ីស្រាអែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខុស (ស្រុក​អេស៊ីព្ទ) ហើយ​មាន​គ្នា​តែ​ប៉ុន្មាន ៧០ នាក់ (ខណៈ​ពេល​ដែល​ព្រះ​ជាម្ចាស់​បាន​សន្យា​ទៅ​កាន់​ពួក​គាត់​ថា​នៅ​មាន​គ្នា​ច្រើន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ) ហើយ​ពេល​នោះ​ក៏​មិន​មាន​ព្រះ​ពរ​សកល​ផង​ដែរ។ អ្វី​ដែល​យើង​បាន​លើក​ឡើង​នៅ​ត្រង់​នេះ​ក៏​អាច​មាន​ការ​យល់​ច្រឡំ​មិន​ត្រឹម​ត្រូវ​ផង​ដែរ ដ្បិត​មិន​អាច​មាន​កូន​ចៅ​ដែល​រាប់​មិន​អស់​ក្នុង​តែ​បី​ជំនាន់​បាន​នោះ​ទេ ហើយ​លោក យ៉ូសែប ដែល​ជា​ដៃ​ស្ដាំ​របស់​ស្ដេច​ផារ៉ោន​ក៏​ពិត​ជា​បាន​ប្រទាន​ពរ​ដល់​ជាតិ​សាសន៍​ផ្សេងៗ​ផង​ដែរ។

និក្ខមនំ

នៅ​ពេល​ដែល​កណ្ឌ​គម្ពីរ​និក្ខមនំ​បើក​ឆាក សេចក្ដី​សន្យា​អំពី​ពូជពង្ស​នៃ​សាសន៍​អ៊‌ីស្រាអែល​កំពុង​តែ​ទទួល​បាន​ការ​បំពេញ ដ្បិត​ចំនួន​ប្រជាជន​ពួក​គាត់​ក៏​កំពុង​តែ​ផ្ទុះ​កើន​ឡើង ដែល​កាល​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រុក​អេស៊ីព្ទ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​បង្ហាញ​សាសន៍​អ៊‌ីស្រាអែល​ម្ដង​ហើយ​ម្ដង​ទៀត​ថា​សេចក្ដី​សង្គ្រោះ​គឺ​ជា​ព័ន្ធកិច្ច​របស់​ទ្រង់ មិន​មែន​របស់​ពួក​គេ​នោះ​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​រំដោះ​សាសន៍​អ៊‌ីស្រាអែល​ចេញ​ពី​ប្រទេស​អេស៊ីព្ទ​តាម​រយៈ​លោក ម៉ូសេ ដោយ​ទី​សម្គាល់​យ៉ាង​ធំ ហើយ​និង​ការ​អស្ចារ្យ​ជា​ច្រើន (និក្ខមនំ ១-១៨)។ ព្រះ​អម្ចាស់​បាន​កិន​ក្បាល​ពូជ​ពង្ស​សត្វ​ពស់ (ស្ដេច​ផារ៉ោន) ដែល​កំពុង​តែ​ព្យាយាម​បំផ្លាញ​រាស្ត្រ​ដែល​ចេញ​ពី​នោះ​ពូជ​របស់​ស្ត្រី​នឹង​កើត​មក (លោកុប្បត្ដិ ៣:១៥)។

ការ​តាំង​សេចក្ដី​សញ្ញា​ជា​មួយ​នឹង​សាសន៍​អ៊‌ីស្រាអែល

សាសន៍​អ៊‌ីស្រាអែល​បាន​ទទួល​ស្គាល់​ថា​ព្រះ​អម្ចាស់​បាន​សង្គ្រោះ​ពួក​គាត់ ដោយ​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់​ទៅ​កាន់​លោក អ័ប្រាហាំ លោក​អ៊ីសាក និង​លោក យ៉ាកុប។ ព្រះ​ជាម្ចាស់​បាន​យក​សាសន៍​អ៊‌ីស្រាអែល​ធ្វើ​ជា​កូន​ចិញ្ចឹម​របស់​ទ្រង់ (និក្ខមនំ ៤:២២) ដោយ​ក្លាយ​ជា​កម្ម​សិទ្ធិ​ពិសេស​របស់​ទ្រង់ និង​ជា​នគរ​ដែល​សុទ្ធ​តែ​ជា​សង្ឃ ប្រសិន​បើ​ពួក​គាត់​ដើរ​តាម​ការ​ណែនាំ​របស់​ទ្រង់ (និក្ខមនំ ១៩:៥-៦)។ ការ​ប្រោស​លោះ​ឲ្យ​រួច​ពី​ប្រទេស​អេស៊ីព្ទ​បាន​ក្លាយ​ជា​ប្រភេទ ឬ​ក៏​ជា​ការ​រង់​ចាំ​មួយ​នៃ​ការ​ប្រោស​លោះ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​សម្រេច​ឡើង។

ព្រះ​អម្ចាស់​បាន​ធ្វើ​សេចក្ដី​តាំង​សញ្ញា​ជា​មួយ​នឹង​សាសន៍​អ៊‌ីស្រាអែល ដោយ​ជ្រើស​រើស​យក​ពួក​គេ​ធ្វើ​ជា​រាស្ត្រ​ពិសេស​របស់​ទ្រង់ (និក្ខមនំ ១៩-២៤)។ ប្រសិន​បើ​សាសន៍​អ៊‌ីស្រាអែល​ស្ដាប់​បង្គាប់​តាម​សេចក្ដី​ព្រម​ព្រៀង​ក្នុង​សេចក្ដី​តាំង​សញ្ញា នោះ​ពួក​គាត់​នឹង​ទទួល​បាន​ព្រះ​ពរ ប៉ុន្តែ​ប្រសិន​បើ​ពួក​គាត់​ប្រព្រឹត្ត​ល្មើស​នឹង​អ្វី​ដែល​ព្រះ​អម្ចាស់​បាន​បញ្ជា នោះ​ពួក​គាត់​នឹង​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ត្រូវ​បណ្ដាសា​ពី​ការ​តាំង​សញ្ញា​ជា​មិន​ខាន (លេវីវិន័យ ២៦, ចោទិយកថា ២៦-២៨)។ ព្រះ​អម្ចាស់​មិន​បាន​ទាម​ទារ​ឲ្យ​មាន​ភាព​ល្អ​ឥត​ខ្ចោះ ដើម្បី​ឲ្យ​បន្ត​នៅ​ក្នុង​សេចក្ដី​តាំង​សញ្ញា​នោះ​ទេ ដ្បិត​ព្រះ​អង្គ​បាន​រៀប​រៀង​យញ្ញ​បូជា​ឡើង ដើម្បី​ជា​ការ​ប្រទាន​ការ​អត់​ទោស​សម្រាប់​សេចក្ដី​ល្មើស​របស់​សាសន៍​អ៊‌ីស្រាអែល (លេវីវិន័យ ១-៧, ១៦)។

ព្រះ​អម្ចាស់​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នៃ​ភាព​បរិសុទ្ធ​របស់​ទ្រង់​ទៅ​កាន់​ពួក​សាសន៍​អ៊‌ីស្រាអែល​ដែរ។ ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​រាស្ត្រ​របស់​ទ្រង់​ក្នុង​រោង​ឧបោសថ (និក្ខមនំ ២៥-៤០) ប៉ុន្តែ​អស់​អ្នក​ដែល​ប្រព្រឹត្តទៅ​កាន់​ព្រះ​អម្ចាស់​ដោយ​មាន​ការ​មើល​ងាយ​នឹង​ត្រូវ​បំផ្លាញ​ចោល (លេវីវិន័យ ១០) ដូច​ដែល​ព្យុះ​ផ្គរ​លាន់​រន្ទះ​នៅ​ឯ​ភ្នំ​ស៊ី​ណាយ​បាន​ទូន្មាន​ពួក​គាត់​យ៉ាង​ច្បាស់​លាស់​ដែរ។

នៅ​ទី​បំផុត សេចក្ដី​តាំង​សញ្ញា​ចាស់​ក៏​បាន​បរាជ័យ។ យញ្ញ​បូជា​មិន​បាន​សម្អាត​សតិសម្បជញ្ញៈ​នៃ​អំពើ​បាប នឹង​ផ្ដល់​ជូន​នូវ​ការ​ចូល​ទៅ​កាន់​ព្រះ​ជាម្ចាស់​ដោយ​សេរី ហើយ​សេចក្ដី​តាំង​សញ្ញា​ចាស់​ក៏​មិន​បាន​ចារិក​ក្រឹត្យ​វិន័យ​លើ​ដួង​ចិត្ត​ផង​ដែរ។ ប៉ុន្តែ យើង​កំពុង​តែ​ឈាន​ទៅ​មុខ​ហួស​ដំណើរ​រឿង​ពេក​ហើយ!

ទឹក​ដី​កាណាន

ឥឡូវ ចំណុច​បន្ទាប់​នៃ​សេចក្ដី​សន្យា​ទៅ​កាន់​លោក អ័ប្រាហាំ ហៀប​នឹង​ទទួល​បាន​ការ​បំពេញ​ហើយ។ សាសន៍​អ៊‌ីស្រាអែល​កំពុង​តែ​ជិត​យក​ទឹក​ដី​កាណាន​ជា​កម្ម​សិទ្ធិ។ យើង​អាច​អាន​ក្នុង​កណ្ឌ​គម្ពីរ​ជនគណនា​អំពី​របៀប​ដែល​ពួក​រាស្ត្រ​បរាជ័យ​ក្នុង​ការ​ធ្វើ​តាម​សេចក្ដី​ណែនាំ​របស់​ព្រះ​អម្ចាស់។ បន្ទាប់​ពី​បាន​ឃើញ​ទី​សម្គាល់​យ៉ាង​ធំ ហើយ​និង​ការ​អស្ចារ្យ​ជា​ច្រើន​របស់​ព្រះ​ជាម្ចាស់​ដែល​បាន​កើត​ឡើង​នៅ​ស្រុក​អេស៊ីព្ទ ជា​ការ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​ដែល​ពួក​សាសន៍​អ៊‌ីស្រាអែល​នៅ​បន្ត​មិន​ជឿ​ថា​ព្រះ​អម្ចាស់​អាច​នាំ​ពួក​គាត់​ចូល​ទៅ​ក្នុង​ទឹក​ដី [សន្យា] ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​គាត់​មិន​ស្ដាប់​តាម​ការណែនាំ​របស់​ទ្រង់។

ទោះ​ជា​ណា​ក៏​ដោយ​ក៏​ដំណើរ​រឿង​មិន​បាន​ឈាន​ដល់ទី​បញ្ចប់​នៅឡើយ​ទេ ដ្បិត​ក្រោម​ការដឹកនាំ​របស់​លោក យ៉ូស្វេ នោះ​សាសន៍​អ៊‌ីស្រាអែល​ក៏បាន​យក​ទឹកដី​កាណាន​ជា​កម្មសិទ្ធិ​របស់​ខ្លួន ទោះ​បើ​សាច់​រឿង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​គាត់​មិន​បាន​យក​ទឹក​ដី​ទាំង​មូល​ជា​កម្មសិទ្ធិ​ក៏​ដោយ។ ជ័យជម្នះ​របស់​សាសន៍​អ៊‌ីស្រាអែល​គឺជា​ព័ន្ធ​កិច្ច​របស់​ព្រះ​អម្ចាស់ ដ្បិត​ពួក​គាត់​ឈ្នះ​លើ​ជ័យជម្នះ​ដែល​មិន​អាច​ទៅ​រួច​បាន​លើ​ខ្មាំង​សត្រូវ​ដែល​ខ្លាំង​ជាង​ខ្លួន​យ៉ាង​ក្រៃ​លែង។ លោក យ៉ូស្វេ បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​តាម​រយៈ​ការ​មាន​ប្រសាសន៍​ថា ព្រះ​អម្ចាស់​បាន​ប្រទាន​ការ​សម្រាក​ដល់​សាសន៍​អ៊‌ីស្រាអែល (២១:៤; ២២:៤; ២៣:១)។ ការ​សម្រាក​ក្រោម​លោក យ៉ូស្វេ គឺ​ជា​ប្រភេទ ឬ​ក៏​ជា​ការ​រង់​ចាំ​មួយ​នៃ​ការ​សម្រាក​ដ៏​ល្អ​ប្រសើរ​ជាង​ដែល​នឹង​កើត​ឡើង។

ពួក​ចៅហ្វាយ

ក្នុង​ការ​បើក​ឆាក​ក្នុង​កណ្ឌ​គម្ពីរ​ពួក​ចៅហ្វាយ យើង​ទំនង​ជា​គិត​ថា​ស្ថាន​បរមសុខ​ទំនង​ជា​នៅ​ជិត​ក្បែរ​ជ្រុង​នេះ​ហើយ។ មាន​ចំណុច​ពីរ​នៃ​សេចក្ដី​សន្យា​ទៅ​កាន់​លោក អ័ប្រាហាំ ដែល​ទទួល​បាន​ការ​បំពេញ៖ សាសន៍​អ៊‌ីស្រាអែល

  • មាន​ប្រជាជន​ជា​ច្រើន​នាក់
  • ហើយ​ឥឡូវ​នេះ​ក៏​កំពុង​តែ​រស់​នៅ​ក្នុង​ទឹក​ដី​កាណាន

រាប់​រយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ចាប់​ពី​ពេល​ដែល​លោក អ័ប្រាហាំ ទទួល​បាន​សេចក្ដី​សន្យា ប៉ុន្តែ​ឥឡូវ​នេះ​សាសន៍​អ៊‌ីស្រាអែល​ហាក់​បី​ដូច​ជា​កំពុង​តែ​ទទួល​បាន​ព្រះ​ពរ​ហើយ។

វា​ពិត​ជា​ចំណុច​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន​ក្នុង​ការ​ឃើញ​កន្លែង​ដែល​សាច់​រឿង​បន្ត។ ជា​ជាង​ឈាន​ទៅ​មុខ សាសន៍​អ៊‌ីស្រាអែល​បែរ​ជា​ធ្លាក់​ថយ​ក្រោយ។ ក្នុង​អត្ថ​ន័យ​មួយ ពួក​គាត់​បាន​ស្ថិត​ក្នុង​កន្លែង​ដែល​លោក អ័ដាម បាន​ស្ថិត​នៅ​ក្នុង​ស្ថាន​បរមសុខ។ ជា​ជាង​ជឿ​ទុក​ចិត្ត និង​ស្ដាប់​បង្គាប់​ព្រះ​អម្ចាស់ ពួក​គាត់​បែរ​ជា​ទៅ​រក​ព្រះ​ក្លែង​ក្លាយ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​អនុញ្ញាត​ឲ្យ​ខ្មាំង​សត្រូវ​របស់​ពួក​គាត់​ធ្វើ​ទុក្ខ​ពួក​គាត់។ សាសន៍​អ៊‌ីស្រាអែល​បាន​ប្រព្រឹត្ត​វដ្ដ​នៃ​អំពើ​បាប​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត៖ ខ្មាំង​សត្រូវ​បាន​យក​ឈ្នះ​លើ​ពួក​គាត់ ពួក​គាត់​បាន​កែ​ប្រែ​ចិត្ត ហើយ​ទទួល​បាន​ការ​រំដោះ។ កណ្ឌ​គម្ពីរ​ពួក​ចៅហ្វាយ​បាន​បញ្ចប់​សាច់​រឿង​ដោយ​បន្ទរ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ទៅ​កាន់​លោក ឡុត នៅ​ក្នុង​ទីក្រុង​សូដុំម (ពួក​ចៅហ្វាយ ២០; លោកុប្បត្ដិ ១៩)។ សាសន៍​អ៊‌ីស្រាអែល​បាន​នៅ​ក្នុង​ទឹក​ដី ប៉ុន្តែ​ពួក​គាត់​មិន​បាន​ចុះ​ចូល​ក្រោម​អម្ចាស់​ភាព​នៃ​ព្រះ​យេហូវ៉ា​ទេ។ ជា​ជាង​ក្លាយ​ជា​កន្លែង​បញ្ចេញ​ព្រះ​ពរ​ទៅ​កាន់​ជាតិ​សាសន៍​នានា ពួក​គាត់​បែរ​ជា​ទទួល​បាន​ការ​ពុក​រលួយ​ពី​ពួក​សាសន៍​នានា​ទៅ​វិញ។

ស្ដេច សូល

នៅ​ពេល​ដែល​កណ្ឌ​គម្ពីរ​សាំយូអែល​បើក​ឆាក សាសន៍​អ៊‌ីស្រាអែល​មាន​រចនាសម្ព័ន្ធ​នៃ​ពួក​សង្ឃ​ដែល​មាន​ភាព​ពុក​រលួយ ហើយ​ក៏​មាន​ភាព​ប៉ះ​បើកៗ​ហៀប​នឹង​ដួល​រលំ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ព្រះ​អម្ចាស់​ដែល​មាន​ពេញ​ទៅ​ដោយ​ព្រះ​គុណ​ដោយ​ព្រះ​អង្គ​បាន​លើក​ហោរា សាំយូអែល ឡើង ដើម្បី​ដឹក​នាំ​ពួក​សាសន៍​ឲ្យ​ត្រឡប់​មក​រក​ទ្រង់​វិញ។ ក្រោម​ការ​ដឹក​នាំ​ហោរា សាំយូអែល ការ​មាន​ស្ដេច​តាំង​ឡើង នៅ​ពេល​ដែល​គេ​បាន​តែង​តាំង​លោក សូល ឲ្យ​ធ្វើ​ជា​ស្ដេច​ដំបូង។

ប្រសិន​បើ​យើង​អាន​ដោយ​មាន​ការ​យល់​ដឹង នោះ​យើង​នឹង​ឃើញ​ថា តាម​ពិត​ទៅ​ប្រធានបទ​នៃ​ការ​តែង​តាំង​ស្ដេច​មាន​ក្នុង​ដំណើរ​រឿង​តាំង​ពី​ដើម​មក​ម្ល៉េះ។ ព្រះ​អម្ចាស់​បាន​សន្យា​ថា នឹង​មាន​ស្ដេច​កើត​ចេញ​ពី​លោក អ័ប្រាហាំ និង​លោក យ៉ាកុប (១៧:៦; ១៦; ៣៥:១១)។ ប្រាកដ​ណាស់ ដំបង​រាជ្យ​នឹង​ជា​កម្មសិទ្ធិ​របស់​កុលសម្ព័ន្ធ​យូដា ហើយ​មនុស្ស​លោក (ព្រះពរ​សកល) និង​ស្តាប់​បង្គាប់​គាត់ (លោកុប្បត្ដិ ៤៩:១០)។ លោក បាឡាម បាន​ទាយ​ថា​នឹង​មាន​ផ្កាយ និង​ដំបង​រាជ្យ​មួយ​ចេញ​ពី​ពូក​យូដា​ដែល​នឹង​កំទេច​ខ្មាំង​សត្រូវ​របស់​ព្រះ​អម្ចាស់​ចោល (ជនគណនា ២៤:១៧-១៩)។ ពូជ​នៃ​ស្ត្រី​ដែល​នឹង​បំផ្លាញ​សត្វ​ពស់​ចោល​នឹង​កើត​ចេញ​ពី​ស្ដេច​មួយ​អង្គ​ក្នុង​សាសន៍​អ៊‌ីស្រាអែល។

ដំណើរ​រឿង​លើក​ឡើង​នូវ​សំណួរ​ដ៏​ច្បាស់​លាស់​មួយ៖ តើ​សូល​ជា​ស្ដេច​នោះ​មែន​ឬ? ជា​ដំបូង នៅ​ពេល​ដែល​ទ្រង់​បាន​ឡើង​កាន់​អំណាច មើល​ទៅ​ហាក់​បី​ដូច​ជា​ថា ទ្រង់​ទំនង​ជា​ស្ដេច​ដូច​នោះ​មែន​ដែរ។ ប៉ុន្តែ​ស្ដេច សូល មាន​លក្ខណៈ​ដូច​ជា​លោក អ័ដាម នៅ​ក្នុង​សួន​ច្បារ និង​ដូច​ជា​សាសន៍​អ៊‌ីស្រាអែល​បន្ទាប់​ពី​ទទួល​បាន​ទឹក​ដី​កាណាន​ជា​កម្មសិទ្ធិ។ ជា​ជាង​ជឿ​ទុក​ចិត្ត​លើ និង​ស្តាប់​បង្គាប់​ព្រះ​អម្ចាស់ ទ្រង់​បាន​ធ្វើ​តាម​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អម្ចាស់​សន្យា​ថា ព្រះ​រាជ្យ​នគរ​នឹង​មិន​មែន​ជា​របស់​ពូជ​ពង្ស​ស្ដេច សូល ទេ។

ការ​តាំង​សេចក្ដី​សញ្ញា​ជា​មួយ​នឹង​ស្ដេច ដាវីឌ

ព្រះ​ជាម្ចាស់​ក៏​បាន​តាំង​លោក ដាវីឌ ឲ្យ​ក្លាយ​ជា​ស្ដេច​ជា​ជាង​ស្ដេច សូល ហើយ​ស្ដេច សូល ក៏​បាន​ក្លាយ​ជា​ខ្មាំង​សត្រូវ​ស្លាប់​រស់​ជា​មួយ​នឹង​លោក ដាវីឌ ដែល​ការ​នេះ​បង្ហាញ​ថា​ស្ដេច សូល កំពុង​តែ​ដើរ​តាម​ជំហាន​របស់​ស្ដេច ផារ៉ោន (ដែល​ជា​ពូជ​ពង្ស​របស់​សត្វ​ពស់!) ដែល​បាន​ព្យាយាម​បំផ្លាញ​រាស្ត្រ​ជ្រើស​តាំង​របស់​ព្រះ​អម្ចាស់​ចោល។ លោក ដាវីឌ ទទួល​បាន​ការ​បៀតបៀន ហើយ​រត់​គេច​ឥត​ឈប់​ឈរ ប៉ុន្តែ​គាត់​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់​ក្នុង​ការ​ដែល​ទ្រង់​នឹង​លើក​តម្កើង​គាត់ ជា​ជាង​ព្យាយាម​ដក​ហូត​នគរ​ពី​ស្ដេច សូល។ នៅ​ចុង​បញ្ចប់ ពួក​ភីលីស្ទីន​បាន​សម្លាប់​ស្ដេច សូល នៅ​ក្នុង​ចម្បាំង ហើយ​លោក ដាវីឌ ក៏​បាន​សោយ​រាជ្យ​ជា​ស្ដេច​លើ​សាសន៍​អ៊‌ីស្រាអែល​ទាំង​មូល​ដែរ។

នគរ​របស់​ស្ដេច ដាវីឌ មាន​ទី​សម្គាល់​តាម​រយៈ​ការ​ដែល​ទ្រង់​ជឿ​ទុក​ចិត្ត និង​ស្តាប់​បង្គាប់​ព្រះ​អម្ចាស់។ ប្រាកដ​ណាស់ ព្រះ​អម្ចាស់​បាន​តាំង​សេចក្ដី​សញ្ញា​ជា​មួយ​នឹង​ស្ដេច ដាវីឌ ដែល​មាន​ដំណើរ​រឿង​នៃ​ព្រះ​បន្ទូល​ជា​ចំណុច​ស្នូល។ ពូជ​ពង្ស​នៃ​ស្ត្រី​ដែល​នឹង​យក​ឈ្នះ​លើ​សត្វ​ពស់​នឹង​កើត​ចេញ​ពី​ខ្សែស្រឡាយ​នៃ​ស្ដេច ដាវីឌ។ ទ្រង់​នឹង​ក្លាយ​ជា​ស្ដេច​ចេញ​ពី​ខ្សែស្រឡាយ​នៃ​ស្ដេច ដាវីឌ ដ្បិត​ព្រះ​អង្គ​បាន​សន្យា​ទៅ​កាន់​ស្ដេច ដាវីឌ ថា​ទ្រង់​នឹង​មាន​នគរ​ជា​អចិន្ត្រៃយ៍ (២សាំយ៉ូអែល ៧)។ សេចក្ដី​សន្យា​នេះ​ទទួល​បាន​ការ​បំពេញ​ក្នុង​ព្រះ​យេស៊ូវ​ដែល​ជា​ព្រះ​មេស្ស៊ី។

ទោះ​បើ​ស្ដេច ដាវីឌ មាន​គុណ​សម្បត្តិ​ជា​ច្រើន​ក៏​ដោយ​ក៏​ទ្រង់​មិន​មែន​ជា​បុគ្គល​ដែល​នឹង​កិន​ក្បាល​សត្វ​ពស់ ដ្បិត​ទ្រង់​ក៏​ជា​មនុស្ស​មាន​បាប​ដែល​ត្រូវ​ការ​ការ​អត់​ទោស​ដោយ​សារ​ទ្រង់​បាន​ប្រព្រឹត្ត​ល្មើស​នឹង​សេចក្ដី​តាំង​សញ្ញា​ជា​មួយ​នឹង​ព្រះ​អម្ចាស់ តាម​រយៈ​ការ​ផិត​ក្បត់​ជា​មួយ​នឹង​នាង បាតសេបា និង​ការ​សម្លាប់​លោក អ៊ូរី (២សាំយ៉ូអែល ១១)។

ស្ដេច សាឡូម៉ូន

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​ដែល​លោក សាឡូម៉ូន ដែល​ជា​រាជបុត្រា​របស់​ស្ដេច ដាវីឌ បាន​ឡើង​សោយរាជ​លើ​បល្ល័ង្ក មើល​ទៅ​ហាក់​បី​ដូច​ជា​ថា​ស្ថាន​បរមសុខ​ទំនង​ជា​នៅ​ជិត​ក្បែរ​ជ្រុង​នេះ​ហើយ។ សាសន៍​អ៊‌ីស្រាអែល​ស្ថិត​នៅ​ក្នុង​សន្តិភាព។ ស្ដេច សាឡូម៉ូន គឺ​ជា​ស្ដេច​ដែល​មាន​ប្រាជ្ញា និង​សុភ​វិនិច្ឆ័យ ហើយ​ទ្រង់​ក៏​បាន​សាង​សង់​ព្រះ​វិហារ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ជា​កន្លែង​ថ្វាយ​បង្គំ​ព្រះ​អម្ចាស់​ដែរ។ ទំនង​ព្រះ​ពរ​សកល​មិន​នៅ​ឆ្ងាយ​ប៉ុន្មាន​ពី​នេះ​នោះ​ទេ។

ប៉ុន្តែ​ស្ដេច សាឡូម៉ូន បាន​បញ្ជាក់​ជាថ្មី​នូវ​ដំណើរ​រឿង​ដែល​យើង​បាន​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​សារ​ឡើង​វិញ។ ទ្រង់​បាន​ត្រាប់​តាម​លំនាំ​នៃ​លោក អ័ដាម ក្នុង​សួន​ច្បារ សាសន៍​អ៊‌ីស្រាអែល​នៅ​ឯ​ទឹក​ដី​កាណាន និង​ស្ដេច សូល។ ទ្រង់​បាន​ឈប់​ជឿ​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់ ហើយ​ក៏​បាន​បែរ​ទៅ​រក​ព្រះ​ក្លែង​ក្លាយ។

នគរ​បែក​បាក់

បន្ទាប់​ពី​សម័យ​ស្ដេច សាឡូម៉ូន និង​ដោយ​សារ​ជា​លទ្ធផល​នៃ​អំពើ​បាប​របស់​ទ្រង់ នោះ​នគរ​ក៏​បាន​បែក​បាក់​គ្នា​រវាង​នគរ​ខាង​ជើង និង​នគរ​ខាង​ត្បូង ដោយ​សាសន៍​អ៊‌ីស្រាអែល​នៅ​ខាង​ជើង សាសន៍​យូដា​នៅ​ខាង​ត្បូង។

ស្ដេច​ទាំង​អស់​នៃ​សាសន៍​អ៊‌ីស្រាអែល​បាន​ត្រាប់​តាម​លំនាំ​នៃ​ស្ដេច​ដំបូង ស្ដេច យេរ៉ូបោម ដែល​ជា​បុត្រា​របស់​ស្ដេច នេបាត បាន​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ។ ស្ដេច​មួយ​ចំនួន​នៃ​សាសន៍​យូដា​មាន​របាយការណ៍​លាយ​ឡំ​គ្នា ដ្បិត​មាន​ស្ដេច​មួយ​ចំនួន​មាន​ភាព​ស្មោះ​ត្រង់​ទៅ​កាន់​ព្រះ​អម្ចាស់ ទោះ​បើ​ថា​ស្ដេច​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ចំណោម​ស្ដេច​ទាំង​អស់​ក៏​បាន​បរាជ័យ​ក្នុង​ការ​មិន​ធ្វើ​តាម​រាល់​បទ​បញ្ជា​របស់​ព្រះ​អម្ចាស់​ក៏​ដោយ។

ភាព​ជា​ឈ្លើយ

នៅ​ចុង​បញ្ចប់ ទោះ​បើ​ទាំង​សាសន៍​អ៊‌ីស្រាអែល និង​សាសន៍​យូដា​ក៏​សុទ្ធ​តែ​បាន​ប្រគល់​ខ្លួន​ទៅ​ក្នុង​អំពើ​បាប ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នគរ​ទាំង​ពីរ​ទទួល​បទពិសោធន៍​នៃ​ការ​ត្រូវ​បណ្ដាសា​ពី​ការ​តាំង​សញ្ញា៖

  • សាសន៍​អ៊‌ីស្រាអែល​បាន​ក្លាយ​ជា​ឈ្លើយ​ទៅ​កាន់​ស្រុក​អាសស៊ើរ​នៅ​ក្នុង​ឆ្នាំ ៧២២ មុន​គ.ស.។
  • ហើយ​សាសន៍​យូដា​បាន​ក្លាយ​ជា​ឈ្លើយ​ទៅ​កាន់​ស្រុក​បាប៊ីឡូន​នៅ​ក្នុង​ឆ្នាំ ៥៨៦ មុន​គ.ស.។

ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី​ល្អ​ប្រសើរ​ជាង​សេចក្ដី​សញ្ញា​ចាស់។ ការ​វិនិច្ឆ័យ​បែប​នោះ​ទទួល​បាន​ការ​ផ្ទៀង​ផ្ទាត់​តាម​រយៈ​ប្រវត្តិ​សាស្ត្រ​សាសន៍​អ៊‌ីស្រាអែល។ រាជ​នគរ​មិន​បាន​កើត​ឡើង​តាម​រយៈ​ការ​តាំង​សេចក្ដី​សញ្ញា​ចាស់ ដោយ​សារ​ទាំង​សាសន៍​អ៊‌ីស្រាអែល និង​សាសន៍​យូដា​មិន​បាន ហើយ​ក៏​មិន​អាច​ត្រាប់​តាម​សេចក្ដី​ព្រម​ព្រៀង​នៃ​ការ​តាំង​សញ្ញា។

ពួក​ហោរា

ពួក​ហោរា​បាន​ចូល​ក្នុង​ឆាក​កណ្ដាល បន្ទាប់​ពី​នគរ​បាន​តាំង​ឡើង​ក្នុង​សាសន៍​អ៊‌ីស្រាអែល ហើយ​បាន​ព្រមាន​ទាំង​សាសន៍​អ៊‌ីស្រាអែល និង​សាសន៍​យូដា​ថា​ភាព​ជា​ឈ្លើយ​នឹង​កើត​ឡើង លុះ​ត្រាតែ​ពួក​គាត់​កែ​ប្រែ​ចិត្ត ហើយ​បែរ​ទៅ​រក​ព្រះ​អម្ចាស់​វិញ។ ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​កើត​ឡើង ហើយ​វា​មិន​មែន​ជា​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ​នោះ​ទេ ប៉ុន្តែ​ជា​ថ្ងៃ​នៃ​ការ​ថ្កោល​ទោស​ដោយ​សារ​សាសន៍​អ៊‌ីស្រាអែល​មិន​បាន​ស្ដាប់​បង្គាប់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ពួក​ហោរា​មិន​គ្រាន់​តែ​បាន​ប្រកាស​សារ​នៃ​ការ​ថ្កោល​ទោស​ប៉ុណ្ណោះ​នោះ​ទេ។ សាសន៍​អ៊‌ីស្រាអែល​នឹង​ក្លាយ​ជា​ឈ្លើយ ប៉ុន្តែ​នឹង​មាន​ដំណើរ​ចាក​ចេញ​ថ្មី។ ដោយ​សារ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់ នោះ​សាសន៍​អ៊‌ីស្រាអែល​នឹង​ត្រឡប់​មក​ឯ​ទឹក​ដី​របស់​ខ្លួន​វិញ។ នៅ​មាន​ការ​ចាប់​ផ្ដើម​ថ្មី​សម្រាប់​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់ ហើយ​នគរ​នឹង​កើត​មាន​ឡើង​តាម​រយៈ​ការ​មក​ដល់​នៃ​ដំណើរ​ចាក​ចេញ​ថ្មី។

ហើយ​មិន​ត្រឹម​តែ​មាន​ប៉ុណ្ណឹង​នោះ​ទេ ។ ក៏​នឹង​មាន​ការ​តាំង​សេចក្ដី​សញ្ញាថ្មី (យេរេមា ៣១:៣១-៣៤; អេសេគាល ៣៦:២៦-២៧) ដែល​តាម​រយៈ​នោះ​អំពើ​បាប​សាសន៍​អ៊‌ីស្រាអែល​នឹង​ទទួល​បាន​ការ​អត់​ទោស​ជា​ចុង​ក្រោយ​យ៉ាង​ពេញ​លេញ។ ព្រះ​អម្ចាស់​នឹង​ចារិក​ក្រឹត្យ​វិន័យ​លើ​ដួង​ចិត្ត​របស់​សាសន៍​អ៊‌ីស្រាអែល​តាម​រយៈ​ការ​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទៅ​កាន់​ពួក​គាត់ ហើយ​ពួក​គាត់​នឹង​មាន​សេចក្ដី​ប្រាថ្នា​ចង់​ធ្វើ​នូវ​អ្វី​ដែល​ព្រះ​អម្ចាស់​បង្គាប់។ ព្រះ​អម្ចាស់​នឹង​ចាក់​ព្រះ​វិញ្ញាណ​របស់​ទ្រង់​លើ​រាស្ត្រ​របស់​ទ្រង់ ហើយ​យុគសម័យ​ថ្មី​នៃ​សេចក្ដី​សង្គ្រោះ​នឹង​មក​ដល់ (អេសាយ ៣២:១៥; ៤៤:៣; យ៉ូអែល ២:២៨)។ ការ​បង្កើត​ឡើង​នឹង​មាន​ការ​ចាប់​ផ្ដើម​ជា​ថ្មី ហើយ​ដែល​មាន​ដំណើរ​ចាក​ចេញ​ជា​ថ្មី មាន​សេចក្ដី​តាំង​សញ្ញា​ជា​ថ្មី និង​ការ​បង្កើត​ជា​ថ្មី។

ព្រះ​រាជ្យ​នគរ​ដែល​ព្រះ​ជាម្ចាស់​បាន​សន្យា​មិន​មាន​ការ​ដក​ចេញ​នោះ​ទេ។ វា​នឹង​មក​ដល់ ហើយ​ដាវីឌ​ថ្មី​នឹង​សោយរាជ្យ​លើ​បល្ល័ង្ក​នោះ (ហូសេ ៣:៥; មីកា ៥:២-៤; អេសាយ ៩:១-៧; ១១:១-១០; ៥៥:៣; យេរេមា ២៣:៥-៦; ៣០:៩; ៣៣:១៥-១៧; អេសេគាល ៣៤:២៣-២៤; ៣៧:២៤-២៥; សាការី ៩:៩)។ ការ​បង្កើត​ជា​ថ្មី ដំណើរ​ចាក​ចេញ​ជា​ថ្មី និង​ការ​តាំង​សេចក្ដី​សញ្ញា​ជា​ថ្មី​នឹង​ទទួល​បាន​ការ​បំពេញ​ឡើង​តាម​រយៈ​ស្ដេច​មួយ​អង្គ! សត្វ​ពស់​នឹង​ចាញ់ ហើយ​ព្រះ​រាជ្យ​នគរ​នឹង​មក​ដល់។

ការ​ត្រឡប់​មក​វិញ​ពី​ភាព​ជា​ឈ្លើយ

សាសន៍​អ៊‌ីស្រាអែល​បាន​ត្រឡប់​មក​វិញ​ពី​ភាព​ជា​ឈ្លើយ​នៅ​ក្នុង​ឆ្នាំ ៥៣៦ មុន​គ.ស. ប៉ុន្តែ​សេចក្ដី​សន្យា​នៃ​ការ​តាំង​សញ្ញា​ថ្មី ការ​បង្កើត​ឡើង​ជា​ថ្មី និង​ការ​ដែល​នគរ​មក​ដល់​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ មើល​ទៅ​វា​ហាក់​ដូច​ជា​ថា ទំនាយ​ដែល​មាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ពួក​ហោរា​ហាក់​បី​ដូច​ជា​គ្រាន់​តែ​មាន​រួច​ស្រេច ប៉ុន្តែ​មិន​ទាន់​មាន​ការ​បំពេញ​នៅ​ឡើយ។ នៅ​ពេល​ដែល​យើង​ពិចារណា​គ្រប់​ជ្រុង​ជ្រោយ វា​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង​ណាស់​ត្រង់​ថា សាសន៍​អ៊‌ីស្រាអែល​មិន​បាន​បោះ​បង់​ជំនឿ​របស់​ខ្លួន​ចោល​នោះ​ទេ។ ពួក​គាត់​នៅ​បន្ត​ជឿ​ជាក់​ថា ព្រះ​អម្ចាស់​នឹង​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់​ចំពោះ​ពួក​គាត់។

លោកគ្រូ ជ្រេន័រ បាន​បន្ត​ផ្ដល់​ជូន​នូវ​ការ​សង្ខេប​ត្រួសៗ​នៃ​ការ​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៃ​ដំណើរ​រឿង​នេះ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ និង​ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ៖

កណ្ឌ​គម្ពីរ​ដំណឹង​ល្អ

នៅ​ពេល​ដែល​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បើក​ឆាក មាន​យោបល់​នានា និង​បក្ស​ជា​ច្រើន​ក្នុង​ប្រទេស​អ៊‌ីស្រាអែល ប៉ុន្តែ​មាន​ជំនឿ​រួម​គ្នា​ថា​ព្រះ​អម្ចាស់​នឹង​រក្សា​សេចក្ដី​សន្យា​នៃ​ព្រះ​រាជ្យ​នគរ​របស់​ទ្រង់។ មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ថា សេចក្ដី​សន្យា​ដ៏​សំខាន់ៗ​នឹង​កើត​មាន​ឡើង​បាន លុះ​ត្រា​តែ​សាសន៍​អ៊‌ីស្រាអែល​ស្ដាប់​បង្គាប់​តាម​ធម៌រ៉ា (“Torah” «កណ្ឌ​គម្ពីរ​ប្រាំ​ច្បាប់​ដំបូង»)។ ព្រឹត្តិ​ការណ៍​នានា​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បាន​កើត​ឡើង​មុន​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​និពន្ធ​ឡើង ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ចំណុច​ពី​ខាង​ក្រោយ​នៃ​ទេវ​វិទ្យា​សំបុត្រ​មួយ​នេះ។ យើង​មិន​អាច​លើក​ឡើង​បាន​យ៉ាង​ក្បោះ​ក្បាយ​អំពី​សារ​នៃ​ដំណឹង​ល្អ​នៅ​ចំណុច​នេះ​បាន​ឡើយ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​យើង​ក៏​អាច​មើល​ឃើញ​ប្រធាន​បទ​មួយ​ចំនួន​បាន​ផុស​ឡើង​បាន​ដែរ។

ទី១ ព្រះ​យេស៊ូវ​គឺ​ជា​ដាវីឌ​ថ្មី​ដែល​ពួក​ហោរា​បាន​សន្យា​អំពី។ ព្រះ​អង្គ​ជា​បុគ្គល​ដែល​នឹង​បំពេញ​ព្រះ​ពរ​ដែល​ព្រះ​ជាម្ចាស់​បាន​សន្យា​ទៅ​កាន់​លោក អ័ប្រាហាំ និង​ស្ដេច ដាវីឌ។

ទី២ ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា ព្រះ​រាជ្យ​នគរ​បាន​មក​ដល់​ក្នុង​ព័ន្ធកិច្ច​របស់​ទ្រង់។ ព្រះ​រាជ្យ​នគរ​បាន​មក​ដល់ ពីព្រោះ​ស្ដេច​បាន​យាង​មក​ដល់!

ទី៣ ព្រះ​យេស៊ូវ​បាន​បង្រៀន​យ៉ាង​ច្បាស់​លាស់​ថា ព្រះ​អង្គ​គឺ​ជា​អង្គ​ដែល​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​ទៅ​កាន់​រាស្ត្រ​របស់​ទ្រង់ (ម៉ាថាយ ៣:១១-១២; យ៉ូហាន ១៤:១៦) សេចក្ដី​សន្យា​ថា​នឹង​ត្រឡប់​ពី​ភាព​ជា​ឈ្លើយ​វិញ ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី ការ​បង្កើត​ថ្មី​ដែល​នឹង​កើត​ឡើង​តាម​រយៈ​ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់។

ទី៤ ព្រះ​យេស៊ូវ​គឺ​ជា​កូន​មនុស្ស​ដែល​នឹង​ទទួល​ព្រះ​រាជ្យ​នគរ (ដានីយ៉ែល ៧:៩-១៤)។ ព្រះ​អង្គ​គឺ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់​ដែល​ជា​អេម៉ាញូអែល‍ ដែល​ប្រែ​ថា ព្រះ​អង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង (ម៉ាថាយ ១:២៣)។ ព្រះ​អង្គ​គឺ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​ជាម្ចាស់ (យ៉ូហាន ១:១-១៨) ដែល​ជា​ព្រះ​មួយ​រយ​ភាគរយ (យ៉ូហាន ៥:២៣)។ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គង់​នៅ​មុន​លោក អ័ប្រាហាំ បាន​កើត​មក​ម៉្លេះ (យ៉ូហាន ៨:៥៨)។ ព្រះ​អង្គ​ជា​នំប៉័ង​ជីវិត ជា​ពន្លឺ​នៃ​លោកីយ៍ ជា​អ្នក​គង្វាល​ដ៏​ល្អ ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ជា​ព្រះ​នៃ​ជីវិត ជា​ផ្លូវ​ជា​សេចក្ដី​ពិត និង​ជា​ជីវិត និង​ជា​ដើម​ទំពាំងបាយជូរ​ដ៏​ពិត។

ទី៥ នៅ​ឯ​ពិធី​ជប់​លៀង​ចុង​ក្រោយ ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា សេចក្ដី​តាំង​សញ្ញា​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ការ​សុគត​របស់​ទ្រង់ (ម៉ាថាយ ២៦:២៦-២៩)។ ព្រះ​យេស៊ូវ​គឺ​ជា​បាវ​បម្រើ​ផង​ព្រះ​អម្ចាស់ (អេសាយ ៥៣) ដែល​បាន​យក​អំពើ​បាប​នៃ​រាស្ត្រ​របស់​ទ្រង់​មក​ដាក់​លើ​ទ្រង់​ផ្ទាល់។ គេ​បាន​ហៅ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ថា​ជា​ការ​និទាន​រឿង​ដែល​មាន​ពេញ​ទៅ​ដោយ​ភាព​ឆេះឆួល​ដែល​មាន​សេចក្ដី​ផ្ដើម​បន្ថែម ដ្បិត​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​គឺ​ជា​សាច់​រឿង​នៃ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ហើយ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ទាំង​អស់​បង្រៀន​ថា តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ នោះ​ក៏​មាន​ការ​អត់​ទោស​ដែរ (ម៉ាថាយ ១:២១; ២០:២៨; ម៉ាកុស ១០:៤៥; លូកា ២២:១៩-២០: យ៉ូហាន ១:២៩; ៦:៥១; ១១:៤៩-៥២)។

នៅ​មាន​ចំណុច​ជា​ច្រើនៗ​ទៀត​ដែល​យើង​នៅ​អាច​លើក​ឡើង​បាន។ ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ថា ក្នុង​សាច់​រឿង​នៃ​ដំណឹង​ល្អ​គឺ​ថា​ពួក​សាសន៍​អ៊‌ីស្រាអែល លើក​លែង​តែ​ពួក​សិស្ស​មួយ​ចំនួន បាន​បរាជ័យ​ក្នុង​ការ​មើល​ឃើញ​នូវ​អ្វី​ដែល​មាន​នៅ​ពី​មុខ​ភ្នែក​របស់​ពួក​គាត់។ បញ្ហា​ដែល​បាន​ធ្វើ​ឲ្យ​មាន​វិប្បដិសារី​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​សាសន៍​អ៊‌ីស្រាអែល​នឹង​នៅ​បន្ត​មាន​ទៀត។ ពួក​គាត់​បាន​បន្ត​នៅ​បដិសេធ​ការ​បើក​សម្ដែង​របស់​ព្រះ​ជាម្ចាស់។ សាសន៍​អ៊‌ីស្រាអែល​មិន​បាន​ឱប​ក្រសោប​យក​ព្រះ​យេស៊ូវ​ជា​ព្រះ​អង្គ​ដែល​រំដោះ​ពួក​គាត់​ទេ។ ពួក​គាត់​បាន​ស្អប់​ព្រះ​យេស៊ូវ​ដោយ​ចាត់​ទុក​ទ្រង់​ថា ជា​អ្នក​ធ្វើ​ពុត​ជា​ព្រះ​មេស្ស៊ី ជា​ពិសេស​ដោយ​សារ​ពួក​គាត់​បាន​គិត​ថា សេចក្ដី​បង្រៀន​របស់​ទ្រង់​មិន​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​ក្រឹត្យ​វិន័យ។ ហេតុ​ដូច្នេះ​ហើយ ជា​ជា​ជាង​តែង​តាំង​ព្រះ​យេស៊ូវ​ដោយ​ដាក់​មកុដ​លើ​ទ្រង់​ថា​ជា​ស្ដេច នោះ​ពួក​គាត់​បែរ​ជា​ឆ្កាង​ព្រះ​អង្គ​លើ​ឈើ​ឆ្កាង​ទៅ​វិញ។

ពួក​គាត់​មិន​បាន​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​គឺ​ជា​កូន​ចៀម​នៃ​បុណ្យ​រំលង ជា​កូន​មនុស្ស ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ជាម្ចាស់ ជា​ព្រះ​បន្ទូល​នៃ​ព្រះ​ជាម្ចាស់ ជា​បាវ​បម្រើ​នៃ​ព្រះ​អម្ចាស់​នៅ​ក្នុង​កណ្ឌ​គម្ពីរ​អេសាយ​ជំពូក​៥៣​នោះ​ទេ។

ពួក​គាត់​មិន​បាន​យល់​ថា តាម​រយៈ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង នោះ​ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី​នឹង​មាន​ដូច​ដែល​ព្រះ​អង្គ​បាន​បង្រៀន​នៅ​ឯ​ពិធី​ជប់​លៀង​ចុង​ក្រោយ​នោះ​ដែរ។

ពួក​គាត់​មិន​បាន​ទទួល​ស្គាល់​ថា តាម​រយៈ​ការ​សុគត​របស់​ព្រះ​យេស៊ូវ នោះ​ព្រះ​អង្គ​បាន​សម្រេច​ការ​អត់​ទោស​ដូច​ដែល​មាន​សន្យា​នៅ​ក្នុង​ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី​នោះ​ទេ (យេរេមា ៣១:៣៤)។

សេចក្ដី​ស្លាប់​គឺ​មិន​មែន​ជា​ចំណុច​ចុង​ក្រោយ​នៃ​សាច់​រឿង​នោះ​ទេ។ ព្រះ​ជាម្ចាស់​បាន​បង្ហាញ​ថា ព្រះ​យេស៊ូវ​គ្មាន​ទោស​តាម​រយៈ​ការ​ដែល​ព្រះ​អង្គ​បាន​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ការ​សុគត​ឡើង​វិញ។ ការ​មាន​ព្រះ​ជន្ម​រស់​ពី​ការ​សុគត​ឡើង​វិញ (អេសាយ ២៦:១៩; អេសេគាល ៣៧; ដានីយ៉ែល ១២:២) ផ្ដល់​ជា​សញ្ញា​នៃ​ការ​ដែល​ការ​បង្កើត​ជា​ថ្មី និង​សម័យ​ថ្មី​បាន​មក​ដល់។

ក្នុង​ព្រះ​យេស៊ូវ ការ​ត្រឡប់​ពី​ភាព​ជា​ឈ្លើយ (ដែល​ជា​ការ​ដែល​នគរ​មក​ដល់) បាន​កើត​ឡើង ទោះ​ដឹង​ថា​វា​នឹង​មិន​បាន​សម្រេច​ឡើង​រហូត​ទាល់​តែ​ការ​យាង​មក​លើក​ទី​ពីរ​ក៏​ដោយ។

ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី​បាន​ត្រូវ​បាន​អភិសេក​ឡើង​តាម​រយៈ​ការ​សុគត​របស់​ទ្រង់ និង​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

ការ​បង្កើត​ជា​ថ្មី​បាន​មក​ដល់​តាម​រយៈ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ហើយ​ព្រះ​អង្គ​ក៏​ពិត​ជា​ដាវីឌ​ថ្មី​មែន​ដែរ។

ទំនាយ​ទាំង​អស់​ពី​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ត្រូវ​បាន​បំពេញ​ឡើង​ក្នុង​ទ្រង់។

ប៉ុន្តែ នៅ​មាន​លក្ខខណ្ឌ​មួយ។ ការ​បង្កើត​ជា​ថ្មី ការ​តាំង​សេចក្ដី​សញ្ញា​ជា​ថ្មី និង​ការ​ចាក​ចេញ​ជា​ថ្មី​ត្រូវ​បាន​អភិសេក​ឡើង ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​ទៅ​ដល់​ទេ។ ព្រះ​រាជ្យ​នគរ​បាន​មក​ដល់ ប៉ុន្តែ​មិន​មែន​ក្នុង​រូប​ភាព​ធំ​នៅ​ឡើយ។ ជាតិ​សាសន៍​ទាំង​អស់​នឹង​ទទួល​បាន​ព្រះ​ពរ​តាម​រយៈ​ទ្រង់ ដូច្នេះ​មាន​ឱកាស​សម្រាប់​មនុស្ស​ទាំង​អស់​ក្នុង​ការ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​មុន​ថ្ងៃ​ចុង​ក្រោយ​មក​ដល់។

កណ្ឌ​គម្ពីរ​កិច្ចការ

យើង​ឃើញ​ថា​ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ​នៃ​ពួក​សាវ័ក នោះ​ព្រះ​អង្គ​បាន​ប្រទាន​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​កាន់​ក្រុម​ជំនុំ (កិច្ចការ ២) ដែល​នេះ​បង្ហាញ​ជា​សញ្ញា​ថា​គ្រា​ចុង​ក្រោយ​ក៏​បាន​មក​ដល់​ដែរ។ ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី​គឺ​ជា​យុគ​សម័យ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​បុណ្យ​៥០។ ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ​ដំណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ប្រកាស​ទៅ​កាន់​ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ ដើម្បី​ឲ្យ​សេចក្ដី​សន្យា​ទៅ​កាន់​លោក អ័ប្រាហាំ លោក អ៊ីសាក និង​លោក យ៉ាកុប នៃ​ព្រះ​ពរ​ពេញ​ផែន​ដី​បាន​កើត​ឡើង។

និពន្ធដោយ៖ លោកគ្រូ JUSTIN TAYLOR
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សូម​យក​ចិត្ត​ទុក​ដាក់

ព្រះ​នៃ​ជីវិត​របស់​យើង​បាន​យាង​មក