តើបងប្អូនប៉ុន្មាននាក់មានសង្សារក្នុងក្តីស្រមៃ? តើបងប្អូនប៉ុន្មាននាក់មានការងារក្នុងក្តីស្រមៃ? តើបងប្អូនប៉ុន្មាននាក់មានរៀនសូត្រក្នុងក្តីស្រមៃ?
ប្រាកដណាស់ វាជារឿងដ៏ប្រពៃនៅពេលដែលក្តីស្រមៃរបស់យើងបានក្លាយជាការពិត។ កាលខ្ញុំនៅលីវ ខ្ញុំធ្លាប់ស្រមៃចង់បានប្រពន្ធដែលស្អាត ឆ្លាត និងកោតខ្លាចព្រះ ហើយនៅពេលដែលខ្ញុំបានរៀបការជាមួយនឹងប្រពន្ធខ្ញុំ ខ្ញុំក៏ពិតជាសប្បាយចិត្តមែន។ តើបងប្អូនចង់បន្តរស់នៅក្នុងក្តីស្រមៃ ឬក៏ក្នុងការពិត? ចំពោះអ្នកដែលមានគ្រួសារ តើអ្នកចង់ថើបស្រមោលរបស់មនុស្សដែលយើងស្រឡាញ់ ឬក៏ចង់ថើបគាត់ផ្ទាល់?
បើយើងមើលជាទ្រង់ទ្រាយធំ នោះយើងដឹងថាសាវ័ក ប៉ុល កំពុងតែរៀបរាប់ដំណឹងល្អដ៏ពិត ហើយព្រមានក្រុមជំនុំឲ្យប្រយ័ត្នជាមួយនឹងសេចក្តីបង្រៀនខុសឆ្គង ឬក៏គ្រូខុសឆ្គង។ ពួកគ្រូខុសឆ្គងកំពុងតែព្យាយាមបង្រៀនថា ក្រុមជំនុំត្រូវការអ្វីផ្សេងទៀតនៅលើជំនឿរបស់ខ្លួន ដើម្បីឲ្យបានពេញលេញ។
យើងសង្ខេបកណ្ឌគម្ពីរ កូឡូស ២:៨-១៥ ដូចតទៅថា «វិសាលភាពនៃការសម្រេចរបស់ព្រះគ្រីស្ទទៅលើឈើឆ្កាង»។ តើព្រះអង្គបានសម្រេចអ្វីខ្លះនៅក្នុងកណ្ឌគម្ពីរ កូឡូស ២:៨-១៥?
ព្រះអង្គបានសម្រេចការកាត់ស្បែក (ខ.១១) ការកប់ និងការរស់ឡើងវិញ (ខ.១២) ការស្លាប់ និងជីវិតថ្មី (ខ.១៣) ការលុបចោលសេចក្ដីដែលកត់ទុក (ខ.១៤) និងការទំលាក់ងារ (ខ.១៥)។ ហើយប្រសិនបើយើងនៅចង់រម្លឹកថែមទៀតអំពីប្រធានបទស្នូលដែលសាវ័ក ប៉ុល បានលើកឡើងចាប់តាំងពីកណ្ឌគម្ពីរ កូឡូស ១:១-២:១-១៤ យើងអាចយកកណ្ឌគម្ពីរ កូឡូស ១:១៨ មកសង្ខេបទាំងមូល៖ «ទ្រង់ជាសិរសារបស់រូបកាយ គឺជាពួកជំនុំ ទ្រង់ជាដើម ក៏បានរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ដើម្បីឲ្យទ្រង់បានជាប្រធានក្នុងគ្រប់ទាំងអស់»។ នេះគឺជាខគម្ពីរគន្លឹះសម្រាប់កណ្ឌគម្ពីរកូឡូសទាំងមូល។
នេះមានន័យថា ការមានព្រះយេស៊ូវគឺគ្រប់គ្រាន់ហើយ ដូច្នេះចូរនៅឲ្យជាប់ក្នុងទ្រង់ ហើយបដិសេធសេចក្ដីបង្រៀនខុសឆ្គងចុះ។ ព្រះយេស៊ូវគឺជាមូលដ្ឋានគ្រឹះតែមួយគត់នៃជំនឿរបស់យើង។ យើងមិនចាំបាច់ថែមអ្វីផ្សេងទៀត ដូចដែលគ្រូខុសឆ្គងតែងតែបង្រៀននោះទេ។ ព្រះយេស៊ូវគ្រប់គ្រាន់ ដោយសារទ្រង់ជា «តួរូបអង្គ»៖ «សេចក្ដីទាំងនេះជាស្រមោលនៃការដែលត្រូវមក តែតួរូបអង្គនោះ គឺជាព្រះគ្រីស្ទ» (កូឡូស ២:១៧)។
«ស្រមោល»
ហេតុអ្វីបានជាការមានព្រះគ្រីស្ទគឺជាការគ្រប់គ្រាន់? ពីព្រោះព្រះអង្គគឺជា «តួរូបអង្គ»។ កណ្ឌគម្ពីរ កូឡូស ១:១៥ បានចែងថា «ដែលទ្រង់ជារូបអង្គនៃព្រះដ៏មើលមិនឃើញ ជាបងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក»។
តើមានស្រមោលអ្វីទៀតដែលចង្អុលបង្ហាញអំពីព្រះយេស៊ូវ នៅក្នុងព្រះគម្ពីរសញ្ញាចាស់?
ពូជស្ត្រី (លោកុប្បត្ដិ ៣:១៥)
«អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។
កូនចៀមនៃបុណ្យរំលង (និក្ខមនំ ១២)
«លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។
នំម៉ាណាពីស្ថានសួគ៌ (និក្ខមនំ ១៦)
«ព្រះយេស៊ូវមានបន្ទូលថា ខ្ញុំជានំប៉័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ» (យ៉ូហាន ៦:៣៥)។
សត្វពស់ធ្វើពីលង្ហិន (ជនគណនា ២១:៤-៩)
«ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ» (យ៉ូហាន ៣:១៤-១៥)។
រោងឧបោសថ និងព្រះវិហារ (និក្ខមនំ ២៥-៣១ និង ១ពង្សាវតាក្សត្រ ៦)
«ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ចូរបំផ្លាញព្រះវិហារនេះចុះ រួចក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ ដូច្នេះពួកសាសន៍យូដាទូលថា គេសង់ព្រះវិហារនេះ ពេញ៤៦ឆ្នាំគត់ តែលោកនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃឬ ប៉ុន្តែ គឺទ្រង់មានបន្ទូលពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ» (យ៉ូហាន ២:១៩-២១)។
សម្ដេចសង្ឃ (លេវីវិន័យ ១៦)
«ដូច្នេះ ដែលមានសម្ដេចសង្ឃយ៉ាងធំ១អង្គ ដែលទ្រង់បានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ នោះត្រូវតែឲ្យយើងមានចិត្តដាច់ស្រឡះនឹងជឿតាមចុះ ដ្បិតសម្ដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្ដីកម្សោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្ក នៃព្រះគុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្តា ហើយរកបានព្រះគុណសម្រាប់នឹងជួយដល់ពេលត្រូវការចុះ» (ហេព្រើរ ៤:១៤-១៦; ៩:១១-១២)។
លោក ម៉ិលគីស្សា (លោកុប្បត្ដិ ១៤:១៨-២០)
សូមអានក្នុងកណ្ឌគម្ពីរ ហេព្រើរ ជំពូក៧។
អ្នកគង្វាលដ៏ល្អ (ទំនុកតម្កើង ២៣)
ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្ដូរជីវិតជំនួសចៀម (យ៉ូហាន ១០:១១)។
ថ្មជ្រុង (ទំនុកតម្កើង ១១៨:២២)
«ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯកហើយ» (ទំនុកតម្កើង ១១៨:២២)
«ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ តែដល់ពួកអ្នកមិនជឿវិញ នោះ «“ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក”» (១ពេត្រុស ២:៧)។
«ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវកនឹងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក» (អេភេសូរ ២:២០)។
ហឹបនៃសេចក្តីតាំងសញ្ញា (និក្ខមនំ ២៥:១០-២២)
«កុំឲ្យគិតស្មានថា ខ្ញុំមកដើម្បីនឹងលើកក្រិត្យវិន័យ ឬទំនាយពួកហោរាចោលឡើយ ខ្ញុំមិនមែនមកនឹងលើកចោលទេ គឺមកនឹងធ្វើឲ្យសំរេចវិញ» (ម៉ាថាយ ៥:១៧)។
ទាំងនោះគឺគ្រាន់តែជាស្រមោលនៃអ្វីដែលពិតប៉ុណ្ណោះ «…តែតួរូបអង្គនោះ គឺជាព្រះគ្រីស្ទ» ផ្ទាល់។
ខ. «ព្រះគ្រីស្ទ»
ព្រះយេស៊ូវបានបំពេញតួនាទីជាព្រះមេស្ស៊ីក្នុងនាមជាហោរា ជាសង្ឃ និងជាស្ដេច។ ព្រះអង្គមិនមែនគ្រាន់តែធ្វើជាសង្ឃ ដើម្បីធ្វើយញ្ញបូជាប៉ុណ្ណោះឡើយ ប៉ុន្តែទ្រង់ផ្ទាល់គឺជាយញ្ញបូជាដ៏ល្អប្រសើរជាងយញ្ញបូជានានាផ្សេងទៀត។
«…ព្រះយេស៊ូវដ៏ជាមេផ្ដើម ហើយជាមេសម្រេចសេចក្ដីជំនឿរបស់យើង» (ហេព្រើរ ៣:១)។
យើងអាចសង្ខេបកណ្ឌគម្ពីរហេព្រើរដូចតទៅ៖ ព្រះយេស៊ូវល្អប្រសើរជាង៖ ១. ពួកហោរា ២. ពួកទេវតា ៣. លោក ម៉ូសេ ៤. លោក យ៉ូស្វេ ៥. ពួកសម្ដេចសង្ឃ ៦. លោក អ័ប្រាហាំ ៧. ពួកសង្ឃនៅសម័យសញ្ញាចាស់ ៨. សេចក្ដីតាំងសញ្ញាចាស់ ៩. រោងឧបោសថ ១០. យញ្ញបូជាចាស់ ១១. និងភ្នំស៊ីណាយ។ល។
មានព្រះអង្គគឺគ្រប់គ្រាន់ហើយ បងប្អូន ដ្បិត «ព្រះយេស៊ូវជាសាវ័ក និងជាសម្ដេចសង្ឃ» (ហេព្រើរ ៣:១)។
វិវរណៈ ២១:៦ «ទ្រង់ [សំដៅលើ “ព្រះយេស៊ូវ”] ជា [សេចក្ដី] ស្រេចហើយ អញជាអាលផា និងអូមេកា គឺជាដើម ហើយជាចុង»។
អ្វីដែលព្រះយេស៊ូវបានយាងមកសម្រេច គឺទ្រង់បានសម្រេចរួចអស់ហើយ ហើយយើងអាចដឹងអំពីការនេះបានដោយសារឥឡូវនេះព្រះអង្គកំពុងតែគង់នៅខាងស្ដាំព្រះហត្ថរបស់ព្រះវរបិតា (ហេព្រើរ ១:៣)។
ដូច្នេះ ចូរយើងនៅឲ្យជាប់ជាមួយនឹងព្រះអង្គ ពីព្រោះបើមិនដូច្នោះទេ នោះយើងនឹងបែកឆ្វេង ដោយទទួលយកសេចក្តីបង្រៀនខុសឆ្គងជាមិនខាន។
និពន្ធដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ
ផ្ទៀងផ្ទាត់ដោយ៖ លោក ខែម បូឡុង, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និងលោក ស៊ូ ទិត្យ
ឯកសារយោង
Calvin, J. (1548). On The Epistle of Paul to the Philippians, Colossians and Thessalonians. Translated and edited from the original Latin, and colated with the French Version by the Rev. John Pringle; Christian Classics Ethereal Library, Grand Rapids, MI.Dunn, J. D. G. (1996). The Epistles to the Colossians and to Philemon: a commentary on the Greek text. William B. Eerdmans Publishing; Paternoster Press.
Moo, D. J. (2008). The letters to the Colossians and to Philemon (p. 232). William B. Eerdmans Pub. Co.
Sinclair Ferguson on Colossians 2:16-19: https://youtu.be/W7_8sZhIxc4?si=lysOnV3dXjgfG8SL
John MacArthur on Colossians 2: https://youtu.be/ZSZgnWIt_Bk?si=ZHH-xftA5HCIoQwD
មតិយោបល់
Loading…