កុំគិតថា «បើត្រឹមតែពាក្យសម្ដី នោះវានឹងមិនដែលធ្វើឲ្យខ្ញុំឈឺទេ»។ ដំបង និងដុំថ្មប្រហែលវាយឲ្យខ្ញុំបាក់ឆ្អឹង ប៉ុន្តែពាក្យសម្ដី…ពាក្យសម្ដីធ្វើឲ្យឈឺចាប់ខ្លាំងជាងនោះទៅទៀត។ មិនដឹងយ៉ាងមិចដែរ ពេលខ្លះការវាយអស់មួយទំហឹងឈឺចាប់តិចជាងពាក្យដែលអណ្ដាតគ្រលាស់ទៅទៀត។ ក្រោយពីមួយរយៈ ស្នាមជាំរលប់បាត់អស់ទៅ តែពាក្យសម្ដីវិញនៅកប់ជ្រៅប្រៀបដូចជាដាវដោតជាប់។ ខ្ញុំស្គាល់មនុស្សដែលនៅបន្តរងរបួសដោយពាក្យសម្ដីយង់ឃ្នងមកលើពួកគេជាយូរឆ្នាំ និងរាប់ទសវត្សរ៍កន្លងទៅហើយ។
គ្មានអ្វីចម្លែកនោះឡើយ នេះជាមូលហេតុដែលព្រះគម្ពីរបានព្រមានយើងជាញឹកញាប់ទាស់នឹងពាក្យសម្ដីច្រឡោតខឹង។ ហើយក៏គ្មានអ្វីដែលចម្លែកដែរ ដែលព្រះគម្ពីរព្រមានអំពីការដែលមានកំហឹង ឬភាពល្វីងជូរចត់។ ក្រៅពីអ្វីៗទាំងអស់ ពាក្យសម្ដីរបស់យើងហូរចូលក្នុងដួងចិត្ត ហើយអ្វីដែលចិត្តជឿ នោះមាត់ក៏ប្រកាស។
ប៉ុន្តែ ព្រះគម្ពីរមិនត្រឹមតែព្រមានយើងតែអំពីអ្វីដែលយើងនិយាយនោះឡើយ តែក៏ថែមទាំងបានណែនាំយើងអំពីពាក្យសម្ដីដែលយើងស្ដាប់ផងដែរ។ អ្នកនិពន្ធកណ្ឌគម្ពីរសាស្ដាលើកឡើងថា «មួយទៀត កុំឲ្យយកចិត្តទុកដាក់ចំពោះពាក្យទាំងអស់ដែលគេពោលឡើយ ក្រែងឯងឮបាវបម្រើដល់ឯង ដ្បិតចិត្តឯងក៏ដឹងហើយថា ឯងបានជេរគេដូច្នោះជាច្រើនដងដែរ» (៧៖២១-២២)។
ដូចសព្វមួយដង អ្នកនិពន្ធកណ្ឌគម្ពីរសាស្ដាតែងតែប្រកាសពីសេចក្ដីពិត។ ខ្ញុំដឹងច្បាស់ថា អ្វីដែលខ្ញុំនិយាយជាច្រើនអំពីអ្នកដទៃ វាគ្មានខ្លឹមសារ និងមិនសមរម្យ ហើយថាពាក្យសម្ដីទាំងនោះ វានិយាយស្ដែងអំពីខ្ញុំច្រើនជាងអ្នកដែលខ្ញុំនិយាយអំពីទៅទៀត។ ជាញឹកញាប់ ខ្ញុំនិយាយដោយសេរីពេក រិះគន់ពីអ្នកដទៃពេក—សូម្បីតែអំពីមនុស្សដែលខ្ញុំស្រឡាញ់។ ខ្ញុំមិនទាំងជឿដូច្នោះផង តែមិនដឹងជាយ៉ាងម៉េច ខ្ញុំនៅតែនិយាយវាចេញទៅកើត។ លោក ជីម វីនធើ (Jim Winter) បានលើកឡើងថា «យើងគ្រប់គ្នាមុខជាអាម៉ាស់ បើសិនជាអ្នកផ្សេងទៀតដឹងអំពីអ្វីដែលយើងបាននិយាយអំពីពួកគេ នៅពេលដែលពួកគេមិននៅទីនោះ។ បើសិនជាយើងត្រូវព្យាយាមពន្យល់អំពីទង្វើរបស់យើង នោះយើងអាចនឹងនិយាយថា យើងបាននិយាយដោយសារតែកំហឹងមួយពេល ឬក៏យើងមិនមែនចង់មានន័យដូចដែលយើងបាននិយាយនោះទេ ឬក៏យើងគ្រាន់តែមានថ្ងៃមួយដែលមិនល្អ ហើយមិនមានពាក្យសម្ដីអ្វីល្អសម្រាប់នរណាម្នាក់។ វាអាចជាការពិត ប៉ុន្តែការខូចខាតបានកើតឡើងរួចស្រេចទៅហើយ»។ ខ្ញុំតែងតែមានលេសដែលអាចពន្យល់ បកស្រាយបានទាំងអស់។
នៅពេលខ្ញុំមើលទៅកាន់ពាក្យសម្ដីរបស់ខ្ញុំ នោះខ្ញុំអាចយល់បានដោយងាយអំពីអ្វីដែលខ្ញុំពិតជាចង់សំដៅលើ និងអាចឃើញអំពីភាពល្វីងជូរចត់ដែលហូរចេញមកពីក្នុងវិញ្ញាណដែលខ្ទេចខ្ទាំ។ ប៉ុន្តែ ជាធម្មតា ពេលខ្លួនខ្ញុំផ្ដោតទៅលើទស្សនៈនៃលោកីយ៍នេះច្រើនពេក នោះវាបណ្ដាលឲ្យខ្ញុំមានការយល់ខុសអំពីការពិតជាក់ស្ដែង។ «អ្វីមួយដែលយើងត្រូវចាំនៅក្នុងចិត្តគំនិតរបស់យើងនោះគឺថា នៅពេលដែលមានមនុស្សនិយាយអាក្រក់អំពីយើង ការបកស្រាយរបស់ពួកគេក៏ប្រហែលជាដូចគ្នានឹងយើងដែរ! បើសិនជាយើងប្រតិកម្មតប ខ្លាំងជ្រុលពេក នោះយើងមុខជានៅជាប់ដិតដាមនឹងគ្រប់ពាក្យរបស់គេជាមិនខាន។ ប្រសិនបើជាយើងទទួលបានព័ត៌មានតាមរយៈបុគ្គលទីបី យើងក៏នឹងនៅដិតដាមជាប់ជាមួយសម្រង់សម្ដីដែលខុសទាំងឡាយនោះដែរ»។ ទោះបីជាខ្ញុំដឹងអំពីចំនួនដ៏ច្រើននៃពាក្យសម្ដីគ្មានខ្លឹមសារដែលខ្ញុំបានស្រដីចេញយ៉ាងណាក្ដីក៏ដោយ ក៏ខ្ញុំនៅតែគិតថា អ្នកដទៃទៀត គេនិយាយដោយមានចេតនានូវរាល់ពាក្យសម្ដីដែលគេនិយាយ។ ខ្ញុំបានបើកផ្លូវចំហធំសម្រាប់ខ្លួនឯងជាងបើកផ្លូវចំហសម្រាប់អ្នកដទៃ។ ខ្ញុំបានលើកលែងទោសសម្រាប់ខ្លួនឯង ខណៈដែលខ្ញុំថ្កោលទោសអ្នកដទៃ។
អ្នកនិពន្ធកណ្ឌគម្ពីរសាស្ដាតែងតែផ្ដល់ជាគំនិតប្រាជ្ញា។ គាត់ប្រាប់ខ្ញុំឲ្យគិតចំពោះពាក្យសម្ដីរបស់អ្នកដទៃ ដូចដែលខ្ញុំចង់ឲ្យអ្នកដទៃគិតចំពោះពាក្យសម្ដីរបស់ខ្ញុំដែរ—ដោយដឹងថា ពួកគេក៏ប្រព្រឹត្តបាបដូចជាខ្ញុំប្រព្រឹត្តដែរ ពួកគេក៏មិនមានចេតនាលើគ្រប់ពាក្យ ដូចដែលខ្ញុំមិនមានចេតនាផងដែរ។ កំណត់ចំណាំនៅក្នុងព្រះគម្ពីរសិក្សា ម៉កខសស៊ើរ (MacArthur Bible Study) បានលើកឡើងយ៉ាងច្បាស់ថា៖ «ដោយលោកអ្នកត្រូវការការអភ័យទោសពីពាក្យសម្ដីដែលធ្វើឲ្យអ្នកដទៃអាក់អន់ចិត្តជាច្រើន ដូច្នេះហើយកុំឲ្យនៅប្រកាន់ទោសតឹងរ៉ឹងពេកចំពោះពាក្យសម្ដីដែលធ្វើឲ្យអ្នកអាក់អន់ចិត្តរបស់ពួកគេមកលើអ្នកដែរ»។ ឬក៏តាមដំបូន្មានរបស់លោកគ្រូ ស្ពើជិន (Spurgeon) «លោកអ្នកមិនអាចបញ្ឈប់មនុស្សមិនឲ្យនិយាយបានឡើយ ហេតុដូច្នេះហើយបានជាអ្វីមួយដែលល្អបំផុតដែលលោកអ្នកអាចធ្វើគឺឈប់ស្ដាប់ ហើយមិនចាំបាច់ខ្វល់ខ្វាយជាមួយនឹងអ្វីដែលគេនិយាយទៅជាការស្រេច។ មាននូវពិភពនៃក្រុមមនុស្សដែលនិយាយតែរឿងគ្មានប្រយោជន៍ និយាយដើមគេ ហើយសម្រាប់អស់អ្នកដែលចាំតែសម្គាល់ នោះមុខជាមិនសូវមានពេលទំនេរច្រើនទេ»។ មាននូវពិភពនៃក្រុមមនុស្សដែលនិយាយតែរឿងគ្មានប្រយោជន៍ និងមានក្រុមមនុស្សដែលនិយាយតែរឿងគ្មានប្រយោជន៍នៅខាងក្នុងដែរ។
មែនទែនទៅ ការពិតគឺថា៖ ខ្ញុំបានជេរលោកអ្នក ហើយលោកអ្នកក៏បានជេរខ្ញុំដែរ។ យើងទាំងពីរនាក់បានប្រព្រឹត្តបាប ហើយពីរនាក់យើងក៏ចាំបាច់ត្រូវទទួល និងពង្រីកព្រះគុណរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានដាក់បណ្ដាសាព្រះរាជបុត្រារបស់ទ្រង់ផ្ទាល់ ប្រយោជន៍ឲ្យយើងអាចទទួលបានការអត់ទោសតាមរយៈព្រះបុត្រាទ្រង់។
កុំគិតថា «បើត្រឹមតែពាក្យសម្ដី នោះវានឹងមិនដែលធ្វើឲ្យខ្ញុំឈឺទេ»។ ដំបង និងដុំថ្មប្រហែលវាយឲ្យខ្ញុំបាក់ឆ្អឹង ប៉ុន្តែពាក្យសម្ដី…ពាក្យសម្ដីធ្វើឲ្យឈឺចាប់ខ្លាំងជាងនោះទៅទៀត។
មតិយោបល់
Loading…