«“អញស្គាល់សេចក្ដីដែលអញគិតពីដំណើរឯងរាល់គ្នា”» ព្រះយេហូវ៉ាទ្រង់មានបន្ទូល «“មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្ដីសង្ឃឹម»”។ ខគម្ពីរមួយនេះ ឬក៏ផ្នែកខ្លះៗនៃខគម្ពីរនេះ គឺពេញទៅដោយប្រជាប្រិយភាពមែនទែន។ គេពេញនិយមក្នុងការបង្ហាញកណ្ឌគម្ពីរ យេរេមា ២៩:១១ ក្នុងផ្ទាំងរូបភាព បោះពុម្ពលើអាវ ឬក៏បិទលើជញ្ជាំងផ្ទះ។ល។ ជារឿយៗ គេយកខគម្ពីរនេះមកនិយាយឡើងថា ហាក់ដូចជាការសន្យាអំពីសេចក្ដីសង្ឃឹមទៅកាន់អ្នកដែលកំពុងតែកាន់ទុក្ខ ឬក៏កំពុងតែបាក់ទឹកចិត្ត។ ទោះជាយ៉ាងណាក៏ដោយ មុនយើងអាចយកខគម្ពីរមួយនេះមកអនុវត្តបាន ជាដំបូងគឺដាច់ខាតយើងត្រូវតែយល់វាក្នុងបរិបទសិន។
ទាក់ទងនឹងការកាត់ស្រាយព្រះបន្ទូល ដាច់ខាតយើងត្រូវតែយល់អំពីចំណុចខុសគ្នារវាងការកាត់ស្រាយខគម្ពីរនោះ និងការអនុវត្តខគម្ពីរនោះដែរ៖ បទគម្ពីរមួយអាចមានអត្ថន័យតែមួយគត់ប៉ុណ្ណោះ ប៉ុន្តែបទគម្ពីរនោះអាចមានការអនុវត្តខុសៗគ្នាជាច្រើនបាន។ ហើយកណ្ឌគម្ពីរ យេរេមា ២៩:១១ ក៏មិនមានអ្វីខុសប្លែកពីនោះដែរ។ ខគម្ពីរនេះមានអត្ថន័យតែមួយគត់ប៉ុណ្ណោះ។
កណ្ឌគម្ពីរយេរេមាជំពូកទី២៩គឺជាសំបុត្រសរសេរទៅកាន់ពួកឈ្លើយនៅឯទីក្រុងបាប៊ីឡូន។ ជាចំណែកនៃការដាក់ទារុណកម្មលើសាសន៍យូដាសម្រាប់អំពើបាបរបស់ពួកគេ ព្រះជាម្ចាស់ហៀបនឹងចាត់ពួកបាប៊ីឡូនទៅបំផ្លាញទីក្រុងយេរូសាឡឹម ហើយឲ្យនាំមនុស្សជាច្រើននាក់ទៅកាន់ទីក្រុងបាប៊ីឡូនដែរ។ (សម្រាប់ជាឧទាហរណ៍ សូមមើលនៅក្នុងកណ្ឌគម្ពីរ យេរេមា ២៥:៨-១៤។) នៅពេលនោះហោរា យេរេមា បានសរសេរកណ្ឌគម្ពីរយេរេមាជំពូកទី២៩ស្ដេច នេប៊ូក្នេសា ក៏បានដកសាសន៍យូដាមួយចំនួន នាំយកទៅកាន់ទីក្រុងយេរូសាឡឹមហើយដែរ (សូមមើលនៅក្នុងខ១) ទោះបើការបំផ្លាញទីក្រុងយេរូសាឡឹម និងព្រះវិហារនឹងនៅតែកើតឡើងក៏ដោយ។ ហោរា យេរេមា សរសេរទៅកាន់ពួកឈ្លើយ ដើម្បីប្រាប់ពួកគាត់ថារាស្ត្ររបស់ព្រះជាម្ចាស់នឹងត្រឡប់ទៅឯទឹកដីវិញបន្ទាប់ពី៧០ឆ្នាំ (ខ១០)។ បន្ទាប់មក គាត់ក៏ធានាអះអាងទៅកាន់ពួកគាត់នៅក្នុងខ១១ថា ព្រះជាម្ចាស់មិនបានបោះបង់ពួកគាត់ចោលឡើយ។ ព្រះអង្គនឹងស្ដារពួកគាត់ឡើងវិញ។ ផែនការរបស់រាស្ត្រដែលទ្រង់បានជ្រើសរើស «គិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្ដីសង្ឃឹម»។
ក្នុងការអនុវត្តចម្បង កណ្ឌគម្ពីរ យេរេមា ២៩:១១ មិនមានអ្វីពាក់ព័ន្ធទៅនឹងបុគ្គលណាម្នាក់ដែលកំពុងរស់នៅសព្វថ្ងៃនេះទេ។ ខគម្ពីរនេះគឺសម្រាប់តែសាសន៍យូដា ដែលកំពុងរស់នៅបែបជាឈ្លើយនៅឯទីក្រុងបាប៊ីឡូន ក្នុងអំឡុងពេលនៃសតវត្សរ៍ទី៦ មុនគ.ស.តែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ មនោសញ្ចេតនានៃការលើកឡើងក៏ពិតជាគួរឲ្យចាប់អារម្មណ៍ ហើយលើកទឹកចិត្តមែនផងដែរ។ តើខគម្ពីរនេះមិនមានអត្ថន័យទាល់តែសោះមែនឬ ទាក់ទងទៅនឹងដែលថាយើងអនុវត្តខគម្ពីរនេះនៅសព្វថ្ងៃនេះ? ចម្លើយគឺថា នៅមាន។
កណ្ឌគម្ពីរ យេរេមា ២៩:១១ ក៏មានការអនុវត្តផ្សេងៗទៀតផងដែរ។ ជាពិសេស ខគម្ពីរនេះឆ្លុះបញ្ចាំងលើគោលការណ៍ទូទៅជាងនោះ លើព្រះគុណរបស់ព្រះជាម្ចាស់ និងសុច្ឆន្ទៈសម្រាប់អស់អ្នកដែលទ្រង់ស្រឡាញ់ ដែលរួមមានទាំងក្រុមជំនុំបច្ចុប្បន្ននេះផងដែរ។ ដោយសារលក្ខណសម្បត្តិដែលមិនចេះប្រែប្រួលរបស់ព្រះជាម្ចាស់ ដូច្នេះយើងអាចយកខគម្ពីរនេះមកអនុវត្តបែបជាទូទៅបាន។
ព្រះជាម្ចាស់បានសន្យាថា ទ្រង់នឹងនាំសាសន៍អ៊ីស្រាអែលត្រឡប់មកវិញ ហេតុដូច្នេះហើយបានជាពួកឈ្លើយអាចមានការធានាអះអាងថា ខ្លួននឹងមានអនាគត និងសេចក្ដីសង្ឃឹមបាន។ ព្រះអង្គមិនបានធ្វើការសន្យានេះទៅកាន់គ្រប់ជាតិសាសន៍ និងគ្រប់ពេលវេលានោះទេ ប៉ុន្តែចំពោះតែសាសន៍អ៊ីស្រាអែលប៉ុណ្ណោះ។ ដូចគ្នាផងដែរ ព្រះជាម្ចាស់ក៏បានសន្យាចំពោះអ្នកជឿព្រះគ្រីស្ទនូវអ្វីមួយចំនួនដែលមនុស្សទូទៅមិនអាចយកមកអនុវត្តលើខ្លួនឯងផ្ទាល់បានឡើយ។ ចំពោះអ្នកដែលនៅក្នុងព្រះគ្រីស្ទ ព្រះជាម្ចាស់បានសន្យាថាទ្រង់បានអត់ទោសអំពើបាបរបស់យើង ហើយយើងឈរនៅមុខព្រះភក្ត្ររបស់ទ្រង់ដោយសុចរិត។ ព្រះជាម្ចាស់មានផែនការសម្រាប់អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទ ហើយផែនការទាំងនោះគឺល្អៗ។
យើងអាចឃើញស្រមោលនៃកណ្ឌគម្ពីរ យេរេមា ២៩:១១ នៅក្នុងខផ្សេងៗទៀតក្នុងព្រះបន្ទូល ដែលមានដូចជាកណ្ឌគម្ពីរ រ៉ូម ៨:៣១-៣៩៖ «ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្ដីទាំងនេះថាដូចម្ដេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន? ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង។ តើអ្នកណានឹងចោទប្ដឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត? តើអ្នកណានឹងកាត់ទោសគេបាន? ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាង ទ្រង់ក៏គង់នៅខាងស្ដាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ។ តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន? តើសេចក្ដីទុក្ខលំបាក ឬសេចក្ដីវេទនា សេចក្ដីបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬដាវឬអី…? ទេ! គឺក្នុងសេចក្ដីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជម្រៅ ឬរបស់អ្វីដែលកើតមកឯទៀតក្ដី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅ បានឡើយ»។
អ្នកជឿព្រះគ្រីស្ទអាចមានទំនុកចិត្តបានថា គ្រប់ការទាំងអស់ផ្សំគ្នាសម្រាប់សេចក្ដីល្អ ហើយថាព្រះជាម្ចាស់មានផែនការសម្រាប់អនាគតរបស់យើង។ យើងមានសេចក្ដីសង្ឃឹមដែល «មិនដែលនាំឲ្យមានសេចក្ដីខ្មាស» (រ៉ូម ៥:៥)។ ព្រះអង្គបានប្រទានសេចក្ដីសន្យាមកកាន់យើងដែលយើងអាចមានទំនុកចិត្តលើបាន ដូចដែលទ្រង់បានប្រទានទៅកាន់សាសន៍អ៊ីស្រាអែលដែរ។ ដូច្នេះ ប្រសិនបើតាមរយៈការលើកឡើងកណ្ឌគម្ពីរ យេរេមា ២៩:១១ យើងកំពុងតែគិតអំពីសន្តិសុខរបស់យើងក្នុងព្រះគ្រីស្ទ នោះពាក្យពេចន៍នោះស័ក្តិសមហើយ សូម្បីតែប្រសិនបើវាមិនមានការអនុវត្តនៅក្នុងបរិបទនៃប្រវត្តិសាស្ត្រក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ ក៏យើងគួរមានការប្រុងប្រយ័ត្នត្រង់ថា យើងក៏នៅអាចធ្លាក់ក្នុងការប្រើប្រាស់កណ្ឌគម្ពីរ យេរេមា ២៩:១១ ក្នុងរបៀបមិនត្រឹមត្រូវដែរ។ ទី១ ពេលខ្លះ គេយកខគម្ពីរនេះទៅប្រើប្រាស់ក្នុងរបៀបមិនត្រឹមត្រូវ ដោយអនុវត្តលើមនុស្សជាតិទាំងមូល។ បើនិយាយក្នុងអត្ថន័យចំៗ សេចក្ដីសន្យានៃកណ្ឌគម្ពីរ យេរេមា ២៩:១១ មិនមែនសម្រាប់មនុស្សគ្រប់ៗរូបនោះទេ ប៉ុន្តែសម្រាប់អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទតែប៉ុណ្ណោះ។ យើងទំនងជាអាចប្រើប្រាស់ក្នុងអត្ថន័យទូលំទូលាយថាជាផ្នែកមួយនៃការអញ្ជើញឲ្យទទួលព្រះគ្រីស្ទ៖ «ប្រសិនបើលោកអ្នកទៅរកព្រះអង្គ នោះព្រះអង្គសន្យារថាលោកអ្នកនឹងមានអនាគត និងសេចក្ដីសង្ឃឹម»។ ដោយឡែកក្រៅពីព្រះគ្រីស្ទ ដែលជាព្រះសង្គ្រោះតែមួយគត់ នោះមិនមានអនាគត និងសេចក្ដីសង្ឃឹមទេ (សូមមើលបន្ថែមក្នុងកណ្ឌគម្ពីរ យ៉ូហាន ៣:១៨)។ គេបានលើកឡើងកណ្ឌគម្ពីរ យេរេមា ២៩:១១ ក្នុងបរិបទមិនត្រឹមត្រូវ ហើយយកទៅអនុវត្តជាសកលជាញឹកញាប់ពេកហើយ។ គេតែងតែផ្ដល់ចំណាប់អារម្មណ៍ថា ព្រះជាម្ចាស់គឺដូចជាលោកតាដែលគួរឲ្យស្រឡាញ់ម្នាក់ ដែលចង់តែបំពេញតាមតែចិត្តយើងចង់បានតែប៉ុណ្ណោះ។
ទី២ គ្រោះថ្នាក់នៃការប្រើប្រាស់ខគម្ពីរនេះដោយមិនយល់អំពីបរិបទក៏ដូចជាគ្រោះថ្នាក់នៃការប្រើប្រាស់កណ្ឌគម្ពីរ រ៉ូម ៨:២៨ ខុសបរិបទផងដែរ។ កណ្ឌគម្ពីរ យេរេមា ២៩:១១ បានសន្យាថា ព្រះជាម្ចាស់នឹងស្ដារសាសន៍អ៊ីស្រាអែលឡើងវិញ ប៉ុន្តែមានតែពួកឈ្លើយប៉ុន្មាននាក់ទេ ដែលបានឃើញការបំពេញទំនាយនេះ៧០ឆ្នាំក្រោយមក។ មានមនុស្សជាច្រើននាក់ដែលមិនបានឃើញអនាគតដែលព្រះជាម្ចាស់បានសន្យា។ ដូចគ្នាផងដែរ អនាគត និងសេចក្ដីសន្យាដែលយើងមានក្នុងព្រះគ្រីស្ទក៏មិនមែនជាការធានាគ្រប់ទាំងអស់នឹងរលូនក្នុងជីវិតនេះដែរ។ ចំពោះអ្នកជឿច្រើននាក់ក្នុងប្រវត្តិសាស្ត្រ និងលើលោកនៅសព្វថ្ងៃនេះ ពិភពលោកនេះគឺជាកន្លែងដែលឃោរឃៅ និងពេញដោយគ្រោះថ្នាក់ណាស់។ តាមពិតទៅ សេចក្ដីសន្យាដែលយើងឃើញនៅក្នុងកណ្ឌគម្ពីរ រ៉ូម ៨:២៨ គឺសំដៅទៅលើចំណុចនោះផ្ទាល់ ទោះបើអ្នកជឿនឹងប្រឈមមុខជាមួយនឹងគ្រោះថ្នាក់គ្រប់បែបគ្រប់យ៉ាង និងការបៀតបៀនក្នុងជីវិតនេះក៏ដោយ (សេចក្ដីទុក្ខលំបាក សេចក្ដីវេទនា សេចក្ដីបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ និងដាវ—សូមមើលនៅក្នុងខ៣៥) ក៏ព្រះគ្រីស្ទនឹងមិនបោះបង់ពួកគាត់ចោលដែរ។ ក្នុងជីវិតនេះ អ្នកជឿមានសង្ឃឹមដោយសារព័ន្ធកិច្ចនៃព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតរបស់យើង ប៉ុន្តែអនាគត និងសេចក្ដីសង្ឃឹមនឹងភាពចម្រុងចម្រើនដែលព្រះជាម្ចាស់បានសន្យាចំពោះអ្នកជឿនឹងទទួលការបំពេញយ៉ាងពេញទី បន្ទាប់ពីការរងទុក្ខនៃជីវិតនេះឈានដល់ទីបញ្ចប់។
មតិយោបល់
Loading…