in

ខ្ញុំ​អាន​ព្រះ​គម្ពីរ ហើយ​មិន​មាន​អារម្មណ៍​អ្វី​សោះ—តើ​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្ដេច?

ប្រសិន​បើ​ខ្ញុំ​អាន​ព្រះ​គម្ពីរ ប៉ុន្តែ​មិន​មាន​អារម្មណ៍​អ្វី​សោះ​ក្នុង​ការ​ស្រឡាញ់ ដែល​ស៊ី​គ្នា​ជា​មួយ​នឹង​តម្លៃ  ភាព​ស្រស់​ស្អាត និង​អំណរ​ដែល​ពាក្យ​ពេចន៍​ទាំង​នេះ​គួរ​នាំ​ឲ្យ​មាន​មក​កាន់​ខ្ញុំ តើ​មាន​អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ​បន្ទាប់​ពី​ការ​អាន​ដែរ​ឬ​ទេ?  ឬ​ក៏​ថា ខ្ញុំ​គ្រាន់​តែ​ត្រូវ​រង​ចាំ ហើយ​ឲ្យ​បទ​ពិសោធន៍​ហ្នឹង​កើត​ឡើង​ចំពោះ​ខ្ញុំ​នៅ​ឯ​អនាគត? សូម​លោក​គ្រូ​ជួយ​ឆ្លើយ។
ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​មាន​គេ​សួរ​សំណួរ​ដូច​នេះ ពីព្រោះ​នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​គិត​ថ្មីៗ​នេះ។ ខ្ញុំ​បាន​សញ្ជឹង​គិត​លើ​កណ្ឌ​គម្ពីរ​សុភាសិត ហើយ​ខ្ញុំ​គិត​ថា ជំពូក​ដែល​ខ្ញុំ​កំពុង​តែ​គិត​លើ គឺ​អ្នក​និពន្ធ​បាន​លើក​ឡើង ដើម្បី​ជួយ​ឆ្លើយ​សំណួរ​នេះ។
ខ្ញុំ​បាន​សញ្ជឹង​គិត​លើ​កណ្ឌ​គម្ពីរ (សុភាសិត ២២:១៧-២៤:២២)។ ប្រសិន​បើ​លោក​អ្នក​អាន​កណ្ឌ​គម្ពីរ (សុភាសិត ២២:២០) ដែល​បាន​ចែង​ថា «អញ​បាន​កំណត់​ទុក​សេចក្ដី​ដ៏​វិសេស​សម្រាប់​ឯង គឺ​ជា​សេចក្ដី​ទូន្មាន ហើយ​និង​តម្រិះ​មិន​មែន​ឬ»។ គេ​បាន​ផ្គុំ​សេចក្ដី​ទូន្មាន ៣០ដង​នេះ​ជា​ក្រុម។ នៅ​ពេល​ដែល​មាន​ប្រធាន​បទ​ថ្មី នោះ​សេចក្ដី​ទូន្មាន​ថ្មី ហើយ​នៅ​ក្នុង​ប៉ុន្មាន​ខ​នេះ​មាន ៣០​នៃ​សេចក្ដី​ទូន្មាន​នោះ។ ខ១៧​គឺ​ជា​កន្លែង​ដែល​សេចក្ដី​ទូន្មាន​នេះ​បាន​ចាប់​ផ្ដើម ហើយ​ខ​នោះ​មាន​ចែង​ដូច​ត​ទៅ៖ «ចូរ​ផ្ទៀង​ត្រចៀក ស្តាប់​ពាក្យ​សម្ដី​នៃ​មនុស្ស​ដែល​មាន​ប្រាជ្ញា» ភាគ​ច្រើន​គេ​ហៅ​ខ​គម្ពីរ​ដូច​នេះ​ថា «ពាក្យ​សម្ដី​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា»។
ហេតុ​អ្វី​បាន​ជា​ខ្ញុំ​គិត​ថា ទំនង​ពីរ​ទៅ​បី​ខ​ដំបូង ឬ​ក៏​ក្នុង​វគ្គ​ថ្មី​នៃ​សេចក្ដី​ទូន្មាន​ទាំង៣០នេះ គឺ​ត្រូវ​បាន​សរសេរ​ឡើង​ដើម្បី​ឆ្លើយ​សំណួរ​នេះ៖ តើ​យើង​អាច​ឮ​ពាក្យ​ពេចន៍​ទាំង​នេះ​ដោយ​របៀប​ណា ហើយ​ថា​តើ​យើង​អាច​មាន​អារម្មណ៍​ក្នុង​ការ​ឲ្យ​តម្លៃ​បាន​ដោយ​របៀប​ណា?
ផ្ទៀង​ចូល
សូម​អាន​កណ្ឌ​គម្ពីរ (សុភាសិត ២២:១៧-១៨) ជា​មួយ​ខ្ញុំ៖
«ចូរ​ផ្ទៀង​ត្រចៀក ស្តាប់​ពាក្យ​សម្ដី​នៃ​មនុស្ស​ដែល​មាន​ប្រាជ្ញា
             ហើយ​ផ្ចង់​ចិត្ត​ចំពោះ​តម្រិះ​របស់​អញ​ចុះ
ដ្បិត​បើ​ឯង​រក្សា​ទុក​សេចក្ដី​នោះ​នៅ​ក្នុង​ខ្លួន នោះ​សប្បាយ​ហើយ
             គឺ​បើ​សេចក្ដី​នោះ​ស្ថិត​នៅ​ជាប់​នឹង​បបូរ​មាត់​ឯង»។
សូម​កត់​សម្គាល់​លើ​ចំណុច​ពីរ​យ៉ាង។ ប្រយោគ​ដំបូង​បាន​ចែង​ថា៖ «ចូរ​ផ្ទៀង​ត្រចៀក ស្តាប់​ពាក្យ​សម្ដី​នៃ​មនុស្ស​ដែល​មាន​ប្រាជ្ញា»។ ច្បាស់​ណាស់ ចំណុច​នេះ​គឺ​ថា មាន​ពាក្យ​ពេចន៍​ដែល​កំពុង​តែ​លើក​ឡើង ហើយ​លោក​អ្នក​ក៏​គួរតែ ផ្ទៀង​ចូល និង​ផ្ទៀង​ត្រចៀក​ស្ដាប់។ និយាយ​ឲ្យ​ចំ​ទៅ៖ ប្រសិន​បើ​យើង​មិន​អាច​ស្ដាប់​ឮ តើ​យើង​ធ្វើ​អ្វី​នៅ​ពេល​ដែល​លោក​អ្នក​មិន​ឮ?  គឺ​លោក​អ្នក​ផ្ទៀង​ត្រចៀក​ស្ដាប់។ យើង​ងាក​ចូល ដើម្បី​ផ្ទៀង​ស្ដាប់​បន្ថែម។
ប៉ុន្តែ យើង​ក៏​ធ្វើ​បែប​នោះ​ជា​មួយ​នឹង​ចំណាប់​អារម្មណ៍​របស់​យើង​ផង​ដែរ។ ប្រសិន​បើ​លោក​អ្នក​កំពុង​តែ​អាន​ពាក្យ​ពេចន៍ ឬ​ក៏​លោក​អ្នក​កំពុង​តែ​ឮ​ពាក្យ​សម្ដី ហើយ​កំពុង​តែ​មាន​ពាក្យ​ហោះ​ឆ្លង​កាត់​លោក​អ្នក នោះ​អ្នក​និពន្ធ​កំពុង​តែ​មាន​ប្រសាសន៍​ថា «កុំ​ឲ្យ​វា​គ្រាន់​តែ​ហោះ​កាត់។ កុំ​ឲ្យ​វា​ឆ្លង​ឲ្យ​សោះ។ ចូរ​ផ្ទៀង​ដោយ​យក​ចិត្ត​ទុក​ដាក់ មាន​ការ​ប្រុង​ប្រយ័ត្ន ការ​ផ្ដោត​អារម្មណ៍​លើ​ពាក្យ​ពេចន៍​ទាំង​នោះ ពីព្រោះ​ពាក្យ​ពេចន៍​ទាំង​នោះ​នឹង​បង្កើត​ចំណេះ​ដឹង​នៅ​ក្នុង​ខួរ​ក្បាល​របស់​លោក​អ្នក»។
ភ្ញាក់​ឡើង
ឃ្លា​បន្ទាប់​លើក​ឡើង​ថា «ហើយ​ផ្ចង់​ចិត្ត​ចំពោះ​តម្រិះ​របស់​អញ​ចុះ»។ ដូច្នេះ ចំណេះ​ដឹង​គឺ​ជា​អ្វី​ដែល​លេច​ជា​រូប​រាង​ឡើង​ក្នុង​ខួរ​ក្បាល​នូវ​គំនិត​ខ្លះ—ការ​ណែ​នាំ​អំពី​អ្វី​មួយ​ដែល​មាន​តម្លៃ សំខាន់ ឬ​ក៏​ពេញ​ដោយ​ប្រាជ្ញា ដែល​គាត់​នឹង​លើក​ឡើង​មក​និយាយ—ដែល​កំពុង​តែ​មាន​តាម​រយៈ​ពាក្យ​ពេចន៍ ដែល​ចូល​ត្រចៀក​របស់​លោក​អ្នក ហើយ​បង្កើត​ឲ្យ​មាន​ចំណេះ​ដឹង។
ហើយ​នេះ​គឺ​ជា​ឥទ្ធិពល៖ «នោះ​សប្បាយ​ហើយ»។ ហើយ​ខ្ញុំ​យល់​ថា បេះ​ដូង​គឺ​ជា​សរីរាង្គ​នៃ​ការ​អរ​សប្បាយ។ ហើយ​នោះ​គឺ​ជា​សំណួរ ត្រូវ​អត់? តែ​ខ្ញុំ​អាច​មាន​បទ​ពិសោធន៍​នៃ​ការ​អរ​សប្បាយ​ក្នុង​របៀប​ឲ្យ​តម្លៃ រាប់​ជា​ទ្រព្យ ស្រឡាញ់ ឱប​ក្រសោប និង​ទទួល​បាន​ការ​ស្កប់​ចិត្ត​ក្នុង​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ​តាម​រយៈ​ពាក្យ​ពេចន៍​បាន​ដោយ​របៀប​ណា? ហើយ​អ្នក​និពន្ធ​បាន​លើក​ឡើង​ថា របៀប​ដែល​លោក​អ្នក​អាច​ធ្វើ​ការ​នោះ​បាន​គឺ​តាម​រយៈ​ការ​អនុវត្ត​នៅ​ក្នុង​ចិត្ត។
ឥឡូវ ខ្ញុំ​នឹង​ពន្យល់​បន្ថែម​ទៀត​អំពី​អត្ថន័យ​នេះ។ ប៉ុន្តែ សូម​ដឹង​ថា អ្នក​និពន្ធ​នេះ ជា​អ្នក​និពន្ធ​ដែល​ព្រះ​វិញ្ញាណ​បាន​បណ្ដាល​ឲ្យ​តែង គឺ​គាត់​កំពុង​តែ​ឆ្លើយ​លើ​សំណួរ​នេះ​ថា «បាទ»។ តើ​មាន​អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ ដើម្បី​បញ្ជូន​អ្វី​ដែល​ត្រចៀក​កំពុង​តែ​ផ្ទៀង​ស្ដាប់​ពាក្យ​ពេចន៍ និង​ខួរ​ក្បាល​ដែល​កំពុង​តែ​បង្កើត​ចំណេះ​ដឹង​ឲ្យ​ក្លាយ​ជា​បទ​ពិសោធន៍​នៅ​ក្នុង​ចិត្ត ដែល​មាន​នៅ​អំណរ​នៃ​អ្វី​ដែល​មាន​នៅ​ក្នុង​ពាក្យ​ពេចន៍​នោះ? តើ​មាន​អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន​ទេ? ហើយ​ចម្លើយ​របស់​គាត់​គឺ​ថា «មាន»។ ហើយ​ពាក្យ​ពេចន៍​ដែល​គាត់​បាន​ប្រើ​ប្រាស់​គឺ​ថា​ឲ្យ​លោក​អ្នក «យក​ចិត្ត​អនុវត្ត​នូវ​អ្វី​ដែល​ត្រចៀក​បាន​ឮ និង​ចំណេះ​ដឹង​ដែល​កំពុង​តែ​ចេញ​ជា​រូបរាង​នៅ​ក្នុង​ខួរ​ក្បាល​របស់​លោក​អ្នក»។
តើ​ការ​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? ពាក្យ «ផ្ចង់​ចិត្ត» ក្នុង​ភាសា​ហេប្រឺ «បាលីបឆា ថាសិត» (Balibbcha tashit) មាន​អត្ថ​ន័យ​ចំៗ​ថា «ដាក់» «ដាំ» «បណ្តាល​ឲ្យ» «ជំរុញ» «បញ្ឈរ» ឬ​ក៏ «តាំង»។ ដូច្នេះ លោក​អ្នក​យក​ចិត្ត​ជំរុញ​វា។ លោក​អ្នក​តាំង​វា​ជា​មួយ​នឹង​អ្វី​ដែល​ភ្នែក​លោក​អ្នក​បាន​ឃើញ ឬ​ឮ​ដោយ​ត្រចៀក។ លោក​អ្នក​រុញ​ច្រមុះ​នៃ​បេះ​ដូង​ឲ្យ​ចូល​ទៅ​ក្នុង​ភាព​ស្រស់​ស្អាត​នៃ​ចំណេះ​ដឹង។
ប្រសិន​បើ​បេះ​ដូង​របស់​លោក​អ្នក​មិន​មាន​អារម្មណ៍​អ្វី​សោះ នោះ​លោក​អ្នក​អាច​និយាយ​ទៅ​កាន់​បេះ​ដូង​ថា «ឱ​បេះ​ដូង​អើយ សូម​ភ្ញាក់​ឡើង»។ ហើយ​បន្ទាប់​មក លោក​អ្នក​យក​ចិត្ត​អនុវត្ត។ លោក​អ្នក​បណ្ដាល​ឲ្យ​វា​អនុវត្ត។ លោក​អ្នក​ដាក់​វា​ចូល​ទៅ​ក្នុង​ចំណេះ​ដឹង។ លោក​អ្នក​ជំរុញ​វា​ចូល។ ពិត​ណាស់ មាន​អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន​មែន។
បន្ត​ភ្លក់ និង​មើល​ទៀត
នេះ​គឺ​ជា​ការ​ប្រៀប​ធៀប។ ឧបមា​ថា​លោក​អ្នក​ចង់​ភ្លក់​សាច់​គោ​អាំង។ លោក​អ្នក​អាច​ឮ​សម្លេង​ស៊ឺៗ​ពី​ខ្លាញ់​ស្រក់​លើ​បន្ទះ​អាំង​ចូល​ភ្លើង។ ដូច្នេះ លោក​អ្នក​ក៏​ចេញ​ទៅ​ក្រៅ ហើយ​បន្ទាប់​មក​ភ្នែក​របស់​លោក​អ្នក​ក៏​ឃើញ​ខ្លាញ់​ស្រក់​ពី​បន្ទះ​អាំង​ចូល​ភ្លើង ឮ​សម្លេង​ស៊ឺៗ។ ហើយ​ប្រសិន​បើ​លោក​អ្នក​អាច​ទៅ​ដល់​ជិត​ល្មម នោះ​ច្រមុះ​លោក​អ្នក​ក៏​នឹង​ទំនង​ជា​អាច​ហិត​ក្លិន​ខ្លាញ់​ស្រក់​លើ​បន្ទះ​អាំង​ចូល​ភ្លើង ឮ​សម្លេង​ស៊ឺៗ​ដែរ ប៉ុន្តែ​លោក​អ្នក​ក៏​នៅ​មិន​ទាន់​បាន​ភ្លក់​រសជាតិ​សាច់​គោ​អាំង​នោះ​នៅ​ក្នុង​មាត់​នៅ​ឡើយ​ទេ។
តើ​មាន​អ្វី​ដែល​លោក​អ្នក​នៅ​អាច​ធ្វើ​បាន​ដែរ​ឬ​ទេ? នេះ​គឺ​ជា​សំណួរ។ នេះ​គឺ​ជា​ចំណុច​ស្នូល​នៃ​សំណួរ​ពី​ខាង​លើ។ តើ​មាន​អ្វី​ដែល​លោក​អ្នក​នៅ​អាច​ធ្វើ​បាន​ជា​មួយ​នឹង «សាច់​គោ​អាំង​របស់​ព្រះ​ជា​ម្ចាស់» ជា​មួយ​នឹង «សាច់​គោ​អាំង​របស់​ព្រះ​គ្រីស្ទ» ជា​មួយ​នឹង «សាច់​គោ​អាំង​នៃ​សេចក្ដី​សង្គ្រោះ» ជា​មួយ​នឹង «សាច់​គោ​អាំង​នៃ​ព្រះ​បន្ទូល​របស់​ព្រះ»—ព្រះ​បន្ទូល​របស់​ព្រះ​អាទិករ​ដែល​គ្មាន​ព្រំដែន? តើ​មាន​អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន ដើម្បី​ភ្លក់​រសជាតិ​នោះ​ដែរ​ឬ​ទេ?
លោក​អ្នក​ដឹង​ចម្លើយ​ហើយ៖ យក​កាំបិត​មក​កាត់​មួយ​ដុំ ដាក់​ចូល​ក្នុង​មាត់ ទំពារ​ហើយ​ទំពារ​ទៀត ហើយ​បន្ទាប់​មក​លេប នោះ​លោក​អ្នក​នឹង​ស្គាល់​រស​ជាតិ​ជា​មិនខាន។ ដូច្នេះ លោក​អ្នក​និយាយ​ទៅ​កាន់​បេះដូង​ថា «ឱ​បេះ​ដូង​អើយ​សូម​ញ៉ាំ! ឱ​បេះ​ដូង​អើយ​សូម​ញ៉ាំ​ចុះ!»។
សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​លើក​ឡើង​នូវ​ឧទាហរណ៍​មួយ​ចំនួន​ទៀត។ ខ្ញុំ​កំពុង​តែ​ដើរ​ទៅ​ព្រះ​វិហារ។ ពេល​នោះ​គឺ​ជា​រដូវ​ចម្រូត។ កាល​នេះ​បាន​កើត​ឡើង​ប្រមាណ​ជា​ពីរ​អាទិត្យ​មុន។ ដើម​ស្រូវ និង​គួរ​ស្រូវ​នៅ​ជុំ​វិញ​ផ្ទះ​អ្នក​ជិត​ខាង​របស់​ខ្ញុំ​មាន​ពណ៌​លឿង​ក្រហម​ឆ្អៅ ដែល​មិន​គួរ​ឲ្យ​ជឿ​សោះ ហើយ​ព្រះ​អាទិត្យ​ក៏​កំពុង​តែ​រះ​លើ​វា​ដែរ ហើយ​កាល​នោះ​ហួស​រដូវ​ចម្រូត​បន្តិច—ខ្យល់​ក៏​បក់​រវេចៗ​លើស​ធម្មតា​ដែរ។ គួរ​ស្រូវ​កំពុង​តែ​បក់​ចុះ​បក់​ឡើង​ភ្លឹប​ភ្លែតៗ ហើយ​វា​ពិត​ជា​ស្រស់​ស្អាត​មែន។
ប៉ុន្តែ កាល​នោះ​ខ្ញុំ​កំពុង​តែ​ដើរ​ទៅ​ព្រះ​វិហារ ដើម្បី​ចូល​រួម​ការ​ប្រជុំ​អធិស្ឋាន ហើយ​ក៏​មិន​បាន​ចាប់​អារម្មណ៍​អ្វី​ដែរ។ ភ្នែក​របស់​ខ្ញុំ​កំពុង​តែ​ឃើញ​ព្រឹត្តិការណ៍​នោះ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​បាន​ឃើញ​វា​ដែរ។ តើ​មាន​អ្វី​បាន​កើត​ឡើង? គឺ​ខ្ញុំ​បាន​បង្អង់​ឈប់​សិន។ ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​បាន​បង្អង់​ឲ្យ​ខ្ញុំ​ឈប់។ ឯក​សារ​នេះ​ក៏​បាន​បណ្ដាល​ឲ្យ​ខ្ញុំ និង​លោក​អ្នក​បង្អង់​ឈប់​សិន​ដែរ។ លោក​អ្នក​ក៏​បាន​មើល ឬ​ក៏​ស្រមៃ​ឃើញ​ព្រឹត្តិការណ៍​នេះ​ម្ដង​ហើយ​ម្ដង​ទៀត។ លោក​អ្នក​ផ្ទៀង​ចូល ហើយ​និយាយ​ថា «ឱ​បេះ​ដូង​អើយ នោះ​គឺ​ជា​ពណ៌​លឿង​ទុំ។ នោះ​គឺ​ជា​ពណ៌​លឿង។ វា​ធ្លាប់​មាន​ពណ៌​បៃតង ហើយ​ឥឡូវ​នេះ​វា​មាន​ពណ៌​លឿង ពណ៌​លឿង​ទុំ​ដូច​មាស ហើយ​ព្រះ​អាទិត្យ​ក៏​កំពុង​តែ​ធ្វើ​ឲ្យ​វា​មាន​ពណ៌​ចែងចាំង​ផង​ដែរ។ ហើយ​វា​ក៏​កំពុង​តែ​រេ​ទៅ​មក​តាម​ទំនោរ​ខ្យល់​បក់ ហើយ​ព្រះ​ជាម្ចាស់​កំពុង​តែ​ព្យាយាម​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​លោក​អ្នក គឺ​ព្រះ​អង្គ​កំពុង​តែ​មាន​បន្ទូល​ថា “សិរី​ល្អ​របស់​ព្រះ​ជា​ម្ចាស់​កំពុង​តែ​ចែង​ចាំង​នៅ​ទី​នេះ”។ ឱ​បេះ​ដូង​អើយ សូម​មើល»។ ហើយ​លោក​អ្នក​យក​ច្រមុះ​នៃ​បេះ​ដូង​របស់​លោក​អ្នក​ឲ្យ​ចូល​កៀក​គួរ​ស្រូវ​នោះ។
ហើយ​ពេល​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ពីរ​បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឃើញ​ព្រឹត្តិការណ៍​ដូច​នេះ​ពីរ​បី​ដង​ទៀត គឺ​វា​ពិត​ជា​ស្រស់​ស្អាត​ណាស់ នៅ​ពេល​ដែល​ខ្ញុំ​មើល​វាល​ស្រែ​ទាំង​នោះ ខ្ញុំ​ក៏​បាន​និយាយ​ថា «ស្អាត​ណាស់ៗ»។ ហើយ​ខ្ញុំ​ក៏​បាន​ចំណាយ​ពេល​ដើរ​នៅ​ក្នុង​វាល​ស្រែ​នោះ ហើយ​អោន​ចុះ សម្លឹង​មើល​គួរ​ស្រូវ។ ហើយ​ខ្ញុំ​ក៏​បាន​ដើរ​ចេញ​ឲ្យ​រាង​ឆ្ងាយ បន្ទាប់​មក​ក៏​ក្រឡេក​មើល​វា​ពីរ​បី​ដង​ទៀត​ដែរ។ ហើយ​ខ្ញុំ​ក៏​បាន​ទាញ​យក​ទូរស័ព្ទ ដើម្បី​ព្យាយាម​ថត​រូប​ពី​ជ្រុង​ខុសៗ​គ្នា។ ហើយ​ខ្ញុំ​ក៏​ថែម​ទាំង​បាន​មើល​វាល​ស្រែ​នោះ ចេញ​ពី​ជ្រុង​ខាង​ក្រោយ​ផ្ទះ​អ្នក​ជិត​ខាង​ខ្ញុំ​ដែរ។
សូម​ផ្ទៀង​ចិត្ត
នេះ​គឺជា​ការ​ជំរុញ​ចិត្ត​យើង​ឲ្យ​មើល​ឃើញ​ការ​បើក​សម្ដែង​ដ៏​ស្រស់​ស្អាត​តាម​រយៈ​ធម្មជាតិ។ លោក​អ្នក​ក៏​ត្រូវ​ធ្វើ​ដូច​នោះ​ជា​មួយ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ដែរ។ ឧបមា​ថា​គេ​បាន​ឲ្យ​គ្រាប់​ពេជ្រ​មួយ​គ្រាប់​មក​លោក​អ្នក។ លោក​អ្នក​បាន​ឃើញ​គ្រាប់​ពេជ្រ​នោះ ប៉ុន្តែ​លោក​អ្នក​ក៏​មិន​បាន​ឃើញ​គ្រាប់​ពេជ្រ​នោះ​ដែរ ដូច្នេះ​លោក​អ្នក​ត្រូវ​តែ​និយាយ​ទៅ​កាន់​បេះ​ដូង​ថា «ឱ​បេះ​ដូង​អើយ សូម​បង្វិល​មើល​គ្រាប់​ពេជ្រ​នេះ។ សូម​មើល​គ្រាប់​ពេជ្រ​ពី​ចំហៀង​ខាង​នេះ និង​ចំហៀង​ខាង​នោះ​ចុះ»។
ហើយ​នៅ​ពេល​ដែល​បុគ្គល​ដែល​បាន​កើត​ជា​ថ្មី​មើល​ផ្នែក​ទី២នៃ​កណ្ឌ​គម្ពីរ (សុភាសិត ២២:១៧)—«ហើយ​ផ្ចង់​ចិត្ត​ចំពោះ​តម្រិះ​របស់​អញ​ចុះ» គឺ «ផ្ចង់​ចិត្ត​ឯង ហើយ​ផ្ចង់​ចិត្ត​ទៀត»—នោះ​មិន​មាន​អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន ក្រៅ​ពី​ការ​អធិស្ឋាន​ទេ។ នៅ​ពេល​ដែល​លោក​អ្នក​កំពុង​តែ​អធិប្បាយ​ទៅ​កាន់​បេះ​ដូង​របស់​អ្នក ហើយ​កំពុង​តែ​និយាយ​ទៅ​កាន់​បេះ​ដូង​របស់​លោក​អ្នក​ថា «ឱ​បេះ​ដូង​អើយ សូម​ក្រោក​ឡើង សូម​ភ្ញាក់​ឡើង។ ឱ​បេះ​ដូង​អើយ សូម​មើល​ការ​នេះ។ ឱ​បេះដូង​អើយ សូម​ស្គាល់​អារម្មណ៍​នេះ។ នេះ​ពិត​ជា​ស្អាត​ណាស់។ ឱ​បេះ​ដូង​អើយ សូម​ភ្ញាក់​ឡើង»។ នេះ​មាន​ន័យ​ថា លោក​អ្នក​កំពុង​តែ​អធិស្ឋាន។ លោក​អ្នក​មិន​គ្រាន់​តែ​កំពុង​និយាយ​ទៅ​កាន់​បេះ​ដូង​ទៀត​ទេ—ទោះ​បី​លោក​អ្នក​កំពុង​តែ​និយាយ​សំដៅ​ទៅ​កាន់​បេះ​ដូង​មែន ពីព្រោះ​នោះ​គឺ​ជា​អ្វី​ដែល​ខ​គម្ពីរ​កំពុង​តែ​ប្រាប់​ឲ្យ​លោក​អ្នក​ធ្វើ៖ ចូល​ផ្ទៀង​ចិត្ត​ឯង​ចុះ។ ប៉ុន្តែ លោក​អ្នក​ក៏​កំពុង​តែ​អធិស្ឋាន​ថា «ឱ​ព្រះ​ជាម្ចាស់​អើយ សូម​ជួយ​ទូល​បង្គំ​ផង។ សូម​បើក​ភ្នែក​ទូល​បង្គំ»។
ប្រសិន​បើ​លោក​អ្នក​កំពុង​តែ​អាន ឬ​ក៏​ស្ដាប់​អត្ថបទ​នេះ ហើយ​លោក​អ្នក​លើក​ឡើង​ថា «ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ដូច្នោះ​ហើយ ប៉ុន្តែ​វា​មិន​បាន​ដំណើរ​ការ​សម្រាប់​ខ្ញុំ​សោះ»  ឬ​ក៏​ថា «ខ្ញុំ​ទាំង​មិន​ដឹង​ថា លោក​គ្រូ​កំពុង​តែ​លើក​ឡើង​អំពី​អ្វី​ផង» ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​លើក​ទឹក​ចិត្ត និង​ទូល​អង្វរ​ចំពោះ​លោក​អ្នក​សិន​បាន​ទេ? លោក​អ្នក​ទំនង​ជា​មិន​ដឹង​អ្វី​ទាល់​តែ​សោះ​ទាក់​ទង​នឹង​ចំណុច​នេះ ហាក់​បី​ដូច​ជា​កូន​ក្មេង​ម្នាក់​ដែល​មិន​ដឹង​អំពី​រឿង​របស់​មនុស្ស​ធំ ដូច​ជា​ទាក់​ទង​ទៅ​នឹង​ការ​រួម​ដំណេក។ ដូច្នេះ លោក​អ្នក​ជ្រើស​រើស​យក​ការ​ប្រៀប​ប្រដូច​មួយ​ផ្សេង​ទៀត។ លោក​អ្នក​ទំនង​ជា​មិន​ដឹង​អ្វី​ទាល់​តែ​សោះ ដែល​នេះ​មាន​ន័យ​ថា លោក​អ្នក​ត្រូវ​ការ​អនុវត្ត។ ខ្ញុំ​សូម​អង្វរ៖ កុំ​ទាន់​បោះ​បង់​ការ​ព្យាយាម​ចោល​ឡើយ។ សូម​កុំ​ទាន់​និយាយ​ថា ខ្លួន​មិន​អាច​មាន​សមត្ថភាព​ធ្វើ​ការ​នេះ ដើម្បី​ឲ្យ​ស្គាល់​ភាព​ស្រស់​ស្អាត​នៃ​ចំណេះ​ដឹង​របស់​ព្រះ​ជាម្ចាស់ នៅ​ក្នុង​ព្រះ​គម្ពីរ និង​ចំណេះ​ដឹង​នៃ​របៀប​របស់​ទ្រង់​ឡើយ។ ខ​គម្ពីរ​នេះ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​លោក​អ្នក។ ចូរ​ផ្ទៀង​ចិត្ត​អនុវត្ត​ចុះ។
ប្រសិន​បើ​ខ្ញុំ​អាន​ព្រះ​គម្ពីរ ប៉ុន្តែ​មិន​មាន​អារម្មណ៍​អ្វី​សោះ​ក្នុង​ការ​ស្រឡាញ់ ដែល​ស៊ី​គ្នា​ជា​មួយ​នឹង​តម្លៃ ភាព​ស្រស់​ស្អាត និង​អំណរ​ដែល​ពាក្យ​ពេចន៍​ទាំង​នេះ​គួរ​នាំ​ឲ្យ​មាន​មក​កាន់​ខ្ញុំ តើ​មាន​អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ​បន្ទាប់​ពី​ការ​អាន​ដែរ​ឬ​ទេ…
និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​កញ្ញា ហុង រស្មី
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

របៀប​បង្កើត​សិស្ស​របស់​ព្រះ​យេស៊ូវ​សម្រាប់​ក្រុម​ជំនុំ​​

របៀប​ធ្វើ​ឲ្យ​ពេល​វេលា​អធិស្ឋាន​ដែល​ស្លាប់​ មាន​ជីវិត​ឡើង​វិញ