in ,

តើ​ក្រុម​ខុស​ឆ្គង ហ្វីលីស៍ ម៉ាណាឡូ ជា​នរណា?

What is Iglesia ni Cristo?

នៅ​ឆ្នាំ១៩១៤ លោក ហ្វីលីស៍ ម៉ាណាឡូ (Felix Manalo) បាន​បង្កើត​ក្រុម “Iglesia ni Cristo” ចេញ​ពី​ប្រទេស​ហ្វីលីពីន។ ឃ្លា “Iglesia ni Cristo” គឺ​ជា​ភាសា​ថាហ្គាឡូគ (Tagalog) នៅ​ប្រទេស​ហ្វីលីពីន​ដែល​បក​ប្រែ​ចេញ​ជា​ភាសា​ខ្មែរ​ថា «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ»។ ជា​ការ​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ខណៈ​ពេល​ដែល​ពួក​គាត់​អះអាង​ថា «ខ្លួន​ជា​ក្រុម​ជំនុំ» ព្រោះ​ថា​ក្រុម​នេះ​មាន​នូវ​រាល់​លក្ខណសម្បត្តិ​នៃ​ពួក​ខុស​ឆ្គង។ ចំណុច​ដំបូង​គឺ​ត្រង់​ថា អ្នក​ដឹក​នាំ​ពួក​គេ​ដែល​ពូកែ​ក្នុង​ការ​វោហារ​បាន​អះ​អាង​ថា ខ្លួន​បាន​ទទួល​ការ​បើក​សម្ដែង​ដ៏​ពិសេស​ចេញ​ពី​ព្រះ​ជាម្ចាស់​ដោយ​ផ្ទាល់។ ដំបូង​ឡើយ​លោក ហ្វីលីស៍ ម៉ាណាឡូ គឺ​ជា​អ្នក​ដើរ​តាម​គោល​ជំនឿ​កាតូលិក ដែល​គាត់​បាន​បោះ​បង់​ចោល​កាល​គាត់​នៅ​វ័យ​ជំទង់។ បន្ទាប់​មក គាត់​ក៏​បាន​ទៅ​សាក​ដើរ​តាម​និកាយ​ប្រូតេស្តង់​មួយ​ចំនួន ក៏​ដូច​ជា​ពួក​សាក្សី​ព្រះ​យេហូវ៉ា​ផង​ដែរ។ ជា​ចុង​បញ្ចប់​លោក ហ្វីលីស៍ ម៉ាណាឡូ ក៏​បាន​បង្កើត​ក្រុម​ជំនុំ​របស់​គាត់​ផ្ទាល់​នៅ​ឆ្នាំ១៩១៤ ដែល​គាត់​ដាក់​ឈ្មោះ​ថា «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ»។ កាល​ក្រុម​ជំនុំ​បែក​គ្នា​នៅ​ឆ្នាំ១៩២២ លោក ម៉ាណាឡូ ក៏​បាន​ចាប់​ផ្ដើម​អះ​អាង​ថា ខ្លួន​ជា​ហោរា​របស់​ព្រះ​ជាម្ចាស់។ គាត់​បាន​ធ្វើ​បែប​នោះ ដើម្បី​ព្យាយាម​ប្រមូល​យក​អំណាច និង​ការ​ព្យាយាម​ឡើង​ធ្វើ​ជា​អ្នក​ដឹក​នាំ​លើ​ក្រុម​ជំនុំ​ជា​ថ្មី​ម្តង​ទៀត។

អំណះអំណាង​របស់​គាត់​មួយ​ចំនួន​គឺ «ពួក​ជំនុំ​នៃ​ព្រះគ្រីស្ទ» ត្រូវ​បាន​គេ​កត់​ទុក​នៅ​ក្នុង​ព្រះ​គម្ពីរ​ជា​ស្រេច។ ទំនាយ​ដ៏​ចំៗ​ដែល​គាត់​បាន​លើក​ឡើង​គឺ​ចេញ​ពី​កណ្ឌ​គម្ពីរ អេសាយ ៤៣:៥-៦ «កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ អញ​នឹង​នាំ​ពូជ​ពង្ស​ឯង​មក​ពី​ទិស​ខាង​កើត ហើយ​នឹង​ប្រមូល​គេ​មក​ពី​ទិស​ខាង​លិច អញ​នឹង​បង្គាប់​ដល់​ទិស​ខាង​ជើង​ថា ចូរ​ប្រគល់​គេ​មក ហើយ​ដល់​ទិស​ខាង​ត្បូង​ថា កុំ​ឃាត់​គេ​ទុក​ឡើយ ចូរ​នាំ​អស់​ទាំង​កូន​ប្រុស​របស់​អញ​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​ស្រី​អញ​មក​ពី​ចុង​ផែន​ដី​ចុះ»។ «ពួក​ជំនុំ​នៃ​ព្រះគ្រីស្ទ» បាន​កាត់​ស្រាយ «ទិស​ខាង​កើត» ថា​ជា «ទិស​ខាង​កើត​ឆ្ងាយ» (ដោយ​អាស្រ័យ​លើ​ការ​បក​ប្រែ​ដ៏​មិន​ត្រឹម​ត្រូវ​ក្នុង​ភាសា​អង់គ្លេស) ហើយ​អះ​អាង​ថា​ខ​គម្ពីរ​មួយ​នេះ​កំពុង​តែ​ចង្អុល​ទៅ​លើ «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ» ដែល​ត្រូវ​បាន​បង្កើត​ចេញ​ឡើង​នៅ​ប្រ​ទេស​ហ្វីលីពីន។

ក្រុម​ខុស​ឆ្គង​មួយ​នេះ​បាន​អះ​អាង​ថា មាន​តែ​ពួក​គេ​ទេ​ដែល​ជា​ក្រុម​ជំនុំ​នៃ​ព្រះ​គ្រីស្ទ​ដ៏​ពិត ព្រោះ​ពួក​គេ​មាន​ឈ្មោះ​ថា «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ» ហើយ​ពួក​គេ​ក៏​លើក​ខ​គម្ពីរ​មួយ​ចំនួន​ដែល​មាន​ឃ្លា​ថា «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ»។ ភាគ​ច្រើន ពួក​គេ​ចូល​ចិត្ត​លើក​ខ​គម្ពីរ​ចេញ​ពី​កណ្ឌ​គម្ពីរ រ៉ូម ១៦:១៦ ដែល​មាន​ចែង​ថា «សូម​អ្នក​រាល់​គ្នា​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​យ៉ាង​បរិសុទ្ធ ពួក​ជំនុំ​នៃ​ព្រះគ្រីស្ទ​ទាំង​អស់ សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា»។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ក្នុង​ខ​គម្ពីរ​ឃ្លា​ត្រង់​ថា «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ» ក៏​មិន​មែន​កំពុង​លើក​ឡើង​នូវ​ឈ្មោះ​នៃ​ក្រុម​ជំនុំ​ណា​មួយ​ផង​ដែរ ប៉ុន្តែ​ខ​គម្ពីរ​មួយ​នេះ​កំពុង​តែ​និយាយ​សំដៅ​ទៅ​លើ​រាល់​ក្រុម​ជំនុំ​ដែល​សាវ័ក ប៉ុល បាន​ជួប​ដែល​ពួក​គាត់​បាន​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ។ ពួក​គេ​ក៏​ដក​ស្រង់​ចេញ​ពី​ការ​បក​ប្រែ​មិន​ត្រឹម​ត្រូវ​ក្នុង​ភាសា​អង់គ្លេស​លើ​កណ្ឌ​គម្ពីរ កិច្ចការ ២០:២៨ ដែល​មាន​ចែង​ថា «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ» ដែល​តាម​ពិត​ទៅ​ក្នុង​ភាសា​ក្រិក​ឃ្លា​មួយ​នោះ​គួរ​តែ​អាន​ថា «ពួក​ជំនុំ​នៃ​ព្រះ​ជាម្ចាស់»។ មិន​ថា​ក្រុម​ជំនុំ​ដែល​មាន​ឈ្មោះ​ថា «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ» ឬក៏​អត់ នោះ​មិន​សំខាន់​ទេ។ មាន​ក្រុម​ជំនុំ​ច្រើន​ណាស់​ដែល​នៅ​ក្នុង​ឈ្មោះ​របស់​ពួក​គេ​មាន​ឈ្មោះ​ថា «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ» ដែរ ប៉ុន្តែ​នោះ​មិន​មែន​ជា​ចំណុច​ដែល​ថា មាន​តែ​ពួក​គាត់​មួយ​គត់​ទេ​ដែល​ជា​ក្រុម​ជំនុំ​ដ៏​ពិត​នោះ។

ឧទាហរណ៍​មួយ​ទៀត​ដែល​បង្ហាញ​ថា គោល​ជំនឿ​របស់ «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ» គឺ​ជា​គោល​ជំនឿ​ខុស​ឆ្គង គឺ​ត្រង់​លើ​អ្វី​ដែល​ពួក​គេ​ជឿ​អំពី​ព្រះ​គ្រីស្ទ។ ពួក​គេ​មិន​ទទួល​ជឿ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​នោះ​ទេ (ដូច​ពួក​ក្រុម​ខុស​ឆ្គង​ភាគ​ច្រើន​តែង​តែ​ធ្វើ) ហើយ​បែរ​ជា​បង្រៀន​ថា ព្រះ​ជាម្ចាស់​ជា​អង្គ​ដែល​បាន​បង្កើត​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​បាន​ផ្ដល់​អំណាច​ឲ្យ​ទ្រង់​ធ្វើ​ការ​អស្ចារ្យ​សម្រាប់​ព្រះ​អង្គ។ ពួក​គេ​ក៏​មិន​ទទួល​ជឿ​លើ​គោល​ជំនឿ​នៃ​ព្រះ​ត្រៃ​ឯក​ផង​ដែរ។ ពួក​គេ​អះ​អាង​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​ថាមពល​ដែល​គ្មាន​លក្ខណៈ​បែប​ជា​បុគ្គល​លទ្ធភាព​នោះ​ទេ។ ហើយ​ពួក​គេ​ក៏​បាន​អះ​អាង​ថា​ក្រុម​ជំនុំ​គ្រីស្ទ​បរិស័ទ​សព្វ​ថ្ងៃ​នេះ​គឺ​ជា​ក្រុម​ជំនុំ​ដែល​បាន​ធ្លាក់​ចុះ​ទៅ​ក្នុង​សេចក្ដី​បង្រៀន​ខុស​ឆ្គង​រួច​ទៅ​ហើយ ហើយ​ថា «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ» គឺ​ជា​ក្រុម​ជំនុំ​ដ៏​ពិត​ដែល​ត្រូវ​បាន​តាក់​តែង​តាំង​ឡើង​សា​ជា​ថ្មី​ជំនួស​ក្រុម​ជំនុំ​ដំបូងៗ​ដែល​បាន​ធ្លាក់​ចុះ។ ពួក​គេ​ធ្វើ​បែប​នោះ​ដោយ​អះអាង​ថា​លោក ហ្វីលីស៍ ម៉ាណាឡូ គឺ​ជា​អ្នក​នាំ​សារ​ដ៏​ចុង​ក្រោយ​បង្អស់​របស់​ព្រះ​ជាម្ចាស់ ដែល​គាត់​ផ្ទាល់​គឺ​ជា​អ្នក​បង្កើត «ពួកជំនុំ​នៃ​ព្រះគ្រីស្ទ»។

ឧទាហរណ៍​មួយ​ទៀត​ដែល​បង្ហាញ​ពី​លក្ខណៈ​ខុស​ឆ្គង​របស់ «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ» គឺ​ត្រង់​ថា​ពួក​គេ​បាន​អះអាង​ថា មាន​តែ​ពួក​គេ​ទេ​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ពិត និង​សេចក្ដី​សង្គ្រោះ។ មើល​ទៅ ចំណុច​នេះ​ហាក់​បី​ដូច​ជា​ប្លែក​ណាស់ ជា​ពិសេស​ត្រង់​ថា ជំនឿ​គ្រីស្ទ​បរិស័ទ​ទាំង​មូល​បាន​អះ​អាង​ដូច​បែប​នេះ​រួច​ទៅ​ហើយ។ ចំណុច​ខុស​គ្នា​ក្នុង​ចំណុច​មួយ​នេះ​គឺ​ត្រង់​ថា ជំនឿ​គ្រីស្ទ​បរិស័ទ​ទាំង​អស់​ពិត​ជា​បាន​អះ​អាង​ដែរ​បែប​ដូច្នោះ​មែន ប៉ុន្តែ​និកាយ​ឬ​ក៏​ក្រុម​ជំនុំ​ណា​មួយ​មិន​ធ្វើ​ដូច​នោះ​ទេ (យ៉ាង​ហោច​ណាស់​ក៏​មិន​គួរ​ធ្វើ) ដោយ​អះ​អាង​ថា មាន​តែ​ខ្លួន​មួយ​គត់​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ពិត។ ក្រុម​ជំនុំ​ដ៏​ពិត​ក៏​នឹង​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ក្រុម​ជំនុំ​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត​មែន ក្រៅ​ពី​និកាយ​របស់​ខ្លួន​ផ្ទាល់ ដែល​ថា​យើង​ទាំង​អស់​គ្នា​ក៏​ជា​គ្រីស្ទ​បរិស័ទ​ដ៏​ត្រឹម​ត្រូវ​ដែរ ហើយ​ថា​យើង​អាច​ជឿ​លើ​គោល​ជំនឿ​ខុសៗ​គ្នា​បាន ដែល​គោល​ជំនឿ​ទាំង​នោះ​មិន​មែន​ជា​គោល​ជំនឿ​សំខាន់ៗ ហើយ​ខណៈ​ពេល​នោះ​យើង​នឹង​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ។ ព្រះ​យេស៊ូវ​គ្រីស្ទ​ផ្ទាល់​បាន​មាន​បន្ទូល​ថា សេចក្ដី​សង្គ្រោះ​គឺ​មាន​តែ​នៅ​ក្នុង​អង្គ​ទ្រង់​តែ​មួយ​គត់ ហើយ​ទ្រង់​គឺ​ជា​ផ្លូវ​តែ​មួយ​គត់​ទៅ​កាន់​ព្រះ​វរបិតា មិន​មែន​អាស្រ័យ​ទៅលើ​ថា ជា​សមាជិក​នៅ​ក្នុង​ក្រុម​ជំនុំ​ណា​មួយ​នោះ​ឡើយ (យ៉ូហាន ១៤:៦)។

ខាង​ក្រោម​នេះ​គឺជា​គោល​ជំនឿ​បន្ថែម​ដែល​មិន​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ ដែល «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ» បាន​យក​មក​បង្រៀន៖

  • ពួកគេ​ទទួល​ជឿ​ថា មាន​តែ​សមាជិក​ណា​ម្នាក់​ដែល «ពួក​ជំនុំ​នៃ​ព្រះគ្រីស្ទ» តែង​តាំង​ទេ ទើប​អាច​ធ្វើជា​អ្នក​ប្រកាស​ដំណឹង​ល្អ​បាន។
  • ពួក​គេ​ទទួល​ជឿ​ថា «ពួក​ជំនុំ​នៃ​ព្រះគ្រីស្ទ» គឺ​ជា​ឈ្មោះ​ផ្លូវ​ការ​សម្រាប់​ក្រុម​ជំនុំ។ ឈ្មោះ​ណា​ផ្សេង​ទៀត​ក្រៅ​ពី​ឈ្មោះ​នោះ​គឺ​មិន​មែន​ជា​ឈ្មោះ​ក្រុម​ជំនុំ​ដ៏​ពិត​ទេ។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ​ក្រុម​ជំនុំ​នោះ​គឺជា​ក្រុម​ជំនុំ​ខុស​ឆ្គង​ហើយ បើ​មិន​មាន​ឈ្មោះ​ដូច​នោះ។
  • ពួក​គេ​ទទួល​ជឿ​ថា ដាច់ខាត! ដើម្បី​ឲ្យ​បុគ្គល​ណា​ម្នាក់​ទទួល​សេចក្ដី​សង្គ្រោះ​បាន បុគ្គល​ម្នាក់​នោះ​ត្រូវ​ធ្វើ​ជា​សមាជិក «ពួកជំនុំ​នៃ​ព្រះ​គ្រីស្ទ» ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​ក្រុម​ជំនុំ​នោះ។
  • ពួក​គេ​ទទួល​ជឿ​ថា យើង​មិន​អាច​បរិភោគ​ខ​ឈាម​ជ្រូក​បាន​ទេ ដែល​ធាតុ​ពិត​នេះ​គឺ​ជា​ម្ហូប​ដ៏​ពេញ​និយម​មួយ​មក​ពី​ប្រទេស​ហ្វីលីពីន។
  • ពួក​គេ​ទទួល​ជឿ​ថា សមាជិក​ក្រុម​ជំនុំ​ត្រូវ​តែ​គេច​ចេញ​ពី​ការ​ចូលរួម​ក្នុង​សមាជិក​ភាព​សហជីព​ពាណិជ្ជ​កម្ម។
  • សមាជិក​ក្រុម​ជំនុំ​ត្រូវ​តែ​គេច​ចេញ​ពី​ការ​ចូល​រួម​ក្នុង​សាលា​កាត់​ក្ដី។
  • ពួក​គេ​ត្រូវ​តែ​បោះ​ឆ្នោត​បែប​ឯក​បក្ស​ទាំង​អស់​គ្នា។
  • ដាច់ខាត! ពួក​គេ​ត្រូវ​តែ​ចូល​រួម​ពិធី​ថ្វាយ​បង្គំ​ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ។
  • ដាច់ខាត! ពួក​គេ​ត្រូវ​តែ​ថ្វាយ​ដង្វាយ​ទៅ​កាន់​ក្រុម​ជំនុំ។

យោង​តាម «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ» ដើម្បីឲ្យ​បុគ្គល​ណា​ម្នាក់​ទទួល​បាន​សេចក្ដី​សង្គ្រោះ ដាច់​ខាត​គាត់​ត្រូវតែ​ស្តាប់​តាម និង​ធ្វើ​តាម​ព្រះ​វិន័យ​ដែល​មាន​ចែង​ដូច​ខាង​លើ​នោះ។ តាម​ពិត​ទៅ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា​សេចក្ដី​សង្គ្រោះ «គឺ​ជា​អំណោយ​ទាន​របស់​ព្រះ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន» (អេភេសូរ ២:៨ក-៩)។

ដូច​ដែល​មាន​ភស្តុតាង​យ៉ាង​ច្បាស់​លាស់​ហើយ​ថា «ពួក​ជំនុំ​នៃ​ព្រះ​គ្រីស្ទ» គឺ​ជា​ពួក​ខុស​ឆ្គង។ ពួក​គេ​បដិសេធ​គោល​ជំនឿ​គ្រីស្ទ​បរិស័ទ​សំខាន់ៗ ជា​ពិសេស​គោល​ជំនឿ​លើ​ព្រះ​ត្រៃ​ឯក និង​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​តែ​ម្ដង។ ពួក​គេ​ក្ដាប់​យក​សមាជិក​យ៉ាង​ខ្លាំង ស្ទើរ​តែ​ឲ្យ​សមាជិក​មិន​អាច​រើ​បម្រាស់​ខ្លួន​ចេញ​បាន ហើយ​ពួក​គេ​ក៏​ដាក់​ច្បាប់​ដែល​មនុស្ស​បង្កើត​ឲ្យ​សមាជិក​ដើរ​តាម ដើម្បី​ថា​ឲ្យ​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​តាមរយៈ​ទង្វើ និង​អំពើ​របស់​ពួក​គេ។ ព្រះ​អម្ចាស់​យើង​បាន​ទាយ​ទុក​ហើយ​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​នឹង​មាន​មនុស្ស​ម្នា​ជា​ច្រើន​មក​អះ​អាង​ថា ខ្លួន​ជា​ព្រះ​គ្រីស្ទ ហើយនិង​នាំ​អ្នក​ផ្សេង​ឲ្យ​វង្វេង​ដែរ (ម៉ាថាយ ២៤:៥)។ ប៉ុន្តែ អរ​ព្រះ​គុណ​ព្រះ​អង្គ ព្រោះ​ព្រះ​អង្គ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា អ្នក​ជឿ​ពិត​នឹង​មិន​ភ្លាត់​ខ្លួន​ធ្លាក់​វង្វេង​ដូច​អ្នក​ផ្សេង​នោះ​ឡើយ (យ៉ូហាន ៦:៣៧)។

ដាច់​ខាត! ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​ត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ព្រះ​មេស្ស៊ី​ក្លែង​ក្លាយ និង​និកាយ​គ្រីស្ទ​បរិស័ទ​ដែល​ជា​ពួក​ខុស​ឆ្គង​ដូច​ជា «ពួក​ជំនុំ​នៃ​ព្រះគ្រីស្ទ»។ ដាច់​ខាត! យើង​ត្រូវ​តែ​មាន​មូល​ដ្ឋាន​គ្រឹះ​ឲ្យ​នឹង​ធឹង​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ដើម្បី​ឲ្យ​យើង​អាច​ស្គាល់​សេចក្ដី​បង្រៀន​ខុស​ឆ្គង​ទាំង​នោះ​បាន។ យើង​ក៏​ត្រូវ​តែ​ទទួល​ស្គាល់​ផង​ដែរ​ថា ចំពោះ​អស់​អ្នក​ដែល​បាន​ធ្លាក់​ក្នុង​អន្ទាក់​នៃ​សេចក្ដី​បង្រៀន​ខុស​ឆ្គង​បែប​អស់​នោះ​ក៏​ពួក​គាត់​ត្រូវ​ការ​ទទួល​សេចក្ដី​សង្គ្រោះ​ផង​ដែរ ដែល​យើង​អាច​រក​បាន​នៅ​ក្នុង​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​តែ​មួយ​អង្គ​ប៉ុណ្ណោះ ព្រះ​រាជ​បុត្រា​តែ​មួយ​គត់​របស់​ព្រះ​ជាម្ចាស់ ដូច​កាល​ដែល​យើង​នៅ​វង្វេង​ក្នុង​អំពើ​បាប​ផង​ដែរ។

និពន្ធ​ដោយ៖ ក្រុម Got Questions
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, ​លោក ទេព រ៉ូ, លោក ខែម បូឡុង និង​កញ្ញា សួន សុជាតា
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

7 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

​មនុស្ស​អាច​ក្លាយ​ជា​កូនៗ​របស់​ព្រះ​ជាម្ចាស់​បាន

ការ​រងទុក្ខ​គឺ​ជា​រឿង​ធម្មតា