ម៉ាកុស ២:១៣-១៧៖ «១៣ ព្រះយេស៊ូវយាងចេញទៅឆ្នេរសមុទ្រម្តងទៀត។ បណ្ដាជនទាំងអស់នាំគ្នាចូលមករកព្រះអង្គ ហើយព្រះអង្គបង្រៀនពួកគេ។ ១៤ កាលព្រះអង្គយាងហួសពីនោះទៅ ទ្រង់ទតឃើញលេវី ជាកូនអាល់ផាយ កំពុងអង្គុយនៅកន្លែងយកពន្ធ ហើយព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។ ១៥ កាលព្រះយេស៊ូវគង់នៅតុក្នុងផ្ទះរបស់លេវី មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មកអង្គុយរួមតុជាមួយព្រះអង្គ និងពួកសិស្ស ដ្បិតមានមនុស្សជាច្រើន ដែលមកតាមព្រះអង្គ។ ១៦ កាលពួកអាចារ្យខាងពួកផារិស៊ីឃើញព្រះអង្គសោយជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ គេក៏សួរពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយពួកអ្នកទារពន្ធ និងពួកមនុស្សបាបដូច្នេះ?» ១៧ ពេលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានព្រះបន្ទូលថា៖ «ពួកអ្នកដែលមានសុខភាពល្អ គេមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះ ដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប [ឲ្យប្រែចិត្ត] វិញ»។» (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៩:៩-១៣ និងលូកា ៥:២៧-៣២)
យើងអាចសង្ខេបខគម្ពីរខាងលើដូចតទៅ៖
«ព្រះគុណដ៏អស្ចារ្យរបស់ព្រះ»
I. ព្រះយេស៊ូវត្រាស់ហៅមនុស្សមានបាប
II. ព្រះយេស៊ូវមិនត្រាស់ហៅមនុស្សសុចរិត
ចំណុចស្នូល៖ ព្រះយេស៊ូវមិនបានយាងមក ដើម្បីហៅមនុស្សសុចរិតទេ តែបានមកហៅមនុស្សមានបាបឲ្យកែប្រែចិត្តវិញ (១៧)។
ក្នុងខ១៣ និង១៥ យើងឃើញអំពីទីតាំងនៃដំណើររឿងមួយនេះ។ ខ១៣ប្រាប់យើងថា ព្រះយេស៊ូវបាន «យាងចេញទៅឆ្នេរសមុទ្រម្តងទៀត»។ ទោះបើលោក ម៉ាកុស មិនបានប្រាប់យើងអំពីឈ្មោះឆ្នេរសមុទ្រមួយនេះក៏ដោយ ក៏យើងអាចសន្មតដោយពឹងលើបរិបទនៃកណ្ឌគម្ពីរ ម៉ាកុស និងកណ្ឌគម្ពីរផ្សេងៗថា គាត់កំពុងតែនិយាយសំដៅទៅលើឆ្នេរសមុទ្រកាលីឡេដែរ។ ហើយទីតាំងទីពីរគឺក្នុងខ១៥ យើងឃើញថា ព្រះយេស៊ូវបានគង់នៅតុក្នុងផ្ទះរបស់លោក លេវី។
យើងឃើញថាមានមនុស្សពីរប្រភេទ នៅក្នុងការត្រាស់ហៅលោក លេវី៖ ១) មនុស្សដែលហៅខ្លួនឯងថាសុចរិត និង ២) អ្នកទារពន្ធ និងមនុស្សដែលគេហៅថាមានបាប។
យើងដឹងហើយថា អ្នកទារពន្ធ និងមនុស្សមានបាបគឺជាអ្នកឈឺ ហើយព្រះយេស៊ូវគឺជាគ្រូពេទ្យ ក្នុងពាក្យប្រៀបប្រដូចរបស់ទ្រង់ក្នុងខ១៧។ ដូចសព្វដង អ្វីដែលព្រះអង្គកំពុងធ្វើគឺ៖ ការប្រកាសអំពីព្រះរាជ្យនគររបស់ព្រះជាម្ចាស់ និងអំពីដំណឹងល្អរបស់ទ្រង់។
ក្នុងការត្រាស់ហៅពួកសិស្សមុនៗ យើងក៏ដឹងថាព្រះអង្គបានយាងមកមិនមែនឲ្យគេបម្រើទ្រង់ទេ តែគឺមកដើម្បីបម្រើគេវិញ ទាំងប្រគល់ជីវិតទ្រង់ ជាថ្លៃលោះដល់មនុស្សជាច្រើន។ នៅចុងបញ្ចប់ យើងដឹងហើយថា៖ ព្រះអង្គបានសុគតនៅលើឈើឆ្កាង ត្រូវបានគេបញ្ចុះនៅក្នុងផ្នូរ ហើយបីថ្ងៃក្រោយមកព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ ដែលនោះឯងគឺជាការប្រគល់ព្រះជន្មរបស់ទ្រង់ជំនួសមនុស្សមានបាប ដែលនេះបង្ហាញអំពីការដែលព្រះអង្គបម្រើពួកអ្នកឈឺ។
ព្រះយេស៊ូវកំពុងតែប្រកាសដំណឹងល្អ ពីព្រោះក្នុងខ១៣លោក ម៉ាកុស បានប្រាប់យើងថាព្រះអង្គកំពុងតែបង្រៀនពួកបណ្ដាជនទាំងអស់ដែលបានមករកទ្រង់។ ដូចនៅក្នុងខ២នៃជំពូក២ «ព្រះអង្គប្រកាសព្រះបន្ទូលឲ្យគេស្ដាប់» គឺជារបៀបមួយនៃការសង្ខេបរបស់លោក ម៉ាកុស អំពីការដែលព្រះអង្គបង្រៀនអំពីព្រះរាជ្យនគររបស់ព្រះជាម្ចាស់។ ត្រង់នេះ យើងក៏ដឹងថា គាត់ក៏កំពុងធ្វើដូច្នោះដែរ នៅពេលដែលគាត់លើកឡើងថា «ព្រះអង្គបង្រៀនពួកគេ»។
ដូចគ្នាទៅនឹងការត្រាស់ហៅរបស់លោក ស៊ីម៉ូន, លោក អនទ្រេ, លោក យ៉ាកុប និងលោក យ៉ូហាន នោះការត្រាស់ហៅរបស់លោក លេវី ក៏បង្ហាញអំពីភាពជាព្រះរបស់ព្រះយេស៊ូវ និងអំពីការស្ដាប់បង្គាប់របស់គាត់ដែលគ្មានលក្ខខណ្ឌផងដែរ។ ត្រង់នេះ ខ្ញុំគ្រាន់តែចង់លើកឡើងថាលោក ម៉ាកុស បានប្រាប់យើងអំពីការចាប់ផ្ដើមដំណើររឿងនៃភាពជាសិស្សរបស់លោក លេវី ដោយគាត់បាន «ក្រោកឡើង ហើយដើរតាមព្រះអង្គ»។ លោក ម៉ាកុស បានប្រើប្រាស់ពាក្យ «ដើរតាម» ដូចដែលគាត់បានប្រើជាមួយនឹងពួកសិស្សមុនៗ ដើម្បីសម្គាល់អំពីការចាប់ផ្ដើមដំណើរជីវិតនៃភាពជាសិស្សរបស់ព្រះយេស៊ូវ។
តើលោក លេវី ជានរណា?
ស្រដៀងគ្នានឹងប្រទេសខ្មែរយើងដែរ នៅប្រទេសអ៊ីស្រាអែលនៅពេលដែលគេណែនាំអំពីបុគ្គលណាម្នាក់ថា “តើគាត់ជានរណា?” គេតែងតែលើកឡើងអំពីឪពុកម្ដាយខ្សែស្រឡាយរបស់គាត់ ឬក៏មុខរបរការងាររកស៊ីរបស់គាត់។ ហើយត្រង់នេះយើងឃើញថាលោក «លេវី ជាកូនអាល់ផាយ កំពុងអង្គុយនៅកន្លែងយកពន្ធ»។
ឃ្លា «អ្នកយកពន្ធ ឬក៏អ្នកទារពន្ធ និងមនុស្សមានបាប» មានលើកឡើងបីដងនៅក្នុង៥ខនេះ។ ឃ្លា «អ្នកទារពន្ធ និងមនុស្សមានបាប» តែងតែទៅជាមួយគ្នាក្នុងប្រយោគតែមួយនៅពេលដែលគេលើកឡើងអំពីអ្នកយកពន្ធ។ គេរាប់ពួកគាត់ថា ជាមនុស្សមិនស្អាត ពីព្រោះពួកគាត់ប្រឡូកប្រឡាក់ជាមួយនឹងសាសន៍ដទៃដែលគេរាប់ថាជាមនុស្សមានបាប។ ក្នុងបរិបទនៃកណ្ឌគម្ពីរផ្សេងៗ យើងដឹងហើយថាលោក លេវី ដែលជាកូនអាល់ផាយ គឺជាលោក ម៉ាថាយ អ្នកនិពន្ធកណ្ឌគម្ពីរម៉ាថាយ។ វាជារឿងសាមញ្ញទេដែលមនុស្សនៅសម័យនោះមានឈ្មោះពីរបីក្នុងពេលតែមួយ។ បើនិយាយឲ្យខ្លីទៅ វាក៏មិនខុសគ្នាប៉ុន្មានពីសម័យនេះនោះទេ។
I. ព្រះអង្គត្រាស់ហៅមនុស្សមានបាប
នៅក្នុងចុងខ១៤ យើងឃើញអំពីចំណុចស្នូលទី១របស់យើងត្រង់ថា ព្រះយេស៊ូវបានហៅឲ្យលោក លេវី ឲ្យមកដើរតាមទ្រង់ ដែលនេះបង្ហាញអំពីការដែលព្រះអង្គត្រាស់ហៅមនុស្សមានបាប។ ដូចដែលយើងបានលើកឡើងហើយថា ចំពោះសាសន៍អ៊ីស្រាអែល «អ្នកទារពន្ធ» គឺជាមនុស្សមានបាប ដូច្នេះហើយបានជាពាក្យទាំងពីរនេះតែងតែមានក្នុងប្រយោគតែមួយនៅពេលដែលគេលើកឡើងអំពីអ្នកទារពន្ធ ដូចនៅក្នុងខ១៥ និងខ១៦។
ប្រវត្តិវិទូម្នាក់បានលើកឡើងថា សាសន៍អ៊ីស្រាអែលបានរាប់ពួកអ្នកទារពន្ធថា «ជាពួកចោរ ពួកលេងល្បែង ពួកកេងប្រវ័ញ្ចលុយកាក់ អ្នកគង្វាលដែលពោរពេញដោយអំពើហិង្សា អ្នកមិនរក្សាថ្ងៃឈប់សម្រាក ពួកប្រមឹក ស្រី ឬប្រុសពេស្យា ពួកបាតសង្គម និងពួកឃាតករ។ល។ ហើយប្រសិនបើមាននរណាម្នាក់ប៉ះអ្នកទារពន្ធ នោះពួកគេនឹងលែងស្អាត»។ នេះមិនមែនមានន័យថា ពួកគាត់ប្រែរូបរាងទៅជាមនុស្សមិនស្អាតនោះទេ ប៉ុន្តែខ្ញុំកំពុងតែសំដៅត្រង់ថា តាមក្រិត្យក្រមវិន័យនៃសាសន៍អ៊ីស្រាអែល នោះពួកគេបានក្លាយជាមនុស្សមានបាបដែរ។ មូលហេតុចម្បងមួយដែលសាសន៍អ៊ីស្រាអែលស្អប់ពួកអ្នកទារពន្ធ គឺពីព្រោះអ្នកទារពន្ធ (ចំពោះពួកគេ) គឺកំពុងតែសហការគ្នារកស៊ីជាមួយនឹងសាសន៍ រ៉ូម ដែលកំពុងតែដាក់អាណានិគមលើពួកគាត់។
ប៉ុន្តែ ទោះជាយ៉ាងណាក្ដី មុខរបរនៃអ្នកទារពន្ធគឺជាការងារមួយដែលមនុស្សជាច្រើនចង់បាន និងចង់ធ្វើ ពីព្រោះពួកគេអាចកិបកេងលុយកាក់ជាច្រើន។ ពួកគេគ្រាន់តែត្រូវបង់ចំនួនប្រាក់ដែលសាសន៍ រ៉ូម ទារ ហើយអ្វីលើសពីនោះពួកគេអាចទុកសម្រាប់ខ្លួនឯងបាន។
សរុបសេចក្ដីទៅ មូលហេតុមួយដែលយើងអាចដឹងថាលោក លេវី ឬលោក ម៉ាថាយ ពិតជាបានកែប្រែចិត្តគំនិតរបស់គាត់មែន ក្នុងការដែលគាត់ក្រោកឡើង ហើយចាប់ផ្ដើមដើរតាមព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គបានត្រាស់ហៅគាត់ភ្លាមៗនោះ គឺដោយសារគាត់បានបោះបង់មុខរបរនៃការទារពន្ធរបស់គាត់ចោល។
ការដែលព្រះយេស៊ូវបានត្រាស់ហៅលោក លេវី ក៏បង្ហាញអំពីការដែលព្រះអង្គប្រឆាំងទៅនឹងប្រពៃណីនៅជំនាន់ទ្រង់ផងដែរ។ តើទ្រង់ប្រឆាំងយ៉ាងដូចម្ដេច? ប្រឆាំងត្រង់ថា នៅសម័យនោះគ្មានគ្រូណាដែលហៅអ្នកទារពន្ធឲ្យមកធ្វើជាសិស្សរបស់ខ្លួននោះទេ ហើយប្រសិនបើមានអ្នកទារពន្ធណាម្នាក់បានមកភ្ជាប់ខ្លួនធ្វើជាសិស្សជាមួយនឹងគ្រូណាម្នាក់ នោះគ្រូនោះនឹងព្យាយាមធ្វើអស់ពីសមត្ថភាពរបស់គាត់ ក្នុងការបណ្ដេញសិស្ស នឹងមិនទទួលដែលជាអ្នកទារពន្ធនោះចេញ។ ប៉ុន្តែ នេះមិនមែនជាអ្វីដែលព្រះយេស៊ូវធ្វើនោះទេ។ ព្រះអង្គបែរជាត្រាស់ហៅអ្នកទារពន្ធឲ្យមកដើរតាមទ្រង់ទៅវិញ។
II. ព្រះអង្គមិនត្រាស់ហៅមនុស្សសុចរិត
បន្ទាប់ពីការត្រាស់ហៅលោក លេវី យើងក៏ឃើញការឈានចូលដំណើររឿងទី២ ក្នុងបរិបទដែលយើងកំពុងតែសិក្សាជាមួយគ្នា។ ខ១៥បានប្រាប់យើងថា ព្រះយេស៊ូវក៏បានទៅជប់លៀងនៅឯផ្ទះលោក លេវី។ យើងដឹងថា នេះមិនមែនជាការហូបបាយធម្មតានោះទេ ពីព្រោះលោក ម៉ាកុស បានប្រើពាក្យ «គង់នៅតុ និងអង្គុយរួមតុ»។ ពាក្យ «គង់នៅ ឬក៏អង្គុយរួមតុ» ត្រង់នេះសំដៅទៅលើការទម្រេតខ្លួន សណ្ដូកជើង គេងលើកែងដៃដោយមានខ្នើយផ្អែក ពេលកំពុងបរិភោគអាហារ ដែលនោះគឺជារបៀបនៃការអង្គុយពេលបរិភោគនៅឯពិធីជប់លៀង។ យើងក៏ដឹងផងដែរថា នេះគឺជាពិធីជប់លៀង ពីព្រោះមានមនុស្សជាច្រើនបានចូលរួម មិនមែនគ្រាន់តែចាំបាច់សម្គាល់ទៅលើពាក្យ «អង្គុយរួមតុ» ក្នុងខ១៥នោះទេ។ យើងឃើញថា ព្រះយេស៊ូវបានរួមតុជាមួយនឹង «ពួកសិស្ស» «អ្នកទារពន្ធ» «មនុស្សបាប» និង «មនុស្សជាច្រើន» ទៀត។
មកដល់ខ១៦ យើងឃើញអំពីប្រភេទនៃមនុស្សទី២គឺ «ពួកអាចារ្យខាងពួកផារិស៊ី»។ ពេលដែលពួកអាចារ្យឃើញព្រះយេស៊ូវកំពុងតែសោយជាមួយនឹងអ្នកទារពន្ធ និងមនុស្សបាប នោះពួកគេក៏សួរពួកសិស្សរបស់ព្រះយេស៊ូវថា «ហេតុអ្វីបានជាលោក [សំដៅទៅលើព្រះយេស៊ូវ] បរិភោគជាមួយពួកអ្នកទារពន្ធ និងពួកមនុស្សបាបដូច្នេះ?»។
ក្នុងសំណួរនេះ យើងឃើញថា «ពួកអាចារ្យខាងពួកផារិស៊ី» បានរាប់ខ្លួនឯងថាជាមនុស្សសុចរិត។ ពួកអាចារ្យបានញែកខ្លួនឯងចេញពីអ្នកទារពន្ធ និងមនុស្សមានបាប ហើយដោយសារពួកគាត់ហ៊ានសួរសំណួរបែបនេះ នោះពួកគាត់ក៏កំពុងតែផ្ដល់អត្ថន័យថា ព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គ ក៏ដូចជាអ្នកដែលកំពុងចូលរួមពិធីជប់លៀងក៏ជាមនុស្សមានបាបផងដែរ។
សូមកត់សម្គាល់ត្រង់ថា ពួកអាចារ្យខាងឯពួកផារិស៊ីគឺជាអ្នកដាក់ងារឲ្យអ្នកចូលរួមកម្មវិធីថាជាអ្នកទារពន្ធ និងមនុស្សមានបាប មិនមែនព្រះយេស៊ូវ ឬក៏ពួកសិស្សរបស់ទ្រង់ ឬក៏អ្នកដែលកំពុងតែចូលរួមផ្ទាល់នោះទេ។ នេះមិនខុសគ្នាប៉ុន្មានពីកណ្ឌគម្ពីរ លូកា ១៨:៩-១៤ ដែល «អ្នកផារិស៊ីក៏ឈរឡើងអធិស្ឋានតែម្នាក់ឯងដូច្នេះថា “ឱព្រះអង្គអើយ! ទូលបង្គំអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយផិតក្បត់ ឬដូចជាអ្នកទារពន្ធនេះទេ”»។
ប៉ុន្តែ យើងក៏ដឹងហើយថា អ្នកទារពន្ធបានអធិស្ឋានដូចតទៅ៖ «ឱព្រះអង្គអើយ! សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាមនុស្សបាបផង» គឺជាបុគ្គលដែលទទួលបានសេចក្ដីសុចរិត និងការអត់ទោសនៅពេលដែលគាត់ត្រឡប់ទៅផ្ទះវិញ (លូកា ១៨:១៣)។
ក្នុងខ១៧ ពេលដែលព្រះយេស៊ូវឮសំណួររបស់ពួកគេ ព្រះអង្គឆ្លើយដោយមានព្រះបន្ទូលថា៖ «ពួកអ្នកដែលមានសុខភាពល្អ គេមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះ ដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប [ឲ្យប្រែចិត្ត] វិញ»។
ព្រះយេស៊ូវមិនគ្រាន់តែបានមកហៅពួកមនុស្សមានបាបប៉ុណ្ណោះនោះទេ ប៉ុន្តែព្រះអង្គទទួលយកពួកគេ ព្រមទាំងទទួលស្គាល់ពួកគេ ហើយបានរាប់អានពួកគេជាមិត្តភក្ដិ។ ហើយការដែលព្រះអង្គបានមកចូលរួមតុជាមួយនឹងពួកគេក្នុងពិធីជប់លៀងក៏កាន់តែបង្ហាញថែមទៀតអំពីព្រះគុណ និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះពួកគេ។
ពួកអាចារ្យខាងផារិស៊ីដែលកំពុងតែទាស់ប្រឆាំងនឹងព្រះយេស៊ូវ កំពុងតែរាប់ខ្លួនឯងថាជាមនុស្សសុចរិតដោយសារពួកគាត់ «…មិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ» (ទំនុកតម្កើង ១:១)។ ពួកគេបានបកស្រាយកណ្ឌគម្ពីរមួយនេះថា មិនគួរមានទំនាក់ទំនងជាមួយនឹងមនុស្សបែបនេះនោះឡើយ។ ប៉ុន្តែ យើងដឹងហើយថា ព្រះគុណ និងដំណឹងល្អនឹងមិនរើសអើងឡើយ។
ចំណុចចាប់ផ្ដើមនៃដំណឹងល្អគឺមិនមែនគ្រាន់តែកើតឡើងនៅពេលដែលព្រះយេស៊ូវបានសុគត ត្រូវបានគេបញ្ចុះក្នុងផ្នូរ ហើយព្រះអង្គបានមានព្រះជន្មរស់ឡើងវិញនោះទេ។ ទេ! ចំណុចផ្ដើមនៃដំណឹងល្អគឺកើតឡើងតាំងពីមុនពេលដែលព្រះយេស៊ូវបានយាងមកយកកំណើត ពេលដែលព្រះអង្គបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សមានបាប ដូចដែលយើងឃើញនៅក្នុងដំណើររឿងមួយនេះ។
រ៉ូម ៣:២៥-២៦ បានចែងថា៖ «ព្រះបានប្រគល់ព្រះអង្គជាយញ្ញបូជាប្រោសលោះ ដោយសារព្រះលោហិតព្រះអង្គ តាមរយៈជំនឿ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីបង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះអង្គ ហើយចំពោះការដែលព្រះអង្គបានទតរំលងអំពើបាបដែលគេបានប្រព្រឹត្តពីមុន ព្រោះព្រះអង្គមានព្រះហឫទ័យអត់ធ្មត់…ព្រះអង្គរាប់អ្នកដែលមានជំនឿដល់ព្រះយេស៊ូវ ជាសុចរិតផងដែរ។»
សូមកត់សម្គាល់លើចំណុចដែលថា ព្រះយេស៊ូវមានអំណាចក្នុងការអត់ទោសអំពើបាប មិនមែនកត់សម្គាល់ទៅលើការបំផ្លាស់បំប្រែរបស់មនុស្សមានបាបឡើយ ទោះបើថានោះជាអ្វីដែលព្រះអង្គសព្វព្រះហឫទ័យចង់ឃើញក៏ដោយ ក៏ប៉ុន្តែត្រង់នេះអ្វីដែលលោក ម៉ាកុស កំពុងតែបង្ហាញយើងគឺឲ្យយើងឃើញថា ដំណឹងល្អនឹងអត់ទោសអំពើបាប ដំណឹងល្អគឺសម្រាប់មនុស្សមានបាន ដែលនេះមានន័យថា គឺសម្រាប់មនុស្សគ្រប់ៗរូប។ នេះឯងគឺជាចំណុចពិសេសនៃដំណឹងល្អត្រង់ថា ព្រះអង្គនឹងអត់ទោសនូវរាល់កំហុសរបស់អស់អ្នកដែលទទួលស្គាល់ថា ខ្លួនខុស ហើយសូមឲ្យព្រះអង្គអត់ទាស់ដល់ពួកគេ។
ការអនុវត្ត
តើសព្វថ្ងៃនេះលោកអ្នកកំពុងតែរាប់ខ្លួនឯងថាជាមនុស្សសុចរិត ឬក៏មនុស្សទុច្ចរិតដែលត្រូវការដំណឹងល្អរបស់ព្រះយេស៊ូវ? ប្រសិនបើលោកអ្នកបានទទួលជឿលើព្រះយេស៊ូវហើយ នោះមានន័យថា លោកអ្នកជាមនុស្សសុចរិត តែប្រសិនបើលោកអ្នកមិនទាន់ទទួលជឿលើព្រះយេស៊ូវនៅឡើយទេ នោះមានន័យថា បងប្អូនជាមនុស្សទុច្ចរិត។
ចំពោះបងប្អូនដែលមិនទាន់ទទួលជឿលើព្រះយេស៊ូវ នោះមានន័យថា បងប្អូននៅជាមនុស្សទុច្ចរិតនៅឡើយ ហើយបងប្អូនត្រូវការដំណឹងល្អ។
សូមបើកចិត្តទទួលជឿព្រះអង្គ «ព្រោះ បើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយបានសង្គ្រោះដោយមាត់ប្រកាសប្រាប់» (រ៉ូម ១០:៩-១០)។
ចំពោះលោកអ្នកដែលបានទទួលជឿលើព្រះយេស៊ូវ ដែលបានទទួលសេចក្ដីសុចរិតរបស់ព្រះអង្គហើយ តើសព្វថ្ងៃនេះលោកអ្នកមានទំនាក់ទំនងជាមួយនឹងមនុស្សទុច្ចរិត មនុស្សមានបាប មនុស្សដែលគេមិនចង់រាប់អាន ឬក៏ស្អប់ខ្ពើម។ល។ដែរឬទេ?
សូមកត់សម្គាល់អំពីជីវិតបំផ្លាស់បំប្រែរបស់លោក លេវី ត្រង់ថា៖ បន្ទាប់ពីគាត់ទទួលបានការត្រាស់ហៅឲ្យដើរតាមព្រះយេស៊ូវ គាត់ក៏បានចេញទៅហៅអ្នកផ្សេងទៀតឲ្យមកដើរតាមព្រះអង្គដែរ។ នេះឯងគឺជាមូលហេតុដែលគាត់បានរៀបចំពិធីជប់លៀងយ៉ាងធំជាមួយនឹងអ្នកទារពន្ធ មនុស្សមានបាប និងមនុស្សជាច្រើនទៀត ដើម្បីឲ្យពួកគេអាចជួបព្រះយេស៊ូវ ហើយទទួលឮការស្ដាប់ដំណឹងល្អនៃព្រះរាជ្យនគររបស់ព្រះជាម្ចាស់ដែរ។
ចូរយើងចេញទៅ ហើយប្រកាសដំណឹងល្អ ហើយប្រសិនបើចាំបាច់ សូមប្រើប្រាស់មាត់របស់យើង ដើម្បីប្រកាស ដែលនេះខ្ញុំចង់មានន័យថា ឲ្យយើងរស់នៅដោយបង្ហាញពីដំណឹងល្អជានិច្ច។ ប្រកាសមកកាន់ខ្លួនឯងជាមុន ហើយបន្ទាប់មកប្រកាសទៅអ្នកដទៃ។
មតិយោបល់
Loading…