ការសុគតរបស់ព្រះគ្រីស្ទមិនមែនគ្រាន់តែកើតឡើងមុនការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ប៉ុណ្ណឹងទេ ប៉ុន្តែវាគឺជាតម្លៃដែលត្រូវទទួលការរស់ឡើងវិញនោះ។ ហេតុដូច្នេះហើយបានជាកណ្ឌគម្ពីរ ហេព្រើរ ១៣:២១ ចែងថា ព្រះជាម្ចាស់បានប្រោសទ្រង់ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ «ដោយសារព្រះលោហិតនៃសញ្ញាដ៏នៅអស់កល្បជានិច្ច»។
«ព្រះលោហិតនៃសញ្ញា» គឺជាព្រះលោហិតរបស់ព្រះយេស៊ូវ។ ដូចដែលទ្រង់បានមានបន្ទូលរួចមកហើយថា «ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី…» (ម៉ាថាយ ២៦:២៨)។នៅពេលដែលព្រះគម្ពីរលើកឡើងពីព្រះលោហិតរបស់ព្រះយេស៊ូវ នោះអ្នកនិពន្ធចង់សំដៅលើការសុគតរបស់ទ្រង់។ បើព្រះយេស៊ូវគ្រាន់តែបង្ហូរព្រះលោហិតរបស់ទ្រង់តែមិនបានសុគត នោះក៏គ្មានសេចក្ដីសង្គ្រោះកើតឡើងដែរ។ ប៉ុន្តែព្រះលោហិតទ្រង់បានហូររហូតដល់ទ្រង់សុគត នេះបង្ហាញថា ការខ្ចាយព្រះលោហិតរបស់ទ្រង់មានសារៈសំខាន់។
ដូច្នេះ តើការខ្ចាយព្រះលោហិត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ មានទំនាក់ទំនងនឹងគ្នាយ៉ាងដូចម្ដេច? ព្រះគម្ពីរចែងថា ព្រះជាម្ចាស់បានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ មិនមែនគ្រាន់តែក្រោយការខ្ចាយព្រះលោហិតរបស់ទ្រង់ ប៉ុន្តែតាមរយៈការខ្ចាយព្រះលោហិតរបស់ទ្រង់។ នេះមានន័យថា ការសុគតរបស់ព្រះយេស៊ូវបានសម្រេចពេញលេញ ហើយគ្រប់លក្ខណ៍ ដូច្នេះហើយ ការមានព្រះជន្មរស់ឡើងវិញគឺជារង្វាន់ និងជាការបង្ហាញពីភាពគ្មានទោសរបស់ព្រះគ្រីស្ទ។
ការរងទុក្ខ និងការសុគតរបស់ព្រះយេស៊ូវបានធ្វើឲ្យព្រះជាម្ចាស់ស្កប់ចិត្ត ហើយឈប់ខ្ញាល់។ តាមរយៈការរងទុក្ខរបស់ព្រះយេស៊ូវ ព្រះជាម្ចាស់បានដកបណ្ដាសាដ៏បរិសុទ្ធលើអំពើបាបចេញទាំងស្រុង។ ព្រះគ្រីស្ទបានស្ដាប់បង្គាប់ព្រះជាម្ចាស់យ៉ាងពេញលេញ។ ហើយទ្រង់ក៏បានបង់តម្លៃលើការអត់ទោសទាំងស្រុង។ ទ្រង់បានបង្ហាញឲ្យឃើញថា សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់គឺយុត្តិធម៌ត្រឹមត្រូវ។ អ្វីដែលនៅសល់នោះគឺការទទួលស្គាល់ជាសាធារណៈពីព្រះជាម្ចាស់ថា អ្វីៗដែលព្រះយេស៊ូវបានធ្វើគឺបានបំពេញតាមតម្រូវការរបស់ព្រះជាម្ចាស់សព្វគ្រប់។ ដូច្នេះយើងដឹងថា ព្រះជាម្ចាស់បានទទួលស្គាល់ព្រះយេស៊ូវជាសាធារណៈដោយសារទ្រង់បានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញ។
នៅពេលដែលព្រះគម្ពីរចែងថា «ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះជំនឿរបស់អ្នករាល់គ្នា ឥតប្រយោជន៍សោះ អ្នករាល់គ្នានៅជាប់ក្នុងអំពើបាបដដែល» (១កូរិនថូស ១៥:១៧ គកស) ចំណុចសំខាន់នោះមិនមែនចង់មានន័យថា ការរស់ឡើងវិញគឺជាតម្លៃសម្រាប់បង់ថ្លៃអំពើបាបរបស់យើងនោះទេ។ តែការរស់ឡើងវិញបង្ហាញថា ការសុគតរបស់ព្រះយេស៊ូវគឺជាការបង់ថ្លៃដ៏គ្រប់គ្រាន់សម្រាប់អ្វីៗទាំងអស់ នោះហើយគឺជាអត្ថន័យនៃខគម្ពីរខាងលើនេះ។ ប្រសិនបើព្រះយេស៊ូវមិនបានមានព្រះជន្មរស់ឡើងវិញទេ នោះការសុគតរបស់ទ្រង់គឺជារឿងឥតប្រយោជន៍ ហើយព្រះជាម្ចាស់ក៏មិនទទួលស្គាល់ថា អំពើបាបដែលព្រះយេស៊ូវបានទទួលជំនួសយើងនោះបានធ្វើឲ្យយើងរួចពីបាបនោះឡើយ ដូច្នេះយើងក៏នៅជាមនុស្សមានបាបដដែល។
ប៉ុន្តែតាមពិត «…ព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ» (រ៉ូម ៦:៤ គកស)។ ជ័យជម្នះនៃការរងទុក្ខ និងការសុគតរបស់ទ្រង់គឺជាភស្តុតាងដ៏ត្រឹមត្រូវក្នុងព្រះនេត្រព្រះជាម្ចាស់។ ហើយប្រសិនបើយើងទុកចិត្តលើព្រះគ្រីស្ទ នោះមានន័យថា យើងមិនមែននៅក្នុងអំពើបាបរបស់យើងទៀតទេ។ ដ្បិត «ដោយសារព្រះលោហិតនៃសញ្ញាដ៏នៅអស់កល្បជានិច្ច» បានជាព្រះជាម្ចាស់ប្រោសអ្នកគង្វាលដ៏ធំឲ្យមានព្រះជន្មរស់ឡើងវិញ ហើយឲ្យមានព្រះជន្មជាដរាបតទៅ។
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ដែលទ្រង់ប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ឲ្យត្រឡប់ពីពួកស្លាប់មកវិញ គឺជាអ្នកគង្វាលដ៏ធំនៃហ្វូងចៀមទ្រង់ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ក្នុងការល្អគ្រប់ជំពូក ដោយសារព្រះលោហិត នៃសញ្ញាដ៏នៅអស់កល្បជានិច្ច ប្រយោជន៍ឲ្យអ្នករាល់គ្នា បានធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់…
ហេព្រើរ ១៣:២០-២១
ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ប្រើដោយមានការអនុញ្ញាត
មតិយោបល់
Loading…