១យ៉ូហាន ៣:១៩-២៤
ក្នុងនាមជាប្តី ឬក៏ជាប្រពន្ធក្តី តើលោកអ្នកចង់ឮពាក្យថា «បងស្រឡាញ់អូន» ឬ «អូនស្រឡាញ់បង» ប៉ុន្មានដង ពេលដែលលោកអ្នកមានគ្រួសារហើយ? ចំពោះលោកអ្នកផ្ទាល់ តើលោកអ្នកចង់ឮពាក្យថា «បងស្រឡាញ់អូន ឬអូនស្រឡាញ់បង» រវាងគ្នាច្រើនដង ឬមិនចង់ឮទេ? ប្រហែលជាលោកអ្នកចង់ឮរៀងរាល់ថ្ងៃ។ ចំណែកឪពុកម្តាយរបស់លោកអ្នកវិញ តើលោកអ្នកចង់ឮឪពុកម្តាយរបស់លោកអ្នកនិយាយមកកាន់លោកអ្នកថា «ម៉ាក់ស្រឡាញ់កូន ឬប៉ាស្រឡាញ់កូន» តើលោកអ្នកចង់ឲ្យគាត់និយាយពាក្យបែបនេះ ប៉ុន្មានដង? ខ្ញុំជឿថា លោកអ្នក ហើយនិងខ្ញុំដែលធ្លាប់ជាកូន ឬក៏ជាកូនមិនគ្រាន់តែចង់ឮពាក្យនោះម្តងម្កាលនោះទេ ផ្ទុយទៅវិញយើងចង់ឮជារៀងរាល់ថ្ងៃតែម្តង។ ដូចគ្នានេះដែរ កូនរបស់ខ្ញុំតែងតែសួរខ្ញុំថា «ប៉ាៗស្រឡាញ់កូនអត់»? ហើយកូនរបស់ខ្ញុំក៏រង់ចាំនូវពាក្យស្រឡាញ់របស់ខ្ញុំទៅកាន់គាត់វិញ មិនត្រឹមតែនិយាយតែម្តងទេ គឺគាត់ចង់ឲ្យខ្ញុំនិយាយច្រើនដង។
រីឯជីវិតខាងឯព្រលឹងវិញ្ញាណរបស់យើង គឺដឹងហើយថា ព្រះជាម្ចាស់តែងតែមានបន្ទូលជាច្រើនលើកច្រើនសារហើយថា ព្រះអង្គស្រឡាញ់ដល់យើង។ ទោះបើពេលខ្លះលោកអ្នកមានបញ្ហាជាច្រើនដែលកើតឡើង ឬក៏ព្រះកំពុងវាយផ្ចាលលោកអ្នកយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែស្រឡាញ់យើង ហើយព្រះអង្គនៅដាស់តឿនយើង ជួយយើង ព្រមទាំងចង់នាំយើងឲ្យដើរនៅក្នុងផ្លូវមួយដែលសុចរិត និងបរិសុទ្ធ។ កណ្ឌគម្ពីរ យ៉ូហាន ៣:១ បានចែងថា «មើល៍! សេចក្ដីស្រឡាញ់យ៉ាងណាហ្ន៎ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយ៍មិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ»។ សាវ័ក យ៉ូហាន បានបញ្ជាក់ម្តងហើយម្តងទៀតថា ព្រះជាម្ចាស់ស្រឡាញ់ដល់ពួកគាត់ណាស់ ដោយសារពួកគេនៅតែមានមន្ទិលសង្ស័យពីសេចក្ដីស្រឡាញ់របស់ទ្រង់ ឬក៏មានអ្វីមួយដែលបានអូសទាញពួកគេឲ្យរស់នៅឆ្ងាយពីសេចក្ដីស្រឡាញ់របស់ព្រះអង្គ។
សាវ័ក យ៉ូហាន មិនមែនសរសេរជាលើកទី១ អំពីការដែលព្រះជាម្ចាស់ស្រឡាញ់ដល់ពួកគាត់ទេ គឺច្រើនលើកច្រើនសារហើយ។ នេះប្រហែលជាពួកគេកំពុងតែរស់នៅក្នុងជីវិតមួយដែលមិនទាន់ច្បាស់លាស់ និងពិតប្រាកដ នៅពេលដែលមានបញ្ហាមកដល់ពួកគេចាប់ផ្តើមមានគំនិតអវិជ្ជមានដោយចោទសួរខ្លួនឯងថា «អូ! តើខ្ញុំបានសេចក្ដីសង្គ្រោះឬក៏អត់? ឬក៏បើខ្ញុំបានសង្គ្រោះហើយ ម៉េចបានជាខ្ញុំនៅប្រព្រឹត្តយ៉ាងដូច្នោះទៅវិញ? ហេតុអ្វីខ្ញុំនៅតែធ្វើបាបដដែលៗទៀត?» ខ្ញុំជឿថា លោកអ្នកប្រហែលមានអារម្មណ៍បែបនេះគឺមានភាពស្រដៀងគ្នា ទៅនឹងពួកជំនុំដើមដែលសាវ័ក យ៉ូហាន បានលើកមកនិយាយផងដែរ។ ពេលដែលលោកអ្នកជឿព្រះមុនដំបូង លោកអ្នកមានអារម្មណ៍ថា រំភើប សប្បាយ មានអំណរ ប៉ុន្តែពេលដែលមានបញ្ហាកើតឡើង នោះលោកអ្នកចាប់ផ្តើមមានគំនិតសង្ស័យថា «តើព្រះអង្គទ្រង់ស្រឡាញ់លោកអ្នកដែរឬក៏អត់? ឬក៏តើខ្ញុំពិតជាបានសេចក្ដីសង្គ្រោះដែរឬក៏អត់?»
ព្រះពរនៃការដឹងជាក់ពីសេចក្តីសង្គ្រោះរបស់យើង
កណ្ឌគម្ពីរ ១យ៉ូហាន ៣:១៩-២៤ បានចែងថា «គឺយ៉ាងនោះឯងដែលយើងនឹងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយយើងនឹងបានកំឡាចិត្ត នៅចំពោះទ្រង់ផង ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង។ ពួកស្ងួនភ្ងាអើយ! បើចិត្តយើងមិនចោទប្រកាន់ចំពោះខ្លួនទេ នោះយើងមានសេចក្ដីក្លាហាន នៅចំពោះព្រះ ហើយទោះបើយើងសូមអ្វីពីទ្រង់ក៏ដោយ គង់តែនឹងបានសម្រេច ពីព្រោះយើងកាន់តាមបញ្ញត្តិទ្រង់ ហើយក៏ប្រព្រឹត្តការដែលគាប់ព្រះហឫទ័យដល់ទ្រង់ដែរ។ ឯបញ្ញត្តិទ្រង់នោះ គឺថា ត្រូវឲ្យយើងជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់បានបង្គាប់មកហើយ។ អ្នកណាដែលកាន់តាមបញ្ញត្តិទ្រង់ នោះឈ្មោះថានៅជាប់ក្នុងទ្រង់ ហើយទ្រង់ក៏គង់នៅក្នុងអ្នកនោះដែរ។ យើងដឹងថា ទ្រង់គង់នៅក្នុងយើង ដោយសារព្រះវិញ្ញាណដែលទ្រង់ប្រទានមក»។
ដូច្នេះ លោកអ្នកបានដឹងរួចហើយនូវគោលបំណងដែលសាវ័ក យ៉ូហាន សរសេរកណ្ឌគម្ពីរនេះឡើងគឺ ដើម្បីលើកទឹកចិត្ត និងដើម្បីបញ្ជាក់ដល់ក្រុមជំនុំឲ្យពួកគេដឹងថា ពួកគេនឹងបានសេចក្ដីសង្គ្រោះ ហើយពួកគេនឹងបានជីវិតដ៏នៅអស់កល្បជានិច្ច (សូមមើលបន្ថែម ១យ៉ូហាន ៥:១៣)។ នេះហើយគឺជាគោលបំណងចម្បងដែលសាវ័ក យ៉ូហាន បានសរសេរទៅកាន់ពួកជំនុំនោះថា ពួកគេមានជីវិតដ៏នៅអស់កល្បជានិច្ច។ សាវ័ក យ៉ូហាន ក៏បានសរសេរ ដើម្បីចង់ឲ្យពួកគេបន្តនៅក្នុងជំនឿរបស់ខ្លួន និងបន្តស្តាប់បង្គាប់នៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ផងដែរ។
១. មូលដ្ឋាននៃការដឹងឲ្យជាក់ពីសេចក្ដីសង្គ្រោះរបស់យើង
យើងអាចដឹងពីសេចក្ដីសង្គ្រោះរបស់យើងដោយពឹងផ្អែកលើចំណេះដឹងនៃព័ន្ធកិច្ចដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយើង។ នេះមានន័យថា លោកអ្នកបានដឹងនូវអ្វីដែលព្រះអង្គបានធ្វើនៅក្នុងជីវិតរបស់លោកអ្នក។ កណ្ឌគម្ពីរ ១យ៉ូហាន ៣:១៩ «គឺយ៉ាងនោះឯងដែលយើងនឹងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយយើងនឹងបានកំឡាចិត្ត នៅចំពោះទ្រង់ផង»។ នៅពេលដែលលោកអ្នកអានព្រះគម្ពីរ នោះលោកអ្នកប្រហែលជាបានជួបប្រទះនឹងពាក្យ «យ៉ាងនោះ»។ ពាក្យ «យ៉ាងនោះ» គឺជាសព្វនាមដែលនិយាយបញ្ជាក់ពីអ្វីដែលបានកើតឡើងនៅពីមុននោះ។
តោះ! សូមមើលអ្វីដែលបានកើតឡើងមុនខ១៩។ «ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ»។ នៅពេលដែលមានអ្វីមួយដែលមករំខានលោកអ្នក ហើយអារក្សសាតាំងវាព្យាយាមខ្សឹបដាក់ត្រចៀកលោកអ្នក និងខ្សឹបដាក់ត្រចៀកអ្នកដទៃ ដោយវានិយាយប្រាប់ថា «លោកអ្នកជាគ្រីស្ទបរិស័ទដែលគ្មានប្រយោជន៍ទេ លោកអ្នកគ្មានអ្វីដែលល្អនោះទេ លោកអ្នកធ្វើអ្វីក៏គ្មានភាពចម្រុងចម្រើនដែរ។ល។» ប៉ុន្តែ នៅពេលដែលលោកអ្នកទទួលរងការចោទប្រកាន់ពីសាតាំងបែបនេះ ចូរពឹងផ្អែកលើអ្វីដែលព្រះអង្គបានធ្វើសម្រាប់ជីវិតរបស់លោកអ្នកចុះ។ តើលោកអ្នកមានសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ ដូចដែលព្រះអង្គបានស្រឡាញ់ដល់លោកអ្នកដែរឬទេ?
កណ្ឌគម្ពីរ ១យ៉ូហាន ៣:២០-២១ បានចែងថា «ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង ពួកស្ងួនភ្ងាអើយ បើចិត្តយើងមិនចោទប្រកាន់ចំពោះខ្លួនទេ នោះយើងមានសេចក្ដីក្លាហាន នៅចំពោះព្រះ»។ យើងឃើញថា មូលដ្ឋានដែលអាចដឹងជាក់ពីសេចក្ដីសង្គ្រោះរបស់យើងគឺ៖ ទី១ យើងពឹងផ្អែកលើអ្វីដែលព្រះអង្គបានធ្វើ ដែលការទាំងនេះលោកអ្នកបានដឹងរួចហើយទាក់ទងនឹងអ្វីដែលទ្រង់បានធ្វើសម្រាប់លោកអ្នកផ្ទាល់ខ្លួន។ ទី២ គឺយើងត្រូវតែពឹងផ្អែកលើព្រះតម្រិះរបស់ព្រះជាម្ចាស់។ តើហេតុអ្វីបានជាយើងចាំបាច់ត្រូវពឹងផ្អែកលើព្រះតម្រិះរបស់ព្រះជាម្ចាស់? «…ព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង» (១យ៉ូហាន ៣:២០)។ ព្រះទ្រង់ជ្រាបគ្រប់អស់ទាំងចិត្តរបស់លោកអ្នក ហើយទ្រង់ដឹងថា ត្រូវធ្វើយ៉ាងណាហើយ ដោយពេលខ្លះលោកអ្នកមានការចោទប្រកាន់ខ្លួនឯងផ្ទាល់ ដោយពេលខ្លះលោកអ្នកបានធ្វើការមួយចំនួនដែលគិតថា ជាការហួសហេតុឬធ្ងន់ធ្ងរនឹងខុសក៏ដោយ ក៏ព្រះអង្គនៅតែស្រឡាញ់យើងជានិច្ច។
ដូច្នេះ កាលដែលលោកអ្នករស់នៅក្នុងជីវិតដែលជាគ្រីស្ទបរិស័ទ នោះលោកអ្នកមិនត្រូវពឹងផ្អែកលើអារម្មណ៍ទេ។ លោកអ្នកប្រាកដជាដឹងច្បាស់ហើយថា អារម្មណ៍របស់មនុស្សយើងតែងតែមានការឡើងចុះៗ ដោយពេលខ្លះលោកអ្នកមានអារម្មណ៍ថា ខ្លួនមានភាពជិតស្និទ្ធជាមួយព្រះអង្គ ទាំងមានអំណរឆេះឆួលចង់បម្រើព្រះអង្គ។ ប៉ុន្តែ ដល់ពេលស្អែកឬខានស្អែកឡើងមកដល់ លោកអ្នកបែរជាមានអារម្មណ៍ថា ហាក់បីដូចជាពិបាកណាស់ក្នុងការបម្រើព្រះអង្គទៅវិញ ហើយនិយាយទៅកាន់ព្រះអង្គថា សូមទោសព្រះអង្គ «ទូលបង្គំច្រឡំមាត់ ទូលបង្គំមិនគួរនិយាយបែបហ្នឹងទេ»។ អារម្មណ៍របស់មនុស្សយើងតែងតែរារេចុះឡើងៗ ប៉ុន្តែសូមកុំរស់នៅដោយពឹងផ្អែកទៅលើអារម្មណ៍នោះឡើយ។ ចូរឲ្យលោកអ្នករស់នៅក្នុងសេចក្ដីពិតរបស់ព្រះជាម្ចាស់វិញ គឺទៅលើព្រះតម្រិះរបស់ព្រះជាម្ចាស់ ដោយដឹងថាព្រះអង្គទ្រង់បានជ្រាបពីជម្រៅចិត្តរបស់យើង ហើយចូរកុំចាញ់បោកការបញ្ឆោតរបស់ចិត្តលោកអ្នក នឹងការបោកបញ្ឆោតរបស់មារសាតាំងនោះឡើយ។
ចូរនឹកចាំអំពីអ្វីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់សាវ័ក ពេត្រុស។ លោកអ្នកបានដឹងរួចហើយថា សាវ័ក ពេត្រុស ជាមនុស្សម្នាក់ដែលនិយាយអះអាងខ្លួនដោយនិយាយទៅកាន់ព្រះយេស៊ូវថា គាត់នឹងដើរតាមព្រះយេស៊ូវ ទោះបើមានបញ្ហាអ្វីកើតឡើងនៅចំពោះមុខយ៉ាងណាក៏ដោយ ក៏គាត់នៅតែដើរតាមព្រះអង្គដែរ។ ប៉ុន្តែ នៅពេលដែលគេមកចាប់ព្រះយេស៊ូវយកទៅធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ហើយពេលនោះ បណ្តាលជនក៏បានឃើញសាវ័ក ពេត្រុស នៅទីនោះដែរ ហើយក៏និយាយទៅកាន់គាត់ថា «លោកអ្នកនេះក៏ជាសិស្ស ឬបក្សពួករបស់ព្រះយេស៊ូវដែរ»។ ស្របពេលនោះសាវ័ក ពេត្រុស បានបដិសេធថា មិនបានស្គាល់ព្រះយេស៊ូវនោះទេ។ ក្រោយមក នៅពេលដែលព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ នោះព្រះអង្គក៏បានទៅជួបសាវ័ក ពេត្រុស។
កណ្ឌគម្ពីរ យ៉ូហាន ២១:១៥-១៧ បានបញ្ជាក់ថា «កាលគេបានបរិភោគរួចហើយ នោះព្រះយេស៊ូវមានព្រះបន្ទូលនឹងស៊ីម៉ូន-ពេត្រុសថា “ស៊ីម៉ូនកូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី?” គាត់ទូលឆ្លើយថា “ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថាទូលបង្គំពេញចិត្តនឹងទ្រង់ហើយ” ទ្រង់មានព្រះបន្ទូលថា “ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង” រួចទ្រង់មានព្រះបន្ទូលទៅគាត់ម្តងទៀតថា “ស៊ីម៉ូន កូនយ៉ូណាសអើយ តើស្រឡាញ់ខ្ញុំឬអី?” គាត់ទូលឆ្លើយថា “ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ” ទ្រង់មានព្រះបន្ទូលទៅគាត់ថា “ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ។” រួចទ្រង់មានព្រះបន្ទូលជាគំរប៣ដងថា “ស៊ីម៉ូន កូនយ៉ូណាសអើយ តើពេញចិត្តនឹងខ្ញុំមែនឬអី?” ពេត្រុសមានចិត្តព្រួយ ដោយទ្រង់មានព្រះបន្ទូលជាគំរប់៣ដងថា “តើពេញចិត្តនឹងខ្ញុំឬអី?” ដូច្នេះ បានជាគាត់ទូលឆ្លើយថា “ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់។” គឺទ្រង់ជ្រាបថា “ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ”។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា “ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង”»។
នៅត្រង់ចំណុចនេះសាវ័ក ពេត្រុស គាត់បានដឹងថា ព្រះអង្គទ្រង់ជ្រាបពីជម្រៅចិត្តរបស់គាត់ ប៉ុន្តែព្រះយេស៊ូវនៅតែស្រឡាញ់ដល់ពួកគាត់។ ដូច្នេះ នេះជាការមួយដែលជួយលើកទឹកចិត្តដល់លោកអ្នក ហើយនិងខ្ញុំផងដែរ។ នៅពេលដែលយើងមានការចោទប្រកាន់នៅក្នុងជីវិតរបស់យើង ឬក៏យើងភ្លាត់ស្នៀត ដោយធ្វើបាបទាស់នឹងព្រះអង្គ។ ពិតប្រាកដណាស់ ព្រះអង្គសព្វព្រះទ័យឲ្យយើងបែរទៅរកព្រះអង្គវិញ។ ប្រសិនបើលោកអ្នកមានអ្វី ដែលមិនត្រូវនៅចំពោះព្រះអង្គ ពិតប្រាកដណាស់ ព្រះអង្គសព្វព្រះទ័យឲ្យលោកអ្នកលន់តួបាបទៅព្រះអង្គ។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យឲ្យលោកអ្នកបន្តរស់នៅក្នុងអំពើបាបរហូតក្លាយទៅជាទម្លាប់នោះទេ។ ស្របគ្នានេះដែរ មនុស្សយើងគឺមានដែនកំណត់ ពេលខ្លះយើងភ្លាត់ធ្វើបាប ហើយពេលខ្លះទៀតយើងធ្វើអ្វីដែលមិនត្រឹមត្រូវនៅចំពោះព្រះអង្គ។ ប៉ុន្តែ សូមកុំមានការសង្ស័យពីសេចក្ដីសង្គ្រោះរបស់លោកអ្នក និងសង្ស័យពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គជ្រាបពីចិត្តរបស់យើងហើយ។ នេះគឺជាមូលដ្ឋានគ្រឹះក្នុងការបញ្ជាក់អំពីសេចក្ដីសង្គ្រោះរបស់យើង នៅពេលដែលយើងមានចិត្ត ដែលមានការចោទប្រកាន់នៅក្នុងជីវិតរបស់យើង។
២. ព្រះពរដឹងជាក់ពីសេចក្ដីសង្គ្រោះរបស់យើង
ប្រសិនបើលោកអ្នកមានទំនុកចិត្តក្នុងការចូលទៅព្រះអង្គដោយដឹងហើយថា ព្រះអង្គទ្រង់ស្រឡាញ់លោកអ្នក នោះព្រះអង្គនឹងឆ្លើយតបនូវសំណូមពរអធិស្ឋានរបស់លោកអ្នកជាមិនខាន។ នៅត្រង់ចំណុចនេះ ប្រហែលមានមនុស្សមួយចំនួនបានដឹងថា អ្វីដែលខ្លួនបានទូលសូមគឺត្រឹមត្រូវតាមព្រះបន្ទូលរបស់ព្រះអង្គ។ ប៉ុន្តែ ព្រះអង្គនៅតែមិនឆ្លើយតបនូវសេចក្ដីអធិស្ឋាន ឬក៏អ្នកខ្លះទៀតបានអធិស្ឋានសូមឲ្យក្រុមគ្រួសាររបស់ខ្លួនបានទទួលជឿព្រះអង្គ ដោយអធិស្ឋានអស់រយៈពេលច្រើនឆ្នាំ ប៉ុន្តែហាក់បីដូចជាព្រះអង្គនៅតែមិនឆ្លើយតបសោះ។
សំណួរសួរថា តើនឹងមានអ្វីកើតឡើង? នោះគឺជារឿងមួយដែលខ្ញុំក៏មិនដឹងដែរ! ប៉ុន្តែ អ្វីដែលខ្ញុំអាចដឹងបានគឺថា ប្រសិនបើលោកអ្នកអធិស្ឋានស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះទ្រង់នឹងឆ្លើយតប។ កណ្ឌគម្ពីរ យ៉ូហាន ១៤:១៣-១៤ មានចែងថា «ហើយការអ្វីក៏ដោយ ដែលអ្នករាល់គ្នានឹងសូម ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសម្រេចឲ្យ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងក្នុងព្រះរាជបុត្រា បើអ្នករាល់គ្នានឹងសូមអ្វី ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសម្រេចឲ្យ»។ ប៉ុន្តែ ការមួយដែលលោកអ្នកត្រូវដឹង នៅពេលដែលលោកអ្នកអធិស្ឋាន ប្រហែលពេលខ្លះលោកអ្នកអធិស្ឋានតាមតែចិត្តរបស់លោកអ្នកផ្ទាល់ ដោយចិត្តចង់បាននេះ ឬចង់បាននោះ។ ប៉ុន្តែ លោកអ្នកមិនបានគិតថា តើនោះជាអ្វីដែលព្រះអង្គសព្វព្រះហឫទ័យដែរឬក៏អត់? មានការជាច្រើនដែលមនុស្សមួយចំនួនបានអធិស្ឋាន ប៉ុន្តែមិនទាន់បានឃើញការឆ្លើយតបភ្លាមៗ តែយើងនៅតែអាចមានសេចក្ដីសង្ឃឹមនៅចំពោះព្រះអង្គបាន។ ប្រហែលជាព្រះអង្គសព្វព្រះហឫទ័យឲ្យលោកអ្នករង់ចាំ ប្រហែលព្រះអង្គសព្វព្រះហឫទ័យឲ្យលោកអ្នកអត់ធ្មត់ ប៉ុន្តែពេលខ្លះព្រះអង្គបានឆ្លើយថា អត់ទេ! អត់បានទេ!។ ជាទូទៅ ពេលដែលលោកអ្នក ហើយនិងខ្ញុំអធិស្ឋានទូលសូមអ្វីមួយភាគច្រើន គឺយើងចង់បានចម្លើយជាវិជ្ជមានមកពីព្រះជាម្ចាស់គ្រប់ការទូលសូមរបស់យើង។ ប៉ុន្តែ ភាពវិជ្ជមាននឹងភាពអវិជ្ជាមានរបស់ព្រះជាម្ចាស់អាចជាការវិជ្ជមានរបស់លោកអ្នក ហើយនិងខ្ញុំក្នុងជីវិតរបស់យើងផងដែរ។ ប្រសិនបើយើងចូលទៅចំពោះព្រះអង្គដោយទូលអង្វរទៅចំពោះទ្រង់ដោយមានទំនុកចិត្ត នោះព្រះអង្គនឹងឆ្លើយតប។ ប៉ុន្តែ យើងក៏អាចដឹងដែរថា គឺឆ្លើយតបតាមព្រះហឫទ័យរបស់ព្រះអង្គ។ កណ្ឌគម្ពីរ ១យ៉ូហាន ៣:២៣៖ «ឯបញ្ញត្តិទ្រង់នោះ គឺថា»។ ប្រសិនបើលោកអ្នកកាន់តាមបញ្ញត្តិព្រះអង្គ និងប្រសិនបើ លោកអ្នកធ្វើអ្វីដែលគាប់ព្រះហឫទ័យដល់ព្រះអង្គ នៅពេលដែលយើងអធិស្ឋានដោយដឹងថា អ្វីដែលលោកអ្នកសូម ហើយនិងធ្វើតាមត្រឹមត្រូវស្របទៅនឹងបំណងព្រះហឫទ័យ និងតាមព្រះបន្ទូលទ្រង់ឬក៏អត់? នោះប្រាកដណាស់ ព្រះអង្គនឹងឆ្លើយតប។
កណ្ឌគម្ពីរ ១យ៉ូហាន ៣:២៣ បានចែងថា «អ្នកណាដែលកាន់តាមបញ្ញត្តិទ្រង់…»។ នេះហើយគឺជាព្រះពរ នៅពេលលោកអ្នកដឹង ហើយមានទំនុកចិត្ត។ ចូរឲ្យលោកអ្នកចូលចំពោះទ្រង់ ដោយមានការប្រកបជាមួយនឹងព្រះអង្គ។ នោះគឺជាគោលបំណងចម្បងរបស់យើង ដែលជាគ្រីស្ទបរិស័ទគឺចង់មានសេចក្ដីប្រកបជាមួយនឹងព្រះអង្គ មានទំនាក់ទំនងល្អជាមួយនឹងព្រះអង្គឡើងវិញ។ ជារៀងរាល់ថ្ងៃ តើលោកអ្នកមានភាពរីករាយទៅនឹងសេចក្ដីប្រកបជាមួយនឹងព្រះអង្គដែរឬទេ? ពេលខ្លះលោកអ្នកដឹងថា នេះហើយគឺវត្ថុបំណងនៃជីវិត ហើយក៏ជាការដែលសំខាន់ ប៉ុន្តែនៅពេលដែលលោកអ្នកបានទទួលជឿព្រះអង្គហើយ លោកអ្នកបែរជាមិនបានមានការប្រកបជាមួយនឹងទ្រង់ទៅវិញ នោះប្រហែលដោយសារតែភាពមមាញឹកផ្សេងៗក្នុងជីវិតរស់នៅរបស់លោកអ្នក។
ដូច្នេះ សូមកុំឲ្យមានអ្វី ដែលជាការបំពុលនៅក្នុងចិត្តគំនិតរបស់លោកអ្នក ដោយបែរចេញពីព្រះអង្គ ឬដាច់ចេញពីព្រះអង្គ ហើយថែមទាំងគិតថា «ខ្ញុំហាក់បីដូចជានៅឆ្ងាយពីព្រះអង្គណាស់ ដោយមិនហ៊ានត្រឡប់មករកព្រះវិញឲ្យសោះ»។ ប៉ុន្តែ លោកអ្នកត្រូវដឹងថា ព្រះស្រឡាញ់មនុស្សគ្រប់ៗរូប។ ដូច្នេះ លោកអ្នកត្រូវមានទំនុកចិត្តក្នុងការចូលទៅកាន់ព្រះអង្គ។ នៅពេលដែលដឹងជាក់ពីសេចក្ដីសង្គ្រោះរបស់លោកអ្នកហើយ ចូររស់នៅដោយមានអំណរជាមួយនឹងព្រះអង្គ និងព្រះពររបស់ទ្រង់។ កណ្ឌគម្ពីរ យ៉ូហាន ១០:២៧-២៩៖ «ចៀមខ្ញុំទាំងប៉ុន្មាន…»។ នេះគឺការបញ្ជាក់បន្ថែមទៀត។ នៅពេលដែលយើងទទួលជឿព្រះអង្គ នោះយើងដឹងហើយថា គ្មានអ្វីដែលអាចឆក់លោកអ្នកចេញពីកណ្ដាប់ព្រះហស្តរបស់ព្រះអង្គបានឡើយ។ ចូរស្ទុះមមុលទៅមុខទៀតដោយដឹងថា គ្មានអ្វីអាចឆក់យកលោកអ្នកចេញពីកណ្ដាប់ព្រះហស្តរបស់ទ្រង់បានឡើយ ដ្បិតព្រះអង្គស្រឡាញ់លោកអ្នក!
មតិយោបល់
Loading…