in ,

ជីវិត​ពិបាក​ណាស់ តែ «ព្រះ​អង្គ​ល្អ»

ជីវិត​ពិបាក​ណាស់ ហើយ​ព្រះ​ជាម្ចាស់​ទ្រង់​ល្អ។ នេះ​គឺ​ជា​ចំណុច​ស្នូល​ដែល​លោក​គ្រូ ចន ផាបភ័រ បាន​បង្ហាញ​នៅ​ក្នុង​សេចក្ដី​អធិប្បាយ​របស់​គាត់​ដែល​មាន​ចំណង​ជើង​ថា «អរ​ព្រះ​គុណ​ដល់​ព្រះ​ជាម្ចាស់​សម្រាប់​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​គ្រីស្ទ» ដែល​គាត់​បាន​អធិប្បាយ​នៅ​ថ្ងៃ​ទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០០០ ដែល​បាន​ដក​ស្រង់​ចេញ​ពី​កណ្ឌ​គម្ពីរ​បរិទេវ​ជំពូក​ទី៣។ នេះ​គឺ​ជា​អ្វី​ដែល​គាត់​បាន​មាន​ប្រសាសន៍។

កណ្ឌ​គម្ពីរ​បរិទេវ​គឺ​ជា​កណ្ឌ​គម្ពីរ​តូច​មួយ​ដែល​ស្ថិត​នៅ​កណ្ដាល​រវាង​កណ្ឌ​គម្ពីរ​យេរេមា​ដែល​ជា​កណ្ឌ​ហោរា​ធំ និង​កណ្ឌ​គម្ពីរ​អេសេគាល។ ហើយ​វា​គឺ​ជា​កណ្ឌ​គម្ពីរ​មួយ​ដែល​ខ្ញុំ​គិត​ថា មិន​មាន​មនុស្ស​ជា​ច្រើន​ដឹង​អំពី​វា​នោះ​ទេ ពី​ព្រោះ​វា​ខ្លី​ពេក ហើយ​ក៏​កប់​ជ្រៅ​នៅ​ចន្លោះ​កណ្ឌ​គម្ពីរ​ទាំង​ពីរ​នោះ​ដែរ។ កណ្ឌ​គម្ពីរ​នេះ​មិន​មាន​គេ​អាន​ច្រើន​នោះ​ទេ។ ហើយ​មូល​ហេតុ​មួយ​ទៀត​ក្នុង​ចំណោម​មូល​ហេតុ​ជា​ច្រើន​ដែល​គេ​មិន​សូវ​អាន​កណ្ឌ​គម្ពីរ​នេះ​គឺ​ដោយ​សារ​កណ្ឌ​គម្ពីរ​នេះ​គឺ​ជា​កណ្ឌ​គម្ពីរ​ដ៏​រន្ធត់​មួយ—ពីព្រោះ​កណ្ឌ​គម្ពីរ​នេះ​បាន​បង្ហាញ​តាម​រយៈ​រូប​ភាព​ដ៏​គួរ​ឲ្យ​រន្ធត់​នៃ​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ជាម្ចាស់​លើ​ក្រុង​យេរូសាឡិម។ ហោរា យេរេមា បាន​សរសេរ​កណ្ឌ​គម្ពីរ​ដ៏​ខ្លី​នេះ​នៅ​ពេល​ដែល​ទី​ក្រុង​យេរូសាឡិម​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​ឆ្នាំ៥៨៧ មុន​គ.ស. ហើយ​រូប​ភាព​នៃ​ការ​បំផ្លាញ​នេះ​គឺ​អាក្រក់​មែន​ទែន៖ ការ​បាត់​បង់​ជីវិត ការ​អត់​ឃ្លាន​ដោយ​សារ​ការ​ឡោម​ព័ទ្ធ។

សេចក្ដី​មេត្តា​ករុណា​មិន​ដែល​បរាជ័យ​ឡើយ

ប៉ុន្តែ—នេះ​គឺ​មាន​ចំណុច​ដ៏​អស្ចារ្យ​មួយ—នៅ​ចំណុច​កណ្ដាល​នៃ​កណ្ឌ​គម្ពីរ​ដែល​មាន៥ជំពូក​នេះ នៅ​ក្នុង​ជំពូក​កណ្ដាល មាន​ចែង​នូវ​ពាក្យ​ពេចន៍​ដ៏​មាន​តម្លៃ និង​ផ្អែម​ល្ហែម​បំផុត​ដែល​ព្រះ​ជាម្ចាស់​ធ្លាប់​មាន​បន្ទូល​តាម​រយៈ​ហោរា​ម្នាក់​នេះ​ទៅ​កាន់​ប្រជា​រាស្ត្រ​របស់​ទ្រង់​ឡើយ។ ហើយ​ពាក្យ​ពេចន៍​ទាំង​នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​អាន ពី​ព្រោះ​កណ្ឌ​គម្ពីរ​នេះ​មាន​ការ​ប៉ះពាល់​ចិត្ត​ពិសេស​មួយ នៅ​ពេល​ដែល​លោក​អ្នក​យល់​ពាក្យ​នោះ៖ កណ្ឌ​គម្ពីរ បរិទេវ ៣:២១-២៥ មាន​ចែង​ដូច​នេះ៖

តែ​ខ្ញុំ​នឹក​ឡើង​វិញ​ពី​សេចក្ដី​នេះ
បាន​ជា​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ឡើង

គឺ​នឹក​ពី​សេចក្ដី​នេះ​ថា កុំ​តែ​មាន​សេចក្ដី​សប្បុរស​របស់​ព្រះ​យេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​ រលីង​ទៅ​ហើយ ឯ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្ដី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច សេចក្ដី​ស្មោះ​ត្រង់​របស់​ទ្រង់​ធំ​ណាស់
ព្រលឹង​ខ្ញុំ​បាន​ពោល​ថា “ព្រះ​យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ​ខ្ញុំ​នឹង​សង្ឃឹម​ដល់​ទ្រង់”

ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ដល់​អស់​អ្នក​ដែល​រង់​ចាំ​ទ្រង់
គឺ​ដល់​ព្រលឹង​នៃ​អ្នក​ណា​ដែល​ស្វែង​រក​ទ្រង់»។

ខ​គម្ពីរ​នេះ​គួរ​តែ​ប៉ះពាល់​គំនិត​របស់​លោក​អ្នក ដោយ​សារ​ពាក្យ​ពេចន៍​ដ៏​មាន​តម្លៃ​ទាំង​នោះ ជា​ពិសេស​នៅ​ឃ្លា​ដែល​ថា «សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់…ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច» ព្រះ​អង្គ​បាន​មាន​បន្ទូល​នៅ​ក្នុង​ស្ថានភាព​ដែល​គួរ​ឲ្យ​រន្ធត់​នៅ​ក្នុង​ការ​រងទុក្ខ​ផ្ទាល់​តែ​ម្ដង។ ការ​រង​ទុក្ខ ការ​បំផ្លិចបំផ្លាញ—ឪពុក​ម្ដាយ​ស៊ី​សាច់​កូនៗ​របស់​ខ្លួន ព្រោះ​ពួក​គេ​ឃ្លាន​ខ្លាំង​ពេក (បរិទេវ ៤:១០)។ ហើយ​ការ​ឡោម​ព័ន្ធ​នោះ​គឺ​អាក្រក់​មែន​ទែន។

រៀប​ចំ​ឡើង​សម្រាប់​សេចក្ដី​មេត្តា​ករុណា

តើ​ពាក្យ​ពេចន៍​ទាំង​នេះ​បាន​សរសេរ​ចូល​សៀវភៅ​នោះ​បាន​ដោយ​របៀប​ណា? ហើយ​ជា​ការ​ពន្យល់​មួយ​ផ្នែក ខ្ញុំ​ចង់​អាន​ពីរ​ខ​ទៀត។ សូម​ផ្ទៀង​ជា​មួយ​ខ្ញុំ​នៅ​ក្នុង​កណ្ឌ​គម្ពីរ បរិទេវ ៣:៣២-៣៣។

តែ​ទោះ​បើ​ទ្រង់​ធ្វើ​ទុក្ខ​ក៏​ដោយ គង់​តែ​ទ្រង់​នឹង​អាណិត​មេត្តា
ដោយ​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ដែរ
ពីព្រោះ​ទ្រង់​មិន​ធ្វើ​ទុក្ខ
ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា ដោយ​ស្ម័គ្រ​ពី​ព្រះ​ហឫទ័យ​ទេ។

ឥឡូវ​នេះ តិច​បំផុត​ក៏​យើង​អាច​រៀន​បាន​ចេញ​ពី​ខ​គម្ពីរ​ទាំង​នោះ​ដែរ​ថា៖ ពេល​ខ្លះ សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​ជាម្ចាស់​គឺ​ត្រូវ​បាន​លាក់​បាំង និង​ពិបាក​ក្នុង​ការ​មើល​ឃើញ ខណៈ​ពេល​ដែល​សេចក្ដី​មេត្តា​ករុណា​ទាំង​នោះ​កំពុង​កើត​ឡើង ពីព្រោះ​មាន​ចែង​ថា ព្រះ​អង្គ​ទ្រង់​ធ្វើ​ទុក្ខ ហើយ​ក៏​ធ្វើ​ឲ្យ​វេទនា​ផង​ដែរ។ ហើយ​វា​នៅ​តែ​មាន​លើក​ឡើង​ថា ក្នុង​គ្រប់​ទាំង​អស់​មាន​គោល​បំណង​នៃ​សេចក្ដី​មេត្តា​ករុណា។ ហើយ​វា​មិន​មែន​ចេញ​មក​ពី​ជម្រៅ​នៃ​ព្រះ​ទ័យ​ទ្រង់​ទេ។ ព្រះ​អង្គ​មិន​សព្វព្រះទ័យ​ធ្វើ​ទុក្ខ​ដល់​មនុស្ស​ជាតិ​នោះ​ទេ។ មាន​គោល​បំណង​ជា​ច្រើន​សម្រាប់​ការ​រង​ទុក្ខ​របស់​ទ្រង់។ វា​មិន​មែន​ជា​អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​បំផុត​ក្នុង​ការ​ធ្វើ​នោះ​ឡើយ ប៉ុន្តែ​ព្រះ​អង្គ​ក៏​នៅ​បាន​ធ្វើ​ការ​នោះ​ឡើង​ដែរ។ ហើយ​ប្រសិន​បើ​យើង​នឹង​ទុក​ចិត្ត​ព្រះ​អង្គ នោះ​មាន​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​ដែល​បាន​ទុក​នៅ​ទី​នោះ​សម្រាប់​យើង។

ដូច​នឹង​កណ្ឌ​គម្ពីរ​យ៉ូប លោក​អ្នក​ក៏​បាន​ដឹង​ពី​ដំណើរ​រឿង​របស់​លោក​យ៉ូប។ គាត់​បាន​បាត់​បង់​អ្វីៗ​គ្រប់​យ៉ាង​ដែល​គាត់​មាន។ គាត់​បាន​បាត់​បង់​កូនៗ​របស់​គាត់​ទាំង១០នាក់—កូនៗ​ទាំង​អស់។ គាត់​បាត់​បង់​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទាំង​អស់។ សុខភាព​របស់​គាត់​ក៏​បាន​ទ្រុឌទ្រោម។ ហើយ​រាប់​ពាន់​ឆ្នាំ​ក្រោយ​មក លោក យ៉ាកុប ដែល​ជា​ប្អូន​ប្រុស​របស់​ព្រះ​យេស៊ូវ​បាន​សរសេរ​នៅ​ក្នុង​ជំពូក ៥:១១ ដោយ​បក​ស្រាយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​នោះ។ គាត់​បាន​លើក​ឡើង​ថា៖

ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​សេចក្ដី​អត់​ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​ បំផុត នោះ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្តា​ករុណា នឹង​សេចក្ដី​អាណិត​អាសូរ​ពោរ​ពេញ​ដែរ។

ដូច្នេះ យោង​តាម​លោក យ៉ាកុប កណ្ឌ​គម្ពីរ​យ៉ូប​ក៏​ពិត​ជា​បាន​លើក​ឡើង​អំពី​ទុក្ខ​លំបាក​បែប​នេះ​មែន។ គាត់​បាន​បាត់​បង់​កូនៗ​របស់​គាត់​ទាំង​អស់។ ចំពោះ​លោក យ៉ូប សុខភាព​គាត់​ក៏​បាន​ធ្លាក់​ចុះ​ទាំង​ស្រុង។ គាត់​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទាំង​អស់ ហើយ​ខ​គម្ពីរ​នោះ​បាន​ចែង​ថា បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​អម្ចាស់​គឺ​​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​អាណិត​អាសូរ។ ដូច្នេះ ប្រសិន​បើ​យើង​នឹង​ទុក​ចិត្ត​ព្រះ​អង្គ នោះ​គឺ​ជា​អត្ថន័យ​នៃ​ការ​បំផ្លាញ​នៃ​ទី​ក្រុង​យេរូសាឡិម​ហើយ។ នោះ​គឺ​ជា​អត្ថន័យ​នៃ​ការ​បាត់​បង់​សុខភាព​របស់​គាត់។ ហើយ​ឥឡូវ​នេះ ខ្ញុំ​មិន​ដឹង​ថា​លោក​អ្នក​កំពុង​នៅ​ក្នុង​ស្ថានភាព​បែប​ណា​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​លោក​អ្នក​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់ នោះ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​អង្គ​មាន​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក​ហើយ។ គឺ​នៅ​ក្នុង​គ្រប់​ចំណុច​នៃ​ជីវិត​របស់​លោក​អ្នក—សេចក្ដី​មេត្តា​ករុណា និង​ការ​រៀប​ចំ​ឡើង ជា​ការ​រៀប​ចំ​ឡើង​ដោយ​សេចក្ដី​មេត្តា​ករុណា។ ប្រសិន​បើ​លោក​អ្នក​នឹង​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់ ហើយ​ដើរ​តាម​ព្រះ​អង្គ ដើម្បី​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​នោះ នោះ​មិន​យូរ​មិន​ឆាប់​លោក​អ្នក​នឹង​ឃើញ​សេចក្ដី​មេត្តា​ករុណា​នោះ​ជា​មិន​ខាន។

«ព្រះ​អង្គ​ល្អ»

យើង​អាច​និយាយ​តាម​ពាក្យ​សម្ដី​របស់​អ្នក​ស្រី ស៊ូសាន ស៊្សែលលី (Susan Shelley) ដែល​ជា​ភរិយា​របស់​លោក ម៉ាស្សែល ស៊្សែលលី ( Marshall Shelley)។ លោក ម៉ាស្សែល ស៊្សែលលី គឺ​ជា​អ្នក​កែ​សម្រួល​អត្ថបទ​ម្នាក់​សម្រាប់​ទស្សនាវដ្ដី «ជំនឿ​គ្រីស្ទ​បរិស័ទ​សព្វ​ថ្ងៃ​នេះ»។ នៅ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ១៩៩១ ពីរ​ទៅ​បី​ថ្ងៃ​មុន​ថ្ងៃ​បុណ្យ​អរ​ព្រះ​គុណ នៅ​ម៉ោង ៨:២០នាទី​ល្ងាច កូន​ប្រុស​របស់​គាត់​បាន​កើត​មក។ នៅ​ម៉ោង ៨:២២​នាទី​ល្ងាច ពីរ​នាទី​ក្រោយ​មក កូន​នោះ​ក៏​បាន​ស្លាប់​ទៅ។ បួន​ឆ្នាំ​ក្រោយ​មក លោក ម៉ាស្សែល បាន​សរសេរ​អត្ថបទ​មួយ​នៅ​ក្នុង​ទស្សនាវដ្ដី «ជំនឿ​គ្រីស្ទ​បរិស័ទ​សព្វ​ថ្ងៃ​នេះ» អំពី​ការ​នេះ​ដែល​មាន​ចំណង​ជើង​ថា «ពីរ​នាទី​ទៅ​កាន់​ភាព​អស់​កល្ប​ជា​និច្ច» ដែល​នោះ​គឺ​ជា​អត្ថបទ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ។ អ្នក​គ្រូ​ពេទ្យ​បាន​បី​កូន​ដែល​ស្លាប់​នោះ​មក​ហើយ​សួរ​លោក​ស្រី​ថា «តើ​កូន​នេះ​មាន​ឈ្មោះ​ដែរ​ឬ​ទេ?» ហើយ​គាត់​បាន​ឆ្លើយ​ថា «“ថូប៊ី” (Toby) នេះ​គឺ​ជា​ឈ្មោះ​កាត់​សម្រាប់​ឈ្មោះ​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែល​ហៅ​ថា ថូប៊ីយ៉ា មាន​ន័យ​ថា “ព្រះ​អង្គ​ល្អ”»។

ហើយ​នៅ​ពេល​លោក ម៉ាស្សែល បាន​ទៅ​សំណេះសំណាល​ជា​មួយ​អតីត​និស្សិត​នៃ​សកល​វិទ្យាល័យ វីតតុន (Wheaton) ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​នៅ​សកល​វិទ្យាល័យ វីតតុន គាត់​បាន​ប្រាប់​ដំណើរ​រឿង​នេះ ហើយ​នៅ​ចុង​បញ្ចប់​នៃ​ការ​អធិប្បាយ​របស់​គាត់​ដោយ​សង្ខេប​ថា «ជីវិត​ពិបាក​ណាស់ តែ “ព្រះ​អង្គ​ល្អ”»។ ជីវិត​ពិបាក​ណាស់​តែ​ព្រះ​អង្គ​ល្អ។ នោះ​គឺ​ជា​អត្ថន័យ​នៃ​កណ្ឌ​គម្ពីរ​បរិទេវ។ នោះ​គឺ​ជា​អត្ថន័យ​របស់​លោក​យ៉ូប។ លោក​អ្នក​ប្រហែល​ជា​និយាយ​​ថា នោះ​គឺ​ជា​អត្ថន័យ​នៃ​ព្រះ​គម្ពីរ៖ «ជីវិត​ពិបាក​ណាស់ តែ “ព្រះ​អង្គ​ល្អ”»។

ហើយ​មាន​មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​លោក​អ្នក​ក៏​កំពុង​ស្ថិត​នៅ​ចំណុច​នៃ​ការ​បញ្ជាក់​ថា វា​ក៏​ដូច្នេះ​មែន។ យ៉ាង​ហោច​ណាស់​ប្រសិន​បើ​លោក​អ្នក​ទុក​ចិត្ត​លើ​ព្រះ​អង្គ ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អាច​នាំ​ឲ្យ​លោក​អ្នក​ជឿ​មែន​លើ​ចំណុច​នេះ​ថា នោះ​យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​បាន ហើយ​ប្រសិន​បើ​លោក​អ្នក​ទទួល​យក​មែន នោះ​លោក​អ្នក​នឹង​ដឹង​ថា ជីវិត​ពិបាក​ណាស់ តែ “ព្រះ​អង្គ​ល្អ”។

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​ភ្នែក​ឲ្យ​អាច​មើល​ឃើញ​ពី​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​ខ្លួន ហើយ​ឲ្យ​យើង​អាច​ឃើញ​សេចក្ដី​មេត្តា​ករុណា​ទាំង​នោះ​កាន់​តែ​ច្បាស់ និង​ដឹង​ថា​ទាំង​នោះ​គឺ​ជា​សេចក្ដី​មេត្តា​ករុណា ប្រសិន​បើ​យើង​ដឹង​ពី​តម្លៃ​ដែល​បាន​បង់​សម្រាប់​យើង។ ព្រះ​អង្គ​បាន​ចាត់​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​ដែល​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​សុគត ដើម្បី​ឲ្យ​កំហុស​របស់​ខ្ញុំ​ត្រូវ​បាន​ដក​ចេញ ហើយ​សេចក្ដី​ក្រោធ​របស់​ទ្រង់​លុប​ចេញ​ពី​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មាន​សេរី​ភាព ដោយ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​បើក​បង្ហូរ​មក​លើ​ខ្ញុំ ខណៈ​ពេល​ដែល​ព្រះ​អង្គ​នៅ​យុត្តិធម៌​ផង​ដែរ។ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​មាន​បាប​ក៏​ដោយ ក៏​ព្រះ​អង្គ​អាច​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​សេចក្ដី​មេត្តា​ករុណា​ដែរ។ នោះ​គឺ​ជា​រឿង​ដ៏ អស្ចារ្យ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ហើយ​យើង​អាច​ភ្លក់​នូវ​សេចក្ដី​មេត្តា​ករុណា​នោះ​កាន់​តែ​ផ្អែម​ថែម​ទៀត​បាន ប្រសិន​បើ​យើង​ស្គាល់​ពី​តម្លៃ​នោះ។

ពពួក​នៃ​ការ​រង​ទុក្ខ​ទំនង​ជា​អាច​នាំ​ឲ្យ​មាន​ភាព​ងងឹត​ចំពោះ​ពន្លឺ​អស់​មួយ​រយៈ ប៉ុន្តែ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​នៅ​ស្ថិត​ស្ថេរ​ជា​ដរាប ហើយ​ក៏​មិន​ចេះ​ផុត​ដែរ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, លោកស្រី កែវ សិរីវុឌ្ឍី និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ព្រះ​យេស៊ូវ​បាន​យាង​ទៅ​កាន់​ស្ថាន​នរក?

គ្រាប់​ពូជ​នៃ​ការ​លែង​លះ