in ,

អ្នក​ដែល​យើង​ស្រឡាញ់

Will we recognise loved ones?

ពិត​ណាស់! យើង​នឹង​ប្រាកដ​ជា​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​នគរ​ដែល​នឹង​មក​ដល់។ ក្ដី​សង្ឃឹម​នៃ​ការ​ដែល​យើង​នឹង​ជួបជុំ​គ្នា​ជាមួយ​នឹង​អ្នក​ដែល​យើង​ស្រឡាញ់​ដូច​ដែល​មាន​ចែង​ក្នុង​កណ្ឌគម្ពីរ ១ថែស្សាឡូនិច្ច ៤:១១-១៨ នឹង​មិន​សូវ​មាន​ការ​បន្ធូរ​ចិត្ត​ឡើយ បើ​នោះ​មិន​មែន​ជា​អ្វី​ដែល​នឹង​កើត​ឡើង។ រូបកាយ​ដែល​នឹង​រស់​ឡើង​វិញ​ដែល​ព្រះ​អង្គ​នឹង​ប្រោស​យើង​គឺ​ជា​រូបកាយ​ដែល​យើង​កំពុង​មាន​នេះ គឺ​មិន​មែន​ទាក់ទង​នឹង​ស៊េរី​ថ្មី​ណា​មួយ​ទៀត​ទេ ប៉ុន្តែ​ជា​រូបកាយ​ដែល​ទទួល​បាន​ការ​បំផ្លាស់​បំប្រែ​ដ៏​រុងរឿង។

គោលការណ៍​នៃ​ការ​បន្ត និង​ការ​បំផ្លាស់​បំប្រែ​ទាំង​ពីរ​នេះ​គឺ​ត្រូវ​បាន​បើក​សម្ដែង​ឡើង​ឲ្យ​ឃើញ​ក្នុង​កណ្ឌគម្ពីរ ១កូរិនថូស ១៥:៣៧-៣៨ តាមរយៈ​គ្រាប់​ពូជ និង​ដើម​ដែល​ដុះ​ចេញ​ពី​នោះ។ ពួក​សាវ័ក​ស្គាល់​ព្រះ​យេស៊ូវ​ក្នុង​រូបកាយ​ដែល​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដូច​ដែល​ព្រះ​យេស៊ូវ ដែល​ពួក​គាត់​ស្គាល់​ពី​មុន ទោះ​បើ​ក្នុង​ករណី​ថា ការ​ដែល​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​រូបកាយ​ទ្រង់​ល្អ​ប្រពៃ និង​ឥតខ្ចោះ​ក៏​ដោយ។ ប្រហែល​ជា​បែប​នោះ​ហើយ​បាន​ជា​មាន​ពេល​ខ្លះ​ពួក​សាវ័ក​មិន​បាន​ស្គាល់​ទ្រង់​ភ្លាមៗ (លូកា ២៤:១៦)។

មើល​ទៅ​វា​ហាក់​បី​ដូច​ជា​យើង​ក៏​នឹង​ស្គាល់​គ្នា​នៅ​ឯ​ស្ថានសួគ៌​មុន​រូបកាយ​យើង​ទទួល​បាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ទៀត ដូច​ដែល​ពួក​សាវ័ក​ស្គាល់​លោក ម៉ូសេ និង​ហោរា អេលីយ៉ា នៅ​លើ​ភ្នំ​បំផ្លាស់​បំប្រែ (លូកា ៩:៣៣) និង​ក្នុង​ដំណើរ​រឿង​ដែល​ព្រះ​យេស៊ូវ​បាន​ប្រាប់​ក្នុង​កណ្ឌគម្ពីរ លូកា ១៦:១៩-៣១ បុរស​ដែល​ជា​អ្នក​មាន​ស្គាល់​បុរស​ដែល​ជា​អ្នក​ក្រ គឺ​លោក ឡាសារ ដែល​ធ្លាប់​អង្គុយ​សុំ​ទាន​នៅ​មុខ​ទ្វារ​ផ្ទះ​គាត់។

នៅ​ពេល​នោះ​នឹង​មិន​គ្រាន់តែ​មាន​ការ​ស្គាល់​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ទំនាក់ទំនង​ដែល​បាន​ទទួល​ការ​បំផ្លាស់​បំប្រែ​ទៀត​ផង។ យើង​នឹង​មាន​អំណរ​ក្នុង​ការ​ប្រកប​ជាមួយ​គ្នា ក៏​ដូច​ជា​ជាមួយ​នឹង​ព្រះ​គ្រីស្ទ​ផង​ដែរ ខណៈពេល​ដែល​យើង​អង្គុយ​នៅ​កន្លែង​ជប់លៀង​ជាមួយ​នឹង​លោក អ័ប្រាហាំ លោក អ៊ីសាក និង​លោក យ៉ាកុប (ម៉ាថាយ ៨:១១)។ ប៉ុន្តែ ទំនាក់ទំនង​របស់​យើង​ក៏​នឹង​មាន​ការ​បំផ្លាស់​បំប្រែ​ដែរ។ ព្រះ​យេស៊ូវ​បាន​ផ្ដល់​តម្រុយ​អំពី​ការ​នេះ​ក្នុង​កណ្ឌគម្ពីរ ម៉ាថាយ ១២:៤៨-៥០ ដោយ​លើក​ឡើង​ថា អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរ​បិតា​ទ្រង់ គឺ​អ្នក​នោះ​ហើយ​ជា​ប្អូន​ប្រុស​ស្រី​ហើយ​ជា​ម្ដាយ​ទ្រង់ ជាជាង​គ្រាន់​តែ​ជា​អ្នក​ដែល​ជាប់​សាច់​ឈាម​នឹង​គ្រួសារ​ទ្រង់។ ហើយ​ប្រសិនបើ​យើង​បាន​រៀបការ​នៅ​លើ​ផែនដី​នេះ នោះ​ទោះ​បើ​យើង​នឹង​ស្គាល់​ដៃគូ​ជីវិត​យើង​នៅ​ថ្ងៃ​អនាគត​ក៏​ដោយ ក៏​យើង​នឹង​លែង​ជា​ប្ដី​ប្រពន្ធ​ទៀត​ហើយ ព្រោះ​នៅ​ឯ​ស្ថានសួគ៌​នឹង​មិន​មាន​ជីវិត​អាពាហ៍ពិពាហ៍​ទៀត​ទេ (លូកា ២០:៣៤-៣៦)។ ផ្ទុយ​ទៅ​វិញ យើង​នឹង​មាន​អំណរ​ក្នុង​សេចក្ដី​ពិត​នៃ​រូបភាព​ដ៏​ពិត​នៃ​អាពាហ៍ពិពាហ៍៖ ការ​ដែល​ព្រះ​គ្រីស្ទ​រួបរួម​គ្នា​ជាមួយ​នឹង​រាស្ត្រ​ទ្រង់។

ហើយ​យើង​ក៏​អាច​ប៉ាន់ស្មាន​ផង​ទៀត​បាន​ដែរ​ថា គ្រប់​ទំនាក់ទំនង​របស់​យើង​គឺ​នឹង​មាន​ភាព​ស៊ី​ជម្រៅ​ដូច​ដែល​យើង​ធ្លាប់​អរសប្បាយ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ល្អ​បំផុត។ ហើយ​ប្រសិនបើ​យើង​នៅ​ចងចាំ​អ្នក​ដែល​យើង​ស្រឡាញ់​ដែល​អវត្តមាន ព្រោះ​គាត់​មិន​បាន​ទទួល​ជឿ នោះ​ក៏​យើង​នឹង​មិន​មាន​ទុក្ខព្រួយ ទោះ​បើ​យើង​មិន​ដឹង​ថា​ការ​នោះ​នឹង​កើត​ឡើង​យ៉ាង​ដូចម្ដេច​ក៏​ដោយ។ ដ្បិត​នៅ​គ្រា​ដែល​នឹង​មក​ដល់​គឺ​នឹង​លែង​មាន​ទឹកភ្នែក និង​ទុក្ខព្រួយ​ទៀត​ហើយ ព្រោះ​វា​ជា​រឿង​អតីតកាល (វិវរណៈ ២១:៤)។

និពន្ធ​ដោយ៖ លោក​គ្រូ Marcus Nodder
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ, លោក ម៉េង មនោ និង​​លោកស្រី ឡូញ ណារ៉ុង
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegoodbook.com ដោយ​មាន​ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

១​ពាន់​ឆ្នាំ​រាប់​ដូច​ជា​ថ្ងៃ​ម្សិល

បើលោក​អ្នក​ឲ្យ​លុយ​នោះ​ទៅ​អ្នក​ដទៃ