in

ការឈឺ​ចិត្ត​ និង​អំណរ​បំផុត​របស់​គ្រីស្ទាន

ដ្បិត​ដោយ​សារ​តង្វាយ​តែ​មួយ​គត់ ព្រះគ្រីស្ទ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល
​កំពុងតែ​ទទួល​ការ​ញែក​ជា​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​រហូត​ត​ទៅ។
(ហេព្រើរ ១០:១៤ បកប្រែ​ចេញ​ពី​ភាសា​ក្រិក)

ឥឡូវ​នេះ​វិញ ទ្រង់​បាន​ផ្សះផ្សា ក្នុង​រូប​សាច់​ទ្រង់ ដោយ​បាន​ទទួល​សុគត ដើម្បី​នឹង​ថ្វាយ​អ្នក​រាល់​គ្នា​ជា​តង្វាយ​បរិសុទ្ធ ឥត​សៅហ្មង
ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់។
(កូឡុស ១:២២)

ចូរ​សម្អាត​ដំបែ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ដុំ​ម្សៅ​ថ្មី​វិញ ដ្បិត​អ្នក​រាល់​គ្នា​បាន​ឥត​ដំបែ​ហើយ ព្រោះ​ព្រះ​គ្រីស្ទ​ដ៏​ជា​យញ្ញ​បូជា​នៃ
​បុណ្យ​រំលង នោះ​បាន​ត្រូវ​ថ្វាយ​ជំនួស​យើង​រាល់​គ្នា​ហើយ។
(១កូរិនថូស ៥:៧)

ការ​ឈឺ​ចិត្ត​ដ៏​ធំ​បំផុត​របស់​ជីវិត​ជា​គ្រីស្ទបរិស័ទ​គឺ ការ​ផ្លាស់​ប្រែ​ខាង​ឯ​វិញ្ញាណ​របស់​ពួក​គេ​នៅ​មាន​ភាព​យឺតយ៉ាវ។ យើង​ឮ​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជាម្ចាស់​ថា ឯង​ត្រូវ​ស្រឡាញ់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់ពី​ចិត្ដ អស់​ពី​ព្រលឹង អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​នៃ​ឯង (ម៉ាកុស ១២:៣០)។ ប៉ុន្តែ​តើ​យើង​ធ្លាប់​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​លះបង់​ទាំង​ស្រុង​ដល់​កម្រិត​នោះ​ទេ? យើង​បាន​ស្រែក​ថ្ងូរ​ម្ដង​ហើយ​ម្ដង​ទៀត​ដូច​សាវ័ក ប៉ុល ថា «វេទនាណាស់​ខ្ញុំ តើ​អ្នក​ណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួចពី​តួ​សេចក្ដី​ស្លាប់​នេះ ទៅ​បាន» (រ៉ូម ៧:២៤)។ យើង​ថ្ងូរ សូម្បី​តែ​នៅ​ពេល​ដែល​យើង​ធ្វើការ​តាំង​ចិត្ដ​ថ្មី​ក៏​ដោយ៖ «មិន​មែន​ថា ខ្ញុំ​បាន​ទទួល ឬ​ថា​ខ្ញុំ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ តែ​ខ្ញុំ​កំពុង​តែ​ដេញ​តាម​សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្ដី​ដែល​ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ» (ភីលីព ៣:១២)។

សេចក្ដី​ថ្លែង​ខាង​លើ​នេះ​គឺ​ជា​គន្លឹះ​ក្នុង​ការ​ទ្រាំទ្រ និង​ការ​មាន​អំណរ។ «ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​រាប់​ខ្ញុំ​ជា​កម្មសិទ្ធិ​ទ្រង់»។ ការ​ដែល​យើង​ព្យាយាម​សង្វាត​ឲ្យ​បាន​គ្រប់​លក្ខណ៍ មិន​មែន​ដើម្បី​ឲ្យ​យើង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ព្រះ​គ្រីស្ទ​ទេ (ដែល​ការ​នោះ​បាន​កើត​ឡើង​រួច​ទៅ​ហើយ​នៅ​ពេល​ដែល​យើង​ជឿ) ប៉ុន្តែ​ការ​នោះ គឺ​ដើម្បី​បំពេញ​នូវ​អ្វីៗ​ដែល​យើង​ខ្វះចន្លោះ​ក្នុង​ការ​ក្លាយ​ឲ្យ​ដូច​រូប​អង្គ​ទ្រង់​វិញ​នោះ​ទេ។

ប្រភព​ដ៏​ធំ​បំផុត​មួយ​នៃ​ក្ដី​អំណរ និង​ការ​ទ្រាំទ្រ​ចំពោះ​គ្រីស្ទបរិស័ទ​គឺ​ការ​ដែល​ដឹង​ថា ទោះ​បើ​យើង​មើល​ទៅ​មិន​គ្រប់​លក្ខណ៍​ក្នុង​ជីវិត​រស់​នៅ​ឥឡូវ​នេះ តែ​យើង​ដឹង​ហើយ​ថា ក្នុង​ព្រះ​គ្រីស្ទ ព្រះ​អង្គ​បាន​រាប់​យើង​ជា​គ្រប់​លក្ខណ៍​រួច​ទៅ​ហើយ។ ហើយ​ការ​គ្រប់​លក្ខណ៍​នេះ គឺ​អាស្រ័យ​លើ​ការ​រងទុក្ខ និង​ការ​សុគត​របស់​ព្រះ​គ្រីស្ទ។ «ដ្បិត​ដោយ​សារ​តង្វាយ​តែ​មួយ​គត់ ព្រះគ្រីស្ទ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​កំពុង​តែ​ទទួល​ការ​ញែក​ជា​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​រហូត​ត​ទៅ» (ហេព្រើរ ១០:១៤ បកប្រែ​ចេញ​ពី​ភាសា​ក្រិក)។ ការ​នេះ​គឺ​គួរ​ឲ្យ​អស្ចារ្យ​ណាស់! នៅ​ក្នុង​ប្រយោគ​ដដែល​នោះ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ ហេព្រើរ បាន​លើក​ឡើង​ថា យើង «​កំពុងតែ​ទទួល​ការ​ញែក​ជា​បរិសុទ្ធ» ហើយ​ក៏​បាន​រាប់​យើង​ថា «បាន​គ្រប់​លក្ខណ៍» ផង​ដែរ។

ការ​ញែក​ជា​បរិសុទ្ធ​មាន​ន័យ​ថា យើង​មិនទាន់​គ្រប់​លក្ខណ៍ ប៉ុន្តែ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ឲ្យ​គ្រប់​លក្ខណ៍។ យើង​កំពុង​តែ​ត្រឡប់​ទៅ​រក​ភាព​បរិសុទ្ធ ប៉ុន្តែ​មិនទាន់​បរិសុទ្ធ​ពេញ​លេញ​នៅ​ឡើយ​ទេ។ ហើយ​វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ថា មាន​តែ​អ្នក​ដែល​កំពុង​តែ​ត្រឡប់​ទៅ​រក​ភាព​បរិសុទ្ធ​ទេ ដែល​បាន​គ្រប់​លក្ខណ៍។ ការ​លើក​ទឹក​ចិត្ដ​ដែល​ពេញ​ដោយ​ក្ដី​អំណរ​នៅ​ត្រង់​នេះ​គឺ​ថា ភស្តុតាង​ដែលបញ្ជាក់ថា ​យើង​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ មិនមែន​ដោយ​សារ​ជីវិត​សព្វថ្ងៃ​របស់​យើង​គ្រប់លក្ខណ៍នោះ​ទេ ប៉ុន្តែ​ដោយសារ​​យើង​កំពុង​តែ​ឈាន​ទៅ​រក​ភាព​គ្រប់លក្ខណ៍​ក្នុង​ជីវិត​ជា​ប្រចាំ​ថ្ងៃ។ ដំណឹង​ល្អ​គឺ​ជា ការ​ដែល​យើង​កំពុង​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​គ្រប់​លក្ខណ៍ គឺ​ជា​អំណះអំណាង​ដែល​ថា យើង​បាន​គ្រប់​លក្ខណ៍។

ព្រះ​គម្ពីរ​បាន​ប្រៀប​ធៀប​ការ​នេះ​ម្ដងទៀត​ទៅ​នឹង​រូបភាព​ដុំ​ម្សៅ និង​ដំបែ។ នៅ​ក្នុង​ការ​ប្រៀប​ធៀប​នោះ យើង​ឃើញ​ថា ដំបែ​គឺ​ជា​ការ​អាក្រក់ ហើយ​យើង​ជា​ដុំ​ម្សៅ។ ព្រះ​គម្ពីរ​បាន​ចែង​ថា «ចូរ​សម្អាត​ដំបែ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​ត្រឡប់​ជា​ដុំ​ម្សៅ​ថ្មី​វិញ ដ្បិត​អ្នក​រាល់​គ្នា​បាន​ឥត​ដំបែ​ហើយ ព្រោះ​ព្រះ​គ្រីស្ទ​ដ៏​ជា​យញ្ញ​បូជា​នៃ​បុណ្យ​រំលង នោះ​បាន​ត្រូវ​ថ្វាយ​ជំនួស​យើង​រាល់​គ្នា​ហើយ» (១កូរិនថូស ៥:៧)។ គ្រីស្ទបរិស័ទ «បាន​ឥត​ដំបែ​ហើយ»។ គ្មាន​ដំបែ គ្មាន​ការ​អាក្រក់ នេះ​មាន​ន័យ​ថា​យើង​បាន​គ្រប់​លក្ខណ៍​ហើយ។ ដោយ​សារ​ហេតុផល​នេះ​ហើយ​បាន​ជា​យើង​ត្រូវ «សម្អាត​ដំបែ​ចាស់​ចេញ»។ ព្រះ​គ្រីស្ទ​បាន​ធ្វើ​ឲ្យ​យើង​នៅ​ជា​ឥត​ដំបែ ដូច្នេះ ឥឡូវ​នេះ​យើង​គួរ​រស់​នៅ​បែប​ជា​ឥត​ដំបែ។ ឬ​ក៏​អាច​និយាយ​ម្យ៉ាង​ទៀត​ថា យើង​គួរ​តែ​កាន់តែ​ក្លាយ​ជា​គ្រប់លក្ខណ៍ ដូច​ដែល​ព្រះអង្គ​រាប់​យើង​ជា​គ្រប់​លក្ខណ៍។

តើ​អ្វី​ជា​មូលដ្ឋាន​នៃ​ការ​ទាំង​អស់​នេះ? កណ្ឌ​គម្ពីរ ១កូរិនថូស ៥:៧ ប្រាប់​យើង​ពី​មូលដ្ឋាន​នៃ​ការ​ទាំង​អស់​នេះ «…ព្រោះ​ព្រះ​គ្រីស្ទ​ដ៏​ជា​យញ្ញ​បូជា​នៃ​បុណ្យ​រំលង នោះ​បាន​ត្រូវ​ថ្វាយ​ជំនួស​យើង​រាល់​គ្នា​ហើយ»។ ការ​រងទុក្ខ​របស់​ព្រះ​គ្រីស្ទ​បាន​ធ្វើ​ឲ្យ​យើង​គ្រប់​លក្ខណ៍​យ៉ាង​ពេញ​លេញ។ ដូច្នេះ​ហើយ ការ​ដែល​យើង​ប្រឆាំង​នឹង​អំពើ​បាប​របស់​យើង មិន​មែន​គ្រាន់​តែ​ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​គ្រប់​លក្ខណ៍​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​យើង​ជា​មនុស្ស​គ្រប់​លក្ខណ៍​រួច​ទៅ​ហើយ។ ដើម្បី​ប្រឆាំង​នឹង​ភាព​មិន​គ្រប់​លក្ខណ៍​របស់​យើង យើង​ត្រូវ​តែ​ពឹង​ផ្អែក​លើ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​ដែល​ជា​មូលដ្ឋាន​នៃ​ភាព​គ្រប់​លក្ខណ៍។

ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​សន្យា​ទៅ​កាន់​បុត្រាបុត្រី​

ព្រះ​អង្គ​ផ្ទាល់