in

កូន​អើយ ចូរ​ប្រគល់​ចិត្ត​ឯង​មក​អញ​ចុះ៖ សេចក្ដី​ប្រាថ្នា​ដំបូង​នៃ​ការ​ចិញ្ចឹម​កូន​ឲ្យ​មាន​លទ្ធផល​ល្អ

កូន​អើយ ចូរ​ប្រគល់​ចិត្ត​ឯង​មក​អញ​ចុះ
ហើយ​ឲ្យ​ភ្នែក​ឯង​ពេញ​ចិត្ត​នឹង​អស់​ទាំង​ផ្លូវ​របស់​អញ​ដែរ (សុភាសិត ២៣:២៦)។
សុភាសិត​មួយ​នេះ​មាន​នៅ​ក្នុង​ចំណោម​ការ​ដាស់​តឿន និង​ការ​ព្រមាន​អំពី​គ្រោះ​ថ្នាក់​ពី​ស្រី​ពេស្យា និង​ការ​ស្រវឹង​ប៉ោឡែ។ ភាព​សាមញ្ញ​នៃ​សុភាសិត​មួយ​នេះ​មាន​ពេញ​ទៅ​ដោយ​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ។ ក្នុង ២២ពាក្យ សុភាសិត​នេះ​និយាយ​ចំណុច​ស្នូល​នៃ​ការ​ចិញ្ចឹម​បី​បាច់​កូន ហើយ​ប្រសិន​បើ​ទទួល​យក​ឲ្យ​អស់​ពី​ចិត្ត នោះ​ពាក្យ​ពេចន៍​ទាំង​នេះ​នឹង​ណែ​នាំ​មក​កាន់​យើង​លើ​គ្រប់​ចំណុច​ដែល​យើង​ធ្វើ ទាក់​ទង​ទៅ​នឹង​ការ​ចិញ្ចឹម​កូន។
ការ​ដាស់​តឿន​ទាំង​ពីរ​បង្ហាញ​អំពី​ចំណុច​សម្គាល់​នៃ​ការ​ផ្លាស់​ប្រែ​ដែល​យើង​ចង់​ទទួល​បាន​ក្នុង​នាម​ជា​ឪពុក​ម្ដាយ។ ខណៈ​ពេល​ដែល​កូន​ៗយើង​ធំ​ធាត់​ឡើង​នៅ​ក្នុង​ផ្ទះ នោះ​យើង​ចង់​ទទួល​បាន​អ្វី​មួយ​ពី​ពួក​គាត់ ហើយ​យើង​ក៏​ចង់​ឲ្យ​ពួក​គាត់​ទទួល​បាន​អ្វី​មួយ​ពី​យើង​ដែរ។ យើង​ចង់​បាន​ចិត្ត​របស់​ពួក​គាត់ ហើយ​យើង​ចង់​ឲ្យ​ពួក​គាត់​ត្រាប់​តាម​គំរូ​របស់​យើង។
ចំណុច​ស្នូល​នៃ​ការ​ចិញ្ចឹម​កូន
ព្រះ​គម្ពីរ​បាន​បង្គាប់​ឲ្យ​ឪពុក​ម្ដាយ​ចិញ្ចឹម​កូន​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់ (អេភេសូរ ៦:៤ «ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់តឿន​របស់​ព្រះ​អម្ចាស់​វិញ»)។ ក្នុង​ការ​បង្គាប់​នេះ​មាន​ទិដ្ឋភាព​ច្រើន​ណាស់។ យើង​បង្រៀន​ផង ហើយ​ព្រមាន​ផង។ យើង​បង្កើត​ច្បាប់ ហើយ​អនុវត្ត​តាម​ច្បាប់​នោះ។ យើង​ផ្ដល់​ជូន​នូវ​ការ​ណែនាំ និង​ការ​កែ​តម្រង់។ យើង​ស្តី​បន្ទោស បង្ហាត់​បង្រៀន និង​ផ្គត់ផ្គង់​កូនៗ​យើង​សម្រាប់​ពេញ​មួយ​ជីវិត។ ប៉ុន្តែ ប្រសិន​បើ​យើង​ព្យាយាម​ចិញ្ចឹម​ពួក​គាត់​នៅ​ក្នុង «ព្រះ​អម្ចាស់» នោះ​យើង​ត្រូវ​តែ​សម្លឹង​មើល​ទៅ​ឯ​ព្រះ​អង្គ។ យើង​កំពុង​តែ​ដេញ​តាម​ចិត្ត​របស់​ពួក​គាត់។
វា​ជា​រឿង​ងាយ​ស្រួល​ណាស់​ដែល​យើង​បាត់​បង់​ទស្សនៈ​នេះ។ វា​ជា​រឿង​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ដែល​យើង​ផ្ដល់​នូវ​ការ​ណែនាំ និង​ការ​ដាក់​ពិន័យ ដោយ​សារ​យើង​ចង់​ឲ្យ​កូន​ៗយើង​ស្ដាប់​បង្គាប់ ឬ​ក៏​ដោយ​សារ​យើង​ចង់​មាន​ភាព​ស្ងៀម​ស្ងាត់ ឬ​ក៏​ដោយ​សារ​យើង​មាន​ការងារ​សំខាន់​ដែល​ត្រូវ​ធ្វើ ហើយ​ជម្លោះ ការ​រអ៊ូរទាំ ការ​ទាស់ទែង​គ្នា និង​ការ​ខឹង​គ្នា​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​បាយ​កំពុង​តែ​រំខាន​ដល់​លោក​អ្នក។
ពិត​ណាស់ ការ​កែ​តម្រង់​គឺ​ជា​រឿង​សំខាន់។ ជម្លោះ ការ​រអ៊ូរទាំ ការ​ទាស់​ទែង​គ្នា និង​ការ​ខឹង​គ្នា​គឺ​ជា​អំពើ​បាប​ដែល​យើង​ត្រូវ​តែ​លើក​ឡើង​មក​និយាយ។ យើង​ចង់​ឲ្យ​កូនៗ​ស្ដាប់​បង្គាប់ ហើយ​យើង​ត្រូវ​ឆ្លើយ​តប​ទៅ​កាន់​ព្រះ​ជាម្ចាស់​ទាក់​ទង​នឹង​ចំណុច​ដែល​យើង​ត្រូវ​ណែនាំ​ដល់​ពួក​គាត់ និង​ការ​ដាក់​ពិន័យ​លើ​ពួក​គាត់។ ផ្ទះ​​ដែល​មាន​ភាព​ស្ងៀម​ស្ងាត់​គឺ​ជា​ព្រះ​ពរ​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​រស់​នៅ​ក្នុង​ផ្ទះ​នោះ។ ប៉ុន្តែ វា​គឺ​ជា​រឿង​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ដែល​យើង​លើក​ឡើង​​អំពី​អំពើ​បាប​មក​និយាយ ហើយ​បាត់​បង់​ទស្សនៈ​ដ៏​សំខាន់​បំផុត។ យើង​ទំនង​ជា​អាច​បាត់​បង់​ទស្សនៈ​នៃ​ចំណុច​ដែល​ថា​យើង​បាន​ការ​ស្ដាប់​បង្គាប់​ចេញ​ពី​ចិត្ត និង​ភាព​ស្ងៀម​ស្ងាត់​ចេញ​ពី​ចិត្ត។ ចិត្ត​របស់​កូនៗ​គឺ​ជា​អ្វី​ដែល​យើង​ចង់​បាន។
នេះ​មាន​ន័យ​ថា​ការ​ណែនាំ ការ​ក្រើន​រម្លឹក ការ​ព្រមាន ការ​កែ​តម្រង់ ការ​ដាស់​តឿន និង​ការ​ដាក់​ពិន័យ​របស់​យើង​ដាច់​ខាត​ត្រូវ​តែ​កើត​ចេញពី​ការ​ប្រាថ្នា​របស់​យើង​ក្នុង​ការ​ទទួល​បាន​ដួង​ចិត្ត​របស់​ពួក​គាត់។ ចូរ​សួរ​ខ្លួន​ឯង៖ នៅ​ពេល​ដែល​លោក​អ្នក​កំពុង​តែ​ដាក់​ច្បាប់ តើ​លោក​អ្នក​កំពុង​តែ​សង្វាត​ដេញ​តាម​ដួង​ចិត្ត​របស់​ពួក​គាត់​ដែរ​ឬ​ទេ? នៅ​ពេល​ដែល​លោក​អ្នក​បង្រៀន​ពួក​គាត់​អំពី​ក្រឹត្យ​វិន័យ​របស់​ព្រះ​ជាម្ចាស់ តើ​លោក​អ្នក​កំពុង​តែ​សង្វាត​ដេញ​តាម​ដួង​ចិត្ត​របស់​ពួក​គាត់​ដែរ​ឬ​ទេ? ពេល​លោក​អ្នក​អនុវត្ត​ច្បាប់ មិន​ថា​ច្បាប់​របស់​ព្រះ​ជាម្ចាស់ ឬ​ក៏​​ច្បាប់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន តើ​លោក​អ្នក​កំពុង​តែ​សង្វាត​ដេញ​តាម​ដួង​ចិត្ត​របស់​ពួក​គាត់​ដែរ​ឬ​ទេ? នៅ​ពេល​ដែល​លោក​អ្នក​ឆ្លើយ​ថា «បាទ» ឬ​ក៏ «ចាស» ចំពោះ​សំណើ​របស់​ពួក​គាត់ តើ​លោក​អ្នក​កំពុង​តែ​សង្វាត​ដេញ​តាម​ដួង​ចិត្ត​របស់​ពួក​គាត់​ដែរ​ឬ​ទេ? នៅ​ពេល​ដែល​លោក​អ្នក​ឆ្លើយ​ថា «ទេ» ចំពោះ​អ្វី​ដែល​ពួក​គាត់​កំពុង​តែ​សូម តើ​លោក​អ្នក​កំពុង​តែ​សង្វាត​ដេញ​តាម​ដួង​ចិត្ត​របស់​ពួក​គាត់​ដែរ​ឬ​ទេ?
ក្នុង​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ធ្វើ​ក្នុង​នាម​ជា​ឪពុក​ម្ដាយ តើ​សុភាសិត​របស់​ស្ដេច សាឡូម៉ូន មាន​នៅ​ក្នុង​ពាក្យ​ពេចន៍ ឥរិយាបថ និង​ទង្វើ​របស់​លោក​អ្នក​ដែរ​ឬ​ទេ? តើ​ចំណុច​ស្នូល​នៃ​ការ​ចិញ្ចឹម​កូន​មាន​ដូច​នេះ​ដែរ​ឬ​ទេ៖ «កូន​អើយ ចូរ​ប្រគល់​ចិត្ត​ឯង​មក​អញ​ចុះ»?
ការ​ដើរ​តាម​គន្លង​ផ្លូវ​យើង
តាម​ពិត​ទៅ ការ​សង្វាត​ដេញ​តាម​ដួង​ចិត្ត​របស់​ពួក​គាត់​គឺ​គ្រាន់​តែ​ជា​រូប​មន្ត​ម្ខាង​ទេ។ ម្ខាង​ទៀត​គឺ​ជា​អ្វី​ដែល​យើង​សង្ឃឹម​ថា យើង​អាច​ផ្ដល់​ដល់​ពួក​គាត់​បាន៖ «ឲ្យ​ភ្នែក​ឯង​ពេញ​ចិត្ត​នឹង​អស់​ទាំង​ផ្លូវ​របស់​អញ​ដែរ»។ យើង​អាច​ឃើញ​ភាសា​ដូច​នេះ​នៅ​ក្នុង​ខ​គម្ពីរ​ផ្សេងៗ​ទៀត ដែល​មាន​ដូច​ខាង​ក្រោម​នេះ៖
«គឺ​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​តែ​នឹង​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់ ហើយ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរស​របស់​ទ្រង់​ប៉ុណ្ណោះ» (ទំនុកតម្កើង ១៤៧:១១)។
ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​រាស្ត្រ​ទ្រង់ ទ្រង់​តាក់​តែង​មនុស្ស​រាប​សា​ដោយ​សេចក្ដី​សង្គ្រោះ» (ទំនុកតម្កើង ១៤៩:៤)។
«ដ្បិត​អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​ស្រឡាញ់ នោះ​ទ្រង់​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ» (សុភាសិត ៣:១២)។
«កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា​ជា​ទី​គាប់​ដល់​ព្រះ​ហឫទ័យ​នៃ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​ក៏​បណ្ដាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ​បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ» (សុភាសិត ១៦:៧)។
ផ្នត់​គំនិត​នៃ​ការ​ដាស់​តឿន​គឺ​ដូច​ត​ទៅ៖ «កូន​អើយ ចូរ​អរ​សប្បាយ​នឹង​របៀប​ដែល​យើង​កំពុង​តែ​ធ្វើ។ ចូរ​ទទួល​យក​ផ្លូវ​នៃ​ជីវិត​របស់​យើង​ដោយ​មាន​អំណរ​ចុះ»។ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត ការ​បង្គាប់​គឺ​មិន​មែន​គ្រាន់​តែ​កូន​មើល​របៀប​ដែល​ឪពុក​ម្ដាយ​ប្រព្រឹត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ឲ្យ​ពួក​គាត់​ចង់​ត្រាប់​តាម ចង់​ធ្វើ​តាម និង​ចង់​យក​របៀប​របស់​ឪពុក​ម្ដាយ​មក​ធ្វើ​ជា​របៀប​ប្រព្រឹត្ត​របស់​ខ្លួន​ផង​ដែរ។
របៀប​ឆ្លើយ​តប​របស់​យើង​សំដៅ​ទៅលើ​ទម្លាប់​ដែល​យើង​ធ្វើ​អ្វីមួយ លំនាំ​នៃ​ផ្នត់​គំនិត ពាក្យ​ពេចន៍ អាកប្ប​កិរិយា និង​ទង្វើ​របស់​យើង​ដែល​ផ្តល់​អត្ថន័យ​ដល់​យើង។ និយាយ​ម្យ៉ាង​វិញ​ទៀត នេះ​គឺ​ជា​របៀប​ជាក់​ស្ដែង​ដែល​យើង​ដើរ​នៅ​ក្នុង​លោកីយ៍​នេះ។ ជា​ចម្បង នេះ​មិន​មែន​សំដៅ​ទៅ​លើ​អ្វី​ដែល​យើង​អះអាង​ប្រកាស​នោះ​ទេ ប៉ុន្តែ​ទៅ​លើ​អ្វី​ដែល​យើង​ប្រព្រឹត្ត។ សូម​គិត​អំពី​របៀប​នេះ​ថា​ជា​ស្តង់ដារ​នៃ​ការ​ធ្វើ​អ្វី​មួយ។ នេះ​គឺ​ជា​អ្វី​ដែល​យើង​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​កូនៗ​យើង​មើល​ឃើញ ទទួល​យក និង​ធ្វើ​តាម​ដោយ​មាន​អំណរ។
ក្នុង​ករណី​នេះ អាកប្ប​កិរិយា​នៃ​ពាក្យ​សម្ដី​របស់​យើង​ក៏​សំខាន់​ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​យើង​និយាយ​ផង​ដែរ។ នេះ​មិន​គ្រាន់​តែ​សំដៅ​ទៅ​លើ​អ្វី​ដែល​យើង​និយាយ និង​ធ្វើ​ទេ ប៉ុន្តែ​ទៅ​លើ​របៀប​ដែល​យើង​ខ្លួន​ឯង​ក៏​និយាយ និង​ប្រព្រឹត្ត​ផ្ទាល់​ផង​ដែរ។ ដូច្នេះ សូម​គិត​អំពី​អាកប្ប​កិរិយា អត្ត​ចរិត សូរ​សម្លេង​របស់​យើង ហើយ​សួរ​សំណួរ​ចាក់​ចុច​លើ​ខ្លួន​ឯង​ចុះ។
តើ​លោក​អ្នក​ផ្ដល់​ការ​ណែនាំ​ដោយ​ក្ដៅ​ក្រហាយ ឬ​ក៏​ពេញ​ដោយ​អំណរ? តើ​លោក​អ្នក​កែ​តម្រង់​ដោយ​មាន​ការ​អត់​ធ្មត់  ឬ​ក៏​ការ​សាំ​ចិត្ត? ប្រសិន​បើ​មាន​អ្នក​ផ្សេង​នៅ​ក្នុង​បន្ទប់​នៅ​ពេល​ដែល​លោក​អ្នក​ដាស់​តឿន ឬ​ក៏​ដាក់​ពិន័យ​កូនៗ តើ​ពួក​គាត់​និង​ពណ៌នា​ថា សូរ​សម្លេង​របស់​លោក​អ្នក​ឃោរឃៅ ឬ​ក៏​ម៉ឺងម៉ាត់? គំរោះគំរើយ ឬ​ក៏​ពេញ​ដោយ​ចិត្ត​មេត្តា? ខឹង ឬ​ក៏​ស្លូត​បូត? តើ​លោក​អ្នក​កំពុង​តែ​ដាស់​តឿន​ឲ្យ​ពួក​គាត់ «ត្រាប់​តាម» របៀប​មួយ​ដោយ​មាន​អំណរ? របៀប​ដែល​ឆ្លើយ​តប​យ៉ាង​ព្រហើន ដែល​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង ឬ​ក៏​របៀប​នៃ​ការ​ឆ្លើយ​តប​ដែល​មាន​ពេញ​ដោយ​ប្រាជ្ញា និង​ម៉ឺងម៉ាត់​ដែល​មាន​ស្ថេរ​ភាព?
ការ​ប្រគល់​ចិត្ត​របស់​ពួក​គេ​ទៅ​កាន់​ព្រះ​ជាម្ចាស់
ការ​ដាស់​តឿន​ទាំង​ពីរ​នេះ​មាន​ជំហរ​ជា​មួយ​គ្នា។ ពួក​គាត់​នឹង​កាន់​តែ​ចូល​ចិត្ត​របៀប​ប្រព្រឹត្ត​របស់​យើង ប្រសិន​បើ​យើង​ពិត​ជា​មាន​អំណរ​ក្នុង​ការ​សង្វាត​ដេញ​តាម​ដួង​ចិត្ត​របស់​ពួក​គាត់។ មូល​ដ្ឋាន​គ្រឹះ​មួយ​នៃ​ការ​ត្រាស់​ហៅ​របស់​យើង គឺ​ធ្វើ​ជា​ស្នាម​ញញឹម​របស់​ព្រះ​ជាម្ចាស់​ដល់​កូនៗ​យើង។ នេះ​គឺ​ជា​ចំណុច​ស្នូល​នៃ​របៀប​នៃ​ការ​ចិញ្ចឹម​កូន​របស់​យើង។ ហើយ​ក្នុង​ការ​បង្ហាញ​ស្នាម​ញញឹម​របស់​ព្រះ​ជាម្ចាស់ យើង​ក៏​កំពុង​តែ​សង្វាត​ដេញ​តាម​ដួង​ចិត្ត​របស់​ពួក​គាត់ និង​ការ​ត្រាស់​ហៅ​ឲ្យ​សង្កេត​មើល ទទួល​យក និង​ឱប​ក្រសោប​របៀប​ប្រព្រឹត្ត​របស់​យើង​ដែរ។
ប៉ុន្តែ មិន​មែន​គ្រាន់​តែ​របៀប​របស់​យើង​នោះ​ទេ។ នៅ​ចុង​បំផុត យើង​ចង់​ឲ្យ​កូន​របស់​យើង​ថ្វាយ​ដួង​ចិត្ត​របស់​ពួក​គាត់​ទៅ​កាន់​ព្រះ​ជាម្ចាស់។ ការ​ដែល​ពួក​គាត់​ប្រគល់​ដួង​ចិត្ត​របស់​ពួក​គាត់​មក​កាន់​យើង គឺ​ជា​ការ​ត្រៀម​នៃ​ការ​ថ្វាយ​ដួង​ចិត្ត​របស់​ពួក​គាត់​ទៅ​កាន់​ព្រះ​ជាម្ចាស់។ ពួក​គាត់​ប្រគល់​ដួង​ចិត្ត​របស់​ខ្លួន​ទៅ​កាន់​ឪពុក​ម្ដាយ​លើ​ផែនដី ដើម្បី​ឲ្យ​ពួក​គាត់​អាច​រៀន​ថ្វាយ​ដួង​ចិត្ត​របស់​ខ្លួន​ទៅ​កាន់​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌។ ការ​សង្កេត​មើល និង​ការ​ត្រាប់​តាម​យើង​ដោយ​មាន​អំណរ​គឺ​ជា​ជំហាន​ដំបូង​នៃ​ការ​សង្កេត​មើល និង​ការ​ត្រាប់​តាម​ការ​ប្រព្រឹត្ត​របស់​ព្រះ​ជាម្ចាស់។
តែ ទំនង​យើង​ក៏​អាច​កាន់​តែ​លើក​ឡើង​បន្ថែម​ទៀត​ក៏​បាន។ ព្រះ​យេស៊ូវ​បាន​ប្រាប់​យើង​ថា មាន​របៀប​នៃ​ការ​ទទួល​ក្មេងៗ​ក្នុង​ព្រះ​នាម​ទ្រង់​ថា ជា​របៀប​នៃ​ការ​ទទួល​យក​ទ្រង់​ផ្ទាល់​តែ​ម្ដង។ អ្នក​ណា​ដែល​ទទួល​កូន​តូច​១ ដូច​ជា​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​ខ្ញុំ​ទេ គឺ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​វិញ (ម៉ាកុស ៩:៣៧)។ ទង្វើ​នៃ​ការ​ទទួល​យក​ទាំង​ពីរ​នេះ—ការ​ទទួល​ក្មេងៗ និង​ការ​ទទួល​ព្រះ​យេស៊ូវ—ក្លាយ​ជា​ការ​ទទួល​តែ​មួយ ដោយ​សារ​ការ​ទទួល​ដំបូង​បាន​កើត​ឡើង​នៅ​ក្នុង​ព្រះ​នាម​ទ្រង់។ នៅ​ពេល​ដែល​លោក​អ្នក​ទទួល​ក្មេងៗ​នៅ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ តើ​នៅ​ចុង​បញ្ចប់​លោក​អ្នក​នឹង​មាន​អ្វី? គឺ​លោក​អ្នក​មាន​ទាំង​ក្មេងៗ និង​ព្រះ​យេស៊ូវ​ផ្ទាល់។
ដូច​គ្នា​ផង​ដែរ ក៏​មាន​របៀប​ដែល​កូនៗ​របស់​លោក​អ្នក​អាច​ប្រគល់​ដួង​ចិត្ត​របស់​ពួក​គាត់ ដែល​មិន​យូរ​មិន​ឆាប់ តាម​រយៈ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់ នឹង​ក្លាយ​ជា​ការ​ថ្វាយ​ដួង​ចិត្ត​របស់​ពួក​គាត់​ទៅ​កាន់​ព្រះ​ជាម្ចាស់​ដែរ។ ពួក​គាត់​ប្រគល់​ដួង​ចិត្ត​ទៅ​កាន់​លោក​អ្នក គឺ​ពួក​គាត់​ប្រគល់​ដួង​ចិត្ត​របស់​ខ្លួន​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ។ ហើយ​នៅ​ពេល​ដែល​ពួក​គាត់​ធ្វើ​បែប​នោះ នៅ​ចុង​បញ្ចប់​តើ​អ្នក​ណា​នឹង​មាន​ដួង​ចិត្ត​របស់​ពួក​គាត់? គឺ​ទាំង​លោក​អ្នក និង​ព្រះ​ជាម្ចាស់​ដែល​នឹង​មាន​ដួង​ចិត្ត​របស់​ពួក​គាត់។
និពន្ធ​ដោយ៖ លោក​គ្រូ Joe Rigney
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក សឹម រក្សា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ហេតុផល​៧​យ៉ាង ដែល​លោក​អ្នក​គួរ​តែ​អធិស្ឋាន

អត្ថបទ​លេខ​៧ តើ​មិន​អី​ទេ​មែន​ទេ ដែល​ស្ត្រី​បង្រៀន​បុរស​នៅ​​ស្ថានភាព​មួយ​ចំនួន?