បីម៉ោងបានកន្លងផុតហើយ បន្ទាប់ពីកម្មវិធីបានចាប់ផ្ដើម ហើយខ្ញុំក៏ពិតជាចាប់ផ្ដើមមានអារម្មណ៍ថា ព្រះវត្តមានរបស់ព្រះជាម្ចាស់កំពុងតែគង់នៅក្នុងអាគារនេះដែរ។ ខណៈពេលដែលខ្ញុំកំពុងតែឈរជិតមិត្តភក្ដិរបស់ខ្ញុំ នោះសាច់ភ្លេងក៏ចាប់ផ្ដើមឮខ្លាំងឡើងៗ។ ពន្លឺភ្លើងក៏ធ្វើឲ្យយើងមានអារម្មណ៍ថា គ្រប់អ្វីៗមានភាពស្និទ្ធស្នាលនឹងគ្នា ហើយក៏មានផ្សែងបាញ់បន្តិចបន្តួចនៅក្នុងបន្ទប់ដែរ។ សំឡេងអ្នកដឹកនាំចម្រៀងពិតជាពីរោះណាស់—ក្រុមចម្រៀងនេះក៏ពិតជាបានទទួលការចាក់ប្រេងតាំងមែនដែរ។ សំឡេងនៅជុំវិញខ្ញុំក៏ច្រៀងស្របគ្នា ហើយខ្ញុំក៏មានអារម្មណ៍ថាកំពុងតែចាប់ផ្ដើមលង់ចូលក្នុងចង្វាក់ភ្លេងយ៉ាងស្លុង ខណៈពេលដែលខ្ញុំឈរយោកខ្លួនទៅមកៗជាមួយនឹងបទចម្រៀង។ គ្រូគង្វាលបានបន្តប្រាប់យើងម្ដងហើយម្ដងទៀតថា ក្នុងកិច្ចជួបព្រះជាម្ចាស់នេះ ឲ្យយើងរំពឹងជួបទ្រង់ ហើយថាព្រះជាម្ចាស់នឹងប៉ះពាល់យើងទាំងអស់គ្នាក្នុងរបៀបដ៏ពិសេសណាមួយជាមិនខាន។ តើនេះអាចជាដំណោះស្រាយចំពោះបញ្ហានានារបស់ខ្ញុំក្នុងជីវិតនេះមែនឬ? ខ្ញុំបានឆ្លងកាត់ការខូចចិត្ត និងគ្រោះថ្នាក់ជាច្រើន។ ខ្ញុំហត់នឹងស្ដាប់ការដែលគេប្រាប់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការអធិស្ឋានគឺល្មមគ្រប់គ្រាន់ហើយ។ នេះប្រហែលជារឿងពិតហើយ—ទំនងនេះគឺជាកិច្ចជួបព្រះជាម្ចាស់ដែលខ្ញុំត្រូវការហើយក៏ថាបាន។ រំពេចនោះ គ្រូគង្វាលក៏មកកាត់ការច្រៀង ហើយស្រែកថា «ព្រះយេស៊ូវយាងមកដល់ហើយ! លោកអ្នកគឺជាអ្នកទទួលបានការចាក់ប្រេងតាំង! ប្រសិនបើលោកអ្នកចង់ទទួលបានការប៉ះពាល់ជាថ្មីពីព្រះជាម្ចាស់ សូមអញ្ជើញមកខាងមុខឆាកឥឡូវនេះភ្លាម!» ខ្ញុំក៏បែរទៅមើលមិត្តភក្ដិរបស់ខ្ញុំយ៉ាងលឿន ហើយសួរគាត់ថា «តើឯងទៅទេ?! នេះគឺជាពេលវេលាយើងហើយ!» គាត់ក៏គ្រញែងស្មាដោយមានការភ័យខ្លាច ហើយនៅត្រឹងមួយកន្លែង។ ខ្ញុំគិតថាគាត់នៅបន្តមានការសង្ស័យអំពីរឿងដូចនេះ—ព្រោះគាត់មកពីនិកាយបាទីស្ទ។ អើ បើអញ្ចឹង ខ្ញុំក៏បានគិតថា វាគឺជាការខាតបង់របស់គាត់។ មនុស្សជាច្រើនក៏បានរត់ចូលក្នុងផ្លូវដើរនៅតាមចន្លោះជួរកៅអី ខណៈពេលដែលពួកគាត់ ក៏ដូចជាខ្ញុំ ប្រញាប់ប្រញាល់យ៉ាងខ្លាំង ដើម្បីឲ្យទៅដល់ខាងមុខឆាក។ ខណៈពេលដែលខ្ញុំជិតទៅដល់ខាងមុខឆាក ខ្ញុំក៏ចាប់ផ្ដើមមានអាដ្រេណាលីន (adrenaline) នៅក្នុងសរសៃរបស់ខ្ញុំ ហើយមិនយូរមិនឆាប់ក៏បានទៅដល់កន្លែងមួយដែលមិនឆ្ងាយប៉ុន្មានពីគ្រូគង្វាលដែរ។ ខណៈពេលដែលខ្ញុំកំពុងតែសម្លឹងមើលគាត់ នោះខ្ញុំក៏មានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងតែប្រាប់គាត់អំពីបុគ្គលដែលគាត់គួរទៅដាក់ដៃពីលើ។ ភ្នែករបស់គាត់បានពិនិត្យមើលយ៉ាងឆាប់រហ័សលើមនុស្សជាច្រើនដែលមានវ័យក្មេងជាច្រើននៅក្រោមឆាករបស់គាត់។ បន្ទាប់មក ពេលវេលារបស់ខ្ញុំក៏បានមកដល់។ គាត់បានប្រាប់លេខាម្នាក់របស់គាត់ «ទៅនាំក្មេងស្រីម្នាក់នោះឡើងមកលើឆាកនេះភ្លាម! អំណាចព្រះជាម្ចាស់មានពេញលើនាង!» ខ្ញុំមានអារម្មណ៍យ៉ាងពិសេសដែលគាត់បានជ្រើសរើសយកខ្ញុំ វាបានបណ្ដាលឲ្យខ្ញុំយំដោយមិនអាចទប់អារម្មណ៍ខ្លួនឯងបាន។ គេក៏បានទាញខ្ញុំឡើងលើឆាក ហើយវាក៏បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនកំពុងតែឈរនៅក្នុងទីដ៏បរិសុទ្ធបំផុត។ ដៃរបស់ខ្ញុំកំពុងតែញ័រដោយសារភ័យពេក ខ្ញុំយំអណ្ដឺតអណ្ដក ហើយខ្ញុំក៏មានអារម្មណ៍ថាពួកអ្នកចាប់ក៏កំពុងតែត្រៀមខ្លួនដែរ។ បន្ទាប់មក គាត់ក៏បានស្រែកថា «ភ្លើងនៃព្រះវិញ្ញាណ!!! ហូរមកលើនាង…»។ អារម្មណ៍នៅពេលនោះវាច្រើនលើសលប់ពេកក្នុងការឲ្យខ្ញុំយល់បាន ខណៈពេលដែលខ្ញុំមានអារម្មណ៍ថា មានអ្វីមួយមកចាប់ទាញខ្លួនរបស់ខ្ញុំ។ ខ្ញុំក៏បានបោះបង់ចោលការគិតគូរទាំងអស់ ហើយក៏ត្រូវបានគេផ្ដួលយ៉ាងខ្លាំងឲ្យដួលទៅលើដី។ ខ្លួនរបស់ខ្ញុំក៏បានញាក់ប្រកាច់ប្រកិន ខណៈពេលដែលខ្ញុំដេកនៅលើឆាក ហើយខ្ញុំក៏បានចាប់ផ្ដើមស្រែកនូវសំឡេងដែលខ្ញុំមិនដែលធ្លាប់ស្រែកពីមុនៗ។ ខ្ញុំក៏ចាប់ផ្ដើមឮ ហើយមានអារម្មណ៍ថាអ្នកផ្សេងក៏បានចាប់ផ្ដើមដួលនៅជុំវិញខ្ញុំ ហើយនិងនៅលើខ្ញុំដែរ។ អ្នកខ្លះបានចាប់ផ្ដើមសើចក្នុងលក្ខណៈតក់ស្លុត អ្នកខ្លះទៀតបានប៉ះខ្ញុំ ហើយថ្ងូរយ៉ាងខ្លាំង ហើយអ្នកខ្លះទៀតក៏បានស្រែកបណ្តើរ លូនវារបណ្តើរ។ ខ្ញុំបានធ្លាប់ឮពីគ្រីស្ទបរិស័ទមួយចំនួនថា បទពិសោធន៍បែបនេះគឺមកពីអារក្សផ្ទាល់ ខណៈពេលដែលអ្នកខ្លះទៀតថា នេះគឺជាសភាពត្រូវគេសណ្ដំ។ បើនិយាយឲ្យស្មោះត្រង់ទៅ ខ្ញុំមិនធ្លាប់ឃើញការនេះនៅក្នុងព្រះគម្ពីរទេ ហើយក៏មិនដឹងថាតើវាពិតជាអ្វីដែរ…ប៉ុន្តែ ខ្ញុំពិតជាមានអារម្មណ៍ថា ការនេះហាក់បីដូចជាព្រះវិញ្ញាណបរិសុទ្ធអញ្ចឹង…
ការពណ៌នាអំពីអ្វីដែលលោកអ្នកទើបតែអានក៏កំពុងតែកើតឡើងនៅពាសពេញផែនដីស្ទើរតែរាល់អាទិត្យចំពោះមនុស្សរាប់ពាន់នាក់នៅក្នុងក្រុមជំនុំនិកាយការីស្មាទិក (charismatic churches) ឬកម្មវិធីប្រោសជំងឺបែបទ្រង់ទ្រាយធំ ក្រុមតូចយុវជន ការបោះជំរំក្មេងៗ ផុសផុលនិយមលើកទី៣ (Third Wave revivals) និងសិក្ខាសាលាមួយចំនួន។ គ្រីស្ទបរិស័ទអភិរក្សនិយមជាច្រើននាក់មានការភ័យខ្លាចយ៉ាងខ្លាំងក្នុងការអនុញ្ញាតឲ្យកូនៗរបស់ខ្លួនទៅចូលរួមកម្មវិធីណាមួយដូចខាងលើនេះ ប៉ុន្តែនៅពេលដែលយើងសួរពួកគាត់ថាតើអ្វីទៅជាបញ្ហាពិត នោះពួកគាត់ជាច្រើននាក់មិនអាចពន្យល់អំពីវាបានទេ ប៉ុន្តែគ្រាន់តែលើកឡើងថា «វាមិនមាននៅក្នុងព្រះគម្ពីរ» ឬក៏ថា «វាមិនមែនមកពីព្រះជាម្ចាស់ឡើយ»។
យើងត្រូវការចម្លើយល្អប្រសើរជាងនោះទៅទៀត។
ដូច្នេះ តើបុគ្គលណាម្នាក់កំពុងមានន័យដ៏ពិតយ៉ាងដូចម្ដេចនៅពេលដែលគាត់លើកឡើងថា «ខ្ញុំបានជ្រមុជដោយព្រះវិញ្ញាណ!»? ឃ្លានេះពណ៌នាអំពីអ្វីដែលមនុស្សជាច្រើននាក់ជឿថាជាការប៉ះពីព្រះជាម្ចាស់ដែលបណ្ដាលឲ្យពួកគាត់ដួលចុះលើដី—បើនិយាយឲ្យចំៗទៅ។ អស់អ្នកដែលការពារយ៉ាងក្លៀវក្លានូវការអនុវត្តនេះអះអាងថាជាការបើកសម្ដែងនូវព្រះវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងកម្មវិធីដែលបណ្ដាលឲ្យមនុស្សដួលចុះ។ យោងតាមពួកគាត់ ជាទូទៅ អំណាចរបស់ព្រះជាម្ចាស់ «ត្រូវបានចែក» ទៅកាន់មនុស្សដែលគ្រូគង្វាលបានដាក់ដៃលើពួកគាត់ ផ្លុំខ្យល់ដង្ហើមរបស់គាត់លើពួកគាត់ គ្រវីដៃលើពួកគាត់ គ្រវីអាវក្រៅរបស់គាត់ ឬក៏ស្រែកដោយប្រើប្រាស់ឃ្លាដូចជា «ភ្លើង! ធ្លាក់មក។» ឬក៏ «ទទួលការប៉ះពាល់!»។ កាយវិការទាំងនេះបណ្ដាលឲ្យមនុស្សជាច្រើនដួលគ្រប់ទិសទី។ ពេលខ្លះ ព្រឹត្តិការណ៍នេះក៏បានកើតឡើងនៅពេលដែលអ្នកដឹកនាំការថ្វាយបង្គំច្រៀងបទណាមួយ ឬក៏ពីព្រោះមនុស្សម្នាមានអារម្មណ៍រំភើបពេកនៅក្នុងផ្នែកណាមួយនៃកម្មវិធី។ ជាទូទៅ អស់អ្នកដែលទទួលការជ្រមុជដោយព្រះវិញ្ញាណនឹងបង្ហាញការនោះតាមរយៈការដែលគាត់ដួលនៅលើដីដោយបញ្ចេញសំឡេងសត្វ លូនវារ លានអណ្ដាត ញ័រ ប្រកាច់ យំ សើច និងបង្ហាញភាពសប្បាយភ្លើតភ្លើនក្នុងភាពអណ្ដែតអណ្ដូង។ អ្នកខ្លះលើកឡើងថា ពួកគាត់មានអារម្មណ៍ដូចជាមានអគ្គិសនីឆ្លងកាត់តាមរយៈគាត់នៅពេលដែលគ្រូគង្វាលប៉ះគាត់ អ្នកខ្លះមានអារម្មណ៍កក់ក្ដៅ ខណៈពេលដែលមានអ្នកខ្លះមិនមានសមត្ថភាពក្នុងការងើបឈរឡើងវិញដោយកម្លាំងរបស់ខ្លួនអស់រយៈពេលជាច្រើនម៉ោងក្រោយមកទៀត។ ទាំងអស់នេះ គេជឿថា គឺជាព័ន្ធកិច្ចនៃព្រះវិញ្ញាណបរិសុទ្ធ ខណៈពេលដែលព្រះអង្គផ្ដល់កម្លាំងថ្មី និងបង្កើតឡើងជាថ្មីខាងឯព្រលឹងវិញ្ញាណចំពោះមនុស្សដែលបាក់បែក និងគ្មានគុណភាព។ ដោយមានអ្នកប្រកាន់ខ្ជាប់ខាងនិកាយការីស្មាទិកប្រមាណជា ៥០០ លាននាក់ និងប្រមាណជា ១.៥ ពាន់លាននាក់ដែលប្រកាន់ខ្ជាប់តាមសាសនាហិណ្ឌូ (ការត្រាស់ដឹងខាងឯគុនដាលីនី (Kundalini Awakening)) កំពុងតែអនុវត្តការជ្រមុជក្នុងវិញ្ញាណ នោះវាមិនមែនជាការបំផ្លើសនោះទេក្នុងការលើកឡើងថាយ៉ាងហោចណាស់ ២/៧ នៃពិភពលោកទាំងមូលមានជំនឿដែលពាក់ព័ន្ធនៅក្នុងការដួល ឬក៏ការញ័រក្រោមអំណាចណាមួយនៃវិញ្ញាណ។ នេះមិនមែនជាអាកប្បកិរិយាតិចតួចនោះទេ។ ឥឡូវនេះ វាគឺជាការឆាបឆេះយ៉ាងខ្លាំងខាងឯវិញ្ញាណ ហើយគេក៏បានរាប់វាថាជារឿងធម្មតាជាទូទៅរួចបាត់ទៅហើយ—ក្នុងគ្រប់ទីកន្លែង។
ប៉ុន្តែ តើព្រះគម្ពីរមានភស្តុតាងក្នុងការបង្ហាញថា សកម្មភាពបែបនេះគឺជាសកម្មភាពទូទៅតាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលនាំឲ្យមនុស្សម្នាញ័រ លានអណ្ដាត សើច ព្រុស លូនវា ឬក៏ប្រកាច់ក្នុងក្រុមជំនុំដែរឬទេ? នៅពេលដែលព្រះជាម្ចាស់មានសកម្មភាពជាមួយនឹងមនុស្សនៅក្នុងព្រះគម្ពីរ តើព្រះអង្គបានធ្វើឲ្យពួកគេឆក់ក្នុងលក្ខណៈហាក់បីដូចជាថា ពួកគេកំពុងតែស្រវឹងដោយមានការនិយាយស្ដីមិនច្បាស់លាស់ ហើយថែមទាំងមិនអាចគ្រប់គ្រងលើខ្លួនឯងបានដែរឬទេ? តើគ្រូអធិប្បាយ (តាមរយៈការស្រែកថា «ភ្លើង!») ពិតជាអាចធ្វើឲ្យស្ថានសួគ៌វាយលុកលើជីវិតរបស់លោកអ្នកលើផែនដីនេះបានមែនឬ? តើអាចទៅរួចដែរឬទេនៅពេលដែលបទពិសោធន៍ខាងនិកាយការីស្មាទិកមានលក្ខណៈដូចគ្នាទៅនឹងការបង្ហាញក្នុងសាសនាហិណ្ឌូត្រង់ថា វាគឺជាផ្នែកមួយមកពីអារក្ស?
របៀបដ៏ល្អបំផុតក្នុងការយល់អំពីការអនុវត្តរបស់និកាយការីស្មាទិកនៃការជ្រមុជដោយព្រះវិញ្ញាណគឺឲ្យយល់អំពីជំហររបស់អ្នកដែលពួកគាត់គាំទ្រ និងអនុវត្តតាម។
តើអ្នកចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតប្រកាសយ៉ាងដូចម្ដេចអំពី «ការជ្រមុជដោយព្រះវិញ្ញាណ»?
ទី១ មានការប្រកាសខុសៗគ្នាមួយចំនួនអាស្រ័យទៅលើក្រុមការីស្មាទិកណាមួយកំពុងតែពន្យល់? តាមពិតទៅ គ្រាន់តែតាមរយៈចំណុចមួយនេះក៏បង្ហាញជាភស្តុតាងថា មានការភាន់ច្រឡំគ្នាច្រើនណាស់ទាក់ទងនឹងការអនុវត្តមួយនេះ។
ខាងក្រោមនេះគឺជាការប្រកាសមួយចំនួនរបស់ក្រុមការីស្មាទិក៖
- បទពិសោធន៍នៃការជ្រមុជដោយវិញ្ញាណគឺជាលទ្ធផលនៃការបើកបង្ហាញអំពីព្រះវត្តមានរបស់ព្រះវរបិតា។
- ព្រះយេស៊ូវគឺជាអង្គដែលកំពុងតែជ្រមុជ។
- ព្រះវិញ្ញាណបរិសុទ្ធគឺជាថាមពលដែលមិនអាចបញ្ឈប់បាន។
- នៅពេលដែលព្រះអង្គប៉ះពាល់មនុស្សណាម្នាក់នោះគាត់នឹងដួល។
- បុគ្គលដែល «ខ្វះអំណោយទាន» ត្រូវតែទទួលការជ្រមុជដោយវិញ្ញាណ ដើម្បីឲ្យពេញទៅដោយព្រះវិញ្ញាណ។
- នៅពេលដែលព្រះជាម្ចាស់ប៉ះពាល់សាច់ឈាមរបស់មនុស្ស នោះនឹងមានអ្វីមួយកើតឡើងជាមិនខាន។
- នៅពេលដែលស្ថានសួគ៌ប៉ះពាល់ផែនដី នោះរបស់មួយចំនួនញាប់ញ័រ។
- អំណាចរបស់ព្រះជាម្ចាស់ធ្វើឲ្យរំភើបជាខ្លាំង នៅពេលដែលអំណាចនោះមានការបើកបង្ហាញ នោះមនុស្សនឹងដួល។
ដើម្បីជាការគាំទ្រការប្រកាសទូទៅ និងការពន្យល់ទាំងនេះ ក្រុមដែលមានការឆេះឆួលលើសេចក្ដីបង្រៀនរបស់និកាយការីស្មាទិកប្រើប្រាស់ខគម្ពីរជាក់លាក់មួយចំនួនជាភស្តុតាងក្នុងការជ្រមុជមួយដោយព្រះវិញ្ញាណ។ គ្រីស្ទបរិស័ទដែលមិនសូវចេះព្រះគម្ពីរនឹងមិនអាចកត់សម្គាល់លើការខំកាត់ស្រាយដែលពួកគាត់យកមកប្រើប្រាស់បានទេ។ ប៉ុន្តែ នៅពេលដែលយើងសិក្សាអំពីអ្វីដែលព្រះគម្ពីរពិតជាកំពុងតែលើកឡើង នោះរឿងខុសឆ្គងក្រោយការជ្រមុជក្នុងវិញ្ញាណនឹងទទួលការបង្ក្រាបដោយព្រះគម្ពីរជាមិនខាន។
រឿងខុសឆ្គង#១៖ វាបានកើតឡើងក្នុងព្រះគម្ពីរសញ្ញាចាស់
«លុះពួកសង្ឃបានចេញពីទីបរិសុទ្ធមកវិញ នោះពពកក៏មកពេញក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដល់ម្ល៉េះបានជាពួកសង្ឃឈរធ្វើការងារពុំបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារនៃព្រះអង្គហើយ» (១ពង្សាវតាក្សត្រ ៨:១០-១១)។
បរិបទនៃខគម្ពីរមួយនេះគឺជាការបញ្ចប់ការសាងសង់ព្រះវិហាររបស់ស្ដេច សាឡូម៉ូន ដែលសិរីល្អរបស់ព្រះជាម្ចាស់បានមានការសម្ដែងឡើងផ្ទាល់ក្នុងការយាងចុះមក។ ព្រះវត្តមានរបស់ព្រះជាម្ចាស់ក៏បានគង់នៅក្នុងព្រះវិហារដូចដែលមានជាទៀងទាត់ក្នុងព្រះគម្ពីរសញ្ញាចាស់។ បទពិសោធន៍ស្រដៀងហ្នឹងក៏បានកើតឡើងនៅក្នុងកណ្ឌគម្ពីរ និក្ខមនំ ៤០:៣៤-៣៨ ចំពោះលោក ម៉ូសេ នៅពេលដែលគាត់មិនអាចចូលទៅក្នុងត្រសាលជំនុំ ដោយសារសិរីល្អរបស់ព្រះអម្ចាស់ដែរ។
ការបកអាក្រាត៖ សិរីល្អរបស់ព្រះជាម្ចាស់បានចុះមកគង់លើព្រះវិហារ ដើម្បីបង្ហាញអំពីការគង់នៅរបស់ទ្រង់ក្នុងព្រះវិហារ។ ពួកសង្ឃមិនអាចបន្តឈរធ្វើព័ន្ធកិច្ច (១ពង្សាវតាក្សត្រ ៨:១០-១១; ២របាក្សត្រ ៥:១៣) ហើយលោក ម៉ូសេ ក៏មិនអាចចូលទៅក្នុងត្រសាលជំនុំ ពីព្រោះពពកនៃសិរីល្អបានបំពេញកន្លែងនោះ—មិនមែនមកពីពួកគាត់ដេកលើឥដ្ឋនោះទេ។ មើលទៅគ្មានអ្វីពាក់ព័ន្ធគ្នាទាល់តែសោះក្នុងការជ្រមុជដោយវិញ្ញាណសព្វថ្ងៃនេះដែលបង្ហាញជាភស្តុតាងសម្រាប់ជាការអនុវត្ត។ ព្រះវត្តមានរបស់ព្រះជាម្ចាស់មិនដែលជ្រមុជមនុស្សដោយវិញ្ញាណ សូម្បីតែម្ដងក៏គ្មានផង ព្រះអង្គមិនដែលធ្វើឲ្យបុគ្គលណាម្នាក់ដួលដោយតក់ស្លុត ដោយចាប់ផ្ដើមសើចជាលក្ខណៈបរិសុទ្ធ ឬក៏បញ្ចេញសំឡេងចម្លែកៗនោះទេ។ មិនមានអ្វីដែលព្រះគម្ពីរសញ្ញាចាស់បានលើកឡើងអំពីព្រះវត្តមានរបស់ព្រះជាម្ចាស់ ឬក៏បទពិសោធន៍នានានៅឯព្រះវិហារដែលមានការពាក់ព័ន្ធជាមួយនឹងការអនុវត្តនៃការជ្រមុជដោយវិញ្ញាណនៅសព្វថ្ងៃនេះនោះទេ។
ទោះបីជាការកាត់ស្រាយនេះជាការកាត់ស្រាយដ៏ខុសឆ្គងយ៉ាងពេញទីក៏ដោយ ហើយប្រសិនបើក្រុមដែលមានការឆេះឆួលលើសេចក្ដីបង្រៀនរបស់និកាយការីស្មាទិកបន្តទទូចចង់ប្រើប្រាស់ខគម្ពីរទាំងនេះជាភស្តុតាងសម្រាប់ជាអំពើបំផ្លិចបំផ្លាញរបស់ខ្លួន នោះតើពូកគេត្រូវតែពន្យល់អំពីរបៀបដែលពួកសង្ឃនៅក្នុងព្រះគម្ពីរសញ្ញាចាស់មិនអាចឈរ ឬបម្រើនៅក្នុងការបើកសម្ដែងនៃព្រះវត្តមានរបស់ព្រះអម្ចាស់ ខណៈពេលដែលគ្រូៗអធិប្បាយសព្វថ្ងៃនេះ អ្នកចាប់ អ្នកលេងអកហ្គ៍ អ្នកច្រៀង និងអ្នកចូលរួមផ្សេងៗទៀតអាចឈរ ទះដៃ ទៅប្រើបន្ទប់ទឹក ហើយថតអំពើបំផ្លិចបំផ្លាញជាមួយនឹងទូរស័ព្ទដៃផ្ទាល់ខ្លួន ខណៈពេលដែលមានតែអស់អ្នកដែលទទួលបានការប៉ះពាល់ប៉ុណ្ណោះទើបទទួលការជ្រមុជដោយវិញ្ញាណ?
ប្រសិនបើសិរីល្អរបស់ព្រះជាម្ចាស់មានការបើកបង្ហាញយ៉ាងស្ដែងៗ នោះគ្មានអ្នកណាអាចនឹងថតសម្រាប់ចែកចាយនៅលើ YouTube បាននោះទេ។ គ្រប់គ្នានឹងត្រូវក្រាបមុខចុះក្រោម។
ខគម្ពីរមួយចំនួនទៀតដែលពួកគេប្រើប្រាស់ក្នុងរបៀបខុសឆ្គងដូចដែលបានលើកឡើងខាងលើមានដូចតទៅ៖
លោកុប្បត្ដិ ១៥:១២—លោក អាប់រ៉ាម ក៏ដេកលក់យន់ទៅ។
និក្ខមនំ ១៩:១៨—ភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាទ្រង់យាងចុះមកលើភ្នំគង់។
១សាំយូអែល ១៦:១៣—ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតលើ ដាវីឌ ស្រេច។
ពួកចៅហ្វាយ ៦:៣៤—ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ទ្រង់យាងមកសណ្ឋិតលើ គេឌាន។
មិនមានទេវវិទូលើផែនដីនេះដែលអាចពិតជាធ្វើឲ្យខគម្ពីរទាំងនេះមានន័យថា ជាការជ្រមុជដោយវិញ្ញាណ បើយោងតាមព្រះគម្ពីរ។ តើព្រះជាម្ចាស់បានធ្វើការក្នុងរបៀបដ៏មានពេញទៅដោយអំណាចព្រះចេស្ដាក្នុងព្រះគម្ពីរ ហើយតើព្រះអង្គនៅបន្តធ្វើការបែបនោះនៅសព្វថ្ងៃនេះដែរឬទេ? នៅ! តើមានពេលណាមួយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែលព្រះអង្គ «ជ្រមុជនរណាម្នាក់ដោយវិញ្ញាណ» ឬក៏ប្រាប់ហោរាណាម្នាក់ឲ្យដុតភ្លើង ឬក៏រុញឲ្យមនុស្សដួលគរលើគ្នាដែរឬទេ? ទេ!
រឿងខុសឆ្គង#១៖ វាក៏បានកើតឡើងក្នុងព្រះគម្ពីរសញ្ញាថ្មីដែរ
«គេទូលឆ្លើយថា “រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត” ព្រះយេស៊ូវមានបន្ទូលទៅគេថា “គឺខ្ញុំនេះហើយ” ឯយូដាសដែលបញ្ជូនទ្រង់ ក៏ឈរនៅជាមួយនឹងគេដែរ» (យ៉ូហាន ១៨:៥-៦)
ព្រះយេស៊ូវដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឈរមុខទល់មុខជាមួយនឹងអ្នកក្បត់ និងហ្វូងទ័ពទាហានកុះករ នឹងពួកសម្ដេចសង្ឃ ហើយក៏អាចធ្វើឲ្យពួកគេដួលលើដីដោយគ្រាន់តែប្រកាសអំពីលក្ខណៈរបស់ទ្រង់។ នេះគឺជាទីសម្គាល់ដ៏មហិមានៃអំណាច និងឫទ្ធីបារមីដែលព្រះគ្រីស្ទបានបង្ហាញឲ្យឃើញយ៉ាងច្បាស់លាស់អំពីអធិបតេយ្យភាពនៃភាពជាព្រះរបស់ទ្រង់លើអស់អ្នកដែលព្រះអង្គអនុញ្ញាតឲ្យធ្វើគត់ទ្រង់។ មិនមានពេលណាមួយសោះដែលកូនចៀមនៃព្រះមិនមែនជាព្រះ ១០០% ហើយក៏មិនមានពេលណាមួយដែលទ្រង់មិនមានការគ្រប់គ្រងលើរូបអង្គទ្រង់ផងដែរ។
ការបកអាក្រាត៖ នៅពេលដែលយើងពិនិត្យមើលអំពីរបៀបដែលព្រះយេស៊ូវបានធ្វើឲ្យមនុស្សទាំងអស់នោះដួលទៅលើដី នោះមានចំណុចមួយចំនួនដែលយើងមិនអាចមើលរំលងបានឡើយ៖ (១) ពួកគេជាខ្មាំងសត្រូវរបស់ទ្រង់ (២) ព្រះអង្គមិនបានចែករំលែកការជ្រើសតាំងរបស់ទ្រង់លើពួកគេទេ (៣) ពួកគេមិនមានការជួបជាមួយនឹងព្រះជាម្ចាស់ក្នុងលក្ខណៈងាយស្រួលនោះទេ (៤) ពួកគេមិនបានបង្ហាញអំពីការព្រូស ការញ័រ ការប្រកាច់ ឬក៏ការយំសោកនោះទេ (៥) ពួកគេក៏មិនមានការពេញដោយព្រះវិញ្ញាណដែរ (៦) ពួកគេក៏មិនបានទទួលការប្រោសឲ្យជាខណៈពេលដែលកំពុងតែដេកលើដីដែរ (៧) ពួកគេបានបន្តចាប់ទ្រង់។ ព្រឹត្តិការណ៍នានានៅក្នុងខគម្ពីរនេះមិនអាចមានការបែកបាក់គ្នាពីការអនុវត្តក្នុងខគម្ពីរនេះបានទេ។ អ្វីដែលព្រះយេស៊ូវបានធ្វើ និងរបៀបនៃការឆ្លើយតបរបស់ហ្វូងមនុស្សមិនមានការគាំទ្រលើការអនុវត្តនៅសព្វថ្ងៃនេះទេ។
ខគម្ពីរមួយចំនួនទៀតក្នុងព្រះគម្ពីរសញ្ញាថ្មីដែលពួកគេប្រើប្រាស់ក្នុងរបៀបខុសឆ្គងដែលបានលើកឡើងដូចខាងលើមានដូចតទៅ៖
កិច្ចការ ៨:១៧—អ្នកទាំង២ក៏ដាក់ដៃលើគេ ហើយគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ។
កិច្ចការ ១៩:១២—កន្សែងឬក្រមា ពីខ្លួនគាត់ ទៅដាក់លើមនុស្សមានជំងឺ នោះគេក៏បានជា។
កិច្ចការ ២៦:១៣-១៤—ពន្លឺបានធ្វើឲ្យសាវ័ក ប៉ុល ធ្លាក់ពីសេះ។
វិវរណៈ ១:១៧—សាវ័ក យ៉ូហាន ដួលនៅទៀបព្រះបាទទ្រង់ដូចជាស្លាប់ តែទ្រង់ដាក់ព្រះហស្តស្ដាំលើខ្ញុំ ដោយបន្ទូលថា «កុំខ្លាចអ្វីឡើយ»។
សព្វថ្ងៃនេះ ការប្រើប្រាស់ឧទាហរណ៍ទាំងនេះអំពីអំណាចរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរសញ្ញាថ្មីជាភស្តុតាង ដើម្បីគាំទ្រការអនុវត្តជាទូទៅនៃការជ្រមុជមនុស្សដោយព្រះវិញ្ញាណគឺមិនអាចទៅរួចបានទេ—វាគឺជាការកាត់ស្រាយដែលពោរពេញទៅដោយគ្រោះថ្នាក់។
តើព្រះគម្ពីរបានលើកឡើងយ៉ាងដូចម្ដេចអំពី «ការជ្រមុជដោយវិញ្ញាណ»?
តាមពិតទៅ មិនមានខគម្ពីរណានៅក្នុងព្រះគម្ពីរនោះទេដែលគាំទ្រការអនុវត្តនៃការជ្រមុជមនុស្សក្នុងវិញ្ញាណ និងការជ្រមុជដោយវិញ្ញាណ ហើយថែមទាំងមិនមានឃ្លាបែបនោះប្រើប្រាស់នៅក្នុងព្រះគម្ពីរទៀតផង។ អ្នកខ្លះនឹងវែកញែកថា មិនមានពាក្យ «ព្រះត្រៃឯក» នៅក្នុងព្រះគម្ពីរទេ ប៉ុន្តែយើងជឿលើព្រះត្រៃឯក។ នេះមិនមែនជាការវែកញែកដ៏ល្អមួយនោះទេ ដោយសារគោលជំនឿនៃព្រះត្រៃឯកមានការលើកឡើងយ៉ាងច្បាស់លាស់ម្ដងហើយម្ដងទៀតនៅក្នុងព្រះគម្ពីរដែលពណ៌នាអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ហើយយើងយកមកអនុវត្តតាមដែលព្រះគម្ពីរបង្រៀន។ ពាក្យពេចន៍គឺមិនមែនជាបញ្ហានៃការប្ដេជ្ញាអំពីភស្តុតាងចេញពីព្រះគម្ពីរសម្រាប់ការជ្រមុជដោយព្រះវិញ្ញាណនោះទេ—តែការស្វែងរកភស្តុតាងគឺជាបញ្ហា។
សូម្បីតែជំពូកដែលគេស្គាល់ជាទូទៅលើអំណោយទានផ្សេងទៀតនៃព្រះវិញ្ញាណ (១កូរិនថូស ១២-១៤) ក៏មិនបានលើកឡើងអំពីការអនុវត្ត ឬក៏ផ្ដល់ជាការគាំទ្រដែរ។ តាមពិតទៅសាវ័ក ប៉ុល ធ្វើច្រើនទៀតក្នុងការបន្ថយភាពវឹកវរនៃក្រុមជំនុំកូរិនថូសជាជាងឲ្យកាន់តែមានការដុតបំផ្លិចបំផ្លាញដែលនឹងនាំឲ្យមានភាពច្របូកច្របល់នៅក្នុងក្រុមជំនុំបន្ថែមទៀត។
បន្ទុកនៃការរកភស្តុតាង ដើម្បីធ្វើឲ្យការនេះត្រឹមត្រូវតាមច្បាប់នៃការអនុវត្តដែលមិនមានភាពស៊ីគ្នាជាមួយនឹងព្រះគម្ពីរទាំងស្រុង ជាចុងក្រោយស្ថិតនៅជាមួយនឹងអស់អ្នកដែលគួរឲ្យអាណិតអាសូរក្នុងការជ្រមុជដោយព្រះវិញ្ញាណ។
តើមានអ្វីកើតឡើងនៅពេលដែលមនុស្សកំពុងតែស្ថិតក្នុង «ការជ្រមុជដោយព្រះវិញ្ញាណសព្វថ្ងៃនេះ»?
ដោយសារយើងអាចសន្និដ្ឋានថា មិនមាននៅក្នុងព្រះគម្ពីរបាន នោះប្រាកដណាស់នៅមានចំណុចផ្សេងៗទៀតកំពុងតែដំណើរការ។ ដោយខ្ញុំបានចំណាយពេលផ្ទាល់អស់រយៈពេល ២៦ ឆ្នាំក្នុងបទពិសោធន៍នេះ ឬក៏មានចំណែកជាមួយនឹងមនុស្សរាប់ពាន់នាក់នៃ «ការជ្រមុជ» យើងខ្ញុំបានរកឃើញនូវសេចក្ដីសន្និដ្ឋាន ៥ យ៉ាងដែលបញ្ជាក់អំពីអ្វីដែលកំពុងតែកើតឡើងនៅជុំវិញផែនដីនេះនៅពេលដែលមនុស្សដួលក្រោម «អំណាច» នេះ។
ទី១ គេគិតថា ពួកគេត្រូវតែដួល—សម្ពាធពីមិត្តភក្ដិនៅកម្មវិធីបែបនេះគឺខ្លាំងណាស់។ មិនមានអ្នកណាចង់ឲ្យគេមើលថាខ្លួនអាក្រក់ ឬក៏ចង់ធ្វើឲ្យគ្រូអធិប្បាយមើលទៅគួរឲ្យអាក្រក់នោះទេ។ ជាទូទៅ គេជឿថា មានអ្វីមួយមិនប្រក្រតីជាមួយនឹងលោកអ្នកហើយ ប្រសិនបើលោកអ្នកមិន «ទទួល» ព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយមិនមានការបង្ហាញក្នុងរបៀបណាមួយ ដូច្នេះសម្ពាធពីមិត្តភក្ដិមានការជះឥទ្ធិពលយ៉ាងខ្លាំងក្នុងការដួលដែរ។ គួរឲ្យសោកស្ដាយណាស់ ក្មេងៗក៏ទទួលបានការឈឺចាប់យ៉ាងខ្លាំងក្នុងការបង្ខំឲ្យមានអាកប្បកិរិយាដូចនោះ ខណៈពេលដែលពួកគាត់ព្យាយាមផ្គាប់ចិត្ត ហើយមិនយូរមិនឆាប់ក៏ទទួលបានការលាងខួរក្បាលទាំងស្រុងចូលក្នុងរចនាសម្ព័ន្ធនោះ។ ក្នុងករណីជាច្រើន នៅពេលដែលមនុស្សឃើញអ្នកដទៃទៀតដួល នោះពួកគាត់ក៏ផ្ដួលខ្លួនឯងតាមគេផងដែរ។ ជាចុងក្រោយ វាជារឿងធម្មតាទេដែលអស់អ្នកដែលកំពុងតែស្វែងរក ដែលមកចូលរួមក្នុងកម្មវិធីទាំងអស់នេះ គិតថាខ្លួនត្រូវតែដួល ដើម្បីឲ្យទទួលបាននូវបទពិសោធន៍ដែលគ្រូអធិប្បាយបានសន្យា។
ទី២ មានគេប្រាប់ថា ពួកគេនឹងដួលចុះ—អំណាចនៃសំណើ និងសភាពត្រូវថ្នាំសណ្ដំគឺពិតណាស់។ ឯកសារដូចជា «ការលក់ការអស្ចារ្យ» បានបង្ហាញយ៉ាងច្បាស់លាស់ថាអំណាចនៃសំណើ និងសភាពត្រូវថ្នាំសណ្ដំអាចធ្វើឲ្យជនចម្លែកណាម្នាក់ធ្វើនូវអ្វីដែលអ្នកដាក់ថ្នាំសណ្ដំបញ្ជាឲ្យធ្វើបាន។ ចំពោះអ្នកដែលយល់អំពីចិត្តសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នេះមិនមែនជាអ្វីថ្មីទេ ប៉ុន្តែនៅមានគ្រីស្ទបរិស័ទជាច្រើននាក់មិនទាន់ដឹងថា អ្នកជ្រុលនិយមជាច្រើននាក់ខាងនិកាយការីស្មាទិក ដែលជ្រមុជមនុស្សដោយវិញ្ញាណ គឺជាអ្នកជំនាញខាងការសណ្ដំ និងការក្លែងបន្លំ។ ការចំណាយពេលបីម៉ោងក្នុងការស្ដាប់បទចម្រៀងដែលទាក់ទាញចំណាប់អារម្មណ៍ និងគួរឲ្យស្រទន់ រួមជាមួយនឹងការលើកឡើងម្ដងហើយម្ដងទៀតថា «ព្រះយេស៊ូវនៅទីនេះ! ព្រះអង្គនឹងប៉ះពាល់លោកអ្នក។ លោកអ្នកនឹងទទួលបាននូវអ្វីមួយដែលលោកអ្នកមិនធ្លាប់ទទួលបានពីមុន! គ្រាន់តែទទួលយកចុះ!» នឹងនាំឲ្យមនុស្សចូលក្នុងប៉ះពាល់ចិត្តជាមិនខាន។ បន្ទាប់មក គឺពួកគេក៏ទុំល្មមបេះហើយ។ សភាពនៃការត្រូវសណ្ដំក៏ទទួលបានការបើកបង្ហាញជាភស្តុតាងនៃការធ្វើឲ្យមនុស្សមួយចំនួនចូលសភាពអណ្ដែតអណ្ដូង—ដែលជារឿងសាមញ្ញក្នុងកម្មវិធីទាំងនេះ។
ទី៣ ពួកគេចង់ដួលចុះ—ការគោរពគឺជាចំណុចដ៏សំខាន់ក្នុងផុសផុលនិយមលើកទី៣ (Third Wave), N.A.R. និងក្នុងចំណោមអ្នកជ្រុលនិយមជាច្រើននាក់ខាងនិកាយការីស្មាទិក។ ការបង្រៀនឲ្យគោរពអ្នកដឹកនាំក្នុងលក្ខណៈដូចជាការកោតខ្លាចព្រះជាម្ចាស់ ពីព្រោះអ្នកដឹកនាំស្ថិតនៅឋានៈស្មើនឹងព្រះជាម្ចាស់ដែរ។ អ្នកដែលធ្លាប់ដើរតាមចលនានេះបានសារភាពថា ពួកគាត់ចង់ទទួលបានបទពិសោធន៍យ៉ាងជ្រាលជ្រៅថែមទៀតជាមួយនឹងព្រះជាម្ចាស់ ហើយក៏ចង់ទទួលបានការចាក់ប្រេងតាំងដែលអ្នកដឹកនាំបានសន្យាផងដែរ—ដូច្នេះ ពួកគាត់ក៏បានសម្រេចចិត្តដួលដែរ ដោយសង្ឃឹមថានឹងទទួលបានបទពិសោធន៍ខាងឯព្រលឹងវិញ្ញាណ។ ជារឿយៗ ការនេះនាំឲ្យមានការយំ ការអធិស្ឋាន និងការឆ្លើយតបដែលពោរពេញទៅដោយអារម្មណ៍បន្ទាប់ពីគ្រូគង្វាលបានដាក់ដៃលើពួកគាត់។
ទី៤ ពួកគេកំពុងតែធ្វើពុត—យើងខ្ញុំផ្ទាល់ធ្លាប់មានទំនាក់ទំនងជាមួយនឹងមិត្តភក្ដិ ក្រុមគ្រួសារ និងអ្នកដើរតាមដែលសារភាពថាខ្លួនបានធ្វើពុត។ តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ អស់អ្នកណាដែលមិនបានធំធាត់ឡើងក្នុងភាពច្របូកច្របល់នៃនិកាយការីស្មាទិកមិនដឹងអំពីអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែនៅពេលដែលលោកអ្នកបានធំធាត់ឡើងក្នុងកម្មវិធីនៃការចាក់ប្រេងតាំងដ៏ពិសេសរាល់អាទិត្យដែលយ៉ាងហោចណាស់មានរយៈពេលទៅដល់ ៤ ម៉ោង—នោះលោកអ្នកនឹងគ្រាន់តែចាប់ផ្ដើមដួល ដើម្បីឲ្យកម្មវិធីឈានដល់ការបញ្ចប់បាន។ យើងខ្ញុំធ្លាប់សួរបុគ្គលម្នាក់ទៀតដែលស្និទ្ធស្នាលជាមួយនឹងយើងខ្ញុំអំពីមូលហេតុដែលពួកគាត់បានបោកខ្លួន ហើយបង្ហាញសកម្មភាពហាក់បីដូចជាថាខ្លួនឯងឆ្កួតនៅលើឆាក ហើយគាត់បានឆ្លើយតបដូចតទៅ៖ «ឯងគិតទៅមើល យើងត្រូវតែធ្វើឲ្យគាត់មើលទៅថាជាមនុស្សល្អ ហើយឲ្យវាឆាប់ចប់ដែរ»។ សូមកុំឲ្យភាន់ច្រលំឡើយ ពួកគេបានធ្វើពុតទេ។
ទី៥ វាពាក់ព័ន្ធជាមួយនឹងអារក្ស—ក្នុងករណីជាច្រើននៅពេលដែលមានគ្រូខុសឆ្គងចូលរួម ការជ្រមុជក្នុងវិញ្ញាណសព្វថ្ងៃនេះមានសភាពដូចគ្នាទៅនឹងករណីដែលមាននៅក្នុងព្រះគម្ពីរដែលបុគ្គលណាម្នាក់កំពុងតែមានបទពិសោធន៍នៃការដែលអារក្សចូល ឬក៏មានលក្ខណៈដូចជាខ្មោច (ម៉ាកុស ៩:១៧-១៨)។ ការខ្ញាំចាប់ ផ្ដួលទៅលើដី នឹងការប្រកាច់គឺជាចំណុចទាំងអស់ដែលអារក្សចូលដែលមនុស្សបានទទួលបទពិសោធន៍នៅក្នុងព្រះគម្ពីរ។ នេះមិនមែនជាប្រយោគទូទៅនៃការលើកឡើងថា រាល់គ្រប់ការជ្រមុជក្នុងវិញ្ញាណទាំងអស់ដែលមានអនុវត្តឡើងសព្វថ្ងៃនេះសុទ្ធតែពាក់ព័ន្ធនឹងអារក្សនោះទេ ប៉ុន្តែគឺជាការលើកឡើងថា ប្រសិនបើមិនមានចំណុចទាំងបួនខាងលើទេ នោះលោកអ្នកអាចសន្មតថា វាមិនមែនជាអាកប្បកិរិយាដែលគ្មានទោសពីពួកការីស្មាទិកឡើយ។ មានអ្នកខ្លះទំនងជានឹងស្គាល់ថា តើឲ្យបុគ្គលណាម្នាក់អាចហ៊ានលើកឡើងថា អាកប្បកិរិយានេះពាក់ព័ន្ធនឹងអារក្សបានដោយរបៀបណា ប៉ុន្តែបងប្អូនអើយសូមគ្រាន់តែគិតពីរបីវិនាទីសិនទៅ។ តើគ្រូខុសឆ្គងដែលកំពុងតែបង្រៀនដំណឹងល្អខុសឆ្គង ដែលអារក្សកំពុងតែប្រើប្រាស់ (២កូរិនថូស ១១:១៣-១៥) អាចដាក់ដៃលើគ្រីស្ទបរិស័ទក្លែងក្លាយ (ឬក៏អ្នកណាក៏បាន) ហើយអាចបណ្ដាលឲ្យគាត់ទទួលបទពិសោធន៍ពីព្រះវិញ្ញាណបរិសុទ្ធដ៏ពិតបានដែរឬទេ។ មិនអាចទេ។ វាជាមនុស្សក្លែងខ្លួន—ជាវិញ្ញាណអារក្ស។
ក្នុងករណីដ៏ល្អបំផុត មនុស្សដែលមានចេតនាល្អគឺកំពុងតែស្វែងរកការជួបជាមួយនឹងព្រះជាម្ចាស់ក្នុងរបៀបខុសឆ្គងតាមរយៈយានខុសឆ្គង ហើយក៏នឹងមានភាពច្របូកច្របល់ និងការស្រងាកចិត្តជាលទ្ធផលជាមិនខាន។ ហើយក្នុងករណីដ៏អាក្រក់បំផុត អស់អ្នកដែលមានតម្រូវការយ៉ាងខ្លាំង និងអ្នកដែលបានធ្លាក់ចេញពីជំនឿពិតគឺសុទ្ធតែកំពុងតែស្ថិតក្រោមការត្រូវសណ្ដំ អំណាចនៃសំណើ ឥទ្ធិពលពីអារក្ស ឬក៏វិញ្ញាណក្លែងក្លាយដែលពួកគេជឿថាជាព្រះវិញ្ញាណបរិសុទ្ធ។
ប្រសិនបើវាមិនមានភាពស៊ីគ្នាជាមួយនឹងព្រះគម្ពីរ ហើយមិនមានចែងនៅក្នុងព្រះគម្ពីរ ឬក៏មិនមានការគាំទ្រដ៏ពិតតាមរយៈការកាត់ស្រាយព្រះគម្ពីរក្នុងលក្ខណៈដ៏ត្រឹមត្រូវ នោះលោកអ្នកមិនខកខានអ្វីឡើយ។ យើងអាចចូលទៅកាន់ព្រះវិញ្ញាណបរិសុទ្ធបានតាមរយៈអំណាចនៃដំណឹងល្អ ហើយព្រះអង្គគង់នៅ ដើម្បីថ្វាយសិរីល្អទៅកាន់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ មិនមែនដើម្បីជាការសម្ដែងនោះទេ (យ៉ូហាន ១៦:១៤-១៥)។ ប្រសិនបើមនុស្សចុះចាញ់ចំពោះព្រះគ្រីស្ទ ឱបក្រសោបនូវព័ន្ធកិច្ចពិតរបស់ព្រះវិញ្ញាណក្នុងជីវិតរបស់ខ្លួន ហើយចុះចូលចំពោះព្រះគម្ពីរថាគ្រប់គ្រាន់ ហើយជាការបើកសម្ដែងចុងក្រោយ នោះការជ្រមុជក្នុងព្រះវិញ្ញាណនឹងហួសសម័យជាមិនខាន។
មិនថាបុគ្គលណាមានជំហរយ៉ាងដូចម្ដេចលើអំណោយទានខាងឯព្រលឹងវិញ្ញាណសព្វថ្ងៃនេះក៏ដោយ ក៏គ្រីស្ទបរិស័ទទាំងអស់ដែលចេះវែកញែកនឹងអាចលើកឡើងដោយមានទំនុកចិត្តថា «ខ្ញុំនឹងរំលង» ពេលទាក់ទងជាមួយនឹងការជ្រមុជដោយវិញ្ញាណ។
មតិយោបល់
Loading…