in ,

ក្រុមខុសឆ្គង៖ ក្រុមជំនុំសាវ័កថ្មី

ប្រវត្តិ
ក្រុមជំនុំ​សាវក​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​អាឡឺម៉ង់​ក្នុង​ឆ្នាំ ១៨៦៣។ ដូចជា​ចលនា​សាសនា​ថ្មី​ដទៃ​ទៀត​ដែរ អ្នក​បង្កើត​ក្រុម​ជំនុំ​សាវក​ថ្មី​នេះ បាន​ប្រកាស​ថា ​ក្រុមជំនុំ​គ្រីស្ទ​បរិស័ទ​ទាំង​អស់​បាន​វង្វេង​ចេញ​ពី​គ្រីស្ទ​សាសនា​ដើម ហើយ​ឥឡូវ​នេះ​ព្រះ​បាន​ជ្រើសរើស​ពួក​សាវក​ថ្មី​ ដើម្បី​នាំ​គ្រីស្ទ​សាសនា ត្រឡប់​ទៅ​ផែនការ​ដើម​របស់​ព្រះ​វិញ។ ជាពិសេស​ពួកគេ​ជឿ​ថា​ ក្រុមជំនុំ​ពិត ត្រូវតែ​ដឹកនាំ​ដោយ​ពួក​សាវក ដែល​ជា​អ្នក​ស្នង​តំណែង​ ពី​សាវក​ដើម​របស់​ព្រះយេស៊ូវគ្រីស្ទ។ ពួកគេ​បាន​អះអាង​ថា ក្នុង​រយៈពេល ១៨០០ ឆ្នាំ ចាប់តាំង​ពី​សាវក​ចុងក្រោយ​ គឺ​យ៉ូហាន​បាន​ស្លាប់​នៅ​សតវត្សរ៍​ទី១ គ្មាន​ក្រុមជំនុំ​ណា​មាន​សាវក​ពិត​ទេ។ តែ​ឥឡូវ​នេះ ទីបំផុត តាមរយៈ​ក្រុមជំនុំ​សាវក​ថ្មី ក្រុមជំនុំ​របស់​ព្រះគ្រីស្ទ​នឹង​មាន​សាវក​ឡើង​វិញ​ ដូច​ក្រុមជំនុំ​ដើម។ ក្រុមជំនុំ​សាវក​ថ្មី​អះអាង​ថា មាន​តែ​ពួក​សាវក​របស់​ពួកគេ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​អត់​ទោស​ចំពោះ​អំពើ​បាប និង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេ​អះអាង​ថា​ ជា​ក្រុមជំនុំ​តែ​មួយ​គត់​ ដែល​អាច​រៀបចំ​គ្រីស្ទបរិស័ទ​ ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ទទួល​ការ​យាង​មក​លើក​ទីពីរ​របស់​ព្រះគ្រីស្ទ។

ក្រុមជំនុំ​សាវក​ថ្មី​បាន​រីក​រាលដាល​ពី​ប្រទេស​អាឡឺម៉ង់​ទៅ​កាន់​ប្រទេស​ជិត​ខាង​នៅ​ទ្វីប​អឺរ៉ុប​ ហើយ​បន្ទាប់មក​ទៅ​ដល់​អាហ្វ្រិក​ខាងត្បូង អូស្ត្រាលី និង​ឥណ្ឌូណេស៊ី។ ឥឡូវនេះ ពួកគេ​នៅ​ក្នុង​ប្រទេស​រាប់​សិប ហើយ​អះអាង​ថា មាន​សមាជិក ៩ លាន​នាក់​នៅ​ទូទាំង​ពិភពលោក។

ស្នាម​ប្រឡាក់​បី​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមជំនុំ​សាវក​ថ្មី
១. នៅ​ពេល​ដែល​ហ៊ីត្លែរ​គ្រប់គ្រង​ប្រទេស​អាឡឺម៉ង់ ​គាត់​បាន​បង្ខំ​ឲ្យ​ក្រុមជំនុំ​ទាំងអស់​នៅ​ពេល​បញ្ឈប់​កម្មវិធី​ថ្វាយបង្គំ​ត្រូវ​និយាយ​ថា​ «ហែល ហ៊ីត្លែរ» ​(Heil Hitler)។ ដូច្នេះ ក្រុមជំនុំ​ជាច្រើន​បាន​បដិសេធ​មិន​ព្រម​ធ្វើ​តាម ​ហើយ​ត្រូវ​គេ​បិទ។ គួរ​ឲ្យ​ស្តាយ​ណាស់ ក្រុមជំនុំ​សាវក​ថ្មី​បាន​សម្របសម្រួល​ជាមួយ​ពួក​ណាស៊ីស ​ដូច្នេះ​ហ៊ីត្លែរ​បា​ន​អនុញ្ញាត​ឲ្យ​ពួកគេ​នៅតែ​បើក​បន្ត។ នេះ​គឺជា​ស្នាម​ប្រឡាក់​ដ៏​គួរ​ឲ្យ​អាម៉ាស់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ នៃ​ក្រុមជំនុំ​នេះ​តាំងពី​ពេល​នោះ​មក។
២. ស្នាម​ប្រឡាក់​គួរ​ឲ្យ​ខ្មាសអៀន​មួយទៀត​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​ ​២៥​ ​ខែ​ធ្នូ​ ឆ្នាំ​១៩៥១។ ​«មេ​សាវក» ​នៃ​ក្រុមជំនុំ​សាវក​ថ្មី​ ឈ្មោះ ជេជី ប៊ីសសវ (J.G. Bischoff) បាន​ប្រកាស​ថា​ ព្រះ​បាន​បើក​សម្ដែង​ដល់​គាត់​ថា​ គាត់​នឹង​មិន​ស្លាប់​ទេ ​រហូត​ដល់​កា​រយាង​មក​លើក​ទីពីរ​របស់​ព្រះ​គ្រីស្ទ។ គាត់​ក៏បាន​បង្ខំ​ឲ្យ​ក្រុមជំនុំ​របស់​គាត់​ទាំងអស់​ជឿ​ និង​បង្រៀន​ទំនាយ​នេះ។ នៅ​ឆ្នាំ​ ​១៩៥៤​ ​ទំនាយ​នេះ​ថែមទាំង​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គោល​លទ្ធិ​ផ្លូវការ​របស់​ក្រុមជំនុំ​សាវក​ថ្មី។ អ្នក​ដឹកនាំ​ជាច្រើន​ត្រូវ​បាន​បណ្តេញ​ចេញពី​និកាយ​ ដោយសារ​ការ​បដិសេធ​មិន​ទទួល​យក​ទំនាយ​នេះ។ ប៉ុន្តែ​លោក ជេជី ប៊ីសសវ បាន​ស្លាប់​នៅ​ថ្ងៃ​ទី​ ៧ ខែ​កក្កដា​ ឆ្នាំ​ ​១៩៦០​ ​ហើយ​ព្រះ​គ្រីស្ទ​មិនបាន​យាង​មកវិញ​ទេ។ វា​គឺជា​ទំនាយ​ខុសឆ្គង។ សមាជិក​រាប់ពាន់​នាក់​បាន​ខក​ចិត្ត ហើយ​ចាកចេញ​ពី​ក្រុមជំនុំ​នៅ​ពេល​នោះ។
៣. ស្នាម​ប្រឡាក់​ទី​៣ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្រុមជំនុំ​សាវ​ក​ថ្មី​ ជា​ស្នាម​ប្រឡាក់​គួរ​ឲ្យ​ខ្មាស​ជាង​គេ។ នៅ​ឆ្នាំ​ ​១៩៨៦​ ​«មេ​សាវក» ឈ្មោះ ហាន់ អួរវាយឡឺ (Hans Urwyler) បាន​ប្រកាស​ថា ក្រុមជំនុំ​សាវក​ថ្មី​នឹង​លែង​បង្រៀន​តាម​គម្ពីរ​ថា​ ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ គឺជា​អំពើ​បាប។ ពួកគេ​បាន​និយាយ​ថា ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​អាច​ចូល​ជា​សមាជិក​ដោយ​មិន​ចាំបាច់​ប្រែចិត្ត​ពី​ការ​រួម​ភេទ​ ភេទ​ដូចគ្នា​ឡើយ។ គេ​ក៏​អាច​ទទួល​ពិធី​លៀង​ព្រះ​អម្ចាស់​ និង​បង្រៀន​សាលា​ថ្ងៃអាទិត្យ​បាន។ ​ ​ក្រុមជំនុំ​ថែមទាំង​ធ្វើ​ពិធី​ឲ្យ​ពរ​ពិសេស ​ដល់​គូ​ស្វាមីភរិយា​ភេទ​ដូចគ្នា​ ដែល​បាន​«រៀបការ»​តាម​ផ្លូវ​ច្បាប់។
«មេ​សាវក» ​នៃ​ក្រុមជំនុំ​សាវក​ថ្មី​បានការ​ពារ​ការ​សម្រេច​ចិត្ត​នេះ​ ដោយ​បង្វែរ​គម្ពីរ​ ១​កូរិនថូស​ ​៦ៈ៩-១១​ ​ដើម្បី​ធ្វើ​ឲ្យ​វា​និយាយ​ផ្ទុយពី​អ្វី​ដែល​សាវក​ប៉ុល​មានបំណង។ ​នៅ​ក្នុង​ខ​នោះ​សាវក ប៉ុល​កំពុង​ប្រាប់​យើង​ពី​អ្នកណា​ដែល​មិន​អាច​ចូល​នគរ​ព្រះ​បាន។ ប៉ុល​បាន​បង្រៀន​ថា «បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពុំ​អាច​ទទួល​ព្រះរាជ្យ ​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ! សូម​បង​ប្អូន​កុំ​យល់​ច្រឡំ​អោយ​សោះ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ ពួក​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ពួក​មាន​សហាយស្មន់ ពួក​ជន​ពាល​ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា  ពួក​ចោរ​ប្លន់ ពួក​លោភលន់​ចង់​បាន​ទ្រព្យ​គេ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​ប្លន់​យក​ទ្រព្យ​គេ ពុំ​អាច​ទទួល​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ។   កាល​ពី​ដើម បង​ប្អូន​ខ្លះ​ក៏​ជា​មនុស្ស​ប្រភេទ​នោះ​ដែរ។ ប៉ុន្តែ ព្រះជាម្ចាស់​លាង​សំអាត​បង​ប្អូន ប្រោស​ប្រទាន​អោយ​បង​ប្អូន​បាន​វិសុទ្ធ ព្រម​ទាំង​អោយ​បង​ប្អូន​បាន​សុចរិត ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​វគ្រីស្ទ តាម​រយៈ​ព្រះវិញ្ញាណ​នៃ​ព្រះជាម្ចាស់​របស់​យើង​រួច​ស្រេច​ហើយ។ » (១កូរិនថូស ៦ៈ៩-១១ KSV)។ លោក ​ហាន់ អួរវាយឡឺ បាន​ចង្អុលបង្ហាញ​ថា ​ការ​លោភលន់​ស្ថិត​ក្នុងចំណោម​អំពើ​បាប​ដែល​បាន​រៀបរាប់​នៅ​ក្នុង​បញ្ជី​របស់​សាវក​ប៉ុល​នេះ។ ​ ​គាត់​បាន​និយាយ​ថា​ ដោយសារ​ក្រុមជំនុំ​សាវក​ថ្មី​បាន​ទទួល​យក​សមាជិក​ដែល​មាន​បាប​នៃ​ការ​លោភលន់​ នោះ​ពួកគេ​ត្រូវតែ​ទទួលយក​សមាជិក​ដែល​មាន​បាប​នៃ​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ដែរ។
ប៉ុន្តែ​តើ​ការ​លោភលន់​ គឺជា​ការ​ដែល​ក្រុមជំនុំ​គួរ​អត់ធ្មត់​ទេ? សាវក​ប៉ុល​ឆ្លើយ​ថា​«ទេ!» ​ការ​លោភលន់​ គឺជា​អំពើ​បាប​ធ្ងន់ធ្ងរ​ដែល​នឹង​ធ្វើ​ឲ្យ​យើង «ពុំ​អាច​ទទួល​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ» (១កូរិនថូស ៦ៈ១០ KSV) បើ​យើង​មិនព្រម​ប្រែចិត្ត។ ​ ​តាមពិត​នៅ​ក្នុង​គម្ពីរ​កូល៉ុស​ ​៣ៈ៥​ ​និង​អេភេសូរ​ ​៥ៈ៥​ សាវក​ប៉ុល​និយាយ​ថា​ ការ​លោភលន់​ គឺជា​ការ​ថ្វាយបង្គំ​រូប​ព្រះ​ម្យ៉ាង (បាប​នោះ គឺជា​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ)។ ​ ​តើ​អ្នក​ថ្វាយបង្គំ​រូប​ព្រះ​អាច ​ឡើង​ទៅ​ស្ថានសួគ៌​បានទេ ​បើ​គាត់​មិន​ប្រែចិត្ត? ទេ ប្រាកដ​ជា​មិនបាន! ​នៅ​ក្នុង​ ១កូរិនថូស​ ​៦ៈ៩-១០​ ​សាវក​ប៉ុល​និយាយ​យ៉ាង​ច្បាស់​ថា បាប​ទាំង​អស់​ក្នុង​បញ្ជី​របស់​គាត់​នេះ ​ រួម​ទាំង​ការ​លោភលន់​ និង​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ នឹង​ធ្វើ​ឲ្យ​មនុស្ស «ពុំ​អាច​ទទួល​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ»! ​ប៉ុន្តែ​ «មេ​សាវក​» ​អ៊ួរវ៉ាយឡឺ​ និង​«មេ​សាវក»​បច្ចុប្បន្ន​ ជេ អិល ស្នាយដឺ (J.L. Sneider) ​បង្រៀន​ថា​ មនុស្ស​លោភ លន់​និង​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​អាច​ចូល​នគរ​ព្រះ​ដោយ​មិន​ប្រែចិត្ត។ ​ ​តើ​អ្នក ណា​ត្រឹមត្រូវ​ ​សាវក​ប៉ុល​ ឬ​ «​សាវក» ​នៃ​ក្រុម​សាវក​ថ្មី​? មិន​អាច​ត្រូវ​ទាំង​ពីរ​ទេ។
ព្រះយេស៊ូវ​និង​ពួក​សាវក​ដែល​បាន​សរសេរ​ព្រះ​គម្ពីរ​ បាន​បង្រៀន​ម្តង​ហើយ​ម្តង​ទៀត​ថា ​ព្រះ​ហឫទ័យ​របស់​ព្រះ ​គឺជា​អាពាហ៍ពិពាហ៍​រវាង​បុរស​ និង​ស្ត្រី​ ឯ​ទង្វើ​ និង​បំណង​ប្រាថ្នា​ស្រឡាញ់​ភេទ​ដូចគ្នា​ គឺ​ជា​បាប​ (ម៉ាថាយ​ ​១៩ៈ៤-៦; រ៉ូ​ម​ ​១ៈ២៦-២៨; ១កូរិនថូស ៦ៈ៩-១១ KSV)។ បើ​យើង​ប្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ថា​ គាត់​មិន​ចាំបាច់​ប្រែចិត្ត​ពី​អំពើ​បាប​របស់​គាត់​ មិនមែន​ជា​ដំណឹង​ល្អ​ចំពោះ​គាត់​ទេ។ ​ ផ្ទុយទៅវិញ​វា​មានន័យ​ថា​ យើង​កំពុង​បញ្ជូន​មនុស្ស​មាន​បាប​នោះ​ទៅ​ស្ថាននរក ពីព្រោះ​គ្មាន​អ្នកណា​ដែល​ឃើញ​ព្រះ​ ដោយ​មិន​កែ​ប្រែ​ចិត្ត​ទេ។ ព្រះ​បាន​ប្រាប់​ព្យាការី​អ៊ីស្រាអែល​នៅ​អេសេគាល​ ​១៣ៈ២២ ​ថា​ ការ​ជំនុំជម្រះ​របស់​ទ្រង់​នឹង​មកដល់​ពួកគេ ដោយសារ​ពួកគេ «បាន​ចំរើន​កំឡាំង​ដៃ​នៃ​មនុស្ស​អាក្រក់ ដើម្បី​មិន​ឲ្យ​គេ​លះ​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន ឲ្យ​បាន​សង្គ្រោះ​រួច​ជីវិត​វិញ​ឡើយ» ។ ដំណឹង​ល្អ​ពិត​ប្រកាស​ដល់​អ្នក​មាន​បាប​ខាង​ផ្លូវ​ភេទ​គ្រប់​ប្រភេទ​ថា​ ព្រះ​យេស៊ូវ​បាន​សុគត​សម្រាប់​អំពើ​បាប​ទាំងនោះ​ហើយ​ ហើយ​ទ្រង់​ផ្តល់​ការ​អត់​ទោស​ និង​ការសង្គ្រោះ​ដល់​អ្នក​ដែល​ប្រែចិត្ត​ និង​ជឿ​លើ​ទ្រង់។ ​
«មេ​សាវក» ហាន់ អួរវាយឡឺ បាន​អះអាង​ថា គឺជា​ព្រះវិញ្ញាណបរិសុទ្ធ​ដែល​បាន​ដឹកនាំ​គាត់​ឲ្យ​ផ្លាស់​ប្តូរ​សេចក្ដី​បង្រៀន​នៃ​ក្រុមជំនុំ​របស់​គាត់​ អំពី​ការ​ស្រឡាញ់​ភេទ​ដូចគ្នា។ ​ ​ប៉ុន្តែ​ ការ​នោះ​មិន​អាច​ទៅ​រួច​ទេ។ ​ ​ព្រះវិញ្ញាណបរិសុទ្ធ​មិនដែល​ដឹកនាំ​នរណា​ម្នាក់​ឲ្យ​បង្រៀន​ប្រឆាំង​នឹង​បទ​គម្ពីរ​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​បាន​ប្រទាន​ដល់​ពួក​សាវក​ដើម​នោះ​ឡើយ។ សាវក​ប៉ុល​បាន​បង្រៀន​ថា ថា សូម្បីតែ​ខ្លួន​គាត់​ផ្ទាល់ បង្រៀន​គោលជំនឿ​ខុស​ពី​គោល​ជំនឿ​ដើម​របស់​ពួក​សាវក គាត់​នឹង​ត្រូវ​បណ្ដាសា ​«មេ​សាវក»​របស់​ក្រុមជំនុំ​សាវក​ថ្មី ​គឺជា​សាវក​ក្លែងក្លាយ ពីព្រោះ​គាត់​បាន​បោះបង់​ចោល​គោល​លទ្ធិ​របស់​សាវក​ពិត។ យើង​បាន​រៀន​នៅ​ក្នុង ​១យ៉ូហាន ៤ៈ៦ ថា ​គ្រូ​ពិត​នឹង​តែងតែ​បង្រៀន​ស្របតាម​សាវក​ដើម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​៖ «ឯ​យើង​រាល់​គ្នា​[ពួក​សាវក] ជា​អ្នក​មក​ពី​ព្រះ​វិញ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ​ នោះ​ក៏​ស្តាប់​យើង​ខ្ញុំ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ​ទេ នោះ​មិន​ព្រម​ស្តាប់​យើង​ខ្ញុំ​ឡើយ គឺ​យ៉ាង​នោះ​ឯង ដែល​យើង​នឹង​ស្គាល់​វិញ្ញាណ​នៃ​សេចក្តី​ពិត និង​វិញ្ញាណ​នៃ​សេចក្តី​ខុសឆ្គង​ទៅ​បាន»
កំហុស​ដ៏​ធ្ងន់ធ្ងរ​នេះ​អំពី​បាប​នៃ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា ​បង្ហាញ​យើង​ថា ​និកាយ​សាវក​ថ្មី​បាន​ក្លាយ​ជា​ក្រុម​ខុសឆ្គង​រួច​ទៅ​ហើយ​ ហើយ​មិនយូរមិនឆាប់​ ពួក​គេ​នឹង​បដិសេធ​នូវ​គោលលទ្ធិ​សំខាន់ៗ​ផ្សេងទៀត។
ទីបំផុត​សូម​កត់សំគាល់​ថា ​នៅ​ខ​បន្ទាប់​សាវក​ប៉ុល​ផ្តល់​ក្តី​សង្ឃឹម​យ៉ាង​ធំ​ដល់​អស់អ្នក​ដែល​មានទោស​ពី​ការ​លោភលន់​ ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ ការ​ផិត​ក្បត់​ និង​អំពើ​បាប​ផ្សេងទៀត។ គាត់​និយាយ​ថា «ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់យេស៊ូវ និង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។» (១កូរិនថូស​ ​៦ៈ១១)។ គ្រីស្ទបរិស័ទ​នៅ​ក្រុង​កូរិនថូស​បាន​ប្រែចិត្ត​ពី​ការ​លោភលន់​ អំពើ​អ​សីលធម៌​ និង​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ហើយ និង​ពួកគេ​បាន​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​បាន​ទទួល​សេចក្ដី​សង្គ្រោះ។

ជំនឿ
បន្ថែម​ពី​ការ​បង្រៀន​ខុសឆ្គង​អំពី​បាប​ស្រឡាញ់​ភេទ​ដូច​គ្នា ពួក​គេ​ក៏​បង្រៀន​ពី​គោលជំនឿ​ខុសឆ្គង​ទាំងនេះ​ដែរ៖
ពួកគេ​ជឿ​ថា គ្រីស្ទបរិស័ទ​អាច​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​លៀង​ព្រះអម្ចាស់ ជំនួស​មនុស្ស​ដែល​បាន​ស្លាប់​ហើយ។ ក្រុមជំនុំ​សាវក​ថ្មី​ ជឿ​ថា​អ្នក​ដែល​បាន​ស្លាប់​ដោយ​មិន​ជឿ​លើ​ព្រះគ្រីស្ទ នៅ​តែ​អាច​សង្គ្រោះ​បាន។ «ព្រលឹង​ដែល​បាន​ចាក​ចេញ​ហើយ​ អាច​បាន​សង្គ្រោះ​ ដោយ​ការ​សម្លឹង​មើល​ទៅ​ព្រះគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង» (Catechism-QA 547)។ ពួកគេ​លើក​ទឹកចិត្ត​សមាជិក​របស់​ពួកគេ​ឲ្យ​ទទួល​ពិធី​លៀង​ព្រះអម្ចាស់ និង​បុណ្យ​ជ្រមុជទឹក​ជំនួស​អ្នក​ដែល​បាន​ស្លាប់​ហើយ ដោយ​សង្ឃឹម​ថា នឹង​ជួយ​ពួកគេ​នៅ​ជីវិត​បន្ទាប់។ ប៉ុន្តែ​គម្ពីរ​ហេព្រើរ ៩ៈ២៧ មាន​បន្ទូល​ថា «ហើយ​ដោយ​ព្រោះ​បាន​តម្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់​១​ដង រួច​សឹម​ជាប់​សេចក្តី​ជំនុំជំរះ»
ពួក​គេ​ជឿ​ថា មាន​តែ​សាវក​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​ផ្តល់​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​បាន។ គោលលទ្ធិ​របស់​ពួកគេ​និយាយ​ថា «ខ្ញុំ​ជឿ​ថា អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ ត្រូវ​ទទួល​អំណោយទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ តាមរយៈ​សាវក​ម្នាក់​ ​ដើម្បី​ក្លាយ​ជា​កូន​របស់​ព្រះ ហើយ​បំពេញ​តម្រូវការ​សម្រាប់​ក្លាយ​ជា​កូន​[កូនច្បង]» (Article 8)។ ប៉ុន្តែ​តាមពិត​ ​ព្រះគម្ពីរ​មិន​តម្រូវ​ថា ត្រូវ​ការ​សាវក​ ដើម្បី​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​ទេ ប៉ុន្តែ​គឺ​ជំនឿ​លើ​ព្រះគ្រីស្ទ​វិញ។ សូម​ស្តាប់​លោក​ប៉ុល​ដែល​ជា​សាវក​ពិត ​នៅ​ពេល​គាត់​ស្តី​បន្ទោស​អ្នក​ជឿ​នៅ​កាឡាទី​ ដែល​ពឹង​ផ្អែក​លើ​ក្រឹត្យវិន័យ៖ «ឱ​ពួក​អ្នក​ស្រុក​កាឡាទី​ឥត​បើ​គិត​អើយ ដែល​បាន​បើក​សំដែង​ព្រះយេស៊ូវគ្រីស្ទ​មក​យ៉ាង​ច្បាស់ នៅ​ភ្នែក​អ្នក​រាល់​គ្នា ហើយ​ទាំង​ជាប់​ឆ្កាង​ផង នោះ​តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​ដាក់​អ្នក​រាល់​គ្នា ឲ្យ​លែង​ស្តាប់​តាម​សេចក្តី​ពិត​វិញ​ដូច្នេះ  ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះវិញ្ញាណ ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ ឬ​ដោយ​បាន​ស្តាប់ ទាំង​មាន​សេចក្តី​ជំនឿ» (កាឡាទី ៣ៈ១-២)។ តាម​ខ​នេះ មាន​តែ​ការ​ឮ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ ហើយ​ការ​ជឿ​លើ​ដំណឹង​ល្អ​នេះ​ ​ដែល​ជា​ការ​ចាំ​បាច់​ ដើម្បី​ក្លាយ​ជា​កូន​របស់​ព្រះ​ ហើយ​និង​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ។
រ៉ូម ៨ៈ៩-១១ មាន​បន្ទូល​បួន​ដង​ថា ​អ្នក​ជឿ​ទាំងអស់​នៅ​ទីក្រុង​រ៉ូម​មាន​ព្រះវិញ្ញាណបរិសុទ្ធ​ផ្ទាល់​គង់នៅ​ក្នុង​ពួកគេ​ហើយ៖​
«តែ​បើ​សិន​ជា​ព្រះវិញ្ញាណ​នៃ​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​វិញ្ញាណ​វិញ ប៉ុន្តែ បើ​អ្នក​ណា​គ្មានព្រះវិញ្ញាណ​របស់​ព្រះគ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ផង​ទ្រង់​ទេ ហើយ​បើ​សិន​ជា​ព្រះគ្រីស្ទ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា ...បើ​ព្រះវិញ្ញាណ​នៃ​ព្រះអង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះយេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​ព្រះអង្គ​នោះ​ឯង ដែល​បាន​ប្រោស​ឲ្យ​ព្រះគ្រីស្ទ​រស់​ពី​ស្លាប់​ឡើង ទ្រង់​នឹង​ប្រោស​រូបកាយ​នៃ​អ្នក​រាល់​គ្នា​ដែល​ទៀង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត​ឡើង​ដែរ ដោយសារ​ព្រះវិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា»
សាវក​ប៉ុល​បាន​និយាយ​ដូចនេះ ​ទោះបី​មិនទាន់​មាន​សាវក​ណា​បាន​ទៅ​លេង​នៅ​ក្រុមជំនុំ​រ៉ូ​ម​ក៏ដោយ!
ពួកគេ​ជឿ​ថា ការ​សង្គ្រោះ​អាស្រ័យ​លើ​ការ​បំពេញ​បី​ជំហាន។ «មេ​សាវក» នៃ​ក្រុមជំនុំ​សាវក​ថ្មី​និយាយ​ថា «ដើម្បី​ទទួល​បាន​រូបកាយ​ដែល​រស់​ឡើង​វិញ​នៅ​ពេល​ដែល​ព្រះគ្រីស្ទ​យាងមក​វិញ​ មនុស្ស​ត្រូវ​តែ [១] ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ទឹក និង​ព្រះវិញ្ញាណ [២] ប្រារឰ​ពិធី​លៀង​ព្រះអម្ចាស់​តាម​បែប​គួរ​សម (១កូរិនថូស ១១ៈ២៧) និង [៣] ផ្តល់​កន្លែង​ទំនេរ​ដល់​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ទ្រង់​អាច​រៀបចំ​ព្រលឹង​និង​វិញ្ញាណ ដើម្បី​យើង​ទទួល​រូបកាយ​ថ្មី»។ ហាក់ដូច​ជា ក្រុមជំនុំ​សាវក​ថ្មី​កំពុង​បន្ថែម​ ការ​ប្រព្រឹត្ត​ទៅលើ​ជំនឿ​លើ​ព្រះ​គ្រីស្ទ។
គេ​ជឿ​ថា ឯកសារ​ពី​ «មេ​សាវក» នៃ​ក្រុមជំនុំ​សាវក​ថ្មី​ត្រូវ​បាន​ចាត់ទុកថា មាន​សិទ្ធិអំណាច​ ដូច​សំបុត្រ​របស់​សាវក​នៅ​ក្នុង​ព្រះគម្ពីរ។
ទី​បញ្ចប់​សូម​កុំ​ភ្លេច ២យ៉ូហាន ១០-១១ «បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្តី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​ដល់​អ្នក​នោះ​ផង ដ្បិត​បើ​អ្នក​ណា​ជំរាប​សួរ នោះ​ក៏​តែង​មាន​សេចក្តី​ប្រកប​គ្នា ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ»

ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ
និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី
លោកអ្នកក៏អាចទាញយកសៀវមួយនេះតាមដំណភ្ជាប់ (Link) មួយនេះបានដោយឥតគិតថ្លៃបានផងដែរ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

និក្ខេប​បទ ៩៥ របស់​លោក​គ្រូ ម៉ធិន លូសើរ​

សេចក្តីស្រឡាញ់របស់ព្រះ