in

និក្ខេប​បទ ៩៥ របស់​លោក​គ្រូ ម៉ធិន លូសើរ​

ដោយ​មាន​សេចក្ដី​ស្រឡាញ់ និង​ចំណាប់​អារម្មណ៍​លើ​សេចក្ដី​ពិត អម​ជា​មួយ​នឹង​ប្រធាន​បទ​ប្រតិកម្ម ចំណុច​ខាង​ក្រោម​នេះ​គឺ​ជា​ប្រធាន​បទ​នៃ​ការ​ពិភាក្សា​គ្នា​ជា​សាធារណៈ​នៃ​ការ​ប្រជុំ​នៅ​ឯ​ទី​ក្រុង វិឌតិនបើហ្គ (Wittenberg) ក្រោម​ការ​ដឹក​នាំ​របស់​លោក​គ្រូ ម៉ធិន លូសើរ ដែល​ជា​អ្នក​ប្រកាន់​ខ្ជាប់​តាម​សេចក្ដី​បង្រៀន​របស់​លោក​គ្រូ អហ្គស្ទីន ដែល​មាន​អនុបណ្ឌិត​ខាង​សិល្បៈ បណ្ឌិត​ទេវ​វិទ្យា និង​ជា​គ្រូ​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ម្នាក់​ក្នុង​ការ​វែក​ញែក​លើ​ប្រធាន​បទ​ទាំងនេះ​នៅ​កន្លែង​នោះ។ គាត់​បាន​ស្នើ​ឲ្យ​អស់​អ្នក​ដែល​មិន​អាច​ចូល​រួម​ការ​វែកញែក​ដោយ​ផ្ទាល់​បញ្ចេញ​គំនិត​របស់​ខ្លួន​តាម​រយៈ​ការ​សរសេរ [សំបុត្រ]។

១. នៅ​ពេល​ដែល​ព្រះ​អម្ចាស់ និង​ចៅហ្វាយ​របស់​យើង គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​មាន​បន្ទូល​ថា «ប្រែ​ចិត្ត» គឺ​ព្រះ​អង្គ​កំពុង​តែ​ត្រាស់​ហៅ​ឲ្យ​ជីវិត​ទាំង​មូល​របស់​អ្នក​ជឿ​មាន​ការ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន។

២. យើង​មិន​អាច​យល់​ព្រះ​បន្ទូល​បាន​យ៉ាង​ត្រឹម​ត្រូវ​ដោយ​ថា សំដៅ​ទៅ​លើ​តែ​ពិធី​បង្ហូរ​ព្រះ​គុណ​នៃ​ការ​សម្ដែង​ចិត្ត​សោក​ស្ដាយ ឧ. ការ​លន់តួ និង​ការ​ស្កប់​ចិត្ត​ដូច​ដែល​ពួក​សង្ឃ​បាន​ប្រើ​ប្រាស់​នោះ​ទេ។

៣. ប៉ុន្តែ អត្ថ​ន័យ​ក៏​មិន​ផ្ដោត​តែ​លើ​ការ​សម្ដែង​ចិត្ត​សោក​ស្ដាយ​ក្នុង​បុគ្គល​ម្នាក់​នោះ​ដែរ ដ្បិត​ការ​សម្ដែង​ចិត្ត​សោក​ស្ដាយ​បែប​នោះ​គឺ​មិន​មាន​តម្លៃ​ទេ លុះត្រា​តែ​វា​បង្កើត​ឲ្យ​មាន​ចំណុច​បង្ហាញ​ពី​ខាង​ក្រៅ​ក្នុង​ការ​សម្លាប់​សាច់​ឈាម [អំពើ​បាប] ក្នុង​របៀប​ផ្សេងៗ​ជា​ច្រើន។

៤. ដរាប​ណា​នៅ​មាន​ការ​ស្អប់​ខ្លួន​ឯង (ឧ. ចិត្ត​សោក​ស្ដាយ​ដ៏​ពិត​នៅ​ខាង​ក្នុង) នោះ​ទោស​នៃ​អំពើ​បាប​ក៏​នៅ​មាន​ដែរ នេះ​គឺ​ថា​រហូត​ទាល់​តែ​យើង​ចូល​នគរ​ស្ថាន​សួគ៌​សិន។

៥. សម្តេច ប៉ាប មិន​មាន​ឆន្ទៈ ឬ​ក៏​អំណាច​ក្នុង​ការ​លើក​ទារុណកម្ម​លើស​ពី​អ្នក​ដែល​អនុវត្ត​ច្បាប់​ដោយ​អាស្រ័យ​លើ​សិទ្ធិ​របស់​គាត់​ផ្ទាល់ ឬ​ក៏​តាម​រយៈ​ក្រឹត្យ​វិន័យ​គម្ពីរ​នោះ​ទេ។

៦. សម្តេច ប៉ាប ផ្ទាល់​ក៏​មិន​អាច​អនុគ្រោះ​ពិរុទ្ធភាព​បាន​ដែរ ប៉ុន្តែ​បាន​ត្រឹម​តែ​ប្រកាស និង​គាំ​ទ្រ​ថា​វា​ត្រូវ​បាន​ដក​ចេញ​ដោយ​ព្រះ​ជាម្ចាស់​តែ​ប៉ុណ្ណោះ ឬ​ក៏​ខ្ពស់​បំផុត​គឺ​ថា​គាត់​អាច​អនុគ្រោះ​ក្នុង​ករណី​ដែល​ពាក់​ព័ន្ធ​ជា​មួយ​នឹង​គាត់​ផ្ទាល់​បាន។ លើក​លែង​ពី​ករណី​ទាំង​នោះ ពិរុទ្ធភាព​នៅ​មិន​ទាន់​មាន​ការ​ប៉ះ​ពាល់​បាន​ឡើយ។

៧. ព្រះ​ជាម្ចាស់​មិន​ដែល​អនុគ្រោះ​ពិរុទ្ធភាព​របស់​បុគ្គល​ណា​ម្នាក់​ដោយ​មិន (ក្នុង​ពេល​ដូច​គ្នា) នាំ​ឲ្យ​បុគ្គល​នោះ​ចុះ​ចូល​ដោយ​មាន​ការ​បន្ទាប​ខ្លួន​ចំពោះ​ពួក​សង្ឃ ឬ​ក៏​អ្នក​តំណាង​ទ្រង់​ដែរ។

៨. ច្បាប់​នៃ​ការ​បង្ហាញ​ការ​សូម​អភ័យ​ទោស​គឺ​សម្រាប់​តែ​អស់​អ្នក​ដែល​នៅ​រស់​តែ​ប៉ុណ្ណោះ ហើយ​យោង​តាម​ច្បាប់​នោះ​ផ្ទាល់​មិន​មែន​សម្រាប់​អស់​អ្នក​ដែល​បាន​ស្លាប់​ហើយ​នោះ​ទេ។

៩. ដោយ​អាស្រ័យ​លើ​មូល​ហេតុ​ខាង​លើ ព្រះ​គម្ពីរ​បរិសុទ្ធ (ឈរ​ជំនួស​សម្តេច ប៉ាប) បង្ហាញ​ព្រះ​គុណ​មក​កាន់​យើង​តាម​រយៈ​ចំណុច​ពិត​ដែល​ថា​ច្បាប់​របស់​សម្ដេច ប៉ាប តែង​តែ​លែង​មាន​ដំណើរ​ការ​ពេល​ស្លាប់ ឬ​ក៏​ក្នុង​ករណី​ពិបាកៗ។

១០. វា​គឺ​ជា​ទង្វើ​ខុស​ឆ្គង (ដោយ​សារ​អវិជ្ជា) នៅ​ពេល​ដែល​ពួក​សង្ឃ​ប្រើ​ច្បាប់​ដាក់​ទារុណកម្ម​លើ​មនុស្ស​ស្លាប់​នៅ​ស្ថាន​ជម្រះ​ព្រលឹង។

១១. នៅ​ពេល​ដែល​ពួក​គេ​ផ្លាស់ប្ដូរ​ច្បាប់​ដាក់​ទារុណកម្ម ហើយ​យក​មក​ប្រើ​ប្រាស់​សម្រាប់​មនុស្ស​នៅ​ស្ថាន​ជម្រះ​ព្រលឹង នោះ​ពិត​ណាស់​វា​ហាក់​បី​ដូច​ជា​ថា គេ​បាន​មក​សាប​ព្រោះ​ស្រងែ​នៅ​ពេល​ដែល​អ្នក​មើល​កំពុង​ដេក។

១២. នៅ​សម័យ​មុនៗ ច្បាប់​ដាក់​ទារុណកម្ម​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់ មិន​មែន​បន្ទាប់​ពី ប៉ុន្តែ​មុន​មាន​ការ​ប្រកាស​លើក​លែង​បាប​សិន ហើយ​មូល​ហេតុ​គឺ​ដើម្បី​ល្បង​ល​កំហុស​ខុស​ឆ្គង​របស់​ខ្លួន​ដ៏​ពិត។

១៣. សេចក្ដី​ស្លាប់​បញ្ចប់​នូវ​រាល់​ការ​អះអាង​របស់​ក្រុម​ជំនុំ សូម្បី​តែ​អ្នក​ដែល​ហៀប​នឹង​ស្លាប់​ក៏​បាន​ស្លាប់​ហើយ​ដែរ​ចំពោះ​ក្រឹត្យ​វិន័យ​គម្ពីរ ហើយ​ក៏​លែង​ស្ថិត​ក្រោម​ចំណង​វា​ទៀត​ដែរ។

១៤. ភាព​បរិសុទ្ធ​ដែល​មាន​កំហុស ឬ​ក៏​ការ​ស្រឡាញ់​ក្នុង​បុគ្គល​ដែល​កំពុង​តែ​ស្លាប់​ក៏​បាន​ក្លាយ​ជា​ភាព​ភ័យ​ខ្លាច​ដ៏​ធំ​មួយ ជា​ពិសេស​ក្នុង​ជីវិត​របស់​បុគ្គល​ដែល​មិន​សូវ​មាន​ភាព​បរិសុទ្ធ ឬ​ក៏​ការ​ស្រឡាញ់។

១៥. ភាព​ភ័យ​ខ្លាច ឬ​ក៏​ភាព​សម្អប់​នេះ​គឺ​ល្មម​គ្រប់​គ្រាន់​ហើយ​ក្នុង​ខ្លួន​ឯង ទោះ​បើ​ថា​លើ​អ្វី​ផ្សេង​ទៀត​ក៏​ដោយ ក្នុង​ការ​ពិចារណា​លើ​ភាព​ឈឺ​ចាប់​នៃ​ស្ថាន​ជម្រះ​ព្រលឹង ដោយ​សារ​វា​ឈាន​ចូល​ជិត​ពេក​ក្នុង​ភាព​តក់​ស្លុត​នៃ​ការ​អស់​សង្ឃឹម។

១៦. មើល​ទៅ​ហាក់​បី​ដូច​ជា​មាន​ចំណុច​ខុស​គ្នា​ដែល​ដូច​គ្នា​រវាង​ស្ថាន​នរក ស្ថាន​ជម្រះ​ព្រលឹង និង​ស្ថាន​សួគ៌ រវាង​ការ​អស់​សង្ឃឹម ការ​មិន​ប្រាកដ​ប្រជា និង​ការ​ធានា។

១៧. ទាក់ទង​នឹង​សេចក្ដី​ពិត ការ​ឈឺ​ចាប់​នៃ​ព្រលឹង​ក្នុង​ស្ថាន​ជម្រះ​ព្រលឹង​ត្រូវ​តែ​មាន​ការ​ចុះ​ខ្សោយ ហើយ​ការ​ស្រឡាញ់​ក៏​ត្រូវ​តែ​មាន​ការ​ចម្រើន​ឡើង​ទៅ​តាម​ការ​ទូទាត់​ផង​ដែរ។

១៨. លើស​ពី​នេះ​ទៅ​ទៀត វា​ហាក់​បី​ដូច​ជា​មិន​មាន​ភស្តុតាង ក្នុង​ជំហរ​នៃ​ហេតុផល ឬ​ក៏​ព្រះ​បន្ទូល ដែល​ថា​ព្រលឹង​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ខាង​ក្រៅ​នៃ​ទង្វើ ឬ​ក៏​មិន​មាន​សមត្ថភាព​ក្នុង​ការ​លូត​លាស់​ក្នុង​ព្រះ​គុណ​ដែរ។

១៩. ហើយ​ក៏​ហាក់​បី​ដូច​ជា​មិន​មាន​ភស្តុតាង​ត្រង់​ថា វា​តែង​តែ​ជា​ករណី​ដែល​ថា​វា​ប្រាកដ ហើយ​ទទួល​បាន​ការ​ធានា​ដោយ​សេចក្ដី​សង្គ្រោះ ទោះ​បើ​ថា​យើង​ប្រាកដ​ខ្លួន​ឯង​ក៏​ដោយ។

២០. ដូច្នេះ ក្នុង​ការ​ដែល​សម្ដេច ប៉ាប និយាយ​អំពី​ការ​ដក​នូវ​រាល់​ទារុណ​កម្ម​ចេញ​ដោយ​គ្មាន​កំណត់ គឺ​មិន​មែន​មាន​ន័យ​ថា «ទាំង​អស់» នោះ​ទេ​ក្នុង​អត្ថន័យ​ដ៏​តឹង​តែង ប៉ុន្តែ​គឺ​សម្រាប់​តែ​អស់​អ្នក​ដែល​គាត់​បាន​ដាក់​លើ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

២១. ដូច្នេះ អស់​អ្នក​ដែល​បង្រៀន​អំពី​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​គឺ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សេចក្ដី​បង្រៀន​ខុស​ឆ្គង នៅ​ពេល​ដែល​ពួក​គេ​និយាយ​ថា បុគ្គល​ណា​ម្នាក់​ទទួល​បាន​ការ​លើក​លែង ឬ​ក៏​ការ​សង្គ្រោះ​ចេញ​ពី​រាល់​គ្រប់​ទារុណ​កម្ម​បាន តាម​រយៈ​ការ​បង់​លុយ​ទៅ​កាន់​សម្ដេច ប៉ាប។

២២. ប្រាកដ​ណាស់! សម្ដេច ប៉ាប មិន​អាច​ដក​ចេញ​នូវ​ទារុណ​កម្ម​ណា​មួយ​សម្រាប់​ព្រលឹង​នៅ​ក្នុង​ស្ថាន​ជម្រះ​ព្រលឹង​ដែល​ក្រឹត្យ​វិន័យ​គម្ពីរ​បាន​ប្រកាស​ថា សម្ដេច ប៉ាប ត្រូវ​ទទួល​ការ​រងទុក្ខ​នៅ​ក្នុង​ជីវិត​សព្វ​ថ្ងៃ​នេះ​បាន​ឡើយ។

២៣. ប្រសិន​បើ​ការ​ដក​ចេញ​ដោយ​គ្មាន​កំណត់​អាច​ប្រគល់​ទៅ​កាន់​បុគ្គល​ណា​ម្នាក់​បាន នោះ​វា​គ្រាន់​តែ​សម្រាប់​ករណី​ដែល​បុគ្គល​នោះ​ល្អ​ឥត​ខ្ចោះ​បំផុត​តែ​ប៉ុណ្ណោះ ឧ. មាន​តិច​ណាស់។

២៤. ដូច្នេះ ដាច់​ខាត វា​ត្រូវ​តែ​ជា​ករណី​ផ្នែក​ចម្បង​នៃ​មនុស្ស​ដែល​ទទួល​បាន​ការ​បោក​បញ្ឆោត​តាម​រយៈ​ការ​មិន​រើស​អើង និង​ការ​សន្យា​ដែល​ស្ដាប់​ទៅ​ខ្ពង់​ខ្ពស់ ទាក់​ទង​នឹង​ការ​សម្រាល​ទុក្ខ​ពី​ទារុណ​កម្ម។

២៥.ជា​ទូ​ទៅ អំណាច​ដូច​គ្នា​ដែល​សម្ដេច ប៉ាប អនុវត្ត​ទាក់​ទង​ទៅ​នឹង​ស្ថាន​ជម្រះ​ព្រលឹង​ក៏​មាន​ការ​អនុវត្ត​យ៉ាង​ជាក់​លាក់​ក្នុង​ចំណោម​ពួក​សង្ឃ​ទាំង​អស់​គ្នា​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គាត់ និង​ក្នុង​ព្រះ​វិហារ​របស់​គាត់​ដែរ។

២៦. សម្ដេច ប៉ាប មាន​បំណង​ចិត្ត​ល្អ​ឥត​ខ្ចោះ​នៅ​ពេល​ដែល​គាត់​ប្រទាន​ការ​លើក​លែង​ទោស​ទៅ​កាន់​ព្រលឹង​ក្នុង​ស្ថាន​ជម្រះ​ដោយ​អាស្រ័យ​លើ​ការ​ទទូច​ជំនួស​ពួក​គាត់ ហើយ​មិន​មែន​តាម​រយៈ​អំណាច​នៃ​កូន​សោ (ដែល​គាត់​មិន​អាច​អនុវត្ត​សម្រាប់​ពួក​គេ)។

២៧. មិន​មាន​ទេ​អំណះអំណាង​ពី​ព្រះ​ជាម្ចាស់​ក្នុង​ការ​ប្រកាស​ថា ព្រលឹង​របស់​បុគ្គល​ណា​ម្នាក់​នឹង​ហោះ​ចេញ​ពី​ស្ថាន​ជម្រះ​ព្រលឹង​ភ្លាម បន្ទាប់​ពី​ឮ​សំឡេង​លុយ​ធ្លាក់​ចូល​ក្នុង​កេស​ដង្វាយ។

២៨. ប៉ុន្តែ ប្រាកដ​ណាស់ មាន​ភាព​លោភលន់​កើន​ឡើង បន្ទាប់​ពី​សំឡេង​លុយ​ធ្លាក់​ចូល​ក្នុង​កេស​ដង្វាយ តែ​ពេល​ក្រុម​ជំនុំ​ទទូច​អង្វរ​ជំនួស នោះ​ទាំង​អស់​គឺ​អាស្រ័យ​ទៅ​លើ​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​ទេ។

២៩. តើ​អ្នក​ណា​អាច​ដឹង​ថា​ព្រលឹង​ទាំង​អស់​នៅ​ក្នុង​ស្ថាន​ជម្រះ​ព្រលឹង​សុទ្ធតែ​ប្រាថ្នា​ចង់​ទទួល​បាន​ការ​រំដោះ​ក្នុង​ទស្សនៈ​នៃ​អ្វី​ដែល​បាន​លើក​ឡើង​អំពី​លោក ស៊ីវ័រីនីស៍ (Severinus) និង​លោក ផាស្កាល់ (Pascal)? (សំគាល់៖ លោក ផាស្កាល់ ទី១ ជាស​ម្ដេច ប៉ាប ពី​ឆ្នាំ៨១៧-៨២៤។ រឿង​ព្រេង​នោះ​បាន​លើក​ឡើង​ថា​គាត់ និង​លោក ស៊ីវ័រីនីស៍ បាន​ប្រាថ្នា​ចង់​អត់​ធ្មត់​ជា​មួយ​នឹង​ភាព​ឈឺ​ចាប់​នៅ​ឯ​ស្ថាន​ជម្រះ​ព្រលឹង​សម្រាប់​ជា​ប្រយោជន៍​ដល់​ពួក​ស្មោះ​ត្រង់)។

៣០. គ្មាន​បុគ្គល​ណា​ដឹង​យ៉ាង​ច្បាស់​លាស់​អំពី​ចំណុច​ពិត​នៃ​កំហុស​ខុស​ឆ្គង​របស់​ខ្លួន​នោះ​ទេ ដូច្នេះ​ក៏​មិន​មាន​បុគ្គល​ណា​អាច​ដឹង​អំពី​ការ​ទទួល​ការ​អត់​ទោស​ដោយ​គ្មាន​កំណត់​បាន​ដែរ។

៣១. ដោយ​ដឹង​យ៉ាង​ស្មោះ​ត្រង់ កម្រ​មាន​ណាស់​បុគ្គល​ណា​ដែល​បង់​លុយ ដើម្បី​លោះ​បាប​កម្ម ដ្បិត​គាត់​គឺ​ជា​បុគ្គល​ដែល​មាន​ការ​សោក​ស្ដាយ​ដោយ​ដឹង​យ៉ាង​ស្មោះ​ត្រង់​ដែរ ឧ. គឺ​កម្រ​មាន​ណាស់។

៣២. អស់​អ្នក​ដែល​ជឿ​ថា ខ្លួន​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយ​ខ្លួន​ឯង​តាម​រយៈ​ទង្វើ​ដោយ​រំពឹង​លើ​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម គឺ​នឹង​ធ្លាក់​នរក​យ៉ាង​អស់​កល្ប​ជានិច្ច រួម​ជា​មួយ​នឹង​គ្រូ​របស់​ពួក​គាត់​ផង​ដែរ។

៣៣. យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដ៏​ខ្លាំង​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​ឯង​ពី​អស់​អ្នក​ដែល​ថា លិខិត​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​គឺ​ជា​អំណោយ​ទាន​ពី​ព្រះ​ជាម្ចាស់​ដែល​មិន​អាច​វាស់​វែង​បាន ដែល​អាច​នាំ​ឲ្យ​មាន​ការ​ផ្សះផ្សា​គ្នា​រវាង​ព្រះ​ជាម្ចាស់ និង​មនុស្ស។

៣៤. ដ្បិត​ព្រះ​គុណ​ដែល​លិខិត​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​នាំ​ឲ្យ​មាន​ពាក់​ព័ន្ធ​គ្នា​យ៉ាង​សាមញ្ញ​ជា​មួយ​នឹង​ទារុណ​កម្ម​នៃ​ពិធី​បង្ហូរ​ព្រះ​គុណ​ដែល​នាំ​ឲ្យ​មាន «ការ​ស្កប់​ស្កល់» គ្រោង​ទុក​តាម​រយៈ​មនុស្ស​តែ​ប៉ុណ្ណោះ។

៣៥. វា​មិន​មាន​ការ​យោង​ពី​គោល​ជំនឿ​គ្រីស្ទ​បរិស័ទ​ទេ​ក្នុង​ការ​អធិប្បាយ និង​បង្រៀន​ថា​អស់​អ្នក​ដែល​ទិញ​ព្រលឹង ឬ​ក៏​ទិញ​ប័ណ្ណ​លន់តួ​មិន​ចាំបាច់​កែ​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​ខ្លួន។

៣៦. គ្រីស្ទ​បរិស័ទ​ណា​ក៏​ដោយ​ដែល​ពិត​ជា​បាន​កែ​ប្រែ​ចិត្ត​មែន នោះ​នឹង​មាន​អំណរ​ក្នុង​ការ [ដែល​ព្រះ​អង្គ] ដក​ចេញ​នូវ​រាល់​ទារុណ​កម្ម និង​ពិរុទ្ធ​ភាព​ដោយ​គ្មាន​កំណត់ ហើយ​គាត់​ទទួល​បាន​អំណរ​នោះ​ដោយ​មិន​មាន​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​ដែរ។

៣៧. គ្រីស្ទ​បរិស័ទ​ណា​ក៏​ដោយ មិន​ថា​នៅ​រស់ ឬ​ក៏​បាន​ស្លាប់​ហើយ​ក៏​នៅ​មាន​ចំណែក​ក្នុង​រាល់​ប្រយោជន៍​ទាំង​អស់​របស់​ព្រះ​គ្រីស្ទ និង​ក្រុម​ជំនុំ​ដែរ ហើយ​គាត់​ទទួល​បាន​ការ​រួប​រួម​នេះ​ពី​ព្រះ​ជាម្ចាស់​មិន​មែន​ដោយ​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​នោះ​ទេ។

៣៨. ប៉ុន្តែ យើង​មិន​គួរ​ស្អប់​ការ​ដក​ចេញ និង​ការ​បែង​ចែក​របស់​សម្ដេច ប៉ាប ដែល​មាន​ដូច​ដែល​បាន​លើក​ឡើង​ឡើយ ពួក​គេ​ប្រកាស​ថា​ជា​ការ​ដក​ចេញ​របស់​ព្រះ​ជាម្ចាស់។

៣៩. វា​ពិបាក​ណាស់ សូម្បី​តែ​ចំពោះ​ទេវវិទូ​ដែល​បាន​រៀន​សូត្រ​ជា​ច្រើន​ក៏​ដោយ ក៏​ក្នុង​ការ​កោត​សរសើរ​ដល់​មនុស្ស​នូវ​រង្វាន់​ដ៏​អស្ចារ្យ​ដែល​មាន​នៅ​ក្នុង​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម ខណៈ​ពេល​ដែល​នៅ​ក្នុង​ពេល​តែ​មួយ​ក៏​សរសើរ​កំហុស​ខុស​ឆ្គង​របស់​ខ្លួន​ថា​ជា​លក្ខណ​សម្បត្តិ។

៤០. មនុស្ស​មាន​បាប​ដែល​ពិត​ជា​មាន​ចិត្ត​ខ្ទេចខ្ទាំ​នឹង​ស្វែង​រក ហើយ​ក៏​ស្រឡាញ់​ការ​បង់​ថ្លៃ​នូវ​ទារុណ​កម្ម​របស់​អំពើ​បាប​ខ្លួន​ជា​មិន​ខាន ខណៈ​ពេល​ដែល​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​ជា​ច្រើន​ធ្វើ​ឲ្យ​សតិសម្បជញ្ញៈ​របស់​មនុស្ស​មាន​ការ​ស្រអាប់ ហើយ​ក៏​តែង​តែ​ធ្វើ​ឲ្យ​ពួក​គាត់​ស្អប់​ការ​ទទួល​ទារុណ​កម្ម​ដែរ។

៤១. យើង​គួរ​អធិប្បាយ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​របស់​សម្ដេច ប៉ាប ក្រែង​លោ​មនុស្សម្នា​ទទួល​បាន​ការ​យល់​ដឹង​ខុស​ឆ្គង ហើយ​គិត​ថា​ពួក​គាត់​គួរ​ចូល​ចិត្ត​វា​ក្រៅ​ពី​ទង្វើ​ល្អៗ​ផ្សេង​ទៀត៖ ដែល​មាន​រួម​ដូច​ជា​សេចក្ដី​ស្រឡាញ់។

៤២. គ្រីស្ទ​បរិស័ទ​គួរ​តែ​ទទួល​ការ​បង្រៀន​ថា សម្ដេច ប៉ាប មិន​ដែល​មាន​បំណង​ទាល់​តែ​សោះ​ក្នុង​ការ​លក់​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​ថា​ជា​ការ​យល់​បែប​ជា​ការ​ប្រៀប​ធៀប​ជា​មួយ​នឹង​ទង្វើ​នៃ​សេចក្ដី​មេត្តា​ករុណា​ទេ។

៤៣. គ្រីស្ទ​បរិស័ទ​គួរ​តែ​ទទួល​ការ​បង្រៀន​ថា បុគ្គល​ដែល​ជួយ​អ្នក​ក្រីក្រ ឬ​ក៏​ឲ្យ​អ្នក​ត្រូវ​ការ​ខ្ចី​គឺ​ជា​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ដ៏​ល្អ​ជាង បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ការ​ដែល​គាត់​ទិញ​លិខិត​បង​លុយ ដើម្បី​លោះ​បាប​កម្ម។

៤៤. ពីព្រោះ​តាម​រយៈ​ទង្វើ​នៃ​ការ​ស្រឡាញ់ នោះ​ការ​ស្រឡាញ់​នឹង​លូត​លាស់ ហើយ​បុរស​ម្នាក់​ក៏​នឹង​ក្លាយ​ជា​បុរស​ដ៏​ល្អ​ប្រសើរ​ដែរ ប៉ុន្តែ​តាម​រយៈ​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម នោះ​គាត់​មិន​ក្លាយ​ជា​បុរស​ដ៏​ល្អ​ប្រសើរ​ទេ ប៉ុន្តែ​គ្រាន់​តែ​បាន​គេច​ផុត​ចេញ​ពី​ទារុណ​កម្ម​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។

៤៥. គ្រីស្ទ​បរិស័ទ​គួរ​តែ​ទទួល​ការ​បង្រៀន​ថា បុគ្គល​ណា​ដែល​ឃើញ​បុគ្គល​ម្នាក់​ទៀត​មាន​តម្រូវ​ការ តែ​គាត់​មើល​រំលង​បុគ្គល​ម្នាក់​នោះ ទោះ​បើ​គាត់​ដាក់​លុយ​ទិញ​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​ក៏​ដោយ​ក៏​គាត់​នឹង​មិន​ទទួល​បាន​ប្រយោជន៍​អ្វី​ពី​ការ​អត់​ទោស​របស់​សម្ដេច ប៉ាប ផង​ដែរ។ ប៉ុន្តែ គាត់​នឹង​គ្រាន់​តែ​ទទួល​បាន​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​តែ​ប៉ុណ្ណោះ។

៤៦. គ្រីស្ទ​បរិស័ទ​គួរ​តែ​ទទួល​ការ​បង្រៀន​ថា លុះត្រា​តែ​ពួក​គាត់​មាន​លើស​ជាង​អ្វី​ដែល​ខ្លួន​ត្រូវ​ការ នោះ​ពួក​គាត់​ជាប់​ចំណង​ក្នុង​ការ​ឲ្យ​ទុក​តែ​នូវ​អ្វី​ដែល​ខ្លួន​ត្រូវ​ការ​សម្រាប់​ថែរក្សា​ផ្ទះ​របស់​ខ្លួន ហើយ​មិន​គួរ​ចំណាយ​ដោយ​ខ្ជះខ្ជាយ​លើ​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​នោះ​ទេ។

៤៧. គ្រីស្ទ​បរិស័ទ​គួរ​តែ​ទទួល​ការ​បង្រៀន​ថា ពួក​គាត់​ទិញ​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​មិន​ស្ថិត​ក្រោម​ការ​បង្ខំ​នៃ​ការ​ឲ្យ​ទិញ​នោះ​ទេ។

៤៨. គ្រីស្ទ​បរិស័ទ​គួរ​តែ​ទទួល​ការ​បង្រៀន​ថា ក្នុង​ការ​ឲ្យ​លិខិត​នៃ​ការ​បង់លុយ ដើម្បី​លោះ​បាប​កម្ម នោះ​សម្ដេច ប៉ាប កាន់​តែ​មាន​តម្រូវ​ការ និង​កាន់​តែ​មាន​សេចក្ដី​ប្រាថ្នា​ថែម​ទៀត​សម្រាប់​ភក្ដីភាព​នៃ​កា​អធិស្ឋាន​ជំនួស​គាត់​ជា​ជាង​មាន​លុយ​ជា​ស្រេច។

៤៩. គ្រីស្ទ​បរិស័ទ​គួរ​តែ​ទទួល​ការ​បង្រៀន​ថា លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​របស់​សម្ដេច ប៉ាប នៅ​មាន​ប្រយោជន៍​ក្នុង​ករណី​ដែល​ថា​គាត់​មិន​រំពឹង​លើ​វា ប៉ុន្តែ​នឹង​កាន់​តែ​មាន​គ្រោះ​ថ្នាក់​ប្រសិន​បើ​គាត់​បាត់​បង់​ការ​កោត​ខ្លាច​ព្រះ​ជាម្ចាស់​តាម​រយៈ​វា។

៥០. គ្រីស្ទ​បរិស័ទ​គួរ​តែ​ទទួល​ការ​បង្រៀន​ថា ប្រសិន​បើ​សម្ដេច ប៉ាប ដឹង​អំពី​ការ​ពិត​របស់​អស់​អ្នក​ដែល​លក់​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​ទទួល​បាន​ការ​លោះ​បាប​កម្ម នោះ​គាត់​នឹង​ជ្រើស​រើស​ដុត​ព្រះ​វិហារ St. Peter ឲ្យ​ក្លាយ​ជា​ផេះ​ជា​ជាង​សង់​វា​ជា​មួយ​នឹង​ស្បែក សាច់​ឈាម និង​ឆ្អឹង​របស់​ពួក​កូន​ចៀម​ជា​មិន​ខាន។

៥១. គ្រីស្ទ​បរិស័ទ​គួរ​តែ​ទទួល​ការ​បង្រៀន​ថា សម្ដេច ប៉ាប មាន​ការ​ស្ម័គ្រ​ចិត្ត តាម​ដែល​គាត់​ត្រូវ​ធ្វើ​ប្រសិន​បើ​មាន​តម្រូវ​ការ ក្នុង​ការ​លក់​ព្រះ​វិហារ St. Peter ហើយ​ក៏​គួរឲ្យ​លុយ​របស់​គាត់​ផ្ទាល់​ទៅ​កាន់​មនុស្ស​ជា​ច្រើន​ដែល​អ្នក​លក់​លិខិត​បាន​យក​លុយ​របស់​ពួក​គាត់។

៥២. វា​ជា​រឿង​អាសា​ឥត​ការ​ក្នុង​ការ​ពឹង​លើ​សេចក្ដី​សង្គ្រោះ​តាម​រយៈ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម ទោះ​បើ​អ្នក​លក់ ឬ​ក៏​សម្ដេច ប៉ាប ផ្ទាល់ មក​ធានា​ដោយ​យក​ព្រលឹង​របស់​គាត់​ផ្ទាល់​ធ្វើ​ជា​អំណះអំណាង​សម្រាប់​ពួក​គាត់​ក៏​ដោយ។

៥៣. ខ្មាំង​សត្រូវ​របស់​ព្រះ​គ្រីស្ទ៖ សម្ដេច ប៉ាប ដែល​ហាម​មិន​ឲ្យ​មាន​ការ​អធិប្បាយ​ចេញ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ក្រុម​ជំនុំ​មួយ​ចំនួន ដើម្បី​ឲ្យ​មាន​ការ​ប្រកាស​លក់​លិខិត​នៃ​ការ​បង់លុយ ដើម្បី​លោះ​បាប​កម្ម​នៅ​កន្លែង​ផ្សេង​ទៀត។

៥៤. ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​នឹង​រងទុក្ខ​ការ​ឈឺ​ចាប់ ប្រសិន​បើ​នៅ​ក្នុង​សេចក្ដី​អធិប្បាយ​តែ​មួយ​មាន​ការ​ចំណាយ​ស្មើ​គ្នា ឬ​ក៏​លើស​ពេល ដើម្បី​ផ្ដោត​ទៅ​លើ​ការ​លក់​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​ជា​ជាង​លើ​ព្រះ​បន្ទូល។

៥៥. សម្ដេច ប៉ាប មិន​អាច​ទទួល​យក​ទស្សនៈ​ដែល​ថា ការ​លក់​លិខិត (ជា​ចំណុច​ដ៏​តូច) នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​ទទួល​ការ​អប​អរសាទរ​តាម​រយៈ​ការ​គោះ​កណ្ដឹង​មួយ ពិធី​សម្ដែង​ដ៏​អធឹក​អធម ឬ​ក៏​កម្មវិធី​ណា​មួយ ដំណឹង​ល្អ (ជា​ចំណុច​ដ៏​ធំ) គួរ​មាន​ការ​អធិប្បាយ​អម​ជា​មួយ​នឹង​កណ្ដឹង​រាប់​រយ​ជួរ​មនុស្ស​បន្ត​គ្នា​រាប់​រយ​នាក់ និង​កម្ម​វិធី​រាប់​រយ​ដង។

៥៦. ទ្រព្យ​សម្បត្តិ​នៃ​ក្រុម​ជំនុំ ដែល​ចេញ​ពី​នោះ​សម្ដេច ប៉ាប បាន​ចែក​ជា​លិខិត​នៃ​ការ​លក់ ដើម្បី​លោះ​បាប​កម្ម មិន​មាន​ការ​លើក​ឡើង​គ្រប់​គ្រាន់​ទេ ឬ​ក៏​ថា​រាស្ត្រ​របស់​ព្រះ​គ្រីស្ទ​ក៏​មិន​សូវ​ជា​ស្គាល់​ប៉ុន្មាន​ដែរ។

៥៧. ត្រង់​ចំណុច​ថា ទ្រព្យ​សម្បត្តិ​នេះ​មិន​នៅ​ជា​បណ្ដោះអាសន្ន​គឺ​ច្បាស់​ណាស់​ពី​ចំណុច​ដែល​ថា អ្នក​លក់​ជា​ច្រើន​នាក់​ក៏​មិន​បាន​ឲ្យ​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ប៉ុន្តែ​គ្រាន់​តែ​ប្រមូល​យក​ពី​ពួក​គាត់​តែ​ប៉ុណ្ណោះ។

៥៨. ហើយ​វា​ក៏​មិន​មែន​ជា​គុណ​សម្បត្តិ​របស់​ព្រះ​គ្រីស្ទ និង​ពួក​បរិសុទ្ធ​ផង​ដែរ ពីព្រោះ​សូម្បី​តែ​ក្រៅ​ពី​សម្ដេច ប៉ាប ក៏​គុណ​សម្បត្តិ​ទាំង​នេះ​តែង​តែ​ជា​ព័ន្ធកិច្ច​នៃ​ព្រះ​គុណ​ក្នុង​មនុស្ស​ដែរ និង​ជា​ព័ន្ធកិច្ច​នៃ​ឈើ​ឆ្កាង សេចក្ដី​ស្លាប់ និង​ស្ថាន​នរក​ក្នុង​មនុស្ស​ខាង​ក្រៅ។

៥៩. លោក​គ្រូ ឡូរិនស៍ (Laurence) បាន​មាន​ប្រសាសន៍​ថា អ្នក​ក្រី​ក្រ​គឺ​ជា​ទ្រព្យ​សម្បត្តិ​នៃ​ក្រុម​ជំនុំ ប៉ុន្តែ​គាត់​បាន​ប្រើ​ប្រាក់​ពាក្យ​នោះ​ក្នុង​អត្ថន័យ​នៃ​បរិបទ​នៃ​ប្រពៃណី​នៅ​ក្នុង​សម័យ​របស់​គាត់។

៦០. យើង​មិន​ប្រញាប់​និយាយ​លឿន​ពេក​ថា ទ្រព្យ​សម្បត្តិ​នៃ​ក្រុម​ជំនុំ​គឺ​ជា​កូន​សោ​នៃ​ក្រុម​ជំនុំ ដែល​ត្រូវ​បាន​ប្រទាន​មក​តាម​រយៈ​ទង្វើ​នៃ​ព្រះ​គ្រីស្ទ​នោះ​ទេ។

៦១. ដ្បិត​ក្នុង​ករណី​មួយ​ចំនួន វា​ច្បាស់​លាស់​ហើយ​ថា​អំណាច​របស់​សម្ដេច ប៉ាប គ្រប់​គ្រាន់ ដោយ​ខ្លួន​ឯង សម្រាប់​ការ​ដក​ទារុណ​កម្ម។

៦២. ដំណឹងល្អ​ដ៏​បរិសុទ្ធ​នៃ​សិរីល្អ និង​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​គឺ​ជា​ទ្រព្យ​សម្បត្តិ​ពិត​របស់​ក្រុម​ជំនុំ។

៦៣. វា​ជា​ការ​ត្រឹមត្រូវ​ហើយ​ក្នុង​ការ​រាប់​ទ្រព្យ​សម្បត្តិ​នេះ​ថា​គួរ​ឲ្យ​ស្អប់​ខ្ពើម ដ្បិត​វា​ធ្វើ​ឲ្យ​អ្នក​ដំបូង​ក្លាយ​ជា​អ្នក​ចុង​ក្រោយ​បង្អស់។

៦៤. មួយ​វិញ​សោត ទ្រព្យ​សម្បត្តិ​នៃ​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​មាន​ការ​ទទួល​ស្គាល់​ខ្លាំង​ជាង ដ្បិត​វា​ធ្វើ​ឲ្យ​អ្នក​ចុង​ក្រោយ​បង្អស់​ក្លាយ​ជា​អ្នក​ដំបូង​វិញ។

៦៥. ដូច្នេះ ទ្រព្យ​សម្បត្តិ​នៃ​ដំណឹង​ល្អ​គឺ​ជា​សំណាញ់​ដែល​គេ​ប្រើ​ប្រាស់​នៅ​សម័យ​មុនៗ ដើម្បី​ចាប់​មនុស្ស​មាន​បាន។

៦៦. ទ្រព្យ​សម្បត្តិ​នៃ​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​គឺ​ជា​សំណាញ់​សព្វ​ថ្ងៃ​នេះ​ដែល​គេ​ប្រើ​ប្រាស់ ដើម្បី​ចាប់​មនុស្ស​មាន​បាន។

៦៧. លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម (ដែល​អ្នក​លក់​កោត​សរសើរ​ថា​ជា​ការ​អនុគ្រោះ​យ៉ាង​ខ្លាំង) គឺ​តាម​ពិត​ទៅ​យើង​ឃើញ​ថា​ជា​របៀប​ដែល​ពួក​គេ​ពេញ​ចិត្ត​ក្នុង​ការ​យក​លុយ​ទេ​តើ។

៦៨. ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​មិន​គួរ​ប្រៀប​ធៀប​វា​ជា​មួយ​នឹង​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់ និង​ការ​អាណិតអាសូរ​ដែល​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ឯ​ឈើ​ឆ្កាង​ដែរ។

៦៩. ក្នុង​ចំណង​នៃ​តួនាទី៖ ព្រឹទ្ធ​បូជាចារ្យ និង​អាចារ្យ​ត្រូវតែ​ទទួល​ការ​លក់​នៃ​លិខិត​នៃ​ការ​បង​លុយ ដើម្បី​លោះ​បាប​កម្ម​របស់​សម្ដេច ប៉ាប ដោយ​មាន​ការ​កោត​ខ្លាច។

៧០. ប៉ុន្តែ ពួក​គេ​ស្ថិត​ក្រោម​កាតព្វកិច្ច​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​នោះ ក្នុង​ការ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ចូល​រួម​ដោយ​យក​ចិត្ត​ទុក​ដាក់​ក្រែង​លោ​ពួក​ទាំង​នោះ​អធិប្បាយ​អំពី​គំនិត​របស់​ខ្លួន​ជា​ជាង​អំពី​អ្វី​ដែល​សម្ដេច ប៉ាប លក់។

៧១. សូម​ឲ្យ​អស់​អ្នក​ណា​ដែល​បដិសេធ​លក្ខណ​សម្បត្តិ​របស់​ពួក​សាវ័ក​ទាក់​ទង​ទៅ​នឹង​ការ​លក់​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​ក្លាយ​ជា​បណ្ដាសា។

៧២. មួយ​វិញ​សោត សូម​ឲ្យ​បុគ្គល​ដែល​ការ​ពារ​ដោយ​ទាស់​ប្រឆាំង​នឹង​ការ​ចង់​បាន ឬ​ក៏​ទទួល​សិទ្ធិ​ពី​ពាក្យ​ពេចន៍​របស់​អ្នក​លក់​ការ​អត់​ទោស​ទទួល​ព្រះ​ពរ​ចុះ។

៧៣. ក្នុង​របៀប​ដូច​គ្នា សម្ដេច ប៉ាប ក៏​បាន​បណ្ដេញ​ចេញ​យ៉ាង​ត្រឹម​ត្រូវ​នូវ​អស់​អ្នក​ដែល​មាន​ផែន​ការ​ក្នុង​ការ​បំភ្លេច​បំផ្លាញ​ការ​លក់ដូរ​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​ដែរ។

៧៤. តាម​ពិត​ទៅ វា​គួរ​តែ​លើស​ពី​នោះ​ក្នុង​ការ​ដែល​គាត់​ព្យាយាម​រក្សាទុក​នូវ​ទស្សនៈ​នៃ​ការ​បណ្ដេញ​ចេញ​នៅ​អស់​អ្នក​ដែល​ប្រើ​ប្រាស់​ហេតុ​ផល​បាន​ត្រឹម​ត្រូវ​នៃ​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​ក្នុង​ការ​រៀប​ផែន​ការ​ដើម្បី​បំផ្លាញ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ពិត​ដ៏​បរិសុទ្ធ​ចោល។

៧៥. វា​ជា​ភាព​ភ្លីភ្លើ​ហើយ​ក្នុង​ការ​គិត​ថា លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​របស់​សម្ដេច ប៉ាប មាន​អំណាច​ដល់​ថ្នាក់​ថា​វា​ក៏​អាច​រំដោះ​បុគ្គល​ណា​ម្នាក់​បាន ទោះ​បើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ដែល​មិន​អាច​ធ្វើ​បាន ហើយ​ប្រព្រឹត្ត​ល្មើស​ចំពោះ​ព្រះ​មាតា​របស់​ព្រះ​ជាម្ចាស់។

៧៦. យើង​សូម​លើក​ឡើង​នូវ​ចំណុច​ផ្ទុយ​គ្នា​ថា ការ​អត់​ទោស​របស់​សម្ដេច ប៉ាប មិន​មាន​សមត្ថភាព​ក្នុង​ការ​ដក​ចេញ សូម្បី​តែ​អំពើ​បាប​ដ៏​តូច​បំផុត​ទាក់​ទង​ទៅ​នឹង​ពិរុទ្ធ​ភាព​របស់​ពួក​គាត់។

៧៧. នៅ​ពេល​ដែល​មាន​គេ​លើក​ឡើង​ថា​សូម្បី​តែ​សាវ័ក ពេត្រុស ប្រសិន​បើ​គាត់​ជា​សម្ដេច ប៉ាប ឥឡូវ​នេះ នោះ​គាត់​ក៏​មិន​អាច​ប្រទាន​ព្រះ​គុណ​ដ៏​ធំ​ជាង​នោះ​បាន​ដែរ វា​គឺ​ជា​ការ​ប្រមាថ​ទាស់​ប្រឆាំង​នឹង​សាវ័ក ពេត្រុស និង​សម្ដេច ប៉ាប ហើយ។

៧៨. យើង​សូម​លើក​ឡើង​នូវ​ចំណុច​ផ្ទុយ​គ្នា​ដោយ​លើក​ឡើង​ថា មិន​ថា​សម្ដេច ប៉ាប ណា​ក៏​ដោយ​ដែល​មាន​ព្រះ​គុណ​ធំ​ជាង ឧ. ដំណឹង​ល្អ អំណាច​ព្រលឹង​វិញ្ញាណ អំណោយ​ទាន​នៃ​ការ​ប្រោស​ឲ្យ​ជា។ល។ ដូច​ដែល​មាន​ប្រកាស​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១២ ទេ។

៧៩. វា​គឺ​ជា​ការ​ជេរ​ប្រមាថ​ហើយ​ក្នុង​ការ​លើក​ឡើង​ថា គ្រឿង​សម្គាល់​នៃ​ឈើ​ឆ្កាង​ជា​មួយ​នឹង​ដៃ​របស់​សម្ដេច ប៉ាប មាន​តម្លៃ​ស្មើ​គ្នា​ជា​មួយ​នឹង​ឈើ​ឆ្កាង​ដែល​ព្រះ​គ្រីស្ទ​បាន​សុគត​លើ។

៨០. ព្រឹទ្ធ​បូជាចារ្យ អាចារ្យ និង​ទេវវិទូ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ការ​ពារ​ប្រភេទ​នេះ​ចំពោះ​អស់​អ្នក​ដែល​មិន​អនុញ្ញាត ឬ​ក៏​ហាម​ប្រាម​នឹង​ត្រូវ​តែ​ឆ្លើយ​សម្រាប់​វា​ជា​មិន​ខាន។

៨១. ការ​អធិប្បាយ​អំពី​ការ​លក់​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​សម្រាប់​អ្នក​រៀន​សូត្រ​ក្នុង​ការ​ការពារ​ការ​គោរព​ដែល​សម្ដេច ប៉ាប ស័ក្ដិសម​នឹង​ទទួល​ទោស​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ ឬ​ក៏​យ៉ាង​ហោច​ណាស់​ពី​អ្នក​រិះគន់​ចេះ​ដឹង​នៃ​ការ​គ្រប់​គ្រង។

៨២. ឧទាហរណ៍៖ ពួក​គេ​សួរ​ថា «ហេតុ​អ្វី​បាន​ជា​សម្ដេច ប៉ាប មិន​រំដោះ​មនុស្ស​គ្រប់​គ្នា​ចេញ​ពី​ស្ថាន​ជម្រះ​ព្រលឹង ដោយ​សារ​សេចក្ដី​ស្រឡាញ់ (ជា​អ្វី​ដែល​បរិសុទ្ធ​ជាង​គេ​បំផុត) ហើយ​ដោយ​សារ​ជា​តម្រូវ​ការ​ដ៏​ខ្ពង់​ខ្ពស់​នៃ​ព្រលឹង​របស់​ពួក​គេ​អញ្ចឹង?» នេះ​គឺ​ជា​មូល​ហេតុ​សីលធម៌​ខ្ពស់​បំផុត​ទាក់​ទង​នឹង​មូល​ហេតុ​ទាំង​អស់។ នៅ​គ្រា​ដដែល​នោះ គាត់​រំដោះ​ព្រលឹង​ដែល​រាប់​មិន​អស់​សម្រាប់​លុយ​កាក់ (ជា​អ្វី​ដែល​អាច​ខូច​ខាត​ជាង​គេ​បំផុត) ដើម្បី​សាង​សង់​ក្រុម​ជំនុំ St. Peter ដែល​ជា​គោល​បំណង​ដ៏​តូច​តាច​បំផុត។

៨៣. ជា​ថ្មី​ម្ដង​ទៀត៖ ហេតុ​អ្វី​គួរ​បន្ត​មាន​ពិធី​បុណ្យ និង​ការ​រម្លឹក​ខួប​អភិបូជា​សម្រាប់​អស់​អ្នក​ដែល​បាន​ស្លាប់​ហើយ? ហើយ​ហេតុ​អ្វី​បាន​ជា​សម្ដេច ប៉ាប មិន​បង់​ថ្លៃ ឬ​ក៏​អនុញ្ញាត​ឲ្យ​មាន​ការ​បង់​ថ្លៃ​បច្ច័យ​រៀប​ឡើង​សម្រាប់​គោល​បំណង​ទាំង​នេះ ដោយ​សារ​វា​ជា​រឿង​ខុស​ឆ្គង​ក្នុង​ការ​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​ឥឡូវ​នេះ​បាន​ទទួល​ការ​រំដោះ​ហើយ​មែន​ឬ?

៨៤. ជា​ថ្មី​ម្ដង​ទៀត៖ ប្រាកដ​ណាស់ នេះ​គឺ​ជា​ប្រភេទ​ថ្មី​នៃ​ការ​អាណិត​អាសូរ ទាក់​ទង​នឹង​ព្រះ​ជាម្ចាស់ និង​សម្ដេច ប៉ាប នៅ​ពេល​ដែល​មនុស្ស​មិន​បរិសុទ្ធ (ជា​ខ្មាំង​សត្រូវ​របស់​ព្រះ​ជាម្ចាស់) ទទួល​ការ​អនុញ្ញាត​ឲ្យ​បង់​លុយ ដើម្បី​រំដោះ​ព្រលឹង​ដ៏​រឹង​មាំ (ជា​មិត្ត​របស់​ព្រះ​ជាម្ចាស់) ខណៈ​ពេល​ដែល​ព្រលឹង​ដ៏​រឹង​មាំ និង​ពេញ​ទៅ​ដោយ​ការ​ស្រឡាញ់​នោះ​មិន​មាន​ការ​អនុញ្ញាត​ឲ្យ​ទទួល​បាន​ការ​រំដោះ​ដោយ​គ្មាន​ការ​បង់​ថ្លៃ ដោយ​សារ​សេចក្ដី​ស្រឡាញ់ ហើយ​គ្រាន់​តែ​ដោយ​សារ​តម្រូវ​ការ​របស់​វា​នៃ​ការ​ប្រោស​លោះ។

៨៥. ជា​ថ្មី​ម្ដង​ទៀត៖ ហេតុ​អ្វី​បាន​ជា​ច្បាប់​គម្ពីរ​នៃ​ការ​បង្ហាញ​ការ​សូម​អភ័យ​ទោស ដែល​តាម​ពិត​ទៅ ប្រសិន​បើ​នៅ​មាន​ការ​អនុវត្ត ទោះ​បើ​ជា​ឥឡូវ​ហួស​សម័យ ហើយ​ក៏​ស្លាប់​ក្នុង​ខ្លួន​ឯង​ដែរ? ហេតុ​អ្វី​បាន​ជា​សព្វ​ថ្ងៃ​នេះ​ច្បាប់​ទាំង​នោះ​នៅ​មាន​ការ​ប្រើ​ប្រាស់​ក្នុង​ការ​ផាក​ពិន័យ​ជា​លុយ តាម​រយៈ​ការ​លក់​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម ដែល​នោះ​ហាក់​បី​ដូច​ជា​ថា​ច្បាប់​នៃ​ការ​សូម​អភ័យ​ទោស​ទាំង​អស់​នៅ​មាន​ការ​អនុវត្ត​យ៉ាង​ពេញ​ទី​អញ្ចឹង?

៨៦. ជា​ថ្មី​ម្ដង​ទៀត៖ សព្វ​ថ្ងៃ​នេះ ដោយ​សារ​ប្រាក់​ចំណូល​របស់​សម្ដេច ប៉ាប មាន​ច្រើន​ជាង​មហាសេដ្ឋី​ដ៏​មាន​ជាង​គេ​បំផុត ហេតុ​អ្វី​បាន​ជា​គាត់​មិន​សាង​សង់​ព្រះ​វិហារ St. Peter ដោយ​ប្រើ​ប្រាស់​លុយ​កាក់​របស់​ខ្លួន ជា​ជាង​ជា​មួយ​នឹង​លុយ​កាក់​របស់​អ្នក​ជឿ​ក្រ​រហាម​អញ្ចឹង?

៨៧. ជា​ថ្មី​ម្ដង​ទៀត៖ ហេតុ​អ្វី​បាន​ជា​សម្ដេច ប៉ាប លើក​ទោស ឬ​ក៏​ចែក​ទៅ​កាន់​អស់​នាក់ តាម​រយៈ​ការ​ទទួល​កំហុស​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ មាន​សិទ្ធិ​ក្នុង​ការ​ដក​ចេញ ឬ​ក៏​ចែក​ដោយ​គ្មាន​កំណត់​នូវ​ការ​សូម​អភ័យ​ទោស​អញ្ចឹង?

៨៨. ជា​ថ្មី​ម្ដង​ទៀត៖ ប្រាកដ​ណាស់ មិន​អាច​មាន​ប្រយោជន៍​ដ៏​ល្អ​ជាង​នោះ​ដែល​អាច​ធ្វើ​បាន​ចំពោះ​ក្រុម​ជំនុំ​នោះ​ទេ ប្រសិន​បើ​សម្ដេច ប៉ាប ប្រទាន​ការ​អត់​ទោស ឬ​ក៏​ការ​ចែក មិន​មែន​តែ​ម្ដង ដូច​ឥឡូវ​នេះ ប៉ុន្តែ​រាប់​រយ​ដង​ក្នុង​មួយថ្ងៃ​សម្រាប់​ជា​ប្រយោជន៍​ចំពោះ​អ្នក​ជឿ​ណា​ម្នាក់​ក៏​ដោយ។

៨៩. លុយ​កាក់​មិន​មែន​ជា​អ្វី​ដែល​សម្ដេច ប៉ាប ស្វែង​រក​តាម​រយៈ​ការ​លក់​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​នោះ​ទេ ប៉ុន្តែ​គឺ​ជា​សេចក្ដី​សង្គ្រោះ​នៃ​ព្រលឹង​វិញ្ញាណ​វិញ។ ចុះ​ហេតុ​អ្វី​បាន​ជា​គាត់​មិន​ចេញ​សំបុត្រ និង​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​ដូច​ធ្លាប់​ធ្វើ​ពី​មុន ហើយ​នៅ​មាន​ប្រសិទ្ធ​ភាព​យ៉ាង​យូរ​អញ្ចឹង?

៩០. សំណួរ​ទាំង​នេះ​គឺ​ជា​ចំណុច​ដ៏​ម៉ឹង​ម៉ាត់​សម្រាប់​សតិសម្បជញ្ញៈ​របស់​អ្នក​ជឿ​ធម្មតា។ តាម​រយៈ​ការ​លុប​បំបាត់​ពួក​វា​តាម​រយៈ​ការ​បង្ខំ​តែ​មួយ​គត់ ហើយ​ការ​មិន​បដិសេធ​ពួក​វា​តាម​រយៈ​ការ​ផ្ដល់​ហេតុ​ផល នោះ​គឺ​ជា​ការ​បើក​បង្ហាញ​អំពី​ក្រុម​ជំនុំ និង​សម្ដេច ប៉ាប ចំពោះ​ការ​និយាយ​ចំអក​អំពី​ខ្មាំង​សត្រូវ​របស់​ខ្លួន ហើយ​មិន​ធ្វើ​ឲ្យ​គ្រីស្ទ​បរិស័ទ​អរ​សប្បាយ។

៩១. ប្រសិន​បើ​ដូច្នេះ​មែន នោះ​មាន​ន័យ​ថា ការ​បង្រៀន​នៃ​ការ​លក់​លិខិត​នៃ​ការ​បង់​លុយ ដើម្បី​លោះ​បាប​កម្ម​ក៏​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​ចិត្ត​គំនិត​របស់​សម្ដេច ប៉ាប ដែរ។ ដូច្នេះ បញ្ហា​ដ៏​ពិបាកៗ​ទាំង​អស់​នេះ​អាច​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​យក​ឈ្នះ ប្រាកដ​ណាស់​សូម្បី​តែ​អាច​ឈាន​ដល់​ការ​លែង​មាន​ទៀត​ផង។

៩២. ហេតុ​ដូច្នេះ សូម​ឲ្យ​ពួក​ហោរា​ដែល​និយាយទៅ​កាន់​រាស្ត្រ​របស់​ព្រះ​គ្រីស្ទ​ថា «សន្តិភាព សន្តិភាព» ខណៈ​ពេល​ដែល​នៅ​ទី​នោះ​មិន​មាន​សន្តិភាព​ចេញ​ចុះ។

៩៣. ជ័យ​យោ! ជ័យ​យោ! ចំពោះ​ពួក​ហោរា​ទាំង​អស់​ដែល​និយាយ​ទៅ​កាន់​រាស្ត្រ​ព្រះ​គ្រីស្ទ​ថា «ឈើ​ឆ្កាង ឈើ​ឆ្កាង» ខណៈ​ពេល​ដែល​មិន​មាន​ឈើ​ឆ្កាង​ផង។

៩៤. គ្រីស្ទ​បរិស័ទ​គួរ​ទទួល​ការ​ដាស់​តឿន​ឲ្យ​មាន​ភាព​ឆេះ​ឆួល​ក្នុង​ការ​ដើរ​តាម​ព្រះ​គ្រីស្ទ ដែល​ជា​ព្រះ​សិរ​សារ​របស់​ពួក​គាត់ តាម​រយៈ​ការ​ទទួល​ទារុណកម្ម សេចក្ដី​ស្លាប់ និង​ស្ថាន​នរក។

៩៥. ការ​អនុញ្ញាត​ឲ្យ​ពួក​គាត់​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ចូល​ទៅ​កាន់​ស្ថានសួគ៌ តាម​រយៈ​ការ​ឆ្លង​កាត់​ការ​រង​ទុក្ខ​ជា​ច្រើន​ប្រភេទ​ជា​ជាង​តាម​រយៈ​ការ​ធានា​នៃ​សន្តិភាព​ក្លែង​ក្លាយ​វិញ។

និពន្ធដោយ៖ លោកគ្រូ Martin Luther​(ម៉ធិន លូសើរ )
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យានិង លោក ឯក​ ធីម៉ូថេ
ដកស្រង់ និងកែសម្រួលចេញពី carm.org​ ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការអធិស្ឋានរបស់យើងមានប្រសិទ្ធភាព

ក្រុមខុសឆ្គង៖ ក្រុមជំនុំសាវ័កថ្មី