ខ្ញុំមិនបានគិតថាកាលខ្ញុំកំពុងធ្វើឲ្យខ្លួនឯងត្រូវរបួសដោយអារសាច់ខ្លួនឯងជាបញ្ហានោះទេ ប៉ុន្តែបានគិតថាគ្រាន់តែវាជាឈើច្រត់ប៉ុណ្ណោះ។ បើគ្មានវា នោះខ្ញុំមិនអាចដើរបានទេ។ បើដកវាចេញ នោះខ្ញុំនឹងដួលជាមិនខាន។
ខ្ញុំមិនបានជ្រើសរើសអារសាច់ខ្លួនឯងដូចដែលខ្ញុំជ្រើសរើសក្រមា ឬក៏សៀវភៅមួយនោះទេ តាមពិតទៅ ខ្ញុំមានអារម្មណ៍អាម៉ាស់ណាស់អំពីវា។ ប៉ុន្តែ មានតែវាមួយទេដែលខ្ញុំឃើញថា បានជួយខ្ញុំក្នុងការគ្រប់គ្រងការឈឺចាប់របស់ខ្ញុំបាន។ នៅពេលដែលខ្ញុំមានអារម្មណ៍ស្មុគស្មាញពេក វាធ្វើឲ្យខ្ញុំស៊ាំស្ពឹក។ នៅពេលដែលខ្ញុំស៊ាំស្ពឹក វាជួយឲ្យខ្ញុំមានអារម្មណ៍វិញ។ វាជួយការពារខ្ញុំពីការធ្វើឲ្យខ្លួនឯងកាន់តែអារសាច់ខ្លួនថែមទៀត។ វាធ្វើឲ្យខ្ញុំវង្វេងស្មារតី វាកម្សាន្តចិត្តខ្ញុំ ហើយវាក៏ផ្ដល់នូវការធូរស្បើយផងដែរ។ ក្នុងលោកីយ៍ដ៏គួរភ័យខ្លាច វាជារឿងមួយដែលខ្ញុំមានការគ្រប់គ្រងលើបាន។ ខ្ញុំមិនបានឃើញថា វាជាបញ្ហានោះទេ ប៉ុន្តែឃើញថា ជាដំណោះស្រាយសម្រាប់បញ្ហាជាច្រើនទៀត ដែលងងឹត ហើយធំជាងដែលខ្ញុំអាចនឹងប្រឈមមុខជាមួយបានទៅទៀត។
ទោះបើថាស្ដាប់ទៅវាប្រឆាំងគ្នាខ្លាំងប៉ុណ្ណាក៏ដោយ ចំពោះអ្នកដែលអារសាច់ខ្លួនឯង ក៏ការធ្វើឲ្យខ្លួនឯងត្រូវរបួសគឺជាការជួយខ្លួនឯងខ្លះៗ។ ដូច្នេះ ប្រសិនបើយើងចង់យកឈ្នះលើការអារសាច់ខ្លួនឯង ដាច់ខាតយើងត្រូវតែឱបក្រសោបនូវជំនួយដែលព្រះជាម្ចាស់បានប្រទានឲ្យយើងនៅកន្លែងផ្សេងមួយទៀត—ជាជំនួយដែលនឹងមិនដេញយើងឲ្យកាន់តែរត់ឆ្ងាយជាងមុន ប៉ុន្តែនឹងចាប់ផ្ដើមព្យាបាលយើងបន្តិចម្ដងៗ។ ដើម្បីឲ្យឈានដល់ចំណុចនោះ ជាដំបូងយើងត្រូវតែប្រឈមមុខនឹងការសន្យាក្លែងក្លាយដែលអារសាច់ខ្លួនឯងមានសម្រាប់យើង។
ការសន្យាក្លែងក្លាយ
ការអារសាច់ខ្លួនឯងធ្វើការសន្យា ដែលវាមិនអាចបំពេញបាន ដោយវាសន្យាថា នឹងមានសេរីភាព ប៉ុន្តែផ្ទុយទៅវិញ មានតែនាំយើងឲ្យក្លាយជាទាសករប៉ុណ្ណោះ។ ការអារសាច់ខ្លួនឯង គ្រាន់តែជាឈើច្រត់ជួយឲ្យឈរបានតែមួយគ្រាប៉ុណ្ណោះ ក្រោយមកវានឹងបាក់ដួលមិនខាន ព្រោះវាបាក់ក្រោមទម្ងន់របស់យើង (អេសាយ ៣៦:៦)។
ការអារសាច់ខ្លួនឯងបង្ហាញនូវក្ដីសន្យាក្លែងក្លាយជាច្រើនមកកាន់យើង។ នៅពេលដែលខ្ញុំធ្វើឲ្យខ្លួនឯងត្រូវរបួស ខ្ញុំកំពុងតែត្រួតត្រាលើអារម្មណ៍ខ្លួនឯង។ ម្យ៉ាងទៀតខ្ញុំកំពុងតែដាក់ទារុណកម្មលើខ្លួនឯង ហើយខ្ញុំក៏កំពុងតែធ្វើឲ្យខ្លួនឯងវង្វេងស្មារតីផងដែរ។ ខ្ញុំកំពុងតែបង្ហាញអារម្មណ៍នៃការឈឺចាប់របស់ខ្ញុំចេញជារូបរាង ដើម្បីឲ្យអាចមើលឃើញបាន ដែលនោះធ្វើឲ្យវាពិត។ ខណៈពេលដែលខ្ញុំបិទរបួសខាងក្រៅរបស់ខ្ញុំ នោះខ្ញុំក៏ដូចជាកំពុងបិទរបួសខាងក្នុងដែរ។ ខណៈពេលដែលខ្ញុំទទួលយក និងដាក់ទារុណកម្មលើរូបកាយខាងក្រៅរបស់ខ្ញុំ នោះខ្ញុំកំពុងតែលាក់អារម្មណ៍ទុក្ខព្រួយខាងក្នុងខ្លួន។ ដូចជាមាននរណាម្នាក់ដែលខ្ញុំស្រឡាញ់បានធ្វើឲ្យខ្ញុំឈឺចាប់ ដូច្នេះបានជាខ្ញុំធ្វើឲ្យខ្លួនឯងឈឺចាប់ ដើម្បីជួយខ្លួនឯង។ ស្នាមរបួសរបស់ខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងពិត—ហាក់បីដូចជាថាខ្ញុំមានជីវិត ហើយខ្ញុំក៏សំខាន់ដែរ។ វាជាពាក្យពេចន៍ដែលខ្ញុំសរសេរលើរូបកាយខ្លួនឯងដែលខ្ញុំមិនអាចនិយាយចេញបាន។
ប៉ុន្តែ ក្ដីសន្យាទាំងអស់នោះមិនពិតទេ។ ទោះបើថាតាមពិតទៅការអារសាច់ខ្លួនឯងទំនងជានាំឲ្យមានការធូរស្បើយ ឬក៏ការទទួលបានសេរីភាពក៏ដោយ ក៏ប៉ុន្តែភ្លាមៗនោះវាក៏កាន់តែនាំឲ្យមានការអាម៉ាស់លើខ្លួនឯងទៀត។ ខ្ញុំនឹងធ្លាក់ក្នុងអន្លង់នៃលំនាំនៃអំពើបាបចាស់ និងការថ្កោលទោស។ ខ្ញុំត្រូវតែបន្តអារសាច់ខ្លួនឯងថែមទៀត ដើម្បីឲ្យទទួលបានលទ្ធផលដូចគ្នាខាងឯអារម្មណ៍ពីមុន។ «តើអ្នកណានឹងជួយខ្ញុំឲ្យរួចពីរូបកាយដែលតែងតែស្លាប់នេះបាន?» (រ៉ូម ៧:២៤)។
ព្រះអង្គសង្គ្រោះដ៏ពិត
ផ្ទុយពីការសន្យាចេញពីការអារសាច់ខ្លួនឯង ការសន្យារបស់ព្រះជាម្ចាស់ដែលទ្រង់បានធ្វើមកកាន់យើងគឺពិតរហូត ហើយជំនួយដែលទ្រង់ប្រទានមកយើងក៏នាំឲ្យមានការព្យាបាលដ៏ពិតដែរ។ យើងអាចគិតអំពីជំនួយដែលព្រះជាម្ចាស់ប្រទានមកកាន់យើងដោយពិចារណាលើរូបកាយបីយ៉ាង៖ រូបកាយដែលត្រូវបានគេឆ្កាងដែលសង្គ្រោះយើង រូបកាយខាងឯព្រលឹងវិញ្ញាណដែលព្យាបាលយើង និងចុងក្រោយរូបកាយយើងផ្ទាល់ដែលទទួលបានការប្រោសលោះ។
រូបកាយដែលត្រូវបានគេឆ្កាងដែលសង្គ្រោះ
ក្នុងសំបុត្ររបស់គាត់ទៅកាន់ក្រុមជំនុំកូឡូសសាវ័ក ប៉ុល បានលើកឡើងអំពីដំណឹងល្អខុសឆ្គង «ការលត់ដំរូបកាយ» (កូឡូស ២:២៣)។ គាត់បានធ្វើការដូច្នោះដោយដាក់ព្រះគ្រីស្ទថាជាចំណុចស្នូលនៃការគិត និងការថ្វាយបង្គំរបស់យើង។
«នៅក្នុងព្រះអង្គ អ្នករាល់គ្នាបានទទួលកាត់ស្បែក ដែលមិនមែនធ្វើដោយដៃមនុស្សទេ គឺជាការកាត់ស្បែកខាងព្រះគ្រីស្ទ ដោយដោះរូបកាយខាងសាច់ឈាមនេះចេញ។ ពេលអ្នករាល់គ្នាបានកប់ជាមួយព្រះអង្គនៅក្នុងពិធីជ្រមុជ នោះអ្នករាល់គ្នាក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរ ដោយសារជំនឿលើព្រះចេស្ដារបស់ព្រះ ដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងអំពើរំលង និងក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះព្រះបានប្រោសអ្នករាល់គ្នាឲ្យរស់ជាមួយព្រះអង្គ ដោយបានអត់ទោសគ្រប់ទាំងអំពើរំលងរបស់យើង» (កូឡូស ២:១១-១៣ គកស)។
សាវ័ក ប៉ុល រម្លឹកយើងថា ព្រះយេស៊ូវគឺជាយញ្ញបូជា។ យើងមិនសម្លាប់សាច់ឈាមខ្លួនឯងនោះទេ ប៉ុន្តែព្រះអង្គតើ—ដោយដាក់វានៅលើឈើឆ្កាង។
អ្វីដែលសង្គ្រោះយើងគឺមិនមែនតាមរយៈការដែលដៃមនុស្សយើងអារសាច់ខ្លួនទេ ប៉ុន្តែគឺទាក់ទងទៅនឹងកាលៈទេសៈខាងឯព្រលឹងវិញ្ញាណដែលព្រះគ្រីស្ទបានសម្រេច។ ក្នុងទ្រង់ រូបកាយចាស់ត្រូវបានដោះចេញ (កូឡូស ២:១១) ពីព្រោះក្នុងទ្រង់ យើងបានស្លាប់ ហើយក៏ទទួលបានការរស់ឡើងវិញដោយមានជីវិតថ្មីផងដែរ (កូឡូស ២:១២)។ ការអារសាច់ខ្លួនឯងកាត់យើងចេញពីជីវិត និងសង្គម។ ប៉ុន្តែ ដូចដែលព្រះគ្រីស្ទត្រូវបានកាត់ចេញសម្រាប់យើង នោះយើងក៏ត្រូវបាននាំឲ្យមានទំនាក់ទំនងថ្មីជាមួយព្រះជាម្ចាស់ និងអ្នកដទៃផងដែរ។
នៅពេលដែលខ្ញុំអារសាច់ខ្លួនឯង ខ្ញុំសម្លឹងមើលមកឯរូបកាយខ្លួនខ្ញុំ ដើម្បីឲ្យវាព្យាបាលខ្លួនឯង ប៉ុន្តែដំណឹងល្អរម្លឹកយើងថា គឺស្នាមរបួសរបស់ព្រះគ្រីស្ទទេតើដែលសង្គ្រោះ។ ការអារសាច់ខ្លួនឯងយកខ្លួនឯងធ្វើជាចំណុចស្នូល ប៉ុន្តែដំណឹងល្អនាំខ្ញុំឲ្យយកយញ្ញបូជារបស់ព្រះយេស៊ូវជាចំណុចស្នូល។ ការអារសាច់ខ្លួនឯងគឺទាក់ទងទៅនឹងការដែលខ្ញុំព្យាយាមរកដំណោះស្រាយក្នុងភាពអាម៉ាស់ដោយរំពឹងលើរូបកាយខ្លួន ប៉ុន្តែដំណឹងល្អរម្លឹកខ្ញុំថា ព្រះគ្រីស្ទបានយកភាពអាម៉ាស់របស់ខ្ញុំដាក់លើរូបកាយរបស់ព្រះអង្គហើយ។ «ហើយយើងរាល់គ្នាបានប្រោសឲ្យជាដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។
រូបកាយខាងឯព្រលឹងវិញ្ញាណដែលព្យាបាល
ព្រះគ្រីស្ទមានរូបកាយខាងឯសាច់ឈាមផ្ទាល់ ដែលត្រូវបានគេឆ្កាង ហើយក៏បានមានព្រះជន្មរស់ឡើងវិញសម្រាប់យើងផងដែរ។ ព្រះអង្គមានរូបកាយខាងឯព្រលឹងវិញ្ញាណដែរ គឺក្រុមជំនុំ។ ការតយុទ្ធខាងឯការអារសាច់ខ្លួនឯងតម្រូវឲ្យមានទាំងពីរ។ ក្នុងអវយវៈរបស់ព្រះគ្រីស្ទ—សង្គមនៃពន្លឺរបស់ទ្រង់—យើងរៀនដើរចេញពីស្រមោល និងការគ្របបាំងខ្លួនឯង។
ក្នុងសៀវភៅដែលមានចំណងជើងជាភាសាអង់គ្លេសថា Cutting (ដែលមានន័យជាភាសាខ្មែរថា «ការអារកាត់ខ្លួនឯង») លោក ស្ទវិន ឡេវិនក្រូន (Steven Levenkron) ដែលជាអ្នកប្រឹក្សាដែលមិនមែនជាគ្រីស្ទបរិស័ទ និងចិត្តសាស្ត្រវិទូម្នាក់ គាត់បានលើកទឹកចិត្តកញ្ញា ចិន្ដា ដែលជាអ្នកជំងឺម្នាក់របស់គាត់ដែលអារសាច់ខ្លួនឯងថា៖ សូមរៀបរាប់អំពីការឈឺចាប់របស់ប្អូនជាជាងសរសេរវានៅលើរូបកាយខ្លួន។ គាត់បានលើកឡើងថា «ពាក្យពេចន៍របស់ប្អូនអាចសង់ទៅជាស្ពានបាន។ អារម្មណ៍មិនល្អរបស់ប្អូនអាចធ្វើដំណើរនៅលើស្ពាន និងបានចេញពីប្អូន…មកកាន់ខ្ញុំ» (៨០)។
ការដែលលោក ស្ទវិន លើកខ្លួនធ្វើជាស្ពានគឺពិតជាគួរឲ្យចាប់អារម្មណ៍មែន។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងឮបន្ទោរនៃដំណឹងល្អនៅទីនោះ។ យើងដឹងថាស្ពានដ៏ពិតគឺព្រះអម្ចាស់យេស៊ូវ។ ព្រះអង្គបានយកអំពើបាបរបស់យើងដាក់លើរូបអង្គទ្រង់ផ្ទាល់ ហើយក៏បានដកវាចេញយ៉ាងឆ្ងាយជារៀងរហូតដែរ (កូឡូស ២:១៤)។ ប៉ុន្តែ ក្នុងសង្គម អ្នកដទៃរម្លឹកយើងអំពីសេចក្ដីពិតនៃដំណឹងល្អនេះ តាមរយៈពាក្យពេចន៍នៃការអត់ទោស និងក្ដីស្រឡាញ់ (អេភេសូរ ៤:១៥, ៣២)។ ពាក្យលើកទឹកចិត្តរបស់គេអាចក្លាយជាស្ពានដែលកាន់តែអាចភ្ជាប់យើងយ៉ាងជ្រាលជ្រៅថែមទៀតជាមួយនឹងព្រះយេស៊ូវ។
នៅពេលដែលខ្ញុំនៅតែឯង ហើយឯកា ខ្ញុំមានអារម្មណ៍ជាច្រើនអំពីការបរាជ័យរបស់ខ្លួន។ វាប្រៀបដូចជាភ្លើងផ្កាឆក់អគ្គិសនីដែលត្រូវការឲ្យមានគេមកផ្ដាច់ចោលអញ្ចឹង។ ការអារសាច់ខ្លួនឯងគឺជាប្រភេទមួយនៃការផ្ដាច់ចោល។ ប៉ុន្តែ ក្នុងការប្រកបគ្នាដែលមានពេញទៅដោយព្រះគុណ អារម្មណ៍ និងភាពបរាជ័យរបស់ខ្ញុំក៏អ្នកផ្សេងអាចមានចំណែកជួយយកអាសាបានផងដែរ។ សង្គមនៃពាក្យពេចន៍ដែលនាំឲ្យមានការព្យាបាល និងព្រះគុណ នឹងពាក្យពេចន៍ដែលជំនួសឲ្យអំពើហិង្សា។
រូបកាយយើងផ្ទាល់ដែលទទួលបានការប្រោសលោះ
យើងបានគិតអំពីរូបកាយរបស់ព្រះគ្រីស្ទ ចុះចំណែកឯរូបកាយរបស់យើងវិញ? ព្រះបន្ទូលបានប្រាប់យើងថា រូបកាយរបស់យើងគឺជាព្រះវិហារដែលមានពេញទៅដោយព្រះវត្តមាន និងក្ដីស្រឡាញ់របស់ព្រះយេស៊ូវ (១កូរិនថូស ៦:១៩)។ ពេលខ្លះមនុស្សមួយចំនួននឹងប្រើប្រាស់សេចក្ដីពិតមួយនេះទុកជាអាវុធ ដើម្បីជះឥទ្ធិពលទៅលើការមានអារម្មណ៍ពិរុទ្ធភាព។ ប៉ុន្តែ តាមពិតទៅ វាគឺជាសេចក្ដីពិតដែលនាំឲ្យមានសេរីភាពទេតើ។
តាមរយៈការអារសាច់ខ្លួនឯង ខ្ញុំចាត់ទុករូបកាយខ្ញុំដូចជាអ្នករងទុកកំហុសជំនួសអ្នកដទៃ។ ក្នុងព្រះគ្រីស្ទ ខ្ញុំចាត់ទុករូបកាយខ្លួនឯងថាជាព្រះវិហារ។ ចំណុចខុសគ្នាមិនអាចជាការដ៏គួរឲ្យចាប់អារម្មណ៍លើសនេះបានឡើយ។ ជាជាងប្រើអំពើហិង្សាមកកាន់រូបកាយខ្លួនឯង—យកវាធ្វើជាអ្នករងគ្រោះកំហឹងរបស់ខ្ញុំ—ឥឡូវនេះខ្ញុំអាចចាំថា ព្រះវិញ្ញាណគឺកំពុងតែយករូបកាយខ្ញុំធ្វើជាព្រះដំណាក់របស់ទ្រង់ហើយ។ ក្នុងព្រះគ្រីស្ទ រូបកាយខ្ញុំលែងជាការអាម៉ាស់ និងការមានពិរុទ្ធភាពទៀតហើយ ប៉ុន្តែគឺសម្រាប់សិរីល្អ។ វាជាកន្លែងដ៏បរិសុទ្ធ ដែលយើងអាចឃើញ ហើយមានអំណរក្នុងព្រះជាម្ចាស់បាន។
«តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះនៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ» (១កូរិនថូស ៦:១៩-២០ គកស)។
ព្រះយេស៊ូវបានប្រទានរូបអង្គទ្រង់សម្រាប់ខ្ញុំ។ ទ្រង់បានក្លាយជាយញ្ញបូជាសម្រាប់អំពើបាបម្ដងជាសម្រេច។ រូបកាយខ្ញុំមិនអាចធ្វើបានដូចនោះទេ។ ដាច់ខាត! វាមិនអាចទៅរួចទេ។ ប៉ុន្តែ ដោយសារឥឡូវនេះ ព្រះគ្រីស្ទបានប្រោះលោះខ្ញុំ នោះរូបកាយខ្ញុំគឺជាកម្មសិទ្ធិរបស់ព្រះអង្គ។ ពីមុនខ្ញុំលាក់វា ស្អប់វា ហើយធ្វើឲ្យវាត្រូវរបួស។ ប៉ុន្តែ ឥឡូវនេះ ព្រះអង្គផ្ទាល់កំពុងតែគង់នៅក្នុងវា កំពុងតែបំផ្លាស់បំប្រែវាចេញពីភាពអាម៉ាស់ឲ្យក្លាយទៅជាការមានកិត្តិយសវិញ។
សេចក្ដីពិតទាំងនេះមិនមែនជាថ្នាំផ្សះដែលអាច «ដោះស្រាយ» បញ្ហានៃការអារសាច់ខ្លួនឯងបានភ្លាមៗយ៉ាងល្អប្រសើរនោះទេ។ ការអារសាច់ខ្លួនឯងគឺជារឿងដែលស្មុគស្មាញ ហើយការជាសះស្បើយពីវាក៏ជាដំណើររឿងដ៏វែងឆ្ងាយ តម្រូវឲ្យមានការគាំទ្រពីអ្នកអាជីព ក៏ដូចជាការថែទាំខាងឯព្រលឹងវិញ្ញាណពីគ្រូគង្វាល មិត្តភក្ដិ និងក្រុមគ្រួសារផងដែរ។ ប៉ុន្តែ ចំពោះអស់អ្នកដែលកំពុងតែជាប់អន្ទាក់នៃការវិលជុំលើការអារសាច់ខ្លួនឯង គឺនៅមានព្រះគុណ សេចក្ដីពិត ហើយលើសពីនោះទៅទៀតគឺសេចក្ដីសង្ឃឹម។ ក្នុងបរិបទនៃការមានសង្គមដែលពោរពេញទៅដោយក្ដីស្រឡាញ់ និងការថ្វាយបង្គំដែលពោរពេញទៅដោយការអធិស្ឋានគឺមានថ្នាំព្យាបាលជាជាងការដាក់ស្ដីបន្ទាស។
មតិយោបល់
Loading…