ភាពមុតស្រួចនៃព្រះបន្ទូលព្រះ
ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានកាត់ទម្លុះខ្ញុំ កាលខ្ញុំមានវ័យ១២ឆ្នាំនៅឡើយ។ ការកាត់ទម្លុះនោះបានចូលទៅយ៉ាងជ្រៅ ជ្រៅហួសគ្រាប់ឈាមខ្ញុំ គឺដូចជាការកាត់ទម្លុះព្រលឹងខ្ញុំដូចទៅនឹងការវះកាត់ដោយការយកចិត្តទុកដាក់ជាមួយនឹងដៃស្រទន់របស់វេជ្ជបណ្ឌិតយ៉ាងដូច្នោះដែរ។ ព្រះបន្ទូលរបស់ព្រះបានកាត់ទម្លុះខ្ញុំឲ្យឃើញយ៉ាងច្បាស់ថា អ្នកដទៃគេមើលមកខ្ញុំឃើញថា ជាកូនដែលទៅចូលរួមជាមួយក្រុមជំនុំ ប៉ុន្តែធាតុពិតរបស់ខ្ញុំ ខ្ញុំមិនមែនជាកូនរបស់ព្រះជាម្ចាស់នោះទេ។ ចំណុចមួយទៀតដែលព្រះបន្ទូលបានកាត់ទម្លុះខ្ញុំឲ្យឃើញច្បាស់នោះ គឺព្រះយេស៊ូវគ្រីស្ទគឺជាព្រះពិត ហើយទ្រង់បានសុគតនៅលើឈើឆ្កាងជំនួសអំពើបាបខ្ញុំមែន។
គ្រូគង្វាលរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យអានកណ្ឌគម្ពីរ យ៉ូហាន ១:១២ និងរ៉ូម ១០:៩-១០។ ហើយពេលដែលខ្ញុំអាន នោះខ្ញុំក៏ទទួលបានការបំភ្លឺ។ ការបំភ្លឺនោះប្រៀបដូចជាខួរឆ្អឹងនៃខគម្ពីរដែលបានចេញពីទំព័រនៃព្រះបន្ទូល ហើយបានចូលមកក្នុងព្រលឹងខ្ញុំអញ្ចឹង។ ខ្ញុំក៏បានទទួលជឿ! ចាប់ពីពេលនោះមក ខ្ញុំក៏ចាប់ផ្ដើមទទួលបទពិសោធន៍នៃការចាក់ទម្លុះពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានកាត់ខ្ញុំជាច្រើនលើកច្រើនសារ ពោលខ្ញុំមិនអាចរាប់បានឡើយ។ ប៉ុន្តែ ការឆ្លើយតបទៅលើការឈឺចាប់នីមួយៗបាននាំមកនូវការព្យាបាលយ៉ាងស្កប់ស្កល់។
ដូចដែលសាវ័ក ប៉ុល បានលើកឡើងថា គ្រប់ទាំងបទគម្ពីរ «គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង» (២ធីម៉ូថេ ៣:១៦)។ ព្រះបន្ទូលគឺជាខ្យល់ដង្ហើមដ៏ពិតពីព្រះជាម្ចាស់។ គ្មានអ្វីមួយអាចប្រៀបផ្ទឹមបានឡើយ។ កណ្ឌគម្ពីរ ហេព្រើរ ៤:១២-១៣ បានផ្ដល់ហេតុផលបួនយ៉ាងដល់យើង ដើម្បីកុំឲ្យយើងបដិសេធព្រះបន្ទូលព្រះជាម្ចាស់៖
១. ព្រះបន្ទូលដ៏រស់
អ្នកនិពន្ធកណ្ឌគម្ពីរ ហេព្រើរ បានព្រមានយ៉ាងចំៗថា «ព្រះបន្ទូលនៃព្រះ នោះរស់នៅ ហើយពូកែផង» (ខ១២ក)។ ព្រះបន្ទូលរបស់ព្រះអង្គរស់នៅ ព្រោះទ្រង់បានតាំងព្រះបន្ទូលនោះដរាបដល់អស់កល្បជានិច្ច (ទំនុកតម្កើង ១១៩:៨៩)។ លើសពីនោះទៅទៀត ព្រះបន្ទូលរស់នៅ ព្រោះក្នុងព្រះបន្ទូលមានជីវិតតាំងពីដើមមកម្ល៉េះ។ ព្រះជាម្ចាស់មានព្រះជន្មគង់នៅសព្វថ្ងៃ (ហេព្រើរ ១:១២) ហើយដោយសារព្រះបន្ទូលជាខ្យល់ដង្ហើមរបស់ព្រះជាម្ចាស់ (២ធិម៉ូថេ ៣:១៦) នោះមានន័យថា ព្រះបន្ទូលក៏មានលក្ខណមានជីវិតគង់នៅដូចនឹងព្រះជាម្ចាស់ដែរ។ ព្រះបន្ទូលមានជីវិត!
លក្ខណសម្បត្តិនៃការដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់រស់នៅនោះគឺថា ព្រះបន្ទូល «ពូកែ» ហើយពេលខ្លះគេបកប្រែបកពាក្យនេះថា «មានប្រសិទ្ធភាព ឬក៏កើតការឡើង» (ភីលេម៉ូន ៦ គគខ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពូកែណាស់ មានពេញទៅដោយអំណាចដ៏មានប្រសិទ្ធភាពដែលសម្រេចនូវរាល់គោលបំណងដែលព្រះជាម្ចាស់បានមានបន្ទូល។ ដូចដែលកណ្ឌគម្ពីរ អេសាយ ៥៥:១១ បានលើកឡើងយ៉ាងពីរោះថា «នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសម្រេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនិងចម្រើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ»។
ប្រាកដណាស់! ព្រះបន្ទូលរបស់ទ្រង់រស់នៅ ហើយពូកែ! ព្រះបន្ទូលរបស់ព្រះធ្វើនូវអ្វីដែលទ្រង់សន្យាថានឹងធ្វើ។ ព្រះបន្ទូលមិនរើសអើងអាយុកាល ឬក៏កម្រិតនៃការសិក្សាឡើយ។ ព្រះបន្ទូលអាចនឹងបំផ្លាស់បំប្រែលោកអ្នកបាន មិនថាលោកអ្នកមានអាយុ១២ឆ្នាំឬក៏១០២ឆ្នាំនោះឡើយ។ ប្រសិនបើលោកអ្នកស្ម័គ្រចិត្តនឹងស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់ នោះព្រះបន្ទូលនឹងបំផ្លាស់បំប្រែលោកអ្នក។ សេចក្ដីពិតនេះមានទាំងសេចក្ដីសន្យា ហើយការព្រមានដល់យើងគ្រប់គ្នាផងដែរ។
២. ព្រះបន្ទូលដ៏មុតស្រួច
ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនគ្រាន់តែរស់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏មុតស្រួចដូចដែលខបន្ទាប់បានចែងយ៉ាងច្បាស់ផងដែរថា «ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនិងវិញ្ញាណ ហើយសន្លាក់ និងខួរឆ្អឹងដាច់ពីគ្នា» (ខ១២ខ)។ ឃ្លានៃខគម្ពីរនេះ គឺជាកំណាព្យដ៏អំណាចរបស់ព្រះបន្ទូលព្រះជាម្ចាស់ដែលអាចកាត់លក្ខណៈរបស់មនុស្សដល់ទីដ៏ជ្រៅបំផុតបាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចកាត់ដាច់នូវរាល់អ្វីៗទាំងអស់ ហើយក៏អាចឲ្យធ្វើឲ្យយើងដឹងអ្វីខុស និងអ្វីត្រូវ។
ព្រះបន្ទូលព្រះជាម្ចាស់កាត់ទម្លុះព្រលឹងដ៏រឹងចចេសរបស់យើងបានដូចកាំបិតដ៏ក្ដៅមួយយកទៅកាត់ប៊័រអញ្ចឹង។ ប្រាកដណាស់! យើងគ្រីស្ទបរិស័ទរកឃើញថា ការនេះពិតជាបានកើតឡើងក្នុងជីវិតយើងមែន។ មានខគម្ពីរមួយចំនួននៃព្រះបន្ទូលព្រះដែលអាចនឹងកាត់ការពុតត្បុតរបស់យើង មិនថាយើងបានបោកប្រាស់អ្នកដទៃថាយើងជាមនុស្សស្អាតស្អំយ៉ាងណាក៏ដោយ ក៏ព្រះបន្ទូលនៅតែបង្ហាញឲ្យយើងដឹងថា តើយើងកំពុងធ្វើខុសឬក៏ត្រូវដែរ។
នៅពេលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងចាក់ទម្លុះបុគ្គលណាម្នាក់ នោះព្រះបន្ទូលទ្រង់នឹងចាក់បុគ្គលនោះ។ បុគ្គលដែលការពារខ្លួនឯងមិនឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ចាក់ទម្លុះគាត់ គឺជាបុគ្គលដែលបានឮព្រះបន្ទូល ប៉ុន្តែមិនយល់ ហេតុដូច្នេះហើយបានជាគាត់មិនប្រឆាំងនឹងព្រះបន្ទូល។ វាគួរសោកស្ដាយណាស់ដែលភាគច្រើនអ្នកទាំងនេះសុទ្ធតែជាអ្នកដែលទៅចូលរួមក្រុមជំនុំសឹងរាល់អាទិត្យ។ ចំពោះអ្នកដែលស្ដាប់ឮដ៏ពិត មិនថាដោយចេតនា ឬអចេតនានោះទេ សុទ្ធតែជាអ្នកដែលអញ្ជើញព្រះជាម្ចាស់ដ៏ជាវេជ្ជបណ្ឌិតឲ្យមកវះកាត់ពួកគេដោយចិត្តប្រណីសន្ដោសរបស់ទ្រង់។
៣. ព្រះបន្ទូលដ៏ពេញដោយការជ្រាបដឹង
ក្រោយពីអ្នកនិពន្ធបានលើកឡើងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់រស់នៅ ហើយមុតស្រួច ឥឡូវនេះគាត់បានបន្ថែមទៀតថា «ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសម្រេចដែរ» (ខ១២គ)។ ត្រង់នេះ អ្នកនិពន្ធចង់ផ្ដោតឲ្យយើងពិចារណាលើពាក្យ «គំនិតដែលចិត្តគិត»។ ចិត្តរបស់យើងគឺជាបល្ល័ង្កនៃបុគ្គលិកលក្ខណៈរបស់យើង។ គ្មានអ្នកណាអាចមើលឃើញឡើយ។ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចរែងកាត់គំនិត និងអាកប្បកិរិយាដោយគ្មានកំហុស។
«ដាវរបស់ព្រះវិញ្ញាណ» នឹងប្រាប់យើងពីអ្វីដែលមាននៅក្នុងចិត្តរបស់យើង (អេភេសូរ ៦:១៧)។ ឱ! មិត្តអ្នករួមជំនឿអើយ! ប្រសិនបើយើងពិតជាចង់ស្គាល់ខ្លួនឯងមែន នោះយើងត្រូវបំពេញព្រលឹងយើងជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ យើងនឹងចេះវែកញែក ហើយស្គាល់ខ្លួនឯងបានច្បាស់ ប្រសិនបើយើងអានព្រះបន្ទូល សញ្ជឹងគិតព្រះបន្ទូល ហើយអនុវត្តព្រះបន្ទូលដោយការអធិស្ឋានយ៉ាងពេញទំហឹងនោះ។ សាវ័ក យ៉ាកុប បានបង្រៀនថា ព្រះបន្ទូលព្រះប្រៀបដូចជាកញ្ចក់ដែលសម្ដែងឲ្យយើងឃើញពីធាតុពិតពីលក្ខណៈរបស់យើង និងអ្វីដែលយើងធ្វើ (យ៉ាកុប ១:២២-២៣)។ ការដែលយើងស្គាល់ខ្លួនឯងបែបនេះ គឺមិនមែនជាព្រះគុណដ៏តូចតាចនោះទេ ព្រោះការដែលយើងស្គាល់អំពីចំណុចដ៏អាក្រក់ៗដែលមានក្នុងចិត្តយើង នោះនឹងជួយឲ្យយើងកាន់តែពឹងអាងលើព្រះគុណរបស់ព្រះជាម្ចាស់ថែមទៀត។ ហើយនោះមិនមែនជាព្រះគុណដ៏តូចតាចនោះទេ! គ្រីស្ទបរិស័ទដ៏ឆ្លាតវៃនឹងអញ្ជើញឲ្យព្រះបន្ទូលដ៏មុតស្រួច និងព្រះបន្ទូលដ៏ពេញដោយការជ្រាបដឹងរបស់ព្រះជាម្ចាស់មកក្នុងជីវិតរបស់គេ។
៤. ព្រះដ៏គិតគូរ
ខ១៣គឺជាខដ៏ល្អមួយដែលពណ៌នាអំពីការជ្រាបរបស់ព្រះជាម្ចាស់ «គ្មានអ្វីកើតមកដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់»។
ព្រះជាម្ចាស់ទតឃើញគ្រប់អ្វីៗទាំងអស់។ ការនេះអាចជារឿងមួយដែលធ្វើឲ្យយើងមិនសូវស្រួលចិត្ត ប្រសិនបើយើងមានអ្វីលាក់កំបាំង។ កណ្ឌគម្ពីរ សុភាសិត ១៥:៣ បានចែងថា «ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់នឹងល្អផង»។ អ្នកនិពន្ធកណ្ឌគម្ពីរ ទំនុកតម្កើង ៩០:៨ ក៏បានលើកឡើងដូចនោះដែរថា «ទ្រង់បានដាក់អស់ទាំងអំពើទុច្ចរិតរបស់យើងខ្ញុំនៅចំពោះទ្រង់ ព្រមទាំងអំពើបាបដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់ផង»។
នោះជាសេចក្ដីពិតដ៏ពិតត្រង់។ ប៉ុន្តែ ការប្រៀបធៀបដែលពណ៌នាអំពីការជ្រាបរបស់ព្រះជាម្ចាស់ គឺពិតជាការដ៏គួរឲ្យស្ញែងខ្លាចមែន ចំពោះអស់អ្នកដែលគិតថា គេអាចគេចវេសពីព្រះនេត្ររបស់ទ្រង់បាន «គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់»។ «គ្រប់ទាំងអស់» មានន័យថា អ្វីៗគ្រប់យ៉ាង គ្រប់ទាំងមនុស្ស គឺនៅអាក្រាតចំពោះព្រះនេត្រទ្រង់។ គ្មានអ្វីដែលយើងអាចលាក់បាំងពីទ្រង់បានឡើយ។ គ្រប់ទាំងអស់គឺនៅក្នុងកណ្ដាប់ព្រះហត្ថរបស់ព្រះជាម្ចាស់ ពោលគឺងាយនឹងឈឺចាប់ ហើយគ្មានអ្នកណាអាចជួយបានឡើយ។
សូមឲ្យដាវដែលមានមុខពីរដែលទុកសម្រាប់ជំនុំជម្រះ និងសម្រាប់បន្សុទ្ធយើងបានព្រះពរ។ ព្រះជាម្ចាស់បានកាត់យើងយ៉ាងជ្រៅ ដើម្បីឲ្យយើងអាចនឹងស្លាប់។ ហើយទ្រង់កាត់យើងម្ដងទៀតដោយព្រះបន្ទូលរបស់ទ្រង់ ដើម្បីឲ្យយើងអាចនឹងមានជីវិត។
មតិយោបល់
Loading…