ភាពរវីរវល់ក្នុងជីវិត ព័ន្ធកិច្ច ការងារ និងគ្រួសារតែងតែដាក់សម្ពាធលើភាពផ្អែមល្ហែមនៃជីវិត អាពាហ៍ពិពាហ៍។
ជាជាងការលង់នៅក្នុងកែវភ្នែកដ៏ស្រទន់ ការស្និទ្ធស្នាលដែលមានក្ដីស្រឡាញ់ និងការបង្ហាញសេចក្ដីសប្បុរសតិចតូចពីដៃគូជីវិតរបស់ខ្លួន លោកអ្នកបែរជាចាប់ផ្ដើមចាត់ទុកគាត់គ្រាន់តែជាដៃគូដែលអាចជួយសម្រេចនេះសម្រេចនោះនូវកិច្ចការផ្សេងៗទៅវិញ។ ម្យ៉ាងវិញទៀត លោកអ្នកបែរជាចែកចាយការងារដែលមិនចេះចប់មិនចេះហើយ តើអ្នកណានឹងយកកូនមកពីរៀន? តើអ្នកណានឹងទៅផ្សារទិញម្ហូប? តើអ្នកណានឹងជួយធ្វើកិច្ចការសាលារបស់កូនៗ?។ល។ ហើយពេលយប់មកដល់ លោកអ្នកក៏ទម្រេតខ្លួនចូលគេងយ៉ាងអស់កម្លាំងពីថ្ងៃនោះ ហើយលោកអ្នកក៏ប្ដូរការមានភាពផ្អែមល្ហែមជាមួយនឹងក្ដីសង្ឃឹមថា នឹងបានគេងលក់ស្រួលទៅវិញ។
ដោយគ្មានមន្ទិលសង្ស័យ យើងទាំងអស់គ្នានឹងនិយាយថា យើងស្រឡាញ់ប្រពន្ធ/ប្ដីយើង។ បើនិយាយឲ្យខ្លីទៅ ក្រែងយើងទើបតែជួយបោកខោអាវ ចម្អិនម្ហូប ហើយបង់ថ្លៃនូវអ្វីៗដែលយើងត្រូវចំណាយនោះទេឬអី? ជាទូទៅ យើងអាចបង្ហាញក្ដីស្រឡាញ់ដែលយើងអាចធ្វើទៅបានដោយមានភាពលះបង់ទៅកាន់ដៃគូជីវិតយើងតាមរយៈការដែលយើងបំពេញធុរៈកិច្ចចាំបាច់—ទោះបើអណ្ដាតភ្លើងនៃក្ដីស្រឡាញ់របស់យើងបានរលត់ជិតអស់បាត់ទៅក៏ដោយ។ ទំនងអ្នកខ្លះមានភាពងាយស្រួលណាស់ក្នុងការស្រឡាញ់ដោយមានការលះបង់ជាជាងការបង្ហាញភាពថ្នាក់ថ្នម ជាពិសេសបើក្នុងផ្ទះលោកអ្នកមានពេញទៅដោយកាតព្វកិច្ចដែលលោកអ្នកត្រូវចំណាយកម្លាំងជំនួសការបង្ហាញក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ឧទាហរណ៍៖ ការមានកូន។
ហេតុអ្វីបានជាសំខាន់ខ្លាំងម៉្លេះក្នុងការបន្តឲ្យមានកំដៅភ្លើងឆេះឆួលក្នុងជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នក? តើវាមិនមែនជារឿងធម្មតាទេឬអីក្នុងការដែលយើងដាក់តម្រូវការរបស់កូនៗយើងមុន (និងរាល់គ្រប់អ្វីៗផ្សេងទៀតដែលលោកអ្នកត្រូវធ្វើ) ជាជាងតម្រូវការប្ដី/ប្រពន្ធ?
ចូរការពារភ្លើងស្នេហ៍
នៅក្នុងកណ្ឌគម្ពីរអេភេសូរជំពូក៥ យើងបានឃើញថា ព្រះជាម្ចាស់បានបង្កើតជីវិតអាពាហ៍ពិពាហ៍ឡើង ដើម្បីបង្ហាញអំពីដំណឹងល្អ។ ជីវិតអាពាហ៍ពិពាហ៍របស់យើងលើផែនដីនេះ គឺជាស្រមោលនៃអាពាហ៍ពិពាហ៍នៅពេលអនាគតដែលនឹងកើតមានឡើង។ ដូចដែលព្រះគ្រីស្ទបានមានអំណរជាមួយនឹងកូនក្រមុំរបស់ទ្រង់ យើងក៏គួរតែមានអំណរក្នុងអំណោយទានរបស់ដៃគូជីវិតយើងផងដែរ។ ដូចដែលក្រុមជំនុំត្រូវចុះចូលនឹងព្រះគ្រីស្ទ នោះប្រពន្ធក៏ត្រូវចុះចូលដោយអំណរនឹងប្ដីរបស់ខ្លួនដែរ។ ហើយព្រះជាម្ចាស់ក៏បានបង្គាប់ឲ្យប្ដីស្រឡាញ់ប្រពន្ធខ្លួនដោយមានការលះបង់ដូចដែលព្រះគ្រីស្ទបានធ្វើចំពោះក្រុមជំនុំ។
ព្រះអង្គសព្វព្រះហឫទ័យឲ្យជីវិតអាពាហ៍ពិពាហ៍បើកបង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទសម្រាប់ក្រុមជំនុំ ដោយតាមរយៈការនេះវានឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ និងបើកបង្ហាញសេចក្ដីពិតអំពីដំណឹងល្អឲ្យលោកីយ៍ដែលកំពុងមើលយើងឃើញ។ តាមរយៈការដែលយើងស្ដាប់បង្គាប់ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ដោយមានអំណរ នោះការដែលយើងធ្វើ «ត្រូវតែ» ស្រឡាញ់ដៃគូជីវិតយើងនឹងមានការហូរហៀរដោយក្ដីស្រឡាញ់ចំពោះអស់អ្នកដែលនៅជុំវិញយើង។ ការដែលយើងវិនិយោគពេលវេលា និងការថែទាំជីវិតអាពាហ៍ពិពាហ៍របស់យើងនឹងបង្កើតឲ្យយើងកាន់តែមានក្ដីស្រឡាញ់សម្រាប់អ្នកដទៃផ្សេងទៀតបាន។ លោកគ្រូ គ្រីស្ទូហ្វើរ អាស៍ (Christopher Ash) បានលើកឡើងយ៉ាងចំៗក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងជាភាសាអង់គ្លេសថា Marriage for God «ចូរការពារភ្លើងនៃដួងចិត្តរបស់លោកអ្នក ដើម្បីឲ្យកំដៅនៃសេចក្ដីស្រឡាញ់របស់លោកអ្នកអាចនឹងសាយភាយទៅដល់អ្នកដទៃបាន»។
របៀបថែរក្សាអ្នកដែលនៅក្បែរខ្លួន
ខាងក្រោមនេះជារបៀបមួយចំនួនដែលលោកអ្នកអាចពង្រឹងនៅផ្នែកទំនាក់ទំនងក្នុងការថែរក្សាអស់អ្នកដែលព្រះជាម្ចាស់បានដាក់ក្បែរខ្លួន—សម្រាប់អំណររបស់យើងផ្ទាល់ សម្រាប់សិរីល្អរបស់ព្រះជាម្ចាស់ និងសម្រាប់អត្ថប្រយោជន៍ទៅកាន់អស់អ្នកដែលនៅជុំវិញយើងផងដែរ។
១. មើលគ្នាឃើញផង
ទំនងចំណុចនេះនិយាយចំពេកហើយ ប៉ុន្តែបើនិយាយឲ្យខ្លីទៅ យើងពិតជាមានការងាយស្រួលណាស់ក្នុងការនៅបន្តឈ្ងោកមើលទូរស័ព្ទពេលដែលប្ដី/ប្រពន្ធយើងដើរចូលក្នុងផ្ទះ។ ចូរញែកពេលទទួលស្គាល់វត្តមានគ្នាទៅវិញទៅមកតាមរយៈការសួរសុខទុក្ខគ្នា ការឱបថើប ឬក៏ការសួរគ្នាអំពីអ្វីៗដែលបានកើតឡើងនៅថ្ងៃនោះ។ ចូរបញ្ឈប់នូវអ្វីដែលលោកអ្នកកំពុងធ្វើ ដើម្បីបង្ហាញចំណាប់អារម្មណ៍ពិតៗទៅកាន់ដៃគូជីវិតរបស់ខ្លួន (ភីលីព ២:២០)។
២. បម្រើគ្នាទៅវិញទៅមក
ចូរព្យាយាមស្វែងរករបៀបបម្រើ និងប្រទានពរដល់ដៃគូជីវិតរបស់លោកអ្នកជារៀងរាល់ថ្ងៃ។ ហើយល្អជាងនោះទៅទៀតគឺបើលោកអ្នកសួរគាត់ផ្ទាល់ថា តើខ្ញុំអាចបម្រើអ្នកបានដោយរបៀបណា? ទំនងអាចមានដូចជា៖ បោកខោអាវ រៀបចំកន្លែងឲ្យកូនៗចូលគេងឆាប់ ឬក៏ការចម្អិនម្ហូបដែលគាត់ចូលចិត្ត។ល។ ចូរប្រយ័ត្នដោយកុំឲ្យធ្លាក់ក្នុងអន្លង់នៃអន្ទាក់នៃការមានសេចក្ដីរំពឹងចង់ឲ្យប្ដី/ប្រពន្ធខ្លួនបំពេញតម្រូវការដែលលោកអ្នកចង់បាន។ ការខកចិត្ត និងការអាក់អន់ស្រពន់ចិត្តជាច្រើនកើតមានឡើងតាមរយៈការសម្គាល់ទុកកំហុសគ្នាទៅវិញទៅមក។ ដោយផ្ទុយពីនោះទៅវិញ លោកអ្នកគួរតែមានអំណរក្នុងការស្វែងរកសេចក្ដីអរសប្បាយសម្រាប់ដៃគូជីវិតខ្លួនតាមរយៈការត្រាប់តាមសេចក្ដីបង្គាប់នៅក្នុងកណ្ឌគម្ពីរ ភីលីព ២:៣-៤ នេះចុះ។ ចូរចាត់ទុកដៃគូជីវិតរបស់លោកអ្នកថាគាត់សំខាន់ជាងខ្លួន ហើយលោកអ្នកអាចធ្វើការនោះបានតាមរយៈការផ្ដល់អាទិភាពនៃជម្រើសរបស់គាត់ខ្ពស់ជាងលោកអ្នក ហើយតាមរយៈការត្រាប់តាមដោយការបន្ទាបខ្លួនដូចព្រះគ្រីស្ទដែរ។
៣. ចូរចេះអរគុណគ្នា
តើពេលណាទៅជាពេលវេលាចុងក្រោយបង្អស់ដែលលោកអ្នកបាននិយាយទៅកាន់ដៃគូជីវិតខ្លួនថា «អរគុណបង/អូន» ព្រោះគាត់បានខំធ្វើការយ៉ាងនឿយហត់? តើប្ដីរបស់អ្នកផ្គត់ផ្គង់គ្រួសារដែរឬទេ? តើប្រពន្ធរបស់អ្នកបានបោះបង់នូវសេចក្ដីប្រាថ្នារបស់នាងចោល ដើម្បីបំពេញតម្រូវការរបស់កូនៗខ្លួនទេ? ជារឿយៗ យើងនឹកគិតអំពីការអរគុណ ប៉ុន្តែយើងមិនបានបង្ហាញគំនិតនោះជាសកម្មភាពសោះ។ សាវ័ក ប៉ុល បានលើកទឹកចិត្តយើងបីដងឲ្យចេះអរគុណនៅក្នុងកណ្ឌគម្ពីរ កូឡូស ៣:១៥-១៧៖
«ចូរឲ្យសេចក្ដីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត ដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្ដីនោះឯង ឲ្យមានរូបកាយតែ១ ហើយត្រូវដឹងគុណផង។ ចូរឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទ បានសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងបង្រៀនហើយទូន្មានគ្នា ដោយនូវទំនុកតម្កើង ទំនុកបរិសុទ្ធ នឹងចម្រៀងខាងឯវិញ្ញាណ ទាំងច្រៀងក្នុងចិត្តថ្វាយព្រះ ដោយព្រះគុណ ហើយក្នុងគ្រប់ការទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសម្ដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា ដោយសារទ្រង់ផង»។
៤. ញែកពេលវេលាទៅដើរលេងជាមួយគ្នា—ដោយមិនមានការរំខាន
មិនថានេះជាពេលវេលាដែលលោកអ្នកចេញទៅណាតែពីរនាក់តែឯងក្នុងមួយអាទិត្យម្ដង ឬក៏ការដើរហាត់ប្រាណជាមួយគ្នាក៏ដោយ ក៏លោកអ្នកត្រូវការមានពេលវេលាឲ្យជាក់លាក់ក្នុងការចំណាយពេលជាមួយគ្នាតែពីរនាក់ ព្រោះនោះគឺជាចំណុចដ៏សំខាន់បំផុតក្នុងការទាក់ទងជាមួយនឹងដៃគូជីវិតរបស់ខ្លួន។ បើយើងមិនញែកពេលវេលា ដើម្បីចំណាយតែឯងពីរនាក់ នោះអ្វីៗដែលកូនៗយើងត្រូវធ្វើ ឬក៏ការដែលយើងបម្រើក្នុងព័ន្ធកិច្ចនឹងប្រាកដជាយកពេលយើងអស់ជាមិនខាន។
ក្នុងជីវិតអាពាហ៍ពិពាហ៍របស់ប្ដីយើងខ្ញុំ និងយើងខ្ញុំផ្ទាល់ យើងតែងតែទៅដើរហាត់ប្រាណជាមួយគ្នា ហើយការធ្វើបែបនោះបានជួយឲ្យយើងមានពេលនិយាយគ្នា និងគិតគូរអំពីដំណើរជីវិតយើង។ ឥឡូវយើងបានវិវឌ្ឍន៍ពីការរុញកូនៗក្នុងរទេះទៅជិះកង់ជាមួយគ្នារហូតដល់អាចទុកពួកគាត់ចោលនៅផ្ទះបានពេលយើងចេញក្រៅ។ ការដែលយើងចេញពីផ្ទះទៅដើរកំសាន្តតែពីរនាក់មួយដងក្នុងមួយខែបាននាំឲ្យយើងមានសេរីភាពក្នុងការមិនបង្ហើយកិច្ចការផ្ទះ ឬក៏ធុរៈដែលតែងតែមករំខានទំនាក់ទំនងរបស់ពួកយើង។
៥. ចូរញែកពេលសម្រាកជាមួយគ្នា
គ្មានអ្វីធ្វើឲ្យយើងខ្ញុំមានអារម្មណ៍ស្រស់ស្រាយរាល់អាទិត្យក្រៅពីការញែកពេលយ៉ាងជាក់លាក់ក្នុងការសម្រាកជាមួយគ្នាឡើយ។ ការដែលយើងថែរក្សាការពារថ្ងៃនោះពីជាការព្យាយាមសម្រេចធុរៈដែលមិនចេះអស់ ហើយបែរទៅធ្វើនូវអ្វីដែលយើងខ្ញុំចូលចិត្តធ្វើជាមួយនឹងប្ដីឬប្រពន្ធរបស់យើងខ្ញុំ ហើយអ្វីទាំងអស់នោះបាននាំមកនូវភាពស្រស់ស្រាយដល់ព្រលឹង និងជីវិតអាពាហ៍ពិពាហ៍របស់យើងដែលត្រូវការ។ ផែនដីនេះនឹងនៅតែបន្តវិលទៅមុខទៀត ទោះបើយើងមិនឆ្លើយអ៊ីមែល ឬក៏បោកខោអាវក៏ដោយ។
ហើយចូររក្សាកម្លាំងខ្លះសម្រាប់គ្នាទៅវិញទៅមក។ យើងខ្ញុំធ្លាប់ឮគេនិយាយថា ការរួម ឬក៏មិនរួមដំណេកជាមួយគ្នា គឺជារបៀបវាស់វែងជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយគ្នាដែរ។ បើលោកអ្នកតែងតែអស់កម្លាំង ឬក៏រវល់ពេក ដោយគ្មានពេលស្និទ្ធស្នាលនឹងគ្នា ទំនងនោះគឺជាការឆ្លុះបញ្ចាំងអំពីភាពរអាក់រអួលក្នុងជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកហើយ។
កុំមើលអត់ឃើញដៃគូជីវិតរបស់ខ្លួន
ជាទូទៅ ភាពមមាញឹកនៃជីវិតប្រចាំថ្ងៃ និងការដែលយើងមានសេចក្ដីប្រាថ្នាដ៏អាត្មានិយមនឹងធ្វើឲ្យយើងខ្វាក់ក្នុងការមើលឃើញនូវអំណោយទានដែលដៃគូជីវិតរបស់យើងដែលគាត់មាន។ ចូរគិតសិន ហើយនឹកចាំអំពីចំណុចរបស់គាត់ដែលបានធ្វើឲ្យលោកអ្នកមានការទាក់ទាញទៅកាន់គាត់នាគ្រាដំបូងកាលទើបតែលង់ស្នេហ៍។ សូមព្យាយាមសម្រេចចិត្តក្នុងការបង្អន់សិន ហើយស្វែងរករបៀបដែលលោកអ្នកអាចបន្ថែមនូវភាពផ្អែមល្ហែមក្នុងជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន។ ចូរអធិស្ឋានទូលសូមឲ្យព្រះជាម្ចាស់ជួយលោកអ្នកក្នុងការបន្ថែមនូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ដើម្បីឲ្យការនោះអាចនឹងសាយភាយទៅកាន់អ្នកដទៃសម្រាប់ប្រយោជន៍របស់ពួកគាត់ និងសម្រាប់សិរីល្អរបស់ព្រះជាម្ចាស់ចុះ។
មតិយោបល់
Loading…