in

របៀប​បម្រើ​និយោជក​អាក្រក់

How to Serve a Bad Boss

«គឺ​បម្រើ​ដោយ​ស្ម័គ្រចិត្ត​ដូច​ជា​បម្រើ​ព្រះ​អម្ចាស់ មិន​មែន​ដូច​ជា​បម្រើ​មនុស្ស​ឡើយ ទាំង​ដឹង​ថា ការ​ល្អ​អ្វី​ក៏​ដោយ​ដែល​ម្នាក់ៗ​ធ្វើ ទោះ​ជា​បាវ​បម្រើ​ក្ដី ឬ​អ្នក​មាន​សេរីភាព​ក្ដី ពួកគេ​នឹង​ទទួល​បាន​ការ​ល្អ​នោះ​វិញ​ពី​ព្រះ​អម្ចាស់។» (អេភេសូរ ៦:៧-៨ គគខ)

ចូរ​មើល​ចំណុច​៥​យ៉ាង​ចេញ​ពី​កណ្ឌ​គម្ពីរ អេភេសូរ ៦:៧-៨ ដែល​ទាក់ទង​នឹង​ការងារ​របស់​លោក​អ្នក៖

១. ការ​ត្រាស់ហៅ​ឲ្យ​រស់នៅ​ដោយ​ពឹង​លើ​ព្រះ​អម្ចាស់​ទាំង​ស្រុង

ការ​ត្រាស់​ហៅ​ឲ្យ​រស់នៅ​បែប​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ឆ្ងាយ​ណាស់។ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​យើង​ធ្វើការ យើង​គួរ​តែ​ធ្វើ​ការងារ​នោះ​ថ្វាយ​ព្រះ​គ្រីស្ទ ពោល​គឺ​មិន​មែន​សម្រាប់​និយោជក​នៅ​លើ​លោក​នេះ​នោះ​ទេ។ យើង​ត្រូវ​បម្រើ​ដោយ​ស្ម័គ្រ​អស់​ពីចិត្ត «ដូច​ជា​បម្រើ​ព្រះអម្ចាស់ មិន​មែន​ដូច​ជា​បម្រើ​មនុស្ស​ឡើយ»។

ប៉ុន្តែ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​នឹង​ប្រទាន​រង្វាន់​ដល់​យើង ចំពោះ​ការ​ល្អ​ទាំង​អស់​ដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​ជំនឿ។

នេះ​មាន​ន័យ​ថា យើង​នឹង​គិត​អំពី​ព្រះ​ជាម្ចាស់ ទាក់ទង​នឹង​អ្វីៗ​ដែល​យើង​ធ្វើ​នៅ​កន្លែង​ធ្វើការ​របស់​យើង។ យើង​នឹង​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ធ្វើ​ការងារ​នោះ? តើ​ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ធ្វើ​ការងារ​នោះ​ដោយ​របៀប​ណា? តើ​ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​ធ្វើ​ការងារ​នោះ​នៅពេល​ណា? តើ​ព្រះ​អម្ចាស់​នឹង​ជួយ​យើង​ក្នុង​ការងារ​នេះ​ដែរ​ឬ​ទេ? តើ​ការងារ​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ព្រះ​កិត្តិនាម​របស់​ព្រះ​អម្ចាស់​ដោយ​របៀប​ណា? យើង​អាច​និយាយ​ម៉្យាង​ទៀត​ថា ជីវិត​រស់នៅ​របស់​គ្រីស្ទ​បរិស័ទ គឺ​សុទ្ធតែ​ពឹង​លើ​ព្រះ​អម្ចាស់​ទាំង​ស្រុង រួម​ទាំង​ការ​រស់នៅ និង​ការងារ​របស់​យើង ។

២. ការ​ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា​មនុស្ស​ល្អ

ការ​រស់នៅ​ដោយ​ពឹង​លើ​ព្រះ​អម្ចាស់​ទាំង​ស្រុង​មាន​ន័យ​ថា យើង​នឹង​ធ្វើ​ជា​មនុស្ស​ល្អ ហើយ​យើង​ក៏​នឹង​ប្រព្រឹត្តិ​ការ​ល្អ​ផង​ដែរ។ សាវ័ក ប៉ុល បាន​ចែង​ថា «បម្រើ​ដោយ​ស្ម័គ្រ​ចិត្ត…ការ​ល្អ​អ្វី​ក៏​ដោយ​ដែល​ម្នាក់ៗ​ធ្វើ»។ ព្រះ​យេស៊ូវ​បាន​លើក​ឡើង​ថា ពេល​ដែល​យើង​បញ្ចាំង​ពន្លឺ​របស់​យើង នោះ​អ្នក​ដទៃ​នឹង​ឃើញ «ការ​ល្អ» របស់​យើង ហើយ​គេ​នឹង​ថ្វាយ​សិរីល្អ​ដល់​ព្រះ​វរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​ជា​មិន​ខាន (ម៉ាថាយ ៥:១៦)។

៣. អំណាច​ដែល​យើង​មាន​នៅ​ក្នុង​ការ​ធ្វើ​ការងារ​ឲ្យ​បាន​ល្អ​សម្រាប់​និយោជក​ដែល​មិន​ចេះ​គិត​គូ​ពី​និយោជិក​ខ្លួន

យើង​អាច​និយាយ​ម៉្យាង​ទៀត​ថា ជីវិត​រស់នៅ​របស់​គ្រីស្ទ​បរិស័ទ គឺ​សុទ្ធតែ​ពឹង​លើ​ព្រះ​អម្ចាស់​ទាំង​ស្រុង រួម​ទាំង​ការ​រស់នៅ និង​ការងារ​របស់​យើង ។

គោល​បំណង​របស់​សាវ័ក ប៉ុល គឺ​បង្កើន​កម្លាំង​របស់​គ្រីស្ទ​បរិស័ទ​ឲ្យ​មាន​ការ​ពឹង​លើ​ព្រះ​អម្ចាស់​ទាំង​ស្រុង ដើម្បី​ឲ្យ​ពួក​គេ​បម្រើ​និយោជក​របស់​ខ្លួន​ដែល​មិន​សូវ​ចេះ​អើពើ​ចំពោះ​និយោជិក​ខ្លួន។ តើ​លោក​អ្នក​នឹង​បន្ត​ធ្វើ​ការងារ​ណា​មួយ​បាន​យ៉ាង​ដូច​ម្ដេច នៅ​ពេល​ដែល​និយោជក​របស់​លោក​អ្នក​មិន​អើពើ​ចំពោះ​លោក​អ្នក និង​ថែម​ទាំង​រិះគន់​លោក​អ្នក​ទៀត​ផង​នោះ? ចម្លើយ​របស់​សាវ័ក ប៉ុល គឺ៖ ចូរ​ឈប់​គិត​ជា​ចម្បង​ទៅ​លើ​និយោជក​របស់​លោក​អ្នក​ចុះ តែ​ចូរ​ធ្វើ​ការ​ថ្វាយ​ព្រះ​អម្ចាស់​វិញ។ ចូរ​បំពេញ​តួនាទី​ផ្សេងៗ​ដែល​និយោជក​របស់​លោក​អ្នក​ឲ្យ​ធ្វើ​ដោយ​មាន​គំនិត​បែប​នោះ​វិញ។

៤. ការ​លើក​ទឹក​ចិត្ត៖ គ្មាន​អ្វី​ដែល​យើង​ធ្វើ​ទៅ​ឥត​ប្រយោជន៍​នោះ​ទេ

ប្រយោគ​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ខគម្ពីរ​នេះ​គឺ​ត្រង់​ថា៖ «ការ​ល្អ​អ្វី​ក៏​ដោយ​ដែល​ម្នាក់ៗ​ធ្វើ ទោះ​ជា​បាវ​បម្រើ​ក្ដី ឬ​អ្នក​មាន​សេរីភាព​ក្ដី ពួកគេ​នឹង​ទទួល​បាន​ការ​ល្អ​នោះ​វិញ​ពី​ព្រះអម្ចាស់»។ ចំណុច​នេះ​ពិត​ជា​អស្ចារ្យ​មែន! គ្រប់​ការ​ទាំង​អស់! «ការ​ល្អ​អ្វី​ក៏​ដោយ​ដែល​ម្នាក់ៗ​ធ្វើ!» រាល់​ការ​ល្អ​ទាំង​អស់ ដែល​លោក​អ្នក​ធ្វើ មិន​ថា​តូច ឬ​ធំ​ក្ដី គឺ​ព្រះ​អម្ចាស់​ទត​ឃើញ​ទាំង​អស់ ទ្រង់​ក៏​ផ្ដល់​តម្លៃ​លើ​ការ​ទាំង​នោះ ហើយ​ទ្រង់​ក៏​នឹង​ប្រទាន​រង្វាន់​ដល់​ការ​ទាំង​នោះ​ដែរ។

ចូរ​ឈប់​គិត​ជា​ចម្បង​ទៅ​លើ​និយោជក​របស់​លោក​អ្នក​ចុះ តែ​ចូរ​ធ្វើ​ការ​ថ្វាយ​ព្រះ​អម្ចាស់​វិញ។

ព្រះ​អង្គ​នឹង​សង​លោក​អ្នក​ទាំង​អស់​វិញ។ នេះ​មិន​មែន​មាន​ន័យ​ថា លោក​អ្នក​បាន​ធ្វើ​អ្វី​មួយ​ដែល​សម​នឹង​ទទួល​បាន​ការ​តប​ស្នង​ពី​ទ្រង់​មក​វិញ រហូត​គិត​ថា ព្រះ​អង្គ​ជំពាក់​លោក​អ្នក​នោះ​ឡើយ។ ទ្រង់​ជា​ម្ចាស់​លើ​លោក​អ្នក​ផ្ទាល់ ក៏​ដូច​ជា​ម្ចាស់​លើ​ចក្រវាល​ទាំង​មូល​នេះ​ដែរ។ ទ្រង់​មិន​ជំពាក់​អ្វី​នឹង​យើង​នោះ​ទេ។ ប៉ុន្តែ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​នឹង​ប្រទាន​រង្វាន់​ដល់​យើង ចំពោះ​ការ​ល្អ​ទាំង​អស់​ដែល​យើង​បាន​ធ្វើ​នៅ​ក្នុង​ជំនឿ។

៥. ការ​លើក​ទឹក​ចិត្ត៖ ឋានៈ​តូច​តាច​នៅ​លើ​ផែនដី​នេះ​មិន​មែន​ជា​រនាំង​ឃាំង​យើង​ពី​រង្វាន់​ដ៏​ធំ​ធេង​នៅ​ស្ថានសួគ៌​នោះ​ឡើយ

ព្រះ​អម្ចាស់​នឹង​ប្រទាន​រង្វាន់​ចំពោះ​អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ «ទោះ (ក្នុង​នាម) ជា​បាវ​បម្រើ​ក្ដី ឬ​អ្នក​មាន​សេរីភាព​ក្ដី» ទោះ​បើ​និយោជក​របស់​លោក​អ្នក​គិត​ថា លោក​អ្នក​មិន​មែន​ជា​ស្អី​ក៏​ដោយ ឬ​ក៏​គ្រាន់​តែ​គិត​ថា​លោក​អ្នក​ជា​បាវ​បម្រើ ឬ​ក៏​គាត់​ទំនង​ថែម​ជា​គិត​ថា បើ​គ្មាន​លោក​អ្នក​ក៏​អត់​បញ្ហា​ដែរ។ ព្រះ​ជាម្ចាស់​ជ្រាប​ថា​លោក​អ្នក​មាន​ជីវិត ហើយ​នៅ​ចុង​បញ្ចប់ គ្មាន​កិច្ចការ​ណា​មួយ​ដែល​ធ្វើ​ដោយ​ពឹង​លើ​ជំនឿ ជា​កិច្ចការ​ដែល​ឥត​ប្រយោជន៍​នោះ​ឡើយ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ John Piper
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ, លោក ជួប ប៊ុនហាក់, ​និង​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

អ្នក​បង្កើត

ការ​សញ្ជឹងគិត