in ,

តើខ្មែរ​គួរ​ប្រារព្ធ​​បុណ្យ​ណូអែល​ដែរ​ឬ​ទេ?

ថ្មីៗនេះ ជន​ជាតិ​ខ្មែរ​យើង​បាន​ចាប់​ផ្ដើម​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ដោយ​តុបតែង រៀប​ភ្លើង និង​មាន​ដើម​ណូអែល។ ប៉ុន្តែ តើ​ពិធី​បុណ្យ​ណូអែល​គឺ​គ្រាន់​តែ​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​លោក​ខាង​លិច​មែន​ឬ? តើ​ជន​ជាតិ​ខ្មែរ​យើង​គួរ​ប្រារព្ធ​វា​ដែរ​ឬ​ទេ? តោះ! ចូរ​យើង​ត្រឡប់​ទៅ​គ្រា​ដំបូង​នៅ​ពេល​ពិធី​បុណ្យ​ណូអែល​បាន​ធ្វើ​ឡើង ហើយ​ឆ្លើយ​នូវ​សំណួរ​នេះ។

ពិធី​បុណ្យ​ណូអែល​គឺ​ជា​ការ​ប្រារព្ធ​អំពី​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ។ នៅ​រាត្រី​ដែល​ព្រះ​យេស៊ូវ​បាន​ប្រសូត​មក ទេវតា​ក៏​បាន​ទៅ​ប្រកាស​អំពី​ការ​ប្រសូត​របស់​ទ្រង់​ទៅ​កាន់​ពួក​អ្នក​គង្វាល​ចៀម។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​អំពី​អ្វី​ដែល​ទេវតា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គាត់​ដូច​ត​ទៅ៖ «កុំ​ខ្លាច​អី! ដ្បិត​មើល៍! ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​អំណរ​យ៉ាង​អស្ចារ្យ​សម្រាប់​មនុស្ស​ទាំង​អស់ ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ​សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ព្រះ​បាទ​ដាវីឌ គឺ​ព្រះ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់» (លូកា ២:១០)។

ទេវតា​បាន​ប្រាប់​ពួក​គាត់​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។ មាន​មនុស្ស​ជា​ច្រើន​រស់​នៅ​ដោយ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​វិញ្ញាណ សេចក្ដី​ស្លាប់ ឬ​ក៏​ស្ថាន​នរក «ដ្បិត​ឈ្នួល​របស់​បាប ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​របស់​ព្រះ​វិញ គឺ​ជីវិត​អស់​កល្ប​ជានិច្ច នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង» (រ៉ូម ៦:២៣)។។ ទេវតា​បាន​ប្រាប់​ពួក​អ្នក​គង្វាល​ចៀម​ថា ពួក​គាត់​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ទេ ពីព្រោះ​ពួក​ទេវតា​កំពុង​តែ​នាំ​មក​នូវ​ដំណឹង​ល្អ។ ដំណឹង​ល្អ​នេះ​គឺ​សម្រាប់​មនុស្ស​គ្រប់ៗ​រូប! មិន​មែន​គ្រាន់​តែ​សម្រាប់​ពួក​ជន​ជាតិ​អាមេរិក ឬ​ក៏​អ្នក​លោក​ខាង​លិច​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​គ្រប់ៗ​រូប​នៅ​លើ​ផែនដី​នេះ។ ព្រះ​យេស៊ូវ​បាន​ប្រសូត​នៅ​ប្រទេស​អ៊ីស្រាអែល ដែល​ជា​ទ្វីប​មួយ​នៃ​អាស៊ី។ ទោះ​បើ​ជន​ជាតិ​ខ្មែរ​យើង​ទើប​តែ​បាន​ដឹង​អំពី​ព្រះ​យេស៊ូវ​ថ្មីៗ​នេះ​ក៏​ដោយ​ក៏​ដំណឹង​ល្អ​នេះ​គឺ​សម្រាប់​ជាតិ​សាសន៍​យើង​ផង​ដែរ។

ទេវតា​បាន​ប្រាប់​ពួក​គង្វាល​ចៀម​ថា ព្រះ​អង្គ​សង្គ្រោះ​បាន​ប្រសូត​មក​ហើយ។ ដោយ​សារ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ធ្លាប់​បាន​ប្រព្រឹត្ត​អំពើ​បាប នោះ​យើង​ស័ក្ដិសម​នឹង​ទទួល​ការ​ថ្កោល​ទោស​ពី​ព្រះ​ជាម្ចាស់​ណាស់។ គ្មាន​អ្នក​ណា​នៅ​ក្នុង​ចំណោម​យើង​អាច​ទៅ​ស្ថាន​សួគ៌​បាន​ដោយ​ពឹង​លើ​ទង្វើ​ល្អៗ​របស់​ខ្លួន​បាន​ឡើយ។ យើង​ត្រូវ​ការ​នរណា​ម្នាក់ ដើម្បី​មក​សង្គ្រោះ​យើង​ចេញ​ពី​អំពើ​បាប​របស់​យើង «ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​របស់​ព្រះ» (រ៉ូម ៣:២៣)។ ហើយ​មាន​តែ​ព្រះ​យេស៊ូវ​គ្រីស្ទ​មួយ​អង្គ​គត់​ដែល​អាច​សង្គ្រោះ​យើង​ចេញពី​អំពើ​បាប​របស់​យើង​បាន ដ្បិត​ទ្រង់​គឺ​ជា​ព្រះ​អង្គ​សង្គ្រោះ​សម្រាប់​មនុស្ស​លោក​ទាំង​មូល។ ដូច្នេះ «បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្គ្រោះ​ដោយ​មាត់​ប្រកាស​ប្រាប់» (រ៉ូម ១០:៩-១០)។

យើង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល ពីព្រោះ​ប្រសិន​បើ​យើង​ជឿ​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ នោះ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​ដ៏​នៅ​អស់​កល្ប​ជានិច្ច​បាន។ តាម​រយៈ​ការ​ចាត់​ឲ្យ​ព្រះ​យេស៊ូវ​យាង​មក នោះ​ព្រះ​ជាម្ចាស់​បាន​ប្រទាន​នូវ​អំណោយ​ទាន​ដ៏​អស្ចារ្យ​ខ្លាំង​ជាង​គេ​បំផុត​មក​កាន់​មនុស្ស​លោក​យើង។ កណ្ឌ​គម្ពីរ យ៉ូហាន ៣:១៦ មាន​ចែង​ដូច​ត​ទៅ៖ «ដ្បិត​ព្រះ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ»។ នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​មនុស្ស​យើង​ប្ដូរ​កាដូ​ជា​មួយ​គ្នា​នៅ​ថ្ងៃ​បុណ្យ​ណូអែល គឺ​ដើម្បី​រម្លឹក​អំពី​ការ​ប្រទាន​នូវ​អំណោយ​ទាន​ដ៏​អស្ចារ្យ​បំផុត។

ប៉ុន្តែ យើង​មិន​គ្រាន់​តែ​ចងចាំ​អំពី​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​ទេ យើង​ក៏​ចង​ចាំ​អំពី​ការ​សុគត​របស់​ទ្រង់​ផង​ដែរ។ នៅ​ថ្ងៃ​មួយ​ព្រះ​យេស៊ូវ​នឹង​សុគត​នៅ​លើ​ឈើ​ឆ្កាង ប៉ុន្តែ​ព្រះ​អង្គ​នឹង​មាន​ព្រះ​ជន្ម​រស់​ពី​ការ​សុគត​ឡើង​វិញ។ សាវ័ក ប៉ុល បាន​សរសេរ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១៥:៣-៤៖ «ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​មក គឺ​ថា​ព្រះ​គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង ស្រប​តាម​បទ​គម្ពីរ ហើយ​ថា ព្រះ​អង្គ​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​តាម​បទ​គម្ពីរ»។ ដំណឹង​នេះ​នឹង​ប្រទាន​នូវ​អំណរ​ដ៏​ល្អ​អស្ចារ្យ​បំផុត​ទៅ​កាន់​មនុស្ស​គ្រប់ៗ​រូប ពីព្រោះ​យើង​មិន​ចាំ​បាច់​មាន​ការ​ភ័យ​ខ្លាច​លើ​សេចក្ដី​ស្លាប់ ស្ថាន​នរក ឬ​ក៏​អំពើ​បាប​ទៀត​ទេ​ប្រសិន​បើ​យើង​បាន​ទទួល​ជឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​ហើយ។

ដូច្នេះ ប្រសិន​បើ​បង​ប្អូន​ជា​ជន​ជាតិ​ខ្មែរ នោះ​បង​ប្អូន​ក៏​អាច​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​បាន​ដែរ។ ប្រសិន​បើ​បង​ប្អូន​បាន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​រួច​ហើយ នោះ​បង​ប្អូន​ក៏​អាច​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នេះ​ជា​មួយ​នឹង​ក្រុម​ជំនុំ​តាម​តំបន់​របស់​ខ្លួន​បាន​ដែរ ពីព្រោះ​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​កាន់​យើង​នូវ​អំណោយ​ទាន​ដ៏​អស្ចារ្យ​បំផុត។ ព្រះ​អង្គ​បាន​ដក​ចេញ​នូវ​ការ​ភ័យ​ខ្លាច​របស់​យើង ហើយ​បាន​ប្រទាន​មក​កាន់​យើង​នូវ​សេចក្ដី​សង្ឃឹម​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

និពន្ធដោយ៖ លោក Tyler Van Halteren
បកប្រែដោយលោក៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក វែល ណាថាន់ និងកញ្ញា សូន សុជាតា

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ប្រោសឲ្យយើងរស់

គ្មានព្រះវិញ្ញាណព្រះជាម្ចាស់