in

មូលហេតុដែលអ្នកជឿមិនគួររៀបការជាមួយអ្នកមិនជឿ

Should A Believer Marry An Unbeliever?

គ្រីស្ទបរិស័ទ​ដែល​នៅ​លីវ​ជា​ច្រើន ក្នុង​ប្រទេស​កម្ពុជា មាន​សំណួរ​មួយ​ក្នុង​គំនិត​ពួក​គាត់​ទាក់ទង​នឹង​ទំនាក់ទំនង​ខាង​ឯ​ស្នេហា «តើ​ខ្ញុំ​គួរ​រៀបការ​ជាមួយ​នឹង​អ្នក​មិន​ជឿ​ដែរ​ឬ​ទេ?» យោង​តាម​​ប្រវត្តិសាស្ត្រ ក្រុម​ជំនុំ​សកល​បាន​ឆ្លើយ​សំណួរ​នេះ​យ៉ាង​ច្បាស់​ថា «ទេ!»។

ជាទូទៅ គ្រីស្ទបរិស័ទ​បាន​គាំទ្រ​លើ​ទស្សនៈ​ថា អ្នក​ជឿ និង​អ្នក​មិន​ជឿ​មិន​គួរ​រៀបការ​ជាមួយ​គ្នា​នោះ​ឡើយ ដោយ​ពឹង​អាង​លើ​កណ្ឌ​គម្ពីរ ២កូរិនថូស ៦:១៤-១៨៖ «មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ ដ្បិត​តើ​សេចក្ដី​សុចរិត និង​សេចក្ដី​ទទឹង​ច្បាប់ មាន​អ្វី​ប្រកប​នឹង​គ្នា? ឬ​ពន្លឺ និង​សេចក្ដី​ងងឹត លាយឡំ​គ្នា​ដូច​ម្ដេច​បាន? តើ​ព្រះ​គ្រីស្ទ និង​អារក្សបេលាស​ត្រូវ​គ្នា​ដូចម្ដេច​បាន? ឬ​មួយ​អ្នក​ជឿ​មាន​ចំណែក​អ្វី​ជាមួយ​អ្នក​មិន​ជឿ? តើ​ព្រះ​វិហារ​របស់​ព្រះ និង​រូប​ព្រះ ត្រូវ​គ្នា​បាន​ឬ? ដ្បិត​យើង​ជា​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ ដូច​ព្រះ​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​នៅ​ក្នុង​គេ ហើយ​ដើរ​ជាមួយ​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង» ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ចេញ​ពី​កណ្ដាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ដោយ​ឡែក​ចេញ​ពី​ពួក​គេ កុំ​ប៉ះ​ពាល់​របស់​ស្មោក​គ្រោក​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​របស់​យើង នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត» (គកស)។

វា​ពិត​ជា​ច្បាស់​ណាស់​ដែល​ខ​គម្ពីរ​នេះ​មិន​បាន​លើក​ឡើយ​ចំៗ​ថា «កុំ​រៀបការ​ជាមួយ​អ្នក​មិន​ជឿ» ប៉ុន្តែ​យើង​ក៏​មិន​អាច​គេច​ផុត​ពី​ការ​ពាក់ព័ន្ធ និង​ការ​អនុវត្ត​នៃ​ខ​គម្ពីរ​នេះ​ទៅ​លើ​បរិបទ​នៃ​អាពាហ៍ពិពាហ៍​បាន​ដែរ។ ជីវិត​ខាង​ឯ​អាពាហ៍ពិពាហ៍ គឺ​ជា​ការ​ទឹមមួយ​ប្រភេទ ហើយ​សាវ័ក ប៉ុល បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា ការ​ទឹម​គឺ​មិន​មែន​សម្រាប់​អ្នក​ជឿ និង​អ្នក​មិន​ជឿ​ទេ។ គាត់​មិន​បាន​លើក​ឡើង​ថា អ្នក​ជឿ​មិន​គួរ​មិន​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​អ្នក​មិន​ជឿ​ឡើយ (១កូរិនថូស ៥:១០) ប៉ុន្តែ​គាត់​បាន​ហាម​មិន​ឲ្យ​ពួក​គេ​ទឹម​ជាមួយ​នឹង​គ្នា។ ខ្ញុំ​យល់​ឃើញ​ថា បទ​គម្ពីរ​នេះ​មាន​ការ​អនុវត្ត​លើស​ពី​ជីវិត​អាពាហ៍ពិពាហ៍​ទៅ​ទៀត ប៉ុន្តែ​ច្បាស់​ណាស់​ថា វា​ក៏​មាន​បូករួម​នឹង​ទំនាក់ទំនង​ផង​ដែរ។

ទោះ​បើ​យើង​ឃើញ​ថា មាន​តែ​ព្រះបន្ទូល​នៅ​កណ្ឌគម្ពីរ ២កូរិនថូស មួយ​ប៉ុណ្ណោះ​ដែល​ព្រះជាម្ចាស់​បាន​បើក​បង្ហាញ​ឲ្យ​ឃើញ​ពី​ព្រះហឫទ័យ​របស់​យ៉ាង​ច្បាស់​ទៅ​លើ​បញ្ហា​នេះ​ក៏​ដោយ ក៏​ខ្ញុំ​គួរ​ពិចារណា​លើ​បរិបទ​នៅ​ក្នុង​កណ្ឌគម្ពីរ​សញ្ញា​ចាស់​ផង​ដែរ។ គម្ពីរ​វិន័យ​បញ្ជា​យ៉ាង​ត្រង់ៗ​ឲ្យ​ទាស់​នឹង​អស់​អ្នក​ដែល​ទៅ​រៀប​ការ​ជាមួយ​នឹង​អ្នក​មិន​ជឿ។ ព្រះជាម្ចាស់​ដាក់​រាជបញ្ជា​ទាំង​អស់​នោះ​មិន​មែន​ដើម្បី​លើកស្ទួយ​ឧត្តមភាព​នៃ​ជាតិ​សាសន៍​របស់​អ៊ីស្រាអែល​ឡើយ ប៉ុន្តែ​គឺ​ដើម្បី​ការពារ​ទប់ទល់​មិន​ឲ្យ​មាន​សាសន៍​ដទៃ​បង្វែរ​ពួកគេ​ចេញ​ពី​ជំនឿ​លើ​ព្រះ​ដ៏​ពិត​របស់​ពួកគេ​ឡើយ។ សូម​មើល​ឧទាហរណ៍​នៅ​កណ្ឌគម្ពីរ ចោទិយកថា ៧:៣-៤ បាន​ចែង​ថា «ក៏​មិន​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​គេ ឬ​ឲ្យ​កូន​ស្រី​ឯង​ទៅ​កូន​ប្រុស​គេ ហើយ​យក​កូន​ស្រី​គេ​មក​ឲ្យ​កូន​ប្រុស​ឯង​នោះ​ដែរ ដ្បិត​គេ​នឹង​បង្វែរ​កូន​ឯង​ពី​អញ​ចេញ ឲ្យ​ទៅ​គោរព​ប្រតិបត្តិ​តាម​ព្រះ​ដទៃ យ៉ាង​នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​កាត់​ឡើង​ទាស់​នឹង​ឯង​រាល់​គ្នា ហើយ​ទ្រង់​នឹង​បំផ្លាញ​ឯង​ចេញ​ជា​ឆាប់»។ ការ​ហាម​ប្រាម​របស់​ព្រះជាម្ចាស់​គឺ​ជា​ឧទាហរណ៍​មួយ​ដែល​ទ្រង់​សម្ដែង​ក្តី​មេត្តាករុណា​ចំពោះ​រាស្ត្រ​ទ្រង់ ដើម្បី​រក្សា​ចិត្ត​របស់​ពួកគេ​ពី​ការ​ធ្លាក់​ទៅ​ក្នុង​ការ​ថ្វាយបង្គំ​រូប​ព្រះ។

មុន​នឹង​បន្ថែម​អ្វី​នៅ​ត្រង់​ចំណុច​ខាង​លើ ខ្ញុំ​ត្រូវ​សិក្សា​លើ​កណ្ឌគម្ពីរ ១កូរិនថូស ៧:៣៩ ជាមុន ពីព្រោះ​ខ​គម្ពីរ​នោះ​បាន​លើក​ឡើង​អំពី​ជីវិត​អាពាហ៍ពិពាហ៍​ទាក់ទង​នឹង​អស់​អ្នក​ដែល​ធ្លាប់​បាន​លែង​គ្នា។ ក្នុង​ករណី​នេះ ពោះម៉ាយ/ស្ត្រី​មេម៉ាយ​មាន​សេរីភាព​នឹង​រៀបការ​ជា​ថ្មី​ម្ដង​ទៀត​បាន ប៉ុន្តែ​រៀបការ​បាន​តែ​ជាមួយ​អ្នក​ដែល «ក្នុង​ព្រះ​អម្ចាស់» ប៉ុណ្ណោះ។ កុំ​ឲ្យ​ច្រឡំ​ថា ខ​គម្ពីរ​ត្រង់​នេះ គ្រាន់តែ​សំដៅ​លើ​តែ​ពោះម៉ាយ ឬ​មេម៉ាយ​នោះ​ទេ តែ​ក៏​សំដៅ​លើ​អ្នក​មិន​ទាន់​រៀប​ការ​ផង​ដែរ។ បរិបទ​ក្នុង​ការ​បង្ហាត់​បង្រៀន​ក្នុង​កណ្ឌ​គម្ពីរ កូរិនថូស ទី១ ក៏​មាន​រួម​ទាំង​ការ​បង្គាប់​ដ៏​ជាក់​លាក់​សម្រាប់​អ្នក​ជឿ​ដែល​បាន​រៀបការ​ជា​មួយ​នឹង​អ្នក​មិន​ជឿ ឲ្យ​ពួក​គាត់​បន្ត​រស់នៅ​ក្នុង​ជីវិត​ខាង​ឯ​អាពាហ៍ពិពាហ៍​ជា​មួយ​គ្នា (ខ១២-១៦)។

តើ​ហេតុ​អ្វី​បាន​ជា​សាវ័ក ប៉ុល លើក​ឡើង​ចំៗ​អំពី​ចំណុច​ដែល​ថា អ្នក​ជឿ​មិន​គួរ​លែងលះ​ប្ដី​ឬ​ប្រពន្ធ​ខ្លួន​ដែល​មិន​មែន​ជា​អ្នក​ជឿ? ប្រសិនបើ​សាវ័ក ប៉ុល បាន​បង្គាប់​អ្នក​ជឿ​ដែល​បាន​រៀបការ​ជា​មួយ​នឹង​អ្នក​មិន​ជឿ​ឲ្យ​រួមរស់​ជាមួយ​គ្នា​រហូត នោះ​មាន​ន័យ​យ៉ាង​ច្បាស់​ថា បុគ្គល​ទាំង​ពីរ​នោះ​មិន​គួរ​នឹង​រៀបការ​គ្នា​តាំង​ពី​ដើម​មក​ម៉្លេះ។ សេចក្ដី​សន្និដ្ឋាន​របស់​សាវ័ក ប៉ុល ក្នុង​បរិបទ​នៃ​អាពាហ៍ពិពាហ៍​រវាង​អ្នក​ជឿ និង​អ្នក​មិន​ជឿ​គឺ​ថា អ្នក​ទាំង​ពីរ​គួរ​នៅ​បន្ត​ជីវិត​អាពាហ៍ពិពាហ៍​ជា​មួយ​គ្នា​រហូត ដោយ​ដឹង​ថា​ចំណុច​ល្អ​អាច​នឹង​កើត​ឡើង​ចេញ​ពី​ការ​នោះ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ត្រូវ​យក​ឃ្លា​ដែល​ថា ចំណុច​ល្អ​អាច​នឹង​កើត​ចេញ​ពី​អាពាហ៍ពិពាហ៍​រវាង​អ្នក​ជឿ​និង​អ្នក​មិន​ជឿ មក​ប្រើ​ជា​ហេតុ​ផល​ដែល​ថា អ្នក​ជឿ​គួរ​ព្យាយាម​រៀបការ​ជា​មួយ​នឹង​អ្នក​មិន​ជឿ​ឡើយ។ ទោះ​បើ​ព្រះ​ជាម្ចាស់​អាច​នាំ​មក​នូវ​ការ​ញែក​ជា​បរិសុទ្ធ ឬ​ក៏​ការ​សង្គ្រោះ​ចេញ​ពី​អំពើ​បាប​ណា​មួយ​ក៏​ដោយ ក៏​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គួរ​ប្រព្រឹត្ត​បាប ដើម្បី​ឲ្យ​ការ​ល្អ​ចេញ​ពី​ការ​នោះ​ឡើយ។ ដ្បិត​កណ្ឌ​គម្ពីរ រ៉ូម ៦:១-២ បាន​ចែង​ថា «ដូច្នេះ យើង​នឹង​ថា​ដូច​ម្ដេច? តើ​ត្រូវ​ឲ្យ​យើង​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះ​គុណ​បាន​ចម្រើន​ឡើង​ឬ​អី? ទេ! មិន​ត្រូវ​ឡើយ! ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ បាន​នៅ​រស់​ក្នុង​អំពើ​បាប​ទៀត​បាន!»។

និយាយ​ឲ្យ​ចំ​ទៅ ខ្ញុំ​គួរ​តែ​ស្វែង​រក​មូល​ហេតុ​ចម្បងៗ​ដែល​ជំរុញ​ចិត្ត​អ្នក​ជឿ​ឲ្យ​ចង់​រៀបការ​ជា​មួយ​នឹង​អ្នក​មិន​ជឿ។ ហេតុ​អ្វី​បាន​ជា​អ្នក​ជឿ​ចង់​ទៅ​រៀបការ​ជា​មួយ​នឹង​អ្នក​មិន​ជឿ? តើ​គេ​មាន​ភាព​ដូច​គ្នា​ដ៏​សំខាន់​ដល់​ថ្នាក់​ណា​ដែល​បណ្ដាល​ឲ្យ​គេ​ចង់​រៀប​ការ​ជា​មួយ​នឹង​គ្នា? ក្ដី​សង្ឃឹម​របស់​ពួក​គេ​ខុស​គ្នា ជំនឿ​របស់​ពួក​គេ​ខុស​គ្នា ក្ដី​ស្រឡាញ់​របស់​ពួក​គេ​ខុស​គ្នា អំណរ​អរ​របស់​ពួក​គេ​ខុស​គ្នា ការ​រាប់​ថា​ខុស​ឬ​ត្រូវ​របស់​ពួក​គេ​ខុស​គ្នា ប្រភព​នៃ​អំណាច​ដ៏​ខ្ពស់​របស់​ពួក​គេ​ខុស​គ្នា ហើយ​ទស្សនៈ​ផ្សេងៗ​របស់​ពួក​គេ​ក៏​ខុស​គ្នា សរុប​សេចក្ដី​មក​តើ «ពន្លឺ និង​សេចក្ដី​ងងឹត លាយឡំ​គ្នា​ដូច​ម្ដេច​បាន?» ដូច​ដែល​សាវ័ក ប៉ុល បាន​សរសេរ​ក្នុង​កណ្ឌ​គម្ពីរ កូរិនថូស ទី២។ ព្រះ​យេស៊ូវ​គឺ​ជា​ចំណុច​ចម្បង​នៃ​សេចក្ដី​ស្នេហា​របស់​អ្នក​ជឿ​គ្រប់ៗ​រូប ហើយ​រាល់​អ្វីៗ​ដែល​ពួកគេ​ពិត​ជា​ប្រាថ្នា​ចង់​បាន​ គឺ​ពួកគេ​អាច​រក​ឃើញ​តាមរយៈ​ការ​ដែល​គាត់​កាន់​តែ​ស្គាល់​ទ្រង់។ ប្រសិនបើ​គោល​បំណង​នៃ​ជីវិត​អាពាហ៍ពិពាហ៍​គឺ ដើម្បី​ញែក​យើង​កាន់តែ​បរិសុទ្ធ ជា​ជាង​ឲ្យ​យើង​គ្រាន់​តែ​មាន​ភាព​អរសប្បាយ នោះ​មាន​ន័យ​ថា យើង​មិន​គួរ​រៀបការ​ជា​មួយ​នឹង​នរណា​ម្នាក់​ដែល​គ្រាន់​តែ​ចង់​បំពេញ​សេចក្ដី​ប្រាថ្នា​ខាង​ឯ​សាច់​ឈាម​នោះ​ឡើយ ប៉ុន្តែ​គួរ​រៀប​ការ​ជាមួយ​អ្នក​ដែល​នឹង​ជួយ​បំពេញ​បន្ថែម​ខាងឯវិញ្ញាណ​នៃ​ស្រែក​ឃ្លាន​របស់​យើង​ចំពោះ​ព្រះគ្រីស្ទ​វិញ។

កំណត់​យោង
១. សូម​ចាំ​ថា ត្រង់​នេះ ខ្ញុំ​កំពុង​រៀបរាប់​អំពី​ការ​ដែល​បុគ្គល​ម្នាក់​តាម​ស្រឡាញ់​បុគ្គល​ម្នាក់​ទៀត ខ្ញុំ​មិន​មែន​កំពុង​មាន​ប្រសាសន៍​លើ​ការដែល​អ្នក​ជឿ និង​អ្នក​មិន​ទាន់​ជឿ​រៀបការ​ហើយ​នោះ​ទេ។ ព្រះ​បន្ទូល​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ហើយ​ថា អ្នក​ជឿ និង​អ្នក​មិន​ជឿដែល​បាន​រៀបការ​រួច​ហើយ គួរ​នៅ​បន្ត​រៀបការ​ជាមួយ​គ្នា (១កូរិនថូស ៧:១២-១៦)។
២. នៅ​ពេល​ដែល​សាវ័ក ម៉ាថាយ និង​សាវ័ក ម៉ាកុស​សរសេរ​អំពី​ការ​ដែល​ព្រះ​ជាម្ចាស់ «ផ្សំផ្គុំ» បុរស​និង​ស្ត្រី​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ពួក​គាត់​បាន​ប្រើពាក្យ​ឫស​ជា​ភាសា​ក្រិក​​ដែល​បកប្រែ​ជា​ភាសា​ខ្មែរថា «នឹម» (ម៉ាថាយ ១៩:៦; ម៉ាកុស ១០:៩)។ ឫស​នៃ​ពាក្យ​នេះ គឺ​ដូច​គ្នាទៅ​នឹង​ពាក្យ​ដែល​មាន​ប្រើ​ក្នុង​កណ្ឌ​គម្ពីរ ២កូរិនថូស ៦។ និយាយ​ម្យ៉ាង​វិញ​ទៀត កិរិយាសព្ទ​ដែល​មាន​ប្រើ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៩; ម៉ាកុស ១០ និង​២កូរិនថូស ៦ គឺ​ជា​កិរិយាសព្ទ​ដែល​ទាក់ទង​គ្នា​ទៅ​នឹង​ពាក្យ​ឫស។ ព្រះ​ជាម្ចាស់​បាន «ទឹម​នឹម» បុរស និង​ស្ត្រីឲ្យ​កាន់​តែ​ក្លាយ​ទៅ​ជា​សាច់​តែ​មួយ​ក្នុង​ទំនាក់ទំនង។
៣. ឧទាហរណ៍៖ ចំណុច​នេះ​ក៏​យើង​អាច​យក​ទៅ​អនុវត្ត​ក្នុង​បរិបទ​នៃ​ការ​រក​ស៊ី​បាន​ផង​ដែរ។ ចំណុច​ដ៏​សំខាន់​ដែល​យើង​ទាំង​អស់​គ្នាត្រូវ​ចាំ​នោះ​គឺ ព្រះ​បន្ទូល​មិន​បាន​ហាម​យើង​មិន​ឲ្យ​រាប់​អាន​ជា​មួយ​នឹង​អ្នក​មិន​ជឿ​នោះ​ឡើយ ប៉ុន្តែ​ព្រះ​បន្ទូល​បាន​ហាម​មិន​ឲ្យ​យើងរៀបការ​ជា​មួយ​អ្នក​មិន​ជឿ។
៤. យើង​ក៏​អាច​លើក​ចំណុច​នេះ​ទាក់ទង​នឹង​ពេល​ដែល​គេ​កំពុង​តាម​ស្រឡាញ់​គ្នា​បាន​ផង​ដែរ។ ព្រះ​ជាម្ចាស់​មាន​វិធី​ច្រើន​ណាស់​ក្នុង​ការដែល​ទ្រង់​ផ្គត់ផ្គង់ ហើយ​បំពេញ​ភាព​ឯកា​សម្រាប់​មនុស្ស​លោក៖ ការ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​ក្នុង​អ្នកជឿ ជីវិត​ខាង​ឯអាពាហ៍ពិពាហ៍ ក៏​ដូច​ជា​សហគមន៍​នៃ​អ្នក​ជឿ​ដែល​យើង​ហៅ​ថា «ក្រុម​ជំនុំ»។ ព្រះ​អង្គ​មិន​បាន​បម្រុង​ឲ្យ​យើង​មាន​ការ​ស្កប់​ចិត្ត​នឹងសេចក្ដី​ប្រាថ្នា​របស់​យើង​តាម​រយៈ​ទំនាក់ទំនង​ស្នេហា​ដែល​គ្មាន​គោល​បំណង​ក្នុង​ការ​រៀប​ការ​ឡើយ។ ប្រសិនបើ​គោលបំណង​នៃ​ការ​តាម​ស្រឡាញ់​គ្នា​គឺ ដើម្បី​ឲ្យ​បាន​រៀបការ ហើយ​ប្រសិនបើ​ព្រះ​ជាម្ចាស់​បាន​ហាម​មិន​ឲ្យ​រៀបការ​ជា​មួយ​នឹង​អ្នក​មិន​ជឿនោះ​មាន​ន័យ​ថា ការ​ដែល​អ្នក​ជឿ​ចង់​មាន​ស្នេហា​ជា​មួយ​អ្នក​ដែល​មិន​បាន​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ គឺ​ពិត​ជា​រឿង​ដ៏​ល្ងីល្ងើ។
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់ និង​ លោក វ៉ែល ណាថាន
ដកស្រង់ខ្លះៗចេញពី www.thevillagechurch.net ដោយមានការអនុញ្ញាត។
©២០០៩ The Village Church. All rights reserved
ធនធាន​បន្ថែម៖
Sacred Sex by Gary Thomas
Sex and the Supremacy of Christ by John Piper and Justin Taylor

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply
  1. អត់ទោស ចុះប្រសិនបើ មនុស្ស2នាក់ស្គាល់យូរហើយ លុះក្រោយមកទើបមានជំនឿដោយមិនទាន់រៀបការ ហើយ បើមានភាគគីតែម្ខាងដែលជឿ ហើយម្ខាងមិនជឿ តែអ្នកមិនជឿស័គ្រចិត្តរស់នៅជាមួយតើ អ្នកដែលជឿគួររៀបការជាមួយទេ???

  2. ក្នុង​អត្ថបទ​មួយ​ទៀត​ដូច​ត​ទៅ៖

    សូម​អាន​ថែម​នៅ​ក្នុង៖ http://plovpit.com/marriage-believer-unbeliever/

    ៧. ការ​រៀបចំ​ពិធី​មង្គលការ​របៀប​គ្រីស្ទបរិស័ទ​មិនមែន​មាន​ន័យ​ថា បងប្អូន​នឹង​មាន​ជីវិត​អាពាហ៍ពិពាហ៍​ជា​គ្រីស្ទបរិស័ទ​ទេ

    បងប្អូន​ទំនងជា​បាន​សម្រេចចិត្ត​ថា នឹង​រៀបការ​ជាមួយ​អ្នកមិនជឿ ហើយ​ក៏​គិត​ដែរ​ថា នោះ​មិនមែន​ជា​បញ្ហា​ទេ ព្រោះ​ដៃគូ​របស់​បងប្អូន​បាន​អនុញ្ញាត​ឲ្យ​បងប្អូន​ធ្វើ​តាម​ពិធី​បែប​ជា​គ្រីស្ទ​បរិស័ទ។ ការ​នេះ​បណ្ដាល​ឲ្យ​បងប្អូន​គិត​ថា ដៃគូ​របស់​បងប្អូន​ប្រហែលជា​កំពុង​បើក​ចិត្ត​ចង់​ឮ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ក៏​មិន​ដឹង ទោះបើ​ពួកគាត់​មិន​ទាន់​ជឿ​នៅ​ឡើយ​ក៏​ដោយ។ ប៉ុន្តែ ចូរ​ដឹង​ឲ្យ​ប្រាកដ​ថា ទោះបើ​បងប្អូន​រៀបចំ​ពិធី​មង្គលការ​បែប​ជា​គ្រីស្ទ​បរិស័ទ​ក៏​ដោយ ក៏​នោះ​គ្មាន​ប្រយោជន៍​អ្វី​ដែរ ប្រសិនបើ​ដៃគូ​របស់​បងប្អូន​មិន​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ! ព្រះ​ជាម្ចាស់​មិន​ខ្វល់​ពី​សម្បក​ក្រៅ​របស់​បងប្អូន​ទេ ប៉ុន្តែ​ទ្រង់​ខ្វល់​ពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​បងប្អូន​វិញ។ សាសន៍​អ៊‌ីស្រាអែល​បាន​បន្ត​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​ជាម្ចាស់ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​ពួកគាត់​មិន​បាន​ជឿ​លើ​ព្រះអង្គ​ទេ «ដ្បិត​យើង​ចង់​បាន​សេចក្តី​ស្រឡាញ់​ដែល​ឥត​ប្រែប្រួល មិន​មែន​យញ្ញ​បូជា​ទេ គឺ​ចង់​ឲ្យ​អ្នក​ស្គាល់​ព្រះ ជា​ជាង​ការ​ថ្វាយ​តង្វាយ​ដុត» (ហូសេ ៦:៦ គកស)។ បើ​បងប្អូន​ពិត​ជា​ស្រឡាញ់​ព្រះ​ជាម្ចាស់​មែន នោះ​បងប្អូន​នឹង​ហ៊ាន​ដើរ​ក្នុង​របៀប​ដ៏​ត្រឹមត្រូវ​ដោយ​ពឹងអាង​លើ​អំណាច​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​បងប្អូន​ជា​មិន​ខាន។ ប៉ុន្តែ ប្រសិនបើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មិន​គង់​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ទេ នោះ​បងប្អូន​ក៏​នឹង​មិន​អាច​រស់នៅ​ក្នុង​របៀប​ដែល​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​ជាម្ចាស់​បាន​ដែរ។ កណ្ឌគម្ពីរ រ៉ូម ៨:៧-៨ បាន​ចែង​ថា «ព្រោះ​គំនិត​ដែល​គិត​អំពី​សាច់ឈាម នោះ​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះចូល​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះចូល​បាន​ផង ហើយ​អស់​អ្នក​ណា​ដែល​រស់នៅ​ខាង​សាច់ឈាម ពុំ​អាច​គាប់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ» (គកស)។ កុំ​ច្រឡំ​ថា បើ​បងប្អូន​ទៅ​រៀបការ​ជាមួយ​អ្នកមិនជឿ​ដោយ​ធ្វើ​កម្មវិធី​បែប​ជា​គ្រីស្ទបរិស័ទ នោះ​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឡើយ។ តាមពិត ការ​នេះ​ជា​ការ​ដ៏​អាក្រក់​បំផុត ដោយសារ​បងប្អូន​ធ្វើ​ឲ្យ​ដៃគូ​របស់​បងប្អូន​ដែល​មិនមែន​ជា​អ្នកជឿ​នោះ​មាន​មុខ​ពីរ​ដោយ​បង្ហាញ​សម្បក​ក្រៅ​ថា ខ្លួន​ជា​អ្នកជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ តែ​ធាតុពិត​ក្នុង​ចិត្ត​គាត់​មិន​បាន​ជឿ​ទេ «សូម​កុំ​យល់​ច្រឡំ គ្មាន​អ្នក​ណា​បញ្ឆោត​ព្រះ​បាន​ទេ ដ្បិត​អ្នកណា​សាប​ព្រោះ​ពូជ​អ្វី គេ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង» (កាឡាទី ៦:៧ គកស)។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះ​គុណ​ប្រសើរ​ជាង​

ចិត្ត​ស្អប់​អំពើ​បាប