in

ស្រឡាញ់ស្រឡាញ់ សើចសើច យំយំ ខឹងខឹង អស្ចារ្យអស្ចារ្យ

តើ​អ្នក​ជឿ​គួរ​រៀបការ​ជា​មួយ​អ្នក​មិន​ជឿ?

ខ្ញុំ​ធ្លាប់​បាន​ឮ​ពី​មូលហេតុ​ជា​ច្រើន​ដែល​គ្រីស្ទបរិស័ទ​បាន​លើកឡើង​ទាក់ទង​នឹង​ការ​ដែល​ពួកគាត់​សុខចិត្ត​ជ្រើសរើស​ទៅ​រៀបការ​ជាមួយ​អ្នកមិនជឿ៖ នារី​មួយ​ចំនួនបាន​គិត​ថា «គ្មាន​បុរស​ដែល​សង្ហា ហើយ​ល្អ​នៅ​ក្នុង​ក្រុមជំនុំ​របស់​ពួកគាត់ ដែល​ពួកគាត់​មិន​ស័ក្តិសម​ក្លាយ​ជា​គូអនាគត​របស់​ខ្ញុំ​ទេ» ហើយ​ក៏​មាន​នារី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​គ្រួសារ​ខ្លួន​រៀបចំ​ឲ្យ​រៀបការ​ជាមួយ​អ្នកមិនជឿ ដូច្នេះ​ហើយ​ទើប​ពួកគាត់​ចុះចូល​ធ្វើ​តាម និង​គោរព​តាម​កម្មវិធី​ដែល​មាន​នៅ​ក្នុង​អាពាហ៍ពិពាហ៍​ដែល​មិនមែន​ជា​កម្មវិធី​បែប​គ្រីស្ទបរិស័ទ គឺ​វា​ទាក់ទង​នឹង​ជំនឿ និង​ការ​គោរព​ថ្វាយបង្គំ​វិញ្ញាណ​ផ្សេងៗ​នៅ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​នោះ។ ហើយ​មូលហេតុ​ដែល​បុរស​មួយ​ចំនួន​សម្រេចចិត្ត​រៀបការ​ជាមួយ​អ្នកមិនជឿ ដោយសារ​ពួកគាត់​ធ្វើ​តាម​យោបល់​របស់​មនុស្ស​ផ្សេងៗ ឬ​ក៏​លើកឡើង​ថា «ខ្ញុំ​ស្រឡាញ់​នាង​ខ្លាំង​ណាស់! ខ្ញុំ​មិន​អាច​អត់​នាង​បាន​ទេ!» ហើយ​ខ្លះ​ទៀត​គិត​ថា ពេល​បាន​រៀបការ​ជាមួយ​អ្នកមិនជឿ​ហើយ នោះ​គាត់​នឹង​នាំ​ដៃគូ​របស់​ខ្លួន​ឲ្យ​ទទួល​ជឿ​តាម​ក្រោយ។

ប៉ុន្តែ តើ​ទាំង​នេះ​ជា​មូលហេតុ​ដ៏​ពិតប្រាកដ ឬ​ក៏​គ្រាន់តែ​ជា​លេស​គេចវេស​ពី​ការ​ស្ដាប់បង្គាប់​តាម​ព្រះបន្ទូល​របស់​ព្រះ​ជាម្ចាស់? ខ្ញុំ​ជឿ​ថា គ្រីស្ទបរិស័ទ​ទាំងអស់​សុទ្ធតែ​បាន​ដឹង​យ៉ាង​ច្បាស់​ហើយ​ថា ខ្លួន​មិន​គួរ​រៀបការ​ជាមួយ​អ្នកមិនជឿ​នោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​ជា​បញ្ហា​នាំ​ពួកគាត់​ឲ្យ​រៀបការ​ជាមួយ​អ្នកមិនជឿ​គឺ​ត្រង់​ថា គាត់​មិន​មាន​ជំនឿ​រឹងមាំ​ក្នុង​ការ​ដើរតាម​មាគ៌ា​របស់​ព្រះ​ជាម្ចាស់។ ដូច្នេះ​ហើយ​បាន​ជា​ពួកគាត់​អនុញ្ញាត​ឲ្យ​អារម្មណ៍​មក​គ្រប់គ្រង​លើ​ខ្លួន និង​ធ្វើ​ជា​ម្ចាស់​លើ​ខ្លួន ក៏​ដូច​ជា​ធ្វើ​ការ​សម្រេចចិត្ត​ដោយ​ពឹង​លើ​ខ្លួន​ឯង ជាជាង​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់​ធ្វើ​ជា​អម្ចាស់​លើ​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​វិញ។ អ្វី​ដែល​យើង​ខ្ញុំ​កំពុងតែ​អធិស្ឋាន​សម្រាប់​បងប្អូន គឺ​ចង់​ឲ្យ​បងប្អូន​ជ្រើសរើស​ដើរតាម​មាគ៌ា​ដ៏​ល្អ​ដែល​ស្របតាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​ដូច​ដែល​ទ្រង់​បាន​បើកសម្ដែង​ដល់​បងប្អូន​តាមរយៈ​ព្រះបន្ទូល​ទ្រង់​នៅ​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ ហើយ​ដោយសារ​ទ្រង់​បាន​បើកសម្ដែង នោះ​មាន​ន័យ​ថា បងប្អូន​ក៏​ត្រូវ​ចុះចូល​ស្ដាប់បង្គាប់​តាម​ទ្រង់​ផង​ដែរ។ ត្រង់​នេះ​គឺ​មាន​ន័យ​ថា បងប្អូន​មិន​ត្រូវ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកមិនជឿ​ឡើយ ឬ​ក៏​ត្រូវ​ហ៊ាន​ផ្តាច់​ពាក្យ​ជាមួយ​អ្នកមិនជឿ​ដោយ​មិន​រៀបការ​ជាមួយ​គាត់។ តាមរយៈ​ការ​ធ្វើ​បែប​នេះ បងប្អូន​នឹង​អាច​គេច​ផុត​ពី​ការ​ឈឺចាប់ ឬ​ក៏​ទុក្ខលំបាក​ផ្សេងៗ។

ប៉ុន្តែ ចូរ​បងប្អូន​កុំ​គ្រាន់តែ​ពឹង​លើ​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង តែ​ចូរ​យើង​នាំ​គ្នា​មើល​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង។ តើ​ព្រះ​ជាម្ចាស់​ពិត​ជា​មាន​បន្ទូល​បង្គាប់​ដល់​គ្រីស្ទបរិស័ទ​ឲ្យ​រៀបការ​តែ​ជាមួយ​គ្រីស្ទបរិស័ទ​ដូចគ្នា​មែន​ឬ? ប្រាកដ​ណាស់! ព្រះ​ជាម្ចាស់​ពិតជា​មាន​បន្ទូល​នៅ​ក្នុង​ព្រះ​គម្ពីរ​ទាក់ទង​នឹង​ការ​ដែល​គ្រីស្ទបរិស័ទ​ត្រូវ​រៀបការ​តែ​ជាមួយ​គ្រីស្ទបរិស័ទ ហើយ​អ្នកជឿ​មិន​ត្រូវ​រៀបការ​ជាមួយ​អ្នកមិនជឿ​ឡើយ។ ចំណុច​ខាងក្រោម​នេះ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​បងប្អូន​តាមរយៈ​ព្រះ​គម្ពីរ​ទាក់ទង​នឹង​ការ​រៀបការ៖

១. ព្រះ​ជាម្ចាស់​ជា​អង្គ​បង្កើត​អាពាហ៍ពិពាហ៍​មិន​មែន​បងប្អូន

ខ្ញុំ​លើកឡើង​ពី​ហេតុផល​នេះ​ជា​ដំបូង ពីព្រោះ​វា​ជា​ហេតុផល​ដែល​បងប្អូន​ងាយ​នឹង​ភ្លេច។ តើ​ព្រះ​ជាម្ចាស់​មាន​សិទ្ធ​បញ្ជា​ឲ្យ​បងប្អូន​ស្វែងរក​លក្ខណសម្បត្តិ​នៃ​បុគ្គល​បែប​ណា​ដែល​បងប្អូន​រៀបការ​ជាមួយ? ព្រះ​អង្គ​មាន​សិទ្ធ ដោយសារ​ទ្រង់​ជា​ព្រះ​អាទិករ ជា​អង្គ​ដែល​បង្កើត​បងប្អូន និង​ជា​អង្គ​ដែល​ធ្វើ​ឲ្យ​មាន​ជីវិត​អាពាហ៍ពិពាហ៍​កើត​ឡើង​សម្រាប់​មនុស្សលោក។ ដូច្នេះ គ្មាន​នរណា​មាន​សិទ្ធ​ធំ​ជាង​ព្រះ​ជាម្ចាស់​ឡើយ! នៅពេល​ដែល​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល នោះ​បងប្អូន​ត្រូវតែ​ស្ដាប់បង្គាប់​តាម ហើយ​ចុះចូល។ បងប្អូន​មិនមែន​ជា​អ្នក​បង្កើត​ឲ្យ​មាន​ជីវិត​អាពាហ៍ពិពាហ៍​ឡើង​ទេ ហើយ​ឪពុកម្ដាយ ឬ​សាច់ញាតិ​បងប្អូន ឬ​ក៏​វប្បធម៌​ក៏​មិនមែន​ជា​អ្នក​បង្កើត​នោះ​ដែរ តែ​ព្រះ​ជាម្ចាស់​ជា​អង្គ​ដែល​បង្កើត​ឲ្យ​មាន​ឡើង​វិញ​ទេ​តើ។ ព្រះ​ជាម្ចាស់​ជា​អង្គ​ដែល​បង្កើត​ឲ្យ​មាន​ជីវិត​អាពាហ៍ពិពាហ៍ (លោកុប្បត្ដិ ២:២៤-២៥)។ ហេតុដូច្នេះហើយ​បាន​ជា​ព្រះ​ជាម្ចាស់​មាន​សិទ្ធ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​បញ្ជា​ឲ្យ​បងប្អូន​​រៀបការ​ជាមួយ​បុគ្គល​ដែល​មាន​លក្ខណៈ​បែប​ណា ក៏​ដូច​ជា​មាន​ព្រះ​បន្ទូល​ពី​អត្ថន័យ​ដ៏​ត្រឹមត្រូវ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​សម្រាប់​បងប្អូន​ផង​ដែរ។ សំណួរ​សួរ​ថា តើ​បងប្អូន​នឹង​ជ្រើសរើស​ស្ដាប់បង្គាប់​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ? ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​បងប្អូន​ស្ដាប់បង្គាប់ ហើយ​ចុះចូល​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ​អាទិករ ព្រោះ​ព្រះ​អង្គ​ជា​ព្រះ​ដ៏​ល្អ ហើយ​ទ្រង់​ក៏​កំពុងតែ​រៀបចំ​បុគ្គល​ណា​ម្នាក់​ដែល​ស័ក្តិសម​សម្រាប់​បងប្អូន​នៅ​ខាង​មុខ​ផង​ដែរ បើ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​បងប្អូន​រៀបការ។

២. កុំ​ឲ្យ​ទឹម​នឹម​ស្រៀក​ជា​១មួយនឹង​អ្នកមិនជឿ​ឡើយ

ខគម្ពីរ​ដែល​និយាយ​ច្បាស់​ជាងគេ​ទាក់ទង​នឹង​សេចក្តី​ពិត​អំពី​ការ​ដែល​អ្នកជឿ​មិន​ត្រូវ​រៀបការ​ជាមួយ​អ្នកមិនជឿ គឺ​នៅ​ក្នុង​កណ្ឌគម្ពីរ ២កូរិនថូស ៦:១៤-១៨ «មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នកមិនជឿ​ឡើយ ដ្បិត​តើ​សេចក្តី​សុចរិត និង​សេចក្ដី​ទទឹង​ច្បាប់ មាន​អ្វី​ប្រកប​នឹង​គ្នា? ឬ​ពន្លឺ និង​សេចក្ដី​ងងឹត លាយឡំ​គ្នា​ដូច​ម្តេច​បាន? តើ​ព្រះ​គ្រីស្ទ និង​អារក្សបេលាល​ត្រូវ​គ្នា​ដូច​ម្ដេច​បាន? ឬ​មួយ​អ្នកជឿ​មាន​ចំណែក​អ្វី​ជាមួយ​អ្នកមិនជឿ? តើ​ព្រះ​វិហារ​របស់​ព្រះ និង​រូប​ព្រះ ត្រូវ​គ្នា​បាន​ឬ? ដ្បិត​យើង​ជា​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ ដូច​ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​នៅ​ក្នុង​គេ ហើយ​ដើរ​ជា​មួយ​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង»។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ចេញ​ពី​កណ្តាល​ពួកគេ​ទៅ ហើយ​ញែក​ខ្លួន​ដោយ​ឡែក​ចេញ​ពី​ពួកគេ កុំ​ប៉ះពាល់​របស់​ស្មោកគ្រោក​ឡើយ នោះ​យើង​នឹង​ទទួល​អ្នករាល់គ្នា យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​របស់​យើង នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត»» (គកស)។ យើង​ដឹង​ហើយ​ថា អ្នក​ធ្វើ​ស្រែ​ចម្ការ​នឹង​មិន​យក​គោ​ទៅ​ទឹមនឹម​នឹង​ក្របី​ឡើយ ពេល​ដែល​ពួកគាត់​ភ្ជួររាស់។ ឃ្លា​ថា «កុំ​ឲ្យ​ទឹមនឹមស្រៀក» ជា​ឃ្លា​ដែល​សាវ័ក ប៉ុល កំពុងតែ​ប្រៀបធៀប​ពី​ការ​ដែល​គ្រីស្ទ​បរិស័ទ​មិន​ត្រូវ​រៀបការ​ជាមួយ​អ្នកមិនជឿ ពីព្រោះ​អ្នកមិនជឿ​មិន​អាច​រួមរស់​ជាមួយ​អ្នកជឿ​បាន​ឡើយ ដោយសារ​ពួកគាត់​មិន​អាច​ចុះសម្រុង​នឹង​គ្នា​បាន។ ទោះបី​សាវ័ក ប៉ុល មិន​បាន​លើកឡើង​ចំៗ​ពី​ជីវិត​អាពាហ៍ពិពាហ៍​ទាក់ទង​នឹង​គ្រីស្ទបរិស័ទ​ដែល​ថា ពួកគាត់​មិន​ត្រូវ​រៀបការ​ជាមួយ​អ្នកមិនជឿ​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​នៅតែ​ដឹង​បាន​យ៉ាង​ច្បាស់​ថា​សាវ័ក ប៉ុល លើកឡើង​ក្នុង​របៀប​មួយ​ដែល​មាន​ការ​ពន្យល់​ដ៏​ទូលំទូលាយ ហើយ​ក៏​សំដៅ​លើ​អត្ថន័យ​នៃ​ជីវិត​អាពាហ៍ពិពាហ៍​ផងដែរ។ ក្នុង​ឃ្លា «កុំ​ឲ្យ​ទឹមនឹមស្រៀក» ភាសា​ក្រិក​មាន​ពាក្យ​ឫស​ថា «ផ្សំផ្គុំ​គ្នា» ដែល​និយាយ​សំដៅ​លើ​ពេល​មនុស្ស​ប្រុស និង​មនុស្ស​ស្រី «ផ្សំផ្គុំ​គ្នា» ក្នុង​ព្រះអង្គ​តាមរយៈ​អាពាហ៍ពិពាហ៍ (ម៉ាថាយ ១៩:៦; ម៉ាកុស ១០:៩)។ តើ​បងប្អូន​នឹង​ពិតជា​សម្រេចចិត្ត​ផ្សំផ្គុំ​គ្នា​ជាមួយ​អ្នកមិនជឿ​មែន​ឬ? ប្រសិនបើ​ព្រះ​យេស៊ូវ​ពិតជា​ព្រះ​អម្ចាស់​លើ​ជីវិត​បងប្អូន​មែន នោះ​បងប្អូន​គ្មាន​ចំណុច​អ្វី​មួយ​ដែល​ស៊ីគ្នា​នឹង​អ្នកមិនជឿ​ឡើយ។ ដូច​ដែល​សាវ័ក ប៉ុល បាន​លើកឡើង​ថា ជីវិត​អ្នកជឿ និង​ជីវិត​អ្នកមិនជឿ​ គឺ​ផ្ទុយ​គ្នា​ទាំង​ស្រុង! សេចក្តី​សុចរិត​ផ្ទុយ​គ្នា​នឹង​សេចក្ដី​ទទឹង​ច្បាប់។ ពន្លឺ​ផ្ទុយ​គ្នា​នឹង​សេចក្ដី​ងងឹត។ ក្នុង​នាម​ជា​គ្រីស្ទបរិស័ទ តើ​បងប្អូន​នឹង​ទៅ​រៀបការ​ជាមួយ​អារក្សបេលាល? ទេ! «ដ្បិត​ព្រះ​បាន​ចេញ​ថ្លៃលោះ​អ្នករាល់គ្នា​ហើយ ដូច្នេះ ចូរ​លើកតម្កើង​ព្រះ​នៅ​ក្នុង​រូបកាយ​របស់​អ្នករាល់គ្នា​ចុះ» (១កូរិនថូស ៦:២០ គកស)។ យើង​មាន​មូលហេតុ​យ៉ាង​ច្បាស់​ថា ព្រះ​ជាម្ចាស់​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​បុត្រាបុត្រី​របស់​ព្រះ​អង្គ​ទៅ​រៀបការ​ជាមួយ​អ្នកមិនជឿ​ទេ។ ប៉ុន្តែ​ ក៏​នៅ​មាន​មូលហេតុ​ផ្សេងៗ​ទៀត​ផងដែរ។

៣. ចូរ​រៀបការ​ក្នុង​ព្រះ​អម្ចាស់

នៅពេល​ដែល​សាវ័ក ប៉ុល បាន​សរសេរ​សំបុត្រ​នេះ​ទៅ​ទីក្រុង កូរិនថូស ត្រង់​ជំពូក​៧​ខ​៣៩ គឺ​គាត់​កំពុង​សរសេរ​ទៅ​កាន់​ស្ត្រី​គ្រីស្ទបរិស័ទ ដោយ​មាន​ការ​ណែនាំ​ថា តើ​ពួកគាត់​គួរ​នឹង​ធ្វើ​អ្វី​បន្ទាប់ពី​ប្តី​របស់​ខ្លួន​ស្លាប់? ចម្លើយ​គឺ​ថា «នាង​មាន​សេរីភាព​នឹង​រៀបការ​ជាមួយ​អ្នកណា​ក៏​បាន តាម​ចិត្ត​របស់​នាង​ឲ្យ​តែ​រៀបការ​ក្នុង​ព្រះ​អម្ចាស់» (១កូរិនថូស ៧:៣៩ គកស)។ គ្មាន​មូលហេតុ​ដែល​យើង​គួរ​គិត​ថា នេះ​ជា​លក្ខខណ្ឌ ឬ​ជា​បទបញ្ជា​លើសពី​ធម្មតា​ដែល​សាវ័ក ប៉ុល បាន​លើកឡើង​ទៅ​កាន់​តែ​ស្ត្រី​មេម៉ាយ​ប៉ុណ្ណោះ​ទេ តែ​តាមពិត​នេះ​ក៏​ជា​បទបញ្ជា​សម្រាប់​អ្នក​មិនទាន់​រៀបការ​ផង​ដែរ ព្រោះ​អ្នក​មិនទាន់​រៀបការ​ក៏​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​នរណា​ម្នាក់​ដែល​ពួកគាត់​ពេញចិត្ត ប៉ុន្តែ​ពួកគាត់​ត្រូវ «រៀបការ​ក្នុង​ព្រះ​អម្ចាស់» ដែល​នេះ​មាន​ន័យ​ថា ត្រូវ​រៀបការ​ជាមួយ​អ្នក​ដែល​ជឿ​ដូច​គ្នា។ បរិបទ​នៃ​ខគម្ពីរ​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​គំនិត​នេះ ដោយសារ​សាវ័ក ប៉ុល បាន​សរសេរ​ថា អ្នកជឿ​ដែល​បាន​រៀបការ​ជាមួយ​អ្នកមិនជឿ​រួច​ហើយ​ត្រូវតែ​រក្សា​ជីវិត​អាពាហ៍ពិពាហ៍​នោះ​ឲ្យ​បាន​ល្អ (១កូរិនថូស ៧:១២-១៦)។ សាវ័ក ប៉ុល ជា​ចាំ​បាច់ គាត់​ត្រូវតែ​បញ្ជា​គ្រីស្ទបរិស័ទ​ឲ្យ​នៅ​​បន្ត​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគាត់ ព្រោះ​ពួកគាត់​បាន​ដឹង​យ៉ាង​ច្បាស់​ហើយ​ថា ការ​ដែល​អ្នកជឿ​រៀបការ​ជាមួយ​អ្នកមិនជឿ នោះ​ជា​ការ​ដែល​មិន​ត្រឹមត្រូវ​ទេ។ សរុប​សេចក្ដី​ទៅ ប្រសិនបើ​សាវ័ក ប៉ុល មិន​បាន​បញ្ជា​គ្រីស្ទបរិស័ទ​ដែល​បាន​រៀបការ​ជាមួយ​អ្នកមិនជឿ​ឲ្យ​បន្ត​ដំណើរ​ជីវិត​អាពាហ៍ពិពាហ៍​ទេ នោះ​​ពួកគាត់​ទំនង​ជា​នឹង​ចង់​ដើរ​ចេញពី​ដៃគូ​ខ្លួន​ជា​មិន​ខាន។ មូល​ហេតុ​ដែល​ពួកគាត់​ត្រូវ​រក្សា​ជីវិត​អាពាហ៍ពិពាហ៍​ឲ្យ​បាន​ល្អ ព្រោះ​ប្ដី ឬ​ក៏​ប្រពន្ធ​​ដែល​បាន​រៀបការ​មុន​ដែល​គាត់​ក្លាយ​ជា​គ្រីស្ទបរិស័ទ តែ​ក្រោយមក​មាន​ម្នាក់​បាន​ទទួល​ជឿ​ព្រះអង្គ ក្នុង​ករណី​នេះ បុគ្គល​ដែល​ទទួល​ជឿ គាត់​ត្រូវតែ​រក្សា​ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ឲ្យ​បាន​ល្អ ដោយសារ​តាមរយៈ​ជីវិត​អាពាហ៍ពិពាហ៍​នេះ គាត់​អាច​មាន​ឥទ្ធិពល​ល្អ​លើ​ដៃគូ​ជីវិត​របស់​ខ្លួន ហើយ​ក៏​នឹង​អាច​នាំ​ដៃគូ​របស់​ខ្លួន​ឲ្យ​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ទៀត​ផង។ ប៉ុន្តែ​ទោះបី​ព្រះ​ជាម្ចាស់​អាច​បំផ្លាស់ និង​រំដោះ​ពួកគាត់​ឲ្យ​រួច​ផុត​ពី​អំពើបាប​ក៏​ដោយ ក៏​នេះ​មិនមែន​មាន​ន័យ​ថា ខ្លួន​គួរ​តែ​ប្រព្រឹត្ត​អំពើបាប​នោះ​ទេ (រ៉ូម ៦:១-២)។ មូលហេតុ​នេះ​សបញ្ជាក់​យ៉ាង​ច្បាស់​ថា គ្រីស្ទបរិស័ទ​ត្រូវតែ​រៀបការ «ក្នុង​ព្រះ​អម្ចាស់» ពោលគឺ​រៀបការ​ជាមួយ​អ្នកជឿ​ដូចគ្នា។

៤. ដៃគូ​ដែល​មិនមែន​ជា​អ្នកជឿ​នឹង​នាំ​បងប្អូន​ចេញពី​ព្រះ​ជាម្ចាស់

នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ព្រះ​ជាម្ចាស់​មាន​បញ្ញត្តិ​ជា​ច្រើន​សម្រាប់​សាសន៍​អ៊‌ីស្រាអែល​ដែល​ហាម​មិន​ឲ្យ​ពួកគេ រៀបការ​ជាមួយ​សាសន៍​ដទៃ។ ព្រះ​អង្គ​មាន​បម្រាម​បែប​នេះ គឺ​ដើម្បី​ជួយ​ពួកគេ​មិន​ឲ្យ​ដើរ​ចេញពី​មាគ៌ា​របស់​ទ្រង់ តាមរយៈ​ការ​ល្បួង​ពី​អ្នកមិនជឿ។ កណ្ឌគម្ពីរ ចោទិយកថា ៧:៣-៤ បាន​ចែង​ថា «មិន​ត្រូវ​រៀបការ​ជា​មួយ​គេ​ដោយ​ឲ្យ​កូន​ស្រី​របស់​អ្នក​ទៅ​កូន​ប្រុស​របស់​គេ ឬ​យក​កូនស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​អ្នក​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​កូន​របស់​អ្នក​ចេញ​ពី​យើង ឲ្យ​ទៅ​គោរព​ប្រតិបត្តិ​តាម​ព្រះ​ដទៃ។ ពេល​នោះ​យើង​នឹង​សេចក្តី​ខ្ញាល់​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​ឆួល​ឡើង​ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​ព្រះ​អង្គ​នឹង​បំផ្លាញ​អ្នក​រហ័ស»។ ព្រះ​ជាម្ចាស់​បាន​បញ្ជា ហើយ​បាន​ប្រាប់​សាសន៍​អ៊‌ីស្រាអែល​ថា វា​នឹង​កើត​ឡើង​ចំពោះ​ពួកគេ។ ទោះបើ​បទបញ្ជា​នេះ​ព្រះ​អង្គ​បាន​ឲ្យ​ទៅ​សាសន៍​អ៊‌ីស្រាអែល​ក៏​ដោយ ក៏​គោលលទ្ធិ​នេះ​នៅ​តែ​មាន​ការ​ទាក់ទង​ជាមួយ​គ្រីស្ទបរិស័ទ​សព្វថ្ងៃ​នេះ​ផង​ដែរ។ ប្រសិនបើ​បងប្អូន​មាន​ទំនាក់ទំនង​ស្នេហា​ដ៏​ជិតស្និទ្ធ​ជាមួយ​អ្នកមិនជឿ ការ​នោះ​នឹង​មិន​ជួយ​ឲ្យ​បងប្អូន​​លូតលាស់​ខាង​ឯ​ព្រលឹង​វិញ្ញាណ​បាន​ឡើយ ហើយ​ក៏​នឹង​មិន​នាំ​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​​ដ៏​ល្អ​ប្រសើរ​ជាមួយ​ព្រះគ្រីស្ទ​បាន​ដែរ តែ​ផ្ទុយ​ទៅ​វិញ ទំនាក់ទំនង​បែប​នោះ​នឹង​អូសទាញ​បងប្អូន​ចេញ​ឲ្យ​ឆ្ងាយ​ពី​ព្រះ​គ្រីស្ទ ព្រោះ​ពួកគាត់​មិន​ស្គាល់​ព្រះ​អង្គ។ ប៉ុន្តែ អ្វី​ដែល​នឹង​កើត​ឡើង​ចេញពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកមិនជឿ​ គឺ​ត្រង់​ថា ការ​នោះ​នឹង​ទាញ​បងប្អូន​ឲ្យ​ចេញ​កាន់តែ​ឆ្ងាយ​ទៅៗ​ពី​ព្រះ​គ្រីស្ទ ដោយសារ​ពួកគេ​មិន​ស្គាល់​ព្រះ​យេស៊ូវ ហើយ​មិន​ស្គាល់​នូវ​អ្វី​ដែល​បងប្អូន​មាន​ក្នុង​ជីវិត ហើយ​អ្នកមិនជឿ​ក៏​គ្មាន​ទំនាក់ទំនង​ជាមួយ​ព្រះ​គ្រីស្ទ​ផង​ដែរ។

ព្រះ​គម្ពីរ​មាន​ចែងពី​ស្ថានភាព​មួយ​ចំនួន​ដែល​ព្រះ​ជាម្ចាស់​បាន​អនុញ្ញាត​ឲ្យ​សាសន៍​អ៊‌ីស្រាអែល​រៀបការ​ជាមួយ​នឹង​សាសន៍​ដទៃ។ ប៉ុន្តែ ព្រះ​ជាម្ចាស់​បាន​អនុញ្ញាត​ឲ្យ​ការ​បែប​នោះ​កើត​ឡើង​ ប្រសិនបើ​បុគ្គល​ដែល​ជា​សាសន៍​ដទៃ​នោះ​បាន​ប្ដូរ​ជំនឿ​មក​ជឿ​លើ​ជំនឿ​សាសន៍​យូដា ដែល​នេះ​មាន​ន័យ​ថា ពួកគាត់​ត្រូវ​បោះបង់​ជំនឿ​ចាស់​ខ្លួន​ចោល (និក្ខមនំ ១២:៤៣-៤៩; ចោទិយកថា ២១:១០-១៤)។ ឧទាហរណ៍៖ នាង រ៉ាហាប បាន​បដិសេធ​ព្រះ​ក្លែងក្លាយ​របស់​គាត់​ចោល ហើយ​បាន​បង្ហាញពី​ជំនឿ​របស់​គាត់​លើ​ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ តាមរយៈ​ការ​ដែល​គាត់​បាន​ជួយ​អ្នកសង្កេតការ​របស់​សាសន៍​អ៊‌ីស្រាអែល​នៅ​ក្រុង​យេរីខូរ។ ព្រះ​ជាម្ចាស់​មិន​បាន​សម្លាប់​គាត់​ចោល ពេល​ដែល​សាសន៍​អ៊‌ីស្រាអែល​បំផ្លាញ​ក្រុង​យេរីខូរ​ឡើយ ហើយ​ព្រះ​អង្គ​ក៏​ទទួល​ស្គាល់​ថា គាត់​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​គាត់​ក៏​បាន​រៀបការ​ជាមួយ​នឹង​លោក សាលម៉ូន ដែល​ជា​សាសន៍​អ៊‌ីស្រាអែល។ ឧទាហរណ៍​មួយ​ទៀត​គឺ​ត្រង់​ថា ក្រោយ​ពេល​នាង រស់ ដែល​ជា​សាសន៍​ម៉ូអាប់​បាន​ជ្រើសរើស​ដើរតាម​ព្រះ​ជាម្ចាស់ (នាងរស់ ១:១៦) នោះ​ទើប​លោក បូអូស ដែល​ជា​សាច់ញាតិ​របស់​នាង រ៉ាហាប មាន​សិទ្ធិ​ក្នុង​ការ​រៀបការ​ជាមួយ​នឹង​នាង​ រស់ នេះ​បើ​យោង​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​ជាម្ចាស់។ ទាំង​នាង រស់ និង​នាង រ៉ាហាប មាន​ឈ្មោះ​ក្នុង​បញ្ជី​រាយ​នាម​ពង្សាវតារ​របស់​ព្រះ​យេស៊ូវ (ម៉ាថាយ ១:៥)។ ដូច្នេះ ក្រឹត្យវិន័យ​ដ៏​ច្បាស់លាស់​ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់​ គឺ​មិន​សូវ​ទាក់ទង​ប៉ុន្មាន​នឹង​ជាតិ​សាសន៍​នោះ​ទេ តែ​ទាក់ទង​នឹង​ជំនឿ​វិញ។ ប៉ុន្តែ ព្រះ​គម្ពីរ​ក៏​មាន​ការ​លើកឡើង​នូវ​ឧទាហរណ៍​ជា​ច្រើន​ដែល​រៀបរាប់​ពី​ពេល​ដែល​សាសន៍​អ៊‌ីស្រាអែល​មិន​បាន​ស្ដាប់បង្គាប់​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​ជាម្ចាស់ ហើយ​ទៅ​រៀបការ​ជាមួយ​ស្ត្រី​ជា​សាសន៍​ដទៃ​ដែល​មិន​ជឿ​លើ​ព្រះ​ជាម្ចាស់។ ហើយ​ព្រះ​បន្ទូល​បាន​ចែង​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ការ​ដែល​ប្រពន្ធ​របស់​ពួកគាត់​បាន​អូសទាញ​ពួកគាត់​ចេញពី​ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​ពិត ហើយ​ក៏​បាន​បង្វែរ​ចិត្ត​ពួកគាត់​ឲ្យ​ទៅ​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​ដែរ។ បុរស​សាសន៍​អ៊‌ីស្រាអែល​មាន​សិទ្ធិ​រៀបការ​តែ​ជាមួយ​ស្ត្រី​ដែល​ជឿ​លើ​ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​ពិត​តែ​ប៉ុណ្ណោះ នេះ​មាន​ន័យ​ថា ជា​ធម្មតា​សាសន៍​អ៊‌ីស្រាអែល​ត្រូវតែ​រៀបការ​ជាមួយ​នឹង​សាសន៍​របស់​ខ្លួន។

ដូច្នេះ នៅពេល​បងប្អូន​សម្រេច​ចិត្ត​ថា នឹង​យក​ចិត្ត​ទុកដាក់​ផ្ដោត​លើ​អ្នកមិនជឿ​ព្រះ​គ្រីស្ទ នោះ​ចិត្ត​បងប្អូន​ក៏​នឹង​ផ្ដោត​ទៅ​លើ​បុគ្គល​ដែល​ពុំ​មាន​ព្រះ​គ្រីស្ទ​ដែរ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​បងប្អូន​ចាកចេញ​ឆ្ងាយ​ពី​ព្រះ​គ្រីស្ទ​ទៀត​ផង។ នោះ​ហើយ​ជា​គ្រោះថ្នាក់​ដែល​នាំ​ឲ្យ​ជំនឿ​របស់​បងប្អូន​ចេញ​ពី​ព្រះ​គ្រីស្ទ។ ដូច្នេះ ចំពោះ​អ្នក​ដែល​មិន​ទាន់​បាន​រៀបការ​នៅ​ឡើយ សូម​ជ្រើសរើស​ព្រះគ្រីស្ទ ជាជាង​ជ្រើសរើស​បុរស ឬ​ស្ត្រី​ណា​ម្នាក់​ដែល​មិន​មែន​ជា​អ្នកជឿ។ តើ​បងប្អូន​នឹង​ជ្រើសរើស​សេចក្តី​ស្រឡាញ់​ដែល​នៅ​តែ​មួយ​ភ្លែត ឬ​ក៏​ជ្រើសរើស​សេចក្តី​ស្រឡាញ់​ដ៏​នៅ​អស់កល្បជានិច្ច? ទោះបើ​បងប្អូន​បាន​ស្គាល់​នរណា​ម្នាក់​ដែល​ជា​គ្រីស្ទបរិស័ទ ហើយ​គាត់​បាន​រៀបការ​ជាមួយ​អ្នកមិនជឿ នោះ​មិនមែន​មាន​ន័យ​ថា បងប្អូន​ត្រូវតែ​ធ្វើ​តាម​គាត់​នោះ​ទេ ប៉ុន្តែ​ដូច​ជា​ស្តេច សាឡូម៉ូន បាន​មាន​បន្ទូល​ក្នុង​កណ្ឌ​គម្ពីរ សុភាសិត ១៣:២០ ថា «អ្នកណា​ដែល​ដើរ​ជាមួយ​មនុស្ស​មាន​ប្រាជ្ញា នោះ​នឹង​បាន​ប្រាជ្ញា​ដែរ​តែ​អ្នកណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងីល្ងើ​នោះ​នឹង​ត្រូវ​ខូចបង់​វិញ» (គកស)។

៥. សម្រស់​ស្រស់​ស្អាត​នៅ​តែ​មួយ​ភ្លែត​ទេ

តើ​បងប្អូន​កំពុងតែ​ស្វែងរក​អ្វី​ចេញ​ពី​ដៃ​គូរ​អនាគត​របស់​ខ្លួន? ព្រះ​គម្ពីរ​បាន​ចែង​ឲ្យ​យើង​ដឹង​យ៉ាង​ច្បាស់​ថា អ្វី​ដែល​បងប្អូន​គួរតែ​ស្វែងរក​ចេញពី​ដៃគូ​អនាគត​ខ្លួន​គឺ​ត្រង់​ថា គាត់​ជា​បុគ្គល​ដែល​កោតខ្លាច​ព្រះ​ជាម្ចាស់។ កណ្ឌគម្ពីរ សុភាសិត ៣១:៣០ បាន​ចែង​ថា «រូប​ឆោម​ឆាយ​ជា​សេចក្តី​បញ្ឆោត​ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រយោជន៍ តែ​ស្ត្រី​ណា​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ» (គកស)។ តើ​បងប្អូន​ជឿ​ទុកចិត្ត​លើ​ខគម្ពីរ​នេះ​ដែរ​ឬ​ទេ? ឬ​ក៏​បងប្អូន​មិន​ជឿ​លើ​អ្វី​ដែល​ព្រះ​បន្ទូល​បាន​ចែង ហើយ​កំពុងតែ​ព្យាយាម​សាកល្បង​នូវ​របៀប​ណា​មួយ​ផ្សេង​ទៀត ជាជាង​ជឿ​លើ​អ្វី​ដែល​ព្រះ​ជាម្ចាស់​ឲ្យ​តម្លៃ​ឬ? ប្រសិនបើ​បងប្អូន​ទៅ​រៀបការ​ជាមួយ​អ្នកមិនជឿ នោះ​ពិត​ប្រាកដ​ណាស់​បងប្អូន​មិន​បាន​រក​អ្វី​ដែល​ពិសេស​នៅ​ក្នុង​របៀប​របស់​ព្រះ​ជាម្ចាស់​ទេ តែ​បងប្អូន​បែរ​ជា​ទៅ​សម្លឹង​រក​អ្វី​ផ្សេង​ទៀត​ដែល​ខ្លួន​គិត​ថា ពិសេស​នៅ​ក្នុង​ដៃគូ​អនាគត ជាជាង​ព្រះ​ជាម្ចាស់។ ចូរ​ប្រែ​ចិត្ត ហើយ​ព្យាយាម​ឲ្យ​ចិត្ត​របស់​បងប្អូន​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​ឲ្យ​ស្រប​តាម​បំណង​ព្រះហឫទ័យ​ព្រះ​ជាម្ចាស់ ជាជាង​តាម​ចិត្ត​របស់​ខ្លួន​ឯង។ ប្រសិនបើ​បងប្អូន​បាន​រៀបការ​ជាមួយ​ដៃគូ​ដែល​កោតខ្លាច​ព្រះ​ជាម្ចាស់ នោះ​បងប្អូន​នឹង​ទទួល​បាន​ព្រះពរ​ជា​ច្រើន​មក​ពី​ព្រះជាម្ចាស់ ដែល​នោះ​ប្រសើរ​ជាង​បងប្អូន​ទៅ​រៀបការ​ជាមួយ​អ្នកមិនជឿ​ដែល​មាន​សម្រស់​ស្រស់​ស្អាត​តែ​មួយ​ភ្លែត​វិញ។

៦. ការ​ស្ដាប់បង្គាប់​តាម​ឪពុកម្ដាយ មិនមែន​មាន​ន័យ​ថា បងប្អូន​ត្រូវ​ឈប់​ស្ដាប់បង្គាប់​ព្រះ​ជាម្ចាស់​ទេ

ជាទូទៅ ប្រសិនបើ​បងប្អូន​មាន​ឪពុកម្ដាយ​ដែល​មិន​ទាន់​ទទួល​ជឿ​ព្រះ​យេស៊ូវ​នៅ​ឡើយ នោះ​ច្បាស់​ណាស់​ថា​ពួកគាត់​មួយ​ចំនួន​នឹង​បង្ខំ​បងប្អូន​ឲ្យ​រៀបការ​ជាមួយ​អ្នកមិនជឿ​ជា​មិន​ខាន។ ពេល​ខ្លះ​បងប្អូន​ទំនង​ជា​ប្រាប់​ខ្លួន​ឯង​ថា ខ្លួន​គ្មាន​ជម្រើស​ទេ ហើយ​ព្រមទាំង​គិត​ថា វា​ជា​ការ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ធ្វើ​តាម​បង្គាប់​ឪពុកម្ដាយ​ដោយ​ចុះចូល​នឹង​ការ​ផ្សំផ្គុំ​របស់​ពួកគាត់ ហើយ​បងប្អូន​ចាត់ទុក​ការ​ទាំង​នោះ​ថា ជា​ការ​ដែល​ស្ដាប់បង្គាប់​ព្រះ​ជាម្ចាស់ ដោយ​យល់ស្រប​ទៅ​រៀបការ​ជាមួយ​អ្នកមិនជឿ។ ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា អ្វី​ដែល​បងប្អូន​កំពុងតែ​គិត នោះ​មិន​ត្រឹមត្រូវ​ទេ! ការ​ដែល​បងប្អូន​ស្ដាប់បង្គាប់​ឪពុកម្ដាយ​របស់​ខ្លួន ដោយ​ព្រម​រៀបការ​ជាមួយ​អ្នកមិនជឿ នោះ​មាន​ន័យ​ថា បងប្អូន​ជ្រើសរើស​មិន​ស្តាប់​បង្គាប់​ព្រះ​ជាម្ចាស់​ហើយ។ បទបញ្ជា​របស់​ព្រះ​ជាម្ចាស់​មិន​ប្រឆាំង​នឹង​គ្នា​ឡើយ។ ឧទាហរណ៍៖ នៅ​ក្នុង​កណ្ឌគម្ពីរ រ៉ូម ១៣:១ ដែល​ព្រះ​ជាម្ចាស់​តម្រូវ​ឲ្យ​បងប្អូន​ចុះចូល​នឹង​រដ្ឋាភិបាល​របស់​ខ្លួន​ក្នុង​គ្រប់​ការ​ទាំងអស់ ហើយ​ធ្វើ​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន​តាមរយៈ​ការ​ស្ដាប់បង្គាប់​ព្រះ​អង្គ។ ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា ប្រសិនបើ​រដ្ឋាភិបាល​របស់​បងប្អូន​មាន​ច្បាប់​ហាម​បងប្អូន​ឲ្យ​ឈប់​ជឿ​លើ ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះ​ដ៏​ពិត និង​ជា​ព្រះ​សង្គ្រោះ​តែ​មួយ​អង្គ​គត់ ហើយ​ថែមទាំង​មិន​អនុញ្ញាត​ឲ្យ​បងប្អូន​ថ្វាយបង្គំ​ព្រះ​ជាម្ចាស់ នោះ​បងប្អូន​ត្រូវ​ចុះចូល​នឹង​រដ្ឋាភិបាល​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​បងប្អូន​ត្រូវតែ​ស្ដាប់បង្គាប់​ព្រះ​ជាម្ចាស់​ជា​ដំបូង​វិញ ពីព្រោះ​ព្រះ​អង្គ​មាន​គ្រប់​សិទ្ធ​អំណាច​ធំ​ជាង​រដ្ឋាភិបាល​របស់​បងប្អូន​ទៅ​ទៀត។ បងប្អូន​ប្រហែល​នឹកចាំ​ពី​រឿង​របស់​សាវ័ក ពេត្រុស និង​សាវ័ក យ៉ូហាន ដែល​លោក​ទាំងពីរ​បាន​ប្រកាស​ដំណឹងល្អ ហើយ​ពេល​នោះ​រដ្ឋាភិបាល​របស់​ពួកគាត់​បាន​ហាម​ពួកគាត់​មិន​ឲ្យ​ផ្សាយ​ដំណឹងល្អ​ត​ទៅ​ទៀត «ប៉ុន្តែ លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឆ្លើយ​ទៅ​អស់​លោក​ទាំង​នោះ​ថា៖ «នៅ​ចំពោះ​ព្រះ​ភក្ត្រ​របស់​ព្រះ តើ​គួរ​ឲ្យ​ខ្ញុំ​ស្តាប់​តាម​អស់​លោក ជាជាង​ស្តាប់​តាម​ព្រះ​ឬ? សូម​អស់​លោក​ពិចារណា​ចុះ ដ្បិត​ខ្ញុំ​មិន​អាច​ឈប់​និយាយ​ពី​ការ​ដែល​ខ្ញុំ​បាន​ឃើញ និង​ឮ​នោះ​បាន​ឡើយ»» (កិច្ចការ ៤:១៩-២០ គកស)។ ប្រសិនបើ​ឪពុកម្ដាយ​របស់​បងប្អូន​បញ្ជា​ឲ្យ​បងប្អូន​ធ្វើ​អ្វី​ដែល​ជា​អំពើបាប ជា​ការ​ប្រឆាំង​នឹង​ការ​ស្ដាប់បង្គាប់​ព្រះ​ជាម្ចាស់ នោះ​បងប្អូន​ដាច់ខាត​ត្រូវតែ​ស្ដាប់បង្គាប់​ព្រះ​ជាម្ចាស់​ជា​ចម្បង មិនមែន​ស្ដាប់​ពួកគាត់​ទេ។ ត្រង់​ចំណុច​នេះ បងប្អូន​ត្រូវតែ​ហ៊ាន​ពន្យល់​ដល់​ឪពុកម្ដាយ ឬ​អាណាព្យាបាល​របស់​បងប្អូន​អំពី​មូលហេតុ​ដែល​បងប្អូន​មិន​អាច​ធ្វើ​តាម​អ្វី​ដែល​ពួកគាត់​ចង់​ឲ្យ​បងប្អូន​ធ្វើ ឲ្យ​បាន​ច្បាស់លាស់​ដូច​សាវ័ក ពេត្រុស និង​សាវ័ក យ៉ូហាន បាន​ធ្វើ ហើយ​បាន​ពន្យល់​ដល់​រដ្ឋាភិបាល​របស់​ពួកគាត់។ សូម​ចងចាំ​ថា មិនមែន​មាន​តែ​បងប្អូន​ដែល​ប្រឈមមុខ​នឹង​រឿង​នេះ។ ប្រសិនបើ​រឿង​នេះ​ពិតជា​បាន​កើត​ឡើង​យ៉ាង​ពិតប្រាកដ​ចំពោះ​បងប្អូន​មែន ដោយ​ឪពុកម្ដាយ​បងប្អូន​តម្រូវ​ឲ្យ​ទៅ​រៀបការ​ជាមួយ​អ្នកមិនជឿ នោះ​ចូរ​ទៅ​និយាយ និង​ពិភាក្សា​ជាមួយ​នឹង​គ្រូគង្វាល​របស់​បងប្អូន ព្រមទាំង​សុំ​បងប្អូន​រួម​ជំនឿ​ឲ្យ​ជួយ​អធិស្ឋាន ជួយ​ផ្ដល់​ប្រឹក្សា និង​ធ្វើ​ជា​ជំនួយ។ ប្រហែល​ព្រះ​ជាម្ចាស់​អាច​ប្រើប្រាស់​ស្ថានភាព​ដ៏​លំបាក​ទាំង​អស់​នេះ ដើម្បី​នឹង​នាំ​ឪពុកម្ដាយ​របស់​បងប្អូន​ឲ្យ​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ ហើយ​បងប្អូន​ផ្ទាល់ គឺ​ជា​ស្មរបន្ទាល់​សម្រាប់​ពួកគាត់ ដោយ​ជម្រាប​ពួកគាត់​ថា បងប្អូន​ឲ្យ​តម្លៃ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​លើស​អ្វីៗ​ទាំងអស់។ ទោះបី​ជា​ស្ថានភាព​នេះ​មើល​ទៅ​ហាក់បីដូច​មិន​សូវ​ជា​​បង្ហាញ​ថា ប្អូន​គោរព​ពួកគាត់​ក៏ដោយ ក៏​នេះ​នៅ​តែ​ជា​ការ​គោរព​ដល់​ព្រះ​ជាម្ចាស់ ហើយ​បងប្អូន​ត្រូវតែ​ហ៊ាន​ប្រកាស​ពី​តម្លៃ​នៃ​ដំណឹងល្អ​ទៅ​ដល់​ពួកគាត់ ក្រោយ​ពី​នោះ​មក ប្រហែលជា​ឪពុកម្ដាយ​របស់​បងប្អូន​អាច​នឹង​ទទួល​ជឿ​ផង​ដែរ។

៧. ការ​រៀបចំ​ពិធី​មង្គលការ​របៀប​គ្រីស្ទបរិស័ទ​មិនមែន​មាន​ន័យ​ថា បងប្អូន​នឹង​មាន​ជីវិត​អាពាហ៍ពិពាហ៍​ជា​គ្រីស្ទបរិស័ទ​ទេ

បងប្អូន​ទំនងជា​បាន​សម្រេចចិត្ត​ថា នឹង​រៀបការ​ជាមួយ​អ្នកមិនជឿ ហើយ​ក៏​គិត​ដែរ​ថា នោះ​មិនមែន​ជា​បញ្ហា​ទេ ព្រោះ​ដៃគូ​របស់​បងប្អូន​បាន​អនុញ្ញាត​ឲ្យ​បងប្អូន​ធ្វើ​តាម​ពិធី​បែប​ជា​គ្រីស្ទ​បរិស័ទ។ ការ​នេះ​បណ្ដាល​ឲ្យ​បងប្អូន​គិត​ថា ដៃគូ​របស់​បងប្អូន​ប្រហែលជា​កំពុង​បើក​ចិត្ត​ចង់​ឮ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ក៏​មិន​ដឹង ទោះបើ​ពួកគាត់​មិន​ទាន់​ជឿ​នៅ​ឡើយ​ក៏​ដោយ។ ប៉ុន្តែ ចូរ​ដឹង​ឲ្យ​ប្រាកដ​ថា ទោះបើ​បងប្អូន​រៀបចំ​ពិធី​មង្គលការ​បែប​ជា​គ្រីស្ទ​បរិស័ទ​ក៏​ដោយ ក៏​នោះ​គ្មាន​ប្រយោជន៍​អ្វី​ដែរ ប្រសិនបើ​ដៃគូ​របស់​បងប្អូន​មិន​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ! ព្រះ​ជាម្ចាស់​មិន​ខ្វល់​ពី​សម្បក​ក្រៅ​របស់​បងប្អូន​ទេ ប៉ុន្តែ​ទ្រង់​ខ្វល់​ពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​បងប្អូន​វិញ។ សាសន៍​អ៊‌ីស្រាអែល​បាន​បន្ត​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ​ជាម្ចាស់ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​ពួកគាត់​មិន​បាន​ជឿ​លើ​ព្រះអង្គ​ទេ «ដ្បិត​យើង​ចង់​បាន​សេចក្តី​ស្រឡាញ់​ដែល​ឥត​ប្រែប្រួល មិន​មែន​យញ្ញ​បូជា​ទេ គឺ​ចង់​ឲ្យ​អ្នក​ស្គាល់​ព្រះ ជា​ជាង​ការ​ថ្វាយ​តង្វាយ​ដុត» (ហូសេ ៦:៦ គកស)។ បើ​បងប្អូន​ពិត​ជា​ស្រឡាញ់​ព្រះ​ជាម្ចាស់​មែន នោះ​បងប្អូន​នឹង​ហ៊ាន​ដើរ​ក្នុង​របៀប​ដ៏​ត្រឹមត្រូវ​ដោយ​ពឹងអាង​លើ​អំណាច​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​បងប្អូន​ជា​មិន​ខាន។ ប៉ុន្តែ ប្រសិនបើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មិន​គង់​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ទេ នោះ​បងប្អូន​ក៏​នឹង​មិន​អាច​រស់នៅ​ក្នុង​របៀប​ដែល​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​ជាម្ចាស់​បាន​ដែរ។ កណ្ឌគម្ពីរ រ៉ូម ៨:៧-៨ បាន​ចែង​ថា «ព្រោះ​គំនិត​ដែល​គិត​អំពី​សាច់ឈាម នោះ​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះចូល​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះចូល​បាន​ផង ហើយ​អស់​អ្នក​ណា​ដែល​រស់នៅ​ខាង​សាច់ឈាម ពុំ​អាច​គាប់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ» (គកស)។ កុំ​ច្រឡំ​ថា បើ​បងប្អូន​ទៅ​រៀបការ​ជាមួយ​អ្នកមិនជឿ​ដោយ​ធ្វើ​កម្មវិធី​បែប​ជា​គ្រីស្ទបរិស័ទ នោះ​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឡើយ។ តាមពិត ការ​នេះ​ជា​ការ​ដ៏​អាក្រក់​បំផុត ដោយសារ​បងប្អូន​ធ្វើ​ឲ្យ​ដៃគូ​របស់​បងប្អូន​ដែល​មិនមែន​ជា​អ្នកជឿ​នោះ​មាន​មុខ​ពីរ​ដោយ​បង្ហាញ​សម្បក​ក្រៅ​ថា ខ្លួន​ជា​អ្នកជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ តែ​ធាតុពិត​ក្នុង​ចិត្ត​គាត់​មិន​បាន​ជឿ​ទេ «សូម​កុំ​យល់​ច្រឡំ គ្មាន​អ្នក​ណា​បញ្ឆោត​ព្រះ​បាន​ទេ ដ្បិត​អ្នកណា​សាប​ព្រោះ​ពូជ​អ្វី គេ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង» (កាឡាទី ៦:៧ គកស)។

៨. ព្រះ​ជាម្ចាស់​បង្កើត​អាពាហ៍ពិពាហ៍​ឡើង ដើម្បី​ប្រកាស​ដំណឹងល្អ

ព្រះ​គម្ពីរ​សញ្ញាថ្មី​បាន​ប្រាប់ ហើយ​ក៏​បាន​បង្ហាញ​ពី​មូលហេតុ​មួយ​ដែល​ព្រះ​ជាម្ចាស់​បង្កើត​ឲ្យ​មាន​ជីវិត​អាពាហ៍ពិពាហ៍ ​គឺ​ដើម្បី​​បង្ហាញ​ពី​អាថ៌កំបាំង​នៃ​ទំនាក់ទំនង​រវាង​ព្រះ​គ្រីស្ទ​នឹង​ក្រុមជំនុំ ហើយ​ក្នុង​នាម​ជា​បុរស​ដែល​ជា​គ្រីស្ទ​បរិស័ទ ព្រះអង្គ​បាន​ត្រាស់ហៅ​បងប្អូន​ឲ្យ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន «ដូច​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ក្រុមជំនុំ ហើយ​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ក្រុមជំនុំ​ដែរ» (អេភេសូរ ៥:២៥ គកស)។ ចំណែក​ឯ​ស្ត្រី​វិញ​ក៏​ត្រូវ​ចុះចូល​ចំពោះ​ប្តី​របស់​ខ្លួន «ដូចជា​ចុះ​ចូល​នឹង​ព្រះ​ជាម្ចាស់​ចុះ» (អេភេសូរ ៥:២២ គកស)។ ដូច្នេះ តើ​បងប្អូន​អាច​បង្ហាញ​ពី​ដំណឹងល្អ​ដល់​ដៃគូ​របស់​បងប្អូន​យ៉ាង​ម៉េច​បាន ប្រសិនបើ​ដៃគូ​របស់​បងប្អូន​មិន​ទាន់​បាន​ជឿ​ដំណឹងល្អ​នៅ​ឡើយ? នោះ​ប្រៀប​ដូចជា​មនុស្ស​ពីរ​នាក់​ដែល​ឡើង​ច្រៀង​ចម្រៀង​ជាមួយ​គ្នា តែ​អ្នក​ទាំង​ពីរ​ច្រៀង​បទ​ខុសៗ​គ្នា​ក្នុង​ពេល​តែ​មួយ។ ម្នាក់​ច្រៀង​ចម្រៀង​សរសើរ​តម្កើង​ព្រះ​យេស៊ូវ​គ្រីស្ទ តែ​ម្នាក់​ទៀត​បែរ​ជា​ច្រៀង​ចម្រៀង​សរសើរ​តម្កើង​ខ្លួន​ឯង​ទៅ​វិញ។ នោះ​វា​មិន​អាច​ទៅ​រួច​បាន​ទេ! តែ​ផ្ទុយ​ទៅ​វិញ វា​ធ្វើ​ឲ្យ​​ខូច​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​បងប្អូន​បាន​ជ្រើសរើស​ស្រឡាញ់​ដៃគូ​ដែល​មិនមែន​ជា​គ្រីស្ទ​បរិស័ទ។ គ្រប់​អ្នកជឿ​ទាំង​អស់ គឺ​ជា​កូន​ក្រមុំ​របស់​ព្រះគ្រីស្ទ។ ហើយ​ប្រសិនបើ​បងប្អូន​ចង់​បង្ហាញ​ពី​រូបភាព​នៃ​ព្រះ​គ្រីស្ទ និង​ពី​ក្រុមជំនុំ​ដូច​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍ នោះ​បុរស និង​ស្ត្រី​ទាំង​ពីរ​នាក់​ត្រូវតែ​ជា​អ្នកជឿ​ដូចគ្នា។

ខ្ញុំ​បាន​លើកឡើង​ចេញ​ពី​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់​ចំពោះ​បងប្អូន​យ៉ាង​ច្បាស់​ថា ព្រះ​អង្គ​មិន​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​អ្នកជឿ​រៀបការ​ជាមួយ​អ្នកមិនជឿ​ឡើយ ហើយ​ប្រសិនបើ​អ្នកជឿ​ទៅ​រៀបការ​ជាមួយ​អ្នកមិនជឿ នោះ​ជា​អំពើ​បាប​ហើយ។ ឥឡូវ​នេះ ខ្ញុំ​សុំ​អធិស្ឋាន​សម្រាប់​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​បាន​ស្គាល់​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ឲ្យ​បាន​ច្បាស់។ ប្រសិនបើ​បងប្អូន​កំពុងតែ​ស្រឡាញ់ ហើយ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកមិនជឿ នោះ​ខ្ញុំ​សង្ឃឹម​ថា បងប្អូន​នឹង​ដក​ខ្លួន​ចេញ​ពី​ទំនាក់ទំនង​ស្នេហា​នោះ​ភ្លាម។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឲ្យ​បងប្អូន​ទៅ​ជួប​ជាមួយ​នឹង​គ្រីស្ទ​បរិស័ទ​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ក្នុង​ការ​រៀបការ​ជាមួយ​អ្នកមិនជឿ ហើយ​ស្នើ​សុំ​ឲ្យ​ពួកគេ​រៀបរាប់​ពី​ការ​ឈឺចាប់ និង​ទុក្ខលំបាក​របស់​ពួកគេ។ ប្រាកដ​ណាស់ ពួកគាត់​នឹង​ណែនាំ​បងប្អូន​យ៉ាង​ច្បាស់​ថា ចូរ​ឲ្យ​បងប្អូន​ជឿ​លើ​ព្រះ​បន្ទូល ហើយ​ស្ដាប់បង្គាប់​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់​ចុះ។ សូម​កុំ​រៀបការ​ជាមួយ​អ្នកមិនជឿ​ឲ្យ​សោះ ព្រោះ​ការ​ធ្វើ​បែប​នោះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់​ក្នុង​ដំណើរ​ជីវិត​របស់​បងប្អូន ដោយសារ​បងប្អូន​មិន​ស្ដាប់បង្គាប់​ព្រះ​ជាម្ចាស់។ ខ្ញុំ​សុំ​អធិស្ឋាន​សម្រាប់​បងប្អូន ដោយ​ទូល​សូម​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ចាក់​ឫស​ចូល​ទៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​បងប្អូន ហើយ​ឲ្យ​ព្រះ​បន្ទូល​ធ្វើ​ការ​ក្នុង​ចិត្ត​របស់​បងប្អូន​ ដោយ​បណ្ដាល​ចិត្ត​ឲ្យ​បងប្អូន​ចង់​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ ហើយ​តាមរយៈ​ការ​នោះ​បងប្អូន​នឹង​ទទួល​បាន​ព្រះ​ពរ និង​អំណរ​មក​ពី​ព្រះ​ជាម្ចាស់​ជា​មិន​ខាន។ ផែនការ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​បងប្អូន គឺ​ល្អ​ប្រសើរ​ជាង​ផែនការ​របស់​បងប្អូន​សម្រាប់​ខ្លួន​ឯង​ទៅ​ទៀត។ តើ​បងប្អូន​នឹង​ជ្រើសរើស​ស្ដាប់បង្គាប់​តាម​អ្នកណា? ខ្លួន​ឯង ឬ​ក៏​ព្រះ​ជាម្ចាស់? តើ​បងប្អូន​នឹង​ជ្រើសរើស​ស្ដាប់បង្គាប់​តាម​ព្រះ​អាទិករ ឬ​ក៏​ស្ដាប់បង្គាប់​ចិត្ត​ខ្លួន​ឯង?

កណ្ឌគម្ពីរ យ៉ាកុប ៤:៧-១០ បាន​ចែង​ថា «ដូច្នេះ សូម​ចុះចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់គ្នា​មិន​ខាន។ សូម​ចូល​ទៅ​ជិត​ព្រះអង្គ នោះ​ព្រះ​អង្គ​នឹង​យាង​មក​ជិត​អ្នក​រាល់​គ្នា​ញ​ដែរ។មនុស្ស​មាន​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាត​ចុះ មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​សម្អាត​ចិត្ត​ឲ្យ​ស្អាត​ឡើង។ ចូរ​មាន​ទុក្ខ ហើយ​យំ​សោក​ចុះ ចូរ​ឲ្យ​សំណើច​របស់​អ្នក​រាល់គ្នា​ត្រឡប់​ជា​ទុក្ខ ហើយ​ឲ្យ​អំណរ​ប្រែ​ទៅ​ជា​ទុក្ខព្រួយ​វិញ។ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​អម្ចាស់ នោះ​ព្រះ​អង្គ​នឹង​តម្កើង​អ្នក​រាល់​គ្នា​ឡើង» (គកស)។

 

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ វែល ណាថាន ដែល​ជា​គ្រូ​គង្វាល​នៅ​ពួក​ជំនុំ សាឡូម ភ្នំពេញ
shalomphnompenh.com
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ; លោក ជួប ប៊ុនហាក់ និង​លោក ឈាង បូរ៉ា
រូបថតដោយ៖ លោក សួន សាយ័ន្ត sounsayon.com
image_pdfទាញ​យក​ជា PDF

មតិយោបល់

Leave a Reply
    • Hello Odom,
      This article has nothing to do with believers and unbelievers talking, or not talking with each other. Is there a reason you are asking this question? Surely you would not equate marriage with talking? Nothing in Scripture prohibits believers talking to unbelievers, actually far from it, we are commanded to talk to unbelievers and share the Gospel! But, marrying an unbeliever is a whole different question and one that Scripture addresses (as the article clearly shows). I hope you find this article helpful and Biblical and that you continue to seek to follow God’s Word rather than man’s wisdom.
      Blessings.

  1. ខ្ញុំមានការសោកស្តាុយខ្លាំងណាស់ ដែលអត្ថបទខាងលើ ហាក់បីដូចជាយឺតខ្លាំងណាស់​សំរាប់ខ្ញុំ។ កាលពី ១០ឆ្នំាមុន ខ្ញុំជាគ្រីស្ទបរិស័ទដែល ខ្សោយខាងជំនឿ បានបណ្តាលអោយជីវិត អាពាហ៍ពិពាហ៍ របស់ខ្ញុំស្ថិតក្នុងសភាព ទឹមនឹមស្រៀក។​ ខ្ញុំសូមផ្តាំដល់គ្រិស្តបរិស័ទទាំងអស់ កុំអោយមានជីវិតអាពាហ៍ពិពាហ៍ដូចរូបខ្ញុំ។
    មកដល់ចំនុចនេះតើខ្ញុំត្រូវធ្វើយ៉ាងណា?

    អរព្រះគុណដល់ព្រះសំរាប់ការបង្រៀននេះ

    • អរគុណ! បង សម្រាប់ការបញ្ចេញ​មតិ ទាក់ទងទៅនឹងអត្ថបទខាងលើនេះ​ សូមព្រះប្រទានពរបង ហើយនឹង​ក្រុមគ្រួសារបងមានសុភមង្គលក្នុងព្រះគ្រីស្ទយេស៊ូវ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ត្រូវ​​តែឮ

រួម​គ្នា​តែមួយ