របៀប៦យ៉ាងសម្រាប់ឪពុកម្ដាយដែលមានកូនរឹងចចេសអាចតយុទ្ធជាមួយបាន ដើម្បីជំនឿ
សូមលោកគ្រូចែកចាយលើប្រធានបទទាក់ទងទៅនឹងការដែលមានកូនរឹងចចេសបានដែរឬទេ? តើយើងអាចបន្តទុកចិត្តលើព្រះជាម្ចាស់បានដោយរបៀបណា នៅពេលដែលយើងឃើញថាមិនមានភស្តុតាងនៃការដែលព្រះអង្គកំពុងតែធ្វើការនៅក្នុងជីវិតកូនយើង?
នេះគឺជាសំណួរដ៏ត្រឹមត្រូវក្នុងការសួរថា៖ តើយើងអាចបន្តទុកចិត្តលើព្រះជាម្ចាស់បានដោយរបៀបណា?
អ្វីដែលឪពុកម្ដាយ និងកូនៗត្រូវការខ្លាំងជាងគេបំផុត
តម្រូវការដ៏សំខាន់បំផុតសម្រាប់ឪពុកម្ដាយគ្រប់ៗរូបគឺទុកចិត្តលើព្រះជាម្ចាស់៖
- ចូរទុកចិត្តលើព្រះជាម្ចាស់ថា ទ្រង់បានធ្វើការសម្រាប់យើងក្នុងព្រះយេស៊ូវ ដើម្បីសង្គ្រោះយើងចេញពីអំពើបាបរបស់យើង
- ចូរទុកចិត្តលើព្រះជាម្ចាស់ថា ទ្រង់នឹងបំពេញរាល់គ្រប់សេចក្ដីសន្យារបស់ទ្រង់ទៅកាន់កូនៗរបស់ទ្រង់
- ចូរទុកចិត្តលើព្រះជាម្ចាស់ថា ទ្រង់នឹងទ្រទ្រង់យើង—«កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចម្រើនកម្លាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ» (អេសាយ ៤១:១០)—ព្រះអង្គនឹងរក្សាសេចក្ដីសន្យានោះ
- ចូរទុកចិត្តលើព្រះជាម្ចាស់ថា ទ្រង់នឹងមិនបដិសេធមិនប្រទាននូវអ្វីដែលល្អសម្រាប់អស់អ្នកដែលដើរនៅក្នុងផ្លូវត្រឹមត្រូវ (ទំនុកតម្កើង ៨៤:១១)
- ចូរទុកចិត្តលើព្រះជាម្ចាស់ថា ទ្រង់នឹងគ្រាន់តែប្រទានមកកាន់យើងនូវអ្វីដែលល្អសម្រាប់យើង ហើយថារាល់ផ្លូវរបស់ទ្រង់យុត្តិធម៌ និងពេញដោយប្រាជ្ញា
អ្វីដែលកូនៗយើងត្រូវការពីយើងខ្លាំងជាងគេនោះគឺឃើញយើងមានអំណរ មានសេចក្ដីសង្ឃឹម មានសន្តិភាព មានការស្ដាប់បង្គាប់ ការទុកចិត្តព្រះជាម្ចាស់ និងការសម្រាកក្នុងទ្រង់។ ហើយចម្លើយដែលដកស្រង់ចេញពីព្រះគម្ពីរលើសំណួរនេះ—តើយើងអាចបន្តទុកចិត្តលើព្រះជាម្ចាស់ក្នុងចំណុចនេះ និងក្នុងរាល់កាលៈទេសៈបានដោយរបៀបណា—គឺថាយើងឃើញយ៉ាងច្បាស់នៅក្នុងកណ្ឌគម្ពីរ រ៉ូម ១០:១៧ «ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ»។
ហើយខ្ញុំគិតថា នេះមិនមែនមានន័យថា វាគ្រាន់តែពាក់ព័ន្ធទៅនឹងការដែលលោកអ្នកបានកែប្រែចិត្ត ហើយទទួលបានជំនឿនៅលើកដំបូង តាមរយៈការឮអំពីព្រះគ្រីស្ទនោះទេ ប៉ុន្តែក៏អំពីការដែលលោកអ្នកទទួលបានជំនឿដែលទទួលបានកម្លាំងជាថ្មីជារៀងរាល់ថ្ងៃ តាមរយៈការឮផងដែរ។ ជំនឿកើតឡើងជាប្រចាំថ្ងៃតាមរយៈការឮ។ ជំនឿមិនកើតឡើងតាមរយៈបុគ្គលណាម្នាក់នោះទេ លើកលែងតែតាមរយៈព្រះយេស៊ូវ។ ជំនឿកើតឡើងតាមរយៈការដែលគ្រូណាម្នាក់អានព្រះគម្ពីរ និងអនុវត្តតាម—បើមិនដូច្នោះ នោះវានឹងមិនបានកើតឡើងឡើយ។
ការរម្លឹកដ៏មានតម្លៃ៦យ៉ាងសម្រាប់ឪពុកម្ដាយ
សូមអនុញ្ញាតឲ្យខ្ញុំលើកឡើងនូវខគម្ពីរមួយចំនួនដែលខ្ញុំសង្ឃឹមថានឹងចម្រើនកម្លាំងដល់ជំនឿរបស់យើង ទាក់ទងទៅនឹងកូនៗរបស់យើង។
១. ឪពុកម្ដាយដ៏ល្អបំផុតនៅក្នុងចក្រវាលនេះមានកូនដែលរឹងចចេស
ជាដំបូង ខ្ញុំគិតថា វាជាជំនួយដល់ឪពុកម្ដាយក្នុងការដឹងថា ទោះបើថាវាចម្លែកប៉ុណ្ណាក៏ដោយ ក៏កូនៗរបស់ព្រះជាម្ចាស់ផ្ទាល់ក៏បានបះបោរទាស់ប្រឆាំងនឹងទ្រង់ផងដែរ។
«ឱស្ថានសួគ៌អើយ ចូរស្តាប់ ហើយផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ
ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលហើយថា
អញបានចិញ្ចឹមបីបាច់រក្សាកូន
តែវារាល់គ្នាបានបះបោរនឹងអញវិញ
ឯគោវាស្គាល់ម្ចាស់
ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ
ប៉ុន្តែអ៊ីស្រាអែលមិនស្គាល់សោះ
រាស្ត្រអញមិនពិចារណាទេ» (អេសាយ ១:២-៣)។
មិនមានឪពុកម្ដាយណានៅលើផែនដីនេះដែលជាមនុស្សមិនមានបាប តែពេញទៅដោយប្រាជ្ញា ពេញទៅដោយការស្រឡាញ់ ឬក៏ពេញទៅដោយការអត់ធ្មត់នោះទេ។ ក្នុងនាមជាឪពុកម្ដាយ អំពើបាបដែលយើងបានប្រព្រឹត្តនូវក្នុងវត្តមានរបស់កូនៗយើង និងអំពើបាបដែលយើងបានប្រព្រឹត្តទៅលើកូនៗរបស់យើងគឺរាប់មិនអស់ទេ ហើយយើងត្រូវតែកែប្រែចិត្តជាប្រចាំ ហើយសូមការអត់ទោស—ទាំងពីព្រះជាម្ចាស់ និងកូនៗរបស់យើង។ ប៉ុន្តែ សូម្បីតែឪពុកដែលល្អបំផុតនៅលើចក្រវាលនេះ—ព្រះជាម្ចាស់ផ្ទាល់—ក៏មានកូនៗដែលទាស់ប្រឆាំងនឹងទ្រង់ផងដែរ។ ដូច្នេះ កុំអនុញ្ញាតឲ្យសាតាំងទាញទម្លាក់លោកអ្នកឡើយ ដោយមានពិរុទ្ធភាពដែលបំផ្លាញជំនឿរបស់ខ្លួនខ្លាំងជាងលោកអ្នកអាចទ្រទ្រង់បាន។
២. ព្រះគុណរបស់ព្រះជាម្ចាស់ក៏អាចឈោងចាប់មនុស្សមានបាបដ៏ខ្លាំងបំផុតបានដែរ
សាវ័ក ប៉ុល បានលើកឡើងខ្លួនគាត់ជាឧទាហរណ៍ថាជាមនុស្សមានបាបដ៏ខ្លាំងជាងគេបំផុត ដែលនេះមិនគ្រាន់តែមានន័យថា គាត់បានប្រព្រឹត្តនូវអ្វីដែលអាក្រក់ៗខ្លាំងជាងគេនោះទេ ប៉ុន្តែមានន័យថាគាត់បានប្រព្រឹត្តទាស់នឹងពន្លឺដ៏ខ្លាំងបំផុត គឺព្រះជាម្ចាស់ផ្ទាល់។ គាត់បានធំធាត់ឡើងក្រោមការដឹកនាំរបស់លោក កាម៉ាលាល ដែលជាគ្រូបង្រៀនព្រះគម្ពីរសញ្ញាចាស់ដ៏ល្អបំផុតដែលមាននៅក្នុងសម័យកាលនោះ។ គាត់បានលើកឧទាហរណ៍នេះ ដើម្បីលើកទឹកចិត្តយើងថា គ្មានអ្នកណាក្នុងចំណោមយើង ឬក៏ក្នុងចំណោមកូនៗរបស់យើង ដែលព្រះមិនអាចកែបាននោះឡើយ។ ហេតុដូច្នេះហើយបានជាគាត់សរសេរនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ១:១២-១៥៖
«ខ្ញុំមិនបើកឲ្យស្ត្រីណាបង្រៀន ឬឲ្យមានអំណាចលើបុរសទេ ត្រូវឲ្យគេនៅដោយស្រគត់ស្រគំចុះ ពីព្រោះព្រះបានបង្កើតលោកអ័ដាមមកជាមុន រួចមកនាងអេវ៉ា ហើយមិនមែនលោកអ័ដាម ដែលចាញ់បញ្ឆោតទេ គឺជាស្ត្រីវិញទេតើ ដែលចាញ់បញ្ឆោតនោះព្រមទាំងរំលងច្បាប់ផង តែបើសិនជានាងនៅជាប់ក្នុងសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីបរិសុទ្ធ ទាំងមានគំនិតមារយាទ នោះនាងនឹងបានសង្គ្រោះក្នុងកាលដែលបង្កើតកូន»។
នេះមានន័យថា មិត្តអ្នកអានសុទ្ធតែស្គាល់នរណាម្នាក់ ឬក៏ខ្លួនធ្លាប់ជាបុគ្គលដែលបានប្រព្រឹត្តអំពើបាបយ៉ាងសាហាវ ដែលពីមុនធ្លាប់បានធំធាត់ឡើងក្នុងផ្ទះ ដែលមានឪពុកម្ដាយល្អ ប៉ុន្តែបានបោះបង់ឱកាសនោះចោលជាច្រើនដង គឺជាបុគ្គលដែលមិនមែននៅឆ្ងាយពេក ដល់ថ្នាក់ថាការអត់ធ្មត់របស់ព្រះយេស៊ូវមិនអាចឈោងចាប់គាត់បានឡើយ។ ដូច្នេះ យើងរម្លឹកចំណុចនេះមកកាន់ខ្លួនឯង ហើយយើងចម្រើនកម្លាំងដល់ជំនឿរបស់យើង តាមរយៈប្រយោគដ៏អស្ចារ្យនោះរបស់សាវ័ក ប៉ុល។
៣. ព្រះជាម្ចាស់មានពេញទៅដោយអធិបតេយ្យភាពលើដួងចិត្តរបស់មនុស្ស
សូមសញ្ជឹងគិតឲ្យបានច្រើនដងលើសេចក្ដីពិតត្រង់ថា ព្រះជាម្ចាស់មានពេញទៅដោយអធិបតេយ្យភាពលើដួងចិត្តរបស់មនុស្ស ហើយជាលទ្ធផលអាចនាំឲ្យសត្វអូដ្ឋចូលតាមរយៈរន្ធម្ជុលបាន ដែលនោះគឺជាការមិនអាចទៅរួចបាន។
ខ្ញុំលើកឡើងដូច្នេះគឺដោយសារនៅពេលដែលបុរសដែលជាអ្នកមានបានដើរចេញពីព្រះយេស៊ូវ គឺគាត់បានធ្វើដូច្នោះ ពីព្រោះគាត់ស្រឡាញ់លោកីយ៍—ហើយលោកអ្នកទំនងជាគិតថា នោះគឺជាអ្វីដែលកូនៗរបស់ខ្ញុំកំពុងតែធ្វើ ហើយក៏ធ្លាប់បានធ្វើ៖ ពួកគាត់បានដើរចេញ ហើយឥឡូវនេះពួកគាត់កំពុងតែស្រឡាញ់លោកីយ៍។ នេះគឺជាអ្វីដែលព្រះយេស៊ូវបានលើកឡើងអំពីបុរសម្នាក់នោះ «”កូនអើយ ពួកអ្នកដែលជាប់ចិត្តនឹងទ្រព្យសម្បត្តិ នោះនឹងចូលទៅក្នុងនគរព្រះពិបាកណាស់”…គេ [ពួកសិស្ស] ក៏មានសេចក្ដីប្លែកក្នុងចិត្តជាខ្លាំង ទាំងនិយាយគ្នាទៅវិញទៅមកថា “ចុះបើដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ”» (ម៉ាកុស ១០:២៤, ២៦)។ ពួកសិស្សមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហើយព្រះយេស៊ូវក៏បានឆ្លើយតបនៅក្នុងកណ្ឌគម្ពីរ ម៉ាកុស ១០:២៧ «ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន. . .»។ នេះគឺជាអ្វីដែលឪពុកម្ដាយជាច្រើនមានអារម្មណ៍។ ពួកគាត់មិនគួរផ្ដោតលើចំណុចនេះឡើយ។ ពួកគាត់គួរផ្ដោតលើផ្នែកទី២នៃខគម្ពីរនេះ៖ «ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន»។
ឱឪពុកម្ដាយទាំងឡាយអើយ យើងត្រូវតែរម្លឹកខ្លួនឯងម្ដងហើយម្ដងទៀតថា៖ «ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត តែព្រះទ្រង់ធ្វើកើត គ្រប់ទាំងអស់ព្រះទ្រង់ធ្វើកើត» ។ ព្រះអង្គកំពុងតែមានបន្ទូលអំពីការនាំបុគ្គល ដែលស្រឡាញ់ទ្រព្យសម្បត្តិរបស់ខ្លួន និងលោកីយ៍ ចូលក្នុងនគររបស់ព្រះ។ ហើយព្រះអង្គបានមានបន្ទូលថា «យើងអាចធ្វើបាន។ យើងអាចធ្វើបាន។ ឯងមិនអាចធ្វើបានទេ។ ប៉ុន្តែ យើងអាចធ្វើបាន។ ដូច្នេះ ចូរទុកចិត្តយើងចុះ»។
៤. ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក
សូមផ្ដោតចំណាប់អារម្មណ៍របស់លោកអ្នកក្នុងការយកព្រះជាម្ចាស់ជាសេចក្តីអំណររបស់ខ្លួន មិនមែនលើការដែលកូនៗរបស់លោកអ្នកនឹងកែប្រែចិត្តឡើយ។ សូមកុំយល់ច្រឡំថា លោកអ្នកបានគួរសប្បាយចិត្តនៅពេលដែលកូនៗកែប្រែចិត្តឡើយ។ វាគឺជារឿងត្រឹមត្រូវក្នុងការដែលលោកអ្នកសប្បាយចិត្តនៅពេលដែលកូនៗរបស់ខ្លួនកែប្រែចិត្ត។ ប្រសិនបើលោកអ្នកមិនសប្បាយចិត្ត នោះមានន័យថា លោកអ្នកមិនប្រក្រតីទេ។ អ្វីដែលខ្ញុំកំពុងតែលើកឡើងនោះគឺថា តើលោកអ្នកផ្ដោតលើអ្វីក្នុងជីវិតខ្លួន។
ខ្ញុំកំពុងតែគិតអំពីកណ្ឌគម្ពីរ ទំនុកតម្កើង ៣៧:៤ «ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក
នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត»។ សូមផ្ដោតកម្លាំងខាងឯវិញ្ញាណរបស់លោកអ្នកលើការបង្កើតសេចក្ដីអំណរក្នុងព្រះជាម្ចាស់ថាទ្រង់ជាព្រះ ក្នុងរបៀបដែលរឹងមាំ ជ្រាលជ្រៅ ឥតរង្គើ និងពេញទៅដោយការស្កប់ចិត្ត។ គឺនៅក្នុងតែរបៀបនេះទេ នោះទើបយើងអាចស្ថិតក្នុងកាលៈទេសៈដែលអាចទទួលបាននូវអ្វីដែលមានសល់នៅក្នុងខគម្ពីរនេះ៖ «នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត»។
៥. ចូរមានបំណងចិត្តចង់ឃើញមនុស្សបាត់បង់ទទួលជឿ
សូមបណ្ដាលឲ្យការមានបំណងចិត្ត ការឈឺចាប់ ការអធិស្ឋាន និងសម្រែកយំរបស់លោកអ្នកមានសម្រាប់កូនៗខ្លួន—សូមអនុញ្ញាតឲ្យការដែលលោកអ្នកចង់ឃើញកូនៗរបស់ខ្លួនកែប្រែចិត្ត និងស្ដាប់បង្គាប់—ក្លាយជារង្វាស់នៃការដែលលោកអ្នកចង់ឃើញអ្នកដទៃ ដែលបានបាត់បង់ទទួលជឿផងដែរ។ ចំពោះខ្ញុំ ចំណុចនេះបានក្លាយជាមេរៀនដ៏ធំបំផុត ខណៈពេលដែលខ្ញុំចិញ្ចឹមបីបាច់កូនៗ និងអំពីរបៀបដែលខ្ញុំពិតជាចង់ឃើញពួកគាត់ដើរតាមព្រះគ្រីស្ទ។ ហើយបន្ទាប់មក ខ្ញុំក៏បានយល់ឃើញថា៖ ខ្ញុំមិនបានមានបំណងចិត្តក្នុងការឃើញអ្នកដទៃទទួលជឿដែរ ដូចជាខ្ញុំមានសម្រាប់កូនៗខ្ញុំទេ។ នេះគឺជាចំណុចដែលបានប៉ះពាល់ចិត្តខ្ញុំយ៉ាងខ្លាំងមែនទែន។
សូមអនុញ្ញាតឲ្យកិច្ចការរបស់ព្រះជាម្ចាស់នៃការបង្កើតសេចក្ដីប្រាថ្នានៅក្នុងចិត្តរបស់លោកអ្នកសម្រាប់ឲ្យកូនៗរបស់លោកអ្នកកែប្រែចិត្តបង្កើតសេចក្ដីប្រាថ្នាសម្រាប់ឲ្យមនុស្សបាត់បង់កែប្រែចិត្តនៅក្នុងជីវិតរបស់លោកអ្នកផងដែរ។
៦. សូមបន្តអធិស្ឋាន
អធិស្ឋាន អធិស្ឋាន អធិស្ឋាន អធិស្ឋាន ហើយអធិស្ឋានទៀត។ ព្រះយេស៊ូវបានមានបន្ទូលថាឲ្យបន្តគោះ (លូកា ១១:៩)។ ព្រះអង្គសព្វព្រះហឫទ័យនៅពេលដែលលោកអ្នកគោះ។ ព្រះអង្គនឹងមិនដែលធុញទ្រាន់ជាមួយនឹងសេចក្ដីអធិស្ឋានដែលលោកអ្នកលើកឡើងទៅកាន់ព្រះអង្គសម្រាប់កូនៗរបស់លោកអ្នកឡើយ។
ឪពុកម្ដាយដែលជាអ្នកជឿព្រះយេស៊ូវគ្រប់រូបសុទ្ធតែចង់ឃើញឲ្យកូនខ្លួនដើរនៅក្នុងគន្លងរបស់ព្រះជាម្ចាស់។ ប៉ុន្តែ តើឪពុកម្ដាយអាចធ្វើអ្វីបាននៅពេលដែលកូនៗប្រឆាំង?
មតិយោបល់
Loading…