in ,

ស្នាម​របួស​ដៅ​លើ​ខ្លួន

មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​អះអាង​ក្នុង​ប្រវត្តិសាស្ត្រ​ថា ពួក​គេ​មាន​ស្នាម​របួស ឬ​ស្នាម​នៅ​លើ​ដង​ខ្លួន​របស់​ពួក​គេ «លេច​ចេញ» ដែល​ដូច​គ្នា​នឹង​ស្នាម​របួស​ដែល​ព្រះ​យេស៊ូវ​បាន​រង​ទុក្ខ​នៅ​លើ​ឈើ​ឆ្កាង។ លោក​អ្នក​ប្រហែល​ជា​ធ្លាប់​អាន​រឿង​រ៉ាវ​របស់​បុគ្គល​ណា​ម្នាក់​ដែល​អះអាង​បែប​នេះ​នៅ​ក្នុង​ព័ត៌មាន ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ថ្មី​ទេ។ របាយការណ៍​ដែល​បាន​ស្មាន​ដំបូង​បង្អស់​របស់​បុគ្គល​ដែល​អះអាង​ថា អព្ភូតហេតុ​នៃ «ការ​អស្ចារ្យ» នេះ​បាន​កើត​ឡើង​ចំពោះ​គាត់​គឺ​នៅ​ឆ្នាំ ១២២៤ នៃ​គ.ស.។ ពួក​គេ​បាន​និយាយ​ថា ស្នាម​របួស​នោះ​លេច​ឡើង​នៅ​លើ​ដៃ និង​ជើង​របស់​ពួក​គេ (ស្នាម​របួស​ដែល​កើត​ឡើង​ដោយ​សារ​ដែក​គោល​នៃ​ការ​ជាប់​ឆ្កាង) និង​នៅ​ចំហៀង​ខ្លួន​ពួក​គេ (កន្លែង​ដែល​គេ​បាន​ចាក់​ព្រះ​យេស៊ូវ​ដោយ​លំពែង ដើម្បី​បញ្ជាក់​ថា​ទ្រង់​ពិត​ជា​បាន​សុគត) ហើយ​ពេល​ខ្លះ​ទៀត​នៅ​លើ​ក្បាល (កន្លែង​ដែល​មកុដ​បន្លា​បាន​ចាក់​ចំ​ព្រះ​សិរសា​របស់​ព្រះ​យេស៊ូវ)។ គេ​បាន​ហៅ​ការ​នេះ​ក្នុង​ភាសា​អង់គ្លេស​ថា «ស្ទិកមាតា» ដែល​បក​ប្រែ​ថា «ស្នាម​របួស​ដៅ​លើ​ខ្លួន» ដែល​សំដៅ​លើ «ស្នាម​ដែល​មាន​លើ​ប្រាំ​កន្លែង» ឬ​ក៏ «ស្នាម​ដ៏​ពិសិដ្ឋ​របស់​ព្រះ​អម្ចាស់​របស់​យើង»។ ប៉ុន្តែ តើ​ការ​កើត​ឡើង​បែប​នេះ​ពិត ឬ​ក៏​អត់? តើ​ព្រះ​គម្ពីរ​មាន​ចែង​អំពី​ស្នាម​បែប​នេះ​ឬ​ទេ? ចម្លើយ​គឺ៖ ទេ! វា​មិន​មែន​ជា​ការ​ពិត​ទេ ហើយ​ក៏​មិន​មាន​លើក​ឡើង​ក្នុង​ព្រះ​គម្ពីរ​ដែរ។

មនុស្ស​ជា​ច្រើន​នាក់​បែរ​ទៅ​ឯ​កណ្ឌ​គម្ពីរ កាឡាទី ៦:១៧ «ដ្បិត​ខ្ញុំ​មាន​ស្លាក​ស្នាម​របស់​ព្រះ​យេស៊ូវ ជាប់​ក្នុង​រូប​កាយ​ខ្ញុំ​ហើយ» (គកស)។ ប៉ុន្តែ​សាវ័ក ប៉ុល មិន​មែន​សំដៅ​ទៅ​លើ​ស្នាម​របួស​ដែល​ដូច​គ្នា​នឹង​ស្នាម​របួស​ដែល​ព្រះ​យេស៊ូវ​បាន​ទទួល​នៅ​លើ​ឈើ​ឆ្កាង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គាត់​កំពុង​សំដៅ​ទៅ​លើ​ការ​ពិត​ដែល​ថា គាត់​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង​ដោយ​សារ​ជំនឿ​របស់​គាត់​លើ​ព្រះ​យេស៊ូវ ហើយ​ជា​លទ្ធផល​រាង​កាយ​របស់​គាត់​ក៏​មាន​ស្នាម​របួស​ជាំ។ សាវ័ក ប៉ុល ត្រូវ​បាន​គេ​គប់​នឹង​ដុំ​ថ្ម ហើយ​ត្រូវ​បាន​គេ​វាយ​ជា​ច្រើន​លើក​ច្រើន​សារ (កិច្ចការ ១៤:១៩; ២កូរិនថូស ១១:២៣) ហើយ​រាង​កាយ​របស់​គាត់​ក៏​ត្រូវ​បាន​ខូច​ជា​រៀង​រហូត​ដោយ​សារ​តែ​ការ​រង​ទុក្ខ​របស់​គាត់។ គាត់​មិន​មែន​សំដៅ​ទៅ​លើ​ប្រភេទ​នៃ​ស្នាម​របួស​ណា​មួយ ឬ​ក៏​ស្នាម​របួស​ដែល​កំពុង​ហូរ​ឈាម ឬ​នៅ​ចំ​ទីតាំង​ដូច​គ្នា​នឹង​ស្នាម​របួស​ដែល​ព្រះ​យេស៊ូវ​បាន​ទទួល​នៅ​ពេល​ដែល​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង​នោះ​ទេ។ គាត់​គ្រាន់​តែ​បាន​និយាយ​យ៉ាង​សាមញ្ញ​ថា គាត់​បាន​រង​ទុក្ខ​ជា​ច្រើន​ដង ហើយ​រាង​កាយ​របស់​គាត់​មាន​ស្នាម​របួស​ដែល​បង្ហាញ​ថា​គាត់​បាន​រង​ទុក្ខ​ដោយ​សារ​ជំនឿ​របស់​គាត់​លើ​ព្រះ​គ្រីស្ទ។ អស់​អ្នក​ដែល​បង្រៀន​ថា​សាវ័ក ប៉ុល កំពុង​សំដៅ​ទៅ​លើ «ស្នាម​ដៅ​លើ​ខ្លួន» ត្រង់​នេះ​កំពុង​បង្រៀន​បង្ខូច​ព្រះ​គម្ពីរ ដើម្បី​បង្រៀន​ឲ្យ​មាន​ន័យ​ដូច​អ្វី​ដែល​ខ្លួន​ចង់​បាន​អត្ថ​ន័យ ជា​ជាង​អ្វី​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចង់​បង្រៀន។

បន្ថែម​លើ​ចំណុច​នេះ «ស្នាម​របួស​ដៅ​លើ​ខ្លួន» មិន​មែន​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​ទេ ខណៈ​ពេល​ដែល​លោក​អ្នក​មើល​ប្រវត្តិ​សាស្ត្រ និង​ស្រាវ​ជ្រាវ​អំពី​ករណី​នៃ​មនុស្ស​ដែល​បាន​អះអាង​ថា មាន​អព្ភូតហេតុ​នៃ «ការ​អស្ចារ្យ» នៃ​ការ​ទទួល​បាន​ស្នាម​របួស​បែប​នេះ នោះ​លោក​អ្នក​នឹង​ឃើញ​ថា ក្រោយ​មក​គេ​បាន​រក​ឃើញ​ថា​ភាគ​ច្រើន​ពួក​គាត់​បាន​កុហក (ហើយ​ចំពោះ​អស់​អ្នក​ដែល​យើង​មិន​បាន​រក​ឃើញ​គឺ​ដោយ​សារ​វា​បាន​កើត​ឡើង​រាប់​រយ​ឆ្នាំ​ហើយ ដូច្នេះ​ហើយ​យើង​មិន​អាច​ផ្ទៀងផ្ទាត់​អំណះអំណាង​របស់​ពួក​គេ) ។ ប្រសិន​បើ​លោក​អ្នក​ស្រាវជ្រាវ​ការ​អះអាង​ទាំង​នេះ នោះ​លោក​អ្នក​នឹង​ឃើញ​ពេល​ក្រោយ​ថា បុគ្គល​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មាន​របួស​លើ​ខ្លួន​ឯង ឬ​ក៏​ប្រើ​ប្រាស់​គ្រឿង​សម្អាង​ការ ដើម្បី​ក្លែង​បន្លំ​ការ​កើត​ឡើង (ឬ​ក៏​នៅ​សម័យ​បច្ចុប្បន្ន​នេះ​ពួក​គេ​ប្រើ​ប្រាស់​កម្ម​វិធី​កាត់​ត) ។

ប្រភព​រូបថត៖ World News Daily Report

ឧទាហរណ៍៖ ថ្មីៗ​នេះ​កំពុង​តែ​មាន​ចេញ​ផ្សព្វផ្សាយ​ពាស​ពេញ​គេហទំព័រ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អំណះអំណាង​គឺ​ថា ទារក​ដែល​បាន​កើត​នៅ​ប្រទេស​ហ្វីលីពីន​ម្នាក់​បាន​កើត​មក​ដោយ​មាន​ស្នាម​របួស​ដែល​ត្រូវ​នឹង​ស្នាម​របួស​របស់​ព្រះ​យេស៊ូវ ដូច្នេះ​មនុស្សម្នា​កំពុង​តែ​អះអាង​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​យក​កំណើត​ជាថ្មី​ម្ដង​ទៀត​ហើយ។ ក្រៅ​ពី​ចំណុច​ពិត​ដែល​ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​ថា នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ជា​លើក​ទី​ពីរ នោះ​ព្រះ​អង្គ​នឹង​មិន​យាង​មក​ក្នុង​លក្ខណៈ​ជា​ទារក​ទេ ប៉ុន្តែ​ «…ព្រះ​អង្គ​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ​អង្គ​យាង​ទៅ​ស្ថានសួគ៌​នោះ​ដែរ» (កិច្ចការ ១:១១ខ)។ ហើយ​កណ្ឌ​គម្ពីរ វិវរណៈ ១:៧ ក៏​បាន​ចែង​ផង​ដែរ​ថា «មើល៍! ព្រះ​អង្គ​យាង​មក​តាម​ពពក គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះ​អង្គ សូម្បី​តែ​អស់​អ្នក​ដែល​ចាក់​ព្រះ​អង្គ ហើយ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ព្រះ​អង្គ អើ មែន​ហើយ។ អាម៉ែន»។ យើង​អាច​ពិនិត្យ​មើល​យ៉ាង​រហ័ស​បាន​លើ​រូប​ថត​ដែល​គេ​យក​មក​ប្រើ​ជា​ភស្តុតាង ហើយ​វែក​ញែក​ឃើញ​ថា​រូប​ថត​នោះ​គឺ​ត្រូវ​បាន​គេ​កាត់​ត​ទេ។ ហើយ​ប្រសិន​បើ​យើង​ស្រាវ​ជ្រាវ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្តិច​ទៀត នោះ​យើង​នឹង​ឃើញ​ថា​តាម​ពិត​ទៅ​រូប​ថត​ដើម​នៃ​ទារក​នោះ​មិន​មាន​ស្នាម​របួស​ដូច​ដែល​គេ​បាន​កាត់​ត​ទេ។ ហើយ​តាម​ពិត​ទៅ ទារក​នោះ​ពិត​ជា​បាន​កើត​នៅ​ប្រទេស​ហ្វីលីពីន​មែន ប៉ុន្តែ​គាត់​ជា​ភេទ​ស្រី​ទេ មិន​មែន​ប្រុស​ឡើយ។ ហើយ​គាត់​ក៏​មិន​បាន​កើត​ដោយ​មាន​ស្នាម​របួស​ដៅ​ដូច​នោះ​ដែរ៖ photoblog.nbcnews.com តាម​ពិត​ទៅ វា​គ្រាន់​តែ​រូប​ភាព​នៃ​ទារក​ដ៏​ល្បីល្បាញ​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សារ​គាត់​ជា​ទារក​លេខ​ទី ៧ លាន​ដែល​បាន​កើត​មក នោះ​មិន​មែន​មាន​ន័យ​ថា នាង​គឺ​ជា​ព្រះ​យេស៊ូវ​ដែល​បាន​យាង​មក​យក​កំណើត​ជា​ថ្មី​នោះ​ឡើយ។

រូប​ថត​ដើមពី​ប្រភព៖ Reuters

យើង​នឹង​ទទួល​បាន​ប្រយោជន៍​យ៉ាង​ល្អ​ក្នុង​ការ​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ថា «ពេល​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា “មើល៍! ព្រះ​គ្រីស្ទ​គង់​នៅ​ទី​នេះ!” ឬ​ថា “មើល៍! ព្រះ​អង្គ​គង់​នៅ​ទី​នោះ!” កុំ​ជឿ​គេ​ឡើយ ដ្បិត​នឹង​មាន​ព្រះ​គ្រីស្ទ​ក្លែង​ក្លាយ និង​ហោរា​ក្លែង​ក្លាយ​លេច​មក ហើយ​សម្ដែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ ដើម្បី​នាំ​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។ ចូរ​ប្រុង​ប្រយ័ត្ន! ដ្បិត​ខ្ញុំ​បាន​ប្រាប់​អ្វីៗ​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា​ជា​មុន​ហើយ»។ (ម៉ាកុស ១៣:២១–២៣ គកស)។

ដូច​គ្នា​ផង​ដែរ យើង​ក៏​ឃើញ​ពី​ហេតុ​ផល​យ៉ាង​ច្បាស់​ដែល​មាន​មនុស្ស​អះអាង​អំពី​ការ​ទាំង​នេះ​គឺ​ដោយ​សារ​ពួក​គេ​ចង់​ធ្វើ​ឲ្យ​ខ្លួន​ល្បីល្បាញ ឬ​ក៏​ហាក់​ដូច​ជា​បរិសុទ្ធ​ជាង​អ្នក​ដទៃ និង​សំខាន់​ជាង​មនុស្ស​គ្រប់​គ្នា។ ព្រះ​ជាម្ចាស់​បាន​បង្គាប់​យើង​យ៉ាង​ច្បាស់​ថា យើង​មិន​ត្រូវ​ថ្វាយ​សិរី​ល្អ​ដល់​ខ្លួន​ឯង​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ «ឬ​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំង​អស់​សម្រាប់​ជា​សិរីល្អ​ដល់​ព្រះ​ចុះ» (១កូរិនថូស ១០:៣១ខ)។ វា​មិន​ជា​ការ​លើក​តម្កើង​សិរីល្អ​របស់​ព្រះ​យេស៊ូវ​ឡើយ។ ការ​នេះ​បង្ហាញ​ជា​ថ្មី​ម្ដង​ទៀត​ថា វា​ជា​ការ​ប្រឆាំង​នឹង​ព្រះ​គ្រីស្ទ និង​ជា​ការ​មិន​ពិត។

កណ្ឌ​គម្ពីរ អេសាយ ៥៣:៥ ចែង​យ៉ាង​ច្បាស់​ថា យើង​បាន​ជា​សះស្បើយ​ដោយ​សារ​របួស​របស់​ព្រះ​អង្គ មិន​មែន​ជា​ដោយ​សារ​របួស​របស់​យើង​នោះ​ទេ។ ព្រះ​យេស៊ូវ​បាន​រង​ទុក្ខ និង​បាន​សុគត​ជំនួស​យើង។ វា​ពិត​ជា​មិន​មាន​ផល​ប្រយោជន៍ ឬ​ក៏​អត្ថ​ន័យ​អ្វី​ទេ​ខាង​ឯ​វិញ្ញាណ​ក្នុង​ការ​មាន​ស្នាម​របួស​នៅ​លើ​ដង​ខ្លួន​របស់​យើង​ដែល​មាន​ទី​កន្លែង​ដូច​គ្នា​នឹង​ស្នាម​របួស​របស់​ព្រះ​យេស៊ូវ​ដែរ។ យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយ​សារ​ព្រះ​គុណ តាម​រយៈ​ជំនឿ មិន​មែន​ដោយ​សារ​ការ​ប្រព្រឹត្ត​ទេ ក្រែងលោ​អ្នក​ណា​អួត​ខ្លួន (អេភេសូរ ២:៨-៩)។

ដូច្នេះ កុំ​ជឿ​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​លោក​អ្នក​ឮ ឬ​អាន​ឡើយ—តែ​ចូរ​ល្បង​ល ហើយ​មើល​ថា​តើ​វា​ជា​ការ​ពិត ឬ​ក៏​អត់​ដោយ​ផ្ទៀង​ជា​មួយ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ក៏​ដូច​ជា​ប្រើ​ប្រាស់​ការ​យល់​ដឹង​ដ៏​សាមញ្ញ​របស់​យើង​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​កាន់​យើង​ដែរ។

ឯកសារ​យោង៖
១. https://en.wikipedia.org/wiki/Stigmata
២. https://www.gotquestions.org/stigmata.html
និពន្ធ​ដោយ៖ លោក​គ្រូ ណាថាន វែល
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោក ឈាង បូរ៉ា

តើអ្នកចូលចិត្តអត្ថបទនេះទេ?

28 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ជីវិត​ដែល​គ្មាន​ន័យ

​អ្នក​បាក់បែក​មាន​ប្រយោជន៍​